សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

មន្រ្តីនគរបាលខេត្តបន្ទាយមានជ័យត្រូវបានតុលាការសម្រេចឃុំខ្លួនជុំវិញករណីផ្ទុះអាវុធ

យុវជន នាង មករា ទើបបានធូរស្បើយពីរបួសដោយគ្រាប់កាំភ្លើង បន្ទាប់ពីនគរបាលម្នាក់បាញ់ឲ្យរបួសនៅខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី២៧ ខែសីហា។ (អាដហុក)

កាល​ពី​ថ្ងៃ​ទី០២ ខែ​កញ្ញា សាលាដំបូង​​ខេត្ត​បន្ទាយមានជ័យ​  បាន​សម្រេច​ចោទប្រកាន់​មន្រ្តី​នគរបាល​សង្កាត់​​មួយរូប​​ពី​បទ​ប្រព្រឹត្ត​អំពើហិង្សា​ដោយ​ចេតនា​ចំពោះ​ការ​បាញ់បោះ​​​មក​លើ​បុរស​វ័យ ២១​ឆ្នាំ​ម្នាក់ ដោយ​​បង្ក​ឲ្យ​មាន​របួសធ្ងន់។​

ប៉ុន្តែ​គ្រួសារ​ជនរងគ្រោះ​អះអាង​ថា ទង្វើ​របស់​មន្រ្តី​នគរបាល​រូប​នោះ​​មាន​ស្ថាន​ទម្ងន់​ទោស​ស្មើ​នឹង​​មនុស្សឃាត​ដោយ​ចេតនា និង​អំពាវនាវ​ឲ្យ​មាន​ការ​ចោទប្រកាន់​តាម​ផ្លូវច្បាប់​តាម​ស្ថាន​ទម្ងន់​ទោស​នេះ។

លោក ឬទ្ធី ពិសិដ្ឋ នាយរង​ប៉ុស្តិ៍​​នគរបាល​សង្កាត់​និមិត្ត ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី៣១ ខែ​សីហា បន្ទាប់​ពី​គ្រួសារ​ជនរងគ្រោះ​ឈ្មោះ នាង មករា បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​សាលាដំបូង​ខេត្ត​ពី​បទ​​មនុស្សឃាតដោយ​ចេតនា និង​ការ​ប្រើប្រាស់​អាវុធ​ខុស​ច្បាប់​។ ជនរងគ្រោះ​បាន​រងរបួស​ធ្ងន់​នៅ​ក្នុង​ហេតុការណ៍​ផ្ទុះ​អាវុធ​កាល​ពី​ថ្ងៃ​ទី២៧ ខែ​សីហា ដោយ​ត្រូវ​គ្រាប់កាំភ្លើង​បាញ់​ទម្លុះ​ខ្នង​ពី​ខាង​ឆ្វេង និង​ធ្លាយ​ចេញ​តាម​ផ្នែក​ខាង​ក្រោម​​ក្លៀក​ខាង​ស្តាំ។

លោក តេង សាម៉ៃ ​អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​បន្ទាយមាន​ជ័យ បាន​និយាយ​ កាល​ពី​ថ្ងៃ​ទី០៣ ខែ​កញ្ញា​ ចៅក្រម​ស៊ើបសួរ​បាន​សម្រេច​ឃុំ​ខ្លួន​លោក ឬទ្ធី ពិសិដ្ឋ​ នៅ​ពន្ធនាគារ​ខេត្ត។

លោក​បាន​និយាយ​ថា៖ «តុលាការ​បាន​សម្រច​ចោទប្រកាន់ [លោក​ ឬទ្ធី ពិសិដ្ឋ] ពី​បទ​​ប្រព្រឹត្ត​អំពើហិង្សា​ដោយ​ចេតនា​ មានស្ថានទម្ងន់ទោស និង​ការ​ប្រើប្រាស់​អាវុធ​ខុស​ច្បាប់» ដោយ​បន្ថែម​ថា ជន​ជាប់ចោទ​​ត្រូវ​បាន​បញ្ចូន​ទៅ​ពន្ធនាគារ​ខេត្ត​ កាល​ពី​ល្ងាច​ ថ្ងៃ​ទី០២ ខែ​កញ្ញា។

យោង​ទៅ​តាម​មាត្រា​ទី​២១៧ និង​២១៨ នៃ​ក្រម​​ព្រហ្មទណ្ឌ ការ​ប្រព្រឹត្ត​បទល្មើស​​ប្រព្រឹត្ត​អំពើហិង្សា​ដោយ​ចេតនា នឹង​ត្រូវ​ប្រឈម​នឹង​​ទោស​ជាប់​ពន្ធនាគារ​ពី​ ២ ទៅ​៥​ឆ្នាំ។

កាល​ពី​ថ្ងៃ​ទី២៧ ខែ​សីហា នៅ​វេលា​ម៉ោង ១០:៣០ យប់ ជនរងគ្រោះ​កំពុង​បើក​ម៉ូតូ​ដោយ​មាន​​មិត្តភក្តិ​អង្គុយ​ពី​​តាម​ផ្លូវ​​ត្រឡប់​មក​ផ្ទះ​វិញ​ ពី​ការ​លេង​ហ្គេម Top G និង​ហ្គេម​តាម​ទូរសព្ទ​ដៃ នៅ​ភូមិ​និមិត្ត ឃុំ​​និមិត្ត នៅ​ពេល​ដែល​ជនរងគ្រោះ​ឈ្មោះ នាង មករា ឃើញ​មន្រ្តី​នគរបាល​​ម្នាក់​ឃាត់​ម៉ូតូ​របស់​មិត្តភក្តិ​របស់​ខ្លួន ដូច្នេះ​ទើប​សាម៉ី​ខ្លួន​ចុះ​ទៅ​ពិនិត្យ​មើល​ស្ថានការណ៍។ នេះ​បើ​យោង​ទៅ​តាម​ពាក្យ​បណ្តឹង​​បញ្ចូន​ទៅ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ។

មករា រៀបរាប់ក្នុងពាក្យ​បណ្ដឹង៖ « ពេលនោះ ខ្ញុំ​បាន​ត្រឡប់​ម៉ូតូមក​ក្រោយ និង​បាន​សួរប៉ូលិស​ថា​មាន​រឿង​អី។ ប៉ូលិសថា​ ហ្អែងខ្លាំងអី? បើ​ចង់​ខ្លាំង​ចុះមក»។

មករា បានរៀបរាប់​បន្ថែមក្នុង​ពាក្យ​បណ្ដឹងថា៖ ​« ពេល​នោះ​ខ្ញុំអត់បា​នតបអីច្រើនទេ គ្រាន់​ថា​បើអត់មានអី​ ខ្ញុំ​ទៅ​ផ្ទះហើយ។ ពេលខ្ញុំ​បត់ម៉ូតូត្រឡប់មកផ្ទះ ប៉ូលិស​ក៏​មកពីក្រោយ​ខ្ញុំ និងបាន​ដកកាំភ្លើងបាញ់មកលើខ្ញុំ»។

ឪពុក​ជនរងគ្រោះ​ឈ្មោះ​ នួន វល្លិ៍ អាយុ​ ៤៩​ឆ្នាំ បាន​លើកឡើង​ថា លោក​អស់​សង្ឃឹម​នៅ​ពេល​ដែល​តុលាការ​ចោទប្រកាន់​មន្រ្តី​នគរបាល ឬទ្ធី ពិសិដ្ឋ​ ក្នុង​បទល្មើស​​ស្រាល ដោយ​ទទូច​ថា មន្រ្តី​នគរបាល​រូប​នេះ​មាន​បំណង​បាញ់​កូន​ប្រុស​របស់​លោក ដោយ​នេះ​​ជា​បទ​ឃាតកម្ម​ដោយ​ចេតនា។ ​

លោក​បាន​និយាយ​ថា៖ «ខ្ញុំគិតថា វាហាក់ដូចជា ការចោទប្រកាន់បែបស្រាល ដោយសារតែបទល្មើសនេះគឺស្មើនឹង[ដោយប៉ុនប៉ង]»​ឃាតកម្ម»។

លោក​បាន​បន្ត​ថា៖ «ខ្ញុំសូមឲ្យតុលាការផ្តន្ទាទោសគាត់ឲ្យធ្ងន់ធ្ងរដោយសារតែនេះជាអំពើព្រៃផ្សៃ»ដោយ​បាន​បន្ថែម​ថា ​​កូន​ប្រុសរបស់លោក​បានធូរស្បើយ​សន្សឹមៗ​ពី​របួស​ដោយ​​គ្រាប់កំាភ្លើង។

លោក ​ស៊ុំ ច័ន្ទគា មន្រ្តី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​បន្ទាយមានជ័យ​ បាន​​និយាយ​ថា លោក​ទទួលស្គាល់​ថា អាជ្ញាធរ​បាន​ចាប់​ជនដៃដល់ ប៉ុន្តែ​បទ​ចោទប្រកាន់​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ស្ថាន​ទម្ងន់​នៃ​បទ​ល្មើស​នោះ​ទេ។ ​

លោក​បាន​និយាយថា៖ «ការឃុំខ្លួនជនជាប់ចោទគឺជាការចាំបាច់ដើម្បីការពារមិនឲ្យ​​គាត់ប្រព្រឹត្តបទល្មើសបន្ថែមទៀតនិងបង្កការប៉ះពាល់ទៅដល់អ្នកដទៃគ្រោះថ្នាក់»

លោក​ច័ន្ទគា​បាន​បន្ត​ថា៖ «ប៉ុន្តែយើងមានការសោកស្តាយ ពាក់ព័ន្ធបទចោទ ពីព្រោះបទចោទនេះវាមិនស៊ីបទល្មើស។ គាត់ពិតជាបានដកកាំភ្លើង និងបាញ់បុគ្គលម្នាក់។ ហើយអ្វី​​ដែលតុលាការបានចោទប្រកាន់មកលើជនជាប់ចោទនោះជាទោសទណ្ឌ​​មិនធ្ងន់ធ្ងរនោះទេ»

លោក ច័ន្ទគា បាន​បន្ថែម​ថា លោក​បាន​ត្រៀម​មេធាវី​ម្នាក់​រួច​ហើយ​ ដើម្បី​ការពារ​ជនរងគ្រោះ ​និង​ស្វែងរក​ភស្តុតាង​គ្រប់គ្រាន់​នៅ​ក្នុង​ករណី​នេះ។

លោក​បាន​​និយាយ​ថា៖ «មេធាវីនឹងស្វែងរកភស្តុតាងបន្ថែមនៅក្នុងរឿងក្តីនេះ មិនថា គាត់បានប្រើអំពើហិង្សាដោយចេតនា ព្យាយាមសម្លាប់ [ជនរងគ្រោះ] នោះទេ ដើម្បីឲ្យចៅក្រម​​ផ្លាស់ប្តូរបទចោទប្រកាន់»

105 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម