លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាននិយាយថា ដើម្បីលើកកម្ពស់វិស័យកសិកម្ម កម្ពុជាត្រូវធ្វើពិពិធកម្មវិស័យកសិកម្មរបស់ខ្លួននិងត្រូវធានាទីផ្សារជាចាំបាច់ ខណៈកសិករជួបប្រទះបញ្ហាតម្លៃទីផ្សារមិនមានស្ថិរភាព ។
ក្នុងអំឡុងពេលប្រារព្ធទិវាមច្ឆជាតិលើកទី១៩ នៅឯខេត្តកំពង់ចាម កាលពីថ្ងៃចន្ទ លោក ហ៊ុន ម៉ាណែត បាននិយាយថា ការធ្វើពិពិធកម្មវិស័យកសិកម្មត្រូវតែឆ្លើយតបទៅតាមតម្រូវការទាំងទីផ្សារក្នុងស្រុកនិងទាំងទីផ្សារអន្តរជាតិ ។
ដើម្បីសម្រេចកិច្ចការនេះ រដ្ឋាភិបាលត្រូវដោះស្រាយបញ្ហាថ្លៃដើមផលិតរបស់កសិករ ដោយកាត់បន្ថយពន្ធនាំចូលលើគ្រឿងចក្រកសិកម្ម និងដាក់ចេញនូវដំណោះស្រាយនានាដែលសមស្រប ។
លោកនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា៖ «ការជួយជំរុញកសិកម្ម គឺធ្វើម៉េចពិពិធកម្មឱ្យកាន់តែច្រើន។ ចិញ្ចឹមអី ដាំអីគឺជារឿងមួយ ប៉ុន្តែអ្វីដែលត្រូវមានទីផ្សារទាំងក្នុងស្រុកនិងក្រៅប្រទេសដើម្បីធានានូវចំណូលរបស់បងប្អូនរបស់យើង» ។
លោក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា មានគោលដៅចម្បងពីរសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម ដែលគោលដៅទាំងនោះ គឺសន្តិសុខស្បៀង និងពាណិជ្ជកម្ម ។
លោកបានបន្តថា៖ «ដោះស្រាយបញ្ហាកសិកម្ម[មានន័យថា] គិតអំពីចំណូលរបស់កសិករ ។ ធ្វើយ៉ាងណាកុំឱ្យតម្លៃឡើងខ្ពស់ពេកដែរ ព្រោះថាវាអាចប៉ះពាល់ដល់អ្នកទិញ[ក្នុងស្រុក]» ។
បញ្ហាអំពីកសិករនិងអ្នកទិញ គឺថា រដ្ឋាភិបាលគួរតែធានាតុល្យភាពរវាងចំណូលរបស់កសិករ និងជីវភាពរស់នៅ ឬអតិផរណា ។
ដូច្នេះ រដ្ឋាភិបាលនឹងធ្វើការងារលើរឿងនេះ ដោយដាក់ចេញនូវគោលនយោបាយអន្តរាគមន៍នានា ដើម្បីជួយដល់កសិករឱ្យទទួលបានទីផ្សារច្រើនជាងមុន ។ លើសពីនេះទៀត ក្រសួងធនធានទឹកនិងឧតុនិយម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) ត្រូវបានណែនាំឱ្យធ្វើអន្តរាគមន៍នៅតាមតំបន់ណាដែលខ្វះទឹកស្រោចស្រព ។
កាលពីឆ្នាំ២០២៣ កម្ពុជានាំចេញផលិតផលកសិកម្មជាង ៨,៨លានតោន ទៅកាន់ ៧៨ប្រទេស ដែលមានតម្លៃជាទឹកប្រាក់ប្រមាណ ៤,៨ពាន់លានដុល្លារអាមេរិក ដោយរួមចំណែកបានយ៉ាងច្រើនដល់សេដ្ឋកិច្ចជាតិ ។
ស្របពេលជាមួយគ្នានេះ លោក ជឿន ទិត្យា ជាកសិករដាំដំណាំស្ពៃក្រញាញ់នៅខេត្តតាកែវ បានបង្ហោះសារនៅលើផេកហ្វេសប៊ុករបស់លោកថា បន្លែរបស់លោកប្រឈមនឹងការបំផ្លាញចោលប្រសិនបើគ្មានអ្នកទិញទេនោះ ។ សព្វថ្ងៃ លោកលក់ស្ពៃក្រញាញ់បានតែ ៣០០ ទៅ ៤០០រៀលប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម ។
លោក ទិត្យា បានប្រាប់ ខេមបូចា ថា ការធ្លាក់ចុះនៃតម្លៃស្ពៃក្រញាញ់គឺដោយសារតែកង្វះ(យុទ្ធសាស្ត្រ)ទីផ្សារ ដោយសារតែកសិករប្រមូលផលព្រមៗគ្នាក្នុងពេលតែមួយ ហើយគ្មាន«ឈ្មួញ(អតិថិជន)មកទិញ» ។
លោកបាននិយាយថា៖ «តម្លៃធ្លាក់ម្ដង ឬពីរដងក្នុងមួយឆ្នាំ […] ឆ្នាំនេះ តម្លៃធ្លាក់ចុះពីរដង – ម្ដងគឺកាលពីពាក់កណ្ដាលខែឧសភា និងម្ដងទៀត នៅចុងខែមិថុនា» ។ លោកបានបន្តថា នៅមុនពេលតម្លៃធ្លាក់ចុះ លោកអាចលក់បានតម្លៃចន្លោះពី ២០០០ ទៅ ៤០០០រៀលក្នុងមួយគីឡូក្រាម ។
លោកបាននិយាយថា ក្រសួងពាក់ព័ន្ធបានដឹងពីបញ្ហានេះហើយ ប៉ុន្តែ ពុំទាន់ឃើញមានដំណោះស្រាយនៅឡើយទេ ពីព្រោះបញ្ហាគឺបណ្ដាលមកពីការដាំដុះ«បន្លែដូចគ្នាក្នុងពេលតែមួយ» ។ លោកបានបន្តថា៖ «ក្នុងនាមជាអ្នកដាំដុះ យើងដឹងថា ពេលណាយើងដាំ[ផលិតផលដូចគ្នា] ដំណាលពេលគ្នា ហើយប្រមូលផលដំណាលពេលគ្នា តម្លៃវានឹងថោកហើយ» ។
លោក សួន ថៃ កសិករដាំដំណាំស្វាយនៅខេត្តកំពត បានប្រាប់ ខេមបូចា ថា ក្នុងអំឡុងពេលរដូវប្រមូលផលស្វាយកាលពីខែមេសា និងខែឧសភា តម្លៃស្វាយធ្លាក់ចុះខ្លាំងរហូតដល់ត្រឹមតែ ៣០០រៀលក្នុងមួយគីឡូក្រាម ។ ឥឡូវនេះ កសិករមិនមានស្វាយលក់ទេ ដូច្នេះ តម្លៃឡើងដល់ ៤០០០រៀលក្នុងមួយគីឡូ ។
លោកបាននិយាយថា៖ «រដូវស្វាយ ស្វាយអត់តម្លៃ […] តម្លៃតែ ២០០ ទៅ ៣០០រៀលក្នុងមួយគីឡូ ឥឡូវ គេថា មួយគីឡូ ៤០០០រៀល តាមអ្នកទិញគេនិយាយ ។ ខែនេះ អស់ស្វាយហើយ មានតិចតួចបំផុត» ។ លោកបន្តថា លោកបានចំណាយលុយអស់ច្រើនក្នុងការដាំដុះ ប៉ុន្តែ ចំណេញមិនរួចថ្លៃពលកម្មផងទេ ។
លោក ថៃ បាននិយាយថា៖ «ខ្ញុំស្នើសុំក្រសួងកសិកម្មឱ្យជួយកសិករឱ្យបានតម្លៃយ៉ាងហោច ១០០០រៀលក្នុងមួយគីឡូ» ។ លោកសង្ឃឹមថា ផលិតផលកសិកម្មនឹងសម្បូរនៅតាមទីផ្សារ បន្ទាប់ពីនាយករដ្ឋមន្ត្រីអំពាវនាវឱ្យលើកកម្ពស់ទីផ្សារកសិកម្ម ។
លោក អុំ សុភា ប្រធានសហគមន៍កសិកម្មសាមគ្គីតំបែ ក្នុងខេត្តត្បូងឃ្មុំ បានប្រាប់ ខេមបូចា ថា ផលិតផលកសិកម្មរបស់កសិករមិនមានតម្លៃទីផ្សារជាក់លាក់ទេ ដែលមានន័យថា ស្វាយលក់បានក្នុងតម្លៃថោកបំផុត ។
លោកបាននិយាយថា៖ «ស្វាយគឺមានទីផ្សាររហូត ប៉ុន្តែ បញ្ហាសំខាន់ គឺថាតម្លៃវាមិនរួចថ្លៃដើមផលិត »។
លោកបានសម្ដែងការពេញចិត្តដែលថា រដ្ឋាភិបាលកាត់បន្ថយពន្ធនាំចូលលើជីថ្នាំនិងគ្រឿងចក្រកសិកម្ម ។ បន្ថែមលើនេះ លោកបានសំណូមពរឱ្យពាណិជ្ជករ ឬក្រុមហ៊ុនជីថ្នាំកសិកម្មឱ្យបញ្ចុះតម្លៃផងដែរ ។
តម្លៃជីបច្ចុប្បន្ន គឺជិត៥០ដុល្លារក្នុងមួយបាវ «ដែលតម្លៃនេះគឺនៅតែខ្ពស់សម្រាប់កសិករ» ដោយសារតម្លៃផលិតផលកសិកម្មនៅទាបនៅឡើយ ។
លោកបានបន្តថា៖ «ខ្ញុំនឹងសប្បាយចិត្ត ប្រសិនបើរដ្ឋាភិបាលមានយន្តការកាត់បន្ថយពន្ធលើជីថ្នាំនិងឧបករណ៍កសិកម្មនាំចូលដើម្បីបន្ទាបតម្លៃ ដើម្បីយើងអាចប្រកួតប្រជែងបាននៅក្នុងទីផ្សារសេរី»។
លោក ឃឹម ហ្វ៊ីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម បាននិយាយថា ប្រសាសន៍របស់នាយករដ្ឋមន្ត្រីឆ្លុះបញ្ចាំងពីអាទិភាពនៅក្នុងវិស័យនេះ ដែលកំពុងត្រូវបានអនុវត្ត ជាពិសេស ធានាស្ថិរភាពតម្លៃ បញ្ជូនមន្ត្រីកសិកម្មឃុំ និងបង្កើតសហគមន៍កសិកម្មទំនើប ។
លោកបាននិយាយថា៖ «កម្មវិធីគោលនយោបាយអាទិភាពទាំងនេះធ្វើឡើងដើម្បីដោះស្រាយភាពប្រឈម និងបង្កើនភាពប្រកួតប្រជែងរបស់ផលិតផលកសិកម្មកម្ពុជា ក្នុងនោះរួមទាំងថ្លៃដើមផលិត ស្តង់ដារ គុណភាព និងស្ថិរភាពនៃការផ្គត់ផ្គង់ [ដែល]សំដៅឆ្ពោះទៅរកការកែច្នៃ[ផលិតផលកសិកម្ម]សម្រាប់ការនាំចេញនិងលើកកម្ពស់ជីវភាពរបស់កសិករ» ។
លោកមិនបានឆ្លើយតបនឹងសំណួរអំពីតម្លៃនិងយុទ្ធសាស្ត្រទីផ្សារសម្រាប់ការដាំដុះដំណាំស្ពៃទេ ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodia To Prioritize Diversification of Agricultural Promotion To Meet Market Demand