នៅមហាសន្និបាតអាណត្តិទីប្រាំរបស់សហភាពការងារកម្ពុជាហៅកាត់ថា CLC បានរៀបចំឡើងនៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤។ ក្នុងមហាសន្និបាតនោះលោក គង់ អាទិត្យ ត្រូវបានជាប់ឆ្នោតជាប្រធានថ្មីរបស់ CLC ជំនួសលោក អាត់ ធន់ ដែលបានកាន់តួនាទីនេះអស់រយៈពេល១៨ឆ្នាំ គិតតាំងពីបង្កើតមក។
មហាសន្និបាតត្រូវរៀបចំឡើងរាល់ប្រាំឆ្នាំម្ដង ដើម្បីបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មី ដោយមានអ្នកចូលរួមចំនួនជាង២០០នាក់ ហើយបានបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធាន និងអគ្គលេខាធិការរបស់សហភាពការងារកម្ពុជា។ តាមរយៈការបោះឆ្នោត លោក ហេង ជឿន ជាប់ជាអនុប្រធាន និងលោកស្រី ហេង ចិន្ដា ជាប់ជាអគ្គលេខាធិការ។
ប្រធានសហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍សេវាកម្មកម្ពុជា និងជាអតីតអនុប្រធានសហភាពការងារកម្ពុជា លោក ម៉ម រិទ្ធី កំពុងជាប់ពន្ធនាគារ១៨ខែ ពីបទញុះញង់ ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ និងបទធ្វើឲ្យបាត់បង់ជំនឿលើសេចក្តីសម្រេចរបស់តុលាការ កាលពីថ្ងៃទី៧ ខែឧសភា នោះ ក៏បានឈរឈ្មោះជាបេក្ខជនអនុប្រធានផងដែរ ប៉ុន្តែលោកមិនបានជាប់ឆ្នោតជាថ្មីនោះទេ។
ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនកាលពីដើមខែនេះ សហភាពការងារកម្ពុជាបានហៅការចោទប្រកាន់ ដែលធ្វើឡើងដោយគ្មានវត្តមានលោក ម៉ម រិទ្ធី ថាជា «រឿងមិនសមហេតុផល និងជាការគំរាមកំហែង» និងមានទម្រង់ជាការរំលោភលើសិទ្ធិតំណាងកម្មករ។
លោក គង់ អាទិត្យ បានទទួលសំឡេង១០២ យកឈ្នះលើលោក អាត់ ធន់ ដែលទទួលបាន៨៣សំឡេង។ ក្រោយជាប់ឆ្នោត លោក អាទិត្យ សន្យាថានឹងដោះស្រាយវិវាទការងារ និងខិតខំធ្វើការដើម្បីជាប្រយោជន៍ដល់សមាជិកទាំងអស់របស់សហភាពការងារកម្ពុជា។
លោកបានដាក់ចេញនូវគោលការណ៍ប្រាំចំណុចក្រោមការដឹកនាំរបស់លោក ដែលរួមមានបង្កើនប្រសិទ្ធភាពដោះស្រាយជម្លោះ បង្កើតសម្ព័ន្ធភាព ធានាតម្លាភាពក្នុងការគ្រប់គ្រងថវិកា ពង្រឹងការងារសហជីពមូលដ្ឋាន ចរចា និងជំរុញការដំឡើងប្រាក់ខែ និងធ្វើឲ្យមានលក្ខខណ្ឌការងារល្អសម្រាប់កម្មករ។
លោកបានប្ដេជ្ញាចិត្តក្នុងការរៀបចំដឹកនាំសហភាពការងារកម្ពុជា ដែលលោកបានហៅស្ថាប័ននេះថាជា«បឹង»មួយដែលគ្រប់គ្នាសុទ្ធតែអាចទទួលបានផលប្រយោជន៍។ លោកលើកឡើងថា៖ «មានតែការធ្វើការជាមួយគ្នាទេ ដែលយើងអាចមើល ធ្វើការរៀបចំអាចដាក់អ្នកណាកន្លែងណា ឬអាចរៀបចំយុទ្ធសាស្រ្តយ៉ាងម៉េច ជជែកយោបល់ ប្រឹក្សាគ្នាឱ្យបានច្រើន»។
លោក អាត់ ធន់ ដែលមិនបានជាប់ឆ្នោតជាថ្មី សម្រាប់អាណត្តិទីប្រាំ បានលើកឡើងថាលោកនៅតែបន្តការងារលើកកម្ពស់សិទ្ធិការងារនៅក្នុងតួនាទីរបស់លោក ក្នុងនាមជាអនុប្រធានសហព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (CCAWDU)។ លោក គង់ អាទិត្យ ក៏ជាប្រធាន CCAWDU ផងដែរ។
បើតាមលក្ខន្តិកៈរបស់សហភាពការងារកម្ពុជា ប្រធាន អនុប្រធាន និងអគ្គលេខាធិការ របស់សហភាពការងារកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំស្ថាប័នដែលជាសមាជិករបស់ CLC ផ្សេងទៀត ដែលបានធ្វើការក្នុងតួនាទីទាំងបី នេះ ចាប់ពីបីឆ្នាំឡើង អាចមានសិទ្ធិឈរជាបេក្ខជនសម្រាប់ការបោះឆ្នោតជ្រើសរើសជាថ្នាក់ដឹកនាំ CLC។
ក្នុងចំណោមសហជីពក្រោមសហភាពការងារកម្ពុជាចំនួន១០ មានសហព័ន្ធសហជីពចំនួនប្រាំមួយបានចុះឈ្មោះសមាជិករបស់ខ្លួនដើម្បីធ្វើជាអង្គបោះឆ្នោតនេះ ខណៈស្ថាប័នចំនួនបួនផ្សេងទៀតមិនគ្រប់លក្ខណៈសម្រាប់ការចុះឈ្មោះសមាជិកជាអង្គបោះឆ្នោតឡើយ ដោយហេតុថាមិនបានចុះបញ្ជីនៅក្រសួងការងារ។ នេះបើតាមការលើកឡើងរបស់មន្ត្រីធនធានមនុស្ស និងរដ្ឋបាលរបស់សហភាពការងារកម្ពុជា លោក ឡេង ប៊ុនឈែរ។ មន្ត្រីសហជីពដដែលបន្តថា៖ «ស្ថាប័នទាំងបួននោះបានចុះឈ្មោះតែជាមួយក្រសួងមហាផ្ទៃប៉ុណ្ណោះ»។
លោកឲ្យដឹងថា សហព័ន្ធសហជីពដែលមានសមាជិកកាន់តែច្រើនអាចអនុញ្ញាតឲ្យសមាជិករបស់ខ្លួនបោះឆ្នោតក៏បានច្រើនដែរ។ ក្នុងចំណោមអ្នកបោះឆ្នោតទាំងនោះ សហព័ន្ធសហជីពCCAWDU របស់លោក គង់ អាទិត្យ មានសមាជិកច្រើនជាងគេបើធៀបទៅនឹងសហព័ន្ធសហជីពផ្សេងទៀត។ ក្នុងចំណោមសមាជិក១៨៨រូបដែលបានចុះឈ្មោះបោះឆ្នោតជ្រើសរើសប្រធានសហភាពការងារកម្ពុជា មាន៨៨រូបជាសមាជិកមកពីCCAWDU។
អ្នកស្រី សាង សុម៉ាលី សហជីពមូលដ្ឋានម្នាក់មកពីរោងចក្រនៅខេត្តព្រះសីហនុ បានជំរុញឲ្យប្រធានសហភាពការងារថ្មី ផ្ដល់ការបណ្ដុះបណ្ដាលច្រើនថែមទៀតអំពីសិទ្ធិការងារ និងចំណេះដឹងទាក់ទងនឹងបញ្ហាស្រ្តី ខណៈដែលសហជីពមូលដ្ឋាននៅខ្វះចំណេះដឹងទាក់ទងនឹងបញ្ហាទាំងនេះ។
អ្នកស្រី សុម៉ាលី បន្តថា៖ «ដោយសារថ្នាក់ដឹកនាំមូលដ្ឋាន ពេលខ្លះគាត់អត់សូវមានចំណេះដឹង ពេលខ្លះក៏គាត់ទទួលអត់សូវបាន ចឹងសូមជំរុញឱ្យវាមាន [វគ្គបណ្ដុះបណ្ដាល] ឱ្យបានច្រើន។ នៅពេលថ្នាក់ដឹកនាំមូលដ្ឋាន កម្មករគាត់មានវិវាទចឹងទៅ យើងត្រូវមានចំណេះដឹងខ្លួនឯង ដើម្បីធ្វើការដោះស្រាយភ្លាមៗ»។
លោក សោម សុង អ្នកធ្វើការនៅក្នុងរោងចក្រសំបកកង់រថយន្ត ក្នុងខេត្តស្វាយរៀង សង្ឃឹមថាថ្នាក់ដឹកនាំថ្មីនឹងពង្រឹងសិទ្ធិការងារ ហើយបញ្ចប់ការគាបសង្កត់ និងការកេងប្រវ័ញ្ចលើកម្មករពីនិយោជកទៀត។
លោកបន្តថា៖ «ចង់ឱ្យកម្មករបស់យើងមានការងារល្អ គ្មានការជិះជាន់កម្លាំងពលកម្ម»។ លោកបន្ថែមថា មេដឹកនាំថ្មីត្រូវដោះស្រាយបញ្ហាផ្សេងៗ ដូចជារឿង ប.ស.ស. ជាដើម។
លោក យី សុខសាន្ត មន្ត្រីផ្នែកសិទ្ធិមនុស្សរបស់អង្គការអាដហុក ដែលបានចូលរួមក្នុងមហាសន្និបាតនោះ មានប្រសាសន៍ថា លោកមិនអាចវាយតម្លៃឲ្យបានពេញលេញលើការដឹកនាំថ្មីរបស់សហភាពការងារកម្ពុជាបានទេ ដោយសារថាលោកធ្វើការនៅស្ថាប័នផ្សេង និងមិនបានដឹងពីសកម្មភាពរបស់ស្ថាប័ននេះច្រើន។
លោកបន្តថា៖ «អ្វីដែលជាការសន្យាយើងមិនទាន់មើលឃើញថា តើគេធ្វើតាមគោលការណ៍ហ្នឹងដែរអត់។ ជាពិសេសយើងនៅស្ថាប័នផ្សេង យើងពិបាកក្នុងការកំណត់ ថាគាត់ធ្វើបានមិនបានដោយសារយើងអត់បានមើល នៅក្នុងគោលនយោបាយរបស់គាត់ ធ្វើសកម្មភាពអ្វីខ្លះចឹង។ យើងអត់ដឹងផ្ទៃក្នុងខាងគេ»។
សហភាពការងារកម្ពុជាបង្កើតឡើងនៅឆ្នាំ២០០៦ ជាសហជីពឯករាជ្យដោយមានសមាជិកជាសហព័ន្ធសហជីព និងសមាគមសរុបចំនួន១០ ក្នុងនោះមានទាំងCCAWDU ផង ដែលតំណាងឲ្យកម្មកររោងចក្រ សំណង់ ទេសចរណ៍ ព្រៃឈើ កសិកម្ម និងវិស័យដឹកជញ្ជូន ក៏ដូចជាកម្មករក្រៅប្រព័ន្ធ។ គិតមកដល់ពេលនេះ សហភាពការងារកម្ពុជាមានសមាជិកសរុបជាង១៣០ ០០០នាក់។
ស្ថាប័នដែលចំណុះឲ្យសហភាពការងារកម្ពុជា ធ្វើការលើកកម្ពស់សិទ្ធិកម្មករ និងសិក្សាពីលក្ខខណ្ឌមុខរបរ សេដ្ឋកិច្ច និងសង្គម ដែលអាចមានឥទ្ធិពលលើកម្លាំងពលកម្ម។ ក្នុងនាមជាតំណាងកម្មករ សហភាពការងារកម្ពុជាមានជំហរច្បាស់លាស់ រឹងមាំ ក្នុងការចរចា និងតស៊ូមតិជាមួយរដ្ឋាភិបាល និយោជក ការពារសិទ្ធិកម្មករ និងសេរីភាពរបស់កម្មករ។
ជាងនេះទៅទៀត សហភាពការងារកម្ពុជា ក៏បានបណ្ដុះបណ្ដាលកម្មករអំពីច្បាប់ការងារ និងបទប្បញ្ញត្តិនានា ច្បាប់អន្តរជាតិ អនុសញ្ញាផ្សេងៗ ស្ថានភាពមុខរបរ សេដ្ឋកិច្ច និងសង្គម៕