សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

កម្មកររំឭកខួប១៧ឆ្នាំ នៃការបាញ់សម្លាញ់លោក ជា វិជ្ជា និងថ្កោលទោសវប្បធម៌និទណ្ឌភាព

មេដឹកនាំសហជីព និងកម្មករកាត់ដែរចូលរួមរំឭកខួបលើកទី១៧ នៃការបាញ់សម្លាប់មេដឹកនាំសហជីពលោក ជា វិជ្ជា នៅក្រុងភ្នំពេញ កាលពីថ្ងៃសុក្រ។ បញ្ញា ឆព័ណ្ណ
មេដឹកនាំសហជីព និងកម្មករកាត់ដែរចូលរួមរំឭកខួបលើកទី១៧ នៃការបាញ់សម្លាប់មេដឹកនាំសហជីពលោក ជា វិជ្ជា នៅក្រុងភ្នំពេញ កាលពីថ្ងៃសុក្រ។ បញ្ញា ឆព័ណ្ណ

កម្មករ និង​តំណាង​សហជីព ជាង៥០នាក់​បាន​ចូលរួម​ប្រារព្ធ​ខួប​រំឭក​មរណភាព​លោក ជា វិជ្ជា មេដឹកនាំ​សហជីព​មួយ​រូប​​ដែល​ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​ទាំង​កណ្តាល​ថ្ងៃ ខណៈ​ពេល​កំពុង​អាន​កាសែត​នៅ​តូប​លក់កាសែត​មួយ​ខាង​ក្រៅ​វត្ត​លង្កា​ កាល​ពី​ឆ្នាំ២០០៤។

ការជួបរំឭកមរណភាព ធ្វើឡើងមិនឆ្ងាយ​ប៉ុន្មាន​​ពី​កន្លែង​ដែល​ខ្មាន់កាំភ្លើង ​មិន​ពាក់ម៉ាស់បាំង​មុខ ​បាន​បាញ់​ប្រហារ​ចំនួន​ពីរ​គ្រាប់​លើ​លោក ជា វិជ្ជា ដោយ​បាន​សម្លាប់​រូប​លោក​ភ្លាមៗ។ ក្រោយមក សមាជិក​ចលនា​សហជីព​ ដែល​លោក​ជា វិជ្ជា​បាន​​ផ្តួចផ្តើម​ឡើង​ បាន​ទាមទារឲ្យ​អាជ្ញាធរ​តាម​ចាប់​​អ្នក​នៅ​ពី​ក្រោយ​ឃាតកម្ម​ដ៏​ឃោឃៅ​នេះ។

លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​​កម្ពុជា បាន​និយាយ​ថា៖ «រដ្ឋាភិបាល​ត្រូវ​ទទួល​ខុសត្រូវ​ដើម្បី​ស្វែងរក​យុត្តិធម៌​សម្រាប់​កម្មករ ជា​ពិសេស​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មេដឹកនាំ​សហជីព បើ​មិន​អញ្ចឹង​ទេ មិនមាន​យុត្តិធម៌​សម្រាប់​ប្រជាជន​នោះ​ទេ»

​លោក​បាន​បន្ត​ថា៖ «យើង​សូម​អំពាវនាវ​សារជាថ្មី​ឲ្យ​អាជ្ញាធរ​ស្វែងរក​យុត្តិធម៌​ មិនមែន​តែ​សម្រាប់​លោក​ ជា វិជ្ជា​ នោះ​ទេ ប៉ុន្តែ​សម្រាប់​មនុស្ស​គ្រប់គ្នា»

ជា​ប្រធានសហជីព​សេរីកម្មករ លោក ជា វិជ្ជា ស្ថិត​នៅ​ជួរ​មុខ​នៃ​ចលនា​សហជីព​​ដែល​លេចឡើង​មួយ​នៅ​ពី​ក្រោយ​វិស័យ​កាត់ដេរ​ដែល​កំពុង​រីកធំឡើង​នៅ​កម្ពុជា។ ​

លោក ​ជា វិជ្ជា ​ជាអ្នករិះគន់​ឥត​សំចៃ​មួយ​រូប​មក​លើ​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន និង​ជា​អ្នកជិតស្និទ្ធ​ជាមួយ​នឹង​លោក សម រង្ស៊ី អតីតមេដឹកនាំ​គណបក្ស​ប្រឆាំង​ដែល​កំពុង​និរទេស​ខ្លួន ហើយ​ឃាតកម្ម​មក​លើ​រូបលោក​បាន​កើត​ឡើង ​ខណៈ​មាន​ការ​ធ្វើ​ឃាតពាក់ព័ន្ធ​នឹង​​ហេតុផល​នយោបាយ​ជា​បន្ត​បន្ទាប់​​នៅ​ក្រុង​ភ្នំពេញ។ ​

ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​លោក ជា វិជ្ជា ត្រូវ​បាន​​បាញ់​សម្លាប់ ប៉ូលិស​បាន​ចាប់​ខ្លួន​បុរស​ពីរ​នាក់ ឈ្មោះ​ ប៊ន សំណាង និង​សុខ សំអឿន ប៉ុន្តែ​ចៅក្រម​បាន​ច្រានចោល​រឿងក្តី​ប្រឆាំង​នឹង​បុរស​ទាំង​ពីរ​នេះ​ដោយសារ​ពុំមាន​ភស្តុតាងគ្រប់គ្រាន់។

យ៉ាងណាក្តី សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ប្រែផ្លាស់​សេចក្តីសម្រេច​វិញ ហើយ​បុរស​ទាំងពីរ​នាក់​ត្រូវ​បាន​ផ្តន្ទាទោស​នៅ​ឆ្នាំ ២០០៥ ឲ្យ​ជាប់ពន្ធនាគារ​ចំនួន​ ២០​ឆ្នាំ​ពី​បទ​ឃាតកម្ម មុន​ពេល​ត្រូវ​បាន​លើកលែង​ទោស​ដោយ​តុលាការ​កំពូល និង​ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​នៅ​ឆ្នាំ ២០១៣។

ប៉ូលិស​និយាយ​ថា ខ្លួន​បាន​សើរើ​ការ​ស៊ើបអង្កេត​លើ​ករណី​​ឃាតកម្ម​លោក​ ជា វិជ្ជា ឡើង​វិញ ប៉ុន្តែ​មិន​មាន​បង្ហាញ​សញ្ញា​វិវត្ត​ទៅ​មុខ​ចាប់តាំង​ពី​ពេល​នោះ​មក។

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​លោក ជិន ម៉ាលីន បាន​ប្រាប់ CamboJA ថា៖ «ករណី​លោក​ជា វិជ្ជា​នៅ​តែ​បើក​ចំហ​នៅ​ឡើយ ហើយ​ដំណើរការ​ស្វែងរក​យុត្តិធម៌ និង​ការ​ស៊ើបអង្កេត​នៅ​កំពុង​​បន្ត​ធ្វើ​ឡើង»

លោក​បាន​និយាយ​ថា៖ «ឧក្រិដ្ឋកម្ម​បែប​នេះ​គឺ ​មាន​ជា​ទូទៅ និង​កើតមាន​នៅ​តាម​បណ្តា​ប្រទេស​មួយ​ចំនួន រួម​ទាំង​សហរដ្ឋអាមេរិក និង​អឺរ៉ុប​ផងដែរ ហើយ​យុត្តិធម៌​នៅ​តែ​មិន​អាច​រក​ឃើញ​ ២០ ឬ៣០​ឆ្នាំ​ក្រោយ​មក»។

មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​ការ​ស្លាប់​របស់​លោក​ ជា វិជ្ជា ភរិយា និង​កូន​របស់​លោក​ បាន​ភៀសខ្លួន​ទៅ​ប្រទេស​ហ្វាំងឡង់ ហើយ​បាន​រស់​នៅ​ប្រទេស​នោះ​ចាប់តាំង​ពី​ពេល​នោះ​មក។

ប្រាំ​ខែ​បន្ទាប់​ពី​ឃាតកម្ម​លើ​លោក​ជា វិជ្ជា លោក រស់ សុវណ្ណារ៉េត សមាជិក​គណៈកម្មាការ​សហជីព​សេរី​កម្មករ​ត្រូវ​បាន​​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់ ហើយ​នៅ​ឆ្នាំ ២០០៧ លោក ហ៊ី វុទ្ធី ប្រធាន​ចលនា​សហជីព​កាល​ពី​គ្រា​នោះ​ក៏​ត្រូវ​បាន​បាញ់​សម្លាប់​ដូចគ្នា​ផង​ដែរ។

លោកស្រី ចក់ សុភាព នាយិកា​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​និយាយ​ថា គ្មាន​នរណា​ម្នាក់​ត្រូវ​បាន​នាំ​ខ្លួន​មក​ទទួល​ខុស​ត្រូវ​លើ​ការ​សម្លាប់​នោះ​ទេ​ ដែល​​នេះ​ជា​ឧទាហរណ៍​មួយ​នៃ​និទណ្ឌភាព​​ដែល​មាន​ពាសពេញ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា»។

លោកស្រី សុភាព បាន​ថ្លែង​ថា៖ «នេះ​ជា​វប្បធម៌​ដ៏​មហន្តរាយ​មួយ​ដែល​បាន​ឆក់​យក​សិទ្ធិ​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ និង​ធ្វើ​ឲ្យ​បាត់បង់​​ជំនឿ​ទុក​ចិត្ត​លើ​ប្រព័ន្ធ​យុត្តិធម៌»

លោកស្រី​បាន​បន្ត​​ថា៖ «យើង​នឹង​មិន​បំភ្លេច​លោក​ជា វិជ្ជា​នោះ​ទេ។ ករណី​របស់​លោក​ជា​ការ​ក្រើន​រំឭក​មួយ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា និង​សាធារណជន​ពី​សារៈសំខាន់​នៃ​ការ​ទទួល​ខុសត្រូវ តម្លាភាព និង​នីតិរដ្ឋ​ ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​និទណ្ឌភាព និង​អំពើ​ពុករលួយ»

នៅ​ឆ្នាំ ២០១៦ លោក​ ជា មន្នី ប្អូន​ប្រុស​របស់​លោក​ ជា វិជ្ជា ដែល​ចូល​គ្រប់គ្រង​សហជីព​សេរី​កម្មករ​អស់​​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក បាន​ប្រាប់​ឲ្យ​រដ្ឋាភិបាល​ទម្លាក់​ចោល​ការ​ស៊ើបអង្កេត និង​ឈប់​ធ្វើ​ពុត​ជា​ខិតខំ​ស្វែងរក​ឃាតករ។

អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​លោក ខៀវ សុភ័គ បាន​និយាយ​ថា មាន​តម្រុយ​តិចតួច​ប៉ុណ្ណោះ​ដើម្បី​តាមដាន​នៅ​ក្នុង​ករណី​លោក ​ជា វិជ្ជា ដោយ​សាក្សី​មួយ​ចំនួន​បាន​ភៀសខ្លួន​ចេញ​ទៅ​ក្រៅ​ប្រទេស។

លោក​បាន​ថ្លែង​ថា៖ «គ្មាន​នរណា​ម្នាក់​​មក​ផ្តល់​សក្ខីកម្ម ហើយ​មើលទៅ​ហាក់ដូចជា ពួកគេ​មិន​ខ្វល់​ត​ទៅ​ទៀត​នោះ​ទេ។ ប៉ុន្តែ​ករណី​នេះ​នៅ​តែ​បើកចំហ»

​​អ្នកនាំពាក្យអគ្គស្នងការ​នគរបាល​ជាតិ​ លោក ឆាយ គឹមឃឿន បាន​បដិសេធ​សុំ​មិន​ធ្វើអត្ថាធិប្បាយ។

នៅ​​សួន​មួយ​ជិត​វត្ត​លង្កា ជា​ទី​ដែល​រូបសំណាក​លោក​ ជា វិជ្ជា ត្រូវ​បាន​ដាក់​ឡើង​កាល​ពី​ឆ្នាំ ២០១៣ បន្ទាប់​ពី​ការ​រឹតត្បិត​អស់រយៈពេល​ជា​ច្រើន​ឆ្នាំ​ពី​សំណាក់​រដ្ឋាភិបាល អ្នកស្រី លី ថារី កម្មករ​កាត់​ដេរ​បាន​មក​អុជធូប និង​​បាន​និយាយ​ថា ភាព​អង់អាចក្លាហាន​របស់​លោក ជា វិជ្ជា នឹង​មិន​ត្រូវ​បាន​បំភ្លេច​នោះ​ទេ។

អ្នកស្រី​បាន​ថ្លែង​ថា៖ «ខ្ញុំមក​ទី​នេះ​ដើម្បី​ផ្តល់​ការ​គោរព​ដល់​គាត់​ចំពោះ​ការ​តស៊ូ​ដើម្បី​សេរីភាព​របស់​កម្មករ» ដោយ​កត់សម្គាល់​ថា លោក​ជា វិជ្ជា​​ជា​មេដឹកនាំ​សហជីព​ដំបូង​គេ​​ដែល​ទាមទារ​ឲ្យ​មាន​​ប្រាក់​ឈ្នួល​អប្បបរមា។​

អ្នកស្រី​បាន​បន្ត​ថា៖ «យើង​ទទូច​សុំ​យុត្តិធម៌​សម្រាប់​គាត់ និង​គ្រួសារ​គាត់​។ ប៉ុន្តែ​កិច្ចប្រឹងប្រែង​របស់​អាជ្ញាធរ​ហាក់ដូចជា​មិនមាន​ប្រយោជន៍​នោះ​ទេ ពីព្រោះ​អស់រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ពួកគេ​នៅ​តែ​មិន​អាច​ស្វែង​រក​ឃាតក​របាន។ ហើយ​យើង​នៅ​តែរង់​ចាំ​ ហើយរង់​ចាំ​ទៀត»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ 17 years on, workers mourn assassinated union leader Chea Vichea and decry culture of impunity

138 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម