សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ក្រសួង​ការងារ​៖​ ​រោងចក្រ​ចំនួន​ ​២០០​ ​អាច​ផ្អាក​ដំណើរ​ការ​

Factory's workers
កម្មករ​រោងចក្រ​ធ្វើ​ដំណើរ​តាម​រថយន្ត​ត្រលប់​ទៅ​ផ្ទះ​វិញ​ ​នៅ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង​។​ ​រូបភាព​ ​យន់ ស៊ីនាត​

រោងចក្រ​ចំនួន​២​០​០​ ​អាច​ផ្អាក​ផលិតកម្ម​នៅ​ខែ​មីនា​នេះ​ ​ដោយ​សារ​តែ​កង្វះ​ខាត​វត្ថុ​ធាតុ​ដើម​នាំ​ចូល​ពី​ប្រទេស​ចិន​។​ ​នេះ​បើ​យោង​ទៅ​តាម​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​។​

​ថ្លែង​នៅ​ទីស្តីការ​គណៈរដ្ឋ​មន្រ្តី​ក្នុង​ក្រុង​ភ្នំពេញ​កាលពី​សប្តាហ៍​កន្លង​ទៅ​ ​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​ លោក​ ​ហេង​ ​សួរ​ ​បាន​និយាយ​ថា​ ​រោងចក្រ​ចំនួន​១​០​ ​បាន​ផ្អាក​ដំណើរការ​រួច​ទៅ​ហើយ​ ​ហើយ​ការ​ផ្អាក​នេះ​បាន​ប៉ះពាល់​កម្មករ​ចំនួន​ ​៣​០​០​០​នាក់​ ​ដោយសារតែ​ការ​បង្អាក់​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​វត្ថុធាតុដើម​បង្កឡើង​ដោយ​វិបត្តិ​វី​រុ​ស​កូរ៉ូ​ណា​នៅ​ប្រទេស​ចិន​។​

​លោក​ ​ហេង​ ​សួរ​ ​បាន​មានប្រសាសន៍ថា​៖​ ​«​នៅ​ក្នុង​ខែ​មីនា​ ​មើលឃើញ​ថា​ ​រោងចក្រ​ជិត​២​០​០​ ​ប្រឈម​នឹង​ព្យួរ​ ​ដោយ​សា​កង្វះ​វត្ថុធាតុដើម​ ​ហើយ​ប៉ះពាល់​កម្មករ​ ១​៦​០​០​០​០​នាក់​»​។​

​កាលពី​ស​ប្តាហ៍​កន្លងទៅ​ ​លោកនាយក​រដ្ឋ​ម​ន្រ្តី ​ហ៊ុន​ ​សែន​ ​បាន​បញ្ជា​ឲ្យ​រោងចក្រ​បង់​ប្រាក់​ ​៤​០​ភាគរយ​នៃ​ប្រាក់ឈ្នួល​អប្បបរមា​សម្រាប់​រយៈពេល​ប្រាំមួយ​ខែ​ទៅ​ឲ្យ​កម្មករ​ក្នុង​ករណី​បាត់បង់​ការងារ​ ​ហើយ​រដ្ឋាភិបាល​ជួយ​ផ្តល់​ប្រាក់​បន្ថែម​ ​២​០​ភាគរយ​ទៀត​។​

​លោក​ ​ហេង​ ​សួរ​ ​បាន​លើកឡើង​ថា​ ​ក្រសួងការងារ​កំពុង​ធ្វើការ​ជាមួយនឹង​រោ​ចក្រ​ ​ដើម្បីឲ្យ​រោងចក្រ​បង់​ប្រាក់​ដល់​កម្មករ​។​

​អ្នកនាំពាក្យ​ក្រសួងការងារ​រូប​នេះ​ ​បាន​បន្ថែម​ថា​ ​បញ្ហា​បណ្តាលមកពី​ការ​ថយ​ចុះ​ផលិតកម្ម​នៅ​ប្រទេស​ចិន​បាន​បង្ក​ការ​ប៉ះពាល់​ជុំវិញ​ពិភពលោក​។​

​លោក​ ​អាត់​ ​ធន់​ ​ប្រធាន​សហភាព​ការងារ​កម្ពុជា​ ​បាន​និយាយ​ថា​ ​សេចក្តីប្រកាស​របស់​​​ក្រសួងការងារ​ជា​រឿង​គួរឲ្យ​ព្រួយបារម្ភ​មួយ​ ​ហើយ​លោក​បាន​លើកឡើង​ថា​ ​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពីសំណាក់​សហភាព​អឺរ៉ុប​ទៅលើ​មុខ​ទំនិញ​ផ្សេងៗ​ចំនួន​ ​២​០​ ​ភាគរយ​ ​ដោយសារតែ​ការ​រំលោភបំពាន​សិទ្ធិ​ការងារ​ ​និង​សិទ្ធិមនុស្ស​ ​ក៏​ជា​កត្តា​ដើរតួ​រួមចំណែក​មួយ​ផង​ដែរ​។​

​លោក​ ​អាត់​ ​ធន់​ ​បាន​មានប្រសាសន៍ថា​៖​ ​«​ខ្ញុំ​គិតថា​បញ្ហា​នេះ​បង្កឡើង​ទាំងពីរ​ ​គឺ​កូ​វី​ដ​១​៩​ ​និង​E​B​A​»​។​

​លោក​ ​ប៉ាវ​ ​ស៊ីណា​ ​ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា​ ​ក៏បាន​យល់ស្រប​ថា​ ​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​សម្រាប់​កម្ពុជា​ ​«​គ្រប់មុខ​ទំនិញ​លើកលែង​សព្វាវុធ​»​ ​ហៅ​កាត់​ថា​ ​E​B​A​ ​ដែល​នឹង​ចូលជាធរមាន​នៅ​ខែ​សីហា​ ​ក៏​ជា​កត្តា​រួមចំណែក​មួយ​ផង​ដែរ​។​ ​លោក​ក៏បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ស្វែងរក​ប្រភព​វត្ថុធាតុដើម​ពី​ប្រទេស​ចិន​ ​ឬ​ពី​ប្រទេស​ផ្សេងទៀត​ ​ដើម្បី​ផ្គត់ផ្គង់​រោងចក្រ​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

​លោក​ ​ប៉ាវ​ ​ស៊ីណា​ ​បាន​និយាយ​ថា​៖​ ​«​ខ្ញុំ​សង្ឃឹម​ថា​ ​រដ្ឋាភិបាល​ ​នឹង​ជួយ​សម្របសម្រួល​ ​ជាមួយ​ភាគី​រដ្ឋាភិបាល​ចិន​ ​ដើម្បី​ដឹកជញ្ជូន​វត្ថុធាតុដើម​ឲ្យបាន​លឿន​។​ ​រដ្ឋាភិបាល​គួរ​ស្វែងរក​វត្ថុធាតុដើម​មកពី​ប្រទេស​ដទៃ​ ​ក្រៅពី​ប្រទេស​ចិន​ ​ដើម្បី​ផ្តល់​ដល់​រោងចក្រ​»​៕

35 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម