សហភាពអឺរ៉ុប (EU) វិនិយោគទឹកប្រាក់ប្រមាណជិត៨៧លានដុល្លារ ដើម្បីធ្វើទំនើបកម្មវិស័យកសិកម្មកម្ពុជា និងលើកកម្ពស់លទ្ធភាពចូលទៅកាន់ទីផ្សាររបស់កសិករកម្ពុជាទាំងក្នុងស្រុក និងអន្តរជាតិ។ ការវិនិយោគនេះត្រូវបានគេរំពឹងថានឹងផ្ដល់អត្ថប្រយោជន៍ដល់សហគ្រាសកសិកម្ម និងកសិកររាប់សែននាក់ ជាពិសេសនៅក្នុងសហគមន៍ជនបទ។
កាលពីថ្ងៃសុក្រ ធនាគារវិនិយោគអឺរ៉ុប (EIB) និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយសម្រាប់ជំនួយឥតសំណងចំនួន ១៦.៣ លានដុល្លាររបស់សហភាពអឺរ៉ុប សម្រាប់កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) ។ កម្មវិធីនេះនឹងដំណើរការរយៈពេល៦ឆ្នាំ ចាប់ពីឆ្នាំ ២០២៥ ដល់ឆ្នាំ ២០៣០ ក្នុងគោលបំណងបំពាក់បំប៉នដល់កសិករ និងអាជីវកម្មកសិកម្ម ជាមួយនឹងឧបករណ៍និងហេដ្ឋារចនាសម្ព័ន្ធដើម្បីបង្កើនផលិតកម្ម ពង្រីកទីផ្សារ និងកែលម្អសុវត្ថិភាពចំណីអាហារ។
កញ្ចប់វិនិយោគដែលគាំទ្រដោយសហភាពអឺរ៉ុបនេះ មានប្រភពមូលនិធិជាច្រើន រួមមាន ប្រាក់កម្ចី ៦៥ លានដុល្លារពី EIB Global និងពីសហភាពអឺរ៉ុបចំនួន ៤.៩ លានដុល្លារសម្រាប់ជំនួយបច្ចេកទេស។ លើសពីនេះ មូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍កសិកម្ម (IFAD) ដែលជាទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិផ្តោតលើការអភិវឌ្ឍន៍ជនបទ កំពុងសហការផ្តល់ហិរញ្ញប្បទានដល់កម្មវិធីនេះជាមួយនឹងទឹកប្រាក់ចំនួន ៤៩ លានដុល្លារ។
កម្មវិធីនេះរួមបញ្ចូល ការធ្វើឱ្យប្រសើរឡើងនៃមន្ទីរពិសោធន៍កសិកម្មជាតិនៅខេត្តកណ្តាល ក៏ដូចជាការកែលម្អមជ្ឈមណ្ឌលស្រាវជ្រាវ មន្ទីរពិសោធន៍ និងស្ថានីយ៍នៅតំបន់ដាច់ស្រយាល មានទីតាំងក្នុងរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង ខេត្តស្វាយរៀង និងខេត្តស្ទឹងត្រែង។ លើសពីនេះ គំនិតផ្តួចផ្តើមនេះ នឹងផ្តល់មូលនិធិសម្រាប់ការសាងសង់ស្ពានកោះខ្សាច់ទន្លា ខេត្តកណ្តាល ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវការដឹកជញ្ជូន និងការចូលទៅកាន់ទីផ្សារសម្រាប់កសិករ។
អនុប្រធានធនាគារវិនិយោគអឺរ៉ុប អ្នកស្រី Nicola Beer បានថ្លែងថា ការវិនិយោគនេះត្រូវបានរំពឹងថានឹងផ្តល់ផលប្រយោជន៍ដោយផ្ទាល់ដល់កសិករខ្នាតតូចចំនួន ១០០,០០០នាក់ ដោយក្នុងនោះគ្រួសារមានដីធ្លីខ្នាតតូច ២៥,០០០គ្រួសារ និងសហគ្រាសកសិកម្មចំនួន ៥០០សហគ្រាស។
លោកស្រីថ្លែងថា៖ «ការផ្ដល់ហិរញ្ញប្បទាននេះ គឺដើម្បីជួយរដ្ឋាភិបាលក្នុងការពង្រឹងសន្តិសុខស្បៀង បង្កើនប្រាក់ចំណូលរបស់កសិករ និងឱកាសទីផ្សារថ្មីៗសម្រាប់ផលិតផលកម្ពុជា»។
ឆ្លើយតបទៅនឹងសំណួររបស់សារព័ត៌មានខេមបូចា ស្តីពីការធានានូវស្ថិរភាពតម្លៃទីផ្សារ អ្នកស្រីបានពន្យល់ថា គំនិតផ្តួចផ្តើមនេះមិនមានការកំណត់តម្លៃដោយផ្ទាល់ឡើយ ប៉ុន្តែវាផ្តោតទៅលើការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ភាពជាដៃគូអាជីវកម្ម និងការទទួលបានទីផ្សារ។
លោកស្រីនិយាយថា៖ «នៅពេលដែលនិយាយដល់ការនាំចេញ បើកសិករផលិតស្របតាមស្ដង់ដាអន្តរជាតិ នោះកសិករនឹងអាចចូលទៅកាន់ទីផ្សារអឺរ៉ុប និងប្រទេសជិតខាងបាន»។ អ្នកស្រីបានបន្ថែមថា៖«ប្រសិនបើផលិតផលរបស់កសិករត្រូវបានបញ្ជាក់ដោយមន្ទីរពិសោធន៍ និងដំណើរការផលិតមានកម្រិតបច្ចេកទេសខ្ពស់ នោះពួកគេនឹងទទួលយកតម្លៃដែលបានដាក់ ដែលនេះនឹងអនុញ្ញាតឱ្យកសិករទទួលបានតម្លៃខ្ពស់»។
លោក វន់ ដេវីត ជាកសិករដាំម្រេច ក្នុងខេត្តត្បូងឃ្មុំ សម្ដែងការស្វាគមន៍ចំពោះការវិនិយោគនេះ តែលោកបានចោទសួរអំពីប្រភេទជំនួយ និងតារាងស្ដង់ដាគុណភាពដែលដាក់ចេញ ក៏ដូចជាថាតើការគាំទ្រនឹងពង្រីកឱកាសដល់កសិករខ្នាតតូច ឬសមាគម។ ក្នុងនោះ លោកបានសង្កត់ធ្ងន់ពីតម្រូវការរបស់កសិករ ដែលចង់ឱ្យក្រសួងកសិកម្មមានមន្ត្រីបង្គោលដើម្បីផ្ដល់ព័ត៌មានពីបច្ចុប្បន្នភាពនៃតម្លៃ ក៏ដូចជាសម្រួលដល់ការធ្វើតេស្តនៅមន្ទីរពិសោធន៍។
លោកនិយាយថា៖ «កន្លងមក នៅពេលដែលក្រុមហ៊ុនណាមួយចូលមកទិញម្រេចក្នុងតម្លៃខ្ពស់ គឺពួកគេតែងតែយកវាទៅតេស្តជាមុនសិន ប៉ុន្តែការចំណាយធ្វើពិសោធន៍គឺកសិករត្រូវចេញដោយខ្លួនឯង»។
លោក ដេវីត បានកត់សម្គាល់ថា ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ តម្លៃម្រេចមានភាពប្រសើរឡើង បន្ទាប់ពីការធ្លាក់ចុះយ៉ាងខ្លាំង។ លោកថា ពីមុនក្នុងមួយគីឡូក្រាមមានតម្លៃប្រមាណ ១ម៉ឺនរៀលប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះវាអាចបានឡើងដល់ប្រមាណ ២ម៉ឺន ៦ពាន់រៀល។

លោក ណុក ប៊ុនថន ប្រធានសមាគមស្វាយចន្ទីកម្ពុជាប្រចាំខេត្តកំពង់ធំ ក៏បានគាំទ្រគំនិតផ្ដួចផ្ដើមនេះដែរ ដោយលោកមានប្រសាសន៍ថា ការធ្វើតេស្តគុណភាពផលិតផល នឹងជួយឱ្យកសិករទទួលបានការចរចាតម្លៃដែលប្រសើរមួយ។ លោកបន្ថែមថា បច្ចុប្បន្នកសិករដាំស្វាយចន្ទីលក់ឱ្យឈ្មួញកណ្ដាលនាំចេញទៅវៀតណាមដោយគ្មានការតេស្តបញ្ជាក់ឡើយ ដែលធ្វើឱ្យពួកគេងាយរងគ្រោះពីការប្រែប្រួលតម្លៃ។ លោកបានកត់សម្គាល់ថា ទោះបីនៅឆ្នាំនេះតម្លៃស្វាយចន្ទីមានលំនឹង កសិករខ្នាតតូចនៅតែខ្វះលទ្ធភាពក្នុងការធ្វើតេស្តគុណភាពផលិតផល ដែលនេះបានបង្អាក់ឱកាសទីផ្សាររបស់ពួកគេ។
អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កញ្ញា អ៊ឹម រចនា និង លោក ឃឹម ហ្វីណង់ មិនអាចសុំការអត្ថាធិប្បាយបាននោះទេ។
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក Igor Driesmans បានមានប្រសាសន៍ថា ចំពោះផលិតផលកសិកម្មដែលទាក់ទងទាំងមន្ទីរពិសោធន៍និងផលិតកម្ម សភាពអឺរ៉ុបមិនបានកំណត់ប្រភេទដំណាំជាក់លាក់ណាមួយឱ្យបានលម្អិតនោះទេ។ តែយ៉ាងណា លោកថា ពួកគេកំពុងផ្ដោតលើដំណាំសំខាន់ពីរគឺ ស្វាយចន្ទី និងម្រេច។ លោកបន្ថែមថា សហភាពអឺរ៉ុបកំពុងសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហគមន៍មូលដ្ឋានដើម្បីបង្កើនការកែច្នៃដំណាំទាំងនេះ ដោយធានានូវតម្លៃសមរម្យមួយ។
លោកលើកឡើងថា៖ «ពួកយើងកំពុងជួយដល់វិស័យនេះឱ្យកាន់តែមានលក្ខណៈបរិយាបន្ន និងមានភាពធន់ ដោយផ្ដល់អត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជាទាំងអស់ និងជាពិសេសអ្នកនៅតាមសហគមន៍ជនបទ»។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណចំពោះ EIB, EU និង IFAD សម្រាប់ការគាំទ្រក្នុងការរចនា និងរៀបចំកម្មវិធី ASPIRE-AT។ លោកបានបន្ថែមថា ការវិនិយោគនេះស្របតាមគោលដៅអភិវឌ្ឍន៍រយៈពេលវែងរបស់កម្ពុជា ក្នុងការសម្រេចបាននូវស្ថានភាពចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងកម្រិតខ្ពស់នៅឆ្នាំ២០៥០ ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ EU Invests $87 Million to Modernize Cambodia’s Agriculture and Boost Market Access