សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

តំណាងរដ្ឋាភិបាល​កម្ពុជា​​ព្យាយាម​​រារាំង​ ព្រះតេជគុណ លួន​ សុវ៉ាត ​ពី​ការ​ថ្លែង​សុន្ទរកថា​ទៅ​កាន់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ UN

ព្រះអង្គ​ លួន សុវ៉ាត ត្រូវ​បាន​ថត​រូប (screenshot) ​នៅ​អំឡុងពេល​កិច្ចប្រជុំ​នៃ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ​កាល​ពី​ថ្ងៃ​ទី០២ ខែ​តុលា។

​​​​​​​សុន្ទរកថា​​សកម្មជន​​ល្បី​ព្រះនាម​មួយអង្គ​គឺ​ ព្រះតេជគុណ​ លួន សុវ៉ាត​ ដែលថ្លែងទៅ​កាន់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​នៃ​អង្គការសហប្រជាជាតិ​កាល​ពី​ថ្ងៃ​ទី០២ ខែ​តុលា ត្រូវ​បាន​បង្អាក់​​ជា​បន្តបន្ទាប់​ដោយ​តំណាង​កម្ពុជា​អចិន្រ្តៃយ៍​ប្រចាំ​ទីក្រុង​ហ្សឺណែវ ដែល​បាន​និយាយ​ថា ព្រះអង្គ​ សុវ៉ាត​ «មិនមែន​ជា​សង្ឃ​ពិតប្រាកដ» និងត្រូវ​បានចោទប្រកាន់​​ពី​បទ ​រំលោភ​សេពសន្ថវៈ និង​បិរហារកេរិ៍្ត​ប្រឆាំង​នឹង​​​ព្រះ​អង្គ។ ព្រះ​អង្គ​ លួន សុវ៉ាត​បាន​ច្រាន​ចោល​បទ​ចោទប្រកាន់​ទាំង​នេះ។​​

អស់រយៈពេល​ជាង​មួយ​ទសវត្សរ៍​កន្លង​មក​នេះ ព្រះ​តេជគុណ លួន សុវ៉ាត បាន​មាន​សង្ឃដីកា​ដោយ​ចំហដែល​​តំណាង​ឲ្យ​ជនរងគ្រោះ​ពី​ជម្លោះ​ដីធ្លី ចូលរួម​ចំណែក​​កិច្ចប្រឹងប្រែង​តាមដាន​របស់​អង្គការ​ក្រៅរដ្ឋាភិបាល​នានា និង​បាន​ចូលរួម​​បាតុកម្ម​គាំទ្រ​សកម្មជន​ដែល​ត្រូវ​បាន​ចាប់​ដាក់​ក្នុង​ពន្ធនាគារ។ កាល​ពី​ខែ​មិថុនា ព្រះអង្គ​ត្រូវ​បាន​ផ្សឹក​ពី​បទចោទប្រកាន់​មាន​ទំនាក់ទំនង​មិនសមរម្យ​ជាមួយ​នឹង​ស្រ្តី​មួយចំនួន។​ បទ​ចោទប្រកាន់​នេះ​ត្រូវ​បាន​​ព្រះអង្គ លួន សុវ៉ាត និង​អង្គការ​សង្គម​ស៊ីវិល​និយាយ​ថា ត្រូវ​បាន​ជំរុញ​ពី​ក្រោយ​​ដោយ​ហេតុផល​នយោបាយ។

អំឡុង​ពេល​សម័យ​ប្រជុំ​លើក​ទី៣១ នៃ​អង្គសន្និបាត​​ទី៤៥ របស់​​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អន្តរជាតិ លោក អាន សុខខឿន តំណាង​អចិន្រ្តៃយ៍​កម្ពុជា​ប្រចាំ​ការិយាល័យ​អង្គការ​សហប្រជាជាតិ​នៅ​​ទីក្រុង​ហ្សឺណែវ បាន​ព្យាយាម​រារាំង​​ព្រះអង្គ​លួន សុវ៉ាត​ចំនួនបី​លើក នៅ​ពេល​ព្រះអង្គ​ត្រូវ​បាន​និមន្ត​ជា​វាគ្មិន​ថ្លែង​សុន្ទរកថា ដោយ​ចោទសួរ​ពី​ភាព​ស្របច្បាប់​នៃ​អង្គការ​ដែល​មាន​ទំនាក់ទំនង​ជាមួយ​នឹង​ព្រះអង្គ​លួន សុវ៉ាត គឺ​អង្គការ​ពិភពលោក​ប្រឆាំង​នឹង​ការ​ធ្វើ​ទារុណកម្ម (World Organization Against Torture) និង​ភាព​ស្របច្បាប់​​​ជា​ព្រះសង្ឃ​របស់​ព្រះអង្គ​លួន សុវ៉ាតផ្ទាល់។ ​

នៅ​ពេល​អនុប្រធាន​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ​បាន​អនុញ្ញាត​ឲ្យ​​រូប​លោក​និយាយ​ជា​លើក​ទីពីរ លោក សុខឃឿន បាន​ចោទ​សួរ​ថា៖ «ប្រសិនបើ​​គាត់ជាសមាជិកអង្គការក្រៅរដ្ឋាភិបាលហេតុអ្វីបានជាគាត់មានតួនាទីជាព្រះសង្ឃ

បន្ទាប់​ពី​ព្រះអង្គ លួន​ សុវ៉ាត បាន​ណែនាំ​ខ្លួន​ជា​លើក​ទីបី លោក សុខឃឿន ត្រូវ​បាន​អនុញ្ញាត​ឲ្យ​និយាយ​សាជាថ្មី។

លោក​បាន​និយាយ​ថា៖ «យើងសូមចោទសួរពីតំណែងនិងភាពស្របច្បាប់នៃតំណាងរូបនេះនិងពីអង្គការក្រៅរដ្ឋាភិបាលមួយនេះ។យោងទៅតាមព័ត៌មានដែលរដ្ឋាភិបាលបញ្ជូនមកខ្ញុំគាត់មិនមែនជាព្រះសង្ឃពិតប្រាកដនោះ​​ទេគាត់ត្រូវបានផ្សឹកនៅកម្ពុជារួចទៅហើយ។ទីពីរគាត់​​ត្រូវបានចោទប្រកាន់ពីបទរំលោភសេពសន្ថវៈនិងបរិហារកេរ្តិ៍យោងទៅតាមមាត្រាទី២៣៩និង៣០៥នៃច្បាប់ព្រហ្មទណ្ឌកម្ពុជា»

​​ទោះ​បី​ជា​មាន​ការ​បង្អាក់​ជា​ច្រើន​លើក​ច្រើន​សារ​ពី​សំណាក់ ​លោក សុខ​ឃឿន ​យ៉ាង​ណា​ក្តី អនុប្រធាន​អង្គការ​សហប្រជាជាតិ​បាន​អនុញ្ញាត​ឲ្យ​ព្រះអង្គ​លួន ​សុវ៉ាត ​បន្ត​ថ្លែង​សុន្ទរកថា​ ដោយ​និយាយ​ថា ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អន្តរជាតិ​មិនមែន​ជា​កន្លែង​សម្រាប់​ពិភាក្សា​បញ្ហា​ចោទប្រកាន់​ទាំង​នេះ​នោះ​ទេ។

​ព្រះអង្គ​លួន សាវ៉ាត បាន​ថ្លែង​​ប្រាប់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ពី​ស្ថានភាព​ចុះ​ដុនដាប​នៃ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។​

ព្រះអង្គ​មាន​សង្ឃដីកាថា៖ «ពួកគេកំពុងតែបំផ្លាញលទ្ធិប្រជាធិបតេយ្យមិនមានការបោះឆ្នោតដោយសេរីមិនមានសេរីភាពនៅក្នុងការបញ្ចេញមតិយោបល់មិនមានសេរីភាពនៅក្នុងការជួបជុំ។សកម្មជនមួយចំនួនត្រូវបានចាប់ខ្លួនធ្វើទារុណកម្មនិងបានរត់ភៀសខ្លួនទៅ​​ក្រៅប្រទេស។អាត្មាខ្ញុំនិងសកម្មជនសិទ្ធិមនុស្សដទៃទៀតកំពុងកត់ត្រាទុកនូវការរំលោភបំពានទាំងនេះ»។​

​មុនពេល​អនុប្រធាន​អង្គការសហប្រជាជាតិ​បាន​ប្រាប់​ព្រះអង្គ​​ថា ព្រះអង្គ​អស់​ពេល​សម្រាប់​ធ្វើ​សង្ឃដីកា ព្រះតេជគុណ លួន សុវ៉ាត មានសង្ឃដីកាថា ៖ «យើងត្រូវបានជំរុញដោយក្តីប្រាថ្នាចង់បាន​​សន្តិភាពនិងយុត្តិធម៌។អាត្មាសូមអំពាវនាវដល់សហគមន៍អន្តរជាតិឲ្យបន្តជួយសង្រ្គោះលទ្ធិប្រជាធិបតេយ្យ»

មុន​ពេល​​សុន្ទរកថា​របស់​ព្រះអង្គ​លួន សាវ៉ាត​ទៅ​កាន់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ លោកស្រី Rhona Smith អ្នករាយការណ៍​ពិសេស​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ក៏​បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ជុំវិញ​កង្វះ​ការ​វិវត្ត​ទៅ​មុខ​នៃ​កំណត់ត្រា​សិទ្ធិ​មនុស្ស​នៅកម្ពុជា។ លោកស្រី​បាន​លើកឡើង​ពី​ការ​ឃុំខ្លួនជា​បន្ត​បន្ទាប់ និង​ការ​កើន​ឡើង​នៃ​ការ​ចាប់ខ្លួន​សមាជិក​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា ការ​បំពាន​សិទ្ធិ​នៃ​ការ​ប្រមូលផ្តុំ និងការ​​បញ្ចេញ​មតិ​របស់​ប្រជាពលរដ្ឋ និងការ​ប្រើប្រាស់​អំពើ​ហិង្សា​ដោយ​កងសន្តិសុខ​ប្រឆាំង​នឹង​បាតុករ។​​​

លោក អាន ​សុខខឿន តំណាង​អចិន្រៃយ៍​កម្ពុជា​ទៅ​កាន់​អង្គការសហប្រជាជាតិ​ ​បាន​បដិសេធ​ការ​លើកឡើង​របស់​អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ។

ដោយ​យោង​ទៅ​លើ​បញ្ជី​ស្តី​ពី​សមិទ្ធផល​នា​ពេល​ថ្មីៗ​នេះ​របស់​រដ្ឋាភិបាល​នៅ​ក្នុង​ផ្នែក​សិទ្ធិ​មនុស្ស លោក​ សុខឃឿន បាន​និយាយ​​ថា៖ «អគ្គលេខាធិការអង្គការសហប្រជាជាតិលោក [Antonio] Guterres បានសង្កត់ធ្ងន់ថាយើងមិនអាចធ្វើការជ្រើសរើសនៅពេលនិយាយពី​​បញ្ហាសិទ្ធិមនុស្សនោះទេ។ជាអកុសលរបាយការណ៍ប្រចាំឆ្នាំរបស់អ្នករាយការណ៍ពិសេសគឺប្រាសចាកពីវិធានទូទៅដោយសារតែមានភាពលម្អៀងតែម្ខាងនិងផ្តោតទៅលើសិទ្ធិជនស៊ីវិលនិងសិទ្ធិនយោបាយស្របពេលដែលការវិវត្តវិជ្ជមានដទៃទៀតមិនត្រូវបានរាយការណ៍»

កាល​ពី​ថ្ងៃ​ទី០២ ខែ​តុលា​ អ្នកនាំពាក្យ​តុលាការ​ខេត្ត​សៀមរាប​ លោក ជួន សុបញ្ញា បាន​និយាយ​ថា តុលាការ​បាន​ចោទប្រកាន់​ព្រះតេជគុណ លួន សុវ៉ាត​ ពី​បទ​រំលោភសេពសន្ថវៈ និង​បរិហារកេរ្តិ៍​ជា​សាធារណៈ​ និង​ថា​ចៅក្រម​ស៊ើបអង្កេត​កំពុង​ដំណើរការ​​រឿង​ក្តី​នេះ។ ​

​យោង​ទៅ​តាម​មាត្រា ២៣៩ នៃ​ច្បាប់​ព្រហ្មទណ្ឌ ​ទោស​ពី​បទ​រំលោភ​សេពសន្ថវៈ​មាន​ស្ថាន​ទម្ងន់​ទោស​ជាប់ពន្ធនាគារ​ពី​ ០៥​ទៅ១០​ឆ្នាំ និង​ផាក​ពិន័យ​ជា​ប្រាក់​ពី​០៤ទៅ​១០​​លាន​រៀល។

ព្រះតេជគុណ​ លួន សាវ៉ាត​បាន​បដិសេធ​បទចោទប្រកាន់​ប្រឆាំង​នឹង​ព្រះអង្គ​ ដោយមានសង្ឃដីកា​ថា បទ​ចោទប្រកាន់​ទាំង​នោះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​ឥទ្ធិពល​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ជា​គណបក្ស​ដឹកនាំ​ប្រទេស។​

ព្រះ​តេជគុណ ​សុវ៉ាត ​បាន​សង្ឃដីកា​តាម​កម្មវិធី​ផ្ញើសារ​ Facebook Messenger ពី​ប្រទេស​ស្វីស ទី​ដែល​ព្រះអង្គ​ទទួល​បាន​សិទ្ធិ​ជ្រកកោន​ផ្នែក​នយោបាយ​ថា៖ «បទចោទប្រកាន់ទាំងនោះគឺត្រូវបានជំរុញដោយនយោបាយហើយមិនមានអ្វីប្លែកនោះទេពីព្រោះតុលាការកម្ពុជាគ្រាន់តែស្តាប់តាមអ្នកនយោបាយប៉ុណ្ណោះ»

ព្រះ​តេជគុណ លួន សាវ៉ាត​ បាន​លើកឡើងថា ព្រះអង្គ​បាន​ចាកចេញ​​ពី​ប្រទេស​កម្ពុជា​កាល​ពី​ខែ​ឧសភា​ នៅ​ពេល​ព្រះអង្គ​បាន​រក​ឃើញ​ថា តុលាការ​បាន​ចាប់ផ្តើម​ធ្វើ​ការ​ស៊ើបអង្កេត​​បឋម​ទៅ​លើ​សារ​ជា​សំឡេង​បែកធ្លាយ ដោយ​ព្រះអង្គ​បាន​​គង់​ជា​ជនភៀសខ្លួន​រយៈពេល​មួយ​ខែ​នៅ​ប្រទេស​ថៃ​ មុន​ពេល​ទទួល​បាន​សិទ្ធិ​ជ្រកកោន។

ព្រះ​តេជគុណ​បាន​បន្ត​ថា​ ការ​រំលោភបំពាន​ការ​បញ្ចេញ​មតិ​ដោយ​សេរី​គឺ​ កាន់​តែ​អាក្រក់​ឡើង​​នៅ​​ពេល​ដែល​តំណាង​កម្ពុជា​បាន​ធ្វើ​ដូចនេះ​​ក្នុង​បរិស្ថាន​ប្រជាធិបតេយ្យ​នៅ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ។​

ព្រះតេជគុណ​មាន​សង្ឃ​ដីកា​ថា៖ «គាត់ [លោកអានសុខឃឿន] បានអះអាងថាកម្ពុជាមានកំណត់ត្រាសិទ្ធិមនុស្សល្អប៉ុន្តែតាមពិតគឺថាគាត់បានរំលោភបំពានសិទ្ធិមនុស្សនៅមុខអង្គការសហប្រជាជាតិតែម្តង»

ព្រះតេជគុណ​បាន​បន្ត​ថា៖ «គាត់បានរារាំងអាត្មាពីព្រោះគាត់ព្យាយាមលាក់បាំងការពិតពីពិភពលោកនិងក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិដោយនិយាយថាកម្ពុជាមិនបានរំលោភបំពានសិទ្ធិមនុស្ស​  មិនបានរំលាយគណបក្សសង្រ្គោះជាតិនិងមិនបានបំផ្លាញលទ្ធិប្រជាធិបតេយ្យនោះទេ»

លោកស្រី​ ចក់ សុភាព នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ បាន​និយាយ​ថា ការ​ព្យាយាម​របស់​លោក​ សុខឃឿន ​នៅ​ក្នុង​ការ​បំបិទ​​សំឡេង​ព្រះតេជគុណ​ លួន​ ​សុវ៉ាត ​អំឡុងពេល​​អនុញ្ញាត​ឲ្យ​មាន​ការ​ថ្លែង​ពី​អង្គការ​​សង្គម​ស៊ីវិល​ «បង្ហាញ​យ៉ាង​ច្បាស់​ថែម​ទៀត​ពី​ការ​ចាត់គោលដៅ​ទៅ​លើ​អង្គការ​សង្គមស៊ីវិល និង​ក្រុម​គាំពារ​​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា»។​

​លោកស្រី​បាន​បន្ត​ថា ការ​ព្យាយាម​បំបិទ​សំឡេង​នេះ​បង្ក​ផល​ប៉ះពាល់​ខ្លាំង ​ជា​ពិសេស​បន្ទាប់​ពី​ក្រុម​ប្រឹក្សា​​បាន​ដឹង​ឮ​ពី​អ្នកស្រី​ Rhona Smith និង​តំណាង​ក្រុម​ប្រឹក្សា​ទៅ​កាន់​ប្រទេស​មួយ​ចំនួន​ដទៃ​ទៀត​បាន​បង្ហាញ​ការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​សេរីភាព​នៅ​ក្នុង​ការ​បញ្ចេញ​មតិ​នៅ​កម្ពុជា។ ​

លោកស្រី​ សុភាព ​បាន​និយាយ​ថា៖ «រដ្ឋាភិបាលត្រូវគោរពសិទ្ធិនៅក្នុងការបញ្ចេញមតិដោយសេរីស្របជាមួយនឹងកាតព្វកិច្ចសិទ្ធិមនុស្សនិងគួរតែប្រើប្រាស់ការពិភាក្សាជាមួយនឹងក្រុមប្រឹក្សាសិទ្ធិមនុស្សជាឱកាសមួយដើម្បីលើកកម្ពស់​​ស្ថានភាពសិទ្ធិមនុស្សមិនមែនបំបិទសំឡេងអង្គការសង្គមស៊ីវិលនិងក្រុមគាំពារសិទ្ធិមនុស្សនោះទេ»

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​ទី០៣ ខែ​មិថុនា ក្រុមប្រឹក្សា​គណៈ​សង្ឃ​នៅ​ខេត្ត​សៀមរាប​បាន​សរសេរ​ថា ក្រុម​ប្រឹក្សា​សម្រេច​ផ្សឹក​ព្រះអង្គ​​ លួន​ សុវ៉ាត បន្ទាប់​បាន​ឃើញ​ខ្សែ​អាត់​សំឡេង​ចំនួន​បួន​ត្រូវ​បាន​​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក។ ខ្សែ​អាត់​សំឡេង​ទាំង​នោះ​មាន​សំឡេង​ព្រះ​សង្ឃ​ប្រើប្រាស់​ភាសា​សន្ទនា​ពាក់ព័ន្ធ​​ផ្លូវ​ភេទ​ជាមួយ​​នឹង​ស្រ្តី​ចំនួន​បួន​នាក់ ទោះបី​ជា​មិនមាន​ការ​បញ្ជាក់​ថា សំឡេង​បុរស​នៅ​ក្នុង​សំឡេង​ខ្សែ​អាត់​សំឡេង​នោះ​ជា​សំឡេង​របស់​ព្រះតេជគុណ​លួន​ សុវ៉ាត ​ក៏​ដោយ។ ​​

នាគ្រានោះ​ ព្រះអង្គ​ លួន សុវ៉ាត ​កំពុង​គង់​នៅ​វត្ត​ស្លែង​​ក្នុង​ស្រុក​ជីក្រែង​ ខេត្ត​សៀមរាប។​

ប្រធាន​​​គណៈសង្ឃ​ប្រចាំ​ខេត្ត​សៀមរាប ព្រះតេជគុណ​ ជុំ គឹមឡេង មានសង្ឃដីកានៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​​ថា៖ «ប្រសិន​បើ​ លួន សុវ៉ាត ​នៅ​​ស្លៀក​ស្បង់ជីពរ​ ដូចជា​ ព្រះ​សង្ឃ​ទូទៅ​ អាត្មា​សូម​ស្នើ​ទៅ​គណៈ​សង្ឃ និង​អាជ្ញាធរ​ឲ្យ​ចាត់វិធានការ​ផ្លូវ​ច្បាប់»។

​​​តុលាការ​ខេត្ត​សៀមរាប​បាន​ធ្វើការ​ស៊ើបអង្កេត​រឿងក្តី​រំលោភសេពសន្ថវៈ​ប្រឆាំង​នឹង​ព្រះតេជគុណ​ លួន សុវ៉ាត ​កាល​ពី​ចុង​ខែ​ឧសភា​ បន្ទាប់​ពី​ស្រ្តី​ម្នាក់​បាន​ឮ​ខ្សែ​អាត់​សំឡេង ហើយ​បាន​ដាក់​ពាក្យ​បណ្តឹង។​ នេះ​បើ​យោង​ទៅ​តាម​មន្រ្តី​ប៉ូលិស។

លោកស្រី ដួង ថាវរី ស្នងការ​​រង​នគរបាល​ខេត្ត​សៀមរាប​ បាន​លើកឡើង​កាល​ពី​គ្រា​នោះ​ថា ជនរងគ្រោះ​ម្នាក់​បាន​ដាក់​ពាក្យ​បណ្តឹង​ប្រឆាំង​សកម្មជន​សង្ឃ​អង្គ​នេះ បន្ទាប់​ពី​ដឹង​ថា រឿង​របស់​ខ្លួន​ត្រូវ​បាន​បង្ហោះ​ជា​សាធារណៈ​តាម​​បណ្តាញ​សង្គម​ហ្វេសប៊ុក។

​លោកស្រី​​បាន​និយាយ​ថា៖ «ករណីរំលោភសេពសន្ទវៈនេះបានកើតឡើងកាលពីប៉ុន្មានឆ្នាំមកនេះប៉ុន្តែនាងបានដាក់ពាក្យបណ្តឹងពីព្រោះមានការបរិហារកេរ្តិ៍ជាសាធារណៈមកលើនាងដែលត្រូវបានបង្ហោះនៅលើហ្វេសប៊ុក។ដូច្នេះនាងក៏សម្រេចដាក់ពាក្យបណ្តឹងមកកាន់មន្រ្តីនរគបាលរបស់យើង»

120 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម