សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

៨ខែនៃយុទ្ធនាការ«ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិកទេ»ពលរដ្ឋចូលរួម​៨លាននាក់ និងកាត់បន្ថយប្លាស្ទិក​៣០លានថង់ក្នុងមួយថ្ងៃ

អ្នកអនាម័យកំពុងសម្អាតសំរាមក្នុងវត្តថាន់ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤។ (ខេមបូចា/ ពក ពន្លឺ)
អ្នកអនាម័យកំពុងសម្អាតសំរាមក្នុងវត្តថាន់ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤។ (ខេមបូចា/ ពក ពន្លឺ)

រយៈពេល៨ខែនៃយុទ្ធនាការ«ថ្ងៃនេះ ខ្ញុំ​មិន​ប្រើប្រាស់ថង់ប្លាស្ទិកទេ» ​​មាន​ប្រជាពលរដ្ឋ និង​សិស្សា​នុសិស្ស​ជាង​៨លាននាក់ ដែល​ស្មើ​នឹង​ជាង​ពាក់​កណ្តាល​នៃចំនួន​ប្រជាពលរដ្ឋ​សរុប បានចូលរួម​កាត់បន្ថយ​ការ​ប្រើ​ប្រាស់​ថង់ប្លាស្ទិក​ក្នុងមួយ​ថ្ងៃ​ប្រមាណជាង៣០​លានថង់។

យុទ្ធនាការនេះត្រូវបានប្រសួងបរិស្ថានប្រកាសអនុវត្តចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ រហូតមក​ដល់​ខែឧសភា ឆ្នាំ២០២៤ ដែលទទួលបានលទ្ធផលជោគជ័យមួយលើសពីការរំពឹងទុក និងបង្ហាញ​ការសាទរ​ចំពោះកម្ពុជាអាចកាត់បន្ថយថង់ប្លាស្ទិកបានយ៉ាងច្រើនសន្ធឹកសន្ធាប់ តាមរយៈសាមគ្គីភាព និងការចូលរួម​ពីសំណាក់ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ កម្មករ កម្មការនី លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។ នេះបើតាមការថ្លែងរបស់ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលពីពាក់កណ្តាលខែឧសភា។

លោក អ៊ាង សុផល្លែត ថ្លែងថា«ប្រជាពលរដ្ឋកម្ពុជា និងសិស្សានុសិស្សជាង៨លាននាក់ ដែលស្មើនឹង​ជាង​ពាក់កណ្តាល​នៃចំនួនប្រជាពលរដ្ឋសរុប បានចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកក្នុង១ថ្ងៃ​ប្រមាណជាង៣០លានថង់ប្លាស្ទិក»

រដ្ឋមន្រ្តីក្រសួងបរិស្ថានបន្តថា ការសម្រេចបានលើសពីការរំពឹងទុកនេះ គឺបានមកពីកត្តា៣ ក្នុង​នោះ​រួមមាន ផ្ទៃក្នុងរបស់ក្រសួងបរិស្ថាន​ដែលមានថ្នាក់ដឹកនាំ និងមន្រ្តីរាជការចូលរួមសហការ  ឯផ្នែក​ក្រៅ​មានការយក​ចិត្ត​ទុកដាក់ និងរួមចំណែកពីស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាពិសេសសិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​កម្ពុជា ហើយចុងក្រោយ គឺជាការទទួលស្គាល់ពីអន្តរជាតិថា ខ្មែរស្អាត ខ្មែរធ្វើបាន។ លោក​បន្ត​ថា ដើម្បី​សម្រេច​​បានជោគជ័យជាបន្តបន្ទាប់ទៀត ចាំបាច់ត្រូវតែមានសុទិដ្ឋិនិយមជានិច្ច ហើយសុទិដ្ឋិនិយម​នេះ គឺ​ជា​មាគ៌ាឆ្ពោះទៅកាន់ភាពជោគជ័យស្របតាមយុទ្ធសាស្រ្តចក្រា ដែលមានភាពសាមញ្ញ ងាយយល់ ងាយ​ធ្វើ និង​អាចពង្រីកទៅមុខបានយូរអង្វែង។

លោក សុផល្លែត ថ្លែងថា៖ «នេះសបញ្ជាក់ថា កម្ពុជាយើងបានទប់ស្កាត់ ការពារការប្រើប្រាស់ និង​បោះ​ចោលថង់ប្លាស្ទិកបានច្រើនជាងការបោះចោលទៅក្នុងទីសាធារណៈហើយ។ ដើម្បីជំរុញយុទ្ធនាការនេះ​ឱ្យទទួលបានជោគជ័យមួយកម្រិតទៀត ក្រសួងបរិស្ថាន កំណត់យកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ជា​ថ្ងៃ​បើកយុទ្ធនាការ កម្ពុជាស្អាត ខ្មែរធ្វើបាន»

ទន្ទឹមនេះ ក្រសួងនឹងចាប់ផ្តើមយុទ្ធនាការថ្មីមួយទៀត«កម្ពុជាស្អាត ខ្មែរធ្វើបាន»ដើម្បីឱ្យសិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋមួយភូមិ ឬមួយឃុំ ឬមួយស្រុក ឬមួយខេត្ត ចេញមកទាំងអស់គ្នារើសសំរាមជុំវិញ​បរិវេណ​ផ្ទះ សាលារៀន វត្តអារាម និងតាមទីសាធារណៈ ចំនួន​១៥នាទី រៀងរាល់ថ្ងៃសៅរ៍ ដោយ​ប្រមូល​ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។

បើតាម​ក្រសួងបរិស្ថាន បទពិសោធន៍ជោគជ័យនៃយុទ្ធនាការ«ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិកទេ» ដែល​បាន​កាត់បន្ថយប្លាស្ទិកក្នុង១ថ្ងៃជាង៣០លានថង់នេះ ក្រសួងក៏បានដាក់ចេញនូវយុទ្ធនាការជា​បន្ត​បន្ទាប់​ដូចជា យុទ្ធនាការដាំដើមឈើយ៉ាងតិច១លានដើមនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣។ យុទ្ធនាការ​ផ្ទៃមេឃ​ពណ៌ខៀវ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ យុទ្ធនាការសំអាតបឹងទន្លេសាប នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ និងយុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន»ដែលប្រកាស​ចាប់ផ្តើមពី​ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ដើម្បីឆ្ពោះ​ទៅ​យុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានយុទ្ធសាស្រ្តច​ក្រាវិស័យបរិស្ថានជា​ត្រី​វិស័យ​តម្រង់ទិស។

ដោយឡែក លោក ហួ ឆៃងន់  ស្ថាបនិកក្រៀលកម្ពុជា ធ្លាប់ធ្វើគម្រោងជាច្រើនពាក់ព័ន្ធប្រធានបទសំរាម និងប្លាស្ទិកស្អាត ក៏ធ្លាប់បានចូលរួមក្នុងយុទ្ធនាការនេះផង យល់ឃើញថា ការដាក់ចេញ​យុទ្ធនាការ​កាត់​បន្ថយប្លាស្ទិកពិតជាល្អ ខណៈលោកបច្ចុប្បន្នកំពុងផ្តោតលើការកែឆ្នៃ​ផលិតផលប្លាស្ទិកឱ្យទៅជារបស់​ប្រើ​ប្រាស់​ផ្សេងៗ ជាពិសេសដបទឹក ហើយលោកក៏សង្ឃឹមថា តាមរយៈយុទ្ធសាស្ត្រនេះនឹងទទួលបាន​ផល​លឿន។ បន្ថែមពីនេះដើម្បីឱ្យយុទ្ធនាការនេះកាន់តែល្អប្រសើរ ស្ថាប័នពាក់ព័ន្ធគួរបណ្តុះបណ្តាលបន្ថែម ឬផលិតវីដេអូពន្យល់ ឬការអនុវត្តជាក់ស្តែងណាមួយ ដើម្បីឱ្យប្រជាពលរដ្ឋ និងយុវជនបានយល់​ពីផល​ប៉ះពាល់ជាក់ស្តែងពីសំណល់ប្លាស្ទិក។

លោក ឆៃងន់ បញ្ជាក់ថា៖ «មកដល់ឥឡូវយើងលក់បានខ្ទង់ម៉ឺនដបហើយ ចឹងយើងគិតថាវាជាការ​ចូល​រួម​ចំណែកធំមួយនៅក្នុងការកាត់បន្ថយ(Single use plastic)នៅជីវភាពក្នុងការរស់នៅប្រចាំថ្ងៃ»

តាមរបាយការណ៍អង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា នាពេលបច្ចុប្បន្ននេះ ថង់ប្លាស្ទិកប្រមាណ១០លាន​ថង់ត្រូវបានប្រើប្រាស់ជារៀងរាល់ថ្ងៃនៅក្នុងរាជធានីភ្នំពេញ ខណៈដែលប្រជាពលរដ្ឋកម្ពុជាម្នាក់ៗ​ដែល​រស់នៅក្នុងទីក្រុងនានាប្រើប្រាស់ថង់ប្លាស្ទិកជាង ២ ០០០ថង់ក្នុងមួយឆ្នាំ។

ស្របពេលនេះ លោក ម៉ា ចិត្រា ប្រធានកម្មវិធីប្រព័ន្ធផ្សព្វផ្សាយ នៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និង​ការអភិវឌ្ឍ យល់ឃើញថា បច្ចុប្បន្ន​បញ្ហា​សំរាម និងប្លាស្ទិកនៅតែជាក្តីកង្វល់ និងព្រួយបារម្ភ​នៅក្នុង​សង្គម​ជាតិ ខណៈ​ពេលពីមួយថ្ងៃទៅមួយថ្ងៃសំរាម និងប្លាស្ទិកកើនឡើងហួសគណនា ជាក់ស្តែងនៅ​តាម​តំបន់​ស្ទឹងមានជ័យជាដើម ដែលតំបន់នេះ​នៅតែ​គ្មាន​ចំណាត់ការ ឬដោះស្រាយណាមួយនៅឡើយ។

តែយ៉ាងណា ជនរូបនេះសម្លឹងឃើញបញ្ហា​ចម្បង​ចំនួន៣ ពាក់ព័ន្ធបញ្ហាសំរាម និងប្លាស្ទិក គឺរដ្ឋាភិបាល​មិន​ទាន់មានមធ្យោបាយ ឬឧបករណ៍​សាធារណៈ​ក្នុង​ការ​គ្រប់គ្រងសំរាម ដូចជាធុងសំរាម មិនទាន់គ្រប់គ្រាន់។ ម្យ៉ាងទៀត ក្រុមហ៊ុនសំរាមខ្វះលទ្ធភាព និង​សមត្ថភាព​​ក្នុងការប្រមូលសំរាមឱ្យបានអស់ និងទាន់​ពេល​វេលា​។ បន្ថែមពីនេះ ដោយសារខ្វះការយល់ដឹង និងការដែលពលរដ្ឋមានទម្លាប់រស់នៅមិនល្អ ដោយបោះចោល​សំរាមផ្តេសផ្តាស​នៅតាមសាធារណៈ​ជា​ហូរហែ។

លោក ចិត្រា បញ្ជាក់ថា៖ «ខ្ញុំមើលឃើញថា វាជារឿងមួយគួរឱ្យព្រួយបារម្ភដែរ សម្រាប់ប្រទេសកម្ពុជាយើង វាមិនមែនតែទីក្រុងភ្នំពេញទេ សូម្បីតែនៅតាមទីជនបទក៏ដោយ នៅតាមភូមិក៏ដោយ ខ្ញុំឃើញពលរដ្ឋ​យើង​​តែងតែបោះចោលសំរាមពាសវាលពាលកាល»។

យ៉ាងណាក៏ដោយ ដំណោះស្រាយដែលប្រធានកម្មវិធីប្រព័ន្ធផ្សព្វផ្សាយ នៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ រូបនេះ យល់ឃើញថា គឺរដ្ឋាភិបាលត្រូវចំណាយថវិកា​បន្ថែមទៀតដើម្បីដាក់ធុងសំរាម​នៅ​តាម​​សាធារណៈឱ្យបានគ្រប់គ្រាន់ ជាពិសេស​តំបន់ដែលបោះចោលសំរាមច្រើន។ ជាមួយគ្នានេះ ត្រូវបន្តការ​អប់រំដល់ប្រជាពលរដ្ឋ​អំពី​ផល​ប៉ះពាល់នៃការចោលសំរាមផ្តេសផ្តាស។ ដោយ​ឡែក ពលរដ្ឋខ្លួនឯង​ត្រូវ​មាន​មនសិការ និងចេះភ្ញាក់​ខ្លួន​ក្នុងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។ បន្ថែមពីនេះ ត្រូវអនុវត្តច្បាប់ឱ្យ​បាន​តឹង​រឹង​ពីសំណាក់អាជ្ញាធរ​ពាក់ព័ន្ធ​ទៅលើនរណចោលសំរាម។ ចុងក្រោយ ត្រូវដំឡើងពន្ធទៅលើការនាំចូល​ថង់ប្លាស្ទិក។

លោក ចិត្រា បន្ថែមថា៖ «បើយើងគិតពីផលប៉ះពាល់ទៅលើសុខភាព វាប៉ះពាល់ធ្ញន់ធ្ងរ ដូចអ្វីដែល​ក្រសួង​បរិស្ថាន​គាត់ធ្លាប់ចេញសេចក្តី​ប្រកាសពីជាតិពុលដែលកើតចេញពីសំរាម ឬក៏ការដុតថង់ប្លាស្ទិក»

សិស្សានុសិស្ស អ្នកគ្រូ និងពលរដ្ឋចូលរួមសកម្មភាពសម្អាតបរិស្ថាន ក្នុងសាលាបឋមសិក្សា ចាន់រ៉ា នៅស្រុកបាភ្នំ ខេត្តព្រៃវែង កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤។ (ខេមបូចា/ ពក ពន្លឺ)

ត្បិតកាលពីឆ្នាំ២០២០ ​​តាមរបាយការណ៍សិក្សាស្រាវជ្រាវដែលចេញដោយអង្គការ Clean Green Cambodia  បង្ហាញថា សំណល់​​ប្លាស្ទិកដែលបានប្រើប្រាស់​រួច​ សម្រាប់​តែនៅ​រាជធានីភ្នំពេញមួយ មាន​​ប្រមាណ១លាន​​តោនជារៀងរាល់ឆ្នាំ ហើយចំនួននេះអាចនឹងកើន​​ឡើង​ទ្វេដង​នៅឆ្នាំ២០៣០ ប្រសិន​បើមិន​មាន​ការ​​គ្រប់គ្រង​សំណល់ប្លាស្ទិកនេះឱ្យបានត្រឹម​ត្រូវ​ទេ​​។​

ជាមួយគ្នា តាមរបាយការណ៍ពីផលប៉ះពាល់នៃថង់ប្លាស្ទិក្នុងប្រភពទឹករបស់កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ (UNDP)  ចេញផ្សាយកាលពីឆ្នាំ២០២០ ថា មានថនិកសត្វ ត្រី និងបក្សីជាង១លាន​ក្បាល​ទូទាំងសកលលោក រងផលប៉ះពាល់ ឬបាត់បង់ជីវិតជារៀងរាល់ឆ្នាំ ព្រោះតែសត្វ​ទាំងនេះ​បានលេបប្លាស្ទិក​ចូលទៅក្នុងពោះ ឬត្រូវរុំជាប់ដោយប្លាស្ទិក។ ចំណែកទន្លេមេគង្គដែលជា​ប្រភពទឹក​មួយរបស់ទន្លេសាប ក៏ជាប្រភពនៃការនាំប្លាស្ទិកហូរចូលក្នុងសមុទ្រផងដែរ។

ទន្ទឹងនេះ លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ ចាត់ទុក ស្ថានភាព​សំរាម និងប្លាស្ទិក​បច្ចុប្បន្នជាបញ្ហាសំខាន់ ដែលកំពុងជះឥទ្ធិពល និងផលប៉ះពាល់ជាច្រើនដល់​សុខភាពសាធារណៈក្នុងសង្គម ហើយពីមួយថ្ងៃទៅថ្ងៃមួយសំរាមក៏មានការកើនឡើងកាន់តែច្រើនផងដែរ។

លោកបញ្ជាក់ថា៖ «ប្លាស្ទិកហ្នឹងយើងដឹងហើយថា វាត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយ ហើយ​ត្រូវ​បាន​គេបោះចោលនៅតាមដងផ្លូវ នៅពាសពេញតំបន់ ហើយពីមួយថ្ងៃទៅមួយថ្ងៃសំរាម និងប្លាស្ទិកនេះ វាមានកើតឡើង»។

តែយ៉ាងណាក៏ដោយ លោកយល់ឃើញថា ដំណោះស្រាយដ៏ល្អប្រសើរ គឺរដ្ឋាភិបាលត្រូវមានយន្តការ​យ៉ាង​ណា ដើម្បីអាចបណ្តុះផ្នត់គំនិត និងការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីផលប៉ះពាល់​នៃការប្រើប្រាស់​ប្លាស្ទិក លើស​ពីនេះទៀត រដ្ឋាភិបាលគួរមានកញ្ចប់ថវិកាគាំទ្រទៅដល់សហគ្រាសទើបបង្កើតថ្មី ដើម្បីលើកទឹកចិត្ត​ពួកគេក្នុងការរកវិធីសាស្ត្រកាត់បន្ថយសំរាម និងប្លាស្ទិក។ ម្យ៉ាងទៀត រដ្ឋាភិបាលក៏ត្រូវលើកទឹកចិត្តដល់​សហគមន៍​មូលដ្ឋាន ឱ្យពួកគាត់ចូលរួមចំណែកតាមរយៈកម្មវិធីនានា ជាមួយការរៀបចំកន្លែងចាក់សំរាមមួយ​ឱ្យ​បាន​ត្រឹមត្រូវ។ តែអ្វីដែលលោកសុជាតិ ចាត់ទុកជាចម្បង គឺការដាក់ចេញនូវច្បាប់គ្រប់គ្រង​មួយឱ្យ​ហ្មត់​ចត់ និងច្បាស់លាស់ ដែលប្រកបដោយតម្លាភាព និងយុត្តិធម៌ នោះនឹងអាចកាត់បន្ថយសំរាម និង​ប្លាស្ទិក​បានល្អប្រសើរ។

លោក សុជាតិ បន្ថែមថា៖ «ខ្ញុំចង់ឃើញរដ្ឋាភិបាល ហើយនិងអង្គការ ឬស្ថាប័នជំនាញគួរតែរៀបចំ​ផ្តោត​លើសារអប់រំ និងលើកទឹកចិត្តឱ្យពលរដ្ឋយល់ដឹងកាន់តែស៊ីជម្រៅអំពីបញ្ហាសំរាម និងថង់ប្លាស្ទិក។ ម្យ៉ាង​ត្រូវលើកទឹកចិត្តការប្រើប្រាស់ផលិតផលជំនួសដែលមិនមែនថង់ប្លាស្ទិក ដែលទាមទារគ្រប់ភាគី​ទាំងអស់​ចូលរួម។ ហើយគួរកែប្រែច្បាប់ ធ្វើយ៉ាងណាក៏ដោយ កុំរឹតបន្តឹងទៅលើសកម្មជន ឬទៅលើអ្នកស្រឡាញ់​បរិស្ថាន»។

អ្នកតាមដានសង្គមម្នាក់ទៀត លោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា ចាត់ទុក​យុទ្ធនាការ​នេះជារឿងល្អ ដើម្បីលើកកម្ពស់ការយល់ដឹង និងការចាប់អារម្មណ៍ពីប្រជាពលរដ្ឋ និងយុវជន ជាមួយគ្នា​ក៏ត្រូវផ្លាស់ប្តូរផ្នត់គំនិតរបស់ប្រជាពលរដ្ឋក្នុងការគ្រប់គ្រងសំរាម ការទុកដាក់សំរាម និង​ហាម​ចោល​សំរាម​នៅតាមទីសាធារណៈ។  តែយ៉ាងណា ដើម្បីអាចដោះស្រាយបញ្ហានេះបាន លុះត្រាធ្វើជាប្រព័ន្ធ​តាម​រយៈ​រដ្ឋាភិបាលត្រូវបង្កើតគោលនយោបាយមួយឱ្យរឹងមាំ និងយូរអង្វែង ផ្តើមចេញពីការបណ្តុះផ្នត់គំនិត និង​មនសិការ​របស់កុមារ យុវជន និងប្រជាពលរដ្ឋទូទៅ ។

លោកបន្ថែមទៀតថា៖ «ដើម្បីដោះស្រាយបញ្ហាសំរាម និងកាត់បន្ថយការប្រើប្រាស់សម្ភារៈប្លាស្ទិក គឺត្រូវ​ចាប់​​ផ្តើម​ពីការអប់រំ ក៏ដូចជាការអនុវត្ត ការជំរុញ និងការលើកទឹកចិត្ត នឹងបន្តយុទ្ធនាការដូចភ្លៀងរលឹម ដើម្បី​ឱ្យ​មានការចូលរួមពីប្រជាពលរដ្ឋឱ្យបានច្រើន ទើបសង្គមយើងនឹងបានស្អាត»

473 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម