សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

កម្មការិនីម្នាក់ស្មុគស្មាញគេងមិនលក់ ព្រោះគ្មានលុយសម្រាលកូន

អ្នកស្រី ម៉ាង អៀងសារី អង្គុយនៅមុខបន្ទប់ជួល ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ រូបភាពផ្តល់ឲ្យ
អ្នកស្រី ម៉ាង អៀងសារី អង្គុយនៅមុខបន្ទប់ជួល ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ រូបភាពផ្តល់ឲ្យ

កម្មការិនីរោងចក្រម្នាក់អះអាងថា រូបគាត់ដល់ថ្ងៃសម្រាលកូនកាន់តែស្មុគស្មាញទ្វេដងព្រោះមិនមានលុយសម្រាប់ចំណាយគ្រប់គ្រាន់នាំឱ្យគេងមិនលក់ បើទោះជាគាត់ដឹងថា ភាពស្មុគស្មាញនេះធ្វើឱ្យប៉ះពាល់ដល់កូនក្នុងផ្ទៃក៏ដោយក៏មិនអាចជម្នះភាពស្មុគស្មាញនេះបានដែរ។​​

កម្មការិនីឈ្មោះ ម៉ាង អៀងសារី វ័យ២៤ឆ្នាំ ធ្វើការនៅរោងចក្រ៨ស្តា ស្ពតវែរ មានផ្ទៃពោះកូនដំបូងគឺគិតត្រឹមថ្ងៃទី១៩ខែឧសភានេះគាត់ដល់ពេលដែលគ្រូពេទ្យប្រាប់ឱ្យត្រៀមសម្រាលហើយ។​ ពេលដែលជិតដល់ថ្ងៃសម្រាល គាត់សប្បាយចិត្តចង់ឃើញមុខកូន ប៉ុន្តែកាន់តែពិបាកចិត្តដោយសារមិនមានលុយគ្រប់គ្រាន់សម្រាប់ចំណាយ។

អ្នកស្រី ម៉ាង អៀងសារី ត្រៀមសម្រាលកូននៅពេទ្យមួយ ដោយប្រើសេវាបេឡាជាតិរបបសន្តិសុខសង្គម( ប ស ស)។​ ប៉ុន្តែអ្នកស្រីថា ទោះប្រើបណ្ណ ប ស ស ក៏ដោយក៏អ្នកធ្លាប់សម្រាលមុនៗប្រាប់ឱ្យត្រៀមលុយយ៉ាងតិច៣០០ដុល្លារទៅ៤០០ដុល្លារ ដើម្បីត្រៀមចំណាយឱ្យពេទ្យក្រៅផ្លូវការ និងទិញសម្ភារផ្សេងៗ។

អ្នកស្រី ម៉ាង អៀងសារី៖«យើងប្រើ ប ស​ ស បើគេយកលុយយើងក៏គេយកលួចលាក់ដែរ។ ពេលយើងកើត យើងឱ្យឆ្មបឱ្យអីចឹងក៏គេយកលួចលាក់ដែរ»

អ្នកស្រីថា ពេលនេះ រូបគាត់មានលុយតែ១០០ ដុល្លារតែប៉ុណ្ណោះសន្សំពីប្រាក់ខែមុនព្រឹត្តិការណ៍២០កុម្ភៈ ទុកត្រៀមសម្រាប់ចំណាយ។ ក្តីកង្វល់ធំរបស់កម្មការិនីរូបនេះគឺ មិនដឹងថា គាត់អាចសម្រាលតាមធម្មជាតិបានឬ ត្រូវវះកាត់ទេ ហើយថា បើវះកាត់ត្រូវចំណាយលើសម្ភារ និងថ្នាំពេទ្យថែមទៀត នេះមិនទាន់គិតដល់ការហូបអាហារឱ្យគ្រប់គ្រាន់នៅក្រោយសម្រាលផងទេ។

កង្វល់ទាំងនេះធ្វើឱ្យ ម៉ាង អៀងសារី គេងបានជាមធ្យមតែ២ម៉ោងក្នុង១យប់គឺចន្លោះពីម៉ោង១១យប់ ទៅម៉ោង១រំលងអធ្រាត្រ។​ អ្នកស្រីក៏បានដឹងដែរថា ការគិតច្រើនស្មុគស្មាញអាចប៉ះពាល់ដល់កូនក្នុងផ្ទៃប៉ុន្តែរូបគាត់មិនអាចជម្នះចំពោះការគិតនេះបានទេ។​

អ្នកស្រី ម៉ាង អៀងសារី៖«ទៅពេទ្យគេប្រាប់រហូតដែរ តែមិនដឹងធ្វើម៉េចបើយើងវាអត់ ចេះតែគិតរហូត។ បើនិយាយពីការដេកវិញតាំងពីកើតកូវីដហ្នឹងមកមិនដែលដេកលក់ទេ ពិបាកចិត្ត គេងបានតែ២ម៉ោង ៣ម៉ោងចឹងទៅ»។​

អ្នកស្រី ម៉ាង អៀងសារី និង ស្វាមីជាកម្មកររោងចក្រដូចគ្នា ជួលបន្ទប់នៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ប្តីប្រពន្ធមួយគូនេះ ក៏ដូចជាអ្នកភូមិផ្សេងទៀតនៅក្នុងតំបន់នោះ ត្រូវអាជ្ញាធរដាក់ឱ្យស្ថិតនៅក្នុងតំបន់ក្រហមដែលមានការឆ្លងរាលដាលមេរោគកូវីដ១៩ខ្លាំង ហើយមិនអនុញ្ញាតឱ្យធ្វើដំណើរទៅណាបានតាំងពីថ្ងៃទី៩ខែមេសា ដល់ថ្ងៃទី១៩ខែឧសភានេះ។​

អ្នកស្រីថា ក្នុងអំឡុងពេលបិទខ្ទប់នេះមិនអាចទៅធ្វើការងារបានទេ​ ប៉ុន្តែខាងរោងចក្រផ្តល់លុយឧបត្ថម្ភតាមការណែនាំរបស់រដ្ឋាភិបាលចាប់ពីខែមីនាដល់ថ្ងៃទី១៨ខែឧសភាបើកបាន៩១ដុល្លារ។ អ្នកស្រីថា លុយបើកបាននេះ​គ្រាន់សម្រាប់ឈ្នួលបន្ទប់២ខែដែលគាត់ជំពាក់ម្ចាស់ផ្ទះព្រោះមិនមានលុយបង់។ អ្នកស្រីថា ម្ចាស់ផ្ទះយកថ្លៃបន្ទប់១ខែ៤០ដុល្លារ ដោយមិនបន្ធូរបន្ថយទេ ប៉ុន្តែបើអត់លុយអាចជំពាក់សិនបាន ហើយចំពោះលុយទឹក និងភ្លើងនៅតែបង់ពេញដដែល។​

អៀងសារី និងស្វាយមី បានអាហារពីការជួយឧបត្ថម្ភពីអ្នកជិតខាង និងសប្បុរសធម៌ផ្សេងៗ និងបានចំណូលខ្លះពីប្តីឆ្លៀតទិញសាច់មាន់ពីផ្សារដើរលក់ក្នុងតំបន់ក្រហមនោះបានចំណេញតិចតួច។  អ្នកទាំងពីរក៏ត្រូវបង់សងបំណុលទៅធនាគារ ក្នុងមួយខែចំនួន៥០ដុល្លារដែរគឺបំណុលដែលពួកគេខ្ចីទិញម៉ូតូសម្រាប់ជិះ ប៉ុន្តែរយៈពេលពីរខែចុងក្រោយនេះពួកគាត់បានស្នើធនាគារផ្អាកបង់ហើយព្រោះមិនមានចំណូល។​

ស្វាមីអ្នកស្រី ម៉ាង អៀងសារី គឺលោក ពៅ អេ ឱ្យដឹងថា បច្ចុប្បន្ននេះលោកបានទិញមាន់ពីអ្នកលក់ផ្សេងទៀត ដើម្បីលក់បន្តនៅក្បែរៗផ្ទះបានចំណេញពី១០០០០រៀលទៅ២០០០០រៀលក្នុង១ថ្ងៃ។ លោកថា ដើម្បីអាចលក់នៅក្នុងតំបន់ក្រហមនោះបានគឺត្រូវមានការសម្របសម្រួលជាមួយអាជ្ញាធរ។

លោក ពៅ អេ៖«ខ្ញុំឱ្យកាហ្វេប៉ូលីស១កែវទៅបានគាត់ឱ្យចូលដើរលក់។ លក់តែជិតៗហ្នឹង»។​

លោក ពៅ អេ ឱ្យដឹងថា រូបលោកក៏មានអារម្មណ៍ស្មុគស្មាញដូចប្រពន្ធដែរដោយសារមិនមានលុយគ្រប់សម្រាប់ចំណាយពេលសម្រាលកូន។

ប្តី ប្រពន្ធ១គូនេះឱ្យដឹងថា ពួកគាត់មិនដឹងទៅរកលុយឯណាមកប្រើប្រាស់ឱ្យគ្រប់សម្រាប់ការសម្រាលទេព្រោះមិត្តភ័ក្តិដែលពួកគាត់ស្គាល់ជាអ្នកទីទាល់ក្រដូចគ្នា ហើយសាច់ញាតិក៏មិនមានលុយដែរ។​

ខេមបូចា ព្យាយាមទំនាក់ទំនងទៅខាងរោងចក្រ៨ស្តាស្ពតវែរ ដើម្បីសួរនាំតើមានគោលការណ៍ជួយបន្ថែមដល់កម្មការិនីរូបនេះដែរឬទេ? ប៉ុន្តែទូរសព្ទមិនមានអ្នកទទួល ចំណែកផ្ញើសារតាមអ៊ីម៉ែលក៏មិនមានអ្នកឆ្លើយតបដែរ។​

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ លើកឡើងថា នៅក្នុងអំឡុងពេលនៃការបិទខ្ទប់កន្លងទៅនេះ ក្រសួងបានណែនាំរួចហើយឱ្យរោងចក្រទូទាត់ប្រាក់ឱ្យកម្មករឱ្យបានគ្រប់ចំនួន ហើយចំនួនប្រាក់អត្ថប្រយោជន៍ពេលសម្រាលកូននៅតែទទួលបានដដែលតាមគោលការណ៍របស់ ប ស ស។

លោក ហេង សួរ៖«អត្ថប្រយោជន៍គឺគាត់ទទួលបានដដែលនៅពេលឆ្លងទន្លេ គឺប្រាក់ឧបត្ថម្ភចំនួន ៤០ម៉ឺនរៀល»

តាមគោលការណ៍របស់ ប ស ស ថវិកា៤០ម៉ឺនរៀលនេះ គឺបើកក្រោយសម្រាលនៅពេលដែលបំពេញឯកសារមានការបញ្ជាក់រួចរាល់ពីខាងពេទ្យនិងមន្ត្រីពាក់ព័ន្ធផ្សេងទៀត។​

 លោកស្រី សុខ ច័ន្ទឆវី ប្រធានកម្មវិធីអង្គការអុកស្វាមប្រចាំកម្ពុជា លើកឡើងថា រដ្ឋធម្មនុញ្ញរបស់កម្ពុជាមានការចែងពីកាតព្វកិច្ចនៃការគាំពារសុខុមាលភាពមាតា និងកុមារ។ លោកស្រី បន្តថា ការយកចិត្តទុកដាក់លើសុខភាពរបស់មាតានិងកុមារជាផ្នែកសំខាន់ក្នុងការបង្កើនការអភិវឌ្ឍន៍។​

លោកស្រី សុខ ច័ន្ទឆវី៖«ដូចយើងដឹងហើយថាស្រ្តីមានដល់ទៅជាង៥០% នៃចំនួនពលរដ្ឋសរុប ហើយស្រ្តីបានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងកិច្ចអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ។ ការមិនទទួលបានកិច្ចគាំពារមាតុភាពពេញលេញនឹងធ្វើឲ្យស្រ្តីបាត់បង់ឱកាសការងារ មានបញ្ហាសុខភាពទ្រុឌទ្រោម រួមទាំងកុមារដែលជាកូនរបស់ពួកគេ មិនទទួលបានឱកាសការងារសមស្រប និងធ្លាក់ទៅក្នុងភាពក្រីក្រ បាត់បង់ចំណូលរបស់គ្រួសារ និងកំណើនសេដ្ឋកិច្ច បង្កនូវការរើសអើងដល់ស្រ្តី និងមានវិសមភាពយេនឌ័រ ជាដើម ។ល។»

របាយការណ៍របស់អង្គការអុកស្វាមលើកឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី៣០ខែមេសាឆ្នាំ២០២១លើកឡើងថា នៅក្នុងប្រទេសកម្ពុជាស្ត្រីប្រមាណជាង៩០ភាគរយ នៅក្នុងវិស័យការងារមិនទាន់ទទួលបានកិច្ចគាំពាមាតុភាពនៅឡើយដោយសារតែស្ថានភាពការងារក្រៅប្រព័ន្ធរបស់ពួកគេ។​

នៅក្នុងអំឡុងពេលនៃការបិទខ្ទប់រាជធានីភ្នំពេញ និងបណ្តាខេត្តនានានៅក្នុងខែមេសា និង ខែឧសភា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលមេរោគកូវីដ១៩នោះ មានករណីដែលអ្នកប្រើប្រាស់បណ្តាញសង្គមផ្សព្វផ្សាយបន្តបន្ទាប់ទាក់ទងស្ត្រីធ្វើដំណើរទៅសម្រាលកូននៅពេទ្យទាំងប្រញាប់ប្រញាល់ជួបការលំបាក ការសម្រាលកូននៅតាមផ្លូវ និង សម្រាលកូននៅតាមបន្ទប់ជួលជាដើម៕

1,159 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម