សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ប្រជាពលរដ្ឋនិងអាជីវករលក់ដូរនៅផ្សារបាយដំរាំក្នុងស្រុកបាណន់លើកឡើង​ថា អាជ្ញាធរបង្ខំឱ្យពួកគាត់រុះរើតូប

លោក ស្រេង សុខា អភិបាលស្រុកបាណន់ដឹកនាំកម្លាំងចុះរុះរើតូបរាននិងផ្ទះពលរដ្ឋនៅផ្សាបាយដំរាំចាស់។ រូបថតនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤។ (ខេមបូចា/ សុខ សាវី)
លោក ស្រេង សុខា អភិបាលស្រុកបាណន់ដឹកនាំកម្លាំងចុះរុះរើតូបរាននិងផ្ទះពលរដ្ឋនៅផ្សាបាយដំរាំចាស់។ រូបថតនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤។ (ខេមបូចា/ សុខ សាវី)

ប្រជាពលរដ្ឋនិងក្រុមអាជីវករផ្សារបាយដំរាំប្រតិកម្មទៅនឹងអាជ្ញាធរស្រុកបាណន់ថាបានប្រើអំណាចបង្ខំឱ្យពួកគាត់រុះរើផ្ទះនិងតូបចេញដើម្បីយកទីតាំងផ្សារទៅធ្វើការអភិវឌ្ឍ កាលពីរសៀល​ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤។

អាជីវករលក់សាច់ជ្រូកអ្នកស្រី សុដា បានប្រតិកម្មថា អាជីវករមិនពេញចិត្តនិងការរុះរើតូប ដោយការប្រើអំណាចរបស់អាជ្ញាធរស្រុកបាណន់នោះទេពួកគាត់រុះរើទាំងបង្ខំចិត្តដោយខ្លាច​អាជ្ញាធរ​សែងតូបនិងរានរបស់ពួកគាត់យកទៅបាត់​​បើមិនរុះរើ។

អ្នកស្រី សុដា ​លើកឡើងថា៖ «ពួកខ្ញុំមិនប្រឆាំងការអភិវឌ្ឍទេគឺចង់ឱ្យភូមិឃុំល្អហើយ តែបើ អភិវឌ្ឍន៍​ប៉ះពាល់ប្រជាជនក៏យើងគិតពិចារណាមើលដែរ! ប្រជាជនមានកន្លែងលក់​ដូរមាន មុខ​របររកស៊ី តែអភិវឌ្ឍន៍រហូតដល់ឱ្យគ្នាអស់កន្លែងលក់ដូរ!»។ អ្នកស្រីបន្ថែមថា៖ «ពួកខ្ញុំ​រើ​តូប​ទាំងបង្ខំចិត្ត ខ្ញុំមិនពេញចិត្តរើប៉ុន្មានទេ! បើមិនរើគេថាគេសែងតូបយក​ទៅ! ពួកខ្ញុំ​មិន​ដឹង​លក់​ដូរ​ទីណាទេ! ស្អែកចាំគិតទៀតរកកន្លែងណាទំនេរទៅប្រមូលផ្តុំក្រាល កន្ទេលលក់ទៅ»

អាជ្ញាធរស្រុកបាណន់​ខេត្តបាត់ដំបងបានប្រើកម្លាំងនគបាលបាល និង​ប្រជាការពារប្រហែល ២០ទៅ៣០នាក់ចុះហ៊ុំព័ទ្ធទីតាំងផ្សារបាយដំរាំចាស់ដើម្បីធ្វើការរុះរើតូបរាន​លក់ដូរនិងផ្ទះ​ប្រជាពលរដ្ឋ​ចេញក្រោយពីបញ្ចប់ឱសានវាទរយៈពេល ២០ថ្ងៃដើម្បីយកទីតាំងនេះ​អភិវឌ្ឍន៍។

ទិដ្ឋភាពចុះរុះរើតូបរាននិងផ្ទះរបស់អាជ្ញាធរស្រុកបាណន់នេះត្រូវបានប្រជាពលរដ្ឋម្ចាស់ផ្ទះនិងអាជីវករប្រតិកម្មតវ៉ាដោយសម្តីខ្លាំងៗសម្តែងការមិនពេញចិត្ត តែមិនមាន​ហិង្សារឺការចាប់ខ្លួន ប្រជាពលរដ្ឋណាម្នាក់នោះទេ។

ប្រជាពលរដ្ឋលោក ភឿន សុផល និងភរិយាឈ្មោះ ជុំ ស្រីម៉ៅ ជាជាងប៉ះកង់ដែលមានផ្ទះនៅ ផ្សារបាយដំរាំនេះដែរបានឈរមុខផ្ទះប្រតិកម្មខ្លាំងៗខណៈសមត្ថកិច្ចឈរជាច្រើននាក់នៅមុខផ្ទះ​របស់គាត់បង្ខំឱ្យរុះរើផ្ទះចេញជាបន្ទាន់នៅក្នុងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤។

លោក សុផល និយាយថាអាជ្ញាធរសន្យាថាដោះដូរដី១ឡូតិ៍នៅឃុំកន្ទឺរ១ ស្រុកបាណន់ឱ្យ​គាត់រុះរើចេញទៅនៅទីនោះនឹងថាចេញបង្កាន់ដៃកាន់កាប់ព្រមទាំងចាក់ដីឱ្យដើម្បីគាត់សង់ផ្ទះប៉ុន្តែមកទល់ពេលនេះមិនទាន់រៀបចំឱ្យគាត់នោះទេ ។លោកសុផលចោទជាសំនួរថា តើឱ្យរុះរើទៅនៅយ៉ាងម៉េច? លោកស្នើសុំ​ឱ្យ​អាជ្ញាធរពន្យាពេលក្នុងការរុះ រើផ្ទះគាត់ជាលើក ចុងក្រោយសិន។

លោក សុផល បន្ថែមថា៖ «ខ្ញុំទៅមើលពីបីដងហើយដីដែលអាជ្ញាធរថាឱ្យឃើញមិនទាន់ចាក់ ដីឱ្យនោះទេគឺដីទំនាបដដែលមិនអាចសង់ផ្ទះបានទេ»

អ្នកស្រី ជុំ ស្រីម៉ៅ ជាភរិយាបានស្រែកខ្លាំងៗបន្ទរថា៖ «ស្រុកមិនទាន់ចេញបង្កាន់ដៃកាន់កាប់ និងចាក់ដីខ្ញុំផង! មិនទាន់រៀបចំរៀប​អីផងឱ្យខ្ញុំរុះរើទៅនៅយ៉ាងម៉េច? ឱ្យខ្ញុំរុះរើនាំកូនចៅ​ដេក​ពួន​កន្លែងណា? ​ឱ្យខ្ញុំនាំកូនទៅដេកកណ្តាលថ្នល់រឺយ៉ាងណា? អាជ្ញាធរជួយ វែកញែកឱ្យខ្ញុំផង​!»​។

ទោះបីស្រែកតវ៉ាយ៉ាងណាក៏ដោយលោក ស្រេង សុខា អភិបាលស្រុកបាណន់ដែលចុះដឹកនាំ កម្លាំងផ្ទាល់ហាក់មិនចាប់អារម្មណ៍ហើយលោកបានស្រែកបញ្ជា​ឱ្យមន្រ្តីក្រោមបង្គាប់ហៅក្រុម ជាងមករុះរើចេញថ្ងៃនេះមិនចាំស្អែកដោយលោកបញ្ជាក់ថាទទួលបញ្ជាពីលោក កែវ សុជាតិ ព្រះរាជអាជ្ញានៃសាលាដំបូងខេត្តបាត់ដំបង។

លោក ស្រេង សុខា ថ្លែងថា៖ «អភិបាលរងទាំងប៉ុន្មាននាយករដ្ឋបាលសមត្ថកិច្ចយកកម្លាំង​ជាង​​មករុះរើចេញ បើទោះក្នុងករណីយ៉ាងណាក៏ដោយត្រូវរុះរើឱ្យដល់ដីថ្ងៃនេះអភិបាលរង​ទាំង​ប៉ុន្មានហៅជាងមករុះរើផ្ទះនេះ ទោះគាត់ចង់ស្រែក គាត់ចង់យំ គាត់ចង់ជេរ គាត់ចង់អី ធើ ម៉េចធើទៅ»។ លោកបន្ថែមថា៖ «សុំយកកម្លាំងមករុះរើ ព្រោះសុំខ្ញុំ ខ្ញុំតាមទាំងអស់ ឥឡូវយើង​ដល់កម្រិតដល់ខ្ញុំឈប់តាមហើយ ខ្ញុំឈររើនៅទីនេះហ្មង!»

ផ្សារបាយដំរាំចាស់ស្ថិតនៅឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង ជាផ្សារ មួយដែល អាជីវករ​​ក្នុង​ភូមិប្រមាណជិត១០០នាក់បាននាំគ្នាលក់ដូរបន្លែ សាច់ ខោអាវ និងសម្ភារៈផ្សេងៗ​ជាច្រើន ឆ្នាំមកហើយដែលទីនេះលក់ក្នុងមួយថ្ងៃ៣ទៅ៤ម៉ោងប៉ុណ្ណោះនៅពេលព្រឹក។ អាជីវករថាផ្សារនេះមានតូប​ រាន លក់ដូរប្រហែល៤០ទៅ៥០តូបក្រៅពីនោះលក់តាមរទេះ គ្រែ ក្រាលផ្ទាល់ដីនិងរទេះរុញចល័តជាដើម។

អាជ្ញាធរស្រុកបាណន់បានចេញលិខិតជូនដំណឹងមួយច្បាប់កាលពីថ្ងៃទី១១ ខែធ្នូ​ ឆ្នាំ២០២៣ កំណត់​ឱសានវាទឱ្យ​អាជីវករលក់ដូរនៅផ្សារបាយដំរាំចាស់​ និងលក់ដូរនៅរបងវត្តបាយ​ដំរាំ​ត្រូវរុះរើតូបរាន សម្ភារៈលក់ដូរឱ្យអស់រយៈពេល២០ថ្ងៃចាប់ពីថ្ងៃជូនដំណឹងនេះ។សេចក្តី​ជូន​ដំណឹងបញ្ជាក់ថាអាជ្ញាធរស្រុកយកទីតាំងនេះដើម្បីកសាងសួនច្បារ ជណ្តើរចុះស្ទឹង សាលា​ឆទាន សម្រាប់ភ្ញៀវទេសចរណ៍ជាតិអន្តរជាតិ សាធារណជនទូទៅទស្សនាកំសាន្ត​នឹងមើល​សត្វជ្រឹង​ដោយប្រើប្រាស់ថវិកាដែលមានការចូលរួមពីព្រះសង្ឃ សប្បុរសជននិងពុទ្ធបរិស័ទ។

សេចក្តីជូនដំណឹងខាងលើក៏បានចោទប្រកាន់អាជីវករលក់ដូរចំណុចផ្សារបាយដំរាំចាស់នេះ បានទន្រ្ទានដីចំណីផ្លូវស្ទឹង សាងសង់ផ្ទះ រោង រានលក់ដូរ សំណង់ផ្សេងៗរំលោភបំពាន​លើ​ដីចំណីផ្លូវ លើផ្លូវរបងវត្ត ធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់ ​សោភ័ណ្ឌភាព និងកកស្ទះចរាចរណ៍ ជាដើម បញ្ហានេះអាជ្ញាធរបានណែនាំច្រើនលើកមកហើយ តែអាជីវករមិនអនុវត្តតាម។

អាជ្ញាធរស្រុកក៏បានព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះអាជីវករដែលមិនព្រមអនុវត្តតាម អាជ្ញាធរ និងចុះរុះរើដោយមិនទទួលខុសត្រូវលើការខូចខាត បាត់បង់សម្ភារៈ និងផល​ប្រយោជន៍​អ្វីឡើយ ហើយបើករណីរឹងរូសអាជ្ញាធរស្រុកនឹងរៀបចំសំណុំរឿងបញ្ជូន​ទៅ​តុលាការ​ចាត់ការតាមច្បាប់។

ក្រុមអាជីវករបានលើកឡើងថាអាជ្ញាធរតែងតែឱ្យពួកគាត់រុះរើតូបរានចេញជាបន្តបន្ទាប់ក្រោមហេតុផលអភិវឌ្ឍន៍ក្រោយពីមានឈ្មួញសាងសង់ផ្សាថ្មីមួយកន្លែងទៀតនៅក្បែរនោះដែល ក្រុមអាជីវករអះអាងថាមិនចង់ទៅលក់ដូរនៅផ្សាថ្មីនោះទេដោយសារតម្លៃតូបថ្លៃនិងច្បាប់តឹង​រឹង។

ទិដ្ឋភាពអាជ្ញាធរស្រុកបាណន់និងកម្លាំងសមត្ថកិច្ចចុះរុះរើតូបរាន​និងផ្ទះប្រជាពលរដ្ឋ​នៅផ្សារបាយដំរាំចាស់។ រូបថតនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤។ (ខេមបូចា/​ សុខ សាវី)

អាជីវករអ្នកស្រី ផន ​រ័ត្ន បាននិយាយថា គាត់លក់តាំងពីតូចតពីឪពុកម្តាយរបស់គាត់មកដើម្បី ចិញ្ចឹមជីវិត នៅពេលនេះអាជ្ញាធរបានបង្ខំឱ្យពួកគាត់រុះរើតូបរានចេញ​ដោយគ្មានដំណោះ​ស្រាយ​​ដោះដូរឱ្យពួកគាត់ទៅលក់ដូរកន្លែងណាសមសម្របនោះទេ។

អ្នកស្រី ផន រ័ត្ន បន្ថែមថា៖ «ពួកខ្ញុំមិនព្រមរុះរើទេតែបើពួកគាត់(អាជ្ញាធរ)មកហើយ យើងត្រូវ​តែ​រើ បើមិនរើគេកាយរបស់របរយើងចោល! ឱ្យពួកខ្ញុំរើនេះគឺអត់មានថា​ឱ្យអាជីវកររើពីនេះទៅ លក់កន្លែងនោះគឺអត់ទេ!គឺយើងទៅរកកន្លែងលក់ខ្លួនឯងយើងអត់មានគោលដៅទេ »។ អ្នកស្រី រ័ត្ន បន្ថែមថា៖ «ខ្ញុំលក់តតាំងពីពុកម្តាយមកជិត២០ឆ្នាំហើយរកព្រឹកសម្រាប់ហូបព្រឹក រកល្ងាចសម្រាប់ហូបល្ងាចពុំមានអាជីវកម្មធំដុំអត់មានទេ មានតែអ្នកភូមិហ្នឹងទេលក់គឺពួក ខ្ញុំរុះរើដោយបង្ខំចិត្ត»។

លោក ស្រេង សុខា អភិបាលស្រុកបាណន់ បានបញ្ជាក់ខណៈដែលលោកដឹកនាំកម្លាំង​រុះរើ​ផ្ទាល់​​ឱ្យដឹងថា ការអនុវត្តនេះគឺជាគោលការណ៍ណែនាំពីលោក សុខ លូ អភិបាលខេត្ត​បាត់ដំបង និងលោកកែវសុជាតិព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត​ដែលបញ្ជា​ឱ្យ​រុះ​រើ​ឱ្យ ហើយត្រឹមថ្ងៃ១១ខែមករានេះក្រោយ​បញ្ចប់ឱសានវាទតាមបណ្តឹងស្នើសុំរបស់​គ្រូចៅ​អធិការ​វត្ត។

លោកបញ្ជាក់ថា ការរុះរើតូបរាននៅទីនេះគឺគោលបំណង់ធំគឺរៀបចំសណ្តាប់ធ្នាប់ និងបរិស្ថាន​ទីនេះឱ្យល្អប្រសើរឡើងវិញ ហើយអាជ្ញាធរមានគម្រោងសាងសង់ផ្លូវបេតុងពីរខ្សែ​ឆ្លងកាត់​តំបន់​នេះ​ផងដែរ ដើម្បីឱ្យភ្ញៀវទេសចរណ៍ងាយស្រួលមកទស្សនាកំសាន្តសត្វ​ជ្រឹង។ លោក​បញ្ជាក់​ថា ទីនេះអាជ្ញាធរនឹងរៀបចំសួនតាមគំរូប្លង់ដ៏ស្រស់ស្អាតនឹងត្រូវបញ្ចប់ការសាងសង់​នៅមុនចូលឆ្នាំខ្មែររួច។

ជុំវិញការឱ្យប្រជាពលរដ្ឋរុះរើផ្ទះ និងតូបរានចេញនេះលោកបញ្ជាក់ថាអាជ្ញាធរបានទុកពេល​ឱ្យ​ច្រើន​លើកច្រើនសារមកហើយលើកចុងក្រោយនេះដាក់ឱសានវាទទុកពេលឱ្យ​២០ថ្ងៃ​បន្ថែម​ទៀត។ លោកបញ្ជាក់ថាអាជ្ញាធរបានធ្វើការសម្រេបសម្រួលជាច្រើនសាររវាងអាជីវករ និង​ម្ចាស់​ផ្សារថ្មីនិងសម្របសម្រួលចុងក្រោយនៅថ្ងៃទី២៨ខែធ្នូឆ្នាំ២០២៣ ភាគីទាំងពីរនៅមិនទាន់ ឯកភាពគ្នា។

ចំពោះអាជីវករដែលមិនយល់ព្រមទៅលក់ដូរលើតូបនៅផ្សាថ្មីក្បែរផ្សារបាយដំរាំចាស់នោះលោក ស្រេង សុខា បានបញ្ជាក់ថាជាសិទ្ធិរបស់បងប្អូនប្រជាពលរដ្ឋចង់ ទៅលក់កន្លែងណាក៏ បានអាជ្ញាធរមិនបង្ខំនោះទេ។ប៉ុន្តែលោកបញ្ជាក់ថា តែសូមកុំលក់លើចិញ្ចើមផ្លូវ និងចំណីស្ទឹង ដូចកន្លងមកដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់និងបរិស្ថានទៀត។

ទោះបីយ៉ាងណាលោកអភិបាលស្រុកបានលើកទឹកចិត្តឱ្យម្ចាស់ផ្សារ​និងប្រជាពលរដ្ឋគួរបន្ត​ជជែក​រកដំណោះស្រាយជាមួយគ្នាបន្ថែមទៀតដើម្បីបានចូលលក់ទាំងអស់ គ្នាប្រសើរជាង ដើរលក់​ដែលគ្មានគោលដៅច្បាស់លាស់។

លោកអភិបាលស្រុកបន្ថែមថា៖ «ផ្សារដែលរៀបចំឱ្យហើយគួរទោរទន់ រកគ្នាទៅវិញទៅមក មនុស្ស​យើង​អាចនិយាយគ្នាបានទេ ខ្មោចមើលគ្នាមិនឃើញនូវតែដឹងថា ខ្មោចចង់ស៊ីមាន់ ខ្មោចចង់​ស៊ី​ចេក ខ្មោចចង់ស៊ីក្បាលជ្រូកដាក់ទៅវាត្រូវគ្នា ចុះមនុស្ស និយាយគ្នាបានតើ? ចរចាគ្នាទៅ​! »

ជុំវិញការរុះរើផ្ទះប្រជាពលរដ្ឋជាជាងប៉ះកង់នោះលោកបញ្ជាក់ថា អាជ្ញាធរបានសម្រេច​ដោះដូរ​ដី​មួយកន្លែងឱ្យគាត់នៅឃុំកន្ទឺរ១ ការចាក់ដី និងផ្តល់លុយ១លានហាសិបម៉ឺនរៀល (ជាងបី រយដុល្លារអាមេរិក)​សម្រាប់ជួយសម្រួលដល់ការរុះរើដឹកជញ្ជូន ហើយឃុំបានរៀបចំឯកសារ បង្កាន់ដៃកាន់កាប់ឱ្យទៀតនៅពេលដែលគាត់រុះរើទៅ។

ខេមបូចា មិនទាន់អាចទំនាក់ទំនងម្ចាស់ផ្សារបាយដំរាំថ្មីដើម្បីបំភ្លឺបន្ថែមជុំវិញករណីខាងលើបាននោះទេ។

សកម្មភាពរុះរើតូបរាន និងផ្ទះពលរដ្ឋនេះគេសង្កេតឃើញអាជ្ញាធរឱ្យក្រុមជាងជីកបង្គោល និងវាយស័ង្ខសីបិទទីតាំងផ្សារនេះបណ្តើរៗដើម្បីហ៊ុំព័ទ្ធមិនឱ្យអាជីវករចូលទៅលក់ទៀត ខណៈដែលអាជីវករញាប់ដៃញាប់ជើងរុះរើតូបរានដឹកជញ្ជូនចេញពីទីនេះ។

ទាក់ទងការចុះអនុវត្តន៍ការរុះរើតូបរានអាជីវករនៅផ្សាបាយដំរាំចាស់ដើម្បីអភិវឌ្ឍន៍នេះលោក សុខ លូ អភិបាលខេត្តបាត់ដំបងបានបដិសេធធ្វើអត្ថាធិប្បាយដោយលោកបញ្ជាក់ខ្លីថាជា គម្រោង​របស់អាជ្ញាធរស្រុក ។

លោកសុខ លូ បញ្ជាក់ថា៖ «ជារឿងជារបស់គណៈកម្មាការស្រុកគាត់ច្បាស់ជាងខ្ញុំបងប្អូន លក់ដូរ​ចំណីស្ទឹងបង្កបញ្ហាច្រើន ស្រុករៀបចំសណ្តាប់ធ្នាប់ សួរទៅស្រុក»។

ចំណែកលោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបងបានបដិសេធថា លោក​មិនបានបញ្ជារឺណែនាំឱ្យអាជ្ញាធរស្រុកបាណន់​ទៅរុះរើនោះទេវាជារឿង​របស់​អាជ្ញាធរ​មិន​ពាក់ព័ន្ធនឹងលោកនោះទេ។

លោក កែវ សុជាតិ បន្ថែមថា៖ «ខ្ញុំកំពុងតែឆ្ងល់ដែរសារព័ត៌មានសួរទៅគាត់ថាតើគាត់បាន គោលការណ៍​ពីណាមកខ្ញុំជាព្រះរាជអាជ្ញាខ្ញុំអត់មានការពាក់ព័ន្ធអីទៅការរុះរើរៀបចំហ្នឹងទេ វាស្ថិតទៅលើខាងរដ្ឋបាលខេត្តហ្នឹងឯងដែលមានគោលការណ៍ឱ្យធើហ្នឹង»។ លោកបន្ថែមថា៖ «ខ្ញុំអត់ដឹងទេរឿងហ្នឹងសុំសួរទៅអភិបាលស្រុកទៅម៉េចបានគាត់និយាយចឹងសួរទៅគាត់តិចទៅខ្ញុំកំពុងតែឆ្ងល់ដែរខ្ញុំទើបទទួលដំណឹងមិញដែរ»

លោក អ៊ិន គង់ជិតមន្រ្តីសម្របសម្រួលអង្គការសិទ្ធិមនុស្សលីកាដូប្រចាំខេត្តបាត់ដំបង បាន​មាន​ប្រសាសន៍ថាករណីនេះអាជ្ញាធរមិនគួរនាំគ្នាទៅរុះរើតូបលក់ដូរអីវ៉ាន់របស់ពួកគាត់នោះ​ទេ ព្រោះបណ្តាលឲ្យពួកគេគ្មានកន្លែងលក់ នាំឱ្យរកប្រាក់ចំណូលផ្គត់ផ្គង់ក្នុងជីវភាពគ្រួសារ​មិនបានខណៈពួកគេកំពុងជំពាក់បំណុលគេផង។ លោកថា វាជាការផ្តាច់ផ្តិល​មុខចំណូល​របស់​​ពួក​គាត់ ។

លោក ​គង់ជិត បន្ថែមថា៖ «អាជ្ញាធរគួរបង្កលក្ខណៈងាយស្រួលឱ្យពួកគាត់​បានលក់ដូរ​ឡើង​វិញ​​រឹតបណ្តឹងអនាម័យនិងធ្វើតូបលក់ដូរប្រកបដោយសោភ័ណភាព​វិញ និងកំហិតទីតាំង​លក់​ដូរ មិនឱ្យមកលើចិញ្ចើមផ្លូវ និងរៀបចំសណ្តាប់មិនឱ្យមានការចតយានជំនិះលើទ្រូងផ្លូវ​ដោយ​ត្រូវធ្វើកិច្ចសន្យាជាក់លាក់ជាមួយម្ចាស់តូបគ្រប់ៗគ្នា»។ លោកបន្ថែមថា៖ «អាជ្ញាធរស្រុកគួរ​រៀប​ចំ​តំបន់ទេសចរណ៍​នៅជើងភ្នំរមណីយដ្ឋានបាណន់វិញប្រសើរជាង»

បើតាមអាជីវករលក់បន្លែអ្នកស្រី ផន រ័ត្ន បានប្រាប់ថា ក្រោយពីអាជ្ញាធររុះរើតូបរានរួចបានព័ទ្ធ ស័ង្ខសីជិតនិងដាក់កម្លាំងសមត្ថកិច្ចយាម១០ទៅ២០នាក់រាល់យប់មិន​ឱ្យអាជីវករចូលលក់ ទៀត​ឡើយ។ អ្នកស្រីបន្ថែមថា រហូតដល់ថ្ងៃត្រង់ទី១៣ខែមករាឆ្នាំ២០២៣ក្រុមអាជីវករបាន​បំបែកគ្នាលក់បន្លែសាច់សម្ភារៈផ្សេងៗតាមដីទំនេរក្នុងភូមិ ខាងលិចវត្តខាងកើតវត្តនិងអាជីវករ​ប្រហែល៣០តូបបានទៅលក់ក្រោយវត្តទល់មុខផ្សារបាយដំរាំថ្មី។

អ្នកស្រីបន្ថែមថា៖ «អាជីវករបំបែកគ្នាលក់ប្រសេចប្រសាចគ្រប់កន្លែងមិនព្រមចូល លក់ផ្សាថ្មី តាមការជម្រុញរបស់អាជ្ញាធរនោះទេ តែពួកខ្ញុំលក់គ្រប់កន្លែងនេះមិនមានអាជ្ញាធរ ណាដេញ នៅឡើយទេលើកលែងតែអ្នកលក់មុខវត្តជាប់ផ្សារចាស់»

812 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម