សាលាបឋមសិក្សា«ជន្លែងភូមិថ្មី»ស្ថិតក្នុងភូមិជាំផល ឃុំមានជ័យ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ កំពុងខ្វះអគារសិក្សា និងសម្ភារៈសិស្សរៀនដូចជា តុរៀន សៀវភៅសិក្សា។ ការណ៍នេះគ្រូបង្រៀន និងអាណាព្យាបាល បានសំណូមពរឲ្យមានការអន្តរាគមន៍ពីអ្នកពាក់ព័ន្ធ ដើម្បីសង់អគារថ្មីបង្កលក្ខណៈងាយស្រួលឲ្យសិស្សទទួលបានការអប់រំដោយល្អប្រសើរ។
កំណើនសិស្សចូលរៀនកើនឡើងរាល់ឆ្នាំ ចំណែកសាលាមិនមានលទ្ធភាពក្នុងការសង់អគារបន្ថែម តុឈើចាស់ៗ បន្ទប់រៀនក៏មានចំនួនតិច ជាកត្តាធ្វើឲ្យសិស្សត្រូវរៀនប្ដូរវេន។ ហើយការរៀនប្ដូរវេនហើយក្ដីក៏នៅតែមានសិស្សត្រូវអង្គុយរៀនក្រៅថ្នាក់ ដោយសារតែខ្វះបន្ទប់រៀន។
ជាគ្រូបង្រៀននៅសាលាបឋមសិក្សាជន្លែង អ្នកស្រី កែវ ចិន្តា លើកឡើងថា សាលានេះជួបប្រទះនូវការលំបាកជាច្រើនឆ្នាំមកហើយ ដោយសារតែមានតែអគារថ្មីមួយខ្នងមានបីបន្ទប់សម្រាប់សិក្សា ខណៈចំនួនសិស្សត្រូវបង្រៀនរហូតដល់១១ថ្នាក់ចែកចេញជា២វេន។ ដោយសារតែគ្មានថ្នាក់រៀនគ្រប់គ្រាន់ សាលាបានយកបណ្ណាល័យ និងទីចាត់ការដើម្បីបង្រៀនបន្ថែម ខណៈរោងដោលដែលសង់ពីឈើប្រក់សង័្កសីអាចឲ្យសិស្សរៀនបានទាំងត្រដាបត្រដួស។
អ្នកស្រីចិន្តានិយាយថា៖ «កាលពីមុនខ្ញុំបង្រៀននៅក្នុងរោងដោល ការបង្រៀនរបស់យើងវាមិនសូវមានគុណភាព ដោយសារតែសិស្សច្រើន ហើយរៀនជាប់ថ្នាក់គ្នា ដូច្នេះសិស្សគាត់ចាប់មិនសូវបាន គួបផ្សំនឹងចំនួនសិស្សច្រើនផង វាខុសពីយើងបង្រៀននៅក្នុងបន្ទប់បិទជិត។ ដូច្នេះសិស្សបែកអារម្មណ៍»។
អ្នកស្រីសង្ឃឹមថា មន្ទីរ និងក្រសួង ម្ចាស់ជំនួយនានា អាចជួយកសាងសាលារៀនថ្មី ដើម្បីឲ្យសិស្សអាចទទួលបានការអប់រំមួយដែលសមរម្យ ត្បិតសព្វថ្ងៃសិស្សត្រូវរៀនប្ដូរវេន គ្មានតុនិងកៅអីអង្គុយ និងរៀនក្រោមរោងដោលចាស់ទ្រុឌទ្រោម និងក្រោមដើមឈើជាដើម។
អ្នកស្រីថ្លែងថា៖ «កន្លងមកឲ្យតែមានការប្រជុំសាលាតែងតែលើកថាយើងខ្វះអីៗ តែជាក់ស្ដែងយើងអត់ទាន់ឃើញបានអី។ កាលពីមុនខ្ញុំធ្លាប់បង្រៀនក្រោមដើមកកោះ ឥឡូវដើមកកោះរលើងអស់ហើយ ដល់តែខ្ញុំផុសហ្វេសប៊ុក ខ្ញុំត្រូវមាត់មេ»។

ជាគ្រូបង្រៀនជិត១៣ឆ្នាំ លោក ងិន ធា អាយុ៣៨ឆ្នាំ លើកឡើងថា លោកមិនដែលបានបង្រៀនសិស្សនៅក្នុងសាលាថ្មមានបន្ទប់ត្រឹមត្រូវនោះទេ គឺបង្រៀនសិស្សនៅក្រោមដើមឈើប្រមាណ៥ឆ្នាំ និងរោងដោលប្រមាណ៦ឆ្នាំ ហើយនៅពេលដែលមានភ្លៀងមក គឺរត់ជ្រកនៅក្នុងអគារថ្ម ខណៈបង្រៀនយូរឆ្នាំសិស្សចេះតែកើន តុកៅអីក៏បាក់បែក ចំណែកបន្ទប់ក៏ខ្វះខាត។
លោក ធា និយាយថា៖ «ពេលភ្លៀងរត់ជ្រកទៅ សិស្សចេះតែកើន តុកៅអីក៏ចាស់បាក់បែកវាធ្វើឲ្យសិស្សចូលរៀននៅបណ្ដាល័យផង និងទីចាត់ការផង»។
គ្រូបង្រៀនថ្នាក់ទី៥រូបនេះឆ្លើយទាំងមិនស្ទាក់ស្ទើរថា នៅពេលដែលសិស្សមិនអាចមានបន្ទប់រៀន និងសម្ភារៈគ្រប់គ្រាន់នោះទេ ពួកគេមិនអាចទទួលបានការអប់រំមួយដែលពេញលេញ និងមានគុណភាពនោះទេ ដូច្នេះលោកសង្ឃឹមថាបញ្ហានេះ នឹងត្រូវបានដោះស្រាយឆាប់ៗ ដើម្បីសិស្សមានកន្លែងរៀនសូត្រត្រឹមត្រូវ។
លោកបន្ថែមថា៖ «ខ្ញុំបង្រៀនសិស្ស៥៩នាក់ជាក់ស្ដែងគឺវាធ្លាក់ចុះខ្លះហើយ កាលណាយើងបង្រៀននឹងរោងដោលសិស្សវាបែកអារម្មណ៍។ ឯសិស្សខ្លះវិញអត់មានតុអង្គុយផង ក្រាបអង្គុយនឹងស៊ីមង់តិ៍»។
ជាពលរដ្ឋមួយរូបដែលរស់នៅភូមិថ្មី ឃុំមានជ័យ មានកូន២នាក់រៀននៅសាលាជន្លែង លោកសុខ សុគៀម អាយុ៣៩ឆ្នាំ បានផុសចែករំលែកព័ត៌មាននៅក្នុងគណនីយហ្វេសប៊ុកលោកផ្ទាល់ កាលពីថ្ងៃទី២៤ ខែធ្នូ ដោយលើកឡើងអំពីស្ថានភាពអគារសិក្សាដែលសង់ពីឈើប្រមាណ៥ឆ្នាំមានសភាពចាស់ទ្រុឌទ្រោម ខណៈមានសិស្សក្មេងៗអង្គុយរៀននៅក្រោមរោងដែលប្រក់សង្ក័សី គ្មានជញ្ជាំង កណ្ដាលខ្យល់ កណ្ដាលថ្ងៃ។
លោកសុគៀម និយាយថា៖ «សាលានេះទ្រុឌទ្រោមមែនទែន ជាពិសេសរោងដោលដែលមានកូនសិស្សអង្គុយនៅខាងក្រៅ សង់កាលពី៤ទៅ៥ឆ្នាំមុន ខ្ទេចខ្ទីអស់ហើយដំបូលសង្ក័សីរបើកអស់ហើយ។ ដូច្នេះហើយទើបមានសិស្សអង្គុយក្នុងខ្លះនិងក្រៅខ្លះ ដោយសារលោកគ្រូខ្លាចមានបញ្ហាដល់កូនសិស្ស»។
លោកបានផ្ដល់កិច្ចសម្ភាសតាមទូរសព្ទថា ក្នុងនាមជាឪពុកម្ដាយ លោកអាណិតកូនរបស់លោក និងកុមារផ្សេងទៀត ដែលមានការខ្វះខាតបន្ទប់រៀន និងតុកៅអីអង្គុយ។ ហើយកត្តានេះ លោកថាវាអាចធ្វើឲ្យកុមារមិនអាចផ្ចិតផ្ចង់រៀនបានដិតដល់នោះទេ ហើយការសិក្សានឹងចុះខ្សោយ ត្បិតគ្រូម្នាក់បង្រៀនសិស្សពីរវេន ហើយក្នុងមួយវេនសិស្សមានចំនួនចាប់ពី៥០នាក់ឡើង។
លោក សុខគៀម បញ្ជាក់ថា៖ «មានអារម្មណ៍ថាអាណិតកូនដែរ យើងមិននឹកស្មានថាសម័យនេះហើយនៅមានអ៊ីចឹងទៀត។ ខ្ញុំចង់បានសាលាចង់បានតុ តែយើងអត់មានលទ្ធភាព ហើយសាលានេះខ្វះយូរហើយតែខាងនាយកស្នើទៅលើអត់បាន។ខ្ញុំចង់ដូរសាលាឲ្យកូនដែរ តែអត់មានលទ្ធភាពព្រោះសាលាផ្សេងនៅឆ្ងាយ»។

លោក រៀម សុវណ្ណា អាយុ៤៩ឆ្នាំ ជានាយកសាលានៅសាលាបឋមសិក្សាជន្លែង ថ្លែងប្រាប់ខេមបូចា ថា សាលារបស់លោកពិតជាជួបប្រទះការខ្វះខាតដូចការបង្ហោះព័ត៌មានរបស់គ្រូបង្រៀនពិតមែន ដោយសារតែកំណើតសិស្សកាន់តែកើនឡើង ហើយតំបន់នេះពលរដ្ឋមានការលំបាកច្រើន។
លោកសុវណ្ណាបន្ថែមថា បច្ចុប្បន្នមានសិស្សចំនួន៣៩១នាក់ និងមានចំនួន១១ថ្នាក់ ចាប់ពីថ្នាក់ទីមត្តេយ្យដល់ថ្នាក់ទី៦ ស្របពេលដែលថ្នាក់រៀនមានតែ៣បន្ទប់។ ដោយសារតែកង្វះខាតបន្ទប់ និងតុកៅអី ដូច្នេះបានជាសិស្សខ្លះត្រូវរៀននៅក្នុងទីចាត់ការ បណ្ណាល័យ និងរៀននៅក្នុងរោងដោលសង់ពីឈើចាស់ទ្រុឌទ្រោម។
លោកសុវណ្ណា ថ្លែងថា៖ «បញ្ហានេះជួបយូរដែរហើយ តែយើងចេះតែដោះស្រាយតាមជាក់ស្ដែង ចូលលុយកាក់ពីអ្នកភូមិ តុឈើចាស់ៗយើងយកពីវត្ត ហើយស្នើទៅមន្ទីរមួយឆ្នាំ ពីរឆ្នាំបានម្ដងព្រោះកូនចៅគាត់ច្រើនត្រូវចែករំលែក»។
លោកនាយករូបនេះបន្ថែមទៀតថា សាលាមួយដែលស្ដង់ដា គឹត្រូវមានអគារគ្រប់គ្រាន់មានបន្ទប់រៀន មានតុកៅអីត្រឹមត្រូវ ។ចំពោះបញ្ហានេះបើសិនជាអូសបន្លាយវានឹងកាន់តែធ្វើឲ្យការអប់រំរបស់សិស្សចុះខ្សោយ ត្បិតចំនួនសិស្សមិនសមាមាត្រនិងចំនួនបន្ទប់រៀន។ ដូច្នេះត្រូវមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ និងក្រសួងពាក់ព័ន្ធ អាណាព្យាបាល និងដៃគូពាក់ព័ន្ធ ព្រោះវិស័យអប់រំមិនអាចរីកចម្រើនទៅមុខបានទេ បើគ្មានការចូលរួមពីបុគ្គលទាំងនោះ។
លោកថ្លែងថា៖ «ឲ្យមានគុណភាពត្រង់ណាបើសិស្ស៥០ ស្រែកមួយសន្ទុះស្រែកសិស្សស្ដាប់បានតែ២៥នាក់អីទេ តែបើយើងមានអគារគ្រប់គ្រាន់យើងអាចគ្រប់គ្រងការបង្រៀនបានត្រឹមត្រូវ និងអាចឈានទៅសម្រេចស្ដង់ដាដូចសាលាដទៃទៀតដែរ»។
តែយ៉ាងណាមិញ លោក សុវណ្ណា អះអាងថា សាលាធ្វើរបាយការណ៍ពីកង្វះខាតនានាបានលុះត្រាតែមានការអនុញ្ញាតបើមិនដូច្នេះទេ លោកមិនហ៊ានធ្វើរបាយការណ៍ឡើយ«អ្វីដែលយើងស្នើសុំផ្សេងទៀតទាល់តែមានភ្លើងខៀវទើបយើងហ៊ាន»។
គួររំលឹកដែរថា នៅឆ្នាំ ២០២១ ការចំណាយលើវិស័យអប់រំមានចំនួន៨១០លានដុល្លារអាមេរិក និង៧៩៧លានដុល្លារសម្រាប់ឆ្នាំ ២០២២។ យោងតាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣បង្ហាញថា ក្រសួងអប់រំ យុវជន និងកីឡា ទទួលបានខ្ទង់ចំណាយខ្ពស់ជាងគេចំនួន៩០០លានដុល្លារអាមេរិក។
ប៉ុន្តែលោកមេឃុំមានជ័យ លោក ស៊ូ ធឿន អាយុ៦០ឆ្នាំ ប្រាប់ឲ្យដឹងថា ត្បិតតែលោកទើបតែចូលកាន់តំណែងជាមេឃុំរយៈពេល១ឆ្នាំ តែលោកបានដឹងថាសាលាបានធ្វើសំណើរទៅថ្នាក់លើអំពីតម្រូវការនៅក្នុងសាលា តែលោកមិនទាន់ឃើញចំណាត់ការណាមួយនៅឡើយទេ ខណៈពេលដែលពលរដ្ឋ និងអាជ្ញាធរភូមិឃុំ ក៏បានជួយជាថវិកាបន្តិចបន្តួចទៅតាមលទ្ធភាព ក្នុងការជួសជុលតុកៅអីចាស់ៗ ដើម្បីឲ្យសិស្សបានអង្គុយរៀនបណ្ដោះអាសន្ន។
លោក ធឿន ថ្លែងថា៖ «ខ្ញុំសូមយោលបល់ទៅថ្នាក់លើ ទទូចហើយទទូចទៀត ខ្ញុំណែនដើមទ្រូងដែរណា៎ ចង់បានអគារមួយខ្នងទៀតមានប្រាំបន្ទប់ទៅ វាជាការស្រេចទៅហើយ»។
តែយ៉ាងណាអាជ្ញាធរភូមិឃុំក៏មិនមើលនឹងភ្នែកដែរ ព្រោះបាននឹងកំពុងកែច្នៃតុកៅអីបានមួយចំនួនជួយសាលាបឋមសិក្សាជន្លែង ហើយអ្វីដែលលោកមេឃុំរង់ចាំ គឺជំនួយពីថ្នាក់លើក្នុងការកសាងអគារសិក្សាថ្មីឲ្យសិស្សានុសិស្សតំបន់លោកបានរៀនសូត្រ។ នេះជាការលើកឡើងរបស់លោក ធឿន។

ចំណែប្រធានការិយាល័យអប់រំស្រុកសណ្ដាន់ លោក នូវ សែ បានថ្លែងប្រាប់ ខេមបូចា ថា បញ្ហាសាលារៀនដែលនៅក្នុងស្រុករបស់លោកកំពុងជួបប្រទះធំៗ គឺកង្វះអគារសិក្សា និងគ្រូបង្រៀន។ ស្របពេលដែលថ្នាក់ដែលត្រូវការគ្រូបង្រៀនបង្រ្គប់ មានរហូតទៅដល់១៥ថ្នាក់ទូទាំងស្រុកសណ្ដាន់។
លោក សែ បានឲ្យដឹងទៀតថា ករណីសាលាខាងលើ គឺលោកបានដោះស្រាយសម្រួលបានមួយជំហានហើយ គឺបន្ថែមតុ២៥ទៅឲ្យសិស្សរៀនអគារថ្ម និងដកសិស្សដែលរៀននៅរោងដោលមករៀនត្រឹមតែមួយថ្នាក់វិញ ចំណែកអគារថ្មដែលមាន៥បន្ទប់នោះត្រូវរៀនពីរវេនដដែល។
យោងតាមមាត្រា៦៨នៃរដ្ឋធម្មនុញ្ញ រដ្ឋាភិបាលមានកាតព្វកិច្ចផ្តល់ការអប់រំជាមូលដ្ឋានរយៈពេលប្រាំបួនឆ្នាំដោយឥតគិតថ្លៃសម្រាប់ប្រជាពលរដ្ឋកម្ពុជាដែលមានសិទ្ធិទទួលបាន។ ក្រសួងអប់រំ យុវជន និងកីឡា បានជំរុញ និងលើកកម្ពស់ការចុះឈ្មោះចូលរៀនថ្នាក់មូលដ្ឋាននៅទូទាំងប្រទេស ជាពិសេសសម្រាប់ក្រុមជនងាយរងគ្រោះ អ្នករស់នៅជនបទ និងតំបន់ដាច់ស្រយាល។
លោក សែ ថ្លែងថា៖ «ខាងខ្ញុំមិនមែនខ្វះសាលា តែនៅជន្លែងទេ សាលាមានលក្ខណៈរោងដោលមាន៤ ៥សាលាទៀត ហើយសាលាផ្សេងទៀតមានតែអគារឈើបណ្ដោះអាសន្ន ពិបាកជាងសាលាជន្លែងហ្នឹងទៅទៀត»។
លោកប្រធានការិយាល័យអប់រំស្រុក បញ្ជាក់ថាអាជ្ញាធរឃុំ និងនាយកសាលាបានព្រមព្រៀងថានឹងសាងសង់រោងដោលថ្មី ដែលរឹងមាំ និងទូលាយជាងមុនចំនួន៣បន្ទប់។ ប៉ុន្តែសំណើដែលការិយាល័យអប់រំស្រុកបានផ្ញើជូនមន្ទីរ និងក្រសួង អំពីតម្រូវការស្នើសុំអគារថ្មីនៅមិនទាន់ទទួលបានការឆ្លើយតបនៅឡើយទេ បើទោះបីជាមានការរាយការណ៍ជូនរាល់ឆ្នាំក្ដី។
លោក សែ បន្តទៀតថា៖ «យើងដាក់រៀងរាល់ថ្នាំ ហើយសំណើនឹងនៅដៃមន្ទីរក៏មានដែរអំពីតម្រូវការអគារសិក្សា។ ប៉ុន្តែលទ្ធផលយើងអត់ទាន់មានការឆ្លើយតប ដោយសារថ្នាក់លើមើលពីផ្លូវឃើញមាន៥បន្ទប់ទៅហើយ តែគាត់មើលតែពីក្រៅ មិនដឹងការលំបាករបស់លោកគ្រូអ្នកគ្រូ»។
អ្វីដែលលោកប្រធានការិយាល័យអប់រំស្រុកសណ្ដាន់រំពឹងថា ក្រោយមានការផ្លាស់ប្ដូរការគ្រប់គ្រងសាលាឲ្យនៅក្រោមខេត្ត និងក្រុង នឹងមានការផ្លាស់ប្ដូរវិជ្ជមាន ហើយស្រុករបស់លោកនឹងមានគ្រូបង្រៀនក្របខណ្ឌគ្រប់ចំនួន និងអគារសិក្សាគ្រប់គ្រាន់ ត្បិតពលរដ្ឋនៅតំបន់លោកមិនមានលទ្ធភាពជួយកសាងសាលាឡើងព្រោះពួកគេជំពាក់បំណុលធនាគារច្រើន និងមានជីវភាពខ្វះខាត។
លោក សែ បានបន្ថែមថា៖ «ខាងខ្ញុំមានពង្រីកថ្នាក់ មានសាលាកើតថ្មី ដល់តែក្រសួងឲ្យប្រើប្រាស់ចំនួនគ្រូដដែលៗ អ៊ីចឹងខ្ញុំប្រើគ្រូកិច្ចសន្យាខ្លះ និងគ្រូក្របខណ្ឌខ្លះ តែនៅតែខ្វះដដែល»។ លោកបន្តថា៖ «បើរដ្ឋបាលខេត្ត រដ្ឋបាលស្រុកគាត់គិតគូរពីវិស័យអប់រំជាអាទិភាព គាត់នឹងជួយដោះស្រាយ ប៉ុន្តែយើងចាំមើលសិនព្រោះទើបផ្លាស់ប្ដូរថ្មីៗ ចាំមើលគាត់មានចំណាត់ការយ៉ាងម៉េច»។
ជុំវិញវិស័យអប់រំ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងកាលពីថ្ងៃទី១ ធ្នូ ឆ្នាំ២០២៣ អំពីគោលនយោបាយសំខាន់ៗ តាមរយៈសកម្មភាពចំនួន៤ ដែលត្រូវបានដាក់ចេញ ដើម្បីលើកកម្ពស់គុណភាពអប់រំ ចាប់ពីថ្នាក់មត្តេយ្យដល់អនុវិទ្យាល័យ ស្របតាមដំណាក់កាលទី១ នៃយុទ្ធសាស្ត្របញ្ចកោណ ដើម្បីពង្រឹងគុណភាពអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក្នុងឆ្នាំសិក្សាថ្មី។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី ធ្លាប់លើកឡើងថា ប្រព័ន្ធអប់រំនៅកម្ពុជាមិនទាន់មានស្តង់ដាទេ ខណៈវិស័យអប់រំទទួលបានថវិកាច្រើនលានដុល្លារ ដូច្នេះអ្នកស្រីសង្ឃឹមថា ថវិកាទាំងនោះនឹងឆ្លើយតបតម្រូវការ និងដើម្បីស្ដារគុណភាពអប់រំឲ្យមានភាពល្អប្រសើរ។
តាមរបាយការណ៍របស់អង្គការ SeeBeyondBorders បានរកឃើញថា វិសមភាពនៃការអប់រំ និងសមត្ថភាពគ្រូបង្រៀន គឺជាបញ្ហាប្រឈមមួយក្នុងចំណោមបញ្ហាប្រឈមផ្សេងទៀតនៅក្នុងវិស័យអប់រំ ខណៈសាលារៀននៅតាមទីក្រុងផ្តល់នូវគុណភាពអប់រំ និងហេដ្ឋារចនាសម្ព័ន្ធខ្ពស់ជាងសាលារៀននៅតាមជនបទ និងតំបន់ដាច់ស្រយាល៕