សហជីព និងម្ដាយរបស់ស្រ្តីជាកម្មករសេវាកម្មកម្សាន្តម្នាក់ដែលកំពុងជាប់ពន្ធនាគារ បានជំរុញឱ្យសាលាដំបូងខេត្តកណ្តាលដោះលែងកូនស្រីរបស់ខ្លួនឱ្យមានសេរីភាពឡើងវិញ ដោយសារមានបញ្ហាជីវភាពកាន់តែយ៉ាប់យ៉ឺន បន្ទាប់ពីកូនរបស់គាត់ត្រូវបានឃុំខ្លួន កាលពីចុងខែសីហា ឆ្នាំ២០២១ ជុំវិញករណីល្មើសបម្រាមគោចររបស់រាជរដ្ឋាភិបាល។
អ្នកស្រី សេង បូរី ដែលជាកម្មករសេវាកម្មកម្សាន្តម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនរួមគ្នាជាមួយម្ចាស់ហាង ភ្ញៀវ មេការ កម្មករសេវាកម្ម អ្នករត់មុខម្ហួប និងចុងភៅសរុបចំនួន ២៣នាក់ កាលពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២១ នៅក្នុងភោជនីយដ្ឋាន«ច័ន្ទរះលើទឹក» ស្ថិតនៅភូមិត្រាចទោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ដោយសារអាជ្ញាធរចោទថា បានបើកអាជីវកម្មបំពានបម្រាមទប់ស្កាត់ជំងឺកូវីដ១៩។
បន្ទាប់មក សមត្ថកិច្ចបានដោះលែងមនុស្ស ១៩នាក់មកវិញដែលជាថ្នូរនឹងការបង់ប្រាក់ពិន័យក្នុងម្នាក់ចំនួន ១លានរៀលតាមការកំណត់ដោយវិធានការរដ្ឋបាល ខណៈមនុស្សចំនួន ៤នាក់រួមមាន ម្ចាស់ហាងម្នាក់ និងកម្មករសេវាកម្សាន្ដចំនួន ៣នាក់(ប្រុសម្នាក់ ស្រី ២នាក់) ត្រូវបានសមត្ថកិច្ចស្រុកអង្គស្នួលកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្ដាល ដោយតុលាការបានសម្រេចឃុំខ្លួននៅក្នុងពន្ធនាគារខេត្ត។
អ្នកស្រី សេង ហ៊ាញ អាយុជាង ៦០ឆ្នាំ ត្រូវជាម្តាយអ្នកស្រី សេង បូរី បាននិយាយរៀបរាប់ទាំងអួលដើមកថា អ្នកស្រីពិតជាតក់ស្លត់ និងភ័យខ្លាច នៅពេលឮថា អាជ្ញាធរចាប់ខ្លួនកូនស្រីគាត់ បញ្ជូនទៅតុលាការខេត្តកណ្ដាល។ អាជ្ញាធរបង្គាប់អ្នកស្រីឱ្យបង់ប្រាក់ ១,៥០០ដុលា្លរ ដើម្បីជាថ្នូរនឹងការដោះលែងកូនស្រី ប៉ុន្ដែអ្នកស្រីមិនមានលទ្ធភាព ដោយសព្វថ្ងៃអ្នកស្រីរកមួយពេលបានសម្រាប់តែមួយពេលប៉ុណ្ណោះ។
អ្នកស្រីបញ្ជាក់ថា៖«ខ្ញុំអស់សង្ឃឹមណាស់។ កូនខ្ញុំជាអ្នកស្វែងរកប្រាក់ចំណូលមកចិញ្ចឹមគ្រួសារ ហើយចៅស្រីខ្ញុំនៅតូចកំពុងតែរៀនសូត្រ និងត្រូវការភាពកក់ក្តៅពីម្តាយគេ ខ្ញុំសែនអាណិតចៅណាស់»។ ដោយអ្នកស្រីបន្ថែមថា៖ «ខ្ញុំយំសឹងរាល់យប់អាណិតកូន កូនខ្ញុំមិនមានកំហុសធំដុំឡើយ គាត់ធ្វើការងារស្វែងរកលុយចិញ្ចឹមគ្រួសារសោះ។ ហើយសព្វថ្ងៃនេះ ខ្ញុំខ្វះខាតក្នុងជីវភាព ទីទាល់ខ្លាំងណាស់ ឥឡូវនេះខ្ញុំលក់អន្សមអាំង ដើម្បីបានលុយទិញអង្ករហូប និងមួយចំណែកទៀត ផ្ញើឱ្យកូននៅពន្ធនាគារ»។
អ្នកស្រី សេង ហ៊ាញ បានអំពាវនាវ និងជំរុញឱ្យតុលាការខេត្តកណ្ដាលឆាប់ដោះលែងកូនស្រីគាត់ឱ្យមានសេរីភាពឡើងវិញ ដោយសារអ្នកស្រីមានកូនស្រីតែម្នាក់ដែលចិញ្ចឹមគាត់ និងចៅស្រីម្នាក់ទៀត។ អ្នកស្រីថា៖«សូមដោះលែងកូនខ្ញុំមកវិញមក នេះមិនមែនជាកំហុសប្លន់ទេ កូនខ្ញុំត្រូវតែចេញទៅរកលុយ បើទោះមានព្យុះ ភ្លៀង ជំងឺកូវីដ១៩យ៉ាងណាក្តី តែពួកយើងត្រូវការរស់នៅ ហូបចុក តើបានអីទិញអង្ករច្រកឆ្នាំង»។

សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្ម (CFSWF) កាលពីថ្ងៃទី ០៤ ខែវិច្ឆិកានេះ បានធ្វើយុទ្ធនាការតាមបណ្តាញសង្គម និងបង្ហាញរបាយការណ៍មួយទាក់ទងជីវប្រវត្តិអ្នកស្រី សេង បូរី ព្រមទាំងសម្ដែងក្ដីបារម្ភពីកក្តាជីវភាពរបស់ក្រុមគ្រួសារនាងទៀតផង។ សហជីពនេះបានជំរុញឱ្យតុលាការដោះលែង សេង បូរី និងមនុស្ស ៣នាក់ផ្សេងទៀត ដែលត្រូវបានចាប់ខ្លួនជាមួយគ្នា ដោយថា វាមិនមែនជាទោសកំហុសធ្ងន់ធ្ងរដល់ជាប់ពន្ធនាគាររាប់ខែនោះទេ។
របាយការណ៍សហព័ន្ធសហជីព CFSWF បានឱ្យដឹងថា សេង បូរី គឺជាកូនទោលក្នុងគ្រួសារក្រីក្រមួយដែលរស់នៅក្នុងភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ អ្នកស្រីមានម្ដាយចាស់ជរា ហើយថ្លង់ផង និងមានកូនស្រីម្នាក់អាយុ ៨ឆ្នាំ។ ដោយសារតែជីវភាពរស់នៅក្រីក្រលំបាកខ្លាំងពេក បូរី ត្រូវចាកចេញពីស្រុកកំណើត មកស្វែងរកការងារធ្វើនៅភ្នំពេញ។
CFSWF បន្តថា នៅក្នុងឆ្នាំ ២០១៩ បូរី បានការងារធ្វើជាស្រ្តីបម្រើការងារផ្នែកខារ៉ាអូខេនៅក្នុងហាងមួយដែលមានឈ្មោះថា ហ្គោលដិនសោន (Golden Sound) នៅឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។ បូរី ស្នាក់នៅបន្ទប់ជួលមួយនៅក្នុងភូមិបុរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ដើម្បីឱ្យជិតកន្លែងធ្វើការ ព្រោះការងារគាត់ត្រូវចេញយប់ៗ ជួនកាលទៀបភ្លឺក៏មានដែរ។
របាយការណ៍បន្តថា នៅឆ្នាំ២០២០ ចាប់ពីមានការផ្ទុះឡើងខ្លាំងនៃការរីករាលដាលជំងឺកូវីដ១៩ រាជរដ្ឋាភិបាលបានតម្រូវឱ្យគ្រប់កន្លែងការងារដែលជា ក្លឹប ខារ៉ាអូខេ បៀហ្គាឌិន រង្គសាល ភោជនីយដ្ឋាន ហាងម៉ាស្សា កាស៊ីណូ ផ្អាកសកម្មភាពអាជីវកម្មភ្លាមៗ។ ពេលនោះ បូរី បាត់បង់ការងារ មិនមានប្រាក់ចំណូលទាំងស្រុង និងជួបផលលំបាកកាន់តែធ្ងន់ធ្ងរថែមទៀត។
បើទោះបីជាជំងឺកូវីដ១៩ រីករាលដាលក្ដី បូរី នៅតែស្វែងរកការងារធ្វើបន្តបន្ទាប់ក្នុងឆ្នាំ២០២១។ មុនការចាប់ខ្លួនប្រហែល ៤ខែ បូរី រកបានកន្លែងការងារថ្មីមួយទៀតឈ្មោះ ភោជនីយដ្ឋាន «ច័ន្ទរះលើទឹក» ស្ថិតនៅភូមិត្រាចទោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។
របាយការណ៍បន្ថែមថា ថៅកែហាងតម្រូវឱ្យកម្មករធ្វើការធម្មតា ប្រហែលជា ៣ ទៅ៤ខែ ដោយសារយោងសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តកណ្ដាលលេខ ១៤៩ ស.ស.រ ប្រការទី២ មិនបានកំណត់ថា ភោជនីយដ្ឋាន ស្ថិតនៅក្នុងមុខរបរ ឬអាជីវកម្មដែលមានហានីភ័យខ្ពស់ដែលតម្រូវឱ្យផ្អាកនោះទេ។
លុះដល់ថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២១ ម៉ោងជិត ១១:០០យប់ មានកងកម្លាំងអាជ្ញាធរស្រុកអង្គស្នួល ខេត្តកណ្ដាល បានធ្វើការឡោមព័ន្ធ ភោជនីយដ្ឋាន ច័ន្ទរះលើទឹក នេះ ហើយបានចាប់ខ្លួនម្ចាស់ភោជនីយដ្ឋាន ភ្ញៀវ មេការ កម្មករសេវាកម្ម អ្នករត់មុខម្ហួប និងចុងភៅសរុប ២៣នាក់ ហើយកម្មករជាច្រើននាក់ទៀតបានរត់គេចខ្លួន។
របាយការណ៍បញ្ជាក់ថា៖«អាជ្ញាធរបានតម្រូវឱ្យកម្មករនិយោជិតបង់ប្រាក់ពិន័យតាមវិធានការរដ្ឋបាលជាថ្នូរនឹងការដោះលែងខ្លួនឱ្យមានសេរីឡើងវិញ។ កម្មករសេវាកម្ម ចុងភៅ អ្នកកត់មុខម្ហូប អ្នករត់រ៉ឺម៉កកង់បីផ្សេងៗទៀត ត្រូវបានដោះលែងទាំងអស់ហើយ ក្រោយពីពួកគេបានបង់ប្រាក់ពិន័យក្នុងម្នាក់ចំនួន ១លានរៀលតាមការកំណត់ដោយវិធានការរដ្ឋបាល»។
ចំពោះមនុស្សចំនួន ៤នាក់ ក្នុងនោះមាន បុរី ផងដែរត្រូវបានសមត្ថកិច្ចស្រុកអង្គស្នួល កសាងសំណុំរឿងបញ្ជូនទៅតុលាការ ហើយត្រូវតុលាការសម្រេចឃុំខ្លួនពន្ធនាគារខេត្តកណ្ដាល។
លោកស្រី អ៊ូ ទេពផល្លីន ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្ម (CFSWF) បានថ្លែងថា អ្នកបម្រើការងារក្នុងវិស័យសេវាកម្សាន្ត ជាពិសេសស្ត្រីកំពុងរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ គ្មានលទ្ធភាពស្វែងរកប្រាក់ចំណូលដទៃទៀតទេ។ ពួកគេត្រូវការចំណាយប្រចាំថ្ងៃ ឬប្រចាំខែដូចជាចំណាយទៅលើ បង់ថ្លៃទឹក ភ្លើង ថ្លៃទឹកដោះគោកូន ចំណាយលើម្ហូបប្រចាំថ្ងៃ សូម្បីតែលុយទិញអង្ករច្រកឆ្នាំងក៏គ្មាន។ ពិសេសពួកគាត់ប្រឈមនឹងការបណ្ដេញចេញពីបន្ទប់ជួលថែមទៀត ដោយសារគ្មានលុយបង់ឱ្យម្ចាស់ផ្ទះ។
លោកស្រីបន្តថា ការរីករាលដាលនៃជំងឺកូវីដ១៩ គឺពិតជាគួរឱ្យខ្លាច ហើយវាក៏ធ្វើឱ្យរាជរដ្ឋាភិបាលព្រួយបារម្ភដែរ ប៉ុន្ដែទន្ទឹមការបារម្ភនេះ រាជរដ្ឋាភិបាលគួរតែគិតទៅដល់ស្រ្តីដែលងាយរងគ្រោះធ្ងន់ធ្ងរជាងគេ ពោលគឺគិតគូដល់ស្រ្តីជាមេគ្រួសារដែលរ៉ាប់រងលើការហូបចុករបស់សមាជិកគ្រួសារគាត់ទាំងមូល ដោយត្រូវធានាថា ពួកគាត់មានអាហារហូបចុក ដោយមិនចាំបាច់ចេញទៅធ្វើការងារខាងក្រៅផ្ទះ ទើបវិធានការរដ្ឋាភិបាលមានប្រសិទ្ធភាពខ្ពស់។
លោកស្រីបញ្ជាក់ថា៖«ខ្ញុំគិតថា ទោសកំហុសរបស់ បូរី មិនមែនជាបទល្មើសសាហាវ ឬទោសធ្ងន់ធ្ងរអ្វីរហូតដល់បញ្ជូនទៅដាក់ពន្ធនាគាររយៈពេល ៣ ឬ៤ខែបែបនេះទេ ប៉ុន្ដែវាជាការស្វែងរកលុយមកផ្គត់ផ្គង់ជីវភាពគ្រួសារគាត់ ហើយល្មើសបម្រាមតិចតួចបំផុត។ ករណីល្មើសបម្រាមនេះ គួរតែមានការពិន័យជាប្រាក់នៅចំនួនតាមលទ្ធភាពគាត់ ឬគ្រាន់តែធ្វើកិច្ចសន្យាហ្នឹងបានហើយ»។
បន្ថែមលើនេះ លោកស្រី ទេពផល្លីន ឱ្យដឹងថា ក្រុមការងារលោកស្រីមិនទាន់មានរបាយការណ៍ដែលទាក់ទងករណីកម្មករ ឬបុគ្គលិកបម្រើការនៅក្នុងសេវាកម្សាន្ត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ឬពិន័យជុំវិញការល្មើសបម្រាមគោចររបស់រាជរដ្ឋាភិបាលទេ ប៉ុន្ដែសហជីពលោកស្រីនឹងបែងចែកក្រុមការងារចងក្រងរបាយការណ៍សម្រាប់ផ្សព្វផ្សាយនៅចុងឆ្នាំនេះ។
លោក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល នៅថ្ងៃទី ០៨ ខែវិច្ឆិកានេះមិនទាន់អាចទាក់ទងសុំការបញ្ជាក់បន្ថែមជុំវិញករណីនេះបានទេ។
លោក ផាច ផល្លា អធិការរងនគរបាលស្រុកអង្គស្នួល នៅថ្ងៃទី ០៨ខែវិច្ឆិកានេះបានឱ្យដឹងថា លោកមិនទាន់បានទទួលដំណឹងអ្វីពីតុលាការខេត្តកណ្ដាលថាតើតុលាការដោះលែងមនុស្សទាំង ៤នាក់នេះហើយ ឬមិនទាន់ដោះលែងនៅឡើយ។
លោកបញ្ជាក់ថា៖«ខ្ញុំគ្រាន់តែដឹងថា អ្នកទាំងនោះត្រូវបានចាប់ខ្លួន បញ្ជូនទៅតុលាការហើយ ប៉ុន្ដែខ្ញុំមិនទាន់ដឹងថា តុលាការដោះលែងវិញ ឬនៅទេ? ខ្ញុំអត់ដឹងទេ»។
លោក សូ សារិន អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាលបានថ្លែងនៅថ្ងៃទី ០៨ ខែវិច្ឆិកានេះថា ជនជាប់ទាំង ៤នាក់ ក្នុងនោះមានឈ្មោះ សេង បូរី ម្នាក់ដែរ បាននិងកំពុងឃុំខ្លួននៅពន្ធនាគារខេត្តកណ្ដាលនៅឡើយ ប៉ុន្ដែលោកមិនទាន់ដឹងថា ត្រូវដោះលែងវិញនៅពេលណានោះទេ។
លោកមានប្រសាសន៍ថា៖ «លោកចៅក្រមអមសាលាដំបូងខេត្តកណ្ដាលបានសម្រេចចោទប្រកាន់ពីបទ«រារាំងដល់ការអនុវត្តវិធានការ»តាមមាត្រា១១នៃច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ ខ្ញុំអត់ដឹងត្រូវដោះលែងពេលណាទេ លុះត្រាតែមានការសម្រេចពីតុលាការសារជាថ្មី»។
តាមមាត្រា១១នៃច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតបានចែងថា បទរារាំងដល់ការអនុវត្តវិធានការ គឺជាអំពើរារាំង ឬបង្កឧបសគ្គដោយចេតនាដល់ការអនុវត្តវិធានការដែលបានដាក់ចេញស្របតាមច្បាប់នេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ ១០លានរៀល។
មាត្រា១១ បានចែងថា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាទឹកប្រាក់ចំនួន ៥លានរៀល ទៅ២០លានរៀល កាលបើអំពើខាងលើនេះបណ្ដាលឱ្យមានការចម្លងជំងឺកូវីដ១៩ដល់អ្នកដទៃ ឬប៉ះពាល់ធ្ងន់ធ្ងរសល់សុខភាពសាធារណៈ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី០៨ ខែវិច្ឆិកានេះ បានថ្លែងក្នុងកម្មវិធីបើកសម្ពោធជាផ្លូវការ អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថា ការសម្រេចបើកដំណើរការឡើងវិញ នូវខារ៉ាអូខេ រង្គសាល និងឌីស្កូតែក ដែលជាអាជីវកម្មមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ ត្រូវរង់ចាំដល់ក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។
លោកបន្តថា ប្រសិនបើកដំណើរការអាជីវកម្ម ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក អាចនឹងមានហានិភ័យឆ្លងក្នុងកម្រិតខ្ពស់ ខុសពីការបើកដំណើរសាលារៀន ដែលមានសិស្សានុសិស្សប្រមាណ ៣លាននាក់។
លោកបញ្ជាក់ថា៖«ខារ៉ាអូខេ ឌីស្កូតែក និងរង្គសាល រង់ចាំក្រោយថ្ងៃទី៣០ ខែវិច្ឆិកា។ ខ្ញុំសម្រេចយប់មិញ តាមសំណើររបស់ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ដែលដឹកនាំប្រជុំដោយឯកឧត្តម ម៉ម ប៊ុនហេង ព្រោះប្រសិនជាបើកវាលឿនពេកអាចនឹងមានបញ្ហា»។ ដោយលោកបន្ថែមថា៖ «ឥឡូវនេះធ្វើម៉េចបើកសាលារៀនមុនសិន អត្រាឆ្លងគឺធ្លាក់ចុះ។ បើកសាលាមនុស្សជាង៣លាននាក់ចូលរៀន តែឆ្លងមានកម្រិតតូច មកពីបងប្អូនព្រមទទួលយកវ៉ាក់សាំង ក្នុងពេលដែលពួកអ្នកដទៃប្រឆាំងនឹងការចាក់វ៉ាក់សាំង»។
តាមរបាយការណ៍ក្រសួងទេសចរណ៍ដែលបានបង្ហោះនៅលើវែបសាយ(Website)របស់ខ្លួន បានឱ្យដឹងថា ស្រ្តី និងបុរសដែលបម្រើការងារលើផ្នែកសេវាកម្មខាងទេសចរណ៍ និងភោជនីយដ្ឋានចំនួន ៨ម៉ឺននាក់បានបាត់បង់ការងារ និងប្រាក់ចំណូលរបស់ខ្លួន។ ក្នុងនោះកម្មករបម្រើការងារផ្នែកសេវាកម្មកម្សាន្ត(ក្លឹប ខារ៉ាអូខេ បៀហ្គាឌិន រង្គសាល ភោជនីយដ្ឋាន ហាងម៉ាស្សា កាស៊ីណូ) ជាង ៤ម៉ឺននាក់បាត់បង់ការងារ ដែលអ្នកទាំងនោះក៏មានបន្ទុកចិញ្ចឹមសមាជិកគ្រួសារពួកគេដែលមានចំនួនរាប់ម៉ឺននាក់ផ្សេងទៀតដែរ៕