នៅដំណាច់ឆ្នាំសិក្សា២០២៣-២០២៤នេះសាលារៀនជំនាន់ថ្មី(NGS)ទទួលបានការគាំទ្រកាន់តែច្រើនដោយសារតែសាលាដែលផ្តល់ការសិក្សាឆ្លើយតបទៅនឹងបរិបទសតវត្សរ៍ទី២១នេះ បានអនុវត្តកម្មវិធីសិក្សាថ្មីពេញលេញគឺ STEM ដោយការសិក្សាផ្សារភ្ជាប់នឹងការអនុវត្ត ការធ្វើពិសោធន៍ ការស្រាវជ្រាវរកប្រភពធនធានពីខាងក្រៅសៀវភៅសិក្សាគោល និងការសិក្សាបែបថ្នាក់រៀនត្រឡប់(Flipped Classroom)ជាដើម។
ដោយសារតែការផ្តល់ការសិក្សាបានទូលំទូលាយប្រកបដោយគុណភាពទាំងជំនាញរឹង-ទន់ជាលទ្ធផលគ្រាន់តែក្នុងរយៈពេល៧ខែសិស្សសាលាNGSព្រះស៊ីសុវត្ថិ និងព្រះយុគន្ធរ ទទួលបានមេដាយចំនួន៦១៨គ្រឿងពីការចូលរួមប្រកួតប្រជែងក្នុងកម្មវិធីថ្នាក់ជាតិ និងអន្តរជាតិ។
លោក សម្យ កំសាន្ត នាយករងវិទ្យាល័យព្រះស៊ីសុវត្ថិទទួលបន្ទុកសាលារៀនជំនាន់ថ្មីបានប្រាប់ខេមបូចានៅចុងខែមិថុនាថា ចំណុចពិសេសរបស់NGSគឺផ្តោតទៅលើគុណភាពនៃការអប់រំក្នុងនោះមានចំណុចគោលធំៗលេចធ្លោដែលជាចក្ខុវិស័យក៏ដូចជាបេសកកម្មរបស់ NGS។
ចំណុចធំជាងគេទី១ គឺការបង្រៀនសិស្សឱ្យមានចំណេះដឹងខ្លាំងដែលពាក្យបច្ចេកទេសហៅថា KSA ( Knowledge Skill Attitude=ចំណេះដឹង ជំនាញ អាកប្បកិរិយា)គឺបង្រៀនសិស្សឱ្យមានចំណេះដឹងទូលំទូលាយមិនមែនគ្រាន់តែរៀនតាមសៀវភៅរៀនគ្រាន់តែត្រៀមប្រឡងរៀនគ្រាន់តែធ្វើលំហាត់ចប់តែប៉ុណ្ណោះនោះទេ។
NGSធ្វើឱ្យសិស្សមានចំណេះដឹងឆ្លើយតបទៅនឹងបរិបទសតវត្សរ៍ទី២១ដែលជាយុគសម័យឌីជីថល ដែលកូនសិស្សទាំងអស់ត្រូវតែមានចំណេះដឹងទូលំទូលាយមានការស្វែងយល់ទៅលើបរិបទបច្ចុប្បន្ននៅក្នុងប្រទេសនិងជាសកលផងដែរ។
លោក សម្យ កំសាន្ត បញ្ជាក់ថា៖ «អ៊ីចឹងធំធេងណាស់ដែលជាលក្ខណៈពិសេសរបស់NGSគឺអប់រំសិស្សឱ្យមានចំណេះដឹងទូលំទូលាយមិនផ្តោតតែទៅលើចំណេះដឹងនៅក្នុងសៀវភៅសិក្សាគោលតែប៉ុណ្ណោះទេ។ ចំណុចទី២ធំគឺបំណិន(Skill)គឺយើងអប់រំសិស្សយើងចង់បានសិស្សក្លាយជាផលិតផលមួយដែលពួកគេមានបំណិន»។
សូមបញ្ជាក់ថា ក្នុងឆ្នាំសិក្សា២០២៣-២០២៤ NGS នៃវិទ្យាល័យព្រះស៊ីសុវត្ថិ និងព្រះយុគន្ធរមានសិស្សសរុបចំនួន ២ ៣០១នាក់(ស្រី ១ ១៨១នាក់)មានគ្រូបង្រៀននិងបុគ្គលិក១៦៣នាក់(ស្រី៨៥នាក់)និងថ្នាក់រៀនចំនួន៦៨បន្ទប់ ខណៈឆ្នាំសិក្សា២០១៥-២០១៦ដែលជាឆ្នាំបើកដំណើរការសាកល្បងដំបូងNGSវិទ្យាល័យព្រះស៊ីសុវត្ថិមានសិស្ស៤៣៥នាក់គ្រូនិងបុគ្គលិក២៥នាក់និងមានថ្នាក់រៀនតែ១២បន្ទប់ប៉ុណ្ណោះ។
ដោយសារតែ NGSព្រះស៊ីសុវត្ថិ និងព្រះយុគន្ធរ ផ្តល់ការបង្រៀនតាមកម្មវិធីសិក្សា STEM ដោយការសិក្សាផ្សារភ្ជាប់នឹងការអនុវត្ត ពិសោធន៍ ការស្រាវជ្រាវនិងការសិក្សាបែបថ្នាក់រៀនត្រឡប់គ្រាន់តែគិតត្រឹមរយៈពេល៧ខែគឺចាប់ពីខែធ្នូឆ្នាំ២០២៣ដល់ខែមិថុនាឆ្នាំ២០២៤ NGS វិទ្យាល័យព្រះស៊ីសុវត្ថិនិងព្រះយុគន្ធរទទួលបានមេដាយមាស មេដាយប្រាក់ មេដាយសំរឹទ្ធ ជយលាភីកិត្តិយសនិងពានសរុបទាំងអស់ចំនួន ៦១៨គ្រឿងពីការចូលរួមប្រកួតប្រជែងក្នុងកម្មវិធីថ្នាក់ជាតិ និងអន្តរជាតិជាច្រើន។
កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ សាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ និងព្រះយុគន្ធរបានរៀបចំពិព័រណ៍ប្រចាំឆ្នាំស្នាដៃសិស្សដែលមានប្រមាណ៤០០ស្តង់មានដូចជា ការធ្វើពិសោធន៍អំពីសមិទ្ធផលការអប់រំ STEM ផ្នែកវិទ្យាសាស្ដ្រ រ៉ូបូត ចំណតវៃឆ្លាត រូបវិទ្យា គីមីវិទ្យា ស្រាវជ្រាវបញ្ហាសង្គម និពន្ធសៀវភៅ និងការសម្ដែងសិល្បៈជាដើម។ ពិព័រណ៍នេះបានឆ្លុះបញ្ចាំងពីចំណេះដឹង ភាពច្នៃប្រឌិត និងសក្ដានុពលបញ្ញារបស់សិស្ស។
បើតាមថ្នាក់ដឹកនាំNGSការរៀបចំពិព័រណ៍ស្នាដៃសិស្សនាពេលនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីលើកទឹកចិត្តដល់សិស្សានុសិស្ស មាតាបិតា និងអ្នកអាណាព្យាបាល ក៏ដូចជាសហគមន៍ ដើម្បីបង្កើនភាពជឿជាក់ និងទំនុកចិត្តលើគុណភាពអប់រំនៅក្នុងគ្រឹះស្ថានអប់រំសាធារណៈនៃសាលាជំនាន់ថ្មី។
នៅក្នុងពេលចូលរួមជាអធិបតីក្នុងពិធីពិព័រណ៍ស្នាដៃសិស្សប្រចាំឆ្នាំ២០២៤នេះលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា បានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលដែលសាលារៀនជំនាន់ថ្មីទទួលបាន។
លោកលើកឡើងថា៖ «ការសិក្សារបស់សាលារៀនជំនាន់ថ្មីជាការសិក្សាបែបសតវត្សរ៍ទី២១ ការសិក្សាបែបឌីជីថល និងបច្ចេកវិទ្យា ឆ្លើយតបនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្នុងការលើកកម្ពស់ការបណ្ដុះបណ្ដាលធនធានមនុស្ស ឱ្យមានទាំងចំណេះដឹង មានទាំងបំណិន ក៏ដូចជាជំនាញសតវត្សរ៍ទី២១ និងឥរិយាបថល្អ»។
ជាមួយគ្នានេះលោក ហង់ ជួនណារ៉ុន បានកោតសរសើរNGS ដែលក្នុងឆ្នាំសិក្សា២០២២-២០២៣កន្លងមកមានអត្រាសិស្សប្រលងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិរហូតដល់ជាង ៩៣% និងសិស្សដែលទទួលបាននិន្ទេស A និងB ជិត៦០% ច្រើនជាងគេ និងក្នុងមួយឆ្នាំៗសិស្សសាលានេះទទួលបានមេដាយពីការប្រកួតនានានៅអន្តរជាតិ សរុបជាង៦០០គ្រឿង ដែលនេះបញ្ជាក់ពីគុណភាពអប់រំនៃNGSដើម្បីឱ្យសិស្សានុសិស្ស មានសមត្ថភាពគ្រប់គ្រាន់ និងត្រៀមខ្លួនរួចរាល់សម្រាប់ការសិក្សាបន្តទាំងក្នុងនិងក្រៅប្រទេស។
សាលារៀនជំនាន់ថ្មីបានអនុវត្តន៍គោលវិធីសិក្សាថ្មីពេញលេញដំបូងគេនៅសាលារដ្ឋគឺSTEM( Science, Technology, Engineering and Maths=វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា)ដែលទាក់ទាញសិស្សពូកែៗចូលរៀននិងប្រែក្លាយសិស្សដែលមិនចូលចិត្តរៀនវិទ្យាសាស្ត្រឱ្យមកចាប់អារម្មណ៍និងរៀនពូកែផងដែរ។
ក្រៅពីការរៀនក្នុងថ្នាក់សិស្សNGSមានការស្រាវជ្រាវជាច្រើននិងមានការប្រកួតប្រជែងហើយNGSមានការសហការជាមួយគ្រឹះស្ថានជាតិ និងអន្តរជាតិ។បច្ចុប្បន្នNGSនៃវិទ្យាល័យព្រះស៊ីសុវត្ថិនិងព្រះយុគន្ធរ កំពុងធ្វើការអភិវឌ្ឍរបស់ខ្លួន ក្រោមកិច្ចសហប្រតិបត្តិការជាមួយដៃគូជាតិ និងអន្តរជាតិមួយចំនួននៅប្រទេសវៀតណាម ថៃ កូរ៉េ ចិន ជប៉ុន សហរដ្ឋអាមេរិក អូស្រ្តាលី ស្វីសជាដើម។ ជាមួយគ្នានេះNGSនៃវិទ្យាល័យព្រះស៊ីសុវត្ថិ និងព្រះយុគន្ធរបាននិងកំពុងអនុវត្តកម្មវិធីសិក្សាថ្មី ឆ្លើយតបនឹងតម្រូវការរបស់សិស្សានុសិស្សក្នុងសតវត្សរ៍ទី២១ ដោយការសិក្សាផ្សារភ្ជាប់នឹងការអនុវត្ត ពិសោធន៍ ការស្រាវជ្រាវរកប្រភពធនធានពីខាងក្រៅសៀវភៅសិក្សាគោល និងការសិក្សាបែបថ្នាក់រៀនត្រឡប់(Flipped Classroom)ជាដើម។
សិស្សអាចស្វែងយល់ពីការងារចម្បងៗក្រៅពីស្ដាប់គ្រូក្នុងថ្នាក់ ដូចជាចេះប្រើប្រាស់បច្ចេកវិទ្យា(ICT) បម្រើឱ្យការស្រាវជ្រាវ និងអនុវត្តន៍ការអានសៀវភៅតាមបែបអេឡិចត្រូនិច(Camreading)។នេះបើយោងតាមរបាយការណ៍ អំពីវឌ្ឍនភាពសាលារៀនជំនាន់ថ្មីទាំងពីរទីតាំងនៅឆមាសទី១ ឆ្នាំសិក្សា ២០២៣-២០២៤។
ភាពខុសគ្នានៃការរៀននិងបង្រៀនរបស់NGS និងសាលាដទៃ
យុវតី អ៊ឹង ធានី រៀនថ្នាក់ទី១០ នៅសាលារៀនជំនាន់ថ្មីនៃវិទ្យាល័យព្រះស៊ីសុវត្ថិ បានឱ្យដឹងថា ការរៀននៅ NGSនេះ គឺមានភាពសកម្ម និងរស់រវើកដោយសារតែសិស្សត្រូវបានបែងចែកជាក្រុមដើម្បីពិភាក្សាគ្នាទៅតាមមុខវិជ្ជាដែលត្រូវរៀនជារៀងរាល់ថ្ងៃមិនដូចការរៀននៅសាលាដទៃនោះទេ។
ធានីនិយាយថា៖ «តាំងពីខ្ញុំមករៀននៅសាលាជំនាន់ថ្មីនេះខ្ញុំមានមិត្តភក្តិច្រើនជាងមុន ខ្ញុំចេះនិយាយពិភាក្សាច្រើនជាងមុន។ រៀននៅនេះក្រៅពីមានការបែងចែកឱ្យមានក្រុមពិភាក្សា សិស្សត្រូវធ្វើការស្រាវជ្រាវទៅលើប្រធានបទផ្សេងៗទាក់ទងនឹងមេរៀនដែលត្រូវរៀននៅថ្ងៃបន្ទាប់»។
ចំណែកយុវសិស្ស ឧត្តម រតនៈ រៀនថ្នាក់ទី១១ យុវសិស្ស លឹម កុកម៉េង រៀនថ្នាក់ទី១០និងយុវសិស្ស វីរៈ ចេស្តា រៀនថ្នាក់ទី១០ នៅសាលាជំនាន់ថ្មីវិទ្យាល័យព្រះយុគន្ធរ ក៏បានលើកឡើងដូចយុវតី អ៊ឹង ធានីផងដែរ។
យុវសិស្សទាំង៣នាក់និយាយថា ការរៀននៅNGSមានភាពសកម្ម និងមមាញឹក ពីព្រោះក្នុង១ថ្ងៃត្រូវរៀនពេញ៧ម៉ោងនៅសាលា ថែមទាំងមានលំហាត់និងការសិក្សាស្រាវជ្រាវជាច្រើនទៀតដែលលោកគ្រូអ្នកគ្រូដាក់ឱ្យធ្វើនៅផ្ទះគឺមានភាពខុសគ្នាបើប្រៀបធៀបទៅនឹងសាលាដែលពួកគេរៀនកាលពីមុន។
ឧត្តម រតនៈ និយាយថា៖ «កាលខ្ញុំរៀននៅសាលាឯកជន គឺលោកគ្រូអ្នកគ្រូបង្រៀនតែតាមមេរៀននៅក្នុងសៀវភៅ ប៉ុន្តែការរៀននៅ NGS គឺថ្នាក់រៀនសកម្មដោយមានបែងចែកជាក្រុមពិភាក្សានិងការសិក្សាស្រាវជ្រាវផ្សេងៗដែលមានភាពរស់រវើក»។
លោកនាយករងវិទ្យាល័យព្រះស៊ីសុវត្ថិទទួលបន្ទុកសាលារៀនជំនាន់ថ្មីបានឱ្យដឹងទៀតថា ក្នុងការសិក្សា NGS គឺមានផ្តោតទៅលើបំណិន(Hard skill and soft skill=ជំនាញរឹង និងជំនាញទន់) Hard skillគឺសិស្សត្រូវមានសមត្ថភាពផលិត មានសមត្ថភាពធ្វើសកម្មភាពគិតច្នៃប្រឌិតទៅលើអ្វីដែលពួកគេបានរៀនពីលោកគ្រូអ្នកគ្រូជាទ្រឹស្តី ហើយពួកគេបានគិតនិងបានយកគំនិតនោះមកច្នៃប្រឌិតមកធ្វើវាឱ្យកើតបានទៅជាផលិតផលឱ្យកើតបានទៅជាដំណោះស្រាយបញ្ហានៅក្នុងសង្គមដែលនេះហើយគឺជា Hard skill។
ចំណែកនៅក្នុង soft skill លោក សម្យ កំសាន្ត បានលើកឡើងថា គឺNGS បានផ្តោតទៅលើបំណិនទន់៤ដែលបានផ្សព្វផ្សាយនិងណែនាំទៅដល់លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សថា នៅទីនេះ NGSអប់រំសិស្សឱ្យមានបំណិនទន់៤គឺ4c ។ Cទី១គឺcommunicationមានន័យថា អប់រំសិស្សឱ្យមានបំណិនទំនាក់ទំនង។
លោកបន្តថា៖ «មានន័យថាការអប់រំសិស្សនៅទីនេះគឺយើងបង្កើតបរិយាកាសសិក្សាយ៉ាងម៉េចឱ្យសិស្សចេះទំនាក់ទំនងគ្នាទោះបីមកពីគ្រួសារអ្នកក្រគ្រួសារអ្នកមានអ្នកខ្លាំងអ្នកខ្សោយអ្នកណាក៏ដោយមិនសំខាន់សំខាន់ឱ្យមានវិធីឱ្យយល់ដឹងពីរបៀបទំនាក់ទំនង។ នេះជាបំណិត១របស់ពួកគេឱ្យពួកគេចេះទំនាក់ទំនងចេះនិយាយគ្នា»។
ឯបំណិនទី២ Cទី២ គឺ cooperation អប់រំឱ្យសិស្សចេះសហការ ចេះធ្វើការជាក្រុមដែលបានធ្វើឱ្យបរិយាកាសរៀននៅទីនេះកូនសិស្សនិងលោកគ្រូអ្នកគ្រូត្រូវរវល់ក្នុងការធ្វើការងារជាក្រុមដោយដោះស្រាយបញ្ហា ដែលវាជាការបង្កលក្ខណៈឱ្យសិស្សមានការសហការគ្នា។ កាលណាកូនសិស្សមានបំណិនសហការគ្នាបានល្អទៅធ្វើការអ្វីក៏ជោគជ័យដែរក្នុងសង្គមនាថ្ងៃអនាគត។
បន្ថែមពីនេះ Cទី៣ គឺ critical thinkingគឺការគិតវិភាគបែបស៊ីជម្រៅ មានន័យថា៖ «ធ្វើឱ្យសិស្សចេះត្រិះរិះពិចារណាមិនមែនចេះតែអ៊ឺអើតែស្ករដូចគេទេ។ កូនសិស្សរៀននៅទីនេះមានបំណិនវិភាគព័ត៌មាន វិភាគករណី វិភាគទៅលើហេតុនិងផលការទុកចិត្តមិនទុកចិត្តដែលនេះជាការអប់រំមួយដែលយើងហៅថា ការអប់រំឱ្យកូនសិស្សមានធនធាននៅក្នុងការវិភាគរកហេតុនិងផលនិងចេះតស៊ូមតិ»។
ឯ Cទី៤គឺ creativityដោយលោក សម្យ កំសាន្ត បានលើកឡើងថា សាលារៀនជំនាន់ថ្មីបានបង្រៀនសិស្សឱ្យមានបំណិនចេះគិតច្នៃប្រឌិតបង្កើតថ្មី ពីព្រោះជាចក្ខុវិស័យប្រសិនបើមនុស្សមាននវានុវត្តន៍មានគំនិតច្នៃប្រឌិតបង្កើតថ្មីនេះវាជាធនធានមួយខ្លាំងណាស់ដែលប្រទេសជាតិត្រូវការ ពីព្រោះប្រទេសជាតិមួយ មិនអាចចេះតែធ្វើការចម្លងពីគេមកទេគឺត្រូវចេះមានការច្នៃប្រឌិតបង្កើតថ្មីជាផលិតផលថ្មីរបស់ខ្លួនឯង។
សម្រាប់អ្នកគ្រូ គឹម សុត្ថារី ជាគ្រូបង្រៀនមុខវិជ្ជាជីវវិទ្យានៅសាលារៀនជំនាន់ថ្មីវិទ្យាល័យព្រះយុគន្ធរ ដែលកាលពីមុនបង្រៀននៅសាលារៀនជំនាន់ថ្មីវិទ្យាល័យព្រះស៊ីសុវត្ថិ បានឱ្យដឹងថាកាលពីអ្នកគ្រូបង្រៀននៅវិទ្យាល័យស្លាបលែងក្នុងខេត្តកំពង់ស្ពឺអ្នកគ្រូខ្លួនឯងមិនសូវបានអនុវត្តការបង្រៀនតាមបែបសកម្មប៉ុន្មានទេ ដោយសារទី១គឺចំនួនសិស្សក្នុងថ្នាក់ច្រើនច្រើន ទី២គឺមកពីអ្នកគ្រូមិនទាន់សូវចេះអនុវត្តការរៀនបែបសកម្ម និងទី៣មកពីកត្តាចំណេះដឹងរបស់ថ្នាក់ដឹកនាំសាលារៀនផងដែលអ្នកគ្រូមិនដឹងថា ត្រូវសួរអ្នកណានៅពេលមានចម្ងល់ពីវិធីសាស្ត្របង្រៀន។
អ្នកគ្រូបញ្ជាក់ថា៖ «តែនៅទីនេះ NGS គឺ១ចំនួនសិស្សក្នុងមួយថ្នាក់៣៦នាក់ ២.មានការបណ្តុះបណ្តាលពីវិធីសាស្ត្របង្រៀនបែបសកម្មជាប្រចាំ មានការជំរុញនិងលើកទឹកចិត្តពីក្រសួងអប់រំ និងថ្នាក់ដឹកនាំសាលា។ អ៊ីចឹងខ្ញុំអាចអនុវត្តការបង្រៀនបែបសកម្មជាប្រចាំ»។
បន្ថែមពីនេះលោកសម្យ កំសាន្តបញ្ជាក់ថា៖ «អ៊ីចឹងនេះគឺជាលក្ខណៈពិសេសដែលសាលាជំនាន់ថ្មីមានលើសពីសាលាដទៃដែលគេបង្រៀនកូនសិស្សឱ្យគ្រាន់តែត្រៀមប្រឡង។ចំណុច១ទៀតគឺសិស្សនៅសាលាជំនាន់ថ្មី រៀនដើម្បីផ្លាស់ប្តូរឥរិយាបទ ប្តូរការគិតប្តូររបៀបរបប នេះយើងចង់ឱ្យសិស្សយើងមានបំលាស់ប្តូរ»។
មានន័យថា NGS អប់រំសិស្សឱ្យផ្លាស់ប្តូរទម្លាប់មិនល្អពីមុន សូម្បីតែរបៀបរៀនក៏ NGSឱ្យផ្លាស់ប្តូរដែរ។ នៅសាលាផ្សេងទៀតរបៀបរៀនរបស់សិស្សទាល់តែចាំគ្រូប្រាប់គ្រូពន្យល់បានសិស្សរៀនចេះ តែមកដល់ NGSគឺបានផ្លាស់ប្តូរសិស្សឱ្យត្រូវតែស្រាវជ្រាវត្រូវតែរៀនកត់ត្រានូវអ្វីដែលឆ្ងល់ ហើយនៅពេលដែលស្រាវជ្រាវបានគឺត្រូវយកមកសួរគ្រូមកសួរក្រុមការងារនៅក្នុងថ្នាក់រៀន។ នេះហើយគឺការប្តូរឥរិយាបទក្នុងការរៀនសូត្រក្នុងការស្រាវជ្រាវរបស់សិស្ស។
ឥរិយាបទមួយទៀតពីមុនសិស្សអត់ហ៊ានប្រកួតអត់ស្វាហាប់អត់ចេះ អត់ហ៊ានធ្វើបទបង្ហាញតែមកដល់ទីនេះគាត់ត្រូវតែផ្លាស់ប្តូរត្រូវតែក្លាហានចេះតស៊ូមតិចេះលើកហេតុផលវែកញែកបកស្រាយហើយគាត់អាចស្រាវជ្រាវបន្ថែមក្នុងការហ៊ានបោះជំហានទៅវេទិកាអន្តរជាតិជាសកលទៅប្រកួតនៅកម្រិតជាតិអន្តរជាតិតំណាងឱ្យប្រទេស។
លោកសម្យ កំសាន្តបញ្ជាក់ទៀតថា៖ «នេះហើយជាការផ្លាស់ប្តូរឱ្យសិស្សមានមោទនភាពថា ពួកគាត់មករៀននៅសាលាជំនាន់ថ្មីពួកគាត់គឺជាសិស្សដ៏អស្ចារ្យគាត់ជាសិស្សចេញទៅក្រៅប្រទេសតំណាងឱ្យប្រទេសមួយតំណាងឱ្យគ្រួសារនិងតំណាងឱ្យខ្លួនគាត់ផងដែរ។ នេះហើយជាលក្ខណៈពិសេសដែលសាលាជំនាន់ថ្មីបានធ្វើលើសពីសាលាដទៃ»។
សូមបញ្ជាក់ថា នៅ NGS មានបែងចែកជាបន្ទប់រៀនទៅតាមមុខវិជ្ជាដូចជាគីមីវិទ្យាបំពាក់ដោយសម្ភារបរិក្ខារពិសោធន៍ បន្ទប់រៀនរូបវិទ្យា បំពាក់ដោយសម្ភារបរិក្ខារពិសោធន៍ បន្ទប់រៀនជីវវិទ្យាបំពាក់ដោយសម្ភារបរិក្ខារពិសោធន៍ បន្ទប់រៀនកុំព្យូទ័រ បំពាក់ដោយម៉ាស៊ីនកុំព្យូទ័រទំនើបនិងបន្ទប់គណិតវិទ្យាជាដើម។ ជារួមបន្ទប់រៀននៅNGS ពោរពេញដោយសម្ភារឧប្បទេស ចាប់ពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២ ដែលខុសពីសាលារដ្ឋនិងសាលាឯកជនដទៃទៀត។
ឪពុកម្តាយអាណាព្យាបាលពេញចិត្តការបង្រៀននៅNGS
លោក ទួន សុវណ្ណ ដែលជាគ្រូពេទ្យម្នាក់មានទីលំនៅក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យដែលមានកូន៣នាក់រៀននៅសាលាជំនាន់ថ្មីវិទ្យាល័យព្រះស៊ីសុវត្ថិ ប៉ុន្តែចេញអស់២នាក់សព្វថ្ងៃនៅសល់តែ១នាក់កំពុងរៀនថ្នាក់ទី៩បានថ្លែងថាចំពោះកូន២នាក់មុន កាលដំបូងរៀននៅសាលារដ្ឋ សាលាបឋមសិក្សាស្ទឹងមានជ័យដល់ក្រោយមករៀននៅសាលាឯកជនហើយក៏បន្តឱ្យចូលរៀននៅសាលាស៊ីសុវត្ថិជំនាន់ថ្មី។
លោកបញ្ជាក់ថា៖ «ចំពោះការសិក្សា កូនខ្ញុំទាំង៣ គឺរៀនទីនោះ រីកចម្រើនប្រសើរខ្លាំង បើប្រៀបធៀបសាលារដ្ឋ និងសាលាឯកជន ដែលកូនខ្ញុំធ្លាប់រៀនកាលពីមុន។កូនទី១ កាលរៀនឯកជន ត្រឹមឌីប្លូម គាត់រៀនខ្សោយមុខវិជ្ជាសំខាន់ៗ ដូចជា គណិត រូប គីមី ជីវវិទ្យា ដល់រៀននៅជំនាន់ថ្មី គាត់បាននិទ្ទេស A ទាំង៤មុខ»។
កូនទី២ ដែលចូលរៀនសាលាជំនាន់ថ្មីចាប់តាំងពីថ្នាក់ទី៨ គឺប្រលងបាក់ឌុបបាននិទ្ទេស A ក្នុងសម័យប្រឡងកាលពីឆ្នាំ២០២២ហើយប្រលងបានអាហារូបករណ៍៤មហាវិទ្យាល័យទៀតផង។ណែកកូនទី១ ដែលចូលរៀនសាលាជំនាន់ថ្មីចាប់តាំងពីថ្នាក់ទី១០ ដល់ថ្នាក់ទី១២ ហើយដែលត្រូវប្រលងបាក់ឌុបកាលពីឆ្នាំ២០២០ ជាឆ្នាំដែលប្រមុខរដ្ឋាភិបាលបានប្រកាសឲ្យជាប់ដោយស្វ័យប្រវត្តិ គាត់មានការសោកស្តាយ ពីព្រោះគាត់ចង់ប្រឡងដើម្បីយកនិទ្ទេស A ដល់មិនបានប្រឡងគាត់មានការខកចិត្តខ្លាំង។
សព្វថ្ងៃលោក ទួន សុវណ្ណ នៅមានកូនពៅម្នាក់ដែលកំពុងសិក្សាថា្នក់ទី៩ នៅសាលាជំនាន់ថ្មីដែលកំពុងត្រៀមប្រលងឌីប្លូមឆ្នាំនេះ ហើយនិទ្ទេសប្រចាំខែគាត់គឺA&Bរៀងរាល់ខែ។
អ្នកស្រី នេត តារារម្មនី មានទីលំនៅ ក្នុងខណ្ឌច្បារអំពៅ ដែលមានកូនប្រុស២នាក់ទើបចូលរៀននៅសាលាជំនាន់ថ្មីវិទ្យាល័យព្រះស៊ីសុវត្ថិក្នុងឆ្នាំសិក្សា២០២៣-២០២៤នេះបានថ្លែងថា បន្ទាប់ពីពួកគេបានចូលរៀននៅសាលាជំនាន់ថ្មី អ្នកស្រីសង្កេតឃើញថា ការសិក្សារបស់ពួកគេមានភាពរីកចម្រើនច្រើន។
អ្នកស្រីបញ្ជាក់ថា៖ «រីកចម្រើនព្រោះក្នុងកម្មវិធីសិក្សាមានបញ្ចូលច្រើនមុខវិជ្ជាដូចជា ភាសាអង់គ្លេស ចិន កុំព្យូទ័រ គំនូរ ជាដើម ឯការបង្រៀនមានលក្ខណៈស្តង់ដាប្រហែលកម្មវិធីសិក្សានៅស្រុកគេដែរ»។
មុនចូលរៀនសាលាជំនាន់ថ្មី កូនអ្នកស្រីរៀននៅសាលាបឋមសិក្សាព្រះនរោត្តម។អ្នកស្រី តារារម្មនីដែលជាគ្រូបង្រៀននៅសាលារដ្ឋផងដែរនោះបានលើកឡើងថា នៅសាលាជំនាន់ថ្មី សិស្សរៀនតាមបែបបច្ចេកវិទ្យាដោយប្រើប្រាស់ទូរសព្ទស្មាតហ្វូន និងកុំព្យូទ័រជាដើម។
តាមការយល់ឃើញរបស់អ្នកស្រី បើប្រៀបធៀបរវាងសាលារដ្ឋដទៃទៀត និងសាលាឯកជន គឺកម្មវិធីសិក្សារបស់សាលាជំនាន់ថ្មី មានលក្ខណៈល្អប្រសើរជាងគេ មានស្តង់ដារខ្ពស់។
ចំណែកអ្នកស្រី ផន ធីតា រស់នៅសង្កាត់ទួលទំពូងទី១ខណ្ឌចំការមនដែលមានកូន២នាក់រៀននៅសាលាជំនាន់ថ្មីវិទ្យាល័យព្រះយុគន្ធ ដោយកូនប្រុសច្បងរៀនថ្នាក់ទី១០កូនស្រីរៀនថ្នាក់ទី៨បានឱ្យដឹងថា កូនអ្នកស្រីទាំង២នាក់កាលពីមុនរៀននៅវិទ្យាល័យទួលទំពូង។
អ្នកស្រីនិយាយថា៖ «តាំងពីទៅរៀននៅសាលាជំនាន់ថ្មីរយៈពេល២ឆ្នាំមកនេះ កូនៗខ្ញុំទាំង២ឃើញមានការផ្លាស់ប្តូរច្រើន នៅផ្ទះយប់ឡើងខំរៀនដល់យប់ជ្រៅ។ ពួកគេចេះស្រាវជ្រាវទៅលើបញ្ហាផ្សេងៗទៅតាមការដាក់ឱ្យរបស់លោកគ្រូអ្នកគ្រូ»។
ឥរិយាបថសិស្សសាលាជំនាន់ថ្មី
ទាំងលោក ទួន សុវណ្ណ ទាំងអ្នកស្រីនេត តារារម្មនីនិងអ្នកស្រីផន ធីតា សុទ្ធតែបានវាយតម្លៃខ្ពស់ទៅលើឥរិយាបទកូនៗរបស់ខ្លួនចាប់តាំងពីពួកគេបានទៅរៀននៅសាលាជំនាន់ថ្មី។
លោក ទួន សុវណ្ណ សង្កេតឃើញថា៖ «កូនៗទាំង៣របស់ខ្ញុំ មានលក្ខណៈខុសគ្នាកាលពីរៀនសាលារដ្ឋ និងឯកជន ទាំងកាយវិការ ចេះសំពះ ទន់ភ្លន់ រហ័សរហួន ការងើបភ្ញាក់ទៅសាលា និងមកវិញ លើកដៃជម្រាបសួរ ឃើញថា គាត់មិនអៀនប្រៀនឡើយ។ចំពោះខ្ញុំ ជាអាណាព្យាបាល ក៏ពេញចិត្ត និងសប្បាយរីករាយ ដែលបានកូនរៀននៅសាលានេះ»។ដើម្បីជួយជ្រោមជ្រែងសាលានេះលោកទួន សុវណ្ណ បានចូលរួមធ្វើជាសមាជិក គណៈកម្មការទ្រទ្រង់សាលានេះអស់រយៈពេល៧ឆ្នាំ ហើយទើបតែលាឈប់នៅឆ្នាំនេះ។
លោកលើកឡើងថា៖«ធម្មតា សាលារៀនជំនាន់ថ្មី ដែលបានយករបៀបបង្រៀនបែបថ្មី បែបសតវត្សរ៍ទី២១ ត្រូវតែអភិវឌ្ឍថ្មី ទាំងគ្រូ ទាំងសិស្ស ហើយនឹងសម្ភារៈ បរិស្ថាន ។ល។និង។ល។និងត្រូវមានការចូលរួមពីអាណាព្យាបាល ទាំងកម្លាំងកាយ ចិត្ត និងថវិកាផងដែរទើបសាលានេះបានរីកចម្រើន និងចីរភាពបាន»។
អ្នកស្រី នេត តារារម្មនី និយាយថា កូនៗរបស់អ្នកស្រីដែលរៀននៅសាលាជំនាន់ថ្មីគឺមានការរីកចម្រើនប្រសើរពិតមែន ពីព្រោះគ្រូបានដាក់កិច្ចការស្រាវជ្រាវច្រើន។អ្នកស្រីលើកឡើងថា៖ «ដូច្នេះអារម្មណ៍ពួកគេផ្តោតតែលើការរៀន គ្មានពេលវេលាលេងហ្គេម ឬធ្វើរឿងផ្តេសផ្តាសអីផ្សេងទេ។កូនទី៣ខ្ញុំ មានម្តងនោះភ្លេចធ្វើកិច្ចការផ្ទះ គ្រូពិន័យឱ្យកត់មេរៀន៥០ចប់ តាំងពីនោះមករាងដល់ឥឡូវលែងហ៊ានឱ្យខុសទៀតហើយ ខ្លាចគ្រូពិន័យទៀត»។
អ្នកគ្រូ គឹម សុត្ថារី បានថ្លែងឱ្យដឹងថា អ្នកគ្រូបានធ្វើជាគ្រូបង្រៀននៅសាលាជំនាន់ថ្មីអស់រយៈពេល៧ឆ្នាំហើយ គឺតាំងពីដើមឆ្នាំសិក្សា២០១៧-២០១៨មក។អ្នកគ្រូនិយាយថា៖ «នៅទីនេះលោកគ្រូអ្នកគ្រូចូលបង្រៀនសិស្សទៀងទាត់ម៉ោងពេលវេលា មិនបង្រៀនគួរសិស្ស មានបញ្ចូលនិងអនុវត្តវិធីសាស្ត្របែបថ្នាក់រៀនសកម្មដើម្បីឱ្យសិស្សបានចូលរួមច្រើន។ ការសិក្សាបែបនេះបណ្តុះឱ្យសិស្សមានចំណេះនិងជំនាញទន់ដូចជា 4Cs (សហការ ទំនាក់ទំនង ការគិតបែបស៊ីជម្រៅ និងការច្នៃប្រឌិត) ។ នៅទីនេះគឺហ្វឹកហាត់កូនសិស្សឱ្យក្លាយជាពលរដ្ឋសកល»។
យ៉ាងណាក្តីចំពោះការបង្រៀននៅសាលាជំនាន់ថ្មីនេះ អ្នកគ្រូគឹម សុត្ថារី ក៏ជួបនូវបញ្ហាប្រឈមផងដែរគឺការបណ្តុះទម្លាប់សិស្សឱ្យមករៀនបែបសកម្ម។អ្នកគ្រូបញ្ជាក់ថា៖ «ការបណ្តុះទម្លាប់សិស្សឱ្យមករៀនបែបសកម្ម គឺដំបូងៗពួកគាត់មិនទម្លាប់ទេ យើងជាគ្រូអាចនឹងហត់បន្តិច តែនៅពេលដែលពួកគាត់មានទម្លាប់ហើយគឺយើងឈប់សូវហត់ហើយ»។
គោលដៅ NGS
លោក សម្យ កំសាន្ត និងថ្នាក់ដឹកនាំសាលារៀនជំនាន់ថ្មីវិទ្យាល័យព្រះស៊ីសុវត្ថិ ចង់ឱ្យ NGS ក្លាយទៅជាសាលាមួយល្បីដែលមានផលិតផលល្អខ្ពស់ទាន់សម័យប្រើបច្ចេកវិទ្យាជាជំនួយក្នុងការរៀននិងបង្រៀនរបស់លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្ស។
បច្ចុប្បន្ន NGSក៏បានផ្តល់ការអប់រំបែបបច្ចេកវិទ្យាឌីជីថលដែលឆ្លើយតបទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលដែលចង់បានមូលធនមនុស្សប្រកបទៅដោយបច្ចេកវិទ្យា ដោយឱ្យកូនសិស្សមានសមត្ថភាពគ្រប់គ្រាន់ក្នុងការអភិវឌ្ឍផ្នែកបច្ចេកវិទ្យាផងដែរ។
លោក កំសាន្ត បានលើកឡើងថា៖ «ដូចជាក់ស្តែងយើងមានកម្មវិធីបង្រៀនកុំព្យូទ័រនៅសាលាដោយផ្តោតលើ៤ចំណុច។ ទី១ ឱ្យសិស្សយល់ដឹងអំពីចំណេះដឹងផ្នែកឌីជីថលដែលរៀនអំពីប្រព័ន្ធមីឌា(Media) ផ្នែកឌីជីថល។ ទី២ រៀនអំពីកម្មវិធីដែលធ្វើឱ្យដំណើរការគេហៅថាជា Coding»។
សិស្សនៅ NGS ដែលចេះ Coding គាត់នឹងយល់ពីដំណើរការនៃគ្រឿងអេឡិចត្រូនិកទាំងកុំព្យូទ័រថាតើវាធ្វើការយ៉ាងម៉េច ទាំងទូរសព្ទវាធ្វើការយ៉ាងម៉េចគ្រឿងផ្សេងៗទៀតបែប Automation វាធ្វើការយ៉ាងម៉េចដោយNGSចាប់ផ្តើមបង្រៀននិងរៀនពីការសរសេរ Code នេះ។ទី៣គឺសិស្សរៀនដើម្បីឱ្យខ្លួនគាត់ក្លាយទៅជាអ្នកអាជីព ក្លាយទៅជាអ្នកជំនាញផ្នែកបច្ចេកវិទ្យានិងទី៤ចង់ឱ្យសិស្សមានមហិច្ឆតាក្លាយទៅជាអ្នកបង្កើតសហគ្រាសឬក៏ក្រុមហ៊ុនដែលផ្តោតទៅលើការអប់រំបច្ចេកវិទ្យាផងដែរ។
ទោះយ៉ាងណាលោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានថ្លែងថា លោកស្រីមិនគាំទ្រចំពោះការពុះចែកសាលារដ្ឋធ្វើជាសាលារៀនជំនាន់ថ្មីហើយយកថ្លៃសិក្សាពីឪពុកម្តាយឬពីអាណាព្យាបាលសិស្សនោះទេ។
លោកស្រីបញ្ជាក់ថា៖ «ការពុះចែកសាលារដ្ឋធ្វើជាសាលារៀនជំនាន់ថ្មី វាបង្ហាញយ៉ាងច្បាស់ថា ជាការរើសអើងយ៉ាងច្បាស់ ដែលបានធ្វើឱ្យប៉ះពាល់ដល់អារម្មរណ៍សិស្សមាតាបិតា អាណាព្យាបាលលោកគ្រូអ្នកគ្រូនៅតាមសាលារដ្ឋ ពីព្រោះសាលារៀនជំនាន់ថ្មីគេជ្រើសរើសយកតែសិស្សរៀនពូកែ មានលទ្ធភាពបង់លុយសិក្សាចំណែកគ្រូបង្រៀនវិញក៏គេជ្រើសរើសយកតែគ្រូដែលមានចំណេះដឹងខ្ពស់ផងដែរ»។
គិតត្រឹមឆ្នាំ២០២៣ សាលារៀនជំនាន់ថ្មីមានចំនួន១៣កន្លែង (សាលាបឋមសិក្សា៤កន្លែង និងសាលាមធ្យមសិក្សា៩កន្លែង) មានទីតាំងនៅរាជធានីភ្នំពេញ, ខេត្តកណ្តាល, កំពង់ចាម, កំពង់ស្ពឺ, ស្វាយរៀង និងខេត្តព្រៃវែង។បើតាមក្រសួងអប់រំរដ្ឋាភិបាលបានវិនិយោគលើកម្មវិធីសិក្សាសាលាជំនាន់ថ្មីពីឆ្នាំ២០១៦ដល់ឆ្នាំ២០២៣ ចំនួន១៣កន្លែងនេះ សរុបថវិកា១២,៤លានដុល្លារអាមេរិក បូករួមជាមួយថវិការបស់មូលនិធិសប្បុរសជន និងការចូលរួមថវិកាបដិភាគពីមាតាបិតា អ្នកអាណាព្យាបាលសិស្សផងដែរ ។
ក្រសួងអប់រំបានឱ្យដឹងទៀតថា សាលារៀនជំនាន់ថ្មីដែលមានស្រាប់ត្រូវរក្សាការអនុវត្តតាមគោលការណ៍ និងលក្ខខណ្ឌដដែល ប៉ុន្តែចាប់ពីឆ្នាំ២០២៤ តទៅ វិភាគទានដែលមាតាបិតាធ្លាប់បង់ក្នុងពេលកន្លងមក លែងជាកាតព្វកិច្ច ហើយរដ្ឋជាអ្នកបំពេញនូវតម្រូវការសម្រាប់កិច្ចដំណើរការនៃសាលារៀនជំនាន់ថ្មី។ ទោះជាយ៉ាងនេះក្ដីសាលារៀននៅតែអាចបន្តទទួលវិភាគទានពីសប្បុរសជន ក៏ដូចជាមាតាបិតា អ្នកអាណាព្យាបាលសិស្សតាមគោលការណ៍ស្ម័គ្រចិត្ត។
ក្រសួងអប់រំ បានប្តេជ្ញាថា ក្រសួងនឹងបន្តប្រែក្លាយសាលារៀនជំនាន់ថ្មី ពីកន្លែងអាទិភាពសម្រាប់តែសិស្សឆ្នើមដែលមានលទ្ធភាពផ្នែកថវិកាទៅជាមជ្ឈមណ្ឌលឧត្តមភាព (Centre of Excellence) ដែលបើកចំហសម្រាប់សិស្សឆ្នើមទាំងអស់ប្រកបដោយសមធម៌។ ក្នុងន័យនេះ ក្រសួងនឹងពង្រីកគម្រោងសាលារៀនជំនាន់ថ្មី តាមគោលការណ៍ភូមិសាស្ត្រ ដោយយ៉ាងហោចត្រូវបង្កើតឱ្យបានមួយសាលារៀនសម្រាប់ទីរួមខេត្តនីមួយៗ និងពង្រីកឱ្យបានទូទាំង២៥ ខេត្ត រាជធានី។
លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជននិងកីឡា បានប្រាប់ខេមបូចាកាលពីថ្ងៃទី២ ខែកក្កដាថា សាលារៀនជំនាន់ថ្មីគឺជាសាលារៀន រៀនពេញមួយថ្ងៃ ដែលមានឯករាជ្យភាពនៅក្នុងកម្មវិធីសិក្សាជាពិសេស ឱ្យមានគំនិតច្នៃប្រឌិតខ្ពស់នៅក្នុងការប្រើប្រាស់វិធីសាស្រ្តបង្រៀនថ្មីៗទៅតាមទ្រឹស្តីស្ថាបនានិយមដើម្បីធ្វើយ៉ាងណាឱ្យសិស្សមានបំណិនសតវត្សរ៍ទី២១។មានន័យថា លោកគ្រូអ្នកគ្រូគាត់បង្រៀនសិស្សឱ្យចេះរៀនឬក៏ស្វែងរកបន្តតាមរយៈការធ្វើសកម្មភាពសិក្សាស្រាវជ្រាវនិងការសហការដោះស្រាយបញ្ហាជាក្រុមជាដើមដើម្បីឱ្យសិស្សអាចទៅដល់កម្រិតចេះច្នៃប្រឌិតខ្ពស់ជាងគេ។
លោកស្រីបញ្ជាក់ថា៖ «ហើយទៅតាមគោលការណ៍របស់សម្តេចនាយករដ្ឋមន្ត្រី កម្មវិធីសាលារៀនជំនាន់ថ្មីនឹងបន្តពង្រីកវិសាលភាពច្រើនជាងមុននៅក្នុងពេលអនាគតក៏ដូចប្រែក្លាយសាលាមួយចំនួនទៀតដែលកំពុងឈានទៅរកភាពជាសាលារៀនជំនាន់ថ្មីហ្នឹងទៅជាសាលារៀនជំនាន់ថ្មីបណ្តើរៗជាបន្តទៅមុខទៀត»។
បច្ចុប្បន្នក្រៅពីសាលាជំនាន់ថ្មីដែលមាន១៣សាលារួចហើយក្រសួងអប់រំក៏បានទទួលស្គាល់នូវសាលារៀនគំរូចំនួន១២០សាលាហើយកំពុងធ្វើការសិក្សានិងគាំទ្របន្ថែមទៅលើសាលាផ្សេងទៀតដើម្បីឱ្យក្លាយទៅជាសាលាគំរូដែរ។
លោកស្រី ឃួន វិច្ឆិកា លើកឡើងទៀតថា៖ «អ៊ីចឹងហើយការដាក់ឱ្យមានការអនុវត្តនូវកម្មវិធីសិក្សានានាផ្សេងៗគ្នានេះគឺជាជម្រើសសម្រាប់មាតាបិតាដែលពួកគាត់អាចជ្រើសរើសសម្រាប់កូនៗពួកគាត់ទៅតាមឧបនិស្ស័យនិងចំណង់ចំណូលចិត្ត។ អ៊ីចឹងទាំងនេះគឺជាជម្រើសហើយក្រសួងកំពុងតែខិតខំប្រឹងប្រែងដើម្បីជំរុញឱ្យគុណភាពនៃសាលារៀនហ្នឹងក្លាយទៅជាសាលារៀនគំរូជាបន្តបន្ទាប់»។
ប៉ុន្តែយ៉ាណាក្តីគ្រូបង្រៀននៅវិទ្យាល័យព្រះស៊ីសុវត្ថិ២នាក់ដែលបដិសេធប្រាប់ឈ្មោះបានថ្លែងប្រាប់ខេមបូចាដោយចាត់ទុកសាលារៀនជំនាន់ថ្មីថា ជាសាលារៀនដែលយកថ្លៃសិក្សាពីអាណាព្យាបាលសិស្សដោយស្របច្បាប់ខណៈដែលនៅតាមសាលាដ្ឋផ្សេងទៀតមិនត្រូវបានអនុញ្ញាតឱ្យលោកគ្រូអ្នកគ្រូយកលុយពីសិស្សក្នុងម៉ោងសិក្សារបស់រដ្ឋឡើយ។
ជាមួយគ្នានេះប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យលើកឡើងថា បើរដ្ឋាភិបាលចង់បង្កើតសាលារៀនជំនាន់ថ្មីដែលផ្តល់ការអប់រំតាមបែបស្តង់ដាថ្មី គួរតែបង្កើតសាលាថ្មីដាច់ដោយឡែកមិនគួរពុះចែកសាលារដ្ឋបើកធ្វើសាលារៀនជំនាន់ថ្មីហើយឱ្យឪពុកម្តាយឬអាណាព្យាបាលសិស្សបង់ប្រាក់ដូចសាលាឯកជនបែបនេះនោះទេ។
លោកស្រី ឆាយ៉ាវី ថ្លែងទៀតថា៖ «ឱ្យតែជាសាលារដ្ឋខ្ញុំមិនគាំទ្រការយកលុយសម្រាប់បង់ថ្លៃការសិក្សានោះទេ ប៉ុន្តែខ្ញុំគាំទ្របើរដ្ឋាភិបាលឬក្រសួងអប់រំធ្វើកំណែទម្រង់សាលារដ្ឋទាំងអស់នៅទូទាំងប្រទេសឱ្យក្លាយទៅជាសាលាដែលផ្តល់ការបង្រៀនដែលមានគុណភាពល្អកម្រិតខ្ពស់ដោយកៀរគរលុយជំនួយពីបណ្តាប្រទេសផ្តល់ជំនួយនិងពីស្ថាប័នអន្តរជាតិឱ្យជួយលើបញ្ហានេះ»៕