តំណាងសហជីពនិងសមាជិកសហព័ន្ធសហជីពកម្ពុជា(CATU)ប្រមាណ៤០នាក់ បានប្រមូលផ្តុំគ្នា ខណៈសាលាដំបូងខេត្តកំពង់ស្ពឺបើកសវនាការជំនុំជម្រះលើសំណុំរឿងរបស់លោក ជា ចាន់ កាលពីថ្ងៃពុធ ដោយមានលើកបដាទាមទារឱ្យដោះលែងលោក។ តុលាការនឹងប្រកាសសាលក្រមនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤។
លោក ជា ចាន់ ដែលជាមេដឹកនាំសហជីពប្រចាំនៅរោងចក្រផលិតស្បែកជើង វីងស្តារ ស៊ូ (Wing Star Shoes Co Ltd) ត្រូវបានចាប់ខ្លួនកាលពីខែកុម្ភៈ ឆ្នាំ២០២៤ និងត្រូវបានចោទប្រកាន់ពីបទ «សមគំនិតក្នុងអំពើលួច» ដែលជាឧប្បត្តិហេតុមួយដែលតាមចោទថា បានកើតឡើងកាលពីពីរឆ្នាំមុន។ មកដល់ពេលនេះ លោក ជា ចាន់ ត្រូវបានចាប់ខ្លួន និងឃុំខ្លួនអស់រយៈពេល៨៥ថ្ងៃហើយ។
លោក ម៉េត សម្ផស្ស អាយុ៤០ឆ្នាំ បានប្រាប់ខេមបូចាថា ការចោទប្រកាន់លើលោក ជា ចាន់ បានបង្ហាញថា និយោជករបស់គាត់កំពុងប្រើប្រព័ន្ធតុលាការ ដើម្បីបំភិតបំភ័យសហជីព ហើយមិនចង់ឲ្យមានសហជីពឯករាជ្យ។ លោកបានចោទថា ក្រុមហ៊ុននេះកំពុងរំលោភសិទ្ធិសហជីព។
លោក សម្ផស្ស បាននិយាយថា៖ «នៅពេលលោក ជា ចាន់ បង្កើតសហជីព ដើម្បីការពារសិទ្ធិកម្មករ ក្រុមហ៊ុនបានរកលេសចោទប្រកាន់គាត់ដោយគ្មានភស្តុតាង។ នេះ គឺជា [ទម្រង់នៃ] ការគំរាមកំហែងតាមប្រព័ន្ធតុលាការ»។
លោកបានទទូចឲ្យតុលាការទម្លាក់បទចោទលើលោក ជា ចាន់ ខណៈអំពាវនាវឲ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈចាត់វិធានការលើក្រុមហ៊ុនបរទេសណា ដែលរំលោភសិទ្ធិសហជីព ឬសិទ្ធិកម្មករ។ លោក សម្ផស្ស យល់ឃើញថា សហជីពមួយចំនួនដែលស្របតាមក្រុមហ៊ុនមិនប្រឈមមុខនឹងបញ្ហាអ្វីឡើយ ប៉ុន្តែសហជីពឯករាជ្យណាដែល «ហ៊ានការពារសិទ្ធិកម្មករ តិចឬច្រើន នឹងប្រឈមមុខបញ្ហា ឬវិធានការផ្លូវច្បាប់»។ លោកនិយាយថា សហជីពឯករាជ្យដែលតស៊ូ ដើម្បីផលប្រយោជន៍ ឬសិទ្ធិរបស់កម្មករ គឺនៅកណ្តាល។
លោក សម្ផស្ស បាននិយាយថា៖ «ប្រសិនបើយើងឃើញអ្វីមួយខុស យើងនឹងនិយាយថា ខុស។ បើយើងឃើញអ្វីដែលត្រូវ យើងនឹងនិយាយថា ត្រូវ។ នេះជាមូលហេតុដែលពួកគេមិនចង់ឱ្យយើងនៅក្នុងក្រុមហ៊ុននេះ»។
ផ្អែកលើការសង្កេតរបស់លោកស្រីលើសវនាការ លោកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសហជីព CATU បានមានប្រសាសន៍ថា លោក ជា ចាន់ គ្មានកំហុសទេ ដោយសារ «គ្មានជនដៃដល់ណាម្នាក់ត្រូវបានចាប់ខ្លួន» នៅពេលមានករណីលួចដែលតាមចោទថា បានកើតឡើងកាលពីឆ្នាំ២០២២ ហើយក្រុមហ៊ុនក៏មិនបានចាត់វិធានការភ្លាមៗនៅពេលនោះដែរ។
លោកស្រី សុភ័ណ្ឌ បានបន្ថែមថា អោ សំអុល សាក្សីរបស់ក្រុមហ៊ុន វីងស្តារ ស៊ូមិនបានផ្តល់ចម្លើយច្បាស់លាស់ថា អ្នកណាជាអ្នកប្រព្រឹត្តអំពើលួចនោះទេ។ លោកស្រី សុភ័ណ្ឌ មានប្រសាសន៍ថា អោ សំអុល គឺជាកម្មករកាត់ដេរក្នុងរោងចក្របានប្រើពាក្យថា «ប្រហែល» ពេលសាកសួរក្នុងតុលាការ ដែលមិនសមហេតុផលទេ ដោយលោកស្រីកត់សម្គាល់ថា «គេមិនអាចសន្មត់បាន» ថា នោះគឺជាលោក ជា ចាន់ ទេ។
លោកស្រី សុភ័ណ្ឌ ថ្លែងថា៖ «លោក ជា ចាន់ ត្រូវបានឃុំខ្លួនដោយអយុត្តិធម៌ក្នុងពន្ធនាគារជិតបីខែ។ វាអយុត្តិធម៌សម្រាប់គាត់។ លោក ចាន់ ត្រូវបានចាប់ខ្លួនដោយគ្មានដីកាពីតុលាការ ហើយនេះ គឺដោយសារតែក្រុមហ៊ុនមិនសប្បាយចិត្តនៅពេលដែលសហជីពឯករាជ្យត្រូវបានបង្កើតឡើងនៅទីនោះ»។
លោកស្រីទទូចឲ្យតុលាការសម្រេចឲ្យលោក ជា ចាន់ រួចពីបទចោទ ពីព្រោះគាត់គ្មានកំហុស ហើយការចោទប្រកាន់របស់ក្រុមហ៊ុននេះ គឺគ្រាន់តែជា «ការប្រឌិតឡើង ដើម្បីបំភិតបំភ័យសហជីព»។ លោកស្រីបានបន្ថែមថា អ្នកបញ្ជាទិញរបស់ក្រុមហ៊ុន វីងស្តារ ស៊ូ គួរដាក់សម្ពាធលើក្រុមហ៊ុននេះឲ្យដោះលែងលោក ជា ចាន់ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
លោកស្រី សុភ័ណ្ឌ បានមានប្រសាសន៍ថា៖ «ការដោះលែងលោក ចាន់ ពិតជាសំខាន់ណាស់ ពីព្រោះរដ្ឋធម្មនុញ្ញកម្ពុជា ច្បាប់ការងារ និងអនុសញ្ញាអន្តរជាតិដែលគាំទ្រសិទ្ធិក្នុងការបង្កើតសហជីពនៅកន្លែងធ្វើការ។ ដូច្នេះ បើតុលាការផ្តល់យុត្តិធម៌ [ដល់គាត់] មានន័យថា តុលាការយុត្តិធម៌។ សាធារណជនក៏ជឿជាក់លើប្រព័ន្ធតុលាការដែរ»។
លោក ផេង ស៊ីភ័ណ អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ស្ពឺ មិនបានឆ្លើយតបនឹងការហៅទូរសព្ទ និងសារតាមតេឡេក្រាមទេ។
អ្នកស្រី ឆែ ចាន់រ៉ា អាយុ៣៥ឆ្នាំ ភរិយារបស់លោក ជា ចាន់ សង្ឃឹមថា តុលាការនឹងសម្រេចដោយយុត្តិធម៌ និងដោះលែងប្តីរបស់អ្នកស្រី ដោយសារគាត់គ្មានកំហុសទេ។
អ្នកស្រីថាអំឡុងសវនាការនោះ សាក្សីឈ្មោះ សំអុល បានបញ្ជាក់ថា លោក ជា ចាន់ មិនជាប់ពាក់ព័ន្ធនឹងការសមគំនិតក្នុងការប្រព្រឹត្តអំពើលួចទេ។
បន្ទាប់ពីប្តីរបស់អ្នកស្រីត្រូវបានឃុំខ្លួននៅពន្ធនាគារ អ្នកស្រីបានប្រឈមនឹងការលំបាកផ្នែកហិរញ្ញវត្ថុ ដោយត្រូវចំណាយប្រាក់ប្រហែល៩០០ដុល្លារក្នុងមួយខែ ដើម្បីសងប្រាក់កម្ចីធនាគារ ថ្លៃសិក្សារបស់កូនបីនាក់ និងថ្លៃចំណាយលើការរស់នៅ។
អ្នកស្រី ចាន់រ៉ា និយាយថា៖ «ខ្ញុំសង្ឃឹមថា តុលាការនឹងឱ្យប្តីខ្ញុំរួចខ្លួន ព្រោះគាត់មិនបានសមគំនិតប្រព្រឹត្តអំពើលួចទេ។ សុខភាពគាត់ក៏មិនល្អដែរ ដោយសារគាត់មានជំងឺទឹកនោមផ្អែម និងពិបាកដកដង្ហើម »។
លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា លោក ជា ចាន់ កំពុងប្រឈមមុខនឹង «សំណុំរឿងព្រហ្មទណ្ឌ» ហើយវា «ហួសពីសមត្ថកិច្ចរបស់ក្រសួង»។
លោក កត្តា អ៊ន មានប្រសាសន៍ថា៖ «វាមិនស្ថិតនៅក្រោមអំណាចរបស់ក្រសួងទេ ប៉ុន្តែក្នុងករណីសហជីពត្រូវការមេធាវី ក្រសួងអាចជួយបាន» ។
យោងតាមគេហទំព័រ Trademo Intel ជាវេទិកាតាមដានទិន្នន័យខ្សែសង្វាក់ផ្គត់ផ្គង់សកលបានឱ្យដឹងថា «ក្រុមហ៊ុន វីងស្តារ ស៊ូ មានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា ដែលមានដំណើការនាំចូលចំនួន១៣៨លើក និងដំណើការនាំចេញចំនួន៦១៨លើក»។ គេនិយាយថា ក្រុមហ៊ុននេះ គឺនាំចូលវត្ថុធាតុដើមពីសហរដ្ឋអាមេរិក កាណាដា និងហ្វីលីពីន ហើយទីផ្សារនាំចេញសំខាន់ គឺវៀតណាម។
កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ នាយកដ្ឋាននិរន្តរភាពរបស់ក្រុមហ៊ុនបញ្ជាទិញនៅជប៉ុនឈ្មោះ ASICS បានឆ្លើយតបតាមរយៈលិខិតមួយទៅកាន់មជ្ឈមណ្ឌលធនធានធុរកិច្ច និងសិទ្ធិមនុស្ស (BHRRC) ថា ការចាប់ខ្លួនលោក ជា ចាន់ គឺផ្តើមចេញពីពាក្យបណ្តឹងរបស់ក្រុមហ៊ុន វីងស្តារ ស៊ូ។ ក្រុមហ៊ុនផលិតស្បែកជើងកីឡារបស់ជប៉ុននេះបានអះអាងថា ខ្លួន «ទទួលស្គាល់ពីភាពធ្ងន់ធ្ងរនៃស្ថានភាពរបស់លោក ចាន់ » ហើយ «បានប្តេជ្ញាចិត្តលើកកម្ពស់សិទ្ធិការងារ និងការអនុវត្តការងារដោយយុត្តិធម៌នៅតាមខ្សែសង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុន ASICS»។
លិខិតដដែលបានលើកឡើងថា៖ «យើងបានស្នើទៅក្រុមហ៊ុន វីងស្តារ ស៊ូ ឱ្យបញ្ឈប់រាល់ទម្រង់នៃការជ្រៀតជ្រែក និងការសងសឹកប្រឆាំងនឹងសកម្មភាពសហជីព ហើយត្រូវគោរពសិទ្ធិរបស់កម្មករក្នុងការរៀបចំសហជីព។ ទោះបីជាយ៉ាងណាក៏ដោយ យើងកំពុងតាមដានការវិវត្តនៃករណីនេះយ៉ាងយកចិត្តទុកដាក់»។
លើសពីនេះទៅទៀត ក្រុមហ៊ុន ASICS បានសម្តែងការព្រួយបារម្ភរបស់ខ្លួនចំពោះសុខភាព និងសុខុមាលភាពរបស់លោក ចាន់។ ក្រុមហ៊ុនបានពិភាក្សាជាមួយក្រុមហ៊ុន វីងស្តារ ស៊ូ និងបានស្នើរកមធ្យោបាយ ដើម្បីធានាសុវត្ថិភាព និងសុខុមាលភាពរបស់លោក ជា ចាន់។
ទាក់ទងនឹងវិធានការបន្ទាប់របស់លោក ចាន់ ក្រុមហ៊ុន ASICS បានអះអាងថា ដោយសារខ្លួនមានឥទ្ធិពលលើក្រុមហ៊ុន វីងស្តារ ស៊ូ ក្រុមហ៊ុននេះបានយល់ព្រមដាក់លោក ជា ចាន់ ឱ្យស្ថិតក្នុង «ស្ថានភាពឈប់សម្រាកបណ្តោះអាសន្ន»។ក្រុមហ៊ុន ASICS លើកឡើងថា
ក្រុមហ៊ុនវីងស្តារ ស៊ូ បានយល់ព្រម «គោរពតាមសំណើរបស់ក្រសួងការងារ» និងដោះស្រាយស្ថានភាពនេះស្របតាមច្បាប់។
ASICS បានបញ្ជាក់ថា៖ «ប្រសិនបើលោក ចាន់ ត្រូវបានរកឃើញថា គ្មានកំហុស ក្រុមហ៊ុន វីងស្តារ ស៊ូ នឹងប្តេជ្ញាអនុវត្តតាមសំណើរបស់ក្រសួងការងារ ផ្តល់សំណង និងផ្តល់តួនាទីរបស់គាត់ឡើងវិញ »៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Render Justice on Wing Star Union’s Chief, CATU Urges Kampong Speu Court