សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ក្រសួងអប់រំណែនាំជាថ្មីឱ្យគ្រូបង្រៀនពង្រឹងក្រមសីលធម៌ និងបញ្ឈប់​ការបង្ខំឱ្យសិស្សរៀនគួរ

ក្រសួងអប់រំ យុវជន និងកីឡា នៅរាជធានីភ្នំពេញ ថតនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)
ក្រសួងអប់រំ យុវជន និងកីឡា នៅរាជធានីភ្នំពេញ ថតនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

ក្រសួងអប់រំបានចេញសេក្តីណែនាំក្រើនរំឭកជាថ្មីទៀត ឱ្យគ្រូបង្រៀនពង្រឹងភារកិច្ច​នៃការ​បង្រៀន​​ប្រកបដោយក្រមសីលធម៌ និងបញ្ឈប់ការបង្ខំឱ្យសិស្សរៀនគួរបន្ថែម​ក្រៅពីម៉ោង​រដ្ឋ​បានកំណត់។

សេចក្តីថ្លែងការណ៍របស់ក្រសួងអប់រំចុះថ្ងៃទី៧ ខែឧសភា បានបញ្ជាក់ថា មានឪពុកម្តាយ​សិស្ស​​មួយចំនួនត្អូញត្អែរពីការលំបាកដែលមិន​មានលទ្ធភាពបង់លុយឱ្យកូនរៀនគួរ។ ក្រសួង​ក៏បានបញ្ជាក់ពីសកម្មភាពអវិជ្ជមានដែលគ្រូមួយចំនួនបានចេញមេរៀនពេលបង្រៀនគួរ​សម្រាប់​ការប្រលងផ្សេងៗ។

នៅក្នុងសេចក្តីថ្លែងការណ៍នោះក្រសួងបានណែនាំ៥ចំណុចដល់គ្រូបង្រៀន និងគ្រឹះស្ថាន​សិក្សា​សាធារណៈមានដូចជា គ្រូបង្រៀនត្រូវអនុវត្តតាមភារកិច្ចដែលគណៈគ្រប់គ្រង​សាលា​រៀបចំជូនប្រកបដោយសីលធម៌ និងមិនត្រូវបង្ខំឱ្យសិស្សរៀនគួរ ឬយកមេរៀនដែលបង្រៀន​គួរ​ទៅចេញសម្រាប់វិញ្ញាសាប្រលងជាដើម។

មាតាបិតា និងអាណាព្យាបាលសិស្ស រួមទាំងមន្ត្រីអង្គការសង្គមស៊ីវិល​បានកោតសរសើរ​ក្រសួង​អប់រំ​ដែលហ៊ានទទួលស្គាល់ការពិតហើយចាត់វិធានការដើម្បីដោះស្រាយ។ ប៉ុន្តែអ្នក​ទាំងនេះនៅសង្ស័យលើប្រសិទ្ធិភាព ព្រោះកន្លងមកក្រសួងអប់រំក៏​ធ្លាប់ចេញវិធានការបន្ត​បន្ទាប់​ដែរ ដែលបញ្ហាដាក់សម្ពាធឱ្យសិស្សរៀនគួរនៅតែបន្តកើតមាន។

នៅខែកញ្ញា ឆ្នាំ២០២៣ ក្រសួងអប់រំបានធ្វើសេចក្តីណែនាំ ដោយមិនឱ្យគ្រូបង្រៀន​យក​ម៉ោង​រដ្ឋ និងយកសាលារដ្ឋធ្វើជាកន្លែងរៀនគួរទេ។

លោក សេរី វណ្ណ បុគ្គលិកក្រុមហ៊ុនឯកជនមួយនៅរាជធានីភ្នំពេញ មានកូន៣នាក់កំពុង សិក្សា គឺម្នាក់នៅកម្រិតបឋម និង២នាក់នៅថ្នាក់វិទ្យាល័យ​ដែលត្រូវចំណាយជាង៤០ម៉ឺនរៀល​សម្រាប់រៀនគួរ គឺសិស្សបឋមចំណាយជាង៤ម៉ឺនរៀល ចំណែកកូននៅថ្នាក់វិទ្យាល័យម្នាក់ៗ​ចំណាយជាង២០ម៉ឺនរៀលក្នុង១ខែ។

ចំពោះវិធានការរបស់ក្រសួងអប់រំចេញផ្សាយនៅថ្ងៃទី៧ លោក សេរី វណ្ណ មិនទាន់មានជំនឿ​ទេ បើមិនមានវិធានការបន្ថែមឱ្យចេញជាលទ្ធផល។

លោក សេរី វណ្ណ ថ្លែងថា៖ «ក្រសួងអប់រំបានចេញជាគោលការណ៍ថ្មីៗនេះ ចេញតែក្រដាស​ហ្នឹង បើចេញគោលការណ៍ហើយត្រូវតែឱ្យអធិការកិច្ចគេចុះអង្កេតមើលផង ដើម្បីឱ្យដឹងថា​សខ្មៅ​ថាគ្រូហ្នឹង​មានយកម៉ោងរៀនរដ្ឋមកបង្រៀនគួរអត់។ អាហ្នឹងចឹង ចុះផង! ចេញតែ​គោលការណ៍​មកអត់ឃើញចុះ ចេញតែគោលការណ៍ ចេញតែក្រដាសហ្នឹង ដល់ក្រសួងចុះ​មកមើលផ្ទាល់តែម្តង។ បង្កើតក្រុមអធិការកិច្ចចុះមកមើលផ្ទាល់ថា​ម៉ោងណា​ដែលគាត់​បង្រៀន​។ មិនខ្វះទេតាមសាលានីមួយៗ ជាពិសេសគឺសាលាកូនខ្ញុំតែម្តង»

ឪពុកសិស្សម្នាក់ទៀតនៅខេត្តកំពង់ឆ្នាំង លោក ចាយ ពិសិដ្ឋ ឱ្យដឹងថា កូនលោកម្នាក់រៀននៅ​ថ្នាក់បឋម និងម្នាក់ទៀតរៀននៅថ្នាក់អនុវិទ្យាល័យ។ លោកឱ្យដឹងថា កូននៅថ្នាក់វិទ្យាល័យ​រៀន​គួរ៤មុខវិទ្យា គឺគណិត រូប គីមី និងភាសាខ្មែរ ដែលមួយមុខវិជ្ជាចំណាយ​៣​ម៉ឺនរៀល​ក្នុង​១ខែ​។ ឪពុកជាកសិកររូបនេះឱ្យដឹងថា ជាញឹកញាប់លោកមិនមានលទ្ធភាពបង់ឱ្យ​គ្រូចំនួន​១២​ម៉ឺន​រៀលក្នុង១ខែនេះទេ គឺត្រូវពន្យារពេលបង់។  

លោក ចាយ ពិសិដ្ឋ ឱ្យដឹងថា លោកបានទទួលដំណឹងបន្តបន្ទាប់ពីវិធានការទប់ស្កាត់ការ​ដាក់​សម្ពាធ​ឱ្យសិស្សរៀនគួរនេះតែមិនមានប្រសិទ្ធិភាព ទើបលោកមិនជឿទេចំពោះវិធានការ​ថ្មី​នេះ។

លោក ចាយ ពិសិដ្ឋ ថ្លែងថា៖ «និយាយចេញពីចិត្តស្មោះម៉ងខ្ញុំអត់ជឿ ប្រាប់ត្រង់ថាអត់ជឿទេ ព្រោះថាហ្នឹងអត់ដែលឃើញអនុវត្តទេ ខ្ញុំឃើញភាគច្រើនថាចឹងហ្នឹងឯង។ ឆ្នាំទៅមិញខ្ញុំធ្លាប់ឮ​ព័ត៌មាន​ហ្នឹងដែរ គាត់ថានឹងអនុវត្ត ខ្ញុំមើលតាមប្រព័ន្ធបណ្តាញសង្គមហ្វេសប៊ុកគេថាចឹងដែរ តែពេលរួច ចុងក្រោយនៅតែអ៊ីចឹងដដែល នៅតែតម្រូវឱ្យរៀនគួរដដែលហ្នឹង»

គ្រូបង្រៀនផ្នែកសីលធម៌-ពលរដ្ឋនៅវិទ្យាល័យមួយនៅខេត្តកំពង់ចាមលោក ជា ធារ៉ា កោត​សរសើរ​​ក្រសួងដែលហ៊ានទទួលស្គាល់ចំណុចអវិជ្ជមាននេះ។ លោកស្នើឱ្យក្រសួងមាន​យន្ត​ការ​តាមដានដើម្បីលុបបំបាត់សកម្មភាពដាក់សម្ពាធឱ្យសិស្សរៀនគួរនេះ។

លោក ជា ធារ៉ា មានប្រសាសន៍ថា៖ «ក្រសួងគាត់បានចេញលិខិតបំភ្លឺហ្នឹង គឺវានៅមានមួយ​ចំនួន​​តូច នៅដោយកន្លែងទេ អ៊ីចឹងបញ្ហាអស់នេះកាលណាបើយើងកំណត់មុខសញ្ញា​ឱ្យច្បាស់​លាស់ ឱ្យដឹងហើយធ្វើការពិន័យឱ្យជាក់លាក់គឺបញ្ហានេះនឹងអាចសាបរលាប និងអាចមាន​ប្រសិទ្ធភាព ហើយពេលនោះក្រមសីលធម៌វិជ្ជាជីវៈ គឺនឹងអាចមានប្រសិទ្ធភាពចំពោះបុគ្គល​ដែល​ជាមន្ត្រីអប់រំហ្នឹងហើយបាទ»

ក្មេងសិស្សសាលាម្នាក់ ជិះកង់សាលារៀនមួយត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីសម្រាកថ្ងៃត្រង់ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)
ក្មេងសិស្សសាលាម្នាក់ជិះកង់សាលារៀនមួយត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីសម្រាកថ្ងៃត្រង់ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

នាយកអនុវិទ្យាល័យម្សាក្រង ស្ថិតឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំលោក យ៉ន គឹមលន់ ឱ្យដឹងថា សាលារៀនរបស់លោកមិនមានបញ្ហាដាក់សម្ពាធឱ្យសិស្សរៀនគួរទេ។ លោកបន្តថា សាលារៀនរបស់លោកមានការទំនាក់ទំនង និងសហការល្អជាមួយឪពុកម្តាយសិស្ស និង អាជ្ញាធរ​ដែនដី។

ទោះយ៉ាងណា លោក យ៉ន គឹមលន់ បញ្ជាក់ថា លោកគោរព និងយកចិត្តទុកដាក់បន្ថែមទៀត លើសេចក្តីណែនាំដែលក្រសួងទើបចេញបន្ថែមនៅថ្ងៃទី៧ខែឧសភានេះ។

លោក យ៉ន គឹមលន់ បញ្ជាក់ថា៖ «ចង់និយាយថាអ្វីដែលជាសារាចរណែនាំរបស់ក្រសួង គឺយើង​អ្នកនៅក្នុងអង្គភាពយើងត្រូវតែទទួលស្គាល់ត្រូវតែគោរពតាមរឿងហ្នឹងហា៎»

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក មាស នី យល់ថា គ្រូប្រើជំនាញដើម្បីបង្រៀនគួរ​មិន​ខុស​ទេ ប៉ុន្តែអ្វីដែលខុសនោះគឺការដាក់សម្ពាធដើម្បីឱ្យសិស្សរៀនគួរ។ 

លោក មាស នី ចាត់ទុកថា ជាចំណុចចាប់ផ្តើមល្អដែលក្រសួងទទួលស្គាល់បញ្ហា​ដែលកំពុង​កើតមាន។ លោកបន្តថា ដើម្បីឱ្យដំណោះស្រាយមានប្រសិទ្ធិភាពក្រសួងត្រូវមាន​យន្តការ​តាម​ដាន ហើយឈានដល់ការបណ្តេញគ្រូដែលមានកំហុសចេញពីក្របខណ្ឌ។

លោក មាស នី មានប្រសាសន៍ថា៖ «ដាក់ពិន័យអាចធ្វើពិន័យលើកទី១លើកទី២ទៅ ហើយ​ប្រសិន​បើ​នៅតែ​មិន​ស្តាប់ទៀតដកចេញពីបញ្ជីក្រសួងទៅ បានន័យថាបណ្តេញចោលទៅ អាហ្នឹងឱ្យគាត់ទៅរកស៊ីក្រៅណាក៏រកទៅអាហ្នឹងជាសិទ្ធិរបស់គាត់។ ខ្ញុំឃើញគ្រាន់តែអំពាវៗ​ហ្នឹងវានៅស្ទើរតែគ្រប់វិស័យទៅហើយ អាអំពាវដូចជាអត់មានប្រយោជន៍អីណា៎។ ថាៗទៅ ប៉ុន្តែរឿងនេះវានៅវិលវិញដដែល»។

ចំណែកប្រធានសមាគមគ្រូបង្រៀនឯករាជ្យលោកស្រី អ៊ុក ឆាយ៉ាវី ចាត់ទុកថា ក្រសួងអប់រំ​ហាក់​អសកម្ម ព្រោះបញ្ហាគ្រូបង្រៀនមានជីវភាពលំបាក និងឪពុកម្តាយត្អួញត្អែរពីបញ្ហាដាក់​សម្ពាធ​ឱ្យរៀនគួរនេះកើតមានទូទាំងប្រទេសច្រើនឆ្នាំមកនៅមិនមានដំណោះស្រាយ។ លោក​ស្រីស្នើឱ្យក្រសួងមានវិធានការច្បាស់លាស់ក្នុងការដោះស្រាយរួមទាំងការដំឡើងប្រាក់ខែគ្រូឱ្យសមនឹងតម្លៃទំនិញលើទីផ្សារផងដែរ។

លោក ស្រី អ៊ុក ឆាយ៉ាវី មានប្រសាសន៍ថា៖ «ឈប់ឱ្យមានការរៀនគួរ ប៉ុន្តែប្រាក់បៀវត្សរ៍​គាត់ហ្នឹង​ត្រូវគុណទ្វេដងឱ្យលោកគ្រូអ្នកគ្រូទៅ ព្រោះអីយើងឃើញហើយថាដោយសារតែ​គាត់ខ្វះខាតហើយបានគាត់បង្រៀនគួរបង្រៀនអីហ្នឹង ដើម្បីយកប្រាក់ចំណូលហ្នឹង​ដោះ​ស្រាយ​ជីវភាពគ្រួសាររបស់គាត់ដែរ។ បើសិនជាគាត់មិនរៀនគួរជីវភាពក្រុមគ្រួសារគាត់​ហ្នឹងក៏តោកយ៉ាកដូចគ្នាអ៊ីចឹង»

បើតាមលោកស្រី អ៊ុក ឆាយ៉ាវី ប្រទេសជឿនលឿន រួមទាំងប្រទេសថៃ និងវៀតណាម​នៅក្បែរ​កម្ពុជាផង​គេមិនមានការដាក់សម្ពាធឱ្យសិស្សរៀនគួរទេ។

លោក ស៊ីន តាប់ ជាគ្រូបង្រៀនផ្នែកភាសាខ្មែរនៅវិទ្យាល័យមួយ​ក្នុងខេត្តសូរិន្ទដែលថៃកំពុង​គ្រប់គ្រង ឱ្យដឹងថា នៅប្រទេសថៃមិនមានការដាក់សម្ពាធឱ្យរៀនគួរទេ ចំណែកប្រាក់ខែគ្រូ​ពីថ្នាក់​បឋមដល់ថ្នាក់វិទ្យាល័យចន្លោះពី៥ដុល្លារទៅ១ពាន់ដុល្លារ។

ចំណែក លោក ដាញ់ សេដ សកម្មជនទាមទារសិទ្ធិនៅខ្មែរ​កម្ពុជាក្រោមដែលកំពុង​រស់​នៅ​ខេត្ត​ព្រះត្រពាំងក្រោមការគ្រប់គ្រងរបស់វៀតណាមឱ្យដឹងថា នៅវៀតណាមក៏មិនមាន​ករណី​ដាក់សម្ពាធឱ្យសិស្សរៀនគួរដែរ ខណៈប្រាក់ខែគ្រូចន្លោះពី២៥០ដុល្លារ ទៅ​៧០០ដុល្លារ​។

ជុំវិញការសាទរ និងក្តីកង្វល់ទាំងនេះ អ្នកនាំពាក្យក្រសួងអប់រំលោកស្រី ឃួន វិច្ឆិកា ឱ្យដឹងថា ក្រសួងបានប្រឹងប្រែងធ្វើឱ្យប្រសើរឡើងបន្តបន្ទាប់លើគុណភាពអប់រំ រួមទាំងការបង្កើតសាលា គំរូ ការពង្រឹងលើការចេញវិញ្ញាសា ពង្រឹងការប្រលង រួមទាំងការរៀបចំមន្ត្រីចុះទៅតាមដាន​និង​​​សហការពង្រឹងការអប់រំតាមសាលារៀនជាប្រចាំ។

ចំពោះកំហុសលើការដាក់សម្ពាធឱ្យសិស្សរៀនគួរ និងកំហុសផ្សេងៗទៀត ក្រសួងអនុវត្ត​លើ​យន្តការ និងច្បាប់ដែលមានស្រាប់។

លោកស្រី ឃួន វិច្ឆិកា មានប្រសាសន៍ថា៖ «នៅក្នុងកម្រិតនៃទោសពិន័យនេះក៏បានចែង​យ៉ាង​ច្បាស់​តាំងពីកម្រិតស្រាលរហូតដល់កម្រិត[ធ្ងន់] មានន័យថាតាំងពីការស្តីបន្ទោសជាមាត់ ការ​បន្ទោសជាលាយលក្ខណ៍អក្សរ និងនីតិវិធីផ្សេងៗទៀត ដូច្នេះក្រសួងអប់រំ យុវជន និងកីឡា ក៏​ដូចជា​មន្ទីរអប់រំ ក៏នឹងអនុវត្តនូវច្បាប់នេះ ហើយកន្លងមកយើងក៏បានអនុវត្តតាមរយៈការ​ពិនិត្យ​មើលអំពីកម្រិតនៃទោសកំហុសរបស់មន្ត្រីរាជការនិយាយដោយរួមតែម្តង គឺទាក់ទង​ទៅ​នឹងបុគ្គលិកអប់រំតាមរយៈការអនុវត្តតាមច្បាប់ដែលបានចែងនៅក្នុងច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជស៊ីវិលនេះដែរ»

ទោះយ៉ាងណា លោកស្រី ឃួន វិច្ឆិកា មិនបានបញ្ជាក់ទេថា មានគ្រូបង្រៀនប៉ុន្មាន​ដែលរងការ​ដាក់ពិន័យដោយសារការបង្ខំឱ្យសិស្សរៀនគួរនេះទេ។

យោងតាមសៀវភៅស្ថិតិ និងសូចនាករអប់រំឆ្នាំសិក្សា២០២៣-២០២៤ របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលផ្តល់ព័ត៌មានជាមូលដ្ឋានអំពីសាលារៀនសាធារណៈ បានឱ្យដឹងថា សាលារៀនទូទាំងប្រទេសមានជាង១ម៉ឺន៣ពាន់(១៣ ៩១៥) ក្នុងនោះសាលាមត្តេយ្យសិក្សា​មានជាង​៤ពាន់(៤៦៩៤) សាលាបឋមសិក្សាមានជាង៧ពាន់(៧ ៣៩៨) និងអនុវិទ្យាល័យ និង​វិទ្យាល័យមានជិត២ពាន់(១ ៨២៣)។ ចំនួនសិស្សសរុបមានជា៣លាននាក់(៣ ៤០៨ ១៥៤​នាក់) ក្នុងនោះសិស្សស្រីមានជាង១លាននាក់(១ ៦៩៦ ១៧៦ នាក់)។

របាយការណ៍ដដែលឱ្យដឹងទៀតថា សាលារៀនក្នុងតំបន់ទីប្រជុំជនមានជាង១ពាន់(១ ៦១៦) និងជនបទមានជាង១ម៉ឺន២ពាន់(១២ ២៩៩) ហើយសិស្សនៅប្រជុំជនមានជិត២ម៉ឺននាក់(១៧ ០៩៨នាក់)ក្នុងនោះស្រីជាង១ម៉ឺន៣ពាន់នាក់ (១៣ ៧៦៩នាក់) សិស្សនៅតំបន់ជនបទមាន ជិត​៨ម៉ឺននាក់(៧៩ ៨៥៧នាក់) ស្រីមានជាង៦ម៉ឺននាក់(៦៣ ០៩៧នាក់)៕

642 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម