សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

តុលាការ​​​​បន្ត​​និតីវីធី​​ប្រឆាំង​អតីត​សមាជិក​ CNRP ​ជិត ​៧០​នាក់​ក្រោម​បទចោទ​រួម​គំនិត​ក្បត់​

ក្រុម​​​គ្រួសារ​អតីតសមាជិកបក្សសង្រ្គោះជាតិ​ដែល​​ត្រូវបាន​ចាប់ខ្លួនប្រមូល​ផ្តុំ​នៅក្រៅរបង​ស្ថានទូតអាមេរិក​នាថ្ងៃទី១ ខែតុលា ដើម្បី​អំពាវនាវ​ឱ្យប្រទេសនេះ​អន្តរាគមន៍ជួយឱ្យមាន​ការដោះលែង​អតីត​អ្នក​នយោបាយ​និង​សកម្ម​ជនដទៃទៀត។​ បញ្ញា ឆព័ណ្ណ

តុលា​ការ​កម្ពុជា​ពេលនេះ​កំពុង​ដំណើរការ​បណ្តឹង​​ប្រឆាំង​នឹង​អតីត​សមាជិក​គណបក្សសង្រ្គោះជាតិ​ជិត៧០នាក់​ក្រោមបទរួមគំនិតក្បត់ ដែលក្នុងនោះ​១២នាក់​ត្រូវបាន​កាត់​ទោស​ហើយ​នៅឆ្នាំនេះក្រោម​បទចោទថា​បាន​ជាប់ពាក់​ព័ន្ធ​នឹង​គម្រោង​វិល​ចូល​ប្រទេស​វិញ​របស់លោក សម ​  រង្ស៊ី ដែល​ប្រធានស្តីទីរបស់គណបក្សនេះកាលពី​ខែវិច្ឆិកា ឆ្នាំ២០១៩។​

ក្រុមសង្គមស៊ីវិល និងអ្នកវិភាគនយោបាយអះអាងថាការកាត់ក្តីទាំងនោះជាផ្នែកមួយនៃរបៀបវារៈនយោបាយជាជាងការអនុវត្តច្បាប់។

ដោយសារ​តែការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ទៅ​លើ​ក្រុមអ្នក​ប្រឆាំង ​​និង​អតីត​សមាជិក​បក្ស​​ប្រឆាំងមានការ​​កើន​ឡើង​នៅ​ឆ្នាំ​នេះ​ អតី​តមន្រ្តី​គណបក្ស​សង្រ្គោះជាតិ​មួយ​ចំនួន​បាន​លាក់ខ្លួន​ និង​ខ្លះទៀត​បាន​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​កម្ពុជា​ព្រោះតែ​ភ័យខ្លាច​ការ​ចាប់​ខ្លួន​និង​ការ​ជាប់​ពន្ធនា​គារ​។ ​មនុស្ស​រាប់​សិប​នាក់​ទៀត​កំពុង​រង់​ចាំ​ការ​​កាត់​ទោស ​អ្ន​កខ្លះ​ជាប់ពន្ធនាគារ ហើយខ្លះទៀតត្រូវបាន​កាត់ទោស​រួច​ទៅហើ​យ​។

មេធាវី​ការពារ​ក្តី​ឱ្យ​​អតីត​សមាជិក​គណបក្ស​សង្រ្គោះជាតិ​បាន​និយាយ​ថា​សមាជិក​គណបក្ស​នេះ​ប្រមាណ​៨០​នាក់ មកពីខេត្តចំនួន ៨ និងរាជធានីភ្នំពេញនៅឆ្នាំនេះ ត្រូវបាន​តុលាការដំណើរការ​ក្តីប្រឆាំង​ពួកគេ​ក្រោម​បទរួមគំនិត​ក្បត់​តាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌដែលអនុវត្តទោសជាប់ពន្ធនាគារពី ៥ ឆ្នាំ ទៅ ១០ឆ្នាំ។ មនុស្ស២៨ នាក់ទៀត ក៏នឹងត្រូវជំនុំជម្រះដែរ ដែលក្នុងនោះ​២៤នាក់​កំពុងស្ថិតក្នុង​ការឃុំ​ខ្លួន​បណ្តោះ​អាសន្ន​។ ១២នាក់​ត្រូវបាន​កាត់ទោសនិងដាក់ពន្ធនាគារ​រួច​ហើយ​។

សាលា​ដំបូង​ខេត្ត​ត្បូង​ឃ្មុំ​កាល​ពី​​ថ្ងៃ​ទី​២២ ខែ​កញ្ញា​ ​បានកាត់​ទោស​កំបាំង​មុខ​អតីត​មន្ត្រី​គណបក្ស​ប្រឆាំង​ចំនួន​ ៧រូបក្នុងនោះ​៥រូបត្រូវ​ជាប់ពន្ធនាគាររយៈពេល៧​ឆ្នាំ ហើយ២រូប​​ទៀត​ត្រូវ​បាន​ផ្តន្ទាទោស​រយៈ​ពេល៥ឆ្នាំតែទោសនោះត្រូវបានព្យួរ​។ តុលាការខេត្តកំពត កណ្តាល និងកំពង់ចាម ក៏បានកាត់ទោសអតីតសមាជិកបក្សប្រឆាំងក្រោមបទឧក្រិដ្ឋ​ដូចគ្នានេះដែរ។

កាល​ពី​ស​ប្តាហ៍​មុន​សាលា​ដំបូង​ខេត្ត​កោះកុង​បាន​ផ្តើម​​​ជំនុំ​ជម្រះ​ក្តី​អតីត​មន្រ្តី​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​បាន​រត់​គេច​ខ្លួន​ចេញ​ពី​ប្រទេស ហើយ​តុលាការ​ខេត្តកំពង់​ស្ពឺ​នា​ថ្ងៃ​ទី​២៨ ខែកញ្ញា​ ក៏​​បាន​បើក​សវនាការ​ជំនុំ​ជម្រះ​ក្តី​ប្រឆាំង​អតីត​​សមាជិក​គណបក្សសង្រ្គោះជាតិ​៧នាក់ផ្សេងទៀត​ផង​ដែរ​។ បើតាម​​លោក សំ សុគង់ មេធាវី​ការពារ​ជន​ជាប់ចោទទាំងនោះ​បាន​និយាយ​ថា​សាល​ក្រម​​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី​២២ និង២៨​ខែតុលា។

សាលាដំបូង​ខេត្ត​បន្ទាយ​មាន​ជ័យ​កាលពីថ្ងៃទី ២៩ ខែកញ្ញា បាន​ពន្យារ​ពេល​បើក​សវនាការសំណុំរឿង​អតីតមន្រ្តីគណបក្សសង្គ្រោះជាតិ៧នាក់ព្រោះតែ​មេធាវីរបស់ពួកគេមិនមានវត្តមានហើយសាលាដំបូងខេត្តរតនគិរីក៏បានពន្យារពេលបើកសវនាការមួយដែរ។

បណ្តឹង​ប្រឆាំង​នឹង​សមាជិក​គណបក្ស​ប្រឆាំង​ចំនួន​​៤០​នាក់​ផ្សេង​ទៀត​កំពុង​ត្រូវ​បាន​ដំណើរ​ការ​ដោយ​ចៅ​ក្រម​ស៊ើបសួរ​ក្នុង​ខេត្ត​កំពង់​ចាម​។​

លោក សុគង់ បាននិយាយថា​ពួកគេទាំងនោះត្រូវបាន​ចោទប្រកាន់​ពីបទ​«រួម​គំនិតក្បត់»​ ព្រោះតែ​ពួកគេ​ពាក់​ព័ន្ធ​នឹង​លោក សម រង្ស៊ី ដែល​កំពុង​រស់នៅ​និរទេស​ខ្លួន​ក្នុង​ប្រទេសបារាំង​។

លោកបានឱ្យដឹង​ថា​មុនពេល​អតីតគណបក្ស​ប្រឆាំងនេះ​ត្រូវបាន​រំលាយ​ដោយ​សាល​ដីការ​របស់​តុលាការកាលពី​ឆ្នាំ២០១៧ ជនជាប់​ចោទ​ទាំងនោះ​មាន​​តួនាទី​ផ្សេង​ៗក្នុង​គណបក្សសង្រ្គោះ​ជាតិរួម​មាន​ក្រុម​ប្រឹក្សា​ខេត្ត​ ស្រុក មេឃុំ និង​ក្រុម​ប្រឹក្សា​ប្រតិបត្តិ​។

លោក សុគង់ បាន​អំពាវនាវ​ឱ្យ​តុលាការ​ទម្លាក់​ចោល​​បទ​ចោទប្រឆាំងកូន​ក្តី​ដោយថា​មិនមានភ័ស្តុតាងច្បាស់លាស់ដើម្បីផ្តន្ទាទោសពួកគេទេ។

លោក សុគង់ ​បាន​និយាយ​ថា​៖«ប្រសិនបើយើងមើលជាក់ស្តែង​ គ្មានភស្តុតាងណាមួយប្រឆាំងនឹងកូនក្តីខ្ញុំទេ»។ «ប៉ុន្តែ​ប្រសិន​រឿងក្តី​នេះ​មានហេតុផលនយោបាយ យើង​គ្មាន​សង្ឃឹម​ទេ​ថា​តុលាការ​នឹង​ទម្លាក់​ចោទ​បទ​ចោទ​នោះ​​​»​។​

កាលពីខែវិច្ឆិកាឆ្នាំមុន មេដឹកនាំអតីត​គណបក្សសង្គ្រោះជាតិ លោក សមរង្ស៊ី និងមេដឹកនាំជាន់ខ្ពស់គណបក្សនេះ បានរៀបចំគម្រោង​ដើរឆ្លងកាត់ព្រំដែនថៃ​ជាមួយ​អ្នក​គាំទ្រ​រាប់​ពាន់​នាក់​ដែល​ជា​ផ្នែក​មួយ​នៃ​ចលនា​ដែល​ពួកគេហៅ​ថា​«អំណាចប្រជាជន» ដើម្បីបង្កើតឱ្យមាន​ការប្រកួតប្រជែងតាម​បែប​ប្រជាធិបតេយ្យ។

គណបក្ស​កាន់​អំណាច​បាន​ចាត់​ទុក​គម្រោង​វិល​ត្រលប់​មកវិញ​នេះ​ថា​ជាការ​ប៉ុន​ប៉ង​ធ្វើ​រដ្ឋ​ប្រហារ​ ហើយ​បាន​ចាប់​ខ្លួន​​អ្នក​គាំទ្រ​អតីត​គណបក្សប្រឆាំង​​រាប់សិប​នាក់​ដែល​ភាគ​ច្រើន​ត្រូវ​បាន​កាត់​ទោស​ក្រោម​បទ​រួម​គំនិត​ក្បត់​។ កាលពី​ខែ​វិច្ឆិកា​ លោក សម រង្ស៊ី បាន​ជិះ​យន្តហោះ​មក​ដល់​ប្រទេស​ម៉ាឡេស៊ី ប៉ុន្តែ​បាន​ត្រ​លប់​ទៅ​ប្រទេស​បារាំងវិញបន្ទាប់​ពី​នាយក​រដ្ឋ​មន្រ្តី​ថៃ​បាន​និយាយ​ថា​លោក​នឹង​មិន​អនុញ្ញាត​ឱ្យ​មេដឹក​នាំ​បក្ស​ប្រឆាំង​ចូល ពោល​គឺក្រោយពី​រដ្ឋា​ភិបាល​កម្ពុជា​បាន​លើកឡើងថា​លោក​អាច​ត្រលប់​មក​កម្ពុជា​វិញបាន​ប្រសិន​បើ​លោក​បាន​ត្រៀម​ខ្លួន​រួច​រាល់​ចំពោះមុខច្បាប់​។

គណបក្សសង្គ្រោះជាតិ​ត្រូវ​បាន​រំលាយ​ដោយ​តុលាការកំពូល​កាល​ពី​ខែវិច្ឆិកា ​​ឆ្នាំ២០១៧ បន្ទាប់​ពី​ប្រធាន​គណបក្សនេះ​គឺ  លោក ​កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​ឃុប​ឃិត​ជាមួយ​​បរទេស​ក្នុង​គោល​បំណង​ផ្តួល​រំលំ​រដ្ឋាភិបាល​។​សមាជិក​ក្រុម​ប្រឹក្សាថ្នាក់​​​មូល​ដ្ឋាន និងសមាជិកក្រុម​ការងារ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ថ្មីៗ​នេះ​ត្រូវ​បានប​ណ្តេញ​ចេញ​ពី​តំណែង​របស់​ពួកគេ​នៅពេល​នោះ ហើយជំនួស​ដោយ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ដែលពួកគេបានប្រគួ​ត​​ប្រជែង​​ជាមួយក្នុង​ពេល​បោះឆ្នោត​ឃុំ​សង្កាត់នា​​ឆ្នាំ២០១៧ ។

លោក ជាតិ ខេមរា អាយុ ៤៧ ឆ្នាំ ​អតីត​សមាជិក​ក្រុម​ការងារ​​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ដែល​សាវនាការរឿងក្តីរបស់លោកគ្រោងធ្វើ​​នៅថ្ងៃទី ២៩ ខែកញ្ញា តែត្រូវបានពន្យារវិញ​ បានច្រានចោលការចោទប្រកាន់លើរូបលោកពីបទ«រួម​គំនិត​ក្បត់​» ហើយបានថ្លែងថាលោកមានការបារម្ភថា​តើ​តុលាការ​នឹង​កាត់​សេចក្តី​ករណី​របស់​ខ្លួន​បែបណា។

លោក​បាន​និយាយ​ថា​៖«​បាទ!យើង​បារម្ភ​[អំពី​ការ​ចាប់​ខ្លួន​] ព្រោះ​ថា​គ្មាន​នរណា​ម្នាក់​សប្បាយ​ចិត្ត​ក្នុង​ការជាប់​គុកនោះ​ទេ​»

លោក​បាន​បន្ត​ថា​៖«​សកម្ម​ភាព​នយោ​បាយ​របស់​ពួកយើង​គឺ​ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ​ ប៉ុន្តែ​ពួកគេ​បាន​ចោទ​ប្រកាន់​យើង​ថា​រួម​គំនិតក្បត់​ ហើយ​យើង​មិន​ដឹង​ទេ​ថា​តើ​យើង​ក្បត់​ជាតិ​តាម​​ផ្លូវណា​ទេ​» ដោយ​បន្ថែម​ទៀត​ថា​លោក​បាន​ឈប់​ធ្វើ​នយោ​បាយ​តាំង​តែ​ពី​ពេល​ដែល​គណបក្ស​ត្រូវ​បាន​រំលាយ​កាលពីឆ្នាំ២០១៧។​

ជនជាប់​ចោទ​ម្នាក់​ទៀត ឈ្មោះ ចក់ ហួរ  ដែល​ត្រូវ​បាន​កាត់​ទោស​ឱ្យជាប់ពន្ធនាគាររយៈពេល​៧ឆ្នាំ ដោយតុលាការខេត្ត​ត្បូងឃ្មុំ​ ហើយ​ពេល​នេះកំពុង​លាក់​ខ្លួន​បាន​និយាយ​ថា​ប្រសិនបើលោក​ត្រូវបានផ្តន្ទាទោស វានឹងជាភស្តុតាងបន្ថែមទៀតដែលថាគណបក្សកាន់អំណាចកំពុងធ្វើទុក្ខបុកម្នេញអតីតសមាជិកគណបក្សប្រឆាំង។

លោកបាន​និយាយថា​៖ «​ខ្ញុំ​គិត​ថា​វា​ជា​រឿង​អយុត្តិធម៌ ហើយ​ការសម្រចចិត្ត[របស់តុលាការ​]មាន​​ហេតុផល​នយោបាយ​»

លោក ហួរ បាន​បន្តថា​៖«ខ្ញុំ​កំពុង​លាក់​ខ្លួន​ព្រោះ​តែភ័យ​ខ្លាច​ថា​ខ្ញុំ​នឹង​ត្រូវ​បាន​ចាប់​ខ្លួន​ហើយ​ដាក់គុក​ ព្រោះ​ដូច​ដែល​យើង​ដឹង​ហើយ​ថា​តុលាការ​ស្ថិត​ក្រោម​ឥទ្ធិពល​អ្នក​នយោ​បាយ​»

លោក ហួរ ​ជាអ​តីត​ប្រធាន​​​ប្រតិបត្តិ​​​​គណបក្សសង្គ្រោះជាតិ​នៅ​ស្រុក​ពញាក្រែក​។

លោកបានបន្ថែមថា៖​«​ខ្ញុំ​គិត​ថា​វា​កំពុង​ដាក់​សម្ពាធ​លើ​​សកម្មភាព​អតីត​សមាជិក​បក្ស​ប្រឆាំង​»។ «វា​កំពុង​រំលោភ​សិទ្ធិទាំង​អស់​របស់ពលរដ្ឋ​ម្នាក់​ក្នុង​ការ​ប្រើប្រាស់​ការបញ្ចេញ​ទស្សនៈរបស់​ខ្លួន​ដោយ​សេរី​»

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានការពារសកម្មភាពរបស់តុលាការដោយ ថា ពួកគេកំពុងអនុវត្តត្រឹមត្រូវ​តាម​នីតិវិធី​។

លោកបានមានប្រសាសន៍ថា៖«មិនថាអ្នកឯងសកម្មជន មិនសកម្មជន [គណបក្សប្រឆាំង]​

​ ប្រសិន​បើ​អ្នកឯង​បាន​រំលោភ​ច្បាប់​ អ្នកត្រូវ​អនុវត្ត​តាម​នីតិវិធី​របស់​តុលាការ​ដែល​ជា​ផ្នែកដ៏​សំខាន់​នៃ​សង្គម​​ប្រជាធិបតេយ្យ​»

លោក ម៉ាលីន បានថ្លែង​ថា​៖«អត់អីទេប្រសិនបើពួកគេធ្វើសកម្មភាព​នយោបាយ​វាអត់ខុស​ច្បាប់ទេ​ប៉ុន្តែ​វាក៏​សំខាន់​កុំឲ្យតែពួកគេ​​​ប្រព្រឹត្ត​​បទ​ល្មើស​ព្រហ្មទណ្ឌ​ បើមិនដូច្នេះទេពួកគេត្រូវប្រឈមមុខនឹងផ្លូវ​ច្បាប់»

អ្នកនាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ លោក ខៀវ សុភ័គ បានលើកទឹកចិត្តដល់​ជនជាប់ចោទឱ្យ​ស្វែងរក​មេធាវី​ដើម្បី​ការពារ​ពួកគេ​ជាជាង​អំពាវ​នាវ​ឱ្យសហគមន៍អន្តរជាតិជួយអន្តរាគមន៍។

លោកបាន​មានប្រសាសន៍ថា៖«មនុស្សទាំងអស់ហ្នឹងពិតជា​បានរំលោភច្បាប់ ហើយ​យើង​មានភ​ស្តុតាង​និង​សាក្សី»

លោក សុភ័គ បានបន្តថា៖ «យើងមិនអាចបញ្ឈប់ពួកគេបញ្ចេញមតិទេ​។ នៅពេលពួកគាត់[តុលាការ] មិនបើកសវនាការជំនុំជម្រះ ពួកគេចោទប្រកាន់តុលាការថាពន្យាពេល​កាត់​ក្តីហើយបើតុលាការយករឿងក្តីទៅជំនុំជម្រះ​ពួកគេ​និយាយ​ថាវា​អយុត្តិធម៌​»

លោក​បានបន្ថែម​ថា​លោក​នាយករដ្ឋមន្រ្តី ​ហ៊ុន សែន បាន​លើក​ឡើង​ថា​ការ​សម្រេច​ចិត្ត​របស់​សហភាព​អឺរ៉ុប​ក្នុង​ការ​កាត់ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​«អ្វីៗគ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ​» គឺ​ដូច​ជា​ការស​ម្លាប់​គណបក្ស​ប្រឆាំង​នៅក្នុង​ប្រទេស​កម្ពុជា​។​

ទោះយ៉ាងណា​ក៏ដោយ​​ អតីត​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះជាតិ ​លោក មាជ សុវណ្ណារ៉ា មានប្រសាសន៍​ថា​គណបក្សប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់​​អំណាច​កំពុង​ប្រើ​«កល​ល្បិច​នយោបាយ​» ដោយ​ដាក់​សម្ពាធ​លើគណបក្ស​ប្រឆាំង​ដើម្បី​​ជា​មធ្យោបាយ​មួយ​​បង្ខំ​ឱ្យ​មាន​ការចរចា​ជា​មួយ​សហគមន៍​អន្តរជាតិ​ដោយលោក​បាន​​កត់​សម្គាល់​ថា​ប្រទេស​កម្ពុជា​មិន​អាច​ដំណើរ​ការ​សេដ្ឋ​កិច្ច​​បាន​នោះទេ​ប្រសិន​បើគ្មាន​​ការ​សហការ​ពី​ប្រទេស​ដទៃ​។

លោកបាន​និយាយ​ថា​៖«វា​ជា​រឿង​អយុត្តិធម៌​ដែល​ពួកគេ​​ចាប់ខ្លួន​និងដាក់គុកអ្នកដែលប្រើ​ប្រាស់​សេរីភាព​បញ្ចេញ​មតិ​របស់​ខ្លួន​​​ដែល​​ត្រូវ​បាន​ធានា​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ» ។ លោក​បាន​បន្ថែម​ថា​ជំហររបស់​កម្ពុជា​កំពុង​បន្ត​បំផ្លាញ​កេរ្ត៍ឈ្មោះ​របស់ខ្លួន​បន្ថែម​ទៀត​នៅ​លើ​ឆាក​អន្តរ​ជាតិ​ដោយសារ​តែ​ការ​ធ្វើ​ទុកបុកម្នេញ​ក្រុម​អ្នក​ប្រ​ឆាំង​។

លោក អំ សំអាត ​អនុប្រធាន​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​បានមានលើកឡើង​​ថា​ការ​ផ្តន្ទាទោស​អតីត​សមាជិក​គណបក្ស​ប្រឆាំង​កំពុង​បំផ្លាញ​​ប្រជាធិបតេយ្យ និងរួមចំណែកឱ្យស្ថានភាព​សិទ្ធិមនុស្សនៅកម្ពុជាធ្លាក់ចុះ ដែលបញ្ហានេះ​ សហគមន៍​អន្តរជាតិ​បាន​ទាមទារ​ឱ្យ​ប្រទេស​កម្ពុជាត្រូវ​​ដោះ​ស្រាយ​​។

លោកបាន​បន្ត​ថា៖​«សំណុំរឿង [ប្រឆាំងនឹងសមាជិកគណបក្សសង្គ្រោះជាតិ] ទំនងជាមានហេតុផលនយោបាយច្រើន​​ជាងប្រសិទ្ធិភាពនៃ​​ការអនុវ​ត្ត​ច្បាប់​»។ លោក​​បាន​​បន្ថែម​​ថា​ក្រុម​អ្នកឃ្លាំ​មើល​អន្តរជាតិ​នឹងតាម​ដាន​​ដោយ​​យកចិត្តទុកដាក់​ចំពោះ​ករណី​ទាំងនោះ។

លោក​បាន​លើកឡើង​ទៀត​ថា​ការ​កើនឡើង​នៃការរំលោភ​សិទ្ធិ​មនុស្ស​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ប្រកាស​របស់​លោក​ សម រង្ស៊ី ថា​លោក​នឹង​​វិល​ត្រលប់ចូល​កម្ពុជា​វិញ​កាលពី​ឆ្នាំ​២០១៩​ ក៏ដូច​ជា​ការ​សម្រេច​ចុងក្រោយ​ក្នុង​ការ​កាត់​EBAពី​សំណាក់​សហភាព​អឺរ៉ុប ដែល​ក្រោយ​ពី​មាន​ព្រឹត្តិ​ការណ៍ទាំងពីរនេះ សកម្ម​ជន​រាប់​សិប​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​។

អ្នកវិភាគ​នយោបាយ ​លោក មាស នី ​បាន​និយាយ​​ថា​រដ្ឋាភិបាល​កំពុង​ទទួល​បាន​ការ​រិះគន់​កាន់​តែ​ច្រើនពី​សហគមន៍​​អន្តរជាតិ​ជុំវិញ​ការ​ធ្លាក់​ចុះ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស​បន្ទាប់​ពី​សកម្មភាព​នៃ​​​ការ​ចាប់​ខ្លួន​សមាជិក​អតីតគ​ណបក្ស​សង្គ្រោះជាតិ​បាន​ចាប់​ផ្តើម​​ឡើង​វិញ​​នៅ​ដើមឆ្នាំ។

លោកបាន​លើកឡើង​ថា៖«​​អ្នកទោស​នយោបាយ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ពេល​​វិបត្តិ​នយោបាយ​នឹង​​កើ​ត​មាន​​ឡើង​​។ គណបក្ស​ប្រជាជន​កម្ពុជា​ហាក់​ដូច​ជា​មិន​មាន​ទំនុ​ក​ចិត្ត​ថា​ខ្លួន​នឹង​ឈ្នះ​[ការ​បោះឆ្នោត​] ប្រសិន​បើ​ពួក​គេ​អនុញ្ញាត​ឱ្យគណបក្សប្រឆាំង​កើត​ឡើង​វិញ​»​

លោក ប៉ា ចន្ទរឿន នាយក​វិទ្យាស្ថាន​កម្ពុជា​ដើម្បី​ប្រជាធិបតេយ្យ​បាន​លើកឡើង​ថា​កម្ពុជា​នឹង​ទទួល​រង​នូវ​ទណ្ឌកម្ម​បន្ថែម​​ទៀត ប្រសិន​បើ​រដ្ឋា​ភិបាល​មិន​ធ្វើ​ឱ្យស្ថាន​ភាព​សិទ្ធិ​មនុស្ស​ប្រសើរ​ឡើង ហើយ​ដើរតាម​គន្លង​ប្រជាធិបតេយ្យ​នោះទេ ដោយ​លោក​បាន​លើក​ករណី​នៃ​ការ​ព្យួរ​EBAកាលពីថ្ងៃ​ទី១២​ខែសីហាជា​ឧទាហរណ៍។

លោកបានបន្ត​ថា៖« វិធានការ​មួយចំនួន​ពាក់​ព័ន្ធ​នឹង​ការ​ចាប់​ខ្លួន​និង​ការ​ផ្តន្ទាទោស​​ដែល​យើង​មើល​ឃើញ​ត្រូវបានធ្វើឡើង​ក្រោម​ហេតុផល​នយោបាយជាជាង​ចេតនា​ពិត​ក្នុង​កា​​រ​អនុវត្ត​ច្បាប់​»។ លោក​បាន​បន្ថែម​ថា​សហគមន៍​អន្តរជាតិ​បាន​អំពាវនាវ​រួច​ហើយ​ឱ្យកម្ពុជា​ធ្វើប្រសើរ​ឡើង​វិញ​នូវ​ឯករាជ្យភាព​របស់​តុលាការ។

លោក​បាន​លើកឡើង​ទៀត​ថា​៖«​ក្នុង​បរិបទនេះ ប្រសិន​អ្នក​នយោបាយ​នៅ​តែគំរាម​កំហែង​គ្នា ដោយការ​បំភិត​បំភ័យ​ ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ ​និង​ការជាប់​​​​ពន្ធនាគារ​ ខ្ញុំគិត​​ថា​​វា​​នឹង​​អូស​​បន្លាយ​ភាព​អយុត្តិធម៌​ដ៏​ឈឺចាប់​នៅក្នុ​ង​សង្គម​របស់​យើង»

កាលពីថ្ងៃទី២៥ ខែកញ្ញា លោក សម​ រង្ស៊ី ជាថ្មី​ម្តង​ទៀត​បាន​ប្រកាស​ពី​ការ​វិល​ត្រលប់​ពី​ការ​និរទេស​ខ្លួន​រយៈពេល​៥ឆ្នាំ​ ដោយ​និយាយក្នុង​កិច្ច​ពិភាក្សា​ដែល​រៀប​ចំ​ដោយ​វិទ្យុអាស៊ីសេរី​ថា​វា​ជា​វិធានការ​ចាំបាច់​ដើម្បី​ជំរុញ​ឱ្យមាន​កំណែ​ទម្រង់​ប្រជា​ធិបតេយ្យ​ខណៈដែល​ប្រទេស​កម្ពុជា​ប្រឈម​នូវ​អ្វី​ដែល​លោក​បាន​ហៅ​ថា​«វិបត្តិ​សេដ្ឋកិច្ច​»​។

លោក​បាន​ថ្លែង​ក្នុង​វេទិការនោះថា​៖«​ខ្ញុំ​នឹង​ត្រលប់​ទៅប្រទេសកម្ពុជាវិញ​ដើម្បី​ដោះ​ស្រាយ​វិបត្តិ​សេដ្ឋកិច្ច​។ [នាយក​រដ្ឋមន្រ្តី] ហ៊ុន សែន មិន​ដឹង​ថា​ត្រូវ​ដោះស្រាយ​វិបត្តិនេះ​ដោយ​របៀបណា​ទេ។ គាត់ និង​រដ្ឋា​ភិបាល​គាត់​មិន​ដឹង​ថា​ត្រូវ​ដោះ​ស្រាយ​យ៉ាង​ម៉េច​ទេ»

89 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម