សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ការ​ព្រួយ​បារម្ភ​ពី​ការ​បាត់បង់​ជីវភាព​កើន​ឡើង​ ​ខណៈ​មាន​ការ​រឹតត្បិត​សកម្មភាព​សង្គម​ដោយ​សារ​វីរុស​កូរ៉ូណា

ហាងខារ៉ាអូខេបិទទ្វារ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ តាមបទបញ្ជារដ្ឋាភិបាលដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណា។ រូបភាព បញ្ញា ឆព័ណ្ណ

រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជា​ឲ្យ​បិទ​ក្លឹប​ខារ៉ា​អូខេ​ ​និង​រោង​ភាពយន្ត​ទាំងអស់​នៅ​ក្នុង​ប្រទេស​ ​ខណៈ​ពេល​មានការ​កើន​ឡើង​នូវ​ករណី​ឆ្លង​វីរុស​កូរ៉ូណា​ ​ដោយ​បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​ពី​ការ​បាត់បង់​ការងារ​ក្នុង​ចំណោម​អ្នក​ធ្វើ​ការ​ក្នុង​វិស័យ​សេវា​កម្សាន្ត​។​

​ទោះបីជា​គាំទ្រ​នូវ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​ដើម្បី​ទប់​ស្កាត់​ការ​រីក​រាលដាល​វី​រុ​ស​កូរ៉ូ​ណា​ក៏ដោយ​ ​កម្មករ​និង​សហជីព​បាន​និយាយ​ថា​ ​ពួកគេ​រំពឹង​ថា​ ​នឹង​ប្រឈមមុខនឹង​បញ្ហា​ផ្នែក​ហិរញ្ញវត្ថុ​ ​ដែល​ក្នុង​នោះ​រួម​មាន​ ​ការ​បង់ថ្លៃ​បំណុល​ផង​ដែរ​។​

​កាលពីដើម​ខែ​មីនា​ ​មុន​ពេល​ការ​កើន​ឡើង​នៃ​ករណី​ឆ្លង​វី​រុ​ស​កូរ៉ូ​ណា​នៅ​ក្នុង​ប្រទេស​ ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ក៏​ធ្លាប់​បាន​ព្យាករណ៍​ការ​បាត់បង់​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ពី​ ​៤​ម៉ឺន​៨​ពាន់​នាក់​ ​ទៅ​២​សែន​៥​ម៉ឺន​នាក់​ ​ហើយ​មួយ​ផ្នែក​ធំ​គឺ​ដោយសារតែ​ការ​ធ្លាក់ចុះ​នៃ​ទេសចរណ៍​ចិន​។​

​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​ចុះផ្សាយ​កាលពី​ថ្ងៃអង្គារ​ ​រដ្ឋ​ម​ន្រ្តី​ក្រសួងសុខាភិបាល​លោក​ ​ម៉ម​ ​ប៊ុន​ហេង​ ​បាន​បញ្ជា​ឲ្យ​បិទ​ក្លឹប​ខា​រ៉ា​អូខេ​ ​និង​រោងភាពយន្ត​ទាំងអស់​នៅ​ទូទាំង​ប្រទេស​ ​បន្ទាប់ពី​មានការ​បញ្ជា​ឲ្យ​បិទ​សាលារៀន​ ​និង​មហាវិទ្យាល័យ​កន្លងមក​។​

​លោក​ ​សុខ​ ​វណ្ណា​ ​ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​សេវា​ក​ម្សាន្ត ​និង​កីឡា​នៃ​ក្រសួង​ទេសចរណ៍​ ​បាន​និយាយ​ថា​ ​មាន​ក្លឹប​ខា​រ៉ា​អូខេ​ ​ក្លឹប​ក​ម្សាន្ត ​និង​បៀរ​ហ្គា​ឌិន​ចំនួន​ ​១​២​៩​៣​ ​នៅ​ទូទាំង​ប្រទេស​។​

​ដោយ​សំដៅ​ទៅ​បញ្ហា​បង្កឡើង​ដោយ​វី​រុ​ស​កូរ៉ូ​ណា​ ​លោក​ ​វណ្ណា​ ​មានប្រសាសន៍ថា​៖​ ​«​ក្នុងចំណោម​សេវា​ទាំងអស់​នោះ​ ​រដ្ឋាភិបាល​បាន​សម្រេច​បិទ​ K​T​V​ ​និង​ក្លឹប​ក​ម្សាន្ត ​តែប៉ុណ្ណោះ​ ​ព្រោះ​រដ្ឋាភិបាល​យល់ឃើញ​ថា​ ​កន្លែង​ទាំងនោះ​អាចប​ង្ក​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​ ​១​៩​»​។​

​នៅ​ពេល​សួរ​អំពី​ការ​ផ្តល់​ជំនួយ​ដល់​អ្នកធ្វើការ​នៅកន្លែង​ទាំងនោះ​ ​លោក​ ​វណ្ណា​ ​បាន​និយាយ​ថា​ ​រដ្ឋាភិបាល​កំពុង​រៀបចំ​ការ​ឆ្លើយតបនឹង​បញ្ហា​នេះ​។​ ​លោក​បាន​និយាយ​ថា​៖​ ​«​រដ្ឋាភិបាល​កំពុង​ពិចារណា​អំពី​ដំណោះស្រាយ​ ​នៃ​បញ្ហា​នេះ​»​។​

​ចំណាត់​ការ​ដូច​ខាងលើ​នេះ​បាន​ធ្វើឡើង​ ​ខណៈ​ចំនួន​ករណី​ឆ្លង​វី​រុ​ស​កូរ៉ូ​ណា​បាន​កើន​ដល់​ ​៣​៥​ ​ករណី​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​។​ ​នេះ​បើ​យោងទៅតាម​ក្រសួងសុខាភិបាល​។​

​ក្រសួងសុខាភិបាល​និយាយ​ថា​ ​ករណី​ចំនួន​ ​៣​៥​នោះ​រួម​មាន​ជន​ជាតិខ្មែរ​ ​២​២​នាក់​ ​ម៉ាឡេស៊ី​ ​០​៥​នាក់​ ​អង់គ្លេស​ ​០​៣​នាក់​ ​បារាំង​ ​០​២​នាក់​ ​ចិន​ ​០​១​នាក់​ ​កាណាដា​ ​០​១​នាក់​ ​និង​ប៊ែ​ល​ហ្ស៊ិ​ក​ ​០​១​នាក់​។​

​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ ​លោកស្រី​ ​ឱ​ ​វណ្ណ​ឌី​ន​ ​បាន​លើកឡើង​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​នៅ​ទីស្តីការ​គណៈរដ្ឋ​ម​ន្រ្តី​ថា​ ​ចំពោះ​ករណី​ទាំងអស់​ ​លើកលែងតែ​មួយ​ករណី​ប៉ុណ្ណោះ​គឺ​ ​អ្នកជំងឺ​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩​ ​ពីក្រៅ​ប្រទេស​ ​មុន​ពេល​ធ្វើដំណើរ​មកកាន់​កម្ពុជា​។​

​លោកស្រី​បាន​បន្ត​ថា​ ​អ្នកជំងឺ​ទាំងអស់​កំពុង​ត្រូវ​បាន​ដាក់​នៅ​ដោយឡែក​នៅ​តាម​មន្ទីរពេទ្យ​នានា​ ​ហើយ​ការផ្លាស់ប្តូរ​សណ្ឋាគារ​ ​Grand​ ​Duke​ ​Hotel​ ​ទៅជា​កន្លែង​សម្រាក​ព្យាបាល​នឹង​ជួយជ្រោមជ្រែង​លើ​ការថែទាំ​អ្នកជំងឺ​ ​១​០​០​នាក់​បន្ថែម​ទៀត​។​

ការ​រាតត្បាត​ជំងឺ​កូ​វី​ដ​១​៩​ ​ត្រូវ​បាន​គេ​រំពឹង​ថា​ ​នឹង​បង្ក​ការលំបាក​ដល់​ផ្នែក​ហិរញ្ញវត្ថុ​ ​ហើយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​ព្យាករណ៍​ថា​ ​នឹង​មាន​អ្នក​បាត់បង់​ការងារ​ចំនួន​រវាង​ ​៤​ម៉ឺន​៨​ពាន់​ទៅ​២​សែន​៥​ម៉ឺន​នាក់​នៅ​ក្នុង​របាយការណ៍​វាយ​តម្លៃ​មួយ​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​០​៦​ ​ខែ​មីនា​។​

​សេ​ណារី​យ៉ូ​ចម្បង​បំផុត​នោះ​គឺថា​ ​ទេសចរណ៍​ចិន​នឹង​ធ្លាក់ចុះ​ប្រមាណ​ ​៥​០​ភាគរយ​សម្រាប់​រយៈពេល​ពីរ​ខែ​ ​ហើយ​សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា​ ​នឹង​រួញ​តូច​ប្រមាណ​ ​២​៨​៣​ ​លាន​ដុល្លារ​ ​ដោយ​បង្ក​ឲ្យ​មាន​អ្នក​បាត់បង់​ការងារ​ចំនួន​ ​៤​ម៉ឺន​៨​ពាន់​នាក់​។​

​សេ​ណារី​យ៉ូ​មធ្យម​ ​ឬ​អាក្រក់​ជាង​នេះ​បាន​ព្យាករណ៍​ចំនួន​អ្នក​បាត់បង់​ការងារ​រវាង​ ​៦​ម៉ឺន​៩​ពាន់​នាក់​ ​និង​១​សែន​៣​ម៉ឺន​១​ពាន់​នាក់​។​ ​សេ​ណារី​យ៉ូ​អាក្រក់​ជាងគេ​បំផុត​គឺថា​ ​ទេសចរណ៍​ចិន​ធ្លាក់ចុះ​ប្រមាណ​ ​៥​០​ភាគរយ​សម្រាប់​រយៈពេល​ ​៦​ខែ​ ​ហើយ​ទេសចរណ៍​ពី​ខាងក្រៅ​តំបន់​អាស៊ី​មក​តំបន់​អាស៊ី​អាគ្នេយ៍​បន្ត​ធ្លាក់ចុះ​ ​៤​០​ភាគរយ​បន្ថែម​ទៀត​។​ ​ហើយ​សេ​ណារី​យ៉ូ​នេះ​ត្រូវ​បាន​ព្យាករណ៍​ថា​ ​នឹង​នាំឲ្យ​មាន​អ្នក​បាត់បង់​ការងារ​ចំនួន​២​សែន​៥​ម៉ឺន​នាក់​នៅ​កម្ពុជា​។​

​នៅ​ក្រុងភ្នំពេញ​ ​បុគ្គលិក​នៅ​ក្លឹប​ខា​រ៉ា​អូខេ​ ​អាយុ​ ​២​៦​ឆ្នាំ​ម្នាក់​ ​ដែល​បដិសេធ​មិន​ផ្តល់​ឈ្មោះ​ ​ដោយសារតែ​ការ​គិត​មិន​ល្អ​ជាទូទៅ​ចំពោះ​អ្នកធ្វើការ​ពេលយប់​ ​បាន​និយាយ​ថា​ ​នាង​កំពុង​ជាប់​បំណុល​រាប់ពាន់​ដុល្លារ​ ​ដោយសារតែ​នាង​ត្រូវ​ចំណាយ​ប្រាក់​រាប់ពាន់​ដុល្លារ​ដើម្បី​ព្យាបាល​ជំងឺ​ម្តាយ​ឪពុក​នាង​ ​ហើយ​នាង​កំពុង​ព្រួយបារម្ភ​ពី​ការ​បាត់បង់​ការងារ​។​

​នាង​បាន​និយាយ​ថា​៖​ ​«​ខ្ញុំ​បាន​លុយ​ធីប​ពី​ ១​០​ ទៅ ​២​០​ដុល្លារ​ ​រៀងរាល់​យប់​ពី​ភ្ញៀវ​ ​ហើយ​ខ្ញុំ​ចំណាយ​លុយ​ទាំងនេះ​សម្រាប់​ការរស់នៅ​ប្រចាំថ្ងៃ​។​ ​ប្រាក់ខែ​របស់​ខ្ញុំ​លើស​ពី​ ១​០​០​ដុល្លារ​ក្នុង​១​ខែ​»​។​

​នាង​បាន​បន្ថែម​ថា​៖​ ​«​ប្រសិនបើ​ខ្ញុំ​បាត់បង់​ការងារ​ធ្វើ​ ​គ្រួសារ​ខ្ញុំ​ ​និង​ខ្ញុំ​ ​នឹង​ជួប​បញ្ហា​លំបាក​យ៉ាង​ខ្លាំង​»​។​

​បុគ្គលិក​ខាង​ផ្នែក​ក្រឡុក​ស្រា​ម្នាក់​នៅ​ក្រុងភ្នំពេញ​ ​ដែល​បាន​បដិសេធ​មិន​ផ្តល់​ឈ្មោះ​ដូចគ្នា​ ​បាន​និយាយ​ថា​ ​អ្នកធ្វើការ​ជាមួយ​នាង​កំពុង​ប្រឈម​នឹង​ភាព​មិន​ច្បាស់លាស់​ ​និង​ព្រួយបារម្ភ​ថា​តើ​វិធានការ​បិទ​សកម្មភាព​សេដ្ឋកិច្ច​នឹង​ត្រូវ​អនុវត្ត​មក​លើ​រង្គសាល​ដែរ​ឬទេ​។​

​បុគ្គលិក​ផ្នែក​ក្រឡុក​ស្រា​ ​អាយុ​ ​២​៥​ឆ្នាំ​រូប​នេះ​ ​បាន​និយាយ​ថា​៖​ ​«​បុគ្គលិក​ផ្សេងទៀត​ក្នុង​បារ​នេះ​ ​និង​ខ្ញុំ​ ​បាន​ជជែក​គ្នា​អំពី​សេចក្តីជូនដំណឹង​ការ​បិទ​អាជីវកម្ម​»​។​

​នៅ​ខេត្ត​សៀមរាប​ ​ម្ចាស់​ក្លឹប​ខា​រ៉ា​អូខេ​មួយ​រូប​ ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ​បាន​និយាយ​ថា​ ​លោក​បាន​បិទ​ក្លឹប​ខា​រ៉ា​អូខេ​របស់​លោក​ហើយ​ ​ដោយសារតែ​មិន​មាន​អតិថិជន​។​

​លោក​បាន​និយាយ​ថា​ ​លោក​​​មាន​បុគ្គលិក​ចំនួន​ ៦​៣​នាក់​ ​ដែល​បុគ្គលិក​ភាគច្រើន​បាន​វិលត្រឡប់​ទៅ​ស្រុកកំណើត​វិញ​ ​ពីព្រោះ​ពួកគេ​មិន​មាន​ប្រាក់​គ្រប់គ្រាន់​ដើម្បី​បង់​ថ្លៃផ្ទះ​ជួល​នៅ​ក្រុង​សៀមរាប​។​

​លោក​បាន​និយាយ​ថា​៖​ ​«​វា​ប៉ះពាល់​ដល់​បុគ្គលិក​យ៉ាង​ខ្លាំង​ ​ព្រោះ​ពួកគេ​អត់មាន​លុយ​ផ្គត់ផ្គង់​គ្រួសារ​ពួកគេ​។​ ​យើង​សោកស្តាយ​ស្ថានភាព​បែប​នេះ​ ​ប៉ុន្តែ​យើង​មិន​អាច​ដោះស្រាយ​វា​បានទេ​ ​ក្រៅពី​ការ​បិទទ្វារ​។​»​

​អ្នកស្រី​ ​អ៊ូ​ ​ទេព​ផល្លី​ន​ ​ប្រធាន​សហ​ព័ន្ធ​សហជីពកម្មករ​ចំណីអាហារ​ ​និង​សេវាកម្ម​ ​បាន​និយាយ​ថា​ ​អ្នកស្រី​ស្វាគមន៍​វិធានការ​របស់​រដ្ឋាភិបាល​ដើម្បី​ទប់​ស្កាត់​ការ​រាតត្បាត​នៃ​វី​រុ​ស​កូរ៉ូ​ណា​ ​ប៉ុន្តែ​ត្រូវ​មានការ​ផ្តល់​សំណង​ខ្លះ​ដល់​បុគ្គលិក​ធ្វើការ​ដែល​បាន​បាត់បង់​ជីវភាពរស់នៅ​របស់​ពួកគេ​។​

​អ្នកស្រី​ ​ទេព​ផល្លី​ន​ ​បាន​និយាយ​ថា​៖​ ​«​ខ្ញុំ​ចង់ឲ្យ​រដ្ឋាភិបាល​ផ្តល់​ថវិកា​ជា​កញ្ចប់​សម្រាប់​ទ្រទ្រង់​ការ​ហូបចុក​ ​និង​ថ្លៃ​ជួល​របស់​ពួកគេ​»​។​

​សហជីព​ក៏បាន​អំពាវនាវ​ឲ្យ​មានការ​ផ្តល់​ជំនួយ​លើ​ការ​ចំណាយ​ផ្នែក​សុខភាព​ ​និង​ពន្យា​ការ​សងបំណុល​ផង​ដែរ​។​

​យ៉ាងណាក្តី​ ​លោក​ ​មាស​ ​នី​ ​អ្នកវិភាគ​នយោបាយ​ ​បាន​និយាយ​ថា​ វិស័​យ​សេវា​ក​ម្សាន្ត​មិន​មាន​រចនា​ស​ម្ព័ន្ធ​ជាក់លាក់​ដូច​វិ​ស័​យ​កាត់​ដេរ​នោះ​ទេ​ ​ហើយ​វា​មាន​ការលំបាក​សម្រាប់​អ្នកធ្វើការ​ក្នុង​វិ​ស័​យ​នេះ​ដើម្បី​ទទួល​បាន​ជំនួយ​ពី​រដ្ឋាភិបាល​។​

​លោក​ ​មាស​ ​នី​ ​បាន​និយាយ​ថា​៖​ ​«​រដ្ឋ​នឹង​ពិបាក​ក្នុង​ការ​ជួយ​ពួកគេ​ ​ព្រោះ​វា​ជា​វិ​ស​័​យ​ក្រៅ​ប្រព័ន្ធ​។​ពួកគេ​ពុំ​មាន​កុងត្រា​ផ្លូវការ​ដូច​កម្មករ​រោងចក្រ​នោះ​ទេ​»​។​

​អ្នកវិភាគ​នយោបាយ​រូប​នេះ​បាន​បន្ថែម​ថា​ ​លោក​រំពឹង​ថា​ ​ផល​ប៉ះពាល់​នៃ​វីរុស​កូរ៉ូ​ណា​ទៅលើ​សេដ្ឋកិច្ច​មាន​សភាព​ធ្ងន់ធ្ងរ​ទាំង​នៅ​លើ​សាកលលោក​ ​និង​នៅ​ប្រទេស​កម្ពុជា​៕

44 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម