សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ទីភ្នាក់ងារ​​​ Fitch លើក​ការ​ព្យាករណ៍​​កំណើន​សេដ្ឋកិច្ច​ប្រចាំ​ឆ្នាំ​របស់​កម្ពុជា ប៉ុន្តែ​កត់សម្គាល់​ពី​បញ្ហា​​ប្រឈម​សេដ្ឋកិច្ច​នា​ពេល​ខាង​មុខ​​

ទស្សនីយភាព​ទូទៅ​នៃ​រាជធានី​ភ្នំពេញ​។ រូបភាព បញ្ញា ឆព័ណ្ណ

ទីភា្នក់ងារ​វាយតម្លៃ​ Fitch Solution កាល​ពី​ថ្ងៃ​សុក្រ​ បាន​បង្ហាញ​ការ​ព្យារករណ៍​របស់​ខ្លួន​ទៅ​លើ​កំណើន​ផលិតផល​កម្ពុជា​សម្រាប់​​ឆ្នាំ ២០១៩ ប៉ុន្តែ​ក៏​បាន​ព្យាករណ៍​ពី​ការ​កំណើន​យឺតយ៉ាវ​​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ទៅ​មុខ​ទៀត ខណៈ​​កំណើន​លើ​ការនាំ​ចេញ​អាច​​ជួប​ប្រទះ​​បញ្ហា​។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ចុះ​ផ្សាយ​​កាល​ពី​ថ្ងៃ​សុក្រ ​​ទីភ្នាក់ងារ Fitch បាន​លើកឡើង​ថា៖ «នៅ Fitch Solutions យើងកំពុងតែសើរើឡើងវិញនូវការព្យាករណ៍លើកំណើនផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា ដែលនឹងមានក្នុងអត្រា . ភាគរយនៅឆ្នាំ២០១៩ កើនពី .ភាគរយនៅក្នុងការវាយតម្លៃកាលពីគ្រាមុន ដោយសារតែមានទិន្នន័យ​​ផ្នែកសេដ្ឋកិច្ចប្រសើរជាងមុន​​នៅក្នុងឆមាសដំបូងនៃឆ្នាំ ២០១៩»

យ៉ាងណាក្តី ទីភ្នាក់ងារ Fitch នៅ​តែ​រក្សា​ជំហរ​ថា កំណើន​ផលិតផលក្នុង​ស្រុក​របស់​កម្ពុជា​នឹង​ថយចុះ​​​ក្នុង​រយៈពេល​ពីរបី​​ឆ្នាំ​ខាង​មុខ​ទៀត ដែល​មាន ៦.២ ភាគរយ​នៅ​ឆ្នាំ ២០២០ និង​ ៥.៩ ភាគរយ​នៅ​ឆ្នាំ​២០២១។

ទីភ្នាក់ងារ Fitch បាន​លើកឡើងថា៖ «ការគំរាមកំហែងទណ្ឌកម្មពីបស្ចឹមប្រទេសកំពុងជំរុញឲ្យមានការរក្សាលំនឹងសេដ្ឋកិច្ចឡើងវិញ ដែលនេះអាចមានផលវិជ្ជមានក្នុងរយៈពេលវែង បើទោះបីជានៅតែមានហានិភ័យចំពោះសេដ្ឋកិច្ចកម្ពុជា ដែលកំពុងពឹងផ្អែក​​ច្រើនលើប្រទេសចិន​»

កាល​ពី​ខែ​កុម្ភៈ សហភាព​អឺរ៉ុប​បាន​ចាប់​ផ្តើម​ដំណើរការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ «គ្រប់​មុខ​​ទំនិញ​លើកលែង​សព្វាវុធ» ហៅ​កាត់​ថា «EBA» របស់​កម្ពុជា ទៅ​កាន់​ទីផ្សារ​អឺរ៉ុប ពាក់ព័ន្ធ​នឹង​កំណត់ត្រា​សិទ្ធិ​មនុស្ស និង​នយោបាយ​របស់​ប្រទេស​នេះ។

ដោយ​លើក​ឡើង​នូវ​ទិន្នន័យ​ពី​ធនាគារ​ជាតិ​ ទីភ្នាក់ងារ​ Fitch បាន​និយាយ​ថា វិស័យ​ឧស្សាហកម្ម​របស់​កម្ពុជា​បាន​កើន​ឡើង ១០.៥ ភាគរយ​នៅ​ក្នុង​ឆមាស​ដំបូង​នៃ​ឆ្នាំ​នេះ ធៀប​នឹង​ឆ្នាំ​មុន ដែល​កំណើន​នេះ​ត្រូវ​បាន​គាំទ្រ​ដោយ​សកម្មភាព​សំណង់​​តាម​គម្រោង​អចលនទ្រព្យ និង​គម្រោង​សំណង់​សាធារណៈ​ផ្សេងៗ ខណៈ​​វិស័យ​សេវាកម្ម​ក៏​ទទួល​បាន​កំណើន​ ៦.៦ ភាគរយ​ផងដែរ ធៀប​នឹង​ឆ្នាំ​មុន។ ​​

កំណើន​​ការ​នាំ​ចេញ​នៅ​តែ​រក្សា​បាន​ខ្លាំង ជាមួយ​កំណើន​ ១៣ ភាគរយ​ក្នុង​ឆមាស​ដំបូង​​ឆ្នាំ​នេះ ​​ធៀប​នឹង​ឆមាស​ដំបូង​កាល​ពី​ឆ្នាំ​២០១៩ ខណៈ​​ចំនួន​អ្នក​ទេសចរ​បាន​កើនឡើង​ជា​បឋម ១១.២ ភាគរយ​មក​ចំនួន ៣.៣ លាន​នាក់។ នេះ​បើ​យោង​ទៅ​តាម​ទីភ្នាក់ងារ Fitch ដែល​បាន​លើកឡើង​នូវ​​ទិន្នន័យ​ពី​ធនាគារ​ជាតិ។

ទីភ្នាក់ងារ Fitch បាន​និយាយ​ថា៖ «កម្ពុជា​មាន​សក្តានុពល​ទទួល​ផល​ចំណេញ​ពី​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ចិន​នា​ពេល​អនាគត​ដ៏ខ្លី​ខាង​មុខ ទោះបី​ជា​ប្រទេស​នេះ​នៅ​តែ​ត្រូវ​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​សម្រាប់​ការ​នាំចេញ​ទៅ​កាន់​​​សហរដ្ឋអាមេរិក​ ដែល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​​កំពុង​តែ​ប្រឈម​នឹង​ភាព​មិន​ច្បាស់លាស់​នា​ពេល​បច្ចុប្បន្ន»។

សហរដ្ឋអាមេរិក​ក៏​​កំពុង​តែ​ពិចារណា​ដក​កម្ពុជា​ចេញ​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ GSP របស់​ខ្លួន ដែល​ផ្តល់​នូវ​ការ​អនុគ្រោះពន្ធ​ចំពោះ​ផលិតផល​នាំ​ចេញ​ពី​កម្ពុជា​ទៅ​កាន់​សហរដ្ឋ​អាមេរិក។

នៅ​ក្នុង​វិធានការ​ដាច់ដោយ​ឡែក​មួយ​ទៀត​ដើម្បី​ការពារ​កសិករ​នៅ​អឺរ៉ុប កាល​ពី​ខែ​មករា សហភាព​អឺរ៉ុប​បាន​ដាក់​បន្ទុក​ពន្ធ​លើ​អង្គរ​នាំ​ចេញ​ពី​កម្ពុជា បន្ទាប់​ពី​មាន​កំណើន​ខ្លាំង​នៃ​ការ​នាំ​ចូល​អង្ករ។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ចុះ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ សហព័ន្ធ​ស្រូវ​អង្គរ​កម្ពុជា​បាន​និយាយ​ថា ការ​យក​ពន្ធ​​លើ​ស្រូវ​អង្គរ​កម្ពុជា​នឹង​ប៉ះពាល់​កសិករ​ចំនួន ៥សែន​នាក់​នៅ​ក្នុង​ប្រទេស។

សហព័ន្ធ​ស្រូវ​អង្គរ​កម្ពុជា​បាន​បន្ត​ថា នៅ​ក្នុង​រយៈពេល​ប្រាំ​មួយ​ខែ​ដំបូង​នៃ​ឆ្នាំ ២០១៩ កម្ពុជា​បាន​នាំចេញ​អង្ករ​ត្រឹម​តែ ៩ម៉ឺន​៣​ពាន់​តោន​ប៉ុណ្ណោះ​ទៅ​កាន់​សហភាព​អឺរ៉ុប ដែល​បរិមាណ​នេះ​មាន​ត្រឹម​ពាក់កណ្តាល​នៃ​បរិមាណ​ស្រូវ​អង្ករ​នាំចេញ​​ក្នុង​រយៈពេល​ដូចគ្នា​នេះ​កាល​ពី​ឆ្នាំ​២០១៨។

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​លើកឡើង​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​​ខាង​លើ​ថា៖ «​អ្វីដែលកាន់តែលំបាកនោះគឺសហភាពអឺរ៉ុបឥឡូវនេះកំពុងតែពិចារណាដកចេញប្រព័ន្ធអនុគ្រោះពន្ធ EBA បញ្ហានេះអាចបង្កការប៉ះពាល់យ៉ាងខ្លាំងទៅលើវិស័យស្រូវអង្ករ និងជីវភាពរបស់ប្រជាពលរដ្ឋ»

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​បន្ថែម​ថា៖ «សហព័ន្ធស្រូវអង្ករកម្ពុជាអំពាវនាវឲ្យសហភាពអឺរ៉ុបជួយរក្សាជីវភាពប្រជាពលរដ្ឋកន្លះលានគ្រួសារ និងជួយរក្សាការងារដែលយើង​​ធ្លាប់បានធ្វើដើម្បីទទូលបានការគោរពពីសហភាពអឺរ៉ុប ពីអតិថិជន និងពីអ្នក​​ដែលយើងបម្រើការជូន​»

70 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម