សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សហជីព​រិះគន់​ការ​ជាប់​គាំង​ក្នុង​ការ​ស៊ើបអង្កេត​ករណី​ឃាតកម្ម​លើ​អតីត​មេ​ដឹក​នាំ​សហជីព​លោក​ ​ជា​ ​វិជ្ជា​ ​អំឡុង​ពេល​ប្រារព្ធ​ខួប​​ ១៦​ឆ្នាំ​

ក្រុម​សហជីព​ ​និង​ម​ន្រ្តី​សិទ្ធិមនុស្ស​ ​ចូលរួម​ខួប​១​៦​ឆ្នាំ​ ​នៃ​ការ​បាញ់សម្លាប់​ ​លោក​ ​ជា​ ​វិជ្ជា​។​ ​រូបភាព​ ខេមបូចា

កាលពី​ថ្ងៃពុធ​ ​ក្រុម​សហជីព​បាន​រិះគន់​ភាព​អសកម្ម​របស់​គណៈកម្មការ​មួយ​ ​ដែល​រដ្ឋាភិបាល​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ​២​០​១​៧​ ​ជា​ផ្នែក​មួយ​ដើម្បី​ស៊ើប​អង្កេត​ករណី​ឃាតកម្ម​លើ​មេដឹកនាំ​សហជីព​ការងារ​លោក​ ​ជា​ ​វិជ្ជា​ ​ខណៈ​ពេល​ពួកគេ​ប្រមូលផ្តុំ​សមាជិក​សហជីព​និង​បុគ្គលិក​សិទ្ធិមនុស្ស​ ​ប្រារព្ធ​ខួប​១​៦​ឆ្នាំ​នៃ​ការ​ស្លាប់​របស់​លោក​។​

​លោក​ ​ជា​ ​វិជ្ជា​ ​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រកម្ពុជា​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់សម្លាប់​កាលពី​ថ្ងៃ​ទី​២​២​ ​ខែ​មករា​ ​ឆ្នាំ​២​០​០​៤​ ​ក្បែរ​វត្ត​ល​ង្ក​ការ​ ​ក្នុង​ក្រុងភ្នំពេញ​ ​ខណៈ​ពេល​លោក​កំពុង​ទិញ​កាសែត​អាន​ពេលព្រឹក​។​

​បុរស​ពីរ​នាក់​ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​ឃាតកម្ម​ ​ប៉ុន្តែ​ក្រោយមក​ត្រូវ​បាន​សម្រេច​ឲ្យ​រួចផុត​ពី​ការចោទប្រកាន់​វិញ​ ​ខណៈ​ក្រុម​គ្រួសារ​របស់​លោក​ ​ជា​ ​វិជ្ជា​និង​ក្រុម​អង្គការ​សិទ្ធិមនុស្ស​ធ្វើ​យុទ្ធនាការ​ទាមទារ​ឲ្យ​មាន​ការស៊ើបអង្កេត​ឯករាជ្យ​មួយ​លើ​ករណី​ឃាតកម្ម​នេះ​ ​ចំ​ពេល​មាន​ការចោទប្រកាន់​ថា​ ​មាន​ភាព​មិន​ប្រក្រតី​។​

​អង្គការ​ពលកម្ម​អន្តរជាតិ​ (​I​L​O) ​បាន​ទទូច​យូរ​មក​ហើយ​ឲ្យ​រដ្ឋាភិបាល​ស៊ើប​អង្កេត​ករណី​ឃាតកម្ម​នេះ​ ​ជា​ករណី​បន្ទាន់​ ​ហើយ​រដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មការ​អន្តរ​ក្រសួង​មួយ​កាលពី​ឆ្នាំ​២​០​១​៧​ ​ដើម្បី​ត្រួតពិនិត្យមើល​ការ​អនុវត្ត​ទៅតាម​អនុសាសន៍​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​នេះ​។​

លោក​ ​ម៉ាន់​ ​សេង​ហាក់​ ​អនុប្រធាន​នៃ​អតីត​សហជីព​សេរី​កម្មករ​របស់​លោក​ ​ជា​ ​វិជ្ជា​ ​បាន​និយាយ​ក្នុង​កម្មវិធី​ជួបជុំ​មនុស្ស​ប្រហែល​១​០​០​នាក់​កាលពី​ថ្ងៃពុធ​ថា​ ​គណៈកម្មការ​នេះ​ខក​ខានមិនបាន​ឆ្លើយតប​ទៅតាម​កាតព្វកិច្ច​របស់​ខ្លួន​ចំពោះ​អង្គការ​ ​I​L​O ​។​

លោក​ ​សេង​ហាក់​ ​បាន​និយាយ​ថា​៖​ ​«​គណៈកម្មការ​នេះ​ត្រូវ​បាន​បង្កើត​ឡើងជា​ង​ពីរ​ឆ្នាំ​មក​ហើយ​ ​ប៉ុន្តែ​ពួកគាត់​មិនដែល​ទាក់ទង​ទៅ​ភរិយា​របស់​លោក​ ​ជា​ ​វិជ្ជា​ ​ឬ​សាច់ញាតិ​សួរនាំ​បន្តិច​សោះឡើយ​ ​ដើម្បី​ស្វែងរក​ភស្តុតាង​បន្ថែម​ ​ជួយ​ដល់​ដំណើរការ​នៃ​រឿង​នេះ​ទេ​»​។​

លោក​បាន​និយាយ​ថា​ ​កិច្ចប្រឹងប្រែង​មកដល់ពេលនេះ​មិនទាន់​ល្អ​គ្រប់គ្រាន់​នៅឡើយ​ទេ​។​

​លោក​ ​សេង​ហាក់​ ​និយាយ​ថា​៖​ ​«​យើង​ស្នើ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ ​ជាពិសេស​រដ្ឋាភិបាល​ ​ត្រូវ​ចាត់វិធានការ​ហ្មត់ចត់​ធ្វើការងារ​លើ​ករណី​នេះ​ ​ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​ក្រុម​គ្រួសារ​របស់​លោក​ ​ជា​ ​វិជ្ជា​និង​បញ្ចប់​និទណ្ឌភាព​នៅ​កម្ពុជា​»​។​

ចំណែក​អ្នកចូលរួម​ផ្សេងទៀត​បាន​រំឭក​ពី​វីរភាព​របស់​លោក​ ​ជា​ ​វិជ្ជា​។​

​លោក​ ​វ៉ន​ ​ពៅ​ ​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​ ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​បាន​និយាយ​ថា​៖​ ​«​យើង​នឹង​មិន​ភ្លេច​អ្វី​ដែល​លោក​ ​ជា​ ​វិជ្ជា​ ​បាន​ធ្វើ​សម្រាប់​ប្រជាជន​ខ្មែរ​ ​និង​កម្មករ​ខ្មែរ​នោះ​ទេ​»​។​

​លោក​ ​វ៉ន​ ​ពៅ​ ​បាន​និយាយ​ថា​ ​លោក​ ​ជា​ ​វិជ្ជា​ ​បាន​ជំរុញ​ឲ្យ​សមាជិក​សហជីព​និង​កម្មករ​សម្តែង​សិទ្ធិ​របស់​ខ្លួន​។​

​លោក​និយាយ​ថា​៖​ ​«​ប្រសិនបើ​យើង​ត្រូវ​គេ​កេងប្រវ័ញ្ច​ ​យើង​ត្រូវតែ​សាមគ្គី​គ្នា​តតាំង​នឹង​អំពើ​កេងប្រវ័ញ្ច​នោះ​»​។​

​ក្នុង​បទ​សម្ភាស​តាម​ទូរស័ព្ទ​ពី​ប្រទេស​ហ្វាំ​ង​ឡង់​ ​អ្នកស្រី​ ​ជា​ ​គីម​នី​ ​ប្រពន្ធ​លោក​ ​ជា​ ​វិជ្ជា​ ​បាន​ប្រាប់​ខេ​ម​បូ​ចា​ថា​ ​អ្នកស្រី​ដេកមិនលក់​ដល់ម៉ោង​២​យប់​ ​ដោយ​គិតដល់​ខួប​១​៦​ឆ្នាំ​ចាប់តាំង​ពី​លោក​ ​ជា​ ​វិជ្ជា​ ​បាន​ស្លាប់​។​

​អ្នកស្រី​ ​គីម​នី​ ​បាន​និយាយ​ថា​៖​ ​«​ខ្ញុំ​មិនដែល​បោះបង់​ក្តី​សង្ឃឹម​ថា​ ​ថ្ងៃណាមួយ​ ​យុត្តិធម៌​នឹង​មកដល់​សម្រាប់​ក្រុម​គ្រួសារ​របស់យើង​។​ ​ខ្ញុំ​មិន​ដឹង​ថា​ ​នៅ​ពេលណា​នោះ​ទេ​ ​ប៉ុន្តែ​យើង​រង់ចាំ​ថ្ងៃ​នោះ​»​។​

​អ្នកស្រី​បាន​និយាយ​ថា​ ​អ្នកស្រី​និង​កូនស្រី​ពីរ​នាក់​របស់​អ្នកស្រី​នឹកដល់​ប្រទេស​កម្ពុជា​ ​ប៉ុន្តែ​នឹង​មិន​ត្រឡប់ទៅវិញ​ទេ​ ​លុះត្រាតែ​រឿងក្តី​នេះ​ត្រូវ​បាន​ដោះស្រាយ​។​

​អ្នកស្រី​ ​គីម​នី​ ​បាន​និយាយ​ថា​៖​ ​«​ពេលនេះ​ ​ខ្ញុំ​មើលឃើញ​ថា​ ​កម្ពុជា​កំពុង​ដើរថយក្រោយ​។​ ​មិនមែន​ជា​ប្រទេស​នីតិ​រដ្ឋ​ទេ​។​ ​ភាគច្រើន​ ​ពួកគេ​ចាប់​ខ្លួនមនុស្ស​ល្អ​ដាក់​ពន្ធ​នាគា​រ​។​នៅ​ពេល​មានអំពើ​ឃាតកម្ម​កើតឡើង​ ​ពួកគេ​មិនដែល​រក​ឃើញ​ឃាតករ​នោះ​ទេ​»​។​

​លោក​ ​ជា​ ​វិជ្ជា​ ​បាន​បង្កើត​សហជីព​សេរី​កម្មករ​កាលពី​ឆ្នាំ​១​៩​៩​៦​ ​ជាមួយនឹង​សមាជិក​សហជីព​ផ្សេងទៀត​ដូចជា​ ​លោក​ រ៉ុង​ ​ឈុន​ ​និង​អ្នកស្រី​ ​អ៊ូ​ ​ម៉ារី​ ​ដោយមាន​ការ​គាំទ្រ​ពី​លោក​ ​សម​ ​រ​ង្ស៊ី ​ជា​អ្នកនយោបាយ​បក្ស​ប្រឆាំង​៕

31 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម