សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ចំនួន​កូដកម្មនិង​បាតុកម្ម​កើន​ឡើង ប៉ុន្តែ​សហជីព​ថា ការ​រឹត​ត្បិត​នៅ​តែ​បន្ត​មាន​

បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើ​ល​ដ៍​ជិត​ ២​០​០​០​នាក់​ ​តវ៉ា​មុខ​ក្រុមហ៊ុន​ ​ដើម្បី​ទាមទារ​ឲ្យ​តំណាង​សហជីព​ចូល​ធ្វើការ​វិញ​ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​ ​រូបភាព​ ខេ​ម​បូ​ចា

ចំនួន​កូដកម្ម និង​បាតុកម្ម​បាន​កើន​ឡើង​យ៉ាង​គំហុក​នៅ​ឆ្នាំ​២០១៩ នេះ​បើ​យោង​ទៅ​តាម​របាយការណ៍​​មួយ​របស់​ក្រសួង​ការងារ។ ប៉ុន្តែ​ក្រុម​សហជីព​និយាយ​ថា ការ​កើន​ឡើង​នេះ​គឺ​កើត​ឡើង​ស្រប​ពេល​មាន​ការ​រឹតត្បិត​ប្រឆាំង​នឹង​កម្មករ ដែល​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ធ្វើ​ការ​រៀបចំ​​ដោយ​សេរី។

​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​ការងារ​ ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ២០២០ ​លើកឡើង​ថា កូដកម្ម​ចំនួន ៧៥ និង​បាតុកម្ម​​ចំនួន ១១ កាល​ពី​ឆ្នាំ​២០១៩​ គឺ​ជា​ ការ​កើន​ឡើង​ពី​កូដកម្ម​ចំនួន ៤៥ និង​​បាតុកម្ម​ចំនួន ០៥ កាល​ពី​ឆ្នាំ ២០១៨។

របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​ការងារ​​បាន​បន្ថែម​ថា ​​កូដកម្ម​ចំនួន​ ៦៩​ និង​បាតុកម្ម​ចំនួន ០៨ ក្នុង​ចំណោម​បាតុកម្ម​ចំនួន ១១ ត្រូវ​បាន​ក្រសួង​ការងារ​ដោះស្រាយ​ជា​ស្ថាពរ។

របាយកាណ៍​ខាង​លើ​​បាន​សរសេរ​ថា៖ «ក្រសួង​បាន​បន្ត​ពង្រឹង​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហាកូដកម្ម និង​បាតុកម្ម​នៅ​តាម​គ្រប់​មុខ​សញ្ញា»។ ដោយ​កត់សម្គាល់​ថា នា​ពេល​បច្ចុប្បន្ន មន្រ្តី​ចំនួន ៣៦៩៧ នាក់ ​ត្រូវ​បាន​ចាត់​តាំង​ដើម្បី​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​កូដកម្ម​ និង​បាតុកម្ម។

លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា កត់​សម្គាល់​ថា ទោះ​បី​ជា​មាន​កំណើន​ចំនួន​កូដកម្ម និង​បាតុកម្ម​ក៏ដោយ ​ក៏​ចំនួន​នេះ នៅ​​ទាប​ខ្លាំង​ជាង​កម្រិត​ដែល​ធ្លាប់​មាន​​នៅ​​មុន​ពេល​ច្បាប់​ស្តី​ពី​សហជីព​ត្រូវ​បាន​អនុម័ត​កាល​ពី​ឆ្នាំ​២០១៦។

​លោក អាត់​ ធន់​ បាន​មាន​ប្រសាសន៍​ថា៖ «យើង​ធ្លាប់​មាន​កូដកម្ម និង​បាតុកម្ម​រាប់ពាន់​ករណី។កម្មករ​អាច​សម្តែង​មតិ​របស់​ពួកគេ​ដោយ​សេរីប៉ុន្តែ​ឥឡូវ​ខុស​ពីមុន»

លោក​បាន​បន្ត​ថា មួយ​ផ្នែក​គឺ​ដោយសារ​តែ​ក្រសួងការងារ​រាប់​បញ្ចូល​តែ​ចំនួន​កូដកម្ម​និង​បាតុកម្ម​ធំៗ​ទៅ​ក្នុង​កំណត់ត្រា​របស់​ខ្លួន។ លោក​ក៏​បាន​អំពាវនាវ​ឲ្យ​ក្រសួងការងារ​ជួយ​កម្មករ​ដោយ​ស្មើភាព​ កំឡុងពេល​មាន​ជម្លោះជាមួយ​នឹង​នយោជក។

អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​លោក ហេង សួរ មិន​បាន​ឆ្លើយ​តប​នឹង​សំណួរ​របស់​ Camboja នោះ​ទេ។

​ច្បាប់​ស្តី​ពី​សហជី​ពត្រូវ​បាន​អនុម័ត​ ខណៈ​មាន​ការ​រិះគន់​ថា ច្បាប់​នេះ​បាន​រឹតត្បិត​សិទ្ធិ​កម្មករ និង​វិសោធនកម្ម​​ជា​បន្តបន្ទាប់​​ដែល​ត្រូវ​បាន​អនុម័ត​ឡើង​កាល​ពី​ឆ្នាំ​មុន​ក៏​មិន​បាន​ជួយ​ដោះស្រាយ​ក្តី​កង្វល់​​របស់​សហជីព​នោះ​ទេ។

លោក ឃុន ថារ៉ូ មន្រ្តី​សម្របសម្រួល​ការងារ​នៅ​អង្គការ​សង់ត្រាល​ (Central) បាន​និយាយ​ថា ច្បាប់​ស្តី​ពី​សហជីព​​កម្មករ និង​សហជីព​មាន​ការ​លំបាក​នៅ​ក្នុង​ការ​ធ្វើ​កូដកម្ម និង​បាតុកម្ម​។

លោក ថារ៉ូ បាន​និយាយ​ថា៖ «សេរីភាព​ត្រូវ​បាន​រឹតត្បិត​យ៉ាង​ខ្លាំង។យើង​ត្រូវ​ជូន​ដំណឹងនឹង​បោះឆ្នោត​ជ្រើសរើស​តំណាង មុន​ពេល​ដែល​យើង​ធ្វើ​កូដកម្ម និងបាតុកម្ម»

លោក  ថារ៉ូ  បាន​ទទួលស្គាល់​ថា កាល​ពី​ឆ្នាំ​មុន ​រដ្ឋាភិបាល​បាន​ផ្តល់​លំហ​ធំ​ជាង​មុន​សម្រាប់​ការ​ធ្វើ​បាតុកម្ម និង​កូដកម្ម ប៉ុន្តែ​បញ្ហា​ជា​មូលដ្ឋាន​នៅ​តែ​មាន៕

340 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម