ជនជាតិដើមភាគតិចជងបន្តប្រឈមមុខនឹងការចាប់ខ្លួន និងបណ្តឹង បន្ទាប់ពីប្រកបរបរធ្វើស្រែចម្ការវិលជុំលើដីដែលមិនទាន់មានព្រំប្រទល់កំណត់ជាតំបន់ការពារនិងជាតំបន់រេដបូក (REDD+) ច្បាស់លាស់នៅឡើយ។
សហគមន៍ជនជាតិដើមភាគតិច ដែលរស់នៅជុំវិញឧទ្យានជាតិភ្នំក្រវាញ មានការលំបាកក្នុងការប្រមូលអនុផលព្រៃឈើ ឬប្រកបរបរធ្វើស្រែចម្ការវិលជុំនៅក្បែរភូមិរបស់ពួកគាត់ ខណៈពួកគាត់ត្រូវបានជូនដំណឹងថា តំបន់ទាំងនោះស្ថិតនៅក្នុងតំបន់រេដបូក ប៉ុន្តែពុំមានព្រំប្រទល់ច្បាស់លាស់នោះទេ។
កាលពីថ្ងៃទី២៧ ខែមិថុនា កសិករឈ្មោះ ពក ង៉ែត អាយុ៤៣ឆ្នាំ មកពីភូមិព្រែកស្វាយ ឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង ត្រូវបានចាប់ខ្លួននៅចំណុចវាលស្រែរបស់គាត់ ដែលមានចម្ងាយប្រហែល៣គីឡូម៉ែត្រពីភូមិរបស់គាត់។ ពក ង៉ែត ត្រូវបានបញ្ជូនទៅពន្ធនាគារខេត្តកោះកុងនៅថ្ងៃបន្ទាប់ ហើយត្រូវបានឃុំខ្លួនបណ្តោះអាសន្ន។
លោក ង៉ែត ជាជនជាតិដើមភាគតិចជង រងការចោទប្រកាន់ ការកាប់ទន្ទ្រាន និងឈូសឆាយដីព្រៃ ដើម្បីធ្វើជា «កម្មសិទ្ធិ» នៅក្នុងតំបន់ការពារធម្មជាតិឧទ្យានជាតិជួរភ្នំក្រវាញ។
លោក ម៉ូង មន ជាតំណាងសហគមន៍បានប្រាប់ខេមបូចាថា បុគ្គលិកអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បីនាក់ រួមមានជនបរទេសម្នាក់ មន្ត្រីបរិស្ថានម្នាក់ និងមន្ត្រីកងរាជអាវុធហត្ថម្នាក់ បានចាប់ខ្លួនលោក ពក ង៉ែត នៅវាលស្រែរបស់គាត់។
លោក មន បាននិយាយថា លោក ពក ង៉ែត មិនបានឈូសឆាយដីព្រៃណាមួយទេ។ គាត់បាននិងកំពុងធ្វើស្រែលើដីចម្ការវិលជុំរបស់គាត់តាំងពីឆ្នាំ២០១៣ បន្ទាប់ពីដីនេះត្រូវបានវាស់វែងដោយរដ្ឋាភិបាលសម្រាប់ការចុះបញ្ជីដីធ្លី និងផ្តល់បណ្ណកម្មសិទ្ធិក្រោមក្របខណ្ឌនៃបទបញ្ជាលេខ០១។
បុគ្គលិកអង្គការសម្ព័ន្ធមិត្តសត្វព្រៃបានប្រាប់លោក ម៉ូង មន ថា ដីនេះគឺជាផ្នែកមួយនៃតំបន់រេដបូក ប៉ុន្តែតំណាងសហគមន៍បាននិយាយថា ការកំណត់នេះធ្វើឡើង ក្រោយក្របខណ្ឌនៃបទបញ្ជាលេខ០១។
លោក មន បាននិយាយថា៖ «នៅពេលគេចាប់ផ្តើមបង្កើតគម្រោងរេដបូក យើងមិនបានដឹងពីព្រំប្រទល់ត្រឹមណាទេ។ យើងធ្វើលើដីរបស់យើងយូរហើយ។ គាត់ [ង៉ែត] មិនដឹងថា ដីនោះស្ថិតនៅក្នុងដីរបស់គេ [រេដបូក] ទេ។ ពីណាដឹង បើព្រំប្រទល់មិនមាន។ យើងមិនអាចកំណត់បាន»។
លោក មន បានសម្តែងការសោកស្តាយថា កាលពីថ្ងៃទី៥ ខែមិថុនា មានការប្រជុំមួយជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ទីដែលគេនិយាយថា ប្រសិនបើដីនោះជារបស់សហគមន៍ជនជាតិដើមភាគតិចជងសម្រាប់ធ្វើស្រែចម្ការវិលជុំ អង្គការនេះនឹងមិនរារាំងការដាំដុះរបស់សហគមន៍នៅទីនោះទេ។ ទោះជាយ៉ាងណា នៅពេលដែលប្រជាពលរដ្ឋធ្វើស្រែចម្ការនៅតំបន់នោះ ពួកគាត់ត្រូវបានគេចាប់ខ្លួន។
លោកបានលើកឡើងថា អង្គការសម្ព័ន្ធមិត្តសត្វព្រៃក៏បាន «ធ្វើទុក្ខបុកម្នេញ» សហគមន៍ជនជាតិដើមភាគតិច ដោយរុះរើខ្ទមចាំចម្ការរបស់ពួកគាត់។ ជនជាតិដើមភាគតិចជងតែងតែរងទុក្ខ ដោយសារពួកគាត់ត្រូវបានអង្គការសម្ព័ន្ធមិត្តសត្វព្រៃរារាំងមិនអោយធ្វើស្រែចម្ការលើដីដែលពុំមានការកំណត់ច្បាស់លាស់។
លោកនិយាយថា៖ «ពួកគេ [អង្គការសម្ព័ន្ធមិត្តសត្វព្រៃ] មិនគោរពសិទ្ធិជនជាតិដើមភាគតិចជង ដែលប្រកបរបរធ្វើស្រែចម្ការវិលជុំទេ។ មុននឹងចាប់ខ្លួន [ង៉ែត] សូមដាក់សញ្ញា ដើម្បីបង្ហាញថា ព្រំប្រទល់នៅត្រង់ណា ដើម្បីឲ្យគាត់ [ង៉ែត] បានដឹង»។
ប្រពន្ធរបស់លោក ពក ង៉ែត ឈ្មោះ ជ័យ នៅ ដែលមានកូនពីរនាក់ក្នុងបន្ទុកបាននិយាយថា គ្រួសារអ្នកស្រីបានធ្វើស្រែលើផ្ទៃដីកន្លះហិកតានោះតាំងពីឆ្នាំ២០១២ មកម៉្លេះ។ ដីនេះត្រូវបានវាស់វែងតាមក្របខណ្ឌនៃបញ្ជាលេខ០១។
អ្នកស្រីមានវត្តមាននៅទីនោះ នៅពេលប្តីរបស់អ្នកស្រីត្រូវចាប់ខ្លួន។ មន្ត្រីកងរាជអាវុធហត្ថបានប្រាប់អ្នកស្រីថា គេយកប្តីរបស់លោកស្រីទៅ «ធ្វើកិច្ចសន្យាបញ្ឈប់ការដាំដុះលើដីនោះ»។ ផ្ទុយទៅវិញ គេបានបញ្ជូនគាត់ទៅពន្ធនាគារនៅថ្ងៃបន្ទាប់។
អ្នកស្រី ជ័យ នៅ បាននិយាយថា អ្នកស្រីមិនបានដឹងថា ដីនោះស្ថិតនៅក្រោមតំបន់រេដបូកទេ ព្រោះគ្មានព្រំប្រទល់ ដើម្បីជូនដំណឹងដល់ប្រជាពលរដ្ឋ។ អង្គការសម្ព័ន្ធមិត្តសត្វព្រៃក៏មិនដែលប្រាប់អ្នកស្រីដែរ។
អ្នកស្រីបាននិយាយថា៖ «ខ្ញុំធ្វើនេះ ព្រោះខ្ញុំចង់បានស្រូវ។ ខ្ញុំមិនចង់បានដីទេ។ ខ្ញុំគ្រាន់តែចង់ដាំដុះ ព្រោះខ្ញុំមិនមានស្រូវគ្រប់គ្រាន់សម្រាប់ហូប។ គាត់ [អង្គការសម្ព័ន្ធមិត្តសត្វព្រៃ] មិនទាន់បានកំណត់ [ព្រំប្រទល់រេដបូក] នៅកន្លែងណាពិតប្រាកដនៅឡើយទេ ចឹងបានវាពិបាក»។
លោក ជាង ថន មេឃុំថ្មដូនពៅ មានប្រសាសន៍ថា លោកមិនដឹងពីមូលហេតុច្បាស់លាស់ថា ហេតុអ្វីបានជាលោក ពក ង៉ែត ត្រូវចាប់ខ្លួននោះទេ ដោយសារអង្គការសម្ព័ន្ធមិត្តសត្វព្រៃគឺជា «អ្នកធ្វើការលើរឿងនេះ»។
លោក ជាង ថន បានមានប្រសាសន៍ថា ជាធម្មតា៖ «ការចាប់ខ្លួនលើកដំបូង» គឺ ដើម្បី «ចុះកិច្ចសន្យា» ។ «ការចាប់ខ្លួនលើកទីពីរ» គឺដើម្បីណែនាំឲ្យបញ្ឈប់ ហើយការចាប់ខ្លួនលើកទីបី នឹងត្រូវបញ្ជូនទៅតុលាការ។ ទោះបីជាយ៉ាងណាក៏ដោយលើកនេះ «គេបញ្ជូនគាត់ទៅពន្ធនាគារភ្លាមៗ» ដូច្នេះលោក ថន មិនដឹងថា មានអ្វីកើតឡើងទេ។
លោកបានកត់សម្គាល់ថា៖ «វាពិបាកយល់ [រឿងទាំងអស់នេះ] ព្រោះអង្គការ [សម្ព័ន្ធមិត្តសត្វព្រៃ] មិនសហការជាមួយអាជ្ញាធរទេ»។
លោក គ្រី ប៊ុនថា ប្រធានពន្ធនាគារខេត្តកោះកុង បញ្ជាក់ថា លោក ពក ង៉ែត កំពុងស្ថិតក្រោមការឃុំខ្លួនបណ្តោះអាសន្ន ខណៈរង់ចាំការស៊ើបសួររបស់តុលាការ។
ឆ្លើយតបតាមរយៈអ៊ីមែលមកកាន់ខេមបូចា អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានបង្វែរសំណួរទៅក្រសួងបរិស្ថាន និងមន្ទីរបរិស្ថានខេត្តកោះកុង ដោយសារតំបន់នេះត្រូវបានការពារដោយស្ថាប័នទាំងពីរនេះ។
ពួកគេបានអះអាងថា៖ «អង្គការសម្ព័ន្ធមិត្តសត្វព្រៃមិនមានមន្ត្រីអនុរក្សណាម្នាក់ទេ ហើយយើងមិនមានសិទ្ធិអំណាច ឬអាណត្តិ ដើម្បីធ្វើការចាប់ខ្លួនណាមួយឡើយ» ដោយពួកគេបានបន្ថែមថា «ការយល់ច្រឡំនេះអាចនាំឱ្យសាធារណជនមានការយល់ច្រឡំយ៉ាងខ្លាំង»។
លោក ឃឹម ប៊ុនថង នាយករងឧទ្យានជាតិជួរភ្នំក្រវាញ មានប្រសាសន៍ថា ដីស្រែរបស់លោក ង៉ែត ស្ថិតនៅក្នុង «តំបន់ការពារ និងតំបន់រេដបូក»។ លោកបន្ថែមថា តំបន់នេះមិនទាន់ត្រូវបានវាស់វែងក្រោមក្របខណ្ឌបទបញ្ជាលេខ០១ នៅឡើយទេ។
លោក ប៊ុនថង បានលើកឡើងថា ពួកគាត់ «គ្រាន់តែធ្វើតាមច្បាប់»។ កន្លងមក អង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងមន្ត្រីបរិស្ថានធ្លាប់បានជូនដំណឹងដល់សហគមន៍ពីតំបន់ការពារ ប៉ុន្តែកសិករ «មិនដែលយកចិត្តទុកដាក់» «តែងតែគិត» ថា តំបន់នោះគឺសម្រាប់ដាំដំណាំវិលជុំ។
លោកមានប្រសាសន៍ថា៖ «យើងមិនចាប់ខ្លួន [ពួកគាត់] ភ្លាមៗទេ។ យើងពិនិត្យមើលផែនទីជាមុនសិន ដើម្បីឱ្យដឹងតំបន់ជាក់លាក់ ហើយនៅពេលមានបទល្មើសព្រហ្មទណ្ឌ យើងមិនធ្វើកិច្ចសន្យាទេ»។
លោក ប៊ុនថង បានបន្តថា នៅពេលអនាគត ពួកគាត់នឹងផ្សព្វផ្សាយបន្ថែមអំពីតំបន់ការពារ និងព្រំប្រទល់។
លោកបន្ថែមថា៖ «យើងនឹងមានស្លាកសញ្ញា ដើម្បីឲ្យគាត់ [សហគមន៍] បានដឹងនិងចែករំលែកព័ត៌មានតាមអនឡាញ ដើម្បីឲ្យពួកគាត់ដឹងពីតំបន់ទាំងនោះ»។
លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថានមិនបានឆ្លើយតបនឹងសំណួរទេ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Koh Kong’s Chorng Indigenous People Struggle With Arrests and Lawsuits in REDD+ Zone