សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

កម្មករ​រោងចក្រ​កាត់ដេរ​និយាយ​ថា ពួក​គេ​ត្រូវ​ការ​ប្រាក់​ឧបត្ថម្ភអំឡុង​​វិធានការ​ដាក់​ដាច់​ដោយឡែក​សម្រាប់​បង្ការ​កូវីដ១៩

កម្មកររោងចក្រដែលមានរោគសញ្ញា កូវីដ១៩ បន្ទាប់ពីមិនបានធ្វើការអំឡុងចូលឆ្នាំខ្មែរ ត្រូវបានដាក់ដោយឡែក នៅវិទ្យាល័យជម្ពូវ័ន្ត ក្នុងទីក្រុងភ្នំពេញ នាខែមេសា ឆ្នាំ២០២០។ រូបភាព៖ បញ្ញា ឆព័ណ្ណ

កម្មកររោងចក្រកាត់ដេរ​ដែលត្រូវបាន​បង្ខំ​ឲ្យ​ស្ថិតនៅដាច់ដោយឡែកពីគេ (ធ្វើចតាឡីស័ក) ដោយ​​មិន​ទទួលបាន​ប្រាក់ឈ្នួល​ ក្នុងរយៈពេល​ ១៤ថ្ងៃ ដោយសារតែការព្រួយបារម្ភ​ពី​វីរុសកូរ៉ូណា និយាយ​ថា ពួកគេ​ព្រួយបារម្ភ​អត់មានលុយសម្រាប់​ចំណាយ​ប្រចាំថ្ងៃ ដូចជា ម្ហូប​អាហារ​ ជាដើម ប្រសិនបើ​ពួកគេ​មិនទទួលបាន​ជំនួយហិរញ្ញវត្ថុ​ពី​ថៅកែរោងចក្រ ឬពីរដ្ឋាភិបាល​ទេនោះ ។ 

កម្មករ​ដែលមិនបានមកធ្វើការក្នុងអំឡុងពេល​ថ្ងៃឈប់សម្រាក​បុណ្យ​ចូលឆ្នាំខ្មែរដែល​រដ្ឋាភិបាល​បាន​លុបចោលកាលពីសប្ដាហ៍មុន ត្រូវ​បាន​បង្ខំ​ឲ្យ​ធ្វើការត្រួតពិនិត្យ​និងតាមដាន​សុខភាព​នៅពេលវិល​ត្រឡប់ចូលធ្វើការវិញ នៅថ្ងៃចន្ទ​នេះ ។ កម្មករទាំងឡាយណាដែល​មាន​រោគសញ្ញាសង្ស័យវិជ្ជមានវីរុស​កូវីដ១៩ នឹងត្រូវ​ដាក់​ឲ្យ​ដាច់ដោយឡែក​ពីគេនៅតាម​មណ្ឌល​ចតាឡីស័ក​ដែលរៀបចំដោយអាជ្ញាធរ​រដ្ឋាភិបាល ចំណែក​ឯអ្នកដែលគ្មានរោគសញ្ញា​ ត្រូវស្ថិតនៅដោយឡែកពីគេ​ចំនួន ១៤ថ្ងៃ នៅតាមផ្ទះរៀងខ្លួន ។

ប៉ុន្តែ ដោយពុំទទួលបាន​ប្រាក់ឈ្នួល​ក្នុងអំឡុងពេល​នៅដាច់ដោយឡែកពីគេ ១៤ថ្ងៃ នៃវិធានការ​បង្ការ​សុខភាព ​បាន​បង្ក​ឲ្យស្ថានភាព​ហិរញ្ញវត្ថុ​ដែល​លំបាកស្រាប់ទៅហើយ​កាន់តែលំបាកបន្ថែមទៀត សម្រាប់​កម្មករ​រោងចក្រ​ប្រមាណ ៣ម៉ឺននាក់ ដែលត្រូវបានបង្ខំ​ឲ្យ​ផ្អាកពីការងារដើម្បីស្ថិតនៅ​ដាច់​ដោយ​ឡែកពីគេ ។

ភុន ស្រីភីម អាយុ ២១ឆ្នាំ ជាកម្មការិនី​ធ្វើការនៅក្នុង​រោងចក្រ​ CTW ដែល​មានថៅកែ​ជា​ជនជាតិ​
អាមេរិក ស្ថិតនៅក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានីភ្នំពេញ បាននិយាយថា នាង​បាននិងកំពុងអនុវត្ត​តាម​បទបញ្ជា​ក្នុងការ​រស់នៅដាច់ដោយឡែកពីគេនៅឯផ្ទះ បន្ទាប់ពី​មិន​បាន​ទៅធ្វើការ​ក្នុងអំឡុងពេល​ថ្ងៃឈប់សម្រាក​បុណ្យ​ចូលឆ្នាំ​ខ្មែរ ​ប៉ុន្តែ  រូបនាងថា​គ្មានលុយកាក់​សម្រាប់​ការចាយវាយប្រចាំថ្ងៃ ដូចជា ទិញ​ម្ហូប​អាហារ ជាដើម ។

នាងបាននិយាយថា នាង​ឲ្យ​មិត្តភក្ដិ​ចេញទៅ​ទិញ​បាយ​និង​ម្ហូប​ឲ្យ​ ប៉ុន្តែលុយសន្សំ​គឺ​បាន​ចាយ​អស់ហើយបន្តថា ការវិលត្រឡប់ចូលធ្វើការវិញក្នុងរយៈពេល ២សប្ដាហ៍ គឺ​ជា​ការ​លំបាក ។

ស្រីភីម បាននិយាយ​៖ «ខ្ញុំត្រូវចំណាយពី ៨ពាន់រៀល ទៅ ១ម៉ឺនរៀល [ប្រហែល ២ដុល្លារ ទៅ ២,៥ដុល្លារ] សម្រាប់ការហូបចុកប្រចាំថ្ងៃ។ ដូច្នេះ ខ្ញុំគិតថា ខ្ញុំគ្មាន​លុយគ្រប់គ្រាន់ទេ សម្រាប់ការ​ចាយវាយ​ក្នុង​រយៈពេល ១៤ថ្ងៃ ឬច្រើនថ្ងៃទៅមុខទៀត នៅពេលខ្ញុំវិលត្រឡប់ចូលធ្វើការវិញ ។ ខ្ញុំសូម​ស្នើ​ទៅរដ្ឋាភិបាល ឬ​រោងចក្រ សូមជួយ​ផ្ដល់​លុយកាក់​សម្រាប់​ការហូបចុក ក្នុងអំឡុងពេល​
អនុវត្តវិធានដាក់ដាច់ដោយឡែន ១៤ថ្ងៃ នេះផង» ។​

កម្មករនៅរោងចក្រ​ CTW មួយរូបទៀត ឈ្មោះ សូ សុភ័ក្ត្រ អាយុ ៣៦ឆ្នាំ បាននិយាយថា អ្នកនាង​បាន​ច្បាប់អនុញ្ញាត​ពីរោងចក្រ​ឲ្យឈប់សម្រាកពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា បើទោះបីគេលុបចោល​ថ្ងៃឈប់សម្រាក​បុណ្យ​ចូលឆ្នាំក្ដី ។ ប៉ុន្តែ នៅពេលដែល​អ្នកនាងវិលត្រឡប់មកចូលធ្វើការវិញ នៅថ្ងៃទី២០ ខែមេសា ខាងរដ្ឋបាល​បានប្រាប់អ្នកនាង​ឲ្យ​ទៅ​ធ្វើការពិនិត្យ​សុខភាព នៅឯសាលាវិទ្យាល័យ​ជម្ពូវ័ន្ត ជាទីកន្លែងដែលរដ្ឋាភិបាល​បាន​បង្កើត​ជា​មណ្ឌល​ចតាឡីស័ក ។

សុភ័ក្ត្រ បាននិយាយថា៖ «បន្ទាប់ពីពិនិត្យសុខភាពរួចហើយ ពេទ្យ​ប្រាប់ខ្ញុំ​ថា ខ្ញុំ​អាច​ទៅរស់នៅដាច់ដោយឡែកពីគេឯងនៅក្នុងផ្ទះ រយៈពេល ១៤ថ្ងៃ ដោយមិនត្រូវ​រស់នៅ​ជាមួយអ្នកផ្សេងទេ ហើយត្រូវតែពាក់ម៉ាស់» ។

សុភ័ក្ត្រ ​និយាយថា នាង​ក៏កំពុងមាន​បញ្ហា​លុយកាក់​ផងដែរ បន្ទាប់ពី​ត្រូវបង្ខំចិត្ត​​មិនទៅធ្វើការរយៈពេល​យូរថ្ងៃបែបនេះ ប៉ុន្តែថា នាងជឿជាក់ថាជំនួយ​ឧបត្ថម្ភ​ដែល​នាងរំពឹង​ នឹងត្រូវ​គេ​ផ្ដល់​ឲ្យ​ ។

សុភ័ក្ត្រ បន្ថែមថា៖ «ខ្ញុំមិនហ៊ានស្នើសុំទៅរដ្ឋាភិបាលទេ ដូច្នេះ ខ្ញុំមានតែត្រូវតស៊ូ​លំបាក​ដោយខ្លួនឯង»។

ស្ត្រីជាកម្មការិនីរោងចក្រកាត់ដេរមួយរូបទៀត ឈ្មោះ ទូច សុខនី អាយុ ២៩ឆ្នាំ ធ្វើការនៅ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ Bowker Garment ស្ថិតក្នុងស្រុក​អង្គស្នួល ខេត្តកណ្ដាល បាន​និយាយថា រូបនាង​ក៏បាន​សុំ​ច្បាប់ឈប់សម្រាក​ផ្លូវការនៅក្នុង​អំឡុងពេល​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ ពីថ្ងៃទី៩ ដល់ថ្ងៃទី១៧ ខែមេសា ប៉ុន្តែនៅពេលនាងវិលត្រឡប់ចូលធ្វើការវិញ ខាងរោងចក្រជា​ចាត់ទុកថា រូប​នាង​បាន​គេច​ពីការងារទៅវិញ ។  

សុខនី បាននិយាយថា៖​«ខ្ញុំត្រូវបានខាង​រោងចក្រ​បង្ខំ​ឲ្យ​ផ្ដិតមេដៃលើលិខិតបញ្ឈប់ពីការងារ ដោយសារពួកគេចោទខ្ញុំថា មិនស្ដាប់ ឬមិនគោរព​លក្ខខណ្ឌ​ការងារ​របស់ខ្ញុំ និង​ការណែនាំ​របស់​ក្រសួង​ការងារ ។ ខ្ញុំបានយល់ព្រម ពីព្រោះ​ខ្ញុំ​គិតថា ខ្ញុំមិនអាចឈ្នះរោងចក្រ​បានទេ»

សុខនី បាននិយាយថា នាងបានវិលត្រឡប់ទៅស្រុកកំណើតរបស់នាងវិញ ដែលស្ថិតនៅក្នុងស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ហើយ​នឹង​ស្វែងរក​ការងារ​ជាអ្នកបេះ​ផ្លែឈើ ដើម្បី​រកប្រាក់ចិញ្ចឹម​ជីវិត ក្នុងនោះរួមទាំង​សង​បំណុលមួយខែ ១០០ដុល្លារ ដែល​នាង​ជំពាក់​ស្ថាប័នមីក្រូហិរញ្ញវត្ថុមួយ កាលដែល​នាង​ខ្ចី​យកមក​ទិញ​ម៉ូតូ ។

សុខនី និយាយថា៖ «ខ្ញុំនឹងស្វែងរកការងារ​ជាកម្មករ​បេះ​ផ្លែស្វាយ និង​ថែទាំ​ដើម​ស្វាយ នៅ​ចម្ការ​ស្វាយដែល​គ្រប់គ្រង​ដោយ​ជនជាតិ​ចិន និងវៀតណាម នៅក្បែរ​ភូមិ​ខ្ញុំ ដែល​ក្នុង​មួយថ្ងៃ ខ្ញុំ​អាច​រកបាន ២ម៉ឺន ៥ពាន់រៀល [ប្រហែល ៦,២៥ដុល្លារ] ដើម្បី​ចិញ្ចឹម​គ្រួសារខ្ញុំ»

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ​ចេញកាលពីថ្ងៃចន្ទ ក្រសួងការងារ​បាន​ការពារ​បទបញ្ជា​ដាក់​កម្មករ​ឲ្យ​នៅ​ដោយឡែក​និង​វិធានការចតាឡីស័ករបស់ខ្លួន ថាជាការចាំបាច់ដើម្បី​ទប់ស្កាត់​ការឆ្លងរាលដាល​នៃ​វីរុស​កូរ៉ូណា​នៅក្នុងរោងចក្រ បន្ទាប់ពី​កម្មករ​រោងចក្រ​មួយចំនួន​មិនបាន​គោរពតាម
បទបញ្ជា​មិនឲ្យធ្វើដំណើរនិងចំណាយពេល​វេលា​ជាមួយក្រុមគ្រួសារ​ កាលពីសប្ដាហ៍​មុន ។

សេចក្ដីថ្លែងការណ៍ សរសេរ​ថា៖ «គោលបំណងនៃការពិនិត្យ​សុខភាព គឺដើម្បី​ទប់ស្កាត់​ការឆ្លង​វីរុស​
កូរ៉ូណាដែលអាចកើតមានឡើង ទៅ​លើ​កម្មករ​ជាង ៩៥% ដែល​បាននៅធ្វើការក្នុងអំឡុងបុណ្យ​ចូលឆ្នាំ​ខ្មែរ និងដើម្បីតាមដាន​សុខភាព​របស់​កម្មករ ដែលបាន​ឈប់សម្រាក​ក្នុងអំឡុងពេល​បុណ្យ​ចូលឆ្នាំ​ខ្មែរ »
។​

សេចក្ដីថ្លែងការណ៍បានបន្ថែមទៀតថា កម្មករជាង ១០០នាក់ ត្រូវបាន​ដាក់​ឲ្យ​នៅដាច់ដោយ​ឡែក នៅ​ក្នុង​បរិវេណ​សាលាវិទ្យាល័យ​ជម្ពូវ័ន្ត ។

លោក អាត់ ធន់ ប្រធានសហព័ន្ធ​សហជីពកម្ពុជា ដែលជាសហជីព​ឯករាជ្យ បាននិយាយថា បើទោះបី​ជាមានផលលំបាកក្ដី រូបលោកពិបាកនឹងមិនគាំទ្រចំពោះ​​យុទ្ធសាស្ត្រ​ដែលរារាំង​​កម្មករ​ដែល​បាន​ធ្វើ​ដំណើរនៅពេល​ចូលឆ្នាំ មិន​ឲ្យ​ចូល​រោងចក្រវិញណាស់ ។

លោក អាត់ ធន់ មានប្រសាសន៍ថា៖ «ខ្ញុំគាំទ្រ​វិធានការរបស់រដ្ឋាភិបាលក្នុងការដាក់​ឲ្យ​នៅដោយ​ឡែក នូវកម្មករ​ណាដែលបានធ្វើដំណើរទៅស្រុកកំណើតក្នុងអំឡុងពេល​ចូលឆ្នាំ ដើម្បី​បង្ការ​ការផ្ទុះ​ឡើងនូវ​ជំងឺ​កូវីដ១៩ »។ លោកក៏បានបន្ថែមផងដែរថា រោងចក្រគួរតែពិចារណា​ផ្ដល់​ការឧបត្ថម្ភ​​ដល់​កម្មករ ។

លោក មឿន តុលា នាយកប្រតិបត្តិ​ មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​និងសិទ្ធិមនុស្ស បានមានប្រសាសន៍​ថា វិធានការ​ដាក់​ឲ្យ​នៅដោយឡែក គឺ​ជាការចាំបាច់ ប៉ុន្តែលោកថា រដ្ឋាភិបាលគួរតែ​ផ្ដោត​ការ​ចាប់អារម្មណ៍​ច្រើន​ថែមទៀត​ទៅ​លើ​ការធានាថា កម្មករ​និង​គ្រួសាររបស់ពួកគេ​នៅអាចមាន​អាហារហូបចុក នៅមុនពេល​ពួកគេអាចចូលធ្វើការវិញបាន ។

លោក តុលា មានប្រសាសន៍ថា៖ «ការរក្សា​គម្លាត គឺសំខាន់ណាស់ក្នុងការបង្ការ​ជំងឺ​កូវីដ១៩ ដូច្នេះ ពួកគេ​បាន​លើកទឹកចិត្ត​ឲ្យប្រជាជន​ស្នាក់នៅផ្ទះ»។ លោក តុលា ក៏បាន​លើក​យក​ប្រទេស​អាមេរិក​មក​ធ្វើ​ជា​ឧទាហរណ៍​ផងដែរ ដោយ​កត់សម្គាល់ថា ប្រជាជន​នៅទីនោះ​ត្រូវគេ​បង្ខំ​ឲ្យ​រស់នៅ​ដាច់​ដោយឡែក​ ប៉ុន្តែ ទទួលបាន​ប្រាក់​ឧបត្ថម្ភ ១២០០ដុល្លារ ដើម្បី​ជួយ​ដល់ពួកគេ។

លោក តុលា មានប្រសាសន៍ថា៖ «ប្រទេស​កម្ពុជា​ពុំមាន​យន្តការ​នេះ​ទេ លើកលែងតែ​វិស័យ​កាត់ដេរ ដែល​កម្មករ​ណា​ដែល​ត្រូវគេ​ព្យួរការងារ នឹងទទួលបានប្រាក់ឧបត្ថម្ភ ៤០ដុល្លារ ក្នុងម្នាក់ៗ ពី
រដ្ឋាភិបាល និង ៣០ដុល្លារទៀត ពី​ថៅកែរោងចក្រ។ អ្នករត់ម៉ូតូឌុប និង​បុគ្គលិក​ខារ៉ាអូខេ ពុំទទួលបាន​ប្រាប់ឧបត្ថម្ភ​ដូចគ្នា​នោះ​ទេ»

ប្រាក់ឈ្នួលអប្បបរមា​ប្រចាំ​ខែ​នៅក្នុងវិស័យកាត់ដែរ សម្រាប់ឆ្នាំ២០២០ គឺ ១៩០ដុល្លារ ។

លោក តុលា បានបន្ថែមថា ទោះបី​មានការអនុវត្ត​វិធានការ​ចតាឡីស័ក​និង​ដាក់ឲ្យ​រស់នៅដាច់ដោយឡែក​ពី​គេ​ចំពោះកម្មករណាដែលមិនមកធ្វើការក្នុងអំឡុងពេល​បុណ្យ​ចូលឆ្នាំ​ខ្មែរក៏ដោយ ប៉ុន្តែ ស្ថានភាពនៅក្នុង​រោងចក្រ​នៅតែ​បង្ក​ហានិភ័យ​នៃការឆ្លងជំងឺចំពោះ​កម្មករ​ភាគច្រើន​បំផុត ដដែល។

លោក តុលា បន្ថែមថា៖ «ប្រសិនបើ​យើង​និយាយ​អំពី​ការរក្សា​គម្លាត វិស័យ​កាត់ដេរ​មិន​មាន​ទេ ។ ប្រសិន​បើ​កម្មករ​ម្នាក់​ឆ្លងជំងឺកូវីដ១៩ រូបគេនឹង​ចម្លង​ដល់​កម្មករ​ជាច្រើន​ផ្សេងទៀត​»

168 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម