ប្រទេសកម្ពុជាមានការកើនឡើងនៃចំនួនប្រជាជនក្នុងវ័យធ្វើការបាន នេះបើយោងតាមជំរឿនទូទៅប្រជាជនឆ្នាំ ២០១៩ ដែលនាំឱ្យមានការលើកឡើងថា ភាគលាភប្រជាសាស្ត្រនេះ នឹងផ្តល់ផលប្រយោជន៍ដល់ការអភិវឌ្ឍប្រទេសនេះ។
រដ្ឋាភិបាលបានចេញផ្សាយលទ្ធផលចុងក្រោយនៃទិន្នន័យជំរឿនឆ្នាំ ២០១៩ កាលពីថ្ងៃអង្គារ ដែលបានបង្ហាញថា ប្រជាជនក្នុងប្រទេសនេះ បានកើនឡើងពី ១៣,៤ លាននាក់ក្នុងឆ្នាំ ២០០៨ ដល់ ១៥,៥ លាននាក់នៅឆ្នាំ ២០១៩ ។
ទិន្នន័យនេះបានបង្ហាញថា «ប្រជាជនវ័យកណ្តាល» ដែលរាប់បញ្ចូលទាំងមនុស្សដែលមានអាយុចន្លោះពី ១៥ ឆ្នាំទៅដល់ ៥៩ ឆ្នាំ បានកើនឡើងពី ៦០ ភាគរយនៃប្រជាជនទាំងអស់ដល់ ៦១,៧ ភាគរយ ប៉ុន្តែមានការថយចុះចំនួនប្រជាជនវ័យក្មេងនិងការកើនឡើងតិចតួចនៃប្រជាជនវ័យចំណាស់។
លោកស្រី ហង់ លីណា អគ្គនាយកវិទ្យាស្ថានជាតិស្ថិតិបានមានប្រសាសន៍ថាលទ្ធផលជំរឿនថ្មីនេះ គឺជាការលើកទឹកចិត្តសម្រាប់កម្លាំងពលកម្មក្នុងប្រទេស។
លោកស្រី លីណា បានមានប្រសាសន៍ថា៖ «ការកើនឡើងនៃប្រជាជនវ័យកណ្តាលមានសក្តានុពលសម្រាប់ការអភិវឌ្ឍប្រទេស ព្រោះនេះគឺជាធនធានកម្លាំងពលកម្មក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច»។
លោកស្រី លីណា បានមានប្រសាសន៍ថា ការធ្លាក់ចុះនៃចំនួនប្រជាពលរដ្ឋវ័យក្មេងដែលមានអាយុចន្លោះពី ០ ដល់ ១៤ ឆ្នាំ គឺបណ្តាលមកពីការធ្លាក់ចុះនៃអត្រាមានកូនសរុប។ លើសពីនេះទៀត ក៏មានការធ្លាក់ចុះនៃអត្រាមរណភាពមាតាពេលសម្រាល កូនផងដែរ។
បើតាមលោក Hiroshi Suzuki នាយកប្រតិបត្តិនិងជាប្រធានសេដ្ឋវិទូនៅវិទ្យាស្ថានស្រាវជ្រាវពាណិជ្ជកម្មកម្ពុជា (BRIC) បានឲ្យដឹងថា ការកើនឡើងនៃចំនួនប្រជាជនដែលគ្រប់អាយុចូលធ្វើការនឹងជួយឱ្យប្រទេសកម្ពុជាសម្រេចបានការអភិវឌ្ឍល្អនិងកំណើនផលិតផលសរុបក្នុងស្រុកខ្ពស់។
លោកបានមានប្រាសាសន៍ថា៖ «ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនធ្លាប់ឆ្លងកាត់ការរីកចម្រើនខ្លាំងតាមរយៈកំណើននៃប្រជាជនវ័យកណ្តាល។ ជាធម្មតា គេហៅថា «ភាគលាភប្រជាសាស្ត្រ» ឬ «ភាគលាភប្រជាជន» ។
ទោះបីជាយ៉ាងណា លោកមានប្រសាសន៍ថា ដើម្បីបន្តកំណើនខ្ពស់នេះ អ្នកដែលក្លាយជាកម្លាំងពលកម្មចាំបាច់ត្រូវមានការអប់រំនិងវិជ្ជាជីវៈខ្ពស់។
ជំរឿននេះបានមកពីការធ្វើសម្ភាសន៍ប្រជាពលរដ្ឋ ៣,៥ លានគ្រួសារនៅទូទាំងប្រទេស។ រាជធានីភ្នំពេញនៅតែជាតំបន់ ដែលមានប្រជាជនរស់នៅច្រើនជាងគេបំផុតដោយមានប្រជាជន ២,៣ លាននាក់ បន្ទាប់មក គឺខេត្តកណ្ដាលនិងខេត្តព្រៃវែង។
លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវផ្នែកអាជីវកម្មនៅរាជបណ្ឌិតសភាកម្ពុជាបានមាន ប្រសាសន៍ថា ការកើនឡើងនូវចំនួនប្រជាជនដែលគ្រប់អាយុធ្វើការ នឹងជួយដល់វិស័យឯកជន វិស័យសាធារណៈនិងស្ថាប័នដទៃទៀត។
លោកមានប្រសាសន៍ថា៖ «នេះគឺជាការទទួលបានមកវិញនូវដើមទុនដ៏សំខាន់ ដើម្បីជំរុញនិងលើកស្ទួយការអភិវឌ្ឍសេដ្ឋកិច្ច។ ពួកគេចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ច»។
លោក ចាន់ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ (CPS) មានប្រ សាសន៍ថា ប្រជាជនវ័យក្មេងនៅកម្ពុជាផ្តល់ឲ្យទាំងសក្តានុពលនិងបញ្ហាប្រឈម។
លោកមានប្រសាសន៍ថា៖ «នេះ គឺជាកម្លាំងពលកម្មដ៏គួរឲ្យទាក់ទាញសម្រាប់ឧស្សាហកម្ម ដែលប្រើកម្លាំងពលកម្មច្រើន។ ទន្ទឹមនឹងនេះដែរ វាទាមទារនូវការបង្កើតការងារនិងការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈឱ្យបានគ្រប់គ្រាន់ ដើម្បីធានាបាននូវប្រាក់ចំណូលខ្ពស់ ដើម្បីឆ្លើយតបនឹងតម្រូវការ ដែលកំពុងកើនឡើងសម្រាប់ជីវភាព រស់នៅប្រសើរជាងមុន»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodia’s population increases, presenting job creation challenge