សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ក្រសួង​រៀប​ចំ​ដែន​ដី​បដិសេធ​​ទទួល​ញត្តិ​ពី​​អ្នក​តវ៉ា​បញ្ហា​​ដីធ្លី​ជិត ១ពាន់នាក់

នគរបាល​ និង​សន្តិសុខ​ បង្ខំ​​អ្នកតវ៉ា​​ឱ្យ​​ទៅ​ចិញ្ចើម​មហា​វិថី​មុនីវង្ស​​ បន្ទាប់​ពី​ពួក​គេ​បាន​បិទ​ផ្លូវ​នៅ​មុខ​ក្រសួង​រៀប​ចំដែនដី នា​ថ្ងៃទី​២១​ ខែ​កញ្ញា។ (រូបថត៖បញ្ញា ឆព័ណ្ណ)​

មន្រ្តី​ក្រសួង​រៀប​ចំ​ដែន​ដី​ នគរូបនីយ​កម្ម​ និង​សំណង់​ បាន​​បដិសេធ​ទទួលញត្តិ​ពី​អ្នក​តវ៉ា​ជិត​១ពាន់​នាក់​មក​ពី​បណ្តា​ខេ​ត្ត​មួយ​ចំនួន​ ដែល​បាន​ប្រមូល​ផ្តុំ​​នៅ​ក្រៅ​អាគារ​ក្រសួង​នា​ថ្ងៃ​ទី​២១​ ខែ​កញ្ញា​ ដើម្បី​ទាម​ទារ​ឱ្យ​មាន​ដំណោះ​ស្រាយ​បញ្ហាទំនាស់​ដី​ធ្លី​របស់​ពួក​គេ​ដែល​បាន​អូស​​បន្លាយ​ជា​យូរ​មក​ហើយ​។ 

អ្នក​ភូមិ​មក​ពី​ខេត្ត​កោះ​កុង​ ត្បូង​ឃ្មុំ ​និងស្វាយ​រៀង​ បាន​​ប្រមូល​ផ្តុំ​គ្នា​​ប្រារព្ធ​ទិវា​​សន្តិ​ភាព​អន្តរជាតិ​ ដែល​ពួកគេ​ទាំង​នោះ​តំណាង​ឱ្យ​ពល​រដ្ឋ​ជាង​៧ពា​ន់គ្រួសារ​​ដែល​កំពុង​មាន​ជម្លោះ​ដី​ធ្លី​ក្នុង​ទំហំ​សរុប​ប្រមាណ​ជាង​១២ ០០០ ហិក​តា​។​ 

ទោះ​យ៉ាង​ណា​ក៏ដោយ តំណាងក្រសួងរៀបចំដែនដី មិនបានមក​ជួប​ក្រុម​អ្នក​តវ៉ា​នោះទេ​ដោយ​អះអាង​ថា​​បញ្ហាដី​ធ្លី​របស់​ពួ​ក​គេ​ទាំង​នោះ​ត្រូវ​បាន​ដោះ​ស្រាយ​រួច​រាល់​ហើយ​។ 

បន្ទាប់​ពី​រដ្ឋ​មន្រ្តី​ក្រសួង​រៀប​ចំ​ដែន​ដី​ លោក ជា សុផារ៉ា រួមទាំង​​មន្រ្តី​ដទៃ​ទៀត​មិន​បាន​​ចេញ​មក​ជួប​ ឬ​ទទួល​ញត្តិ​ពី​ពួក​គេ​ ក្រុម​​អ្នក​ភូមិ​ដែល​​រងគ្រោះ​ក្នុងរឿង​ជម្លោះ​ដី​ធ្លី​ទាំង​នោះបាន​បិទ​មហា​វិថី​មុនីវង្ស​រយៈ​ពេល​ខ្លី​មុន​ម៉ោង​១០​កន្លះ​ព្រឹក​។ ប៉ុន្មាន​នាទី​ក្រោយ​មក​ក្រុម​​ប៉ូលីស​បង្រ្កាប​កុប​កម្ម​បាន​រុញ​ពួក​គេ​ឱ្យ​ឈរ​នៅ​លើ​ចិញ្ចើម​ផ្លូវ​ និង​ផ្លូវ​ដើរ​វិញ​ ដើម្បី​កុំ​ឱ្យ​ស្ទះ​ចរាចរណ៍​។ 

អ្នក​តវ៉ា​ម្នាក់​ដែល​កំពុង​មាន​ជម្លោះ​ដី​ធ្លី​ជា​មួយ​ក្រុម​ Koh Koh Sugar Industry មក​ពី​ស្រុក​បទុម​សាគរ​ ខេត្ត​កោះកុង អ្នក​ស្រី​ យី​ គន្ធា​ អាយុ​៣៥​ឆ្នាំ ​បាន​ថ្លែង​ថា​៖​«​តាម​ប្រតិទិន​ ថ្ងៃ​នេះ​ជា​ទិវា​សន្តិភាព​អន្តរ​ជាតិ​ ហើយ​ក៏​សម្រាប់​ប្រទេស​កម្ពុជា​ទាំង​មូល​ដែរ​ ដែល​វា​គួរ​​ជា​ថ្ងៃ​សន្តិ​ភាព​ ឯក​រាជ្យ​​ ប៉ុន្តែ​យើង​ឃើញជាក់ស្តែង​​​ថ្ងៃនេះ​មិន​មាន​សន្តិភាព​ទេ​សម្រាប់​យើង​ទាំង​អស់​គ្នា​ដែល​ជា​ជន​រង​គ្រោះ​»​។ 

អ្នក​ស្រីបាន​បន្ត​ថា​៖​«​ពួក​យើង​ជា​ជន​រង​គ្រោះ ​អ៊ី​ចឹង​ហើយ​បាន​​ជា​យើង​មក​ទី​នេះ។ ប៉ុន្តែ​ពួក​គាត់​​មិ​ន​​បាន​ចេញ​មក​ទទួល​ញត្តិ​យើង​ទេ​ ហើយ​ពួក​គាត់​បាន​ប្រើ​កម្លាំង​ប៉ូលីស​ធ្វើ​បាប​ប្រជាពលរដ្ឋទៀត​»​​។ 

ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ ក្រុម​អ្នក​ភូមិ​​បាន​អះអាង​ថា​កាល​ពី​ថ្ងៃ​ទី​២០​ ខែ​កញ្ញា​ នៅ​ម៉ោង​ប្រមាណ​ជា​១០​យប់​ អាជ្ញាធរ​​ស្រុក​ស្រែអំបិល​ ខេត្ត​កោះកុង​ បាន​បញ្ឈប់​រថយន្ត​ដឹក​អ្នក​ដំណើរ​ចំនួន​១២​​ ដែល​មក​ភ្នំពេញ​តាម​ផ្លូវ​ជាតិ​លេខ​៤៨​ ដើម្បី​រារាំង​មិន​ឱ្យ​ពួកគេចូល​​រួម​ការ​តវ៉ា​។ 

អ្នក​តវ៉ា​ម្នាក់​ទៀត​ ឈ្មោះ​ កុយ ​យឿន​ បាន​​ប្រាប់​ថា​នគរបាល​​បាន​បញ្ឈប់​រថយន្ត​របស់​គាត់​នៅម៉ោង​ប្រមាណ​ជា​១០​កន្លះ​យប់​​រហូត​ដល់​ម៉ោង​១​ទៀប​ភ្លឺ​ទើប​អនុញ្ញាត​ឱ្យ​​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​ ក្រោយ​ពី​ពួក​គេ​បាន​ឆែក​បណ្ណ​បើក​បរ​ និង​ឯកសារ​មួយ​ចំនួន​របស់​​អ្នកបើកតាក់ស៊ី។ 

អ្នកស្រី យឿន​ បាន​ឱ្យដឹ​ង​ទៀត​ថា​សមត្ថកិច្ច​បាន​រាប់​ចំនួន​អ្នក​ដំណើរ​លើ​រថយន្ត​របស់​ខ្លួន​ ហើយ​ថត​ស្លាក​លេខ​រថយន្ត​​ មុន​ពេល​អនុញ្ញាត​ឱ្យ​បន្ត​ដំណើរ​មក​រាជធានី​ភ្នំពេញ​។ 

អ្នកស្រីយឿន បាន​ថ្លែង​ថា​៖​«​ពួក​គាត់​មាន​ចេតនា​រារាំង​ពួក​យើង​»​​។ 

អ្នកស្រី យឿន បាន​និយាយ​បន្ថែម​ថា​៖​«​វា​ជា​ការ​រំលោភ​សិទ្ធិ​ពួក​យើង​ ព្រោះ​យើង​គ្រាន់​តែ​មក​ដើម្បី​បង្ហាញ​ថា​​ដី​ធ្លី​របស់​យើង​បាន​បាត់​ប​ង់​»​។​ 

អ្នកស្រី យឿន​ បាន​អះអាង​​​ថា​គាត់​​មាន​​ជម្លោះ​ដី​ធ្លី​ជា​ក្រុមហ៊ុន​ Koh Kong Sugar របស់​ឧកញ៉ា ​លី យ៉ុង​ផាត់​ តាំង​ពី​ឆ្នាំ​២០០៦​ ដែលវិវាទ​នោះ​​បណ្តាល​ឱ្យ​គាត់​បាត់​បង់​ដី​ចំនួ​ន​៣​ហិក​តា​ក្នុង​ឃុំ​កណ្តោល​​ ស្រុក​បទុម​សាគរ​។ 

គាត់​បាន​រៀប​រាប់​ថា​​គាត់​ជួប​បញ្ហា​ប្រឈម​ជា​ច្រើន​ដែល​ក្នុង​នោះ​រួម​មាន​ការ​គំរាម​ចាប់​ដាក់​ពន្ធនាគារ​ពី​អាជ្ញាធរ​មូលដ្ឋាន​ នៅ​ពេល​ដែល​​ក្រុម​អ្នក​មាន​ជម្លោះ​ដីធ្លី​យក​ពាក្យ​បណ្តឹង​ទៅ​ដាក់​នៅ​សាលា​ខេត្ត​ ទាមទារ​យក​ដី​របស់​ពួក​គេ​មក​វិញ​។​ 

អ្នកស្រី យឿន​ បាន​និយាយ​បន្ថែម​យ៉ាងដូច្នេះ​ថា​៖​«​ខ្ញុំ​មិន​ខ្លាច​ទេ​ ព្រោះ​យើង​បាន​បាត់​បង់​ដី​ទៅ​ហើយ​នោះ​»​។ 

ខេម​បូចា​ មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​រដ្ឋមន្រ្តី​ក្រសួង​រៀប​ចំ​ដែនដី​ លោក ជា​ សុផារ៉ា​​ និ​ង​​អ្នក​នាំ​ពាក្យ​​ក្រសួង​នេះ​គឺ​លោក ​សេង​ ឡូត​ បាន​ទេ​។ 

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​ចេញ​នៅ​ថ្ងៃ​នេះ​ ក្រសួង​បាន​លើក​ឡើង​ថា​​ក្រសួង​បាន​ដោះស្រាយ​វិវាទ​ដី​ធ្លីធំៗ​ទាំង​​​រវាង​​អ្នកភូមិ​នឹង​ក្រុម​ហ៊ុន​​ហេង​ ហ៊ុយ​ ក្រុម​ហ៊ុន ​Koh Kong Plantation ក្រុម​ហ៊ុន​Koh Kong Sugar Industry និង​ក្រុម​ហ៊ុន​ Union Development Group រួច​រាល់​ហើយ​។ អ្នក​ភូមិ​ជិត​៨០០​គ្រួសារ​ ក៏​បាន​ស្នើ​សុំ​​គោល​នយោបាយ​សម្បទាន​ដី​សង្គមកិច្ច​ផង​ដែរ​។ 

ក្រសួង​បាន​លើក​ឡើង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​​ថា​៖​«​ជា​រួម​ ការ​ទាមទារ​​របស់​ប្រជាពលរដ្ឋ​ទាំង​៥​ក្រុម​ខាង​លើ ​មិន​មាន​មូល​ដ្ឋាន​ផ្លូវ​ច្បាប់​​សម្រាប់​ក្រសួង​ទទួល​ធ្វើ​ការ​ដោះស្រាយ​»​។​ 

អភិបាល​រង​​និង​ជាអ្នកនាំ​ពាក្យ​សាលា​ខេត្ត​កោះកុង​ លោក​​ សុខ​​ សុទ្ធី​ បាន​ថ្លែង​ថា​​រាល់​​វិវាទ​ដី​ធ្លី​ជា​មួយ​ក្រុមហ៊ុន​ Koh Kong Sugar Plantation ត្រូវ​បាន​ដោះ​ស្រាយ​រួច​រាល់​តាំង​ពី​ឆ្នាំ​២០១៨​ ដោយ​លោក​បាន​កត់​សម្គាល់​ថា​​ក្រុម​ថ្មី​ដែល​ចាប់​ផ្តើម​ធ្វើ​ការ​តវ៉ា​ក្នុង​ពេល​ថ្មីៗ​នេះ​មាន​របៀប​វារៈ​នយោបាយ​ដែល​គាំទ្រ​អតីត​បក្ស​សង្រ្គោះ​ជាតិ​។ 

លោក​បាន​បន្ត​ថា​៖​«​ក្រុម​ថ្មី​ដែល​ឡើង​ទៅ​តវ៉ានៅ​​[ភ្នំពេញ​]​ហ្នឹង​ បាន​និយាយ​ថា​​ពួក​គាត់​​មិន​ទាន់​ទទួល​បាន​ដោះស្រាយ​នៅ​ឡើយ​ទេ​ ប៉ុន្តែ​ពួ​ក​គេ​មាន​អ្នក​នយោបាយ​នៅ​ពី​ក្រោយ​ខ្ន​ង​»​។​ 

លោក​ បាន​បន្ថែម​ថា​៖​«ពួក​គាត់​មិន​មានវិវាទដីធ្លីទេ អញ្ចឹង​ពួកគាត់​ទៅតវ៉ា​តាមខ្យល់​នយោបាយ​»។ 

លោក​បាន​ពន្យល់​បន្ថែម​ថា​ពលរដ្ឋ​ចំនួន​៧៦០​គ្រួសារ​ដែល​មាន​ជម្លោះ​ដី​ធ្លី​ជា​មួយ​ក្រុម​ហ៊ុន​ Koh Kong Sugar Plantation បាន​ទទួល​ដី​ពី​២​ទៅ​៣​ហិកតា​ និង​សំណង​ជា​ទឹកប្រាក់​ពី​១៥០០​ទៅ​៣០០០​ពាន់ដុល្លា​រួច​ហើយ​ ខណៈ​ពលរដ្ឋ​​១៩៧​គ្រួសារ​ទៀត​​ដែល​អះអាង​ថា​​មាន​ដី​ជាន់​គ្នាជា​មួយ​ក្រុម​ហ៊ុន​ហេង ​ហ៊ុយ ​​ក៏​ទទួល​បាន​ដំណោះ​ស្រាយ​រួច​រាល់​ដែរ​។ 

ក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប (LYP GROUP) ជាក្រុមហ៊ុន​របស់លោក លី យ៉ុងផាត់ បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២១ ខែកញ្ញានេះ ដោយបដិសេធថា ក្រុមហ៊ុនកោះកុងស៊ូហ្គើ និងក្រុមហ៊ុនកោះកុង​ផ្លេនថេសិន  មិនមែន​ជាក្រុមហ៊ុន ឬមានភាគហ៊ុន​របស់​លោកលី យ៉ុងផាត់ នោះទេ។ 

សេចក្តីប្រកាសព័ត៌មាន​បានលើកឡើងថា៖ «យើងខ្ញុំ​សូមគូស​បញ្ជាក់ថា​ក្រុមហ៊ុន​ទាំងពីរ​ខាងលើ គឺក្រុមហ៊ុន​កោះកុងស៊ូហ្គើ និងក្រុមហ៊ុនកោះកុង​ផ្លេនថេសិន អិនដាស់ស្ត្រី ខមផេនី លីមីធីត មិនមាន​ជាប់ពាក់ព័ន្ធ​នឹងឯកឧត្តមអ្នកឧកញ៉ា លី យ៉ុងផាត់ ក៏ដូចក្រុមហ៊ុន LYP GROUP ឡើយ»

លោក ស៊ឹង​ សែន​ករុណា​ មន្រ្តី​​ស៊ើប​​អង្កេត​​ជាន់​​ខ្ពស់​​សមាគម​​សិទ្ធិ​​មនុស្ស​​អាដ​ហុក​ បាន​លើក​ឡើង​ថា​មន្រ្តី​ក្រសួង​រៀប​ចំ​ដែន​ដី​គួរ​តែចេញ​មក​ជួប​ក្រុម​អ្នក​តវ៉ា​ដើម្បី​ទទួលញត្តិ​ពួក​គេដើម្បី​គោរព​នូវ​សេរីភាព​ក្នុង​ការ​ជួប​ជុំ​របស់​ពួក​គេ​។​ 

លោក​បាន​បន្ថែម​ថា​៖​«​ខ្ញុំ​គិត​ថា​​អាជ្ញាធ​រ​គួរ​តែ​ពិចារណា​បញ្ហា​ទាំង​អស់​​ឡើង​វិញ​ ប្រសិន​បើ​នៅ​តែ​គ្មាន​ដំណោះស្រាយ​ដែល​ប្រជាពលរដ្ឋអាច​ទទួល​យក​បាន​នោះទេ​។ យើង​បារម្ភ​ថា​​ប្រជាពលរដ្ឋ​គ្មាន​ដីគ្រប់​គ្រាន់​ក្នុង​ការ​បង្ក​បង្កើន​ផល​​ដើម្បី​ទ្រទ្រង់​ជីវភាព​ពួក​គាត់​»​។ 

លោក​ស្រី ​ចក់​ សុភាព​ នាយិកា​​មជ្ឈមណ្ឌល​​សិទ្ធិ​មនុស្ស​​កម្ពុជា​ បាន​និយាយ​ថា​​រដ្ឋាភិបាល​គួរ​តែ​ធ្វើ​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​របស់​ប្រ​ជាពលរដ្ឋជាជាង​ព្យាយាម​​បញ្ឈប់​ពួកគេ​មិន​ឱ្យ​តវ៉ា​។​ 

លោកស្រី​បាន​លើក​ឡើង​តាម​រយៈ​អ៊ី​ម៉ែល​ថា​៖​«​​ការ​បញ្ចេញ​មតិ​ និង​ការ​ប្រមូល​ផ្តុំ​​ដែល​ស្រប​ច្បាប់​ និង​ដោយ​សន្តិ​វិធី​ គួរ​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ដោយ​រាជ​រដ្ឋាភិបាល​ ជា​ជាង​ការរារាំង​។  អ្វី​ដែល​គួរ​តែ​ត្រូវ​បាន​កត់សម្គាល់​នោះ​គឺ​ថា​​ការ​តវ៉ា​ដូច​យើង​ឃើញ​នៅ​ថ្ងៃ​២១​ ខែ​កញ្ញា ​ឆ្នាំ២០២០​នេះ ​នឹង​មិន​មាន​ទេ ​ប្រសិន​បើ​សិទ្ធិ​ដី​ធ្លី​របស់​ពលរដ្ឋ​កម្ពុជា​ត្រូវ​បាន​គោរព​ និង​ការពារ​ឱ្យ​បា​ន​គ្រប់​គ្រាន់​ពី​សំណាក់​​រាជ​រដ្ឋាភិបាល​ និង​ភាគី​ទី​បី​នោះ​»​

លោកស្រីបន្ថែមថា៖ «រាជរដ្ឋាភិបាល​ត្រូវ​​ដោះស្រាយ​​ជម្លោះ​ដីធ្លី​ដោយ​ការពារ​កុំ​ឱ្យ​មាន​ជម្លោះ​កើត​ឡើង​ទៀត​នៅ​ពេល​អនាគត​ ប៉ុន្តែ​ក៏​ត្រូ​វ​ដោះស្រាយ​ឱ្យ​បាន​ទាន់​ពេល​វេលា​និង​យុត្តិធម៌​ចំពោះ​ជម្លោះ​ដែល​កំពុង​កើត​មាន​ផង​ដែ​រ​»​៕​ 

55 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម