កម្មកររាប់រយនាក់បានផ្ទុះការតវ៉ាកាលពីថ្ងៃចន្ទ បន្ទាប់ពីរោងចក្រអិមអិល អ៊ីនធីមេត អឹភែរឹល (ML Intimate Apparel (Cambodia) Ltd) ដែលមានទីតាំងក្នុងក្រុងប៉ោយប៉ែត បានប្រកាសក្ស័យធន និងបិទទ្វារ ដែលធ្វើឲ្យកម្មករជិត៧០០នាក់មានក្ដីបារម្ភអំពីស្ថានភាពការងាររបស់ខ្លួន ខណៈកម្មករទាំងនោះកំពុងរង់ចាំការបើកប្រាក់ខែ និងប្រាក់បំណាច់។
ក្រុមកម្មករបានតវ៉ានៅខាងក្រៅរោងចក្រក្នុងខេត្តបន្ទាយមានជ័យ ក្រោយក្រុមហ៊ុនបានប្រកាសភ្លាមៗថា ខ្លួននឹងបិទអាជីវកម្មដោយគ្មានការជូនដំណឹងជាមុន។ យ៉ាងណា ការតវ៉ានេះត្រូវបានដោះស្រាយដោយសន្តិវិធីភ្លាមៗនៅប៉ុន្មានម៉ោងក្រោយ។
ផ្អែកតាមកំណត់ហេតុដែលខេមបូចាទទួលបាន រោងចក្រអិមអិល បានយល់ព្រមបើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍នានាជាពីរវគ្គដល់កម្មករ។ វគ្គទីមួយគឺការបើកប្រាក់ឈ្នួលនិងអត្ថប្រយោជន៍នានានៅថ្ងៃទី២៨ ខែមេសា និងប្រាក់ខែដែលនៅសេសសល់ និងអត្ថប្រយោជន៍ផ្សេងទៀតនឹងត្រូវបើកនៅវគ្គទីពីរនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦។
សម្រាប់កម្មករដែលស្ថិតក្នុងកិច្ចសន្យាការមានថិរវេលាកំណត់នឹងទទួលបានប្រាក់ខែចុងក្រោយ និងប្រាក់ជួសការឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់ និងប្រាក់បំណាច់កិច្ចសន្យាការងារប្រាំភាគរយ។
ដោយឡែកកម្មករដែលស្ថិតក្នុងកិច្ចសន្យាការងារមានថិរវេលាមិនកំណត់នឹងត្រូវទទួលបានប្រាក់ឈ្នួលចុងក្រោយដែលមិនទាន់បើក ប្រាក់ជួសការឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់ ប្រាក់បំណាច់អតីតភាពការងារក្នុងឆមាសទី១ និងប្រាក់បំណាច់ជួសការជូនដំណឹងជាមុន។
កំណត់ហេតុដដែលសរសេរទៀតថា បើសិនជាក្រុមហ៊ុនមិនអាចទូទាត់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍នានាដល់កម្មករបានទាន់ពេលកំណត់ ក្រុមហ៊ុននឹងប្រគល់ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនទៅឲ្យក្រសួងការងារលក់ឡាយឡុងជូនកម្មករនិយោជិត។
ក្រៅពីនេះក្រុមហ៊ុនក៏យល់ព្រមបន្តបង់វិភាគទានទៅ ប.ស.ស សម្រាប់កម្មករដែលមានផ្ទៃពោះចំនួនប្រាំបួនរូប រហូតដល់អ្នកទាំងនោះសម្រាលកូនរួច។
កំណត់ហេតុមានសរសេរទៀតថាកម្មករ «បានយល់ព្រមទទួលយកសំណើដំណោះស្រាយនេះ យល់ព្រមរក្សាសណ្ដាប់ធ្នាប់សាធារណៈ និងមិនបន្តដាក់ពាក្យបណ្ដឹងផ្សេងទៀតទេ»។
កាលពីឆ្នាំ២០២៣ កម្មករ៤០០នាក់របស់រោងចក្រកាត់ដេរអិមអិលក្នុងក្រុងប៉ោយប៉ែតនេះ ធ្លាប់បានផ្ទុះការតវ៉ាទាមទារឲ្យរោងចក្របើកប្រាក់ខែឲ្យបានទៀងទាត់ផងដែរ។

លោក កឹម តូនិច តំណាងឲ្យបុគ្គលិក និងកម្មករនៅរោងចក្របាននិយាយថា បន្ទាប់ពីមានការតវ៉ា តំណាងក្រសួងការងារ និងភាគីពាក់ព័ន្ធបានជួប និងយល់ព្រមរកដំណោះស្រាយដល់កម្មករ។
យ៉ាងណា ការបិទរោងចក្រភ្លាមៗ និងក្នុងស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្នបានធ្វើឲ្យកម្មករមានការព្រួយបារម្ភពីរឿងចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារជាខ្លាំង។ លោកនិយាយទាំងសោកស្តាយថា សំណងដែលរោងចក្រផ្ដល់ឲ្យអាចទទួលយកបាន និងថាកម្មករខ្លះបានធ្វើការនៅរោងចក្រនេះចាប់ពីពីរទៅ១០ឆ្នាំមកហើយ។
លោកបន្តថា៖ «បញ្ហាជម្លោះទាក់ទងនឹងការបើកប្រាក់ខែកើតមានស្ទើរតែរាល់ខែ…តំបន់សេដ្ឋកិច្ចពិសេសដែលខ្ញុំធ្វើការធ្លាប់តែមានរោងចក្រច្រើន តែពេលនេះនៅសល់តែមួយទេ។ អ្វីដែលគួរឲ្យព្រួយបារម្ភបំផុតគឺបញ្ហាអត់ការងារធ្វើ»។
លោកគិតថា លោក និងកម្មករផ្សេងទៀតអាចនឹងធ្វើដំណើរមកក្រុងភ្នំពេញ ឬខេត្តកំពង់ស្ពឺដើម្បីរកការងារធ្វើ បើទោះបីជាត្រូវឃ្លាតឆ្ងាយពីគ្រួសារក៏ដោយ។
លោកនៅមិនទាន់ច្បាស់ទេថាតើក្រុមហ៊ុនអាចនឹងបំពេញតាមកិច្ចសន្យាបើប្រាក់ខែ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតបានទាន់ពេលឬយ៉ាងណា។ លោកបន្តថា៖ «ខ្ញុំមិនសូវមានទំនុកចិត្តដែរ…ខ្ញុំខ្លាចតែដល់ថ្ងៃទី២៨ ខែឧសភា ពួកគេរកលេសផ្សេងទៀតដោយមិនចង់បើកប្រាក់ខែឲ្យពួកយើង។ ខ្ញុំជំរុញឲ្យក្រសួងការងារជួយធ្វើម៉េចដើម្បីធានាថាកម្មករអាចទទួលបានប្រាក់អត្ថប្រយោជន៍របស់ខ្លួន»។
អ្នកស្រី វ៉ន សុខនី វ័យ៣២ឆ្នាំ ជាកម្មករក្នុងរោងចក្រនេះដែរ។ អ្នកស្រីបង្ហាញកង្វល់ប្រហាក់ប្រហែលគ្នានេះ។ ការបាត់បង់ការងារភ្លាមៗបានធ្វើឲ្យប៉ះពាល់ជាខ្លាំងដល់ជីវភាពគ្រួសារអ្នកស្រី។ អ្នកស្រីក៏កំពុងសំឡឹងរកឱកាសការងារនៅខេត្តកំពង់ស្ពឺផងដែរ។
អ្នកស្រីទទួលស្គាល់ថាក្រុមហ៊ុនផ្អាកប្រតិបត្តិការរបស់ខ្លួនដោយសារតែមានការលំបាកផ្នែកហិរញ្ញវត្ថុ ដូចគ្នាដែរកម្មករក៏គ្មានជម្រើសអ្វីក្រៅពីព្រមទទួលយកដំណោះសា្រយ។
អ្នកស្រីឱ្យដឹងទៀតថា៖ «ចំណុចខ្លះអាចទទួលយកបាន ប៉ុន្តែមានចំណុចខ្លះអត់…វាពិបាកទទួលយក ដូចជាការបិទរោងចក្រភ្លាមៗ។ យើងត្រូវចាំមើលថានឹងមានអ្វីកើតឡើង ដោយក្រសួងថាសំណងនឹងត្រូវធ្វើឡើងនៅខែក្រោយ»។ អ្នកស្រីសង្ឃឹមថាក្រសួងនឹងតាមដានស្ថានភាពនេះដោយយកចិត្តទុកដាក់ដើម្បីធានាថាកម្មករបានទទួលអត្ថប្រយោជន៍របស់ខ្លួន។
អ្នកនាំពាក្យក្រសួងការងារ លោក ស៊ុន មេសា បញ្ជាក់ថា ភាគីទាំងពីរបានព្រមព្រៀងគ្នាលើប្រាំបីចំណុច រួមទាំងការបែងចែកពេលវេលាផ្ដល់សំណងជាពីរវគ្គ គឺថ្ងៃទី២៨ ខែមេសា និងថ្ងៃទី២៨ ខែឧសភា។
លោក ងួន ស៊ីវុត្ថា ប្រធានរដ្ឋបាលរោងចក្រ បានបញ្ជាក់ប្រាប់ សារព័ត៌មានខេមបូចា ថា រោងចក្របានបិទជាផ្លូវការនៅថ្ងៃទី២៧ ខែមេសា ដោយសារតែបញ្ហាមួយចំនួន រួមមានបញ្ហាហិរញ្ញវត្ថុ បញ្ហាភូមិសាស្រ្តនយោបាយ បញ្ហាបិទព្រំដែន និងការប្រកួតប្រជែងខ្លាំងក្នុងវិស័យនេះ។
លោកបន្ថែមថា៖ «យើងនឹងដោះស្រាយសំណងផ្អែកទៅតាមច្បាប់ស្ដីពីការងារ ហើយរោងចក្រនឹងមិនបើកវិញទេ…យើងបានស្នើសុំទៅកម្មករចំនួន៣០ថ្ងៃ ដើម្បីទូទាត់ប្រាក់ឈ្នួល»។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការ លីកាដូ មានប្រសាសន៍ថាពលរដ្ឋកម្ពុជាពឹងផ្អែកខ្លាំងលើការងារក្នុងវិស័យកាត់ដេរ ហើយការបិទរោងចក្រជាបន្តបន្ទាប់នឹងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពកម្មករ ជាពិសេសចំពេលដែលមានពលកររាប់ម៉ឺននាក់បានត្រឡប់ពីប្រទេសថៃ ក្រោយមានជម្លោះព្រំដែន។
លោកបន្ថែមថា៖ «វាពិតជាមានសារសំខាន់ណាស់ដែលផលប្រយោជន៍របស់កម្មករត្រូវបានយកចិត្តទុកដាក់…ពេលដែលរោងចក្របិទ ត្រូវតែមានវិធានការដោះស្រាយតាមផ្លូវច្បាប់ត្រឹមត្រូវមួយដើម្បីជៀសវាងមានផលវិបាក។ ក្រសួងការងារ និងស្ថាប័នពាក់ព័ន្ធដើរតួយ៉ាងសំខាន់ក្នុងការទាក់ទាញវិនិយោគ និងបង្កើតការងារ។ ពួកគាត់ក៏គួរតែជួយកម្មករទាំងនោះស្វែងរកការងារថ្មីផងដែរ»។
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Nearly 700 Workers in Limbo After Bankruptcy Forces Poipet Factory To Close










