សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ក្រុម​សហជី​ព​ជំរុញ​ឱ្យ​ក្រសួង​លុប​ចោល​សេចក្តី​សម្រេច​ពន្យា​ពេល​បើក​ប្រាក់​អតីត​ភាព​ការងា​រ​

ក្រុម​មេដឹក​នាំ​សហជីព​ប្រមូល​ផ្តុំ​គ្នា​នៅ​ខាង​មុខ​ក្រសួង​ការងា​រ​នៅ​ថ្ងៃ​ទី​២២​ ខែ​មិថុនា​ដើម្បី​ដាក់​ញត្តិ​ស្នើ​ឱ្យនិយោជក​ផ្តល់​ប្រាក់​អតីត​ភាព​ការងារ​ដែល​ជំពាក់​កម្មករ​ បន្ទាប់​ពី​ក្រសួង​សម្រេច​មិន​តម្រូវ​ឱ្យ​ក្រុម​ហ៊ុន​ទូទាត់​ប្រាក់​អតីត​ភាពការងារ​​រហូត​​ដល់​ឆ្នាំ​២០២១​។ បញ្ញា ឆព័ណ្ណ

តំណាង​សហជីព​ធំៗ​ចំនួន​១៤​បាន​ដាក់​ញត្តិ​ទៅ​ក្រសួង​ការងារ​នៅ​ថ្ងៃ​ទី​២២​ ខែ​មិថុនា​អំពាវ​នាវ​ឱ្យ​និយោជក​ផ្តល់​ប្រាក់​អតីត​ភាព​ការងារ​ដែល​ជំពាក់​កម្មករ​ បន្ទាប់​ពី​ក្រសួង​សម្រេច​មិនតម្រូវ​ឱ្យក្រុមនិយោជក​ទូទាត់​ប្រាក់​អតីត​ភាព​​ការងារ​​រហូត​ដល់​ឆ្នាំ​២០២១​។

លោក ប៉ាវ ស៊ីណា​ ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ បាន​និយាយ​នៅ​ក្រៅ​ក្រសួង​ថា​តំណាង​គណៈកម្មាធិ​ការ​ដោះស្រាយ​កូដកម្ម​ក្រសួង​ការងារ​បាន​ទទួល​ញត្តិ​រួច​ហើយ​។

លោក​ ស៊ីណា​ បាន​លើក​ឡើង​ថា​សហជីព​បាន​ដាក់​សំណើរបស់​ពួកគេ​ស្នើ​សុំ​ក្រសួង​ការងារ​ពិនិត្យ​ឡើងវិញ​នូវ​សេចក្តី​ប្រកាស​ថ្មីៗ​របស់​ខ្លួន​ដែល​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ពន្យា​ពេល​បើក​ប្រាក់​អតីត​ភាព​ការងារ​របស់​កម្មករ​និយោជិត​សម្រាប់​ឆ្នាំ​២០១៩ និង​២០២០​។ សេចក្តី​ប្រកាស​ចុះ​ថ្ងៃ​ទី​២ ​ខែ​មិថុនា​ អនុញ្ញាត​ឱ្យនិយោជក​​គ្រប់​វិស័យ​​ទាំង​​អស់​​រួម​​មាន​​​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់​ ផលិត​ស្បែក​ជើង​ ទេសចរណ៍​ និងសំណង់​​ពន្យាពេល​ទូទាត់​ប្រាក់​អតីត​ភាព​ការងារ​ដោយ​សារ​តែ​ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​សាកល​ដែល​បណ្តាល​មក​ពី​ការ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ១៩។

លោក ស៊ីណា មានប្រសាសន៍ថា៖ «សហជីព​របស់​យើង​គិត​ថា​ការ​សម្រេច​ចិត្ត​របស់​ក្រសួង​ការងារ​ក្នុង​ការ​ពន្យា​ពេល​បើក​ប្រាក់​អតីត​ភាព​ការងារ​នឹង​បណ្តាល​ឱ្យ​កម្មករ​មាន​ការ​លំបាក​បន្ថែ​ម​ទៀត ​ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​ប្រឈម​នឹង​ការ​ព្យួរ​ការងារ​រួច​ទៅ​ហើយ​ ថែម​ទាំង​ទទួល​បាន​ប្រាក់​ចំណូល​តិចទៀត​ ដែល​ជា​រឿយៗ​មិន​គ្រប់​គ្រាន់​សម្រាប់​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​ផង​»​។

លោក​មាន​ប្រសាសន៍​ថា​ ការ​សម្រេច​របស់​ក្រសួង​ហាក់​ដូច​ជា​ផ្តល់​ឱកាស​ឱ្យ​និយោជក​និង​ថៅកែ​រោង​ចក្រ​យក​លេស​ដើម្បី​កាត់​បន្ថយ​អត្ថ​ប្រយោជន៍​របស់​កម្មករ​បន្ថែម​ទៀត​ ខណៈ​ពេល​ដែល​កម្មករ​​​កំពុង​​ជួប​ការ​លំបាក​ផ្នែក​ហិរញ្ញវត្ថុ​។

ក្រសួង​ការងារ​កាល​ពី​ឆ្នាំ​​២០១៨ បាន​សម្រច​ឱ្យ​មាន​ការ​បើក​ប្រាក់​អតីត​ភាព​២​ដង​ក្នុង​មួយ​ឆ្នាំ​​សម្រាប់​កម្មករ​និយោជិត​ដែល​ស្ថិត​ក្នុង​កិច្ច​សន្យា​រយៈពេល​មិន​កំណត់​។ នេះ​បើ​យោង​តាម​ប្រកាស​របស់​ក្រសួង​ការងារ​។​ចំនួន​នេះ​អាច​មាន​រយៈពេល​ពី​ ១៥ ទៅ ៣០ថ្ងៃ​នៃ​ប្រាក់​ឈ្នួល​ក្នុង​មួយ​ឆ្នាំ​អាស្រ័យ​លើ​ក្រុម​ហ៊ុន​ឬ​រោងចក្រ​ដែល​កម្មករ​បំពេញ​ការងារ​។​

ញត្តិ​ដែល​ចុះ​ហត្ថលេខា​ដោយ​សហជីព​ចំនួន​ ១៤​ រួម​មាន​​ CUMW, CCAWDU សហភាព​សហព័ន្ធ​សហជីព​កម្មករ​កម្ពុជា​ និង​សហព័ន្ធ​សហជីព​កម្ពុជា​បាន​ជំរុញ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​កា​​រងារ​ លោក​ អ៊ិត​ សំហេង​ពិចារណា​ជំរុញ​ឱ្យ​ថៅកែ​ផ្តល់​ប្រាក់​អតីត​ភាព​ការងារ​ទាន់​ពេល​វេលា​សម្រាប់ឆ្នាំ​២០១៩​ និង​២០២០​។ ជាធម្មតា​ក្រសួង​តម្រូវ​ឱ្យ​បើក​ប្រាក់​អតីត​ភាព​ការងារ​ពីរ​ដង​ដែល​ធ្វើ​ឡើង​ក្នុង​ខែ​មិថុនា​ និង​ខែ​ធ្នូ​។​

ញត្តិ​នោះ​បាន​សរសេរ​ថា​៖ «​កម្មករ​កំពុង​ប្រឈម​និង​បន្ទុក​ហិរញ្ញវត្ថុ​កើន​ឡើង​រួម​មាន​ការ​បង់​ប្រាក់​កម្ចី​ប្រចាំខែ​ ការ​ចំណាយ​ព្យាបាល​សមាជិក​គ្រួសារ​ដែល​ឈឺ​ ក៏​ដូច​ជា​ការ​ចំណាយ​ក្នុង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ»។

ទោះ​បី​ជាសេចក្តីថ្លែងការណ៍​ចុះ​ថ្ងៃ​ទី​ ២​ ខែ​មិថុនា​របស់​ក្រសួង​អនុញ្ញាត​ឱ្យ​ពន្យា​ពេល​​ទូទាត់​ប្រាក់​អតីត​ភាព​ការងារ​រហូត​ដល់​ឆ្នាំ​​២០២១ ក៏ដោយ ក៏​វា​តម្រូវ​ឱ្យ​និយោជក​ធ្វើការ​ទូទាត់​ប្រាក់​ក្នុង​ករណី​ដែល​កម្មករ​បាន​លា​ឈប់​ ឬត្រូវ​បាន​បញ្ឈប់​ពី​ការងារ​។

លោក​ និន​ វណ្ណៈ​ អគ្គ​លេខា​ធិការ​រង​នៃ​គណៈកម្មាធិការ​ដោះស្រាយ​កូដ​កម្ម​នៅ​ក្រសួង​ការងារ​បាន​បញ្ជាក់​ថា​លោក​បាន​ទទួល​ញត្តិ​របស់​សហជីព​ហើយ​នឹង​ឆ្លើយ​តប​ក្នុង​ពេល​ឆាប់​ៗ​នេះ​។​

លោក វណ្ណៈ ​បានប្រាប់​ខេមបូចា​មុន​ពេល​បដិសេធ​បក​ស្រាយ​បន្ថែម​លើ​បញ្ហា​នេះ​ថា​៖​​ «ក្រសួង​បាន​ទទួល​ញត្តិ​ហើយ​យើង​នឹង​ព្យាយាម​ឆ្លើយ​តប​ចំពោះ​សហជីព​នៅ​ពេល​ឆាប់ៗ​នេះ»។​

កញ្ញា ឈឹម ស៊ីថរ ប្រធាន​​សហជីព​​ទ្រទ្រង់​​សិទ្ធិ​​ការងារ​​បុគ្គលិក​​កម្មករ​​ខ្មែរ​ នៃ​​ក្រុមហ៊ុន​​កាស៊ីណូ​ ណាហ្គា ​វើលដ៍​ បាន​មាន​ប្រសាសន៍​ថា​ សហជីព​របស់​កញ្ញា​បាន​ចុះហត្ថលេខា​​លើញត្តិ​នេះ​ខណៈ​បុគ្គលិក​កាស៊ីណូបាន​រង​នូវ​បញ្ហា​ហិរញ្ញវត្ថុ​ចាប់​តាំង​ពី​ខែ​មីនា​នៅ​ពេល​ដែល​​រដ្ឋាភិបាល​បង្ខំ​ឱ្យ​​កន្លែង​កម្សាន្ត​ធំៗ​ បិទ​ទ្វារ​ដើម្បីទប់ស្កាត់​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​ ។

កញ្ញា​ ស៊ីថរ បាន​ថ្លែង​ថា​៖ «សហជីព​ទាំង​១៤ ស្នើ​ឱ្យ​រ​ដ្ឋាភិបាល​លុប​ចោល​សេចក្តី​ប្រកាស​ដែល​ចុះ​នៅ​ថ្ងៃ​ទី​​២ ខែ​មិថុនា​ ពីព្រោះ​វា​មិន​បាន​ជួយ​កាត់​បន្ថយ​ទុក្ខ​លំបាក​របស់​ពួក​យើង​ទេ​ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​កាត់បន្ថយ​ផល​ប្រយោជន៍​​របស់​កម្មករ​ថែម​ទៀត​។ យើង​សង្ឃឹម​ថា​សម្តេច​ [នាយករដ្ឋមន្រ្តី​ហ៊ុន សែន​] និង​រដ្ឋាភិបាល​នឹង​ទទួល​​សំណើ​របស់ពួក​យើង​ ហើយ​លុប​ចោល​សេចក្តី​ប្រកាស​ពន្យា​ពេល​ប្រាក់​អតីត​ភាព​ការងារ​»

ឆេង​ ហេង​ កម្មការិនី​រោងចក្រ​កាត់​ដេរ​​ Top Silver ក្នុង​ខេត្ដ​ព្រៃវែង​បាន​ប្រាប់​តាម​ទូរសព្ទ​ថា​ថៅកែ​រោង​ចក្រ​របស់គាត់​បាន​សម្រេច​ផ្អាក​កម្មករ​ទាំង​អស់​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មិថុនា​ រហូតដល់​ថ្ងៃទី​​១ ខែ​សីហា​ឆ្នាំ​នេះ ​ដោយ​ផ្តល់​ជូន​ពួកគេ​នូវ​ប្រាក់​ខែ​៣០​ដុល្លារ​បន្ថែម​លើ​ការ​ឧបត្ថម្ភ​ប្រចាំ​ខែ​​៤០​ដុល្លារ​ដែល​​រដ្ឋាភិបាល​បាន​ផ្តល់​ឱ្យ​កម្មករ​រោងចក្រ​ដែល​ផ្អាក​ពី​ការងារ​។ នាង​បាន​និយាយ​ថា​នាង​គាំទ្រ​សំណើ​របស់​សហជីព​ដើម្បី​ជួយ​កម្មករ​ទទួល​បាន​ប្រាក់​អតីត​ភាព​ការងា​ររបស់​ពួក​គេ​។​

ហេង ​បាន​និយាយ​ថា​៖ «​​ខ្ញុំ​គិត​ថា​សំណើ​របស់​សហជីព​គឺ​ល្អ​។ ខ្ញុំ​គាំ​ទ្រ​វា​»​។​​ នាង​បាន​បន្ថែម​ថា​ការ​ទទួល​បាន​ប្រាក់​អតីត​ភាព​ការងា​រ​របស់​នាង​នៅឆ្នាំ​នេះ​នឹង​ជួយ​នាង​សង​ប្រាក់​កម្ចី​ ៧.០០០​ ដុល្លារ​ដែល​គ្រួសារ​របស់​នាង​បាន​ចំណាយ​នៅ​ឆ្នាំ​២០១៨​ ដើម្បី​សង់​ផ្ទះ​។

នាង​បន្ត​ថា​ មុន​ពេល​រោងចក្រផ្អាក​ដំណើរ​ការ​ នាង​អាច​រក​ប្រាក់​បាន​ចន្លោះ​ពី​​៣​០០ ទៅ៥០០​ដុល្លារ​ក្នុងមួយ​ខែ​។

នាង​បាន​និយាយ​ទៀត​ថា​​៖«ឥឡូវ​ខ្ញុំ​គ្មាន​ប្រាក់​គ្រប់​គ្រាន់​ដើម្បី​សង​ធនាគារ​ទេ​»​។

អ្នក​នាំ​ពាក្យ​ក្រសួង​ការងា​រ​ លោក​ ហេង​​ សួរ​ មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ​ប៉ុន្តែ​នៅ​ក្នុង​បទ​សម្ភាសន៍​ជា​មួយ​​វិទ្យុ​បារាំង​អន្តរជាតិ​ដែល​ផ្សាយ​ជា​ខេមរភាសា​កាល​ពី​ចុង​ខែ​ឧសភា​លោក​បាន​​ប៉ាន់​ប្រមាណ​ថា​កម្មករ​រោង​ចក្រ​ប្រហែល​១១​ម៉ឺននាក់​នៅ​តែ​ត្រូវ​បាន​បន្ត​ព្យួរ​ការងារ​ជា​បណ្តោះ​អាសន្ន​​៕

19 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម