សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

រដ្ឋាភិបាលនឹងធានាកម្ចីដល់ក្រុមហ៊ុន ខណៈការរើបឡើងវិញនៃសេដ្ឋកិច្ចនៅមានភាពផុយស្រួយ

រថយន្តដឹកទំនិញបើកចេញពីសហគ្រាសផលិតអាហារ LY LY កាលពីថ្ងៃ៣០ ខែមីនា ឆ្នាំ២០២០។ បញ្ញា ឆព័ណ្ណ
រថយន្តដឹកទំនិញបើកចេញពីសហគ្រាសផលិតអាហារ LY LY កាលពីថ្ងៃ៣០ ខែមីនា ឆ្នាំ២០២០។ បញ្ញា ឆព័ណ្ណ

រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ចេញ​ថវិកា​ចំនួន ២០០​លាន​ដុល្លារ​ ដើម្បី​សម្រួល​លទ្ធភាព​ទទួល​បាន​ឥណទាន​សម្រាប់​ក្រុមហ៊ុន ដែល​កំពុង​ប្រឈម​នឹង​ការ​លំបាក ខណៈ​​សេដ្ឋកិច្ចកំពុង​រង​ផល​ប៉ះពាល់​​បង្ក​ឡើង​ដោយ​ការរាតត្បាត​​ជំងឺ​កូវីដ១៩នៅ​តែ​បន្ត​។

គម្រោង​ធានា​ឥណទាន​​ថ្មី​មួយ​​ក្រោម​ឈ្មោះ​​ថា «គម្រោង​ធានា​ឥណទាន​ដើម្បី​ស្តារ​អាជីវកម្ម» នឹង​ជួយ​ក្រុមហ៊ុន​គ្រប់​ខ្នាត​ទាំងអស់​ទទួល​បាន​កម្ចីតាមរយៈ​ការ​ផ្តល់​ការ​ធានាឥណទាន​ទៅ​កាន់​ស្ថាប័ន​ផ្តល់​ប្រាក់​កម្ចី។ កម្ចី​នឹង​ត្រូវ​ធានា​ដោយ​សារជីវកម្ម​ធានា​ឥណទាន​កម្ពុជា​របស់​ក្រសួង​សេដ្ឋកិច្ច ដែលមាន​ការ​ចូលរួម​ពី​ធនាគារ​ពាណិជ្ជ​ចំនួន​ ០៩​នៅ​ក្នុង​ដំណាក់កាល​ដំបូង។ ​

​លោក មាស សុខសេនសាន អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ បាន​មានប្រសាសន៍ថា ភាគច្រើន​នៃ​សហគ្រាស​ធុន​តូច ​និង​មធ្យម​ បាន​ប្រើប្រាស់​នូវ​ទ្រព្យ​បញ្ចាំអស់​ហើយ  ហើយ​កំពុង​ប្រឈម​នឹង​ការ​លំបាក​ ដើម្បី​ទទួល​​បាន​នូវ​កម្ចី​អំឡុងពេល​ការ​រាតត្បាត​ជំងឺ។ ​

លោក​បាន​ថ្លែង​ថា៖ «យើង​ផ្តល់​ឲ្យ​ពួកគេ​នូវ​ការ​ធានា​កម្ចី​ពី​ធនាគារ ទោះបី​​ពួកគេ​មិនមាន​ទ្រព្យបញ្ចាំ​គ្រប់គ្រាន់​ក៏ដោយ។ នេះ​ជា​ការ​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​របស់​សហគ្រាស​ធុនតូច ​និង​មធ្យម​អំឡុងពេល​ការ​រាតត្បាត​ជំងឺ និង​យុទ្ធសាស្រ្ត​ដើម្បី​រក្សា​ដំណើរការ​អាជីវកម្ម»

លោក​សុខសេនសាន​បាន​បន្ត​ថា គម្រោង​នោះ​នឹង​ផ្តោតខ្លាំង​ទៅ​លើ​សហគ្រាស​ធុនតូច​និង​មធ្យម ហើយ​នឹង​ជួយ​ជ្រោមជ្រែង​សសរ​ទ្រូង​សេដ្ឋកិច្ច​ប្រទេស និង​ការ​បង្កើត​ការងារ។ ​

គម្រោង​ធានា​ឥណទាន​ដើម្បី​ស្តារ​អាជីវកម្ម ដែល​នឹង​ចាប់ផ្តើម​ពី​ខែ​មីនា ឆ្នាំ​២០២១ រហូត​ដល់​ខែ​ធ្នូ ឆ្នាំ​២០២២ បានត្រៀម​​ប្រាក់​ ១៥០​លាន​ដុល្លារ​សម្រាប់​សហគ្រាស​ធុនតូច ​និង​មធ្យម និង​ ៥០​លាន​ដុល្លារ​សម្រាប់​ក្រុមហ៊ុន​ធំ។

​លោក​អ៊ិន ចាន់នី ជា​ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ អេស៊ីលីដា​ (ACLEDA) បាន​មានប្រសាសន៍ថា ធនាគារ​បាន​បម្រុង​ទុក​ប្រាក់​ជាង ៥​លាន​ដុល្លារ​សម្រាប់​កម្ចី។

លោក​បាន​ថ្លែង​ថា៖ «នេះ​នឹង​ជួយ​សហគ្រាស​ធុនតូច​និង​មធ្យម​ដែល​កំពុង​ប្រឈម​នឹង​ការ​លំបាក​អំឡុង​ពេល​វិបត្តិ​ជំងឺ ហើយ​ការ​ធានា​ឥណទាន​នេះ​នឹង​ជួយ​បង្កើត​ជា​កម្ចី​រាប់រយ​លាន​ដុល្លារទៀត»

លោក​បាន​បន្ត​ថា ​ស្រប​ពេល​​សហគ្រាសធុនតូច​និង​មធ្យម និង​ក្រុមហ៊ុន​ធំៗ​កំពុង​ប្រឈម​នឹង​បញ្ហា​ដោយសារ​តែ​ជំងឺ​កូវីដ១៩ វិស័យ​ធនាគារ​កំពុង​រង​សម្ពាធ​ផង​ដែរ។

​លោកស្រី​ ម៉ៅ សុទ្ធា ប្រធាន​ក្រុមហ៊ុន​នាំចេញ​ផលិត​ផល​កសិកម្ម​ SHE agro Trading មានប្រសាសន៍​ថា ក្រុមហ៊ុន​កំពុង​ប្រឈម​នឹង​បញ្ហា​លំហូរ​សាច់ប្រាក់​ ដោយសារ​ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​កាល​ពី​ឆ្នាំ​មុន ប៉ុន្តែ​បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​ផ្តល់ការ​បន្ថយ​ពន្ធ​ព្រោះវា​នឹង​ជួយ​បាន​ច្រើន​ជាង​នេះ។

លោកស្រី​បាន​ថ្លែង​ថា៖ «យើង​មាន​បញ្ហា​ជាមួយ​នឹង​លំហូរ​សាច់ប្រាក់ ហើយ​ខ្ញុំ​គិត​ថា ជា​ការណ៍​ល្អ​ដែល​រដ្ឋាភិបាល​ផ្តោត​លើ​ការ​ជួយ​សហគ្រាស​ធុន​តូច​និង​មធ្យម​អំឡុងពេល​លំបាក​នេះ»

លោក​ស្រី​បាន​បន្ត​ថា៖ «ការ​កម្ចី​ប្រហែល​នឹង​មិនមាន​ប្រសិទ្ធភាព​នោះ​ទេ​អំឡុងពេល​​កូវីដ១៩ ក្រុមហ៊ុន​ត្រូវ​ការ ការ​លើកលែង​ពន្ធ ដោយសារ​តែ​ក្រុមហ៊ុន​ជួប​ការ​លំបាក​នៅ​ក្នុង​ការ​រក​ចំណូល»។ ​

លោក​តែ តាំង​ប៉ ប្រធាន​សម្ព័ន្ធ​សហគមន៍​សហគ្រាន​ធុន​តូច​និង​មធ្យម​កម្ពុជា បាន​មានប្រសាសន៍ថា បន្ថែម​ពី​លើ​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ សហគ្រាស​ធុនតូច​និង​មធ្យម​ត្រូវ​ការ​វិធានការ​ការពារ​ទីផ្សារ។

​លោក​បាន​ថ្លែង​ថា៖ «បណ្តា​ប្រទេស​ជិត​ខាង​អាច​នាំ​ចេញ​ដោយ​សេរី​មក​កាន់​កម្ពុជា ខណៈ​កម្ពុជា​មិន​អាច​នាំចេញ​ដោយសេរី​ដូច្នេះនេះបាន នេះជាបញ្ហា​។ ក្រសួង​ពាក់ព័ន្ធ​គួរ​កាត់បន្ថយ​ការ​នាំចូល​នូវ​ផលិតផល​សម្រេច​មួយ​ចំនួន ដែល​ផលិត​ក្នុងស្រុក​បានផលិត»

លោក​បាន​បន្ត​ថា៖ «នេះ​មិនមែន​ប្រឆាំង​នឹង​គោលនយោបាយ​ទីផ្សារ​សេរី​នោះ​ទេ ប៉ុន្តែ​យើង​ត្រូវ​ធានា​ថា ផលិតផល​ក្នុង​ស្រុក​ត្រូវ​បាន​ការពារ»

​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​  បាន​លើកឡើង​​ថា រដ្ឋាភិបាល​នឹង​ត្រៀមថវិកា​​ជាង ៨០០​លាន​ដុល្លារ ដើម្បី​ទ្រទ្រង់​សេដ្ឋកិច្ច​នៅ​ឆ្នាំ ២០២១ ហើយ​ថវិកា​ជាង​១,១៤​ពាន់លាន​ដុល្លារ ដែល​ទុក​បម្រុង​សម្រាប់​ឆ្នាំ ២០២០ ត្រូវ​បាន​ប្រើប្រាស់​ជិត​អស់​ហើយ។

យោង​តាមការព្យាករ​​ណ៍សេដ្ឋកិច្ច​ចុង​ក្រោយ​របស់​ធនាគារ​ពិភព​លោក​សម្រាប់​តំបន់​អាស៊ី​អាប៉ាស៊ីហ្វិច សេដ្ឋកិច្ច​កម្ពុជា​បាន​រួម​តូច​ប្រមាណ ២​ភាគរយ​កាល​ពី​ឆ្នាំ​មុន ហើយ​ត្រូវ​រពឹង​ថា នឹង​ទទួល​បាន​​កំណើន ៤​ភាគរយ​វិញ​នៅ​ឆ្នាំ​២០២១៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Government to guarantee loans as economic recovery remains fragile

210 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម