សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ក្រោយពីមានអ្នកស្លាប់ដោយកូវីដ១៩ ចំនួនបួននាក់ រដ្ឋាភិបាលអំពាវនាវឲ្យអ្នកពាក់ព័ន្ធសហការធ្វើតេស្ត

ក្រុមគ្រូពេទ្យយកសំណាកពលរដ្ឋធ្វើតេស្តកូវីដ១៩ កាលពីថ្ងៃចន្ទ នៅក្រៅហាងលក់សម្លៀកបំពាក់មួយកន្លែងនៅភ្នំពេញ។ បញ្ញា ឆព័ណ្ណ
ក្រុមគ្រូពេទ្យយកសំណាកពលរដ្ឋធ្វើតេស្តកូវីដ១៩ កាលពីថ្ងៃចន្ទ នៅក្រៅហាងលក់សម្លៀកបំពាក់មួយកន្លែងនៅភ្នំពេញ។ បញ្ញា ឆព័ណ្ណ

ក្រសួង​សុខាភិបាល នៅ​ថ្ងៃចន្ទ បាន​អំពាវ​នាវ​ឲ្យ​អ្នក​ធ្វើ​ការជួរមុខ​ ឬអ្នក​តែងមាន​ទំនាក់​ទំនង​ជាប្រចាំ​ជាមួយ​អ្ន​ក​ផ្សេង ដែលរស់នៅ​ភ្នំពេញ និង​ខេត្តកណ្ដាល និង​អ្នក​មាន​ចេញ​រោគ​សញ្ញា​កូវីដ១៩ ឲ្យ​មក​ធ្វើ​តេស្ត ដែលការអំពាវ​នាវ​នេះ​ធ្វើ​ឡើង​ក្រោយ​កម្ពុជា​មាន​អ្នក​ស្លាប់​ដោយសារជំងឺមួយ​នេះ​ចំនួន​បួន​នាក់។​

សេចក្តីជូនដំណឹង​មួយ​របស់​នាយក​ដ្ឋាន​ប្រយុទ្ធនឹងជំងឺឆ្លង​ ចេញផ្សាយជាបន្ទាន់នៅ​ថ្ងៃចន្ទ ទី២២ ខែមីនា បាន​ស្នើ​​ដល់អ្នក​ធ្វើ​ការ​ប្រឈម​នឹង​ជំងឺកូវីដ១៩ រួម​មាន​ក្រុម​គ្រូពេទ្យ គ្រូបង្រៀន កងកម្លាំងប្រដាប់អាវុធ នគរបាលយុត្តិធម៌ បុគ្គលិកប្រមូលសំរាម និង​អ្នក​រត់តាក់ស៊ី ឲ្យ​ទៅ​ធ្វើ​តេស្ត​បើ​អ្នក​ទាំង​នោះ​មាន​ចេញ​រោគ​សញ្ញា​កូវីដ១៩។​

សេចក្តីជូនដំណឹងបាន​បន្ថែម​ថា៖ «ពលរដ្ឋដែលប៉ះពាល់ជាមួយនឹងមនុស្សច្រើន ​​​មានហានិភ័យខ្ពស់ប្រឈមនឹងការឆ្លងជំងឺកូវីដ-១៩»។​ ដោយបានបន្ថែមថា៖​ «អ្នកគួរទៅធ្វើតេស្តរកវីរុសកូវីដ១៩​ ឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន»។

លិខិតនេះ​បានចេញ​បន្ទាប់ពី​កម្ពុជា​រាយ​ការណ៍​ថា​មាន​មនុស្ស​ទី​បួន​ស្លាប់​ដោយ​សារ​កូវីដ១៩​ ​គឺ​បុរសវ័យ​ជាង​៧០​ឆ្នាំ​ម្នាក់​ស្លាប់​នៅ​ថ្ងៃចន្ទ មួយ​ថ្ងៃ​បន្ទាប់​ពី​បាន​ទទួល​ការ​ព្យា​បាល។​

លោកស្រី​ ឱ វណ្ណឌីន អ្នក​នាំពាក្យ​ក្រ​សួង​សុខាភិបាល បដិសេធធ្វើ​អត្ថាធិប្បាយ​នៅ​ថ្ងៃចន្ទ​ នេះ។​

ប៉ុន្តែ​អ្នក​នាំពាក្យរូប​នេះ​បាន​ផ្ដល់​បទសម្ភាសន៍​ឲ្យ​ទូរទស្ស​ន៍​ BTV ដោយ​លោក​ស្រី​បាន​និយាយ​ថា​កម្ពុជា​រង​ផល​ប៉ះពាល់​ខ្លាំង​ដោយ​វីរុសកូវីដ១៩​ ដែលបម្លែង​ថ្មី​រកឃើញ​នៅ​ប្រទេស​អង់គ្លេស​។​

លោកស្រី​មាន​ប្រ​សាសន៍​នៅ​ទូរទស្សន៍​BTV ថា​៖ «នៅព្រឹក​នេះ យើង​មាន​មនុស្ស​ម្នាក់​ទៀត​ស្លាប់។ ខ្ញុំ​មិន​ដឹង​ថាតើ​​​នឹង​មាន​មនុស្ស​ច្រើន​ទៀត​ត្រូវស្លាប់​នៅពេល​ខាង​មុខ​ឬយ៉ាងណា ព្រោះ​យើង​មាន​អ្នក​ជំងឺ​ដែល​ស្ថិត​ក្នុង​ស្ថានភាពធ្ងន់​ធ្ងរមួយ​ចំនួន​ទៀត»។​

​ក្រ​សួង​សុខាភិបាល​ ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា​ការឆ្លង​ក្នុង​សហគមន៍​ថ្មីៗ​នេះ បាន​ឡើង​ដល់​១២៣៣​ករណី និង​មាន​បួន​នាក់​បាន​ស្លាប់។ ក្រៅពីនេះនៅ​មាន​អ្នក​កំពុង​សម្រាក​ព្យាបាល​ជាង​៧០០​នាក់​ផ្សេង​ទៀត​នៅទូទាំង​ប្រទេស​។​

លោក គុយ ប៊ុនធឿន ប្រ​ធាន​មន្ទីរ​សុខាភិបាលខេត្ត​កណ្ដាល មាន​ប្រសាសន៍ថាវិធានការណ៍​ថ្មីនេះ​ គឺបាន​ជួយ​ការពារ​ការរាលដាល​កូវីដ​១៩ ទៅ​ក្នុង​សហគមន៍​បន្ត​ទៀត​។

លោក​បន្ថែមថា៖ «​វា​ជា​រឿង​ល្អ បើ​អ្នក​ទាំង​នោះ​ទៅ​ធ្វើ​តេស្ត​កូវីដ១៩ ព្រោះពួកគេ​ជា​អ្នក​ប្រឈម​ខ្ពស់​។ ឧទាហរណ៍​ ដូចជា​អ្នក​រត់តាក់ស៊ី ដែល​តែង​តែ​ជួប​ជាមួយ​មនុស្ស​ច្រើន និង​ដឹក​អ្នក​ដំណើរ​ច្រើន»។​

លោក​បន្ត​ថា ការ​ឆ្លង​ក្នុង​សហគមន៍​ គឺ​អាច​គ្រប់គ្រង​បាន​ ដោយ​ថា​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​បាន​ខិត​ខំធ្វើ​ការ ដើម្បី​ទប់​ស្កាត់​ការ​រាល​ដាល​នេះ​។​

លោក ងី មានហេង ប្រធានមន្ទីរ​សុខាភិបាល​រាជធានីភ្នំពេញ មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ​នៅ ថ្ងៃចន្ទ នេះ។

ប្រជាពលរដ្ឋប្រគល់លិខិតស្តីពីផ្តល់ព័ត៌មានផ្ទាល់ខ្លួនឲ្យមន្ត្រីសុខាភិបាលកាលពីថ្ងៃទី១៦ ខែមីនា នៅមណ្ឌលសុខភាពចាក់អង្រែរ។ ខេមបូចា/ព្រីង សំរាំង

បន្ទាប់ពី​មាន​ការណែ​នាំ​ក្រៅ​ផ្លូវ​ការ​ឲ្យ​អ្នក​ធ្វើ​ការ​មួយ​ចំនួន​ធ្វើ​ការ​ពី​ផ្ទះ រដ្ឋាភិបាល​បាន​ចេញ​វិធានការ​មួយ​ចំនួន​ដើម្បី​ធានា​ពី​គម្លាត​សង្គម និង​បិទ​អាជីវកម្មមិន​សូវ​សំខាន់​មួយ​ចំនួន​។​

ក្រ​សួង​អប់​រំ​កាលពី​ថ្ងៃសៅរ៍ បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​ពី​ការ​បិទ​សាលារៀន​រដ្ឋ និង​ឯកជន​បណ្ដោះ​អាសន្ន​នៅទូទាំង​ប្រទេស និង​បាន​ណែ​នាំ​ឲ្យ​គ្រូបង្រៀន​ចាប់​ផ្ដើម​បង្រៀន​តាម​អនឡាញ​វិញ​។ នៅ​ថ្ងៃអាទិត្យ ក្រ​សួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​បិទ​សារមន្ទីរ កន្លែង​សម្ដែង​នានា និង​មហោស្រប ខណៈ​ក្រសួង​ការងារ​ក៏​បានបិទ​មជ្ឈមណ្ឌល​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​បណ្ដោះ​អាសន្ន​ដូច​គ្នា​។​

ខណៈ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ជិត​ចូល​មក​ដល់​ក្នុង​ខែមេសា លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន  បាន​ចេញ​សារាចរណែ​នាំ​ ដោយ​អនុញ្ញាត​ឲ្យ​កម្មករ​ និយោជិត បាន​ឈប់​សម្រាក​ពី​ការងារ​ចំនួន​បី​ថ្ងៃ ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី១៦ ខែមេសា។ ប៉ុន្តែ​ ​កម្មករ​ និយោជក អាច​សម្រេច​ពន្យា​ពេល​ឈប់​សម្រាក​នេះ និង​អាច​ឈប់​សម្រាក​នៅ​ពេល​ក្រោយ ឬ​អាចទុក​បូក​បញ្ចូល​ជាមួយ​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ភ្ជុំបិណ្ឌ។​

អាជ្ញាធរ​មួយ​ចំនួន​ បាន​បង្កើន​ការ​តាម​ដាន​​អ្នក​ធ្វើ​ដំណើរ​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ដោយ​មាន​ការ​វាស់​កម្ដៅ​នៅ​ប៉ុស្ដិ៍​ត្រួត​ពិនិត្យ​ផង​។ ប្រ​ជា​ពល​រដ្ឋ​ខ្លះ​ត្រូវ​ធ្វើ​ចត្តាឡីស័ក​១៤ថ្ងៃ​ពេល​ពួកគេ​ចូល ទៅ​ក្នុង​ខេត្ត​មួយ​ចំនួន ពិសេស​បើ​អ្នក​ទាំង​នោះធ្វើ​ដំណើរចេញ​​ពី​ភ្នំពេញ​ និង​ខេត្ត​កណ្ដាល​។

អភិបាល​ខេត្ត​កំពង់ធំ លោក សុខ លូ​ មាន​ប្រ​សាសន៍​ថា​អាជ្ញាធរ​មូល​ដ្ឋាន​បាន​ប្រ​មូល​ព័ត៌មាន​ពី​អ្នក​ធ្វើ​ដំណើរ និង​តម្រូវ​ឲ្យ​អ្នក​ចូល​មក​ក្នុង​ខេត្ត​ត្រូវ​ធ្វើចត្តាឡីស័ក​ចំនួន​១៤​ថ្ងៃ​។​

លោក​បន្ថែម​ថា៖​«បើ​សិនជា​យើង​រកឃើញ​ថា​ពួកគាត់​មកពី​តំបន់​ដែល​ផ្ទុះ​កូវីដ​១៩ ពួក​គាត់​ចាំ​បាច់​ត្រូវ​ធ្វើ​ចត្តាឡីស័ក​នៅ​មណ្ឌល​ចត្តាឡីស័ក​១៤​ថ្ងៃ»។​

លោក ព្រំ សុភា អ្នក​រត់តាក់ស៊ី​កំពង់ចាម​-ភ្នំពេញ បាន​រម្ភពី​ការ​ឆ្លងកូវីដ១៩ និង​ថា​លោកបាន​​ធ្វើ​តាម​ការណែនាំ​របស់​ក្រ​សួង​សុខាភិបាល។ បន្ទាប់​ពី​បាន​ត្រឡប់ពីខេត្ត​កំពង់​ចាម លោក​ថាអាជ្ញាធរ​បាន​ចុះ​មក​វាស់​កម្ដៅ​របស់​លោក​។​

លោក​បន្ថែមថា៖ «យើង​ខ្លាច ហើយយើង​តែង​ប្រុងប្រយ័ត្ន​ជា​និច្ច…វាមិន​ជា​បញ្ហា​អ្វីទេ ខ្ញុំ​នឹង​ទៅធ្វើ​តេស្ត​កូវីដ១៩ ដើម្បី​ការពារ​កុំ​ឲ្យ​ឆ្លង​រាលដាល»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ After fourth COVID-19 death, government calls for increased cooperation with testing

364 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម