សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

រោងចក្រចម្រាញ់ប្រេងពន្យាពេលសាងសង់ ខណៈប្រេងឆៅកម្ពុជាត្រូវនាំចេញទាំងស្រុង

បុគ្គលិកចាក់សាំងម៉ូតូឲ្យអតិថិជន នៅស្ថានីយមួយក្នុងទីក្រុងភ្នំពេញ។ បញ្ញា ឆព័ណ្ណ
បុគ្គលិកចាក់សាំងម៉ូតូឲ្យអតិថិជន នៅស្ថានីយមួយក្នុងទីក្រុងភ្នំពេញ។ បញ្ញា ឆព័ណ្ណ

មន្ត្រីនៃក្រ​សួងរ៉ែ និង​ថាម​ពល ​ឲ្យ​ដឹងថា​តម្លៃ​ប្រេង​នៅ​កម្ពុ​នឹង​មិន​អា​ច​ធ្លាក់​ចុះ​បាន​ទេ ​ទោះ​បីជា​កម្ពុជា​បាន​ជាប់​ឈ្មោះ​ជា​ប្រទេស​ផលិត​ប្រេង​កាលពី​ខែ​មុន​ ដោយ​ថា​១០០​ភាគរយ​នៃប្រេងឆៅ​នឹង​នាំ​ចេញ​ទៅ​ក្រៅប្រទេស ខណៈ​រោងចក្រ​ចម្រាញ់​ប្រេង​កម្ពុជា​មិន​ទាន់​បាន​សាង​សង់​នៅ​ឡើយ​។

បរិ​មាណ​ប្រេង​ពី​៨០០ ទៅ​១ ០០០​ បារ៉ែល​នឹង​ត្រូវ​បូប​ពី​អណ្ដូង​ដំបូង​គេ​​របស់​កម្ពុជា​ ដែលព័ត៌មាន​នេះ​បាន​លេច​ឡើង​កាលពី​ថ្ងៃទី​២៨ ខែ​ធ្នូ ឆ្នាំ​២០២០។ ប៉ុន្តែ​មន្ត្រី​ក្រ​សួងរ៉ែ និង​ថាម​ពល​ឲ្យ​ដឹងថា​ ព័ត៌មាន​ដែលថា​តម្លៃ​ប្រេង​លក់​លើ​ទីផ្សារ​នៅ​កម្ពុជា​នឹង​អាច​ធ្លាក់ចុះ​ជា​ព័ត៌មាន​គ្មាន​មូល​ដ្ឋាន​ច្បាស់​លាស់​។​​

លោក ជៀប សួរ អគ្គនាយក នៃ​អគ្គនាយក​ដ្ឋាន​ប្រេង​ក្រ​សួង​រ៉ែ និង​ថាម​ពល ​មាន​​ប្រ​សាសន៍ថា​៖ «ប្រេស​ឆៅ​របស់​យើង​នឹង​នាំ​ចេញ​ ព្រោះ​យើង​មិន​ទាន់​មាន​រោងចក្រ​ចម្រាញ់​នៅ​ឡើយ…​ផលិត​ផល​ប្រេង​នេះ​នឹង​ផ្ដល់​ចំណូល​ដល់​រដ្ឋ​សម្រាប់ការ​អភិវឌ្ឍនានា មិន​មែន​ធ្វើ​ឲយ្យតម្លៃ​ប្រេង​ចុះ​ថោក​នោះទេ​»

ក្រោយ​ពី​បាន​ពន្យាពេល​​ជា​ច្រើន​ឆ្នាំ ដំណឹង​នៃការទទួល​បាន​ដំណក់​ប្រេង​លើក​ដំបូង​របស់​កម្ពុជា​នៅ​ក្នុង​ប្លុកA ក៏​បាន​កើត​ឡើង និង​ត្រូវ​បាន​លោក​នាយក​រដ្ឋ​មន្ត្រី​ស្វាគមន៍​ និង​បាន​ហៅ​ការណ៍​នេះថា «ជា​ពរជ័យ​សម្រាប់​មនុស្ស​គ្រប់​គ្នា» ខណៈ​ក្រុម​អ្ន​ក​សង្កេត​ការណ៍​បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​​ប្រើ​ប្រាស់​ចំណូល​បាន​ពី​ប្រេង​ឲ្យ​មាន​តម្លាភាព។​

លោក ជៀប សួ ឲ្យ​ដឹង​ទៀ​ត​ថា​ក្រុម​ហ៊ុន​ចុះបញ្ជី​នៅប្រទេស​សិង្ហបុរី KrisEnergy ដែលកាន់​ភាគ​ហ៊ុន​៩៥ភាគរយ​ អាច​នឹង​បូប​ប្រេង​បាន​ចំនួន​ច្រើន​បំផុត​រហូត​ដល់​៧ ៥០០​បារ៉ែល​ក្នុងមួយ​ថ្ងៃ​នៅពាក់​កណ្ដាល​ខែ​កុម្ភៈ ខាងមុខ ប៉ុន្តែ​ថា​ប្រេង​ទាំង​អស់​នោះ​នឹង​ត្រូវ​នាំ​ទៅ​ក្រៅ​ប្រទេស​។​

លោក​បញ្ជាក់​ថា គម្រោង​សាង​សង់​រោង​ចក្រ​ចម្រាញ់ប្រេង​តម្លៃ​៦២០​លាន​ដុល្លារ​នៅ​ខេត្ត​កំពត  និង​ខេត្ត​ព្រះ​សីហនុ​ត្រូវ​បាន​ពន្យា​ពេល ដោយ​សារ​បញ្ហា​ហិរញ្ញវត្ថុ​រវាង​ក្រុម​ហ៊ុន​ដៃគូ​ Cambodia Petrochemical Co និង​ក្រុម​ហ៊ុន​រដ្ឋ​ចិន​​ Northeast Refining and Chemical Engineering Co។

លោក​បន្ថែម​ថា​គម្រោង​នេះ​ស្ថិត​នៅ​ក្នុង​ភាព​មិន​ទាន់​ច្បាស់​លាស់​ថា​នឹង​ដំណើរ​ការ​វិញ​នៅពេលណា​នោះទេ​។​

លោក​ឲ្យ​ដឹង​ទៀតថា៖ «គម្រោងនេះ​កំពុង​គាំង ហើយ​ក្រុម​ហ៊ុន​កំពុង​រក​ដៃគូ​ថ្មី​ទៀត​…​យើង​សង្ឃឹមថា​ពេល​មាន​រោងចក្រ​ចម្រាញ់​ប្រេង​កសាង​រួច​រាល់ នោះ​ដំណើការ​នឹង​អាចធ្វើ​បាន​នៅ​ក្នុង​ស្រុក»។​

​អ្នក​នាំ​ពាក្យ​​ក្រុម​ហ៊ុន​ KrisEnergy មាន​ប្រ​សាសន៍ថា​ប្រេង​ដែល​បូប​បានពី​ប្លុកA ឬហៅថា​អប្សរា នឹង​ត្រូវ​ស្តុក​ទុក​ក្នុងកប៉ាល់​រហូត​ដល់​ពេញ​ល្មម​ រួច​ហើយ​នឹង​លក់​បន្ត​ទៅ​កាន់​អ្នកបញ្ជា​ទិញ ដែល​នៅពេល​នេះ​មិន​ទាន់​ដឹង​ថាជាអ្នក​ណា​នៅឡើយ​។​

អ្នក​នាំ​ពាក្យ​បន្ថែមថា​៖ «ប្រេង​ឆៅអប្សរា​នឹង​ត្រូវ​លក់​ទៅ​តាម​ចំនួន​ដែល​បូប​បាន ហើយ​ប្រទេស​គោល​ដៅ​ក៏​ផ្សេង​ៗគ្នា​ដែរ អាស្រ័យ​លើ​អ្នក​បញ្ជាទិញ​»។​

​នៅពេលដែល​ដំណឹង​នៃការ​បូប​ប្រេង​លើក​ដំបូង​បាន​លេច​ឡើង​ធ្វើ​ឲ្យ​មានការ​សាទរ និង​អបអរ ប្រៀប​ដូច​ជា​ជោគជ័យ​សម្រាប់​ជាតិ និង​ប្រជា​ជន ប៉ុន្តែ​ប្រ​ជា​ពល​រដ្ឋ​ក៏​ភ្ញាក់​ផ្អើល​ដែរ ពេល​បាន​ដឹង​ថា​ការ​បូប​ប្រេង​បាន​នេះ មិន​បាន​ជួយ​ធ្វើ​ឲ្យ​តម្លៃ​ប្រេងលក់​លើ​ទី​ផ្សារ​កម្ពុជា​ចុះ​ថោក​ជាង​នេះ។​

ក្រសួងពាណិជ្ជកម្ម​បាន​ធ្វើ​បច្ចុប្បន្នភាព​តម្លៃ​ប្រេងសាំង​នៅ​លើ​ទី​ផ្សារ​កម្ពុជា​រាល់​១៥​ថ្ងៃ​ម្ដង​ ដោយ​ផ្អែក​លើ​តម្លៃទី​ផ្សារ​អន្តរជាតិ ដោយ​តម្លៃ​លក់រាយ​គិត​ត្រឹម​ថ្ងៃទី​១៥ ខែ​មករា នេះ តម្លៃ​សាំង​ធម្មតា​មួយ​លីត្រ​៣ ២០០​រៀល និង​ប្រេង​ម៉ាស៊ូត​មួយ​លីត្រ​២ ៩៥០​រៀល។​​

​លោក អ៊ូច ម៉ម វ័យ​៥២ឆ្នាំ ជាអ្នក​រត់​កង់​បី មកពី​ខេត្ត​តាកែវ បាន​និយាយ​ថា​បន្ទាប់ពី​បាន​ឮ​​លោក​នាយក​រដ្ឋ​មន្ត្រី​ប្រកាស​ពី​ការ​ទទួល​បាន​ដំណក់​ប្រេង​ដំបូង លោក​សង្ឃឹម​ថា​តម្លៃប្រេង​សាំង​លើ​ទីផ្សារ​ក្នុង​ស្រុក​នឹង​ចុះថ្លៃ ដែល​លោក​ថា​វាមាន​សារៈសំខាន់ណាស់​សម្រាប់​ពល​រដ្ឋ​ក្រី​ក្រ​។

លោក​បន្ថែម​ថា៖ «​បើ​យើង​នាំ​ប្រេង​ឆៅ​ចេញ ហើយ​នាំប្រេងសាំង​ចូលវិញ វាគ្មានផល​ប្រយោជន៍​អ្វី​ដល់ប្រជាជន​ទេ។ ពួកគេ​គ្មាន​បានទទួលអីពីប្រេងនេះទេ»។ ដោយលោក​បន្ថែម​ទៀតថា​បញ្ហា​ស្ទះ​ចរាចរណ៍​នៅ​ភ្នំពេញ ធ្វើ​ឲ្យ​ការ​ចំណាយ​លើ​ថ្លៃ​ប្រេង​សាំង​របស់​អ្នក​បើក​បរ​កើន​ឡើង​។​

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន មាន​ប្រ​សាសន៍​កាលពីខែ​ធ្នូ កន្លងទៅ​ថា​ចំណូល​បានពី​ប្រេង​នឹង​ប្រើ​លើ​ក្រ​សួង​អាទិភាព​ចំនួន​ពីរ គឺក្រសួង​អប់រំ និង​សុខាភិបាល​។​

លោក រ៉ា ចន្ទរ័ត្ន អ្នក​គ្រប់​គ្រង​គំរោង​អភិវឌ្ឍ​ប្រកប​ដោយចិរភាព​​របស់​អង្គការ​តម្លាភាព​កម្ពុជាមាន​ប្រសាសន៍ថា​ ការ​ដាក់​ឲ្យ​មាន​ការ​តាម​ដាន​ចំណូល​បាន​ពី​ប្រេង គួរ​តែ​ជា​រឿង​អាទិភាព​របស់​រដ្ឋា​ភិបាល​។​

លោក​បន្ថែមថា៖ «​វា​គួរ​តែ​ជា​កាតព្វកិច្ច​សម្រាប់​រដ្ឋាភិបាល​ក្នុង​ការ​ដាក់​បង្ហាញ​ពីខ្លឹម​សារ​លម្អិត​ក្នុង​​កុងត្រា និង​កិច្ចព្រមព្រៀង​នានា»។​​

ក​ម្ពុជា​បាន​ចូល​ទៅ​ក្នុង​ទីផ្សារ​ប្រទេស​ផលិត​ប្រេង ចំពេល​ដែល​ទីផ្សារ​​មិន​ទាន់ប្រាកដប្រជា និង​មានភាពផុយស្រួយ​។​

មូលនិធិរូបិយប័ណ្ណអន្តរជាតិ (IMF) បាន​ព្យាករណ៍កាលពី​ឆ្នាំ​ទៅ​ថា​​តន្លៃប្រេង​លើទី​ផ្សារ​អន្តរជាតិ​​ទំនងជា​បន្ត​នៅ​ទាបជាង​៤៣​ដុល្លារ​ក្នុង​មួយ​ប៉ារ៉ែល​រហូត​ដល់​ឆ្នាំ​២០២៣ ដោយ​ហេតុ​តែ​​តម្រូវការ​នៅ​មាន​ទាប ក្នុង​វិបត្តិ​កូវីដ១៩។

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ With refinery delayed, 100% of Cambodia’s crude oil to be exported

218 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម