សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

លោក កឹម សុខា ទាមទារ​សិទ្ធិធ្វើនយោបាយឡើងវិញ

លោក កឹម សុខា​ និយាយ​ទៅ​កាន់​​អ្នក​​កាសែត​​មុន​​ពេល​​ចាក​ចេញ​​ពី​​ផ្ទះ​​របស់​​​​លោកដើម្បី​​ចូល​រួម​​សវនាការ​​ក្នុង​​សំណុំ​រឿង​​របស់​​លោក​​នៅ​​តុលាការ​​ក្រុង​​ភ្នំពេញ​​ នា​​ថ្ងៃ​ទី​​៥​​ខែ​​កុម្ភៈ​។ រូបភាព​ដោយ​ បញ្ញា ឆព័ណ្ណ​

អតីត​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​ លោក​ កឹម ​សុខា ​នៅ​ថ្ងៃ​ទី​ ២ ​ខែកញ្ញា​ បាន​បង្ហោះ​សារ​តាម​បណ្តាញ​សង្គម​ដើម្បី​ទាមទារ​ឱ្យ​លោក​ទទួល​បាន​ការ​អនុញ្ញាត​ចូល​ធ្វើ​នយោបាយ​ឡើង​វិញ​ និង​អំពាវនាវ​ជា​ថ្មី​ឱ្យ​តុលាការ​ទម្លាក់​ការ​ចោទ​ប្រកាន់​ក្នុង​សំណុំ​រឿង​ក្បត់​ជាតិ​ប្រឆាំង​រូប​លោក​ ខណៈ​ដែល​អតីត​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ ៣ រូប​ផ្សេង​ទៀត​ ក៏​បាន​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​របស់​ពួកគេ​ឡើង​វិញ​ផង​ដែរ​។​ 

លោក​ កឹម សុខា ប្រធាន​អតីត​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​រំលាយ​ដោយ​​ដីកា​របស់​តុលាការ​កំពូល​កាល​ពី​ឆ្នាំ ២០១៧ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី ៣​ ខែកញ្ញា​ឆ្នាំ ២០១៧ ហើយ​ត្រូវ​បាន​ចោទ​ប្រកាន់​ ពី​បទ​សម​គំនិត​ជា​មួយ​រដ្ឋ​បរទេស​ ដោយ​ធ្វើ​ការ​ជាមួយ​អាមេរិក​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​ បើ​ទោះ​បី​ជា​លោក​កឹម​សុខា​តែង​តែ​អះអាង​ថា​លោក​បាន​ធ្វើ​សកម្មភាព​ប្រកប​ដោយ​តម្លាភាព​ដើម្បី​ឈ្នះ​ការ​បោះឆ្នោត​ក៏​ដោយ​។  ការ​ជំនុំ​ជម្រះ​ក្តី​កំពុង​តែ​បន្ត​នៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​។

អតីត​សមាជិក​គណៈកម្មាធិការ​អចិន្រ្តៃយ៍​គណបក្ស​សង្រ្គោះ​ជាតិ​ លោក សុន ឆ័យ និង អតីតសមាជិក​ក្រុម​ការងារ​ គណបក្ស លោក វ៉ា សាម៉ុន និងលោក តាវ កឹមឈន នៅថ្ងៃទី ២៧ ខែសីហា ​បាន​ផ្ញើ​លិខិត​ដាច់​ដោយឡែក​ពី​គ្នា​ទៅ​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ លោក ស ខេង ដើម្បី​ស្នើ​សុំ​សិទ្ធិ​ក្នុង​ការ​ធ្វើ​ នយោបាយ​ឡើង​វិញ។​  កន្លង​មក​មាន​ សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​ប្រាំ​បួន​រូប​ហើយ​ដែល​ទទួល​ការ​អនុញ្ញាត​ធ្វើ​នយោបាយ​ឡើង​វិញ​  រួមមាន លោក គង់​ គាំ លោក គង់ បូរ៉ា លោក រៀល ខេមរិន្ទ្រ លោក ជីវ កត្តា លោក កង គឹមហាក់ លោក អ៊ូ ច័ន្ទរ័ត្ន លោក ច័ន្ទ សិលា អ្នកស្រី ទេព សុទ្ធី និង លោកស្រី ស៊ីម សុវណ្ណនី​ ។

ពួកគាត់​ទាំង​ ១៣ នាក់​ស្ថិត​ក្នុង​ចំណោម​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​ ១១៨ នាក់​ដែល​ត្រូវ​បាន​តុលាការ​ហាម​ឃាត់​មិន​ឱ្យ​ធ្វើ​នយោបាយ​ភ្លាមៗ​បន្ទាប់​ពី​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ កាលពី​ខែ វិច្ឆិកា ឆ្នាំ ២០១៧ ។

តាម​ការ​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​គាត់​ កាលពី​ថ្ងៃទី ២ ខែកញ្ញា លោក កឹម សុខា មានប្រសាសន៍ថា​បន្ទាប់​ពី​បាន​ស្តាប់​សវនាការ​ដំបូង​ របស់គាត់ កាលពី ខែមករា និងកុម្ភៈ តុលាការ​មិន​មាន​ភស្តុតាង​បង្ហាញថា​ លោកបាន​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​ទេ ដូច្នេះ​ការ​ចោទ​ប្រកាន់​គួរ​តែ​ត្រូវ​បាន​ទម្លាក់​ចោល​ ហើយ​រូប​លោក​  គួរ​តែ​ទទួល​បាន​សិទ្ធិ​ដើម្បី​ចូលរួម​ក្នុង​ជីវិត​នយោបាយ​ឡើង​វិញ​។​ 

លោក​បាន​បង្ហោះសារ​ថា៖​«រហូត​មក​ដល់​ថ្ងៃ​នេះ​ អស់​រយៈពេល ៣​ ឆ្នាំ​ហើយ​ដែល​ខ្ញុំ​បាន​បាត់​បង់​នូវ​សេរីភាព ជាពិសេស​សិទ្ធិ​ក្នុង​ការ​ធ្វើ​នយោបាយ​ដើម្បី​បម្រើ​ប្រទេស​ជាតិ​ និង​ប្រជា​ពលរដ្ឋខ្មែរ»។​

លោក​​ កឹម ​សុខា ​បានមានប្រសាសន៍​ថា៖​ «ឆ្លងតាមសវនាការនៅតុលាការកន្លងមក ខ្ញុំមើលឃើញថា មិនមានភស្តុតាងដាក់បន្ទុកជាក់លាក់ និងគ្រប់គ្រាន់ ដែលអាចចោទខ្ញុំថា​ បានប្រព្រឹត្តិបទល្មើសដូចការចោទប្រកាន់នោះទេ»

លោក​ក៏​បាន​លើក​ឡើង​ទៀត​ថា៖​ «ខ្ញុំក៏បានបញ្ជាក់យ៉ាងច្បាស់​លាស់ និងបង្ហាញសព្វគ្រប់ហើយថា ទាំងកន្លងមក បច្ចុប្បន្ន និងទៅអនាគត ខ្ញុំមិនមានចេតនា មិនបានប្រព្រឹត្តិ និងមិនគាំទ្រ​ នូវអំពើទាំងឡាយណាដែលនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រទេសកម្ពុជា​ និងប្រជាពលរដ្ឋខ្មែរជាដាច់ខាត»

លោក ​កឹម សុខា បាន​ថ្លែងថា ក្នុង​កាលៈទេសៈ​ដែល​លំបាក​ដោយ​សារ​តែ​ការ​រីក​រាលដាល​នៃ​ជំងឺកូវីដ-១៩ ប្រជាជន​ខ្មែរ​គួរ​តែ​មាន​ការ​ផ្សះផ្សារ​ជាតិ  ឯកភាព​ជាតិ  ដើម្បី​ផល​ប្រយោជន៍​របស់​ប្រទេស​ជាតិ។​

លោក​បាន​សរសេរ​បន្ត៖«​គួរតែមានសិទ្ធិសេរីភាពពេញលេញ​ ដើម្បីអាចចូលរួមបម្រើជាតិមាតុភូមិ និងប្រជាពលរដ្ឋខ្មែរយើង»។ លោក កឹម សុខា បាន​លើក​ឡើង​ដូច្នេះ នៅ​ក្នុង​ការ​បង្ហោះសារ គឺ​សំដៅ​ទៅ​ដល់​វិបត្តិ​សេដ្ឋកិច្ច ដែល​ជះ​ឥទ្ធិពល​ដល់​ប្រទេស​កម្ពុជា ដោយសារ​តែ កូវីដ-១៩»។

លោក​បាន​បន្ថែម​ថា៖«ខ្ញុំសូមឲ្យតុលាការពិចារណាទម្លាក់ចោលបទចោទប្រកាន់មកលើរូបខ្ញុំ និងផ្តល់សិទ្ធិសេរីភាពពេញលេញ​ ដើម្បីឲ្យខ្ញុំអាចបន្តចូលរួមបម្រើជាតិ​ និងប្រជាពលរដ្ឋខ្មែរ​»

ការ​ចាប់​ខ្លួន​ លោក​ ​កឹម ​សុខា​ បាន​កើត​ឡើង​នៅ​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ទូលំ​ទូលាយ​ក្នុង​ចំណោម​ប្រជាជន​កម្ពុជា និង​អាច​នាំ​មុខ​ក្នុង​ការ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ ២០១៨ ប៉ុន្តែ​ការ​ចោទ​ប្រកាន់​ពី​ការ​ក្បត់​ជាតិ ដោយ​ផ្អែក​ទៅ​លើ​សេចក្តី​អត្ថាធិប្បាយ ​ដែល​ធ្វើ​ឡើង​នៅ​ក្នុង​សុន្ទរកថា​មួយ​កាល​ពី​ឆ្នាំ ២០១៣ ដែល​ក្នុង​នោះ​លោក​បាន​សំដៅ​ទៅ​លើ​ការ​គាំទ្រ​និង​ការ​បណ្តុះ​បណ្តាល​ដែល​បាន​ផ្តល់​សម្រាប់​ក្រុម​ប្រឆាំង​ដោយ​អាមេរិក​ ។​  គាត់​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ ខេត្តត្បូងឃ្មុំ មួយលើក បន្ទាប់​មក​ត្រូវ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​រហូត​ដល់​ខែវិច្ឆិកា​ឆ្នាំ ២០១៩ ។

លោក ចាន់ ចេន មេធាវីលោក កឹម សុខា បានថ្លែងថា លោក ​កឹម ​សុខា​ និង​មេធាវី​ការពារ​ក្តីរបស់​លោក បាន​អះអាង​រួច​ហើយ​ក្នុង​ពេល​ជំនុំ​ជម្រះ​ថា លោក​មិន​បាន​ប្រព្រឹត្តិ​អំពើ​ក្បត់​ជាតិ​ណា​មួយ​ឡើយ​។​

លោក ចេន បាន​មានប្រសាសន៍​ថា៖ «​យោង​តាម​ការ​បង្ហោះ​សារ​របស់​លោក កឹម សុខា គាត់​មាន​ហេតុផល​ត្រឹមត្រូវ​តាម​ច្បាប់ ដើម្បី​អំពាវនាវ ឱ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​លើ​រូប​គាត់។​ មុន​ពេល​គាត់​អាច​ទទួល​បាន​សិទ្ធិ​នយោបាយ​ពេញលេញ​ តុលាការ​ត្រូវ​តែ​​លើក​លែង​ទោស​គាត់​ពី​បទ​ចោទ​ប្រកាន់​នានា»។​

យ៉ាងណា​ក៏​ដោយ​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន បាន​មាន​ប្រសាសន៍​ថា​ វា​មិន​មែន​ជា​រឿង​ចម្លែក​ទេ​សម្រាប់​ជន​ជាប់​ចោទ​និង​មេធាវី​របស់​ពួក​គេ​ ក្នុង​ការ​បដិសេធ​ពី​កំហុស​ ដោយ​មិន​បាន​គិត​ថា​ពួក​គេ​ពិត​ជា​មាន​ទោស​នោះ។​

លោក​បានមានប្រសាសន៍​ថា​៖​ «ការ​សម្រេច​​ចិត្ត​គឺ​ អាស្រ័យលើ​​តុលាការ ហើយ​ពួក​គេ​នឹង​ធ្វើ​ការ​វិនិច្ឆ័យ​ដោយ​ផ្អែក​លើ​អង្គ​ហេតុ​និង​អង្គ​ច្បាប់»។​

លោក​ម៉ាលីន​បាន​បន្តថា៖​ «វា​ជា​សិទ្ធិ​របស់​គាត់​[ក្នុង​ការ​ស្នើ​សុំ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់]​ ប៉ុន្តែ​យោង​ទៅ​តាម​នីតិរដ្ឋ គាត់​ត្រូវ​អនុវត្ត​ទៅ​តាម​នីតិវិធី​របស់​តុលាការ និង​បន្ត​ចូលរួម​ក្នុង​ការ​ជំនុំ​ជម្រះ​ក្តី»

ការ​កាត់​ក្តី​របស់​លោក​កឹម​សុខា​ត្រូវ​បាន​ពន្យារ​ពេល​ចាប់​តាំង​ពី​ខែមីនា ដោយសារ​ក្តី​បារម្ភ​ជុំវិញ​ បញ្ហា​ការ​រីក​រាលដាល​នៃ ជម្ងឺ កូវីដ-១៩ នៅកម្ពុជា ហើយ​កាល​បរិច្ឆេទ សម្រាប់​ជំនុំ​ជម្រះ​ក្តី​បន្ត​ នៅ​មិន​ទាន់​បាន​កំណត់​នៅ​ឡើយ​ទេ។

លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​មានប្រសាសន៍​កាល​ពី​ថ្ងៃទី ២ ខែកញ្ញាថា គណបក្ស​កាន់​អំណាច​គ្មាន​ចេតនា​ចរចា​ជាមួយ​​ «ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​នោះ​ទេ»​ ដោយបញ្ជាក់​ថា ​លោក​ កឹម​ សុខា​ បាន​ប្រកាស​ជា​សាធារណៈ​ថា លោក​កំពុង​អនុវត្ត​ផែនការ​របស់​ សហរដ្ឋ​អាមេរិក ដោយ​យក យូហ្គោស្លាវី និងស៊ែប៊ី  ជា​គំរូ​ដើម្បី​ផ្តួល​រំលំ​រដ្ឋា​ភិបាល​។​

លោក​មាន​ប្រសាសន៍​ថា៖​«បច្ចុប្បន្ន​នេះ​ប្រជា​ពលរដ្ឋ​ខ្មែរ​របស់​យើង​មិន​បាន​បែក​បាក់​សាមគ្គី​ឡើយ លើក​លែង​តែ​ក្រុម​បះបោរ​ខុស​ច្បាប់​មួយ​ចំនួន​តូច ។  មាន​តែ​អ្នក​ដែល​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​ប៉ុណ្ណោះ​ដែល​មិន​ពេញចិត្ត»​ ។ លោក​បាន​បន្ថែម​ថា​ ប្រជា​ពលរដ្ឋ​ខ្មែរ​បាន​រួប​រួម​គ្នាឡើង​វិញ​ដោយ​សន្តិភាព ក្រោម​ការ​ដឹកនាំ​ដោយ​ លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន​ សែន ​ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាជន​កម្ពុជា​។​

អ្នក​វិភាគ​នយោបាយ​លោក ឯម សុវណ្ណារ៉ា មាន​ប្រសាសន៍​ថា ការ​ទាមទារ​របស់ ​លោក ​កឹម ​សុខា ​នឹង​មិន​ទទួល​បាន​ជោគជ័យ​ឡើយ ពីព្រោះ​គណបក្ស​ប្រជាជន​មិន​ចរចា​ជា​មួយ​គណបក្ស​ដែល​ខ្លួន​គិត​ថា​ខ្សោយ​នោះ​ទេ។

លោក​បាន​មាន​ប្រសាសន៍​ថា៖​«ខ្ញុំ​គិត​ថា​នៅ​ក្នុង​កាលៈទេសៈ​នេះ​គណបក្ស​កាន់​អំណាច​នឹង​មិន​ឆ្លើយ​តប​ទៅនឹង​អ្វី​ដែល លោក កឹម សុខា បាន​ទាមទារ​នោះ​ទេ ​ពី​ព្រោះ​គណបក្ស​ប្រជាជន​នៅ​តែ​រឹង​មាំ​ហើយ​ពួក​គេ​នឹង​ប្រើ​គ្រប់​មធ្យោបាយ​ដែល​អាច​ធ្វើ​ទៅ​បាន​ដើម្បី​ធ្វើ​ឱ្យ​គណបក្ស​ប្រឆាំង​ចុះ​ខ្សោយទៅៗ»​។​

លោក​សុវណ្ណារ៉ា​ បានបន្តថា សេរីភាព​នយោបាយ​របស់ លោក កឹម សុខា អាច​ត្រូវ​បាន​ផ្តល់​ឱ្យ​វិញ​លុះ​ត្រា​តែ​តុលាការ​សម្រេចទម្លាក់​ការ​ចោទ​ប្រកាន់​លើ​រូប​លោក​។

លោក អ៊ី រិន អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បាន​បដិសេធ​មិន​ធ្វើ​ការ​អត្ថាធិប្បាយ​។​

នៅ​ក្នុង​សំណើ​ដែល​បាន​ផ្ញើ​ទៅ​ក្រសួង​មហាផ្ទៃ​កាល​ពី​ចុង​ខែ​មុន អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ លោកសុន ឆ័យ បាន​លើកឡើងថា យោង​តាម​មាត្រា ៤៥ នៃ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ បុគ្គល​ដែល​ត្រូវ​បាន​ហាម​ឃាត់​មិន​ឱ្យ​ធ្វើ​សកម្មភាព​នយោបាយ អាចស្នើ​សុំ​ស្តារ​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើង​វិញ​។​

លោក​បាន​លើកឡើង​ក្នុង​លិខិត​នោះ​ថា៖​«ខ្ញុំ​បាទសូមស្នើ​​សុំសម្តេច​ក្រឡាហោម [ស ខេង] ឧបនាយករដ្ឋ​មន្ត្រី​ មេត្តា ពិនិត្យ តាមនីតិវិធី ដើម្បីផ្តល់​នីតិសម្បទាធ្វើនយោបាយឡើងវិញដល់រូបខ្ញុំ»

អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​លោក ខៀវ សុភ័ក្រ បាន​ថ្លែង​នៅថ្ងៃ​ទី ២៨ ខែសីហា​ថា ក្រសួង​បាន​ទទួល​សំណើ​ពី​លោក​ សុន ឆ័យ និង​អតីត​សមាជិក​បក្ស ២ រូប​ផ្សេង​ទៀត​ដោយ​បញ្ជាក់​ថា​លិខិត​នោះ​នឹង​ត្រូវ​បញ្ជូន​ទៅ លោក​នាយក​រដ្ឋមន្រ្តី​ដើម្បី​ពិនិត្យ​។​

លោក​ថា​កន្លង​មក​អតីត​មន្រ្តី​គណបក្ស​សង្រ្គោះ​ជាតិ​ទាំង ១១៨ នាក់ ដែល​ត្រូវ​បាន​រារាំង​មិន​ឱ្យ​ធ្វើ​នយោបាយ ហើយ​ពួក​គាត់​ក៏​មិន​បាន​ស្នើ​សុំ​ ឱ្យ​មាន​លើក​លែង​ការ​ហាម​ឃាត់​របស់​ពួក​គេ​ដែរ ពី​ព្រោះ​ពួក​គេ​ជឿ​ជាក់​ថា​សហគមន៍​អន្តរជាតិ​​នឹង​ដាក់​សម្ពាធ​រដ្ឋា​ភិបាល ដើម្បី​ឱ្យ​មាន​ការ​ចរចារ​បែប​នយោបាយ​។​

ដោយ​សំដៅ​ទៅ​លើ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ លោក​សុភ័ក្រ​បាន​លើក​ឡើង​ថា​៖​ «តាម​គំនិត​របស់​ខ្ញុំ​មិន​មាន​ការ​ចរចា​ជា​មួយ​គណបក្ស​ខ្មោច​ទេ ពី​ព្រោះ​ថា​វា​បាន​ស្លាប់​ទៅ​ហើយ​។​  ដូច្នេះ​ហើយ​ជម្រើស​ដ៏​ល្អ​ប្រសើរ​សម្រាប់​ពួក​គេ​គឺ​ការ​តស៊ូ​ រើបម្រាស់​សម្ពាធ​ពី​មេខាង​ក្រៅ​ដើម្បី​ទទួល​បាន​សិទ្ធិ​ចូលរួម​ធ្វើនយោបាយ​»​។​

ទោះ​ជា​យ៉ាង​ណា​លោក​បាន​បន្ថែម​ថា​សម្ពាធ​អន្តរជាតិ​នឹង​គ្មាន​ប្រយោជន៍​ទេ ព្រោះ​វា​ជា​អំពើ​ខុស​ច្បាប់​សម្រាប់​បរទេស​ណា ដែល​ជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង របស់​ប្រទេស​កម្ពុជា​។​

លោក​សុភ័ក្ត្រ​បាន​លើក​ទឹក​ចិត្ត ដល់​អតីត​មន្រ្តី​គណបក្ស​សង្គ្រោះ​ជាតិ  ដែល​ត្រូវ​បាន​ហាម​ឃាត់​ធ្វើ​នយោបាយ​ផ្សេង​ទៀត ចូលរួម​ស្នើ​សុំ​ឱ្យ​មាន​ការ​ផ្តល់​សិទ្ធិ​នយោបាយ​ឡើង​វិញ​ ដើម្បី​ឱ្យ​ពួក​គេ​អាច​ចូលរួម​សកម្មភាព​នយោបាយ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់ ដែល​និង​មក​ដល់​នៅ​ឆ្នាំ ២០២២ និង​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ ២០២៣ ។

លោក​បាន​មាន​ប្រសាសន៍​ថា៖​«អ្នក​នយោបាយ​ដែល​មិន​អាច​ធ្វើ​នយោបាយ​បាន​ដូច​អ្នក​ប្រដាល់​ដែល​បាត់​ពី​សង្វៀន​»​៕​

350 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម