សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ពិធីការិនីទូរទស្សន៍ត្រូវបានដោះលែងក្រៅឃុំ ក្រោយពីមានការស្នើសុំពីមេធាវីលោកនាយករដ្ឋមន្ត្រី

មេធាវីរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងម្តាយរបស់ កញ្ញា មាន ពេជ្ររីតា ដើរចេញពីតុលាការក្រុងភ្នំពេញ ក្រោយពីចុះហត្ថលេខាធានាដោះលែងកញ្ញាឲ្យនៅក្រៅឃុំ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ
មេធាវីរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងម្តាយរបស់ កញ្ញា មាន ពេជ្ររីតា ដើរចេញពីតុលាការក្រុងភ្នំពេញ ក្រោយពីចុះហត្ថលេខាធានាដោះលែងកញ្ញាឲ្យនៅក្រៅឃុំ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

អតីតបេក្ខនារី Miss Grandកម្ពុជា និងជាពិធីការិនីទូរស្សន៍ My TV កញ្ញា មាន ពេជ្ររីតា ត្រូវបានតុលាការក្រុងភ្នំពេញសម្រេចដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមានការស្នើសុំពីក្រុមមេធាវីរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។

កញ្ញា ពេជ្ររីតា ត្រូវបានតុលាការឃុំខ្លួន ពីបទលួចនិងប្រើប្រាស់អំពើហិង្សា បន្ទាប់ពីតាមចោទថា បានយកកាំបិទចាក់លោកឧកញ៉ា ហេង សៀ ត្រង់ពោះ។ កញ្ញា ក៏បានដាក់ពាក្យបណ្តឹងតបដោយចោទប្រកាន់លោកឧកញ៉ាពីបទបៀតបៀនផ្លូវភេទនិងប៉ុនប៉ងរំលោភ។ ករណីនេះបានធ្វើឲ្យសាធារណជនចាប់អារម្មណ៍ និងបានធ្វើយុទ្ធនាការលើបណ្តាញសង្គម ដោយទាមទារតុលាការស្វែងរកយុត្តិធម៌ឲ្យនាង។

យោងតាមដីកាដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ដែលសម្រេចដោយ ចៅក្រមស៊ើបសួរ កូយ សៅ បានឲ្យដឹងថា ការដោះលែងនេះផ្អែកលើការសើ្នសុំពីមេធាវីរបស់ជនត្រូវចោទ និងអះអាងថា វានឹងមិនប៉ះពាល់ដល់ការស៊ើបអង្កេតនោះទេ ប៉ុន្តែដាក់ជនត្រូវចោទស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។

លោក វិរោចន៍ សុផង់ មេធាវីការពារក្តីឲ្យកញ្ញា ពេជ្ររីតា បាននិយាយថា តុលាការបានសាកសួរនាងនៅព្រឹកថ្ងៃព្រហស្បតិ៍ ដោយមានការចូលរួមពីក្រុមមេធាវីរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ក្រោយពីសាកសួរតុលាការសម្រេចដោះលែងនាងនៅក្រៅឃុំដោយសារបញ្ហាប្រឈមនៃសុខភាពរបស់នាង និងត្រូវធ្វើការស៊ើបអង្កេតបន្ថែមទៀតលើករណីនេះ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន មានប្រសាសន៍ថា ការសម្រេចរបស់តុលាការ គឺផ្អែកតាមនិតិវីច្បាប់។

លោកមានប្រសាសន៍ថា៖ «នេះមិនមែនព្រោះតែសម្ពាធពីសាធារណៈជននោះទេ ប៉ុន្តែនេះគឺជានិតិវិធីរបស់តុលាការ ព្រោះតុលារមិនទាន់សម្រេចភាគីណាខុសត្រូវនោះទេ» ដោយលោកបន្ថែមថា ការដោះលែងនៅក្រៅឃុំមានការធានាពីមេធាវី ហើយករណីនេះស្ថិតក្នុងនិតិវិធីស៊ើបអង្កេត។

លោក សុផង់ ឲ្យដឹងថា កូនក្តីរបស់លោកត្រូវបានសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់កាលពីថ្ងៃទី១១ ខែ ឧសភា ពាក់ព័ន្ធនឹងឧប្បត្តិហេតុកាលពីថ្ងៃទី៤ ខែឧសភា។ លោក សុផង់ បាននិយាយថា លោកឧកញ៉ា ហេង សៀ បានដាក់ពាក្យបណ្តឹងទៅនគរបាលខណ្ឌទួលគោកកាល ពីថ្ងៃទី៦ ខែឧសភា។ ពីរថ្ងៃក្រោយមក ប៉ូលីសបានមកដល់ផ្ទះរបស់ ពេជ្ររីតា ហើយបាននាំស្ត្រីវ័យ២០ឆ្នាំរូបនេះទៅធ្វើការសាកសួរ។ នាងត្រូវបានបញ្ជូនទៅតុលាការនៅថ្ងៃទី១០ ខែឧសភា ហើយបច្ចុប្បន្ន កំពុងត្រូវបានឃុំខ្លួននៅពន្ធនាគារព្រៃស។

ដីកាឃុំខ្លួន ដែលលោក កូយ សៅ បានចុះហត្ថលេខាដោយចៅក្រមស៊ើបសួរសាលា ដំបូងរាជធានីភ្នំពេញបានលើកឡើងថា កញ្ញា ពេជ្ររីតា ត្រូវបានចោទប្រកាន់តាមមា ត្រា៣៥៣ និង៣៥៧ នៃក្រមព្រហ្មទណ្ឌពីបទលួចទូរស័ព្ទ iPhone 12 Pro Max និងចាក់ទៅលើលោកឧកញ៉ាត្រង់ពោះ។

លោក សុផង់ មានប្រសាសន៍មុនការដោះលែងកូនក្តីរបស់លោកថា «ការសម្រេចរបស់តុលាការហាក់ដូចជាលឿនពេក ។ ខណៈដែលកូនក្តីរបស់ខ្ញុំមិនអាចផ្តល់ចម្លើយលម្អិត ពីព្រោះនាងនៅមានការភ័យខ្លាចនិងតក់ស្លុត ដូច្នេះវាពិបាកស្វែងយល់ថា អ្វីបានកើតឡើងពិតប្រាកដ»

លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាមានប្រសាស ន៍ថា អាជ្ញាធរចាំបាច់ត្រូវស៊ើបអង្កេតករណីនេះឡើងវិញដើម្បីធានាថា មានយុត្តិធម៌ ។

លោកស្រីមានប្រសាសន៍ថា៖ «នេះជាបញ្ហាដែលធ្វើឱ្យប៉ះពាល់ដល់ជំនឿលើប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ពីព្រោះយើងបានឃើញវប្បធម៌និទណ្ឌភាព ហើយវាបានកើតឡើងចំពោះជនក្រីក្រ»

លោកស្រី ចក់ សុភាព បានទទូចថា តុលាការគួរតែឆ្លើយតបផងដែរចំពោះបណ្តឹងដែលប្តឹងឧកញ៉ាឱ្យបានទាន់ពេលវេលា ដើម្បីធានាឱ្យមានភាពស្មើគ្នានៅ ចំពោះមុខច្បាប់។

លោកស្រីបន្តថា៖ «វាមិនមានន័យថា បណ្តឹងត្រូវបានដោះស្រាយយ៉ាងឆាប់រហ័សនៅ ពេលមានការពាក់ព័ន្ធនឹងអ្នកមាននិងអ្នកមានអំណាច ចំណែកអ្នកទន់ខ្សោយត្រូវបានគេព្រងើយកន្តើយនោះទេ»

កញ្ញា ពេជ្ររីតា ដែលជាពិធីការិនីនៅទូរទស្សន៍ My TV បានប្តឹងជំទាស់នឹងលោកឧញ៉ា ហេង សៀ កាលពីថ្ងៃទី១១ ខែឧសភា ដោយចោទប្រកាន់លោកពីបទបៀតបៀនកេរ្តិ៍ខ្មាសនិងប៉ុនប៉ងរំលោភសេពសន្ថវៈ ដោយទាមទារសំណងជំងឺចិត្តសរុបចំនួន១១ ម៉ឺនដុល្លារ។ ក្នុងពាក្យបណ្តឹង នាងបានចោទប្រកាន់ថា លោក ហេង សៀ បានទាក់ទងនាងជាច្រើនដងមុនពេលកើតហេតុនិងបានផ្ទេរប្រាក់ទៅក្នុងគណនីធនាគាររបស់នាងចំនួនប្រាំដងដែលមានទឹកប្រាក់សរុប៨៤៧ដុល្លារ។

បណ្តឹងនោះសរសេរថា៖ «នាងខ្ញុំទទួលរងភាពអយុត្តិធម៌ខ្លាំងណាស់។ ការចោទថា នាងខ្ញុំបានលួចទូរសព្ទនិងបានបង្កឲ្យមានរបួសដល់គាត់គឺមិនពិតទេ។ អ្វីដែលខ្ញុំបានធ្វើ គឺរុញដៃរបស់គាត់ចេញមិនឲ្យបំពានមកលើរូបរាងកាយនាងខ្ញុំដែលជាស្ត្រីទន់ ខ្សោយ ដើម្បីការពារសុវត្ថិភាពនាងខ្ញុំ៼។ ខ្ញុំគ្រាន់តែចង់រំដោះខ្លួនទៅផ្ទះប៉ុណ្ណោះ។ ខ្ញុំក៏សង្ឃឹមជឿជាក់ដែរថា ព្រះរាជាណាចក្រកម្ពុជាដែលស្ថិតនៅក្រោមម្លប់របស់សម្តេចតេជោ ហ៊ុន សែន នឹងផ្តល់ជូនយុត្តិធម៌និងសច្ចធម៌មកដល់ជនរងគ្រោះដែល ជានារីទន់ខ្សោយ ក៏ដូចជាប្រជាពលរដ្ឋដែលជាកូនចៅរបស់សម្តេចដែរ»

រូបភាពវីដេអូពីកាមេរ៉ាសុវត្ថិភាពបានបង្ហាញពីជម្លោះនៅក្នុងរថយន្តនៅតាមបណ្តោយផ្លូវតូចមួយក្នុងរាជធានីភ្នំពេញរវាងបុរសនិងស្ត្រីម្នាក់ ដែលគេជឿថា ជាឧកញ៉ាហេង សៀ និងកញ្ញា ពេជ្ររីតា។ បន្ទាប់មកបុរសនោះបានធ្លាក់ចេញពីរថយន្តខណៈដែលស្ត្រីម្នាក់កាន់កាំបិតបានបើកទ្វាររថយន្តហើយដើរចេញទៅ។

ករណីចោទប្រកាន់ និងឃុំខ្លួន កញ្ញា ពេជ្ររីតា បានបង្កឱ្យមានយុទ្ធនាការតាមបណ្តាញសង្គមអំពាវនាវរកយុត្តិធម៌នាង ដោយមានការបង្ហោះសារតាមហ្វេសប៊ុកជាច្រើនដោយនិយាយឡើងវិញនូវសំដី ដែលនាងបានស្រែកនៅពេលនាងត្រូវបានបញ្ជូនទៅតុលាការថា «គាត់ស្ទាបខ្ញុំ ខ្ញុំខ្ពើមខ្លួនឯង»

នៅក្នុងវីដេអូមួយ ដែលត្រូវបានគេផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើបណ្តាញសង្គមហ្វេសប៊ុក ពេជ្ររីតា ត្រូវបានគេឃើញកំពុងយំនិងមានស្ត្រីចំណាស់ម្នាក់ដែលមិនស្គាល់អត្តសញ្ញាណកំពុងឱបហើយនាងសុំត្រឡប់ទៅផ្ទះវិញ។ នាងស្រែកថា « នៅស្រុកខ្មែរគេធ្វើចឹងមែន

លោកឧកញ៉ា ហេង សៀ ជានាយកនិងជាប្រធានក្រុមប្រឹក្សាភិបាលទាំងក្រុមហ៊ុនហេង ស្រេង ហុង អាហរ័ណនីហរ័ណដឹកជញ្ជូននិងសំណង់ខូអិលធីឌី និងក្រុមហ៊ុន CamboPura Glass Co., Ltd ។ ខេមបូចា មិនអាចទាក់ទងលោក ហេង សៀ ឬមេធាវីរបស់គាត់បានទេ។ យោងតាមសេចក្តីរាយការណ៍របស់បណ្តាញព័ត៌មានក្នុងស្រុកបានឱ្យដឹងថា លោកឧកញ៉ារូបនេះកំពុងស្ថិតក្នុងការសង្គ្រោះបន្ទាន់នៅឡើយ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន មានប្រសាសន៍ថា ករណីនេះកំពុងស្ថិតក្នុងការស៊ើបអង្កេតនៅឡើយ។

លោកស្រី ប៉ុក បញ្ញាវិចិត្រ នាយិកាប្រតិបត្តិនៃអង្គការកម្ពុជាដើម្បីជួយស្ត្រីមានវិបត្តិបានមានប្រសាសន៍ថា មិនមានភស្តុតាងច្បាស់លាស់ណាមួយ ដែលបង្ហាញថា ភាគីណាមួយទទួលខុសត្រូវនោះទេ។

លោកស្រីបានមានប្រសាសន៍៖ «សម្រាប់ខ្ញុំ ការសម្រេចរបស់តុលាការក្នុងការឃុំខ្លួនស្ត្រីរូបនោះ គឺលឿនពេកហើយ។ ផ្អែកតាមច្បាប់ យើងមិនទាន់បានរកឃើញភស្តុតាងថា តើខាងណាខុសនិងខាងណាត្រូវនៅឡើយទេ»

លោកស្រីមានប្រសាសន៍ថា តាមទស្សនសង្គម ការបង្ខំឱ្យនរណាម្នាក់ធ្វើសកម្មភាពផ្លូវភេទមិនអាចទទួលយកបានទេ ជាពិសេសលើស្ត្រី។

លោកស្រីបានមានប្រសាសន៍ថា៖ «រឿងបែបនេះមិនអាចទទួលយកបានទេនៅក្នុងសង្គម។ ស្ត្រីនិងបុរសមានតម្លៃដូចគ្នា»

ករណីនេះ គឺជាឧទាហរណ៍ថ្មីបំផុត ដែលអ្នកមានអំណាចនិងមានខ្នងក្រាសត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋប្រឆាំងលើស្ត្រី។ អង្គការសង្គមស៊ីវិលចំនួន៥០ ដែលធ្វើ ការលើការលើកកម្ពស់សិទ្ធិស្រ្តីបានផ្ញើលិខិតចំហរមួយទៅរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងរដ្ឋមន្រ្តីក្រសួងយុត្តិធម៌អំពាវនាវឱ្យមានវិធានការផ្លូវច្បាប់ក្នុងករណីអំពើហិង្សាក្នុងគ្រួសារ ការបៀតបៀនផ្លូវភេទនិងអំពើហិង្សាលើស្ត្រី ដែលប្រព្រឹត្តដោយបុរសៗនៅក្នុងតួនាទីដែលមានអំណាច។

ក្រៅពីករណីលោកឧកញ៉ា ហេង សៀ លិខិតនេះបានលើកឡើងពីករណីអតីតឧកញ៉ា ដួង ឆាយ ដែលត្រូវបានដកហូតងារជាឧកញ៉ា បន្ទាប់ពីត្រូវបានលាតត្រដាងជាសាធារណៈថា បានវាយដំប្រពន្ធរបស់ខ្លួន និងលោក អ៊ុក កុសល អតីតស្នងការនគរបាលខេត្តកំពង់ធំ ដែលត្រូវបានដកចេញពីតួនាទី បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទបៀតបៀនផ្លូវភេទសហសេវិកជាស្ត្រី។

លិខិតនោះបានសរសេរថា៖«[យើង] មានការខកចិត្តជាខ្លាំង ដែលស្ថាប័នមានសមត្ថ កិច្ចពាក់ព័ន្ធមិនបានអនុវត្តឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពតាមគោលការណ៍ច្បាប់ទៅលើករណីហិង្សានិងការបៀតបៀនផ្លូវភេទពីមុនមក។ ក្នុងករណីទាំងនេះជនរងគ្រោះមិនបានទទួលនូវយុត្តិធម៌ពេញលេញ ដែលជាហេតុបង្កឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់និងនាំឱ្យមានការកើនឡើងនូវអំពើហិង្សានិងការបៀតបៀនផ្លូវភេទលើស្ត្រីនិងក្មេងស្រី»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ TV presenter released on bail following request from PM’s lawyers

642 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម