សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

មានការព្រួយបារម្ភអំពីឯកជនភាព បន្ទាប់ពីតារាសម្តែងដេននី ក្វាន់ បង្ហាញករណីបង្កប់កាមេរ៉ាក្នុងបន្ទប់សណ្ឋាគារ

តារាសម្តែងកម្ពុជា ដេននី ក្វាន់ បានបង្ហាញវីដេអូឃ្លីបមួយកាលពីថ្ងៃទី២៥ ឧសភាដែលបង្ហាញពីទំនាស់ជាមួយអ្នកគ្រប់គ្រងសណ្ឋាគារម្នាក់នៅខេត្តព្រះសីហនុ បន្ទាប់ ពីនាងបានប្រទះឃើញកាមេរ៉ាបង្កប់នៅក្នុងបន្ទប់របស់នាងកាលពីខែតុលាឆ្នាំមុន។ ខេមបូចា/ ព្រីង សំរាំង
តារាសម្តែងកម្ពុជា ដេននី ក្វាន់ បានបង្ហាញវីដេអូឃ្លីបមួយកាលពីថ្ងៃទី២៥ ឧសភាដែលបង្ហាញពីទំនាស់ជាមួយអ្នកគ្រប់គ្រងសណ្ឋាគារម្នាក់នៅខេត្តព្រះសីហនុ បន្ទាប់ ពីនាងបានប្រទះឃើញកាមេរ៉ាបង្កប់នៅក្នុងបន្ទប់របស់នាងកាលពីខែតុលាឆ្នាំមុន។ ខេមបូចា/ ព្រីង សំរាំង

អាជ្ញាធរទេសចរណ៍ខេត្តព្រះសីហនុបានទទូចដល់ម្ចាស់សណ្ឋាគារនិងផ្ទះសំណាក់ទាំង អស់កុំឲ្យបង្កប់កាមេរ៉ានៅក្នុងបន្ទប់ឯកជន បន្ទាប់ពីតារាសម្តែងនាង ដេននី ក្វាន់ បានលាតត្រដាងជាសាធារណៈថា សណ្ឋាគារសមុទ្រមាសបានលួចថតរូបនាងនៅក្នុងបន្ទប់ឯកជនរបស់នាងកាលពីខែតុលាឆ្នាំមុន។

នាង ជួន លីហៀង ហៅ ដេននី ក្វាន់ បានបញ្ចេញវីដេអូឃ្លីបមួយនៅថ្ងៃទី២៥ ខែឧសភា និយាយអំពីជម្លោះជាមួយអ្នកគ្រប់គ្រងសណ្ឋាគារនេះ ដោយចោទប្រកាន់សណ្ឋាគារនេះថា បានបង្កប់កាមេរ៉ាសុវត្ថិភាពនៅក្នុងបន្ទប់របស់នាង។ អ្នកស្រី ជា ណារី ដែលជាម្ចាស់សណ្ឋាគារបានអះអាងថា កាមេរ៉ាទាំងនេះគឺសម្រាប់ហេតុផលសុវត្ថិភាពសុទ្ធសាធ។ ក្រោយមក អ្នកស្រីត្រូវបានឃាត់ខ្លួងនិងកំពុងជាប់ពន្ធនាគារនៅឡើយ។

នៅថ្ងៃដដែលនោះ ដេននី ក្វាន់ បានបង្ហោះសារមួយទៀតនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយទាមទាររកយុត្តិធម៌ហើយអះអាងថា សំណងចំនួន១០,០០០ដុល្លារ ដែលគេផ្តល់ឱ្យនាង ដើម្បីបញ្ចប់រឿងដ៏អាក្រក់នេះ គឺមិនគ្រប់គ្រាន់ទេ។

ដេននី ក្វាន់ បាននិយាយថា៖ «ខ្ញុំបានគេងនៅសណ្ឋាគារសមុទ្រមាសនៅកំពង់សោម [ខេត្តព្រះសីហនុ]។ ម្ចាស់សណ្ឋាគារបានបង្កប់កាម៉េរ៉ាក្នុងបន្ទប់របស់ខ្ញុំ ហើយមិនត្រឹម តែបន្ទប់របស់ខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែក្នុងបន្ទប់ផ្សេងទៀតក្នុងសណ្ឋាគារនេះ» ។ ដោយនាងបន្ថែមថា៖ «ខ្ញុំមិនខ្វល់ទេ ព្រោះខ្ញុំគ្រាន់តែរង់ចាំដំណោះស្រាយល្អមួយពីម្ចាស់សណ្ឋាគារ ប៉ុន្តែលទ្ធផលអយុត្តិធម៌សម្រាប់ខ្ញុំ។ សំណង១០.០០០ដុល្លារហាក់ដូចជាមើលស្រាលកិត្តិយសរបស់ខ្ញុំ ក្នុងនាមជាស្ត្រីខ្មែរមួយរូប ហើយខ្ញុំឈឺចាប់ខ្លាំងណាស់។ ខ្ញុំមិនអាចទទួលយកបានទេ។ វាអយុត្តិធម៌ណាស់»។

ដេននី ក្វាន់ ក៏បានបង្ហោះវីដេអូផ្សាយផ្ទាល់តាមហ្វេសប៊ុកកាលពីថ្ងៃពុធផងដែរ ដោយនិយាយថា នាងបានទទួលសារជាច្រើនពីអតីតភ្ញៀវចូលគេងសណ្ឋាគារនេះ ដែលប្រាប់នាងថា ពួកគេក៏ចង់ដាក់ពាក្យប្តឹងម្ចាស់សណ្ឋាគារនេះដែរ។ នាងបន្ថែមថា នាង មិនទាន់បានទទួលសំណងនោះនៅឡើយទេ ហើយសន្យាថានឹងបរិច្ចាគថវិកា ដែលនាងទទួលបានសម្រាប់សកម្មភាពមនុស្សធម៌។

លោក តាំង សុជាតិគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុមានប្រសាសន៍ថាសណ្ឋាគារឬផ្ទះសំណាក់ណាក៏ដោយ ដែលដាក់កាមេរ៉ាសុវត្ថិភាពក្នុងបន្ទប់សណ្ឋាគារនឹងត្រូវប្រឈមការចោទប្រកាន់ពីបទព្រហ្មទណ្ឌនិងធ្វើឱ្យសណ្ឋាគាររបស់ពួកគេប្រឈមនឹងការត្រូវបិទទ្វារ។

លោកបានមានប្រសាសន៍ថា៖ «យើងនឹងផ្សព្វផ្សាយករណីនេះទៅសណ្ឋាគារផ្សេង ទៀត ដើម្បីចៀសវាងកុំឲ្យមានរឿងបែបនេះកើតឡើងម្តងទៀត»។

លោក សុជាតិគ្រឹស្នា តែងតែជួបជាមួយម្ចាស់សណ្ឋាគារនិងផ្ទះសំណាក់នៅខេត្តជាប់ មាត់សមុទ្រនេះពីរដងក្នុងមួយឆ្នាំ ដើម្បីផ្សព្វផ្សាយបទបញ្ញត្តិ ជុំវិញកន្លែងស្នាក់នៅរបស់ភ្ញៀវទេសចរ បានអះអាងថា ករណីបែបនេះកម្រកើតមានណាស់។ លោកបានសង្កត់ធ្ងន់ថា សណ្ឋាគារសមុទ្រមាស ទើបតែបើកបានពីរបីខែ មុនពេលមានរឿងគឺជាសណ្ឋាគារតែមួយគត់  ដែលលោកបានឃើញប្រព្រឹត្តិបែបនេះ។

លោកបានមានប្រសាសន៍ថា៖ «ពួកគេអាចដាក់កាមេរ៉ាសុវត្ថិភាពតែនៅច្រកចូល [សណ្ឋាគារឬផ្ទះសំណាក់] និងនៅជុំវិញតំបន់នោះ ប៉ុន្តែពួកគេមិនអាចដាក់កាម៉េរ៉ានៅក្នុងបន្ទប់បានទេ។ ដូច្នេះ វាខុសច្បាប់នៅពេលពួកគេដាក់វានៅក្នុងបន្ទប់»។ សណ្ឋាគារសមុទ្រមាសត្រូវបានបិទតាំងពីខែតុលាឆ្នាំ២០២០។

លោក សុជាតិគ្រឹស្នា បានបន្ថែមថា ខេត្តព្រះសីហនុមានសណ្ឋាគារជាង៨០ ប៉ុន្តែសណ្ឋាគារប្រមាណ៧០ភាគរយត្រូវបានបិទទ្វារ ក្នុងអំឡុងពេលមានការឆ្លងរាល ដាលជំងឺកូវីដ-១៩។ ក្នុងចំណោមផ្ទះសំណាក់ចំនួនជាង២០០ក្នុងខេត្តនេះ មានចំនួនជាង១០០ត្រូវបានបិទមកដល់ពេលនេះ។

លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានមានប្រសាសន៍ថា ប៉ូលីស  បានតាមចាប់ខ្លួនអ្នកស្រី ណារី រហូតដល់ខេត្តកណ្តាល ហើយបានបញ្ជូនគាត់ទៅតុលាការខេត្តព្រះសីហនុនៅថ្ងៃទី២៨ ខែតុលាឆ្នាំ២០២០។ លោកថា ការស៊ើបអង្កេតបានរកឃើញតែមនុស្ស ម្នាក់ប៉ុណ្ណោះ ដែលជាប់ពាក់ព័ន្ធនឹងករណីនេះ។

លោក ជួន ណារិន្ទ មានប្រសាសន៍ថា មន្រ្តីនគរបាលអាចត្រួតពិនិត្យបានកន្លែងណា ដែលឯកភាពពីគណៈបញ្ជាការឯកភាពខេត្តនិងព្រះរាជអាជ្ញាសាលាដំបូងខេត្ត ដើម្បីដឹកនាំនិងសម្របសម្រួលនីតិវិធី។

លោកបានមានប្រសាសន៍ថា៖ «យើងមិនអាចទៅឆែកនិងពិនិត្យកន្លែងណាមួយដោយគ្មានពាក្យបណ្តឹងពីនរណាម្នាក់បានទេ។ ប្រសិនបើទីតាំងណាមួយបង្កប់កាមេរ៉ា ដើម្បីឃ្លាំមើលបុគ្គលណាម្នាក់ដោយគ្មានការអនុញ្ញាត យើងនឹងអនុវត្ត [ការស្រាវជ្រាវ] ផ្អែកទៅតាមនោះ»។

លោក ស្រេង វ៉ាន់លី អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សលីកាដូប្រចាំខេត្តព្រះសី ហនុបានមានប្រសាសន៍ថា ការបង្កប់កាមេរ៉ាសុវត្ថិភាពនៅក្នុងបន្ទប់សណ្ឋាគារ គឺជាការរំលោភលើសិទ្ធិឯកជនរបស់ប្រជាពលរដ្ឋ។

លោក វ៉ាន់លី បានមានប្រសាសន៍ថា៖ «វាជាការរំលោភលើសិទ្ធិឯកជននិងប៉ះពាល់កេរ្តិ៍ ឈ្មោះរបស់បុគ្គល។ សូមម្ចាស់សណ្ឋាគារនិងផ្ទះសំណាក់កុំដាក់កាមេរ៉ាក្នុងសណ្ឋា គារបែបនេះ ព្រោះវាមិនត្រឹមត្រូវទេ… នៅពេល [ភ្ញៀវ] រកឃើញកាមេរ៉ានៅក្នុងបន្ទប់សណ្ឋាគាររបស់ខ្លួន សណ្ឋាគារទាំងនោះនឹងបាត់បង់កិត្តិយស ហើយភ្ញៀវជាតិនិងអន្តរជាតិក៏មិនហ៊ានស្នាក់នៅសណ្ឋាគារទាំងនោះដែរ»

លោក វ៉ាន់លី បានមានប្រសាសន៍ថា ការបង្កប់កាមេរ៉ាសុវត្ថិភាពនៅក្នុងបន្ទប់សណ្ឋា គារបានបង្ហាញពីចេតនាអាក្រក់ក្នុងការថតសកម្មភាពឯកជនរបស់ភ្ញៀវ។

លោកបានមានប្រសាសន៍ថា៖ «ប្រសិនបើអ្នកគ្រប់គ្រងឬបុគ្គលិកសណ្ឋាគារដឹងថា វាខុសច្បាប់ ហើយពួកគេមិនបានរាយការណ៍ទៅមន្រ្តីនគរបាល ពួកគេបានសមគំនិត ជាមួយជនសង្ស័យ ដូច្នេះពួកគេក៏មានកំហុសដែរ»។

លោកស្រី ជៀប សុធារី អ្នកសម្របសម្រួលប្រចាំខេត្តនៃសមាគមការពារសិទ្ធិមនុស្សអាដហុកបានគាំទ្រប្រសាសន៍របស់លោក វ៉ាន់លី ប៉ុន្តែលោកស្រីបានបន្ថែមថា នេះគឺជាលើកដំបូងរបស់លោកស្រី ដែលបានឮអំពីករណីនេះ។

លោកស្រីបានបន្ថែមថា៖ «វាមានផលប៉ះពាល់ខ្លាំងដល់ភ្ញៀវទេសចរ ហើយពួកគេនឹងមិនហ៊ានស្នាក់នៅសណ្ឋាគារនោះទេ»

លោក លី ច័ន្ទដារា អ្នកនាំពាក្យសាលាដំបូងខេត្តព្រះសីហនុបានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍ថា អ្នកស្រី ជា ណារី អាយុ៤៨ឆ្នាំត្រូវបានតុលាការផ្តន្ទាទោសក្នុងសំណុំរឿងពីរផ្សេងគ្នា។ នៅក្នុងសំណុំរឿងទី១ តុលាការបានផ្តន្ទាទោសអ្នកស្រី ជា ណារី ឲ្យជាប់ពន្ធនាគាររយៈពេល៤ខែ កាលពីខែធ្នូ ឆ្នាំ២០២០ ពីបទប៉ុនប៉ងក្រោមរូបភាពធ្វើឲ្យប៉ះពាល់ដោយថតរូបពួកគេនៅកន្លែងឯកជនដោយគ្មានការព្រមព្រៀង។ ក្នុងសំណុំរឿងទី២ តុលាការបានផ្តន្ទាទោសអ្នកស្រី ជា ណារី កាលពីខែកុម្ភៈ ឆ្នាំ២០២១ ឱ្យជាប់ពន្ធនាគាររយៈពេល៥ខែ និងពិន័យជាប្រាក់២០ម៉ឺនរៀលគឺពីបទថត រូបបុគ្គលនៅកន្លែងឯកជនដោយគ្មានការព្រមព្រៀងនិងផលិតរូបភាពអាសអាភាស៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Denny Kwan’s hidden camera revelation sparks hotel privacy concerns

390 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម