សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សមត្ថកិច្ចរារាំងកម្មករ​កាត់​ដេរ​មិន​ឲ្យ​យកញត្តិ​ទៅ​ដាក់​នៅ​គេហដ្ឋាន លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន

ក្រុមកម្មករ​កាត់​ដេរ​ប្រហែល ១០០នាក់​ដើរ​ដង្ហែរ​ក្បួន​ទៅ​កាន់ក្រសួង​ការងារ​នៅ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ២០២០ បន្ទាប់ពី​ក្រុមសមត្ថកិច្ច​រារាំង​អ្នក​ទាំង​នោះ​មិនឲ្យ​យក​ញត្តិ​ទៅដាក់នៅ​ផ្ទះលោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ បញ្ញា ឆព័ណ្ណ

សមត្ថកិច្ច និង​សន្តិសុខ នៅ​ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ បាន​រារាំង​កម្មករ​កាត់​ដេរ​ប្រហែល​១០០នាក់​ មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅ​កាន់​ផ្ទះ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ដើម្បី​ដាក់​ញត្តិ​ស្វែង​រក​កិច្ច​អន្តរា​គមន៍​បន្ទាប់​ពី​រោង​ចក្រ​របស់​ពួកគេ​បាន​បិទ​ទ្វារ​ដោយ​មិន​បាន​ផ្ដល់​សំណង​អ្វីទាំង​អស់។

នគរបាល​ និង​សន្តិសុខ​ខណ្ឌ​ទួលគោក​ប្រហែល​ជា​៥០​នាក់ បាន​បញ្ឈប់​កម្មករ​ទាំង​នោះ​នៅ​ផ្លូវ​កម្ពុជា​ក្រោម​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ១ ខណៈដែល​កម្មករ​ទាំង​អស់​កំពុង​ធ្វើដំណើរ​ទៅ​កាន់​ផ្ទះ​លោ​ក​​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន។ ការ​ប៉ុន​ប៉ង​ធ្វើ​ដំណើរ​ទៅ​កាន់​ផ្ទះ​លោក​នាយក​រដ្ឋ​មន្ត្រី​នេះ គឺកម្មករ​បាន​​ចេញ​ពីក្រ​សួង​ការងារ ដែល​ជា​កន្លែង​​កម្មករ​ទាំង​អស់​បាន​ដាក់​ញត្តិ​ម្ដង​រួច​មក​​ហើយ។​​​

កម្មករ​​សម្រេច​ចិត្ត​ធ្វើ​ដំណើរ​ទៅ​កាន់​ផ្ទះ​លោក ហ៊ុន សែន ព្រោះ​ថា​ក្រសួង​​បាន​បរាជ័យ​ក្នុង​ការដោះ​ស្រាយ​បញ្ហា​ជូន​ពួកគាត់​ បន្ទាប់​ពី​ក្រុម​កម្មករ​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ក្រសួង​ការងារ​កាល​ពី​ដើម​ខែ​នេះ។​ កម្មករ​ក្រុម​ហ៊ុន​កាត់ដេរ​សម្លៀក​បំពាក់​វ៉ាយអូឡែត (Violet Apparel )ទាំង​នេះ​បាន​ទាមទារ​ឲ្យ​ក្រសួង​ការងារ​ជួយ​រក​ដំណោះ​ស្រាយ​រួម​មួយ​ជាមួយម្ចាស់​រោង​ចក្រ​ដោយ​ធានាថា​ពួកគេ​នឹង​បាន​ទទួល​សំណង​ផ្សេងៗ និង​ប្រាក់​អតីត​ភាព​ការងារ​ និង​ប្រាក់​សំណង​ជំងឺចិត្ត​​ផង​ដែរ ស្រប​ពេល​ដែល​រោងចក្រ​បាន​ផ្អាក​ដំណើរ​ការ និង​ឈាន​ទៅ​ដល់​ការ​បិទ​រោងចក្រ​ដោយ​សារតែ​បញ្ហា​សេដ្ឋកិច្ច ក្នុងវិបត្តិកូវីដ១៩។​

កាលពី​ដើម​ខែ​នេះ​កម្មករ​ទាំង​នេះ​បាន​ធ្វើ​បាតុកម្ម​នៅ​មុខ​រោងចក្រ​ម្ដង​ហើយ​បន្ទាប់​ពី​ម្ចាស់​រោង​ចក្រ​បាន​ប្រ​កាស​ភា្លមៗ​ថា​ក្រុម​ហ៊ុន​នឹង​បិទ​ដំណើរ​ការ​ជាអចិន្ត្រៃយ៍ និង​មិន​បាន​ផ្ដល់​សំណង​ពេញ​លេញ​ដល់​កម្មករ​ទាំង​អស់។ ការ​បិទ​រោងចក្រនេះ​ធ្វើឲ្យកម្មករ​ជាង​១ ០០០​នាក់​រង​ផល​ប៉ះពាល់​។

 អ្នកស្រី គិន ច្រឹប វ័យ​៣២ឆ្នាំ ដែល​បាន​ចូល​រួម​ការ​តវ៉ា​នេះ​មាន​ប្រសាន៍ថា៖ ​«ក្រសួង​ការងារ​បាន​​ត្រឹម​តែ​ទទួល​ពាក្យ​បណ្ដឹង​ តែពួកគាត់​មិន​បាន​ដោះស្រាយ​ឲ្យ​ពួក​យើងទេ»។

 អ្នក​ស្រី​បន្តថា៖ « យើង​គ្រាន់​តែ​ដើរ​តាម​សម្រួល​ទៅ​កាន់​ផ្ទះលោកពូ (លោក ហ៊ុន សែន) ប៉ុន្តែ​ពួក​គេ (នគរបាល) ​មិន​ឲ្យ​យើង​ដើរទៅ​»។​

អ្នកស្រីលើកឡើងថា​ ៖ «យើង​ទាម​ទារ​ឲ្យ​ម្ចាស់​រោងចក្រ​ផ្ដល់​សំណង និង​អត្ថប្រយោជន៍​នានា​បន្ទាប់ពី​រោងចក្រ​បិទ»។ អ្នកស្រី ឲ្យ​ដឹង​ថាកម្មករ​ម្នាក់​អាច​បាន​ប្រាក់ប្រហែល​១ ០០០ដុល្លារ​អាស្រ័យ​លើ​រយៈ​​ពេល​ដែល​ពួក​គេ​បាន​​ធ្វើការ។

អ្នក​ស្រី​បន្ថែមថា៖ «ហើយ​មក​ដល់​ឥឡូវ​ពួកយើង​មិន​ទាន់​បាន​ទទួលអ្វី​បន្តិច​ទេ»។

កម្មករ​ម្នាក់ទៀត​គឺ​អ្នកស្រី​ ឈរ លីន មានវ័យ​៣៤ ឆ្នាំ បាន​ឲ្យ​ដឹង​ដែរថា ​អ្នកស្រី​មិន​ពេញ​ចិត្ត​នឹង​អាជ្ញាធរ​ និង​សមត្ថកិច្ច​នោះ​ទេ ដែល​ហាមឃាត់​ក្រុម​ពួក​គាត់​មិន​ឲ្យ​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋ​មន្ត្រី។​

អ្នកស្រី លីន និយាយថា៖ «ចាស ពួកយើង​ខឹង (ដែល​នគរបាលហាម​ឃាត់)​ ព្រោះថា​ពួកយើង​ធ្វើ​ទាំង​អស់នេះ​គឺ​ធ្វើទៅ​តាម​ច្បាប់»

អ្នក​ស្រី លីន ​បញ្ជាក់​ទៀត​ថា៖ «ពួក​យើង​គ្មាន​ជម្រើស​​អ្វី ក្រៅតែ​ពី​ស្វែង​រក​អន្តរាគមន៍​ពី​សម្តេច ហ៊ុន សែន នោះទេ ព្រោះក្រសួង​ការងារ​មិន​បាន​ជួយ​ដោះស្រាយ​បញ្ហាឲ្យ​ពួក​យើងទេ​»។

 បើ​តាម​អ្នក​ស្រី លីន ក្រុម​ហ៊ុន​បាន​សម្រេច​បិទ​ភ្លាម​ៗ​ដោយ​មិន​បាន​ជូន​ដំណឹង និង​ផ្ដល់​ប្រាក់​ជូន​ដំណឹង​មុន​នោះដែរ។

អ្នកស្រី​បន្ថែម​ថា៖ «កម្មករ​ទាំង​អស់​មិន​ទាន់បាន​ទទួល​ប្រាក់​ទេ​តាំងពីក្រុម​ហ៊ុន​បិទ​មក។សម្រាប់ខ្ញុំ​ត្រូវបាន​ប្រហែល​២ ០០០​ដុល្លារ»។​

​ ​ក្រោយពី​ត្រូវ​សមត្ថកិច្ច​រារាំង ក្រុម​បាតុករ​ទាំង​អស់​ក៏បាន​ត្រឡប់​ទៅ​កាន់​ក្រសួង​ការងារ​វិញ​ និង​បន្តិច​ក្រោយ​មក​ក៏បាន​ទទួល​ការសន្យាពីមន្ត្រី​ថា​នឹង​ជួយ​ស្វែង​រក​ដំណោះ​ស្រាយ​ជូនពួក​គេ។​

អ្នកនាំ​ពាក្យ​ក្រ​សួងការ​ងារ លោក ហេង សួរ បាន​ប្រាប់​តាម​ប្រព័ន្ធ​តេឡេក្រាម​ថា​ក្រសួង​កំពុង​ធ្វើការ​លើ​ករណីនេះ។

 លោក​បាន​បដិសេធ​និយាយ​លម្អិត​ពី​បញ្ហានេះ ដោយ​គ្រាន់តែ​និយាយ​ថា​៖ «ក្រសួង​នឹង​បន្ត​ដោះ​ស្រាយ​ករណី​នេះ​ទៅ​តាម​ច្បាប់» ។​

ប្រធានសហព័ន្ធសហជីពកម្ពុជា(CATU) លោកស្រី​យ៉ាង សុភ័ណ្ឌ  បាន​និយាយថា​លោក​ស្រី សំណូមពរ​ដល់​ក្រសួង​ការងារ ក៏ដូចជា​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​សូម​ជួយ​ដោះស្រាយ​បញ្ហា​ដល់​កម្មករ​រោងចក្រ​កាត់ដេរ​ Violet Apparel ផង​។​

បើ​តាម​លោកស្រី យ៉ាង សោភ័ណ្ឌ កាលពីខែ​ឧសភា ម្ចាស់​រោងចក្រ​បាន​សន្យា​ផ្ដល់​ប្រាក់​ខែ​ចុង​ក្រោយ ប្រាក់​អតីត​ភាព​ការងារ ប្រាក់​ជូន​ដំណឹង​ជាមុន និង​សំណង​ផ្សេងៗ​ទៀត​ ប៉ុន្តែ​នៅ​ថ្ងៃទី​១ ខែ​កក្កដា ខាង​រោង​ចក្រ​បាន​សម្រេចលុបចោល​ប្រាក់​ជូន​ដំណឹងជាមុន និង​សំណងមួយ​ចំនួន​​ ទៅ​តាម​សេចក្ដីជូនដំណឹង​របស់ក្រសួង​ការងារ ដែលអនុញ្ញាត​ឲ្យ​ម្ចាស់​រោងចក្រ​លុប​ចោល​ប្រាក់​នបន្ថែម​​ទាំង​នោះ​បាន​ ក្នុង​ករណី​ម្ចាស់​រោងចក្រ​មិនមាន​លទ្ធភាព​ផ្ដល់ជូន​បាន។​

លោក​ស្រីនិយាយថា៖ «ច្បាប់បាន​ចែងច្បាស់ថា​ពេល​រោង​ចក្រ​បិទ​ដោយ​គ្មាន​ហេតុ​ផល​សមរម្យ កម្ម​ករ​ត្រូវ​ទទួល​បាន​អត្ថប្រយោជន៍​ដូចជា​ប្រាក់ខែ​ចុងក្រោយ ប្រាក់​អតីត​ភាព​ការងារ ​ប្រាក់​សំណង​ជំងឺចិត្ត​ ប្រាក់​ជូន​ដំណឹង​ជាមុន និង​ប្រាក់​សំណង​មួយ​ចំនួន​ទៀត»។

លោកស្រី​បន្ថែម៖ «​ក្នុង​កាលៈទេសៈ​នេះ កម្មករ​ពិត​ជា​ត្រូវ​ការ​ប្រាក់​សម្រាប់​ជីវ​ភាព​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ»។

កាលពី​ដើម​ខែនេះ​ ក្រសួង​ការងារ​បានចេញ​លិខិត​ព្រមាន​មួយ​ដល់​លោកស្រី យ៉ាង សោភ័ណ្ឌ ដោយ​បាន​ចោទ​ប្រកាន់ថា​លោកស្រី​ជាប់​ពាក់ព័ន្ធនឹង​សកម្មភាព​មួយចំនួន​បំពានទៅ​នឹង​ច្បាប់​ស្ដីពីសហជីព។ ក្រសួង​បាន​ចោទ​លោកស្រី​ថា​បាន​ញុះញង់​ឲ្យ​កម្មករ​ដាក់​សម្ពាធ និង​គំរាម​កំហែង​ដល់​ភាគី​និយោជក។ ក្រសងបាន​ស្នើ​ឲ្យ​លោក​ស្រី​បញ្ឈប់​ការ​ប្រមូល​ផ្ដុំ​កម្មករ​នៅរោងចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​វ៉ាយូឡែត ជាបន្ទាន់ ដោយ​ថា​លោក​ស្រី​បាន​បំពាន​ច្បាប់ ដោយ​បាន​ដឹក​នាំ​កម្មករ​ធ្វើ​បាតុកម្ម។​

បើ​តាម​សេចក្ដី​ថ្លែងការណ៍​របស់ GMAC ចេញ​ផ្សាយ​កាលពី​ខែ​មិថុនា រោង​ចក្រ​ប្រហែល​៤០០​បាន​ផ្អាក​ដំណើរការ និង​មាន​កម្មករ​ជាង​១៥ម៉ឺន​នាក់​បាន​បាត់​បង់​ការងារ​ដោយ​សារតែវិបត្តិ​កូវីដ១៩​សកល​នេះ៕

128 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម