សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

នាយករដ្ឋមន្ត្រី​៖ ធានា​ការប្រើប្រាស់​ថវិកា​អប់រំ​ឱ្យ​បាន​ត្រឹមត្រូវ​គឺដើម្បី​ធានា​ប្រសិទ្ធភាព​នៃ​ការអប់រំ​

សិស្សបឋមសិក្សាទៅដល់សាលារៀន ក្នុងឆ្នាំសិក្សាថ្មីនៅភ្នំពេញនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)
សិស្សបឋមសិក្សាទៅដល់សាលារៀន ក្នុងឆ្នាំសិក្សាថ្មីនៅភ្នំពេញនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការអប់រំ កម្ពុជាត្រូវរៀបចំផែនការថវិកាអប់រំរបស់ខ្លួនដោយមានទិសដៅច្បាស់លាស់។ ប៉ុន្តែទោះជាយ៉ាងណាអ្នកឃ្លាំមើលសង្គមបានសង្កត់ធ្ងន់លើតម្រូវការគណនេយ្យភាព និងតម្លាភាព និងការលុបបំបាត់អំពើពុករលួយ។

ថ្លែង​នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ និង​សម្ពោធដាក់ឱ្យប្រើប្រាស់​អគារអន្តេវាសិកដ្ឋានគ្រូ​ នៅវិទ្យាស្ថានគរុកោសល្យ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី៤ ខែកក្កដា លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ថវិកាជាតិ​សម្រាប់​វិស័យ​អប់រំ​គឺមានចំនួនច្រើនជាងគេ។ កាលពីឆ្នាំ២០២០ ថវិកាមានចំនួន ៧៨២លានដុល្លារ ហើយនៅឆ្នាំ ២០២៤ នេះ ថវិកាបានកើនដល់ ៩១១លានដុល្លារ។

លោក​ហ៊ុន ម៉ាណែតមានប្រសាសន៍​ថា​៖ «​យើង​នឹង​បន្ត​លើក​កម្ពស់វិស័យអប់រំ ​ព្រោះ​វិស័យ​នេះ​ជា​វិស័យអាទិភាព​»លោក​បន្ថែម​ថា​ការ​កែ​លម្អ​វិស័យ​អប់រំ​មិន​ត្រឹម​តែនៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​អប់រំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ការ​លើក​កម្ពស់​គុណភាព​អប់រំ​ផង​ដែរ​។

ទោះជាយ៉ាងណាក៏ដោយ ការបង្កើនចំនួនថវិកាមិនអាចធានាប្រសិទ្ធភាពបាននោះទេ ពីព្រោះ «ពេលខ្លះចំនួនថវិកាកាន់តែច្រើន តែមិនមានផែនការ និងចក្ខុវិស័យច្បាស់លាស់គឺខ្ជះខ្ជាយ»។

លោកហ៊ុន ម៉ាណែត បានបន្ថែមថា៖ «ការទម្លាក់ចំនួនថវិកាឱ្យចំទិសដៅត្រឹមត្រូវជាមួយនឹងផែនការច្បាស់លាស់នឹងធានាបាននូវប្រសិទ្ធភាព។ ការ​បង្កើន​[ថវិកា]នេះ ​គឺ​ជា​ការ​ធានា»។

លោកទទួលស្គាល់ថា មានការខ្វះខាតគ្រូបង្រៀននៅតាមមូលដ្ឋាន ជាពិសេសគ្រូដែលមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) និងការបណ្តុះបណ្តាលបន្ថែមសម្រាប់គ្រូបង្រៀនរយៈពេលបួនឆ្នាំ (១២+៤)។ ទោះយ៉ាងណា រដ្ឋាភិបាលបានដាក់ចេញនូវទិសដៅដោះស្រាយបញ្ហានេះរួចហើយ។

ទន្ទឹមនឹងនេះ កម្ពុជាបានជួបប្រទះនឹងបញ្ហាប្រឈមផ្សេងទៀត ដូចជាសមត្ថភាពគ្រូបង្រៀន និងហេដ្ឋារចនាសម្ព័ន្ធសិក្សាជាដើម។ លោក​ក៏​បាន​លើក​ឡើង​ថា ការ​ជ្រើសរើស​នាយក​សាលា​គឺមានសារៈសំខាន់ ហើយ​គួរ​មាន​ស្តង់ដារ​ត្រឹមត្រូវ​សម្រាប់​ការ​ជ្រើសរើស​បេក្ខភាពទាំងនោះ។

កន្លង​ទៅ មាន​ការ​សាកល្បងរួចហើយ​នៅ​ក្នុង​ខេត្ត​បាត់ដំបង ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​ជ្រើសរើស​នាយក​សាលា​បឋម​សិក្សា​នៅតាម​ថ្នាក់​ស្រុក។ ប្រហែល ៧០ភាគរយ ត្រូវបានជ្រើសរើសដោយជោគជ័យស្របតាមស្តង់ដាររបស់ក្រសួងអប់រំ យុវជន និងកីឡា (MoEYS) ប៉ុន្តែ ៣០ភាគរយ មិនគោរពតាមស្តង់ដារនោះទេ។

លោក ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖ «កុំថាឡើយ៣០ភាគរយ សូម្បីតែ១ភាគរយក៏ដោយ ក៏វាពិបាកណាស់»។ លោក​បន្ថែម​ថា​៖ «​ដោយ​សារ​តែ​នាយក​សាលា​ជា​អ្នក​ដឹក​នាំ​ស្ថាប័ន។ ដូច្នេះ​យើង​ផ្អាក​ការ​ជ្រើសរើស​នៅតាម​ថ្នាក់​ស្រុកសិន ដើម្បី​ឲ្យ​ថ្នាក់​ខេត្ត​ធ្វើ​វិញម្ដង​»។

តាមរយៈការសិក្សាមួយកាលពីដើមឆ្នាំនេះ ធនាគារពិភពលោកបានរកឃើញថា មានការគ្រប់គ្រងធនធានមនុស្សដែលគ្មានប្រសិទ្ធភាព និងថវិកាដែលត្រូវបានជំរុញដោយប្រាក់ឈ្នួលក្នុងវិស័យអប់រំ ។

ការសិក្សាដដែលបានបង្ហាញថា ៧៨ភាគរយ នៃថវិកាសម្រាប់ការអប់រំបានទៅលើប្រាក់ឈ្នួល ហើយមានភាពខុសគ្នានៃការបែងចែកគ្រូបង្រៀននៅក្នុងវិស័យនេះ។ ចន្លោះឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២១ រាជធានីភ្នំពេញមានគ្រូបង្រៀនច្រើនលើសលប់ ស្របពេលដែលខេត្តមានការខ្វះខាតច្រើន។ មានការខ្វះខាតគ្រូបង្រៀនចំនួន១៩៨៦៧នាក់ នៅតំបន់ជនបទក្នុងឆ្នាំ ២០២១។ នៅតាមមុខវិជ្ជាមួយចំនួន មានការខ្វះខាត និងអតិរេក(លើសកំណត់) គ្រូបង្រៀន។

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន​និងកីឡា បានប្រាប់ ខេមបូចា ថា បញ្ហាសមត្ថភាពបង្រៀន គឺបណ្តាលមកពីលោកគ្រូ អ្នកគ្រូ ដែលទទួលបានវគ្គបណ្តុះបណ្តាលមុនឆ្នាំ ២០១៤ មិនមានបរិញ្ញាបត្រ ឬសញ្ញាបត្រ ហើយមិនទាន់ចូលនិវត្តន៍នៅឡើយ។

លោក​ស្រី ឃួន វិច្ឆិកា មានប្រសាសន៍ថា​៖ «​ដើម្បី​ដោះស្រាយ​ការ​ខ្វះខាត ក្រសួង​បាន​ជួល​គ្រូ​ជាប់​កិច្ចសន្យា​សម្រាប់​សាលានៅ​តាមមូលដ្ឋាន ប៉ុន្តែ [ពួកគេ​ត្រូវ​] យ៉ាង​ហោច​ណាស់​មាន​សញ្ញាបត្រ [បាក់ឌុប]» លោកស្រីបានបន្ថែមថា៖ «បញ្ហាប្រឈមសំខាន់ដែលយើងបានជួបប្រទះគឺកង្វះគ្រូបង្រៀនដែលមានសញ្ញាបត្របរិញ្ញាបត្រ ដែលយើងបន្តដោះស្រាយដោយការបណ្តុះបណ្តាលពួកគេ [តាមប្រព័ន្ធ] ១២+៤»។

ទាក់ទិននឹងបញ្ហានោះ រដ្ឋាភិបាលបានអនុវត្តគោលនយោបាយគាំទ្រដូចជា ផែនការសកម្មភាពសម្រាប់គោលនយោបាយគ្រូបង្រៀនឆ្នាំ ២០២៤-២០៣០ រួមទាំងស្តង់ដារវិជ្ជាជីវៈសម្រាប់គ្រូបណ្តុះបណ្តាល និងស្តង់ដារសម្រាប់គរុកោសល្យអប់រំគ្រូបង្រៀនគំរូ និងកែលម្អគោលនយោបាយស្តីពីគ្រូបង្រៀន។

លោក ប៉ា ចន្ទរឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា មានប្រសាសន៍ថា កម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការកែទម្រង់វិស័យអប់រំ រួមទាំងការលើកកម្ពស់គុណភាពគ្រូបង្រៀន និងការគ្រប់គ្រងវិស័យអប់រំផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ការសិក្សារបស់ធនាគារពិភពលោកបានបង្ហាញពីបញ្ហាជាច្រើននៅក្នុងវិស័យអប់រំនេះ។

លោក​ ប៉ា ចន្ទរឿនមានប្រសាសន៍​ថា​៖ «​ការ​ចំណាយច្រើន​តែហាក់មិនសូវ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​កែទម្រង់​។ ជាលទ្ធផល យើងឃើញថាមានបញ្ហាជាច្រើនទាក់ទងនឹងគុណភាពគ្រូបង្រៀន និងកម្រិតនៃការរៀនរបស់សិស្ស»។ លោកបានបន្ថែមថាបញ្ហាទាំងនោះត្រូវការការយកចិត្តទុកដាក់ខ្ពស់ និងការវាយតម្លៃបន្ថែមទៀត និងវិធីដោះស្រាយ ក៏ដូចជាការប្រើប្រាស់ថវិកាប្រកបដោយប្រសិទ្ធភាព។

ការ​សិក្សា​របស់​ធនាគារ​ពិភពលោក​បាន​រក​ឃើញ​ថា កម្ពុជា​បាន​ចំណាយ​ច្រើន​លើ​ការ​អប់រំ ប៉ុន្តែ​លទ្ធផល​មិន​សូវ​មាន​ប្រសិទ្ធភាព។ ដូច្នេះ រដ្ឋាភិបាលត្រូវពិនិត្យប្រសិទ្ធភាពថវិកាឱ្យចំទិសដៅ ប្រកបដោយតម្លាភាព និងគណនេយ្យភាព ដើម្បីធានាថា ថវិកាដែលបានចំណាយលើវិស័យអប់រំ ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង។

លោក ចន្ទរឿន បន្តថា៖ «[យើង] ត្រូវតែលុបបំបាត់អំពើពុករលួយក្នុងវិស័យនេះ ដើម្បីធានាថាការអនុវត្តគោលនយោបាយ និងថវិកាមានតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព»។

ទោះជាយ៉ាងណាក៏ដោយ នេះគួរតែចាប់ផ្តើមជាមួយអ្នកបង្កើតគោលនយោបាយ និងអ្នកពាក់ព័ន្ធទាំងអស់។ ការសាកល្បងជាមួយនឹងគោលនយោបាយនេះក៏មិនគួរចំណាយពេលយូរពេកដែរ។

លោក ចន្ទរឿន បន្ថែមថា៖ «សម្រាប់វិស័យអប់រំរបស់យើង កំណែទម្រង់ទាំងអស់ត្រូវតែមានភាគីពាក់ព័ន្ធច្រើនដើម្បីប្រមូលធាតុចូល ឆ្លុះបញ្ចាំងពីបញ្ហា និងអនុវត្តយុទ្ធសាស្ត្រ និងផែនការសកម្មភាពច្បាស់លាស់ ហើយគោលដៅនៃការអប់រំមិនគួរផ្លាស់ប្តូរច្រើនទេ»។

លោកក៏បានលើកទឹកចិត្តដល់កម្ពុជាឱ្យទាញយកបទពិសោធន៍របស់ប្រទេសជិតខាង និងក្នុងតំបន់ នូវអ្វីដែលពួកគេធ្វើបានល្អក្នុងការបង្រៀន និងការសិក្សា រួចធ្វើការឆ្លុះបញ្ចាំងមកក្នុងប្រទេស។

ធនាគារពិភពលោកបានអះអាងថា ដើម្បីធានាថាការចំណាយលើវិស័យអប់រំកាន់តែមានប្រសិទ្ធភាព រដ្ឋាភិបាលអាចកែលម្អការជ្រើសរើសគ្រូបង្រៀន ការដាក់ពង្រាយគ្រូ និងការបណ្តុះបណ្តាល ព្រមទាំងការផ្តល់មូលនិធិដំណើរការសាលារៀន ឱ្យកាន់តែឆ្លើយតបទៅនឹងតម្រូវការសម្រាប់សាលារៀននីមួយៗ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Ensure Proper Use Of Education Budget To Ensure Effectiveness Of Education, PM Says

489 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម