សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

យុវជនចង់ឃើញរដ្ឋាភិបាលអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធាប្រកប​ដោយតម្លាភាព និងប្រសិទ្ធភាព

ពិធី​ប្រគល់​សញ្ញាបត្រ​យោធា​កម្ពុជា​នៅ​សាលា​យោធា​ខេត្ត​កំពង់ស្ពឺ ឆ្នាំ​២០១៥។ (ខេមបូចា/ព្រីង សំរោង)
ពិធី​ប្រគល់​សញ្ញាបត្រ​យោធា​កម្ពុជា​នៅ​សាលា​យោធា​ខេត្ត​កំពង់ស្ពឺ ឆ្នាំ​២០១៥។ (ខេមបូចា/ព្រីង សំរោង)

យុវជនកម្ពុជាចង់ឃើញរដ្ឋាភិបាលអនុវត្តច្បាប់ស្ដីពីកាតព្វកិច្ចយោធា ដោយតម្លាភាព និងគ្មានអំពើពុករលួយកំឡុងពេលបំពេញតួនាទី។ យុវជនទាំងនោះស្នើឱ្យរដ្ឋាភិបាលផ្ដល់ការគាំពារផ្នែក​ហិរញ្ញវត្ថុឱ្យបានសមរម្យ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងធានាឱកាសការងារផ្សេងៗក្រោយ​បំពេញកាតព្វកិច្ចរួច។

យុវជនវ័យ ២២ឆ្នាំ លោក សរ ម៉េងលិស លើកឡើងថា លោកគាំទ្រឱ្យយុវជនចូលរួមបំពេញកាតព្វកិច្ចយោធា ដើម្បីបុព្វហេតុជាតិ និងការពារមាតុភូមិកម្ពុជា តែលោកចង់ស្នើឱ្យរដ្ឋាភិបាលអនុវត្តច្បាប់ស្ដីពីកាតព្វកិច្ចយោធានេះឱ្យបានសមស្រប និងតម្លាភាព។ យ៉ាងណា លោកបន្តថា បន្ថែមពីលើចំណុចវិជ្ជមាននៃការបំពេញកាតព្វកិច្ចយោធានេះ លោកយល់ថា អត្ថប្រយោជន៍ដែលយុវជននឹងទទួលបាន ហាក់មិនទាន់ឆ្លើយតបទៅនឹងតម្រូវការ ក្នុងបរិបទសេដ្ឋកិច្ចបច្ចុប្បន្ន ។

លោកនិយាយថា៖ «កាតព្វកិច្ចយោធានេះគឺវាល្អដែរ ដោយសារប្រទេសជិតខាងយើង ប្រទេសគេធំៗគឺគេមានហើយ។ វាល្អសម្រាប់ឱ្យយុវជនអាចចូលរួមទទួលបានចំណេះដឹង ទទួលបានសមត្ថភាពថ្មីៗ ចំណេះដឹងទាក់ទងនឹងកាតព្វកិច្ចយោធា ដើម្បីត្រៀមខ្លួនបម្រើជាតិ»។

លោកបន្តថា៖ «យ៉ាងណាចំណុចវិជ្ចមានក៏មានហើយ ប៉ុន្តែចំណុចអវិជ្ជមានក៏មានដែរ។ ប្រទេសយើងនៅក្មេងខ្ចីផ្នែកសេដ្ឋកិច្ច ក៏មិនសូវជាខ្លាំងដូចប្រទេសជិតខាង ឬក៏ប្រទេសដទៃទៀតនៅក្នុងពិភពលោក ហើយចំពោះបញ្ហាមួយទៀតនោះតាមខ្ញុំអាន គឺវាមិនទាន់សមស្របតាមសេដ្ឋកិច្ចបច្ចុប្បន្ន»។

បន្ថែមពីលើនេះ លោក ម៉េសលិស ចោទជាសំនួរថា តើក្រោយយុវជនបំពេញកាតព្វកិច្ចយោធាចប់ តើពួកគេអាចចូលបម្រើការងាររបស់ពួកគេវិញដោយមិនមានការបំបាត់អត្ថប្រយោជន៍ណាមួយឬអត់។ ការណ៍នេះ លោកចង់ឱ្យរដ្ឋាភិបាលធានា និងប្ដេជ្ញាចិត្តលើកត្តាទាំងអស់នេះ ជាពិសេសធានាថា ពួកគេទទួលបានការបណ្ដុះបណ្ដាល និងឱកាសផ្សេងៗទៀត ដូចជាអាហារូបករណ៍សិក្សា ឬការងារជាដើម។

លោកបន្ថែមថា៖ «សំណូមពរខ្ញុំគឺមានតែទទួលបានការងារខ្ញុំសមស្របមកវិញ មុខដំណែងខ្ញុំមកវិញ លទ្ធផលសិក្សានៅដូចដើម ហើយជាពិសេសខាងថ្នាក់លើជួយជម្រុញលើកទឹកចិត្ត បើសិនគាត់ចប់កាតព្វកិច្ចជានិស្សិតខ្វះខាតអាចជួយជាអាហារូបករណ៍។ […] ខ្វះខាតផ្នែកអីអាចជួយជំរុញ និងលើកទឹកចិត្ត ហើយអ្នកដែលចង់ចូលជាយោធិនពេញសិទ្ធិក៏ល្អតែខ្ញុំសូមឱ្យរូបភាពទាំងអស់នេះកើតឡើងដោយតម្លាភាព»។

ចំណែកឯ លោក អ៊ុន បញ្ញា វ័យ២០ឆ្នាំ ជានិស្សិតឆ្នាំទី២ សិក្សាជំនាញគីមីវិទ្យា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ  លើកឡើងស្រដៀគ្នាថា កាតព្វកិច្ចយោធាមានសារសំខាន់សម្រាប់យុវជន បើទោះបីជាពួកគេត្រូវចំណាយពេល២ឆ្នាំក៏ដោយ ដើម្បីជួយជាតិមាតុភូមិ។ តែយ៉ាងណា លោកបង្ហាញការព្រួយបារម្ភថាតើការបំពេញកាតព្វកិច្ចយោធានេះមានសមភាព និងតម្លាភាពកម្រិតណាសម្រាប់ពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។

លោកលើកឡើងថា៖ «ដោយសារតែកាតព្វកិច្ចយោធានេះមិនមែនមានត្រឹមតែប្រទេសយើងទេ​ប្រទេសដទៃមហាអំណាចអីផ្សេងៗក៏គេមានដែរ ហើយប្រទេសយើងទើបតែអនុវត្តខ្ញុំគិតថាល្អសម្រាប់ប្រទេសជាតិ ក៏ប៉ុន្តែដោយសារវាទើបតែចាប់ផ្ដើម យុវជនអាចថាមិនទាន់បានត្រៀមខ្លួននៅឡើយ»។

លោកបានបន្ថែមទៀតថា៖ «ចំពោះខ្ញុំផ្ទាល់ការបារម្ភរបស់ខ្ញុំអាចថាតើ សំណួររបស់ខ្ញុំតើការអនុវត្តកាតព្វកិច្ចយោធាវាមានសមភាពឬអត់ បានន័យថាវាមានសមភាពទាំងកូនមន្ត្រី កូនអ្នកធំជាមួយប្រជាជនទូទៅឬអត់? ជាទូទៅអ្វីដែលយុវជនទាមទារគឺភាពស្មើភាពគ្នា ទោះបីជាប់កាតព្វកិច្ចយោធាក៏ដោយ ខ្ញុំគិតថាវាមិនជាបញ្ហាសម្រាប់យុវជនទេ តែបើសិនជាមានភាពលម្អៀង ខ្ញុំគិតថាវាជាការបារម្ភសម្រាប់ពួកគេ»។

នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នាយករដ្ឋមន្រ្តីកម្ពុជាលោក ហ៊ុន ម៉ាណែត បានចេញអនុក្រឹត្យ ស្តីពី ការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា ដោយចាប់ផ្ដើមកំណត់អំពីលក្ខខណ្ឌនិងបែបបទនៃការធ្វើជំរឿន ការជ្រើសរើស ការអញ្ជើញ ការពន្យារពេល ប្រាក់ឧបត្ថម្ភ គោលរបបផ្សេងៗ ក្នុងគោលបំណងធានាការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា ប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព។

ការជ្រើសរើសប្រជាពលរដ្ឋឱ្យចូលបម្រើកាតព្វកិច្ចយោធាត្រូវធ្វើតាមពីរលក្ខខណ្ឌ គឺលក្ខខណ្ឌស្ម័គ្រចិត្ត និងតាមរយៈការចាប់ឆ្នោត។ ក្នុងនោះប្រជាពលរដ្ឋដែលត្រូវបានជ្រើសរើសឱ្យបំពេញកាតព្វកិច្ចយោធា ត្រូវធ្វើតាមតម្រូវការប្រចាំឆ្នាំ និងត្រូវតែបង្ហាញខ្លួនក្នុងរយៈពេល៣៣០ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹង។

បើតាមមាត្រាទី៤ នៃអនុក្រឹត្យនេះ ប្រជាពលរដ្ឋខ្មែរគ្រប់រូបដែលដល់អាយុត្រូវបំពេញកាតព្វកិច្ចយោធា ត្រូវអញ្ជើញទៅចុះឈ្មោះក្នុងបញ្ជី ជំរឿនកាតព្វកិច្ចយោធា ។ ការធ្វើជំរឿន ត្រូវអនុវត្តចំពោះប្រជាពលរដ្ឋខ្មែរគ្រប់រូបដែលមានអាយុចាប់ពី ១៧ (ដប់ប្រាំពីរ) ដល់២៥ឆ្នាំ (ម្ភៃប្រាំ) គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦។ ប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីតម្រូវឱ្យចូលបំពេញកាតព្វកិច្ចយោធា ត្រូវទទួលបាននូវ ការជូនដំណឹងអំពីកាលបរិច្ឆេទនិងទីកន្លែងនៃការចុះឈ្មោះចូលបំពេញកាតព្វកិច្ចយោធា ជាមួយគណៈកម្មការជាតិកាតព្វកិច្ចយោធា។

គណៈកម្មការជាតិកាតព្វកិច្ចយោធាមានតួនាទីដឹកនាំការជ្រើសរើសប្រជាពលរដ្ឋដែលត្រូវបំពេញកាតព្វកិច្ចយោធាប្រចាំឆ្នាំ តាមចំនួនកំណត់ ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាល កំណត់​អំពីបែបបទនិងនីតិវិធីនៃការធ្វើជំរឿនកាតព្វកិច្ចយោធា និង កំណត់នីតិវិធីចាប់ឆ្នោតជ្រើសរើសប្រជាពលរដ្ឋចូលបំពេញកាតព្វកិច្ចយោធាជាដើម។

មាត្រាទី១៦ ស្ដីពីប្រាក់ឧបត្ថម្ភ គោលរបបផ្សេងៗ និងការលើកទឹកចិត្តចែងថា យោធិនកំពុងបំពេញកាតព្វកិច្ចយោធាត្រូវទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ និងគោលរបបផ្សេងៗដូចជាប្រាក់ឧបត្ថម្ភប្រចាំខែ៤០ម៉ឺនរៀលក្នុងម្នាក់ ប្រាក់ម្ហូបប្រចាំថ្ងៃ ប្រាក់អាហាបំប៉នបន្ថែមពេលហ្វឹកហាត់ ប្រាក់បំណាច់ឧបត្ថម្ភគ្រួសារ និងកូន របបអង្ករប្រចាំថ្ងៃ របបឯកសណ្ឋានប្រយុទ្ធ និងបរិក្ខាមួយចំនួន។

បន្ទាប់ពីអនុវត្តកាតព្វកិច្ចយោធាចប់ ពួកគេ អាចវិលទៅជីវភាពស៊ីវិលវិញបាន ហើយក៏អាចចូលទៅបំពេញការងារក្នុងក្រខបខណ្ឌដើម របស់ស្ថាប័ន សហគ្រាសសាធារណៈ ឬឯកជន និងអង្គការសង្គមស៊ីវិល ដោយរក្សាតំណែង ដូចមុនពេលបំពេញកាតព្វកិច្ចយោធា​។ នេះបើតាមមាត្រា១៤នៃអនុក្រឹត្យនេះ ដែលចែងបន្តថា៖ «សហគ្រាសសាធារណៈ ឬឯកជននានា និងអង្គការសង្គមស៊ីវិល មិនព្រមទទួលយកប្រជាពលរដ្ឋ ដែលបានបញ្ចប់កាតព្វកិច្ចយោធា ឱ្យ​ចូលបម្រើការងារវិញ និងរក្សាមុខតំណែង ដូចមុនពេលទៅបំពេញកាតព្វកិច្ចយោធា ត្រូវផ្តល់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ និងសោហ៊ុយជំងឺចិត្ត ស្របតាមច្បាប់ស្តីពីការងារ»។

លោក​ ទៀ​ សីហា​ រដ្ឋមន្រ្តីក្រសួង​ការពារជាតិ ធ្លាប់លើកឡើងក្នុងពិធីសម្ពោធវិមានឈ្នះ ឈ្នះ ខេត្តកោះកុងថាគិតត្រឹមខែឧសភាមានយុវជនគ្រប់ស្រទាប់វណ្ណៈជាង១ម៉ឺននាក់ហើយបានចុះឈ្មោះបំពេញកាតព្វកិច្ចយោធា។ លោកបានថ្លែងថា៖ «ពេលដែលព្រៀងច្បាប់កាតព្វកិច្ចយោធា​ថ្មីនេះមានយុវជនជាង១ម៉ឺននាក់ហើយបានដាក់ឈ្មោះ ហើយគ្រប់ស្រទាប់វណ្ណៈ មិនថាកូនអ្នកធំ កូនអ្នកមាន កូនអ្នកក្រ កូនកសិករអី គឺមានសិទ្ធិចូលទាំងអស់គ្នា ហើយបច្ចុប្បន្ន​នេះ​អ្នកដែលដាក់ពាក្យសុទ្ធតែកូនអ្នកដឹកនាំទាំងអស់»។

លោកបានអះអាងថា យោធិនដែលបំពេញកាតព្វកិច្ចយោធាទាំងអស់នឹងត្រូវដាក់ជាយោធិនបម្រុង ហើយពួកគេអាចត្រឡប់ទៅសិក្សា​ និងបំពេញការងារវិញបានធម្មតា។

អ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី  ម៉ាលី សុជាតា និង​ លោក ឈុំ សុជា មិនទាន់ឆ្លើយតបជាមួយអ្នកសារព័ត៌មានខេមបូចានៅឡើយគិតត្រឹមថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦។

គួរបញ្ជាក់ផងដែរថា ច្បាប់ ស្ដីពី «កាតព្វកិច្ចយោធា»  ត្រូវបានប្រកាសឱ្យប្រើដោយប្រមុខរដ្ឋស្ដីទី លោក ហ៊ុន សែន នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ បន្ទាប់ពីរដ្ឋសភា និងព្រឹទ្ធសភា អនុម័តរួចនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦។

ក្នុងកិច្ចប្រជុំរដ្ឋសភា កាលពីព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦  លោក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជាចាំបាច់ក្នុងការបង្កើនចំនួនកងទ័ពពេញម៉ោង និងកងទ័ពបម្រុង ដើម្បីការពារអធិបតេយ្យកម្ពុជា ជាការឆ្លើយតបទៅនឹងការឈ្លានពានពីសំណាក់ប្រទេស​ជិតខាង ជាពិសេសក្រោយជម្លោះព្រំ​ដែនកម្ពុជា និងថៃ។ លោកថា កម្ពុជាត្រូវពង្រឹងកម្លាំង និងសមត្ថភាពកងទ័ព ហើយប្រជាពលរដ្ឋខ្មែរគ្រប់រូប មានកាតព្វកិច្ចរួមចំណែកកសាងប្រទេសជាតិ និងការពារមាតុភូមិ ដែលត្រូវអនុវត្តតាមបញ្ញត្តិច្បាប់។ 

លោកបានថ្លែងថា៖ «សម្រាប់កម្ពុជាដែលជាប្រទេសតូច និងធនធាននៅមានកម្រិត ប្រព័ន្ធកាតព្វកិច្ចតាមសេចក្ដីត្រូវការជាក់ស្ដែង។ វាជាជម្រើសដែលសមស្រប ក្នុងការពង្រឹង និងបង្កើនកងទ័ពពេញម៉ោង និងបង្កើតកងទ័ពបម្រុងផង ដើម្បីធានាឱ្យរាជរដ្ឋាភិបាលអាចប្រមូលផ្ដុំកម្លាំងកងទ័ពបានលឿនគ្រប់គ្រាន់សម្រាប់បម្រើសេចក្ដីត្រូវការចាំបាច់។ នេះគឺផ្អែកលើបទពិសោធន៍ និងភាពប្រឈមនាពេលថ្មីៗនេះ»។

យោងតាមច្បាប់ ស្តីពី «កាតព្វកិច្ចយោធា» ដែលចុះព្រះហត្ថលេខា​ដោយប្រមុខរដ្ឋស្តីទី នៅថ្ងៃទី២៣ ខែឧសភា បានឱ្យដឹងថា ច្បាប់នេះ មាន៨ជំពូក និង២០មាត្រា។

មាត្រ១៣ ជំពូកទី៦ នៃច្បាប់ ស្តីពី «កាតព្វកិច្ចយោធា» បានលើកឡើងថា ប្រជាពលរដ្ឋគ្រប់រូប ដែលត្រូវបានអញ្ជើញឱ្យចូលបំពេញកាតព្វកិច្ចយោធា ហើយមិនបានមកបង្ហាញខ្លួនតាមការអញ្ជើញក្នុង​រយៈពេល​៣០ថ្ងៃ គិតពីថ្ងៃដែលសាមីខ្លួនបានទទួលដំណឹង ត្រូវចាត់ទុកជាជនដែលគេចវេះពីកាតព្វកិច្ចយោធា លើកលែងតែមានមូលហេតុត្រឹមត្រូវដែលជននោះពុំអាចមកបង្ហាញខ្លួនបានតាមការកំណត់។

ជនណាដែលគេចវេះពីតាតព្វកិច្ចយោធា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ២ឆ្នាំ និងពិន័យជាប្រាក់ពី មួយលានរៀល ​ទៅ បួនលានរៀល ប្រសិនបើអំពើនេះ​ ត្រូវបានប្រព្រឹត្តក្នុងកាលៈទេសៈដែលប្រទេសមានសន្តិភាព។

ដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី បួនលានរៀល ទៅ ដប់លានរៀល ប្រសិនបើអំពើនេះ ត្រូវបានប្រព្រឹត្តក្នុងកាលៈទេសៈដែលប្រទេសមានសង្គ្រាម ឬរងការឈ្លានពានពីកម្លាំងបរទេស។

នាយកវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា លោក គិន ភា មើលឃើញថា ការបំពេញកាតព្វកិច្ចយោធា ជាលក្ខខណ្ឌចាំបាច់សម្រាប់ពលរដ្ឋគ្រប់រូប។ តែយ៉ាងណា លោកថា ដើម្បីឱ្យច្បាប់ស្តីពីកាតព្វកិច្ចយោធា ក៏ដូចជាច្បាប់ផ្សេងៗទៀត អាចអនុវត្តបានពេញលេញ មានប្រសិទ្ធភាព និងសម្រេចគោលបំណងនៃច្បាប់ ការអនុវត្តត្រូវតែធ្វើឡើងដោយស្មើភាព តម្លាភាព សុក្រឹតភាព យុត្តិធម៌ និងទូទៅ ដោយគ្មានតំបន់ហាមឃាត់ គ្មានការលើកលែង និងគ្មានការសម្របសម្រួល។

លោកបានថ្លែងថា៖ «ខ្ញុំមើលឃើញថាច្បាប់នេះមានសារៈសំខាន់ ហើយវាជាតម្រូវការបន្ទាន់សម្រាប់កម្ពុជាយើង ហើយមែនទែនទៅច្បាប់ស្ដីពីកាតព្វកិច្ចយោធានេះ វាត្រូវបានអនុម័តតាំងពី២០ ឆ្នាំមុនមកម្ល៉េះ ក៏ប៉ុន្តែយើងអត់បានអនុវត្តទេ។ អ៊ីចឹងអត់មានរឿងថ្មីទេសម្រាប់កម្ពុជាសម្រាប់ច្បាប់នេះ ក៏ប៉ុន្តែរឿងថ្មីសម្រាប់ទិដ្ឋភាពនៃការអនុវត្ត ហើយសូមបញ្ជាក់ថាច្បាប់ស្តីពីកាតព្វកិច្ចយោធានេះមិនមែនមានតែនៅប្រទេសកម្ពុជាយើងទេ»។

លោកបន្ថែមថា៖ «ទន្ទឹមនឹងនេះ អ្វីដែលជាការបារម្ភ គឺប្រសិទ្ធភាព តម្លាភាព និងសមភាពនៃការអនុវត្តច្បាប់ គឺត្រូវតែធានាថាច្បាប់នេះត្រូវបានអនុវត្តប្រកបដោយតម្លាភាព មានប្រសិទ្ធភាព និងមានភាពស្មើគ្នាក្នុងចំណោមយុវជន។ ហើយយើងទាមទារឱ្យមានលិខិតបទដ្ឋានក្រោមច្បាប់មួយចំនួនទៀត ដើម្បីណែនាំការអនុវត្តឱ្យបានត្រឹមត្រូវ ជៀសវាងការប្រើប្រាស់ច្បាប់នេះទៅរកផលប្រយោជន៍ផ្ទាល់ខ្លួន ដែលនាំឱ្យមានការបាត់បង់ទំនុកចិត្តលើច្បាប់ និងបាត់បង់ទំនុកចិត្តលើរាជរាដ្ឋាភិបាល»។

ចំណែកឯ អ្នកវិភាគភូមិសាស្ត្រនយោបាយអាស៊ីប៉ាស៊ីហ្វិករបស់កម្ពុជា លោក សេង វ៉ាន់លី លើកឡើងថា ការអនុវត្តច្បាប់កាតព្វកិច្ចយោធាឱ្យមានតម្លាភាពពិតប្រាកដទាមទារឱ្យមានការបង្កើតប្រព័ន្ធទិន្នន័យ​ជំរឿនយោធាឌីជីថលដែលបើកចំហ និងអាចត្រួតពិនិត្យបានពីគ្រប់ភាគីពាក់ព័ន្ធ។ លោកបន្តថា ស្ថាប័នឯករាជ្យត្រូវតែមានដើម្បីត្រួតពិនិត្យថាតើការបែងចែកយោធិនត្រូវតាមអង្គភាព ដោយមិនប្រកាន់បក្សពួកនិយមឬអត់

លោក វ៉ាន់លី យល់ឃើញថា៖ «វាទាមទារឱ្យមានការបង្កើតប្រព័ន្ធទិន្នន័យជំរឿនយោធាឌីជីថលដែលបើកចំហ និងអាចត្រួតពិនិត្យបានពីគ្រប់ភាគីពាក់ព័ន្ធ ដោយកំណត់លក្ខខណ្ឌវិនិច្ឆ័យច្បាស់លាស់ក្នុងការលើកលែង ឬពន្យារពេល ដោយគ្មានការយោគយល់ចំពោះខ្សែស្រឡាយ ឬស្ថានភាពសេដ្ឋកិច្ច»។

លោកបន្ថែមថា៖ «ស្ថាប័នត្រួតពិនិត្យឯករាជ្យត្រូវតែមានវត្តមានដើម្បីតាមដានដំណើរការជ្រើសរើស រួមទាំងការបែងចែកកងកម្លាំងទៅតាមអង្គភាពនីមួយៗឱ្យមានសមភាពពិតប្រាកដ ដោយធានាថាគ្មានការប្រើប្រាស់អំណាច ឬលុយកាក់ដើម្បីទិញសេរីភាព ឬជ្រើសរើសកន្លែងធ្វើការស្រួលនោះឡើយ»។

ទាក់ទងនឹងការធានាឱកាសការងាររបស់យោធិនដែលបំពេញកាតព្វកិច្ចរួចរាល់លោក សេង វ៉ាន់លី ចង់ឃើញរដ្ឋាភិបាលកម្ពុជាផ្ដល់អាទិភាពដល់ពួកគេឱ្យទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈ ឬជំនាញបច្ចេកទេសក្នុងអំឡុងពេលបម្រើយោធា និងការរៀបចំប្រាក់ឧបត្ថម្ភអន្តរកាល ដើម្បីឱ្យពួកគេមានលទ្ធភាពស្វែងរកការងារធ្វើ និងស្ដារជីវភាពឡើងវិញ។

លោកបានបន្ថែមថា៖ «រដ្ឋគួរតែផ្តល់ចំណុចអាទិភាពពិសេសសម្រាប់យោធិនដែលបានបញ្ចប់កាតព្វកិច្ច ក្នុងការប្រឡងចូលក្របខណ្ឌមន្ត្រីរាជការ នគរបាល ឬស្ថាប័នរដ្ឋផ្សេងៗ។ ការផ្តល់វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ ឬជំនាញបច្ចេកទេសក្នុងអំឡុងពេលបម្រើយោធា និងការរៀបចំប្រាក់ឧបត្ថម្ភអន្តរកាលសម្រាប់រយៈពេលបីទៅប្រាំមួយខែក្រោយបញ្ចប់កាតព្វកិច្ច ក៏ជាកត្តាចាំបាច់ដើម្បីជួយពួកគេក្នុងការស្វែងរកការងារថ្មី ឬស្តារជីវភាពឡើងវិញ»៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម