សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

កម្មករកាត់ដេរជិត ១សែននាក់ត្រូវព្យួរការងារ ខណៈដែល​ការបញ្ជាទិញ​ធ្លាក់​ចុះ​ពាក់កណ្ដាល

កម្មកររោងចក្រតវ៉ានៅមុខរោងចក្រមួយក្នុងខេត្តកណ្តាល បន្ទាប់ពីរោងចក្រប្រកាសព្យួរប្រតិបត្តិការ ដោយសារវីរុសកូរ៉ូណា។ រូបភាព៖ បញ្ញា ឆព័ណ្ណ

រោងចក្រកាត់ដេរជាង១៣០ នៅក្នុងប្រទេស​កម្ពុជា​បាន​ព្យួរប្រតិបត្តិការរបស់ខ្លួន​ នៅចំពេល​ដែល​សេដ្ឋកិច្ច​ពិភពលោក​កំពុងធ្លាក់ចុះដោយសារវិបត្តិជំងឺ​រាតត្បាត​ កូវីដ១៩ ដែល​បណ្ដាល​ឲ្យ​កម្មករ​ជិត ១សែននាក់គ្មានការងារធ្វើ និង​រស់នៅពឹងផ្អែកលើ​ប្រាក់ឧបត្ថម្ភបន្តិចបន្តួច​បណ្ដោះអាសន្ន ចំនួន ៧០ដុល្លារក្នុងមួយខែ។ នេះ​បើ​យោងតាម​លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ ដែលបាន​ប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទនេះ ។

ថ្លែងនៅឯ​សន្និសីទសារព័ត៌មាន​មួយ​នៅទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ហេង សួរ បាន​មានប្រសាសន៍ថា កូវីដ១៩បាន​បង្ក​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរទៅលើ​ប្រទេសពីរដែលជាទីផ្សារ​ធំបំផុត​នៃ​វិស័យ​កាត់ដេរ​របស់​កម្ពុជា គឺសហរដ្ឋ​អាមេរិក និង អឺរ៉ុប ​បានបណ្ដាល​ឲ្យ​ការ​បញ្ជាទិញ​ធ្លាក់​ចុះ​យ៉ាងខ្លាំង ។ លោក​បានមានប្រសាសន៍ថា ការបញ្ជាទិញសម្លៀកបំពាក់​នៅក្នុង​ត្រីមាសទីពីរនៃ​ឆ្នាំនេះ អាចនឹង​មានចំនួន​ត្រឹមតែ ៥០-៦០%ប៉ុណ្ណោះ នៃ​បរិមាណបញ្ជាទិញ​សម្រាប់រយៈពេល​ដូចគ្នា​ នៃឆ្នាំ​មុន ។

លោក ហេង សួរ មាន​ប្រសាសន៍​ថា​៖ «មានរោងចក្រ​ជាង ១៣០ ដែល​បាន​ព្យួរ[ប្រតិបត្តិការ] ហើយវាបាន​ប៉ះពាល់​ដល់​កម្មករ​ជតិ ១សែន​នាក់»។ លោក​បាន​បន្ថែមទៀត​ថា មន្ត្រីក្រសួងការងារ​បាន​ស្នើ​សុំ​ឲ្យរោងចក្រ​កុំ​បញ្ឈប់​ការងារកម្មករ​ទាំងស្រុង​ ដើម្បី​ឲ្យពួកគេ​នៅតែអាច​មានសិទ្ធិទទួលបានការឧបត្ថម្ភ​ពី​កម្មវិធី ៧០ដុល្លារ។

លោក ហេង សួរ បានបន្ថែមថា៖ «រដ្ឋាភិបាល​បាន​លើកទឹកចិត្ត​ឲ្យ​រោងចក្រ​ត្រឹមតែ​ដាក់ពាក្យស្នើសុំ​ព្យួរប្រតិបត្តិការបានហើយ​ កុំ​បិទ​រោងចក្រ​ទាំងស្រុង ពីព្រោះ​ក្នុង​អំឡុងពេល​ដែលរោងចក្រ​ផ្អាក កម្មករ​មិន​បាន​បាត់​បង់​ការងារ​ទាំង​ស្រុង​តែម្ដងនោះទេ។ ពួកគេ​ពុំទាន់ក្លាយជាកម្មករ​ដែល​បានបាត់បង់​ការងារ​នៅឡើយទេ»

នៅក្រោម​កម្មវិធី​ឧបត្ថម្ភ​ប្រាក់ ៧០ដុល្លារ រដ្ឋាភិបាល​ចេញ​ឲ្យ​កម្មករ ៤០ដុល្លារក្នុង​មួយខែ ចំណែក​រោងចក្រ​ដែលបានព្យួរប្រតិបត្តិការការងារ​ត្រូវ​ចេញ​បន្ថែមចំនួន ៣០ដុល្លារក្នុងមួយខែ ។ ជាការប្រៀបធៀប ប្រាក់ឈ្នួលអប្បបរមា​នៅក្នុងវិស័យ​កាត់ដេរ ដែល​កាលពីមុន​ពេលនៃការផ្ទុះឡើង​នៃ​វីរុសកូរ៉ូណា បានផ្ដល់​ការងារដល់មនុស្ស​ប្រមាណ ៨សែននាក់ ដោយទទួលបានប្រាក់ឈ្នួល​ចំនួន ១៩០ដុល្លារក្នុងមួយខែ សម្រាប់ឆ្នាំ២០២០នេះ ។

លោក ហេង សួរ បាន​មានប្រសាសន៍ថា លោក​សង្ឃឹម នៅពេល​វិបត្តិកូវីដ១៩​ ធូរស្រាល​វិញ រោងចក្រ​ជាច្រើន​ដែលបាន​ព្យួរការងារ​ នឹងអាច​បើក​ទ្វារឡើងវិញ និង​យកកម្មករ​ឲ្យចូលធ្វើការឡើងវិញ ។

លោកក៏បានលើកឡើងផងដែរថា កាលពីសប្ដាហ៍មុន មន្ត្រីសុខាភិបាល​បាន​ធ្វើតេស្ត​កម្មករ​ត្រឹមតែ ៥.០៤៣នាក់​ប៉ុណ្ណោះ ក្នុងចំណោម​កម្មករ ​ដែលមិនបានមកធ្វើការនៅក្នុងអំឡុងពេលថ្ងៃឈប់​សម្រាកបុណ្យ​ចូលឆ្នាំខ្មែរដែលបាន​លុបចោល ។ លោកថា កម្មករជាច្រើន​មិនបាន​វិល​ត្រឡប់មកធ្វើ​ការវិញតែម្ដង ដោយដឹងថា ពួកគេនឹងត្រូវ​បង្ខំ​ឲ្យរស់នៅដាច់ដោយឡែកពីគេ ឬត្រូវ​ធ្វើ​ចតាឡីស័ក​នៅតាម​មណ្ឌលដែលរដ្ឋចាត់ចែង ។ លោក សួរ បាននិយាយថា ផ្ទុយទៅវិញ​ ពួកគេជាច្រើន​ប្រហែល​ជា​សម្រចចិត្ត​ស្នាក់នៅ​ស្រុក​កំណើតជាមួយក្រុមគ្រួសារតែម្ដង ។

លោក ខេន លូ អគ្គលេខាធិការ​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ហៅកាត់ថា GMAC បាន​មានប្រសាសន៍ថា រោងចក្រ​ជាច្រើនថែមទៀត​នឹងប្រកាស​ព្យួរការងារ​នៅពេល​ឆាប់ៗខាងមុខ​នេះ ដោយ​មានរោងចក្រ​ខ្លះ​បាន​ដាក់ពាក្យស្នើសុំ​ទៅកាន់​ក្រសួងការងារ​រួច​ជាស្រេចហើយ ។

លោក ខេន លូ មានប្រសាសន៍ថា៖ «យ៉ាងហោចណាស់ អាចនឹងមានរោងចក្រ ១០០រោងចក្រ ឬ​ច្រើនជាងនេះ  បន្ថែមលើ​ចំនួនរោងចក្រ ១៣០ ដែលបានព្យួរការងាររួចហើយ ។ ជាសរុប អាចនឹង​មានរោងចក្រ​ច្រើនជាង ២០០»

លោក ខេន​ លូ បានបន្ថែមទៀតថា លោកសង្ឃឹមថា រោងចក្រ​ដែល​ព្យួរការងារ នឹង​អាចបន្ត​ការងារ​ជាធម្មតាវិញ នៅក្រោយ​វិបត្តិកូវីដ១៩​ផុតរលត់ទៅវិញ ប៉ុន្តែ លោក​មិន​ច្បាស់ទេ ។

លោក ខេន លូ មានប្រសាសន៍ថា៖  «វាមានផលប៉ះពាល់ដ៏ធំធេង ហើយវានឹងកាន់តែធ្ងន់ធ្ងរថែមទៀត »។

សុង សុគុណា អាយុ ៣៩ឆ្នាំ ជាកម្មការិនីធ្វើការនៅរោងចក្រឈ្មោះ Top Silver Limited នៅក្នុង​ខេត្ត​ត្បូងឃ្មុំ បាននិយាយថា រោងចក្រ​របស់​គាត់​បាន​ឲ្យ​កម្មករ​ចំនួន​ពាក់កណ្ដាល​នៃ​កម្មករ​សរុប ៨២៧​នាក់​ ឈប់សម្រាក ពី​ការងារ ចាប់តាំងពី​ខែមីនាមកម្ល៉េះ ដោយ​បើក​ប្រាក់​ខែ​ឲ្យ ៥០% នៃ​ប្រាក់​ឈ្នួល​អប្បបរមា ។ កាលពីថ្ងៃពី២០ ខែមេសា អ្នកនាង​បាន​និយាយថា ថៅកែរោងចក្រ​បានដាក់​ពាក្យ​ទៅកាន់ក្រសួងការងារដើម្បីស្នើសុំ​ព្យួរការងារ​កម្មករ ៣៥៩នាក់​ជាផ្លូវការ ដោយសារតែ​កង្វះវត្ថុធាតុដើម ប៉ុន្តែដោយមានកំហុស​នៅលើ​លិខិតស្នើសុំ ទើបត្រូវ​បាន​ក្រសួង​បដិសេធ ។

ប៉ុន្តែ អ្នកនាង​បាននិយាយថា កម្មករ​នៅទីនោះ​សប្បាយនឹងការ​ឲ្យ​”ឈប់សម្រាក” ជាជាង​ការ​ព្យួរការងារ ។

សុគុណា បាន​និយាយ​យ៉ាងដូច្នេះថា៖ «ប្រសិនបើ​ថៅកែ​រោងចក្រ​ឲ្យ​កម្មករ​ឈប់សម្រាក យើង​ទទួល​បាន​ ៥០% នៃ​ប្រាក់ឈ្នួល​អប្បរមា [៩៥ដុល្លារ]។ ដូច្នេះ​វា​ប្រសើរ​ជាង​ការដែលរោងចក្រ​សម្រេច​ព្យួរការងារ​កម្មករ ដែលយើង​នឹង​ទទួលបានតែ ៧០ដុល្លារ ។ ប្រសិនបើ​រោងចក្រ​ព្យួរការងារ​ ហើយ​យើង​បាន​ប្រាក់​ឧបត្ថម្ភតែ ៧០ដុល្លារ យើង​នឹង​ជួបការលំបាកក្នុងការរស់នៅ ដោយសារតែ​យើងត្រូវការលុយ​លើសនេះ​ដើម្បីទ្រទ្រង់ជីវភាព​គ្រួសារ »។

សុគុណា និយាយថា កម្មករភាគច្រើនបំផុត​ក៏ជំពាក់បំណុលដែលខ្ចីពី​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​ច្រើន​ដែរ ហើយ​អាច​ប្រឈមនឹងការបាត់បង់​ទ្រព្យ​បញ្ចាំ ដូចជា ដីធ្លី ប្រសិនបើ​ពួកគេ​មិន​អាច​សងបំណុល​វិញ​បានទេនោះ ។

សុគុណា និយាយដូច្នេះថា៖ «ចំពោះខ្ញុំ ខ្ញុំ​បានខ្ចី​ធនាគារ ៣០០០ដុល្លារ ដើម្បី​យកមកធ្វើចម្ការ ប៉ុន្តែ បន្ទាប់មក ខ្ញុំខាតចំណូលដោយសារតែទីផ្សារធ្លាក់ចុះខ្លាំង ។ ដូច្នេះ ប្រសិន​បើ​រោងចក្រ​ព្យួរ​ការងារ​ខ្ញុំទៀត ខ្ញុំមិនដឹងជាទៅរកលុយ​ពីណា មក​សងធនាគារវិញនោះ​ទេ» ។

លោក ព្រាប មុនីសុវណ្ណ អគ្គលេខាធិការ​នៃ​សហភាព​ចលនាកម្មករ បាន​និយាយថា លោក​នឹង​ជំរុញ​ឲ្យ​មាន​ការឧបត្ថម្ភ​ច្រើនថែមទៀត​ដល់​កម្មករ នៅពេលជួបប្រជុំតាមអនឡាន នៅថ្ងៃព្រហស្បតិ៍​នេះ រវាង​សហជីព ក្រុមហ៊ុនបញ្ជាទិញ GMAC និងមន្ត្រីរដ្ឋាភិបាល ។​

មុនីសុវណ្ណ មានប្រសាសន៍ថា៖ «ខ្ញុំនឹងស្នើសុំ​ឲ្យរដ្ឋាភិបាល​ជួយ​សម្របសម្រួល​ជាមួយធនាគារ និង​ស្ថាប័ន​មីក្រូ​ហិរញ្ញ​វត្ថុ ឲ្យ​ពន្យារ​ពេល​នៃការសងបំណុល ដល់កម្មករដែលត្រូវបានព្យួរការងារ ដោយសារតែពួកគេ​ពុំមាន​លុយ​គ្រប់គ្រាន់នោះទេ »។ ដោយលោក​បន្ថែមថា ប្រាក់​ឧបត្ថម្ភ​ ៧០ដុល្លារក្នុង​មួយខែ គឺ​មិន​គ្រប់គ្រាន់សម្រាប់​កម្មករ​ចាយវាយរស់នៅ​ប្រចាំថ្ងៃផងទេ កុំថា​ឡើយដល់ទៅ​យកទៅសង​បំណុលនោះ ។

លោកស្រី យ៉ាង សុភ័ណ្ឌ ប្រធាន​សម្ព័ន្ធ​សហជីព​កម្មករ​កម្ពុជា បាននិយាយថា លោកស្រី​បានគិតថា រដ្ឋាភិបាលគួរតែ​អនុវត្តតាម​គោលការណ៍ដើម​នៃការតម្រូវឲ្យ​រោងចក្រ​កាត់ដេរ​ដែល​បាន​ព្យួរ​ការងារ​កម្មករ ឲ្យ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ច្រើនជាងនេះ ដល់​កម្មករ​ដែល​បាត់បង់​ការងារ ។

លោកស្រី សុភ័ណ្ឌ មានប្រសាសន៍ថា៖ «យើងនៅតែស្នើសុំឲ្យរដ្ឋាភិបាលរក្សា​វិធានការដើម ដែលតម្រូវ​ឲ្យ​រោងចក្រ​ឧបត្ថម្ភ​ដល់កម្មករ ៤០% [នៃ​ប្រាក់​ឈ្នួល​អប្បបរមា ១៩០ដុល្លារ] ហើយរដ្ឋាភិបាល​ផ្ដល់ ២០% »​។ លោកស្រី​បន្ថែមទៀតថា សហជីព​របស់​លោកស្រី​ក៏ជឿជាក់ផងដែរថា ក្រុមហ៊ុន​បញ្ជាទិញ​បរទេស​ ក៏អាច​ជួយ​រួមចំណែក​ចេញចំណែក​នៅសល់ ៤០% នៃ​តួលេខ​ ១៩០ដុល្លារ បាន ផង​ដែរ ។ 

លោកស្រី សុភ័ណ្ឌ បាននិយាយថា អ្នកបញ្ជាទិញ​និង​ថៅកែរោងចក្រ​បាន​រកស៊ីក្លាយជា​អ្នកមាន​ដោយសារ​កម្មករនៅក្នុងអំឡុងពេល​សេដ្ឋកិច្ច​ល្អ​ប្រសើរ ដូច្នេះ ពេលលំបាក គួរតែជួយដល់​កម្មករ វិញ ។

 លោកស្រីបន្ថែមថា៖ «កម្មករ​យើង​គឺជា​កម្លាំងដ៏សំខាន់​ដែល​បាន​នាំ​យក​ប្រយោជន៍​មក​ឲ្យ​ប្រទេស​ជាតិ ។ ទៅថ្ងៃខាងមុខ ពួកគេ​នឹង​ជួបការលំបាក​កាន់តែច្រើនថែមទៀត» ។

យោងតាមក្រសួង​សុខាភិបាល ពីរសប្ដាហ៍ចុងក្រោយនេះ ពុំមាន​សេចក្ដីរាយការណ៍​អំពី​ករណី​ឆ្លង​ថ្មី​នៃ​កូវីដ១៩ នោះទេ ។ ចំនួន​នៃករណីឆ្លង​ដែលបានបញ្ជាក់ជាផ្លូវការ គឺនៅត្រឹម ១២២ករណី នៅឡើយ ដោយ​ក្នុង​នោះ ១១៩ករណី បានជាសះស្បើយ និងនៅសល់​ ៣ករណីទៀត​ដែល​កំពុង​ព្យាបាល​នៅឡើយ ៕

86 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម