ត្រឹមដើមខែមករា ឆ្នាំ២០២៦ ជម្លោះជិតមួយខែតាមបណ្តោយព្រំដែនកម្ពុជា-ថៃ បានធ្វើឱ្យពលរដ្ឋខ្មែរជាង ៦៤០ ០០០នាក់ ផ្លាស់ទីលំនៅ ដោយបង្ខំឱ្យគ្រួសារជាច្រើនត្រូវភៀសខ្លួនទៅរស់នៅក្នុងវត្តអារាម តង់ស្នាក់នៅបណ្ដោះអាសន្ននិងទីជំរំភៀសសឹកផ្សេងៗទៀតដែលនៅឆ្ងាយពីផ្ទះរបស់ពួកគេ។ ក្នុងចំណោមអ្នកដែលរងផលប៉ះពាល់ខ្លាំងជាងគេ គឺកុមារ ដែលការអប់រំ និងសុខុមាលភាពផ្លូវចិត្តរបស់ពួកគេ ត្រូវបានរំខានយ៉ាងខ្លាំងដោយជម្លោះនេះ។
យោងតាមក្រសួងអប់រំ យុវជន និងកីឡា យ៉ាងហោចណាស់មានសាលារៀនចំនួន ១ ៣១១ ត្រូវបានបង្ខំឱ្យបិទទ្វារនៅពេលនោះ ដើម្បីសុវត្ថិភាពសិស្ស ខណៈតំបន់ស៊ីវិលត្រូវបានកំណត់គោលដៅដោយយោធាថៃ។ ការបិទសាលានេះបានប៉ះពាល់ដល់សិស្សចំនួន ៣២២ ១០៣ នាក់ និងគ្រូបង្រៀនចំនួន ១៥ ០៣៥ នាក់ នៅខេត្តផ្សេងៗគ្នាចំនួន ៧ គឺ ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ ពោធិ៍សាត់ កោះកុង បាត់ដំបង និងសៀមរាប។
សិស្សានុសិស្សនៅតាមបណ្តាខេត្តនៅតាមព្រំដែន បានជួបប្រទះការរំខានម្តងហើយម្តងទៀត បន្ទាប់ពីការប្រយុទ្ធគ្នាបានផ្ទុះឡើងកាលពីខែកក្កដា ឆ្នាំ២០២៥ ដែលនាំឱ្យមានការជម្លៀសទ្រង់ទ្រាយធំ ចន្លោះពីថ្ងៃទី៧ ដល់ថ្ងៃទី១៣ ខែកក្កដា ហើយពេលនោះក៏បណ្តាលឱ្យសាលារៀនរាប់រយត្រូវបិទទ្វារ និងគ្រួសាររាប់ម៉ឺនចាកចេញពីខេត្តទាំងនោះ ភៀសខ្លួនទៅកាន់ជម្រកបណ្តោះអាសន្នផងដែរ។

«មិនសូវនិយាយដូចមុនទេ»
អ្នកជំនាញផ្នែកអប់រំ និងសុខភាពផ្លូវចិត្តបានព្រមានថា ផលប៉ះពាល់នៃជម្លោះនេះលើសពីបញ្ហាខកខានមិនបានរៀនសូត្រ។ កុមារមិនត្រឹមតែខកខានមិនបានរៀនប៉ុណ្ណោះទេ ថែមទាំងបាត់បង់នូវអារម្មណ៍សុវត្ថិភាព និងស្ថិរភាព ដែលជាកត្តាចាំបាច់សម្រាប់ការលូតលាស់ប្រកបដោយសុខភាពល្អរបស់កុមារ។ ឪពុកម្តាយភាគច្រើនបានឱ្យដឹងថា កូនៗរបស់ពួកគេហាក់កាន់តែស្ងៀមស្ងាត់ ចូលចិត្តនៅម្នាក់ឯង ភ័យខ្លាច និងពិបាកផ្ចង់អារម្មណ៍ជាងមុន។
ទោះបីជាបទឈប់បាញ់បានជួយឱ្យសាលារៀនជាង ៧០០ កន្លែងក្នុងខេត្តចំនួន ៥ បានបើកដំណើរការឡើងវិញក៏ដោយ ក៏សាលារៀនចំនួន ២២៨ កន្លែងទៀតនៅក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ និងកោះកុង នៅតែបិទទ្វារ ដែលបណ្តាលឱ្យកុមាររាប់ពាន់នាក់នៅតែមិនអាចទទួលបានការអប់រំផ្លូវការដូចពីមុននៅឡើយទេ។
ក្រសួងមហាផ្ទៃបានរាយការណ៍ថា គិតត្រឹមថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ មានជនភៀសសឹកចំនួន ៤៦០ ០០០ នាក់ បានវិលត្រឡប់ទៅផ្ទះវិញ ខណៈមនុស្សចំនួន ១៨៦ ៧៦០ នាក់ នៅតែស្ថិតនៅក្នុងជំរំនៅឡើយ។
នៅគ្រាដែលជម្លោះបានឡើងកម្ដៅខ្លាំងបំផុតកាលពីខែធ្នូ មានប្រជាជនជាង ៦៤០ ០០០នាក់បានភៀសខ្លួនចេញពីលំនៅឋាន។ ជនស៊ីវិលចំនួន ៣២ នាក់ ត្រូវបានរាយការណ៍ថា បានស្លាប់ និង ៩៤ នាក់ផ្សេងទៀតរងរបួស ព្រមទាំងធ្វើឱ្យខូចខាតធ្ងន់ធ្ងរផ្ទះសម្បែង សាលារៀន មណ្ឌលសុខភាព ផ្លូវថ្នល់ ស្ពាន បណ្ដាញអគ្គិសនី ព្រមទាំងទីកន្លែងសាសនា និងវប្បធម៌ផងដែរ។
ជំនួយមនុស្សធម៌នៅតែត្រូវការជាចាំបាច់ ទាំងនៅក្នុងជំរំនានា និងក្នុងចំណោមគ្រួសារដែលបានវិលត្រឡប់ទៅលំនៅឋានវិញ ជាពិសេសគ្រួសារដែលផ្ទះសម្បែងរងការខូចខាត ឬទទួលសេវានានានៅមានកម្រិត។
អ្នកស្រី វី ស្រីមុំ អាយុ ២៨ ឆ្នាំ មកពីអូរស្មាច់ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានភៀសខ្លួនជាមួយគ្រួសារ កាលពីថ្ងៃទី៨ ខែធ្នូ ក្រោយពេលផ្ទុះអាវុធ ដើម្បីទៅជ្រកកោននៅវត្តសំពៅលូន ក្នុងខេត្តសៀមរាប។ អ្នកស្រីបានបាត់បង់ផ្ទះសម្បែង និងដីស្រែចម្ការ ដែលជាទ្រព្យសម្បត្តិរបស់គាត់ជាច្រើនទសវត្សរ៍មកហើយ។
អ្នកស្រីបានរៀបរាប់ថា៖«ពេលឮសំឡេងផ្ទុះអាវុធ ខ្ញុំនិងប្តីប្រញាប់នាំកូនរត់ភៀសខ្លួនភ្លាមៗ។ ពេលនោះ ខ្ញុំយកតែអីវ៉ាន់ដែលខ្ញុំអាចយកមកបានតែប៉ុណ្ណោះ។ ខ្ញុំមិនដែលគិតថា ស្ថានការណ៍នឹងអូសបន្លាយយូរបែបនេះទេ។ ខ្ញុំគិតថា វាគ្រាន់តែមួយរយៈពេលខ្លីដូចលើកទី១អ៊ីចឹង។ អ៊ីចឹងទៅ ពួកយើងត្រូវខិតខំកសាងជីវិតសារជាថ្មី ក្រោយសង្គ្រាមនេះចប់ទៅ»។
កូនម្នាក់របស់អ្នកស្រីដែលរៀនថ្នាក់ទី២នោះ បានរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារជម្លោះនេះ។ អ្នកស្រីបាននិយាយថា៖ «កូនៗរបស់យើងលែងបានទៅសាលាហើយ[ឥឡូវនេះ]។ សូម្បីតែឮសំឡេងផ្ទុះក៏យើងភ័យដែរ»។ អ្នកស្រីបានបន្ថែមថា៖ «កូនប្រុសរបស់ខ្ញុំមិនសូវនិយាយច្រើនដូចមុនទេ ហើយតែងតែសួរថា តើពេលណាបានទៅផ្ទះវិញ»។
លោក នី សុផារ៉ាន់ ប្រធានប្រតិបត្តិការនៃអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថាការសង្កេតតាមរយៈការងារដោយផ្ទាល់នៅតាមបណ្ដាជំរំជនភៀសខ្លួនចំនួន ៨២ ឃើញថា ជម្លោះនេះបានបង្កផលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល ដល់ការសិក្សា និងសុខភាពផ្លូវចិត្តរបស់កុមារ។
កម្រិតនៃផលប៉ះពាល់នេះ ប្រែប្រួលទៅតាមរយៈពេលនៃការផ្លាស់ទីលំនៅ និងកម្រិតនៃអន្តរាគមន៍ដែលទទួលបាន។ លោក សុផារ៉ាន់ បានបន្ថែមថា៖ «ជាទូទៅ គឺមានផលប៉ះពាល់ពិតមែន ប៉ុន្តែទំហំនៃផលប៉ះពាល់ អាស្រ័យលើការជួយជ្រោមជ្រែងរបស់អ្នកពាក់ព័ន្ធ និងរយៈពេលដែលកុមារបានជួបប្រទះនឹងបញ្ហាទាំងនេះ»។

កុមារភាពត្រូវបានបង្អាក់
អ្នកស្រី ផៃ ចន្ធី អាយុ ៣២ ឆ្នាំ មកពីខេត្តឧត្តរមានជ័យ បានរៀបរាប់ថា សង្គ្រាមបានបង្អាក់ការសិក្សារបស់កូនៗគាត់ និងផ្លាស់ប្តូរចរិតលក្ខណៈរបស់ពួកគេ។ ការជម្លៀសខ្លួនជាញឹកញាប់ក្នុងកំឡុងពេលសិក្សា បានធ្វើឱ្យកូនៗរបស់គាត់រៀនមិនទាន់គេឡើយ។
ដោយសារធ្លាប់ឆ្លងកាត់សង្គ្រាមស៊ីវិលដោយផ្ទាល់កាលពីទសវត្សរ៍ឆ្នាំ១៩៩០ អ្នកស្រី ចន្ធី យល់ពីអារម្មណ៍កូនៗរបស់គាត់។ អ្នកស្រីបាននិយាយថា កូនៗរបស់គាត់រស់នៅក្នុងភាពភ័យខ្លាចជាប់រហូត ហើយតែងតែភៀសខ្លួនគេចពីការវាយប្រហារ។ សូម្បីតែឮសំឡេងយន្តហោះក៏ធ្វើឱ្យពួកគេភ័យស្លន់ស្លោដែរ។ អ្នកស្រីប្រាថ្នាឱ្យមានសន្តិភាពវិលត្រឡប់មកវិញ ដើម្បីអ្នកស្រីអាចចិញ្ចឹមកូនៗក្នុងបរិយាកាសដែលមានសុវត្ថិភាព និងអាចរស់នៅដូចប្រក្រតីឡើងវិញ។
«សង្គ្រាមមិនត្រឹមតែធ្វើឱ្យប្រជាជនរត់ចោលផ្ទះសម្បែង បាត់បង់មុខរបរប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់យ៉ាងខ្លាំងដល់ការសិក្សា និងសុខុមាលភាពផ្លូវចិត្តរបស់កុមារផងដែរ»។
អ្នកស្រី សែ សុខជា អាយុ ៤៣ ឆ្នាំ មកពីខេត្តឧត្តរមានជ័យ បានរៀបរាប់ខណៈកំពុងអង្គុយក្នុងតង់សម្រាប់រៀនបណ្តោះអាសន្នរបស់កុមារ នៅវត្តជ្រោយនាងងួន ក្នុងខេត្តសៀមរាប ថា សង្គ្រាមបានផ្លាស់ប្ដូរឥរិយាបថកុមារ ក្រោយពីពួកគេបានឃើញផ្ទាល់ភ្នែកនូវទិដ្ឋភាពនៃការវាយប្រហារដោយយោធា។
អ្នកស្រីបានបន្តថា៖ «ក្មេងៗមានការភ័យខ្លាច ខ្ញុំក៏ខ្លាចដែរ។ ខ្ញុំអាចបង្រៀនកូនបានតែបន្តិចបន្តួចប៉ុណ្ណោះ ព្រោះត្រូវធ្វើម្ហូបអាហារ និងមើលថែម្ដាយចាស់ជរាទៀត។ មុនសង្គ្រាម យើងមិនបារម្ភពីកូនចៅ ឬផ្ទះសម្បែងទេ ហើយពួកគេក៏រៀនសូត្របានល្អដែរ។ ឥឡូវនេះ ខ្ញុំព្រួយបារម្ភគ្រប់យ៉ាង»។
លោក ស៊ាង លាប អ្នកសម្របសម្រួលគម្រោងនៅអង្គការTPO កម្ពុជា បានពន្យល់ថា សង្គ្រាមបង្កឱ្យមានផលប៉ះពាល់ផ្លូវចិត្តរយៈពេលវែង ជាពិសេសចំពោះកុមារដែលងាយរងគ្រោះ និងមានភាពផុយស្រួយផ្នែកអារម្មណ៍ចំពោះភាពតានតឹង។ លោកបានបន្ថែមថា កុមារត្រូវការបរិយាកាសដែលមានសុវត្ថិភាព និងការគាំទ្រ ដើម្បីលូតលាស់បានល្អ ហើយការភៀសសឹកបានធ្វើឱ្យពួកគេប្រឈមមុខនឹងភាពសោកសៅ និងភាពតានតឹងកាន់តែខ្លាំងរួចទៅហើយ។
លោកបានបន្តថា វិធានការឆ្លើយតបក្នុងគ្រាអាសន្ន គួរតែរួមបញ្ចូលការគាំទ្រផ្នែកចិត្តសាស្ត្រសង្គម និងដោះស្រាយតម្រូវការផ្នែករាងកាយ ផ្លូវចិត្ត និងសង្គមរបស់កុមារ។ ការផ្តល់ជំនួយបែបនេះ ទាមទារកិច្ចសហការពីភាគីពាក់ព័ន្ធជាច្រើន ដែលរួមមានក្រសួង ស្ថាប័ន និងអង្គការនានា ដើម្បីបំពេញសេចក្តីត្រូវការរបស់កុមាររងគ្រោះមួយចំនួនធំ។
លោក លាប បានពន្យល់បន្ថែមថា៖ «នោះហើយជាមូលហេតុដែល TPO ផ្តល់ជាយោបល់ និងស្នើឱ្យបង្កើតទីកន្លែងសម្រាប់កុមារលេង ដែលជាសកម្មភាពមួយដែលអាចធ្វើទៅបានក្នុងគ្រាមានវិបត្តិ ដើម្បីជួយឱ្យពួកគេមានភាពធូរស្រាល។ យើងអាចជួយបានតែ១០ជំរំប៉ុណ្ណោះ។ នៅមានជំរំជាច្រើនទៀតដែលត្រូវការជំនួយ ដូច្នេះយើងត្រូវធ្វើការជាមួយគ្នា ព្រោះអ្វីដែលសំខាន់បំផុតនោះ គឺផ្លូវចិត្ត។ ប្រសិនបើផ្លូវចិត្តទន់ខ្សោយ នោះបញ្ហានឹងកើតមាន»។

រៀនទាំងភ័យខ្លាច ប៉ុន្តែមិនបោះបង់
សុខ ថា ជាសិស្សថ្នាក់ទី៩ អាយុ ១៦ឆ្នាំ មកពីខេត្តឧត្តរមានជ័យ មិនបានរៀនជាមួយមិត្តរួមថ្នាក់អស់រយៈពេលជាច្រើនថ្ងៃមកហើយ ព្រោះតែពួកគេកំពុងរស់នៅក្នុងជំរំមួយ ដែលអាហារហូបចុកមានភាពខ្វះខាត និងគ្មានសៀវភៅសម្រាប់សិក្សា។ ក្រៅពីនេះ យុវតីរូបនេះក៏ត្រូវជួយមើលថែប្អូនៗ និងជួយធ្វើកិច្ចការផ្ទះ ដែលធ្វើឱ្យការសិក្សាកាន់តែមានការលំបាកថែមទៀត។
ទោះបីជាប្រឈមមុខនឹងបញ្ហាទាំងនេះក៏ដោយ សុខ ថា នៅតែព្យាយាមតស៊ូសិក្សាតាមអនឡាញ ទោះបីជាបរិស្ថានជុំវិញខ្លួនប៉ះពាល់ដល់ការផ្ចង់អារម្មណ៍ ក៏ដូចជាសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់នាងក៏ដោយ។ សុខ ថា បានរៀបរាប់ពីស្ថានភាពរបស់ខ្លួនថា ហាក់ដូចជាកំពុង «ប្រណាំងនឹងពេលវេលា» ព្រោះសិស្សដទៃទៀតកំពុងសិក្សានៅក្នុងថ្នាក់រៀនដែលមានសុវត្ថិភាព។
សុខ ថា បាននិយាយថា៖ «នៅពេលដែលខ្ញុំរត់មកដល់ទីនេះ ខ្ញុំមិនសូវបានរៀនសូត្រប៉ុន្មានទេ ដោយសារតែបញ្ហាជម្លោះ។ វាធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់ខ្ញុំ ហើយពិបាកក្នុងការផ្តោតអារម្មណ៍។ កាលពីមុន ពេលដែលខ្ញុំបាននៅក្នុងថ្នាក់ ខ្ញុំអាចទៅសាលាបានរៀនបានគ្រប់ទីកន្លែង។ ខ្ញុំតែងតែនឹកមិត្តភក្តិរួមថ្នាក់ និងលោកគ្រូអ្នកគ្រូដែលផ្តល់ដំបូន្មានដល់ខ្ញុំ»។
សុខ ថា បានបន្ថែមទៀតថា ដោយសារតែគ្មានសៀវភៅ ឬសម្ភារៈសិក្សា ការរៀនសូត្ររបស់គាត់ពិតជាមានការប៉ះពាល់ខ្លាំងណាស់។ ប៉ុន្តែទោះជាយ៉ាងណា សុខ ថា និងក្រុមគ្រួសារបានវិលត្រឡប់ទៅលំនៅឋានវិញហើយកាលពីពេលថ្មីៗនេះ ដែលធ្វើឱ្យយុវតីរូបនេះអាចចាប់ផ្តើមចូលរៀនក្នុងថ្នាក់ឡើងវិញបាន។
សុខ ថា បានបន្តថា៖ «ជាជនភៀសសឹក ខ្ញុំពិតជាមានការលំបាកក្នុងការសិក្សាណាស់។ ពួកយើងរត់ភៀសខ្លួនដោយមិនបានយកសៀវភៅមកតាមឡើយ។ វាងាយស្រួលជាងសម្រាប់អ្នកដែលរស់នៅក្នុងខេត្តដែលមិនរងផលប៉ះពាល់ដោយសង្គ្រាម។ នៅពេលដែលជួបការលំបាក ខ្ញុំតែងតែប្រាប់ខ្លួនឯងថា ត្រូវខិតខំរៀនសូត្របន្ថែមទៀត ហើយកុំឈប់រៀន ព្រោះប្រទេសជាតិត្រូវការពួកយើង»។
សុខ ថា បាននិយាយថា ជំនួសឱ្យការសប្បាយរីករាយនឹងភាពជាយុវវ័យ ខ្លួនបែរជារស់នៅក្នុងភាពភ័យខ្លាចទៅវិញ។
សុខ ថា បានបន្ថែមថា៖ «ទោះបីជានៅក្នុងជំរំក៏ដោយ ក៏ខ្ញុំមិនអាចគេងលក់នៅពេលយប់បានស្រួលដែរ ព្រោះខ្ញុំតែងតែឮសំឡេងដ្រូនហោះពីលើ ដែលធ្វើឱ្យខ្ញុំមានអារម្មណ៍ថាមិនមានសុវត្ថិភាព។ ខ្ញុំសង្ឃឹមថា ថ្ងៃអនាគតប្រទេសរបស់យើងនឹងគ្មានសង្គ្រាម ហើយប្រជាជនរបស់យើងអាចវិលត្រឡប់ទៅផ្ទះដ៏កក់ក្តៅរបស់ពួកគាត់បានវិញ»។
ស្រដៀងគ្នានេះដែរ បឿន ស្រីយ៉ា អាយុ ១៣ ឆ្នាំ ជាសិស្សថ្នាក់ទី៨ មកពីខេត្តឧត្តរមានជ័យ បានលើកឡើងថា កុមារដែលជាជនភៀសខ្លួន តែងជួបប្រទះ«បញ្ហាអប់រំច្រើនជាង» កុមារដែលមិនធ្លាប់ឆ្លងកាត់សង្គ្រាម។ ទោះបីជាមានវ័យត្រឹម១៣ឆ្នាំក៏ដោយ ស្រីយ៉ា ត្រូវរៀនផងនិងជួយកិច្ចការគ្រួសារផង។ ស្រីយ៉ា ត្រូវមើលថែប្អូនៗ ទៅដងទឹក និងជួយម្តាយធ្វើម្ហូប ដែលធ្វើឱ្យគាត់ស្ទើរតែគ្មានពេលសល់សម្រាប់កិច្ចការសាលា។
ការឃ្លាតឆ្ងាយពីសាលា បានធ្វើឱ្យ ស្រីយ៉ា នឹករឭកដល់មិត្តភក្តិ លោកគ្រូអ្នកគ្រូ និងបរិយាកាសដ៏ល្អនៅក្នុងថ្នាក់រៀន។ ទោះបីជាគាត់ចូលចិត្តការអាន និងពូកែខាងភាសាខ្មែរក៏ដោយ ភាពភ័យខ្លាច និងការឈឺចាប់ផ្លូវចិត្ត បានជះឥទ្ធិពលអាក្រក់ដល់សមត្ថភាពសិក្សារបស់គាត់។
ស្រីយ៉ា បានប្រាប់ថា៖ « ប្រហែលជាពេលនេះ ខ្ញុំរៀនយឺតជាងមុនបន្តិចហើយ។ ទោះបីជាការរៀនតាមទូរសព្ទអាចជួយបានខ្លះក៏ពិតមែន ប៉ុន្តែវាក៏មានការលំបាកក្នុងការប្រើប្រាស់កម្មវិធីហ្នឹង។ ខ្ញុំក៏ភ័យខ្លាចដែរ។ ខ្ញុំនៅចាំបានថា នៅពេលដែលថៃចាប់ផ្តើមទម្លាក់គ្រាប់បែកដំបូង ខ្ញុំមានអារម្មណ៍អាណិតប្អូនប្រុស និងម្តាយរបស់ខ្ញុំ នៅពេលដែលពួកយើងរត់គេចខ្លួន។ ខ្ញុំភ័យស្លន់ស្លោ ហើយមិនដឹងថា ត្រូវធ្វើអ្វីនោះទេ»។
ស្រីយ៉ា សង្ឃឹមថា រដ្ឋាភិបាលនឹងបង្កើនការគាំទ្រដល់កុមារដែលជាជនភៀសសឹក ដែលក្នុងនោះរួមមានការកសាងទំនុកចិត្ត និងស្មារតីរបស់ពួកគេឡើងវិញផងដែរ។

បង្រៀនដោយគ្មានថ្នាក់រៀន
នៅក្នុងជំរំជ្រោយនាងងួន អ្នកស្រី អ៊ឹម សុខរិន ជាគ្រូបង្រៀនដែលបានភៀសសឹកមកពីខេត្តឧត្តរមានជ័យ បានបង្រៀនសិស្សថ្នាក់ទី១ ទោះបីជាធម្មតា អ្នកគ្រូ ត្រូវបង្រៀនថ្នាក់ទី៣ ក៏ដោយ។ អ្នកគ្រូ បានបង្រៀនសិស្សប្រមាណជា ៥០ ទៅ ៦០ នាក់ ដែលគ្មានសៀវភៅ សម្ភារៈសិក្សា ហើយថែមទាំងគ្មានតុសម្រាប់សរសេរទៀតផង។ មិនតែប៉ុណ្ណោះ ការយកចិត្តទុកដាក់ និងស្ថានភាពផ្លូវចិត្តរបស់សិស្ស ក៏មិនសូវល្អ ដែលធ្វើឱ្យពួកគេពិបាកផ្តោតអារម្មណ៍ ក្នុងការរៀនសូត្រ។
សិស្សត្រូវបានបង្រៀនអាន និងសរសេរ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសៅរ៍ ពីម៉ោង ៧ ដល់ម៉ោង ១១ ព្រឹក។ អ្នកគ្រូបានប្រាប់ថា សិស្សទាំងនោះឆាប់ភ័យណាស់ ព្រោះថាកាលពីមួយថ្ងៃមុន កងទ័ពថៃបានទម្លាក់គ្រាប់បែកនៅក្បែរជំរំ។
អ្នកគ្រូ សុក្រិន បានឱ្យដឹងថា៖ «ខ្ញុំអាចបង្រៀនបានតែរយៈពេលពីរម៉ោងប៉ុណ្ណោះ។ វាពិតជាលំបាកមែនក្នុងការគ្រប់គ្រងថ្នាក់បណ្ដោះអាសន្នហ្នឹង។ នៅពេលដែលខ្ញុំនិយាយទៅសិស្ស ពួកគេមិនស្តាប់ទេ ហើយណាមួយពួកគេនៅក្មេងនៅឡើយ។ ជួនកាលនៅពេលដែលពួកគេឮសំឡេងអ្វីមួយ ពួកគេភ័យខ្លាច ហើយរត់គេចខ្លួនបាត់»។
អ្នកគ្រូ បានបង្ហាញក្តីអាណិតអាសូរដល់សិស្សដែលត្រូវជួបប្រទះនឹងស្ថានការណ៍ដ៏លំបាកទាំងនេះ តាំងពីវ័យក្មេង។ អារម្មណ៍ និងការចងចាំទាំងនេះ នឹងដិតជាប់ក្នុងចិត្តរបស់ពួកគេ ដែលអាចជះឥទ្ធិពលដល់ជីវិតទៅថ្ងៃមុខទៀតផង។
អ្នកគ្រូ សុខរិន បានមានប្រសាសន៍ថា៖ «សូម្បីតែសិស្សដែលរៀនថ្នាក់ទី៧ ដល់ទី១២ ក៏អត់បានចូលសាលាដែរ តាំងពីថ្ងៃរត់ភៀសខ្លួនពីផ្ទះមកម្ល៉េះ។ ការរៀនតាមអនឡាញក៏មិនមែនស្រួលប៉ុន្មានដែរ ដោយសារតែបញ្ហាទូរស័ព្ទ និងអ៊ីនធឺណិតហ្នឹងណា»។
លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា កុមារបានខាតបង់ពេលវេលាសិក្សាជាច្រើន ដោយសារសាលារៀនជាច្រើនរងការបំផ្លាញ។ ហេតុនេះហើយ ការអភិវឌ្ឍបញ្ញាស្មារតីក៏ត្រូវរាំងស្ទះដែរ។
មុនពេលផ្ទុះជម្លោះភាពតានតឹងនៅតាមព្រំដែនបានធ្វើឱ្យសិស្សានុសិស្សខ្លាចរួចទៅហើយ លុះដល់ពេលផ្ទុះសង្គ្រាមបែបនេះទៀត អាចបណ្តាលឱ្យប៉ះទង្គិចផ្លូវចិត្ត ដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់សមត្ថភាពនៃការសិក្សារបស់ពួកគេ។

«មិនអាចរង់ចាំរហូតដល់ពេលមានសុវត្ថិភាព១០០ភាគរយនោះទេ»
នៅឯជំរំជនភៀសខ្លួនវត្តខ្នារ ក្នុងខេត្តសៀមរាប អ្នកស្រី រៀប លឿត បានរៀបរាប់ថា ទោះបីជាគ្រួសារអ្នកស្រីបានត្រឡប់ទៅផ្ទះវិញក៏ដោយ ក៏កូនច្បងរបស់អ្នកស្រីមិនអាចទៅសាលារៀនបានដដែល ព្រោះសាលានៅមិនទាន់បើកទ្វារនៅឡើយ។ ក្នុងពេលជាមួយគ្នានេះ អ្នកស្រីក៏កំពុងខិតខំប្រឹងប្រែងចាប់ផ្តើមជីវិតសារជាថ្មី ព្រោះអ្វីៗត្រូវបានខូចខាតអស់ទៅហើយ។
អ្នកស្រី លឿត និងស្វាមី ដែលជាកសិករទាំងពីរនាក់ មានកូនចំនួនពីរនាក់ គឺម្នាក់កំពុងរៀនថ្នាក់ទី៧ និងម្នាក់ទៀតមានអាយុពីរឆ្នាំ។ អ្នកស្រីបានបន្ថែមថា៖ «កូនស្រីខ្ញុំជាសិស្សល្អម្នាក់។ នាងឆ្លាត ហើយចង់រៀនសូត្រណាស់»។
លោក យី គឹមថាន នាយកប្រចាំប្រទេសអង្គការភ្លែនអន្តរជាតិកម្ពុជាបានមានប្រសាសន៍ថា ទោះបីជាគ្រួសារដែលបានភៀសសឹកកំពុងវិលត្រឡប់ទៅលំនៅឋានវិញក៏ដោយ ក៏អង្គការនៅតែបន្តផ្តល់ជំនួយដល់ក្រុមដែលងាយរងគ្រោះ ជាពិសេសកុមារ។
លោកបានបន្តថា កុមារដែលភៀសខ្លួនជាមួយអាណាព្យាបាល អាចនឹងជួបប្រទះបញ្ហាផ្លូវចិត្ត ដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ ស្មារតី និងការសិក្សា ដែលទាមទារឱ្យមានការជួយជ្រោមជ្រែងជាប្រចាំពីគ្រប់ស្ថាប័នពាក់ព័ន្ធ។
លោក គឹមថាន បានបន្ថែមថា៖ «ពួកយើងមិនទុកកុមារណាម្នាក់ចោលនៅក្នុងគ្រាដ៏លំបាកនេះទេ។ ជំនួយផ្នែកផ្លូវចិត្ត នៅក្នុងបណ្ដាជំរំមួយចំនួន គឺផ្ដល់នូវការប្រឹក្សាយោបល់ និងរៀបចំទីធ្លាលេងសម្រាប់កុមារ។ ពួកយើងក៏បានសហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបង្កើតសាលាបណ្ដោះអាសន្នផងដែរ»។
លោក សុផារ៉ាន់ នៃអង្គការទស្សនៈពិភពលោកកម្ពុជា បានមានប្រសាសន៍ថាអង្គការរបស់លោកបានគាំទ្រសហគមន៍ភៀសសឹកនៅនៅក្នុងទីតាំងចំនួន ៨២ នៅក្នុងខេត្តចំនួន ៥ ដោយបានបង្កើតទីកន្លែងសម្រាប់កុមារបានចំនួន ៤៥កន្លែង និងមជ្ឈមណ្ឌលសិក្សាបណ្ដោះអាសន្នចំនួន ៥៤កន្លែង ជាមួយក្រសួង ក៏ដូចជាកន្លែងសម្រាប់កុមារអានសៀវភៅដើម្បីបន្តការរៀនសូត្ររបស់ពួកគេ។
ដើម្បីផ្តល់ការគាំទ្រផ្នែកផ្លូវចិត្តនិងសង្គម បុគ្គលិកក្នុងស្រុកចំនួន ១ ២០០នាក់ ត្រូវបានចល័តឱ្យមកមើលថែកុមារ និងមនុស្សពេញវ័យនៅក្នុងជំរំ។ ចំពោះសិស្សានុសិស្សដែលបានវិលត្រឡប់ទៅលំនៅឋានវិញ អង្គការទស្សនៈពិភពលោក នៅតែបន្តជួយក្នុងការស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ និងកែលម្អការបង្រៀន និងការរៀនសូត្រ តាមរយៈកម្មវិធីបណ្តុះបណ្តាល និងលើកទឹកចិត្ត។
លោកបានមានប្រសាសន៍ថា៖ «ពួកយើងមានបទពិសោធន៍ពីអំឡុងពេលកូវីដ។ ប្រសិនបើកុមារត្រូវការការគាំទ្របន្ថែម ពួកយើងនឹងពិនិត្យមើលរឿងនេះជាមួយក្រសួងនិងមន្ទីរ។ ពួកយើងនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពជាមួយអង្គការជាដៃគូ និងរាជរដ្ឋាភិបាល ដើម្បីបង្កើតឱកាសឱ្យពួកគេបន្តការសិក្សា និងស្តារគុណភាពនៃការសិក្សារបស់ពួកគេឱ្យបានល្អប្រសើរឡើងវិញ»។
លោក ប៊ុនរឿង បានប្រាប់ថា ដើម្បីជួយសិស្សានុសិស្សនៅក្នុងខេត្តជាប់ព្រំដែនឱ្យតាមទាន់សិស្សផ្សេង ក្រសួងគ្រោងនឹងបន្ថែមម៉ោងសិក្សា ស្របពេលជាមួយគ្នានេះទីកន្លែងសិក្សាបណ្ដោះអាសន្នក៏ត្រូវបានបង្កើតឡើងសម្រាប់សាលារៀនដែលមិនអាចបើកដំណើរការឡើងវិញបានពេញលេញផងដែរ។
លោក ប៊ុនរឿង បានបន្តឱ្យដឹងបន្ថែមទៀតថា៖ «ពួកយើងកំពុងរៀបចំកន្លែងសិក្សាបណ្ដោះអាសន្នសម្រាប់កុមារ ព្រោះអនាគតរបស់កុមារ គឺជាអនាគតរបស់ប្រទេសជាតិរបស់យើង អ៊ីចឹងហើយពួកយើងមិនអាចរង់ចាំរហូតដល់ពេលមានសុវត្ថិភាព ១០០% នោះទេ។ ពួកយើងត្រូវរៀនរស់នៅក្នុងបរិបទនៃសង្គ្រាម និងការឈ្លានពាននេះ»៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ How the Conflict Jeopardized Thousands of Cambodian Children’s Education and Childhoods









