សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

បុរសបីនាក់ត្រូវបានចាប់ខ្លួន តែត្រូវដោះលែងវិញ ក្រោយពីបានបំពានច្បាប់ស្ដីពីកូវីដ-១៩

បុរសបីនាក់យកមកដល់សាលាដំបូងរាជធានីភ្នំពេញសម្រាប់ការសាកសួរ បន្ទាប់ពីអ្នកទាំងបីត្រូវបានចាប់ខ្លួន ដោយចោទថាបានបំពានច្បាប់ស្ដីពីកូវីដ១៩ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១។ ខេមបូចា/ព្រីង សំរាំង
បុរសបីនាក់យកមកដល់សាលាដំបូងរាជធានីភ្នំពេញសម្រាប់ការសាកសួរ បន្ទាប់ពីអ្នកទាំងបីត្រូវបានចាប់ខ្លួន ដោយចោទថាបានបំពានច្បាប់ស្ដីពីកូវីដ១៩ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១។ ខេមបូចា/ព្រីង សំរាំង

បុរស​បី​នាក់ ​នៅ​រាជធានី​ភ្នំពេញ​ត្រូវ​បាន​ចាប់​ខ្លួន តែត្រូវ​បាន​ដោះលែង​វិញ ដោយ​មិន​មាន​រង​ការ​ចោទ​ប្រកាន់​អ្វីនោះទេ កាល​ពី​ថ្ងៃពុធ បន្ទាប់​ពី​អ្នក​ទាំង​បី​បាន​បំពាន​បំរាម​សុខាភិបាលទាក់ទងនឹងជំងឺកូវីដ​១៩ ​របស់​សាលារាជធានី​ភ្នំពេញ ដោយ​បាន​ជួបជុំគ្នា​ផឹកស៊ី និង​ច្រៀង​ខារ៉ាអូខេ​នៅ​ផ្ទះ​បុរស​ម្នាក់​។​

លោក គុជ គឹមឡុង ជាព្រះរាជធាជ្ញារង និង​ជា​អ្នក​នាំពាក្យ​សាលាដំបូង​រាជធានីភ្នំពេញ មាន​ប្រ​សាសន៍ថា​​បុរស​ទាំង​បី​​បាន​បំពាន​មាត្រា​៣ នៃច្បាប់​ស្ដីពី​កូវីដ១៩ ប៉ុន្តែ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​បន្ទាប់​ពី​បាន​អប់​រំ និង​បង់​ប្រាក់​ពិន័យ​។​

លោក​ឲ្យ​ដឹងតាម​សារជា​សំឡេង​ថា​​៖ «បន្ទាប់​ពី​សាកសួរតាមនីតិវិធី​រួច លោក​ព្រះរាជ្ញារង មុត​ តារា បាន​សម្រេច​ឲ្យ​ខាង​ក្រសួង​សុខា​ភិបាល​ជា​សមត្ថកិច្ចក្នុង​ការ​ពិន័យ​អន្តរការណ៍​ ហើយ​បាន​ឲ្យ​ពួក​គាត់​ទាំង​បី​នាក់​​ធ្វើ​កិច្ច​សន្យា និង​អប់​រំ [មិន​ប្រព្រឹត្ត​ជាថ្មី​] ហើយ​និង​បាន​អនុញ្ញាត​ឲ្យ​គាត់​ទាំង​បីត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ​»​។ យ៉ាងណា លោក​បានបដិសេធ បញ្ជាក់ថា​អ្នក​ទាំង​បី​បាន​រង​ពិន័យ​ជា​ប្រាក់​ប៉ុន្មាន​នោះ​។​

ករណី​នេះ គឺជាការ​ចាប់​ខ្លួន​លើក​ទី​១​ក្រោម​ច្បាប់​ ស្តីពីការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដែល​បាន​អនុម័ត​កាលពី​ដើម​ខែ​មីនា ក្រោម​ការ​រិះគន់ពី​ក្រុម​សិទ្ធិ​មនុស្ស និង​ព្រមាន​ថា​ច្បាប់​នេះ​អាច​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។​

បើ​តាម​ច្បាប់​នេះ​មន្ត្រី​សុខាភិបាល ឬអាជ្ញាធរ​អាច​ព្រមាន ឬអប់​រំ​នរណាម្នាក់​ដែល​មិន​ពាក់ម៉ាស ឬរក្សា​គម្លាត​តាម​គោលការណ៍​ណែ​នាំ ជាមួយ​នឹង​ការ​ពិន័យ​ជា​ប្រាក់​ពី​២០ម៉ឺន​រៀន ទៅ​ដល់​១លាន​រៀល។ ចំពោះ​អ្ន​ក​រៀប​ចំការ​ជួប​ជុំ​ ដែល​បំពាន​ច្បាប់​អាច​ត្រូវ​ពិន័យ​ជា​ប្រាក់​ចន្លោះពី​១លាន​រៀល ដល់​៥លាន​រៀល។​

ភ្នំពេញ ខេត្ត​ព្រះសីហនុ កណ្ដាល និង​ព្រៃ​វែង​ មាន​វិធានការ​ពិសេស​នៅ​ពេល​នេះ ដោយ​តម្រូវ​ឲ្យ​មនុស្ស​គ្រប់​គ្នា​ត្រូវ​ពាក់​ម៉ាស​នៅ​ទី​សាធារណៈ​។ នៅ​ភ្នំពេញ ក៏​មាន​បំរាម​គោចរ​ពី​ម៉ោង​៨យប់ ដល់​ម៉ោង៥ភ្លឺ ក្នុង​គោល​បំណង​ទប់​ស្កាត់​ការ​រាល​ដាល​វីរុស​កូវីដ​១៩ ពាក់ព័ន្ធ​នឹង ​«ព្រឹត្តិការណ៍ ២០ កុម្ភៈ» ដែល​បាន​ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​កូវីដ១៩ ឡើង​ដល់​២៩១៥​ករណី និង​មាន​មនុស្ស​២២​នាក់​បាន​ស្លាប់​គិត​ត្រឹម​ថ្ងៃទី​៧ ខែមេសា​។​

លោក ហួរ ម៉េងវ៉ាង អធិការ​ខណ្ឌ​សែនសុខ បាន​បញ្ជាក់ថា​អ្នក​ទាំង​បី​ត្រូវ​បាន​ចាប់​ខ្លួន ដោយ​បាន​បំពាន​វិធាន​ការណ៍​ក្រ​សួង​សុខាភិបាល ក្នុងការ​ជួប​ជុំ​ជា​ក្រុម ​ដោយ​មិន​បាន​រក្សា​គម្លាត​សង្គម​ត្រឹម​ត្រូវ​។​

បើ​តាមការ​ផ្សាយ​នៅ​លើ​ហ្វេស​ប៊ុក​របស់​ លោក ម៉េងវ៉ាង បុរស​ទាំង​បី​មាន​ឈ្មោះ អូន រតនា អាយុ​៣៧ឆ្នាំ លោក ហូ រុនមុនី អាយុ​៣០​ឆ្នាំ និង​លោក ហេង សុវីត អាយុ​៧២ឆ្នាំ ត្រូវ​បាន​ចាប់​ខ្លួន កាលពី​ថ្ងៃទី​៤ ខែមេសា វេលាម៉ោង​៥ និង​៣០​នាទី​ល្ងាច​ នៅ​សង្កាត់​គោកឃ្លាង ខណ្ឌ​សែន​សុខ។​

លោក សាន សុខសីហា អ្នកនាំពាក្យ​ស្នងការ​ដ្ឋាននគរបាល​​រាជធានី​ភ្នំពេញ មាន​ប្រ​សាស​ន៍​ដែរ​ថា​៖ «អ្នក​ទាំង​បី​បំពាន​ទៅ​នឹង​វិធានការ​របស់​ក្រ​សួង​សុខា​ភិបាល ដែល​បាន​ហាម​ឃាត់​ការ​ជួបជុំ​ផឹក​ស៊ី»។ លោក​បន្ថែមថា​មន្ត្រី​នគរ​បាល​បាន​​កន្លង​មក​ក៏​បាន​ព្រមាន​ពល​រដ្ឋ​ក្នុង​ទី​ក្រុង​ភ្នំពេញ​មិន​ឲ្យ​បំពាន​វិធានការ​នេះ​ដែរ​។​

លោក​បន្តថា៖ «​នេះ​គឺ​ជា​សារ​មួយ​យើង​ចង់​បង្ហាញ​ទៅ​សាធារណជន ពិសេស​អ្នក​រស់​នៅ​រាជធានីភ្នំពេញ កុំឲ្យ​ប្រមូល​ផ្ដុំ​គ្នា​ផឹកស៊ី ដែល​ជាការ​បំពាន​វិធានការ​របស់​ក្រ​សួង​សុខាភិបាល»។​

ការ​ដាក់​បំរាម​គោចរ​ពីរ​សប្ដាហ៍​នៅ​ទី​ក្រុង​ភ្នំពេញ ហាក់​ដូចជា​មាន​ផលប៉ះពាល់​ខ្លាំង​លើ​អ្នក​ប្រកប​របរ​តូច​តាច​ និង​អ្នក​ធ្វើ​ការ​ពេល​យប់ ពិសេស​អ្នក​លក់​អាហារ​តាម​ផ្លូវ​។​

លោក អំ សំអាត ​នាយករង​ផ្នែក​ឃ្លាំ​មើល ​និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ មាន​ប្រសា​សន៍​ថា ក្រុម​អង្គការសង្គម​ស៊ីវិក​បាន​លើកពី​កង្វល់​ទាក់ទង​នឹង​ច្បាប់​ថ្មីស្ដីពី​កូវីដ១៩ នេះរួច​មក​ហើយ ពិសេសជុំ​វិញ​ការ​មិន​យល់​ច្បាស់​របស់​សារធារណជនអំពី​ច្បាប់។​

លោកថា៖ «​វា​នឹង​បង្ហាញពីរូបភាព​មិន​ល្អ ពេល​ដែល​មានការអនុវត្ត​ច្បាប់​លើ​ពល​រដ្ឋ​ដែល​មិន​បាន​យល់​ដឹង​ច្បាស់អំពី​ច្បាប់»​

លោក​បន្ថែមថា៖ «​តាម​គំនិត​របស់​ខ្ញុំ ពួកគាត់​ គួរ​តែ​ធ្វើ​[ត្រឹម​តែ]ការ​អប់​រំ​អ្នក​ទាំង​បី ពីព្រោះថា​ការ​ការពារ​ការ​រាលដាល​កូវីដ​១៩ទាម​ទារ​ឲ្យ​ពល​រដ្ឋ​យល់​ថា​វាមាន​សារសំខាន់ ពួកគេ​ត្រូវ​តែធ្វើ​តាម​វិធានការ​របស់​ក្រ​សួង​សុខាភិបាល»។​

បើ​តាម​លិខិត​ដាក់​ទៅ​កាន់​រាជរដ្ឋាភិបាល ដែល​បាន​ផ្សាយជា​សាធារណ​កាលពី​សប្ដាហ៍​មុន អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជា​ជាតិ លោកស្រី Rhona Smith បាន​បង្ហាញ​ក្ដី​បារម្ភ​ចំពោះ​បទ​បញ្ញតិ​នៃ​ច្បាប់​ថ្មីដែល​បាន​ផ្ដល់​សិទ្ធិ​អំណាច​​ដល់​រដ្ឋា​ភិបាល «​ក្នុង​ការ​រឹត​ត្បិត ឬ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ ការប្រមូល​ផ្ដុំ និង​ការជួប​ជុំ» និង «រឹត​ត្បិត​លើ​ដំណើរ​ការ​អាជីវកម្ម​មួយ​ចំនូន និង​សកម្មភាព​ផ្សេងៗ​ទៀត»។ ជា​ការ​កត់​សម្គាល់​ ការ​ពិន័យ​លើការ​​ល្មើស​ច្បាប់​មាន​ពី​ការ​ជាប់​ពន្ធនាគារ​ពី​ប្រាំមួយខែ ទោ​ដល់​២០​ឆ្នាំ​។

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Three arrested, released, for violating COVID-19 law

439 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម