សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

នៅក្នុងរោងចក្រដ៏ចង្អៀត កម្មករ​កាត់ដេរ​ភ័យខ្លាច​វីរុស​កូរ៉ូណា

កម្មកររោងចក្រជិះរថយន្តពីផ្ទះទៅកាន់រោងចក្ររបស់ពួកគេ តាមបណ្តោយផ្លូវជាតិលេខ៣ នៅក្រៅក្រុងភ្នំពេញ នាថ្ងៃសុក្រ។ រូបភាព៖ បញ្ញា ឆព័ណ្ណ

ដោយ​ថ្ងៃឈប់សម្រាក​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីខ្មែរ​ ត្រូវបាន​លុប​ចោល​ដោយសារ​ខ្លាច​ការឆ្លង​រាលដាល​នៃ​វីរុស​កូរ៉ូណា កម្មករ​រោងចក្រ​កាត់ដេរ​នៅក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បង្ខំចិត្ត​ត្រឡប់ទៅធ្វើការវិញ​ក្នុងសប្ដាហ៍នេះ ក្នុងពេលមួយដែល​ជាធម្មតាពួកគេ​នឹង​ស្ថិតនៅ​ស្រុក​កំណើត​ដើម្បី​​អបអរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ។ ប៉ុន្តែ កម្មករ​ជាច្រើន​និយាយថា គេ​ពុំ​ឃើញ​មាន​វិធានការបង្ការ​គ្រប់គ្រាន់​ ដែលត្រូវបាន​អនុវត្ត​នៅ​ក្នុង​កន្លែង​ធ្វើការរបស់ពួកគេ ដើម្បី​​ទប់ស្កាត់​ការឆ្លង​វីរុស​រាតត្បាត​នេះ នោះ​ឡើយ ។

កាលពីសប្ដាហ៍មុន រដ្ឋាភិបាល​បាន​សម្រេច​លុប​ចោល​ថ្ងៃឈប់សម្រាក​បុណ្យ​ជាតិ​ដ៏ធំ​បំផុត​នៅ​ឆ្នាំនេះដែលជាធម្មតា ក្នុងអំឡុងពេល​ឈប់សម្រាក​បុណ្យ​ចូលឆ្នាំថ្មីនេះ ប្រជាជន​កម្ពុជា​ភាគច្រើនបំផុត នាំគ្នា​សម្រុកធ្វើដំណើរ​ចេញទៅ​ស្រុក​កំណើត ដោយ​ជិះឡានក្រុង ឬមធ្យោបាយ​ធ្វើដំណើររួមគ្នា។ នៅក្នុងកិច្ច​ប្រឹងប្រែង​មួយដើម្បី​ទប់ស្កាត់​ការឆ្លងរាលដាល​នៃ​វីរុសកូវីដ១៩  រដ្ឋាភិបាល​បានសម្រេច​ហាមឃាត់​ធ្វើដំណើរ​ឆ្លងកាត់​ពីខេត្តមួយទៅខេត្តមួយទៀត។  

ក្រសួង​ការងារ​​ក៏បាន​គំរាមថា កម្មករណាម្នាក់​ នៅក្នុងវិស័យកាត់ដេរ​ដែល​ជា​ប្រភព​នាំ​ចេញ​ដ៏ធំ​បំផុត​របស់​ប្រទេស​កម្ពុជា​ ដែល​មិន​ទៅធ្វើការនៅក្នុង​សប្ដាហ៍នេះ នឹងត្រូវ​កត់ឈ្មោះ​រាយការណ៍ទៅរដ្ឋាភិបាល និង​ត្រូវដាក់​ឲ្យ​ស្ថិត​នៅដាច់ដោយឡែក​ពីគេក្នុងរយៈពេល ១៤ថ្ងៃ ដោយគ្មានប្រាក់ឈ្នួល នៅពេលត្រឡប់មកចូលធ្វើការវិញ ។

លោកស្រី យ៉ាង សុភ័ណ្ឌ ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា (CATU) បានមានប្រសាសន៍ថា រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ គឺ​ប្រៀបដូចជា​ចានស្រាក់​សម្រាប់​ជំងឺ​ឆ្លងអ៊ីចឹង ដោយសារតែ​ស្ថានភាពចង្អៀតណែនខ្លាំង និង​ស្ថានភាពខ្វះខ្យល់ចេញចូល ហើយ​ម្យ៉ាងទៀត កម្មករ​ហុច​សម្លៀកបំពាក់​បន្តគ្នានៅក្នុង​ខ្សែ​ច្រវាក់​ផលិតកម្ម ។ ​

នៅក្នុង​ប្រទេស​កម្ពុជា គិតមកទល់នឹងថ្ងៃនេះ ករណី​បញ្ជាក់ផ្លូវការនៃការឆ្លងវីរុស​កូវីដ១៩ មានចំនួន ១២២ករណីហើយ ។ ប៉ុន្តែ រដ្ឋាភិបាល​បាន​ព្រមានអំពី​លទ្ធភាពនៃការឆ្លង​នៅ​ក្នុង​សហគមន៍ និង​បាន​និយាយថា អាចនឹងមាន​ការផ្ទុះឡើងនៃករណីឆ្លងថ្មីៗទៀតនៅក្នុង​អំឡុង​ពេល​នៃថ្ងៃឈប់សម្រាកបុណ្យ​ចូលឆ្នាំខ្មែរដែលបាន​លុបចោល ។ 

លោកស្រី យ៉ាង សុភ័ណ្ឌ បាន​លើឡើងថា លោកស្រីមិនយល់ទេថា ហេតុដូចម្ដេច​បាន​ជា​រដ្ឋាភិបាល​ចេញ​បទបញ្ជា​តម្រូវឲ្យ​ប្រជាពលរដ្ឋ​រក្សា​គម្លាត​ពីគ្នា ប៉ុន្តែបែរជា​មិន​អនុវត្ត​បទបញ្ជា​នេះ​នៅក្នុង​រោងចក្រ​កាត់ដេរទៅវិញ ។

លោកស្រី សុភ័ណ្ឌ មានប្រសាសន៍ថា៖ «បច្ចុប្បន្ន កម្មករធ្វើការងារប្រឈមនឹងហានិភ័យ និងដោយភ័យខ្លាច​ពីការឆ្លងរាលដាល​នៃ​វីរុសកូវីដ១៩ ។ ពួកគេ​បន់ឲ្យតែដល់​ថ្ងៃឈប់សម្រាក​បុណ្យ​ចូលឆ្នាំ​ខ្មែរ ប៉ុន្តែ ឥឡូវ រដ្ឋាភិបាល​បាន​លុបចោល​ថ្ងៃឈប់សម្រាក​បុណ្យ​ចូលឆ្នាំ​ថ្មីហើយ ។ ថៅកែរោងចក្រ​នៅតែមិនទាន់បានរៀបចំ​ [លក្ខខណ្ឌ​ការងារ ] ឲ្យ​ស្រប​ទៅតាម​វិធានការ​របស់រដ្ឋាភិបាល​ នៅឡើយ »

លោកស្រី សុភ័ណ្ឌ បានបន្ត​ថា ក្រៅពី​ស្ថានភាព​កម្មករ​កម្មការិនី ៣០-៥០នាក់ ធ្វើ​ដំណើរប្រជ្រៀតគ្នា​នៅ​ក្នុង​ឡានទ្រុងនៅពេលធ្វើដំណើររៀងរាល់ព្រឹកល្ងាច  ក្រៅពី​ពេល​ធ្វើការ​នៅ​ក្នុង​រោងចក្រ។  ពួគេពិបាកគិតស្រមៃ​ណាស់ ថាតើ​បើ​មាន​ឆ្លង​កូវីដ១៩​តែម្នាក់ វា​នឹង​ឆ្លង​រាលដាល​លឿន​កម្រិតណា នៅទូទាំងរោងចក្រនោះ ។  

សៀក ហុង អាយុ ៣៦ឆ្នាំ ជាកម្មការនីនៅរោងចក្រ​ Horizon Outdoor ដែល​ស្ថិត​នៅខេត្ត​កំពង់ឆ្នាំង បាននិយាយថា ស្ថានភាពនៅក្នុង​រោងចក្ររបស់​នាង​មិនមានការផ្លាស់ប្ដូរ​អ្វី​ច្រើន​ ដើម្បីឆ្លើយតប​ទៅនឹង​ជំងឺរាតត្បាត​កូវីដ១៩ នោះទេ និង​បាន​ចោទជាសំណួរ​ថា ហេតុអ្វី​បានជា​វិធានការម៉ឺងម៉ាត់​ដើម្បី​ប្រយុទ្ធប្រឆាំងនឹង​វីរុសកូវីដ១៩ មិនអនុវត្ត​ចំពោះ​សុវត្ថិភាព​នៅ​កន្លែង​ធ្វើការ ។ ​

សៀក ហុង និយាយថា កម្មករនៅតែធ្វើដំណើររួមគ្នាទៅធ្វើការនៅរោងចក្រ ដោយ​ជិះរថយន្ត​ទ្រុងប្រជ្រៀតគ្នា​​ដ៏គ្រោះថ្នាក់ និង​ថានៅខាងក្នុង​រោងចក្រ ពុំមាន​វិធានការ​រក្សា​គម្លាតអ្វីនោះទេ ។ អ្នកនាងនិយាយបន្តទៀតថា មួយសប្ដាហ៍​នៅក្រោយ​មានដំណឹងនៃ​ការផ្ទុះ​ឡើង​នូវ​ការឆ្លងរាលដាល​វីរុសកូវីដ១៩ បុគ្គលិក​រោងចក្រ​បាន​ធ្វើការវាស់កម្ដៅ​មនុស្ស​គ្រប់​រូប​ដែល​ចូល​ក្នុង​រោងចក្រ នៅមាត់ច្រកទ្វារ​ចូលធ្វើការ ប៉ុន្តែគេក៏ឈប់​ធ្វើការវាស់កម្ដៅ​ទៀត បន្ទាប់ពី​វាធ្វើ​ឲ្យ​ការចូលធ្វើការ​យឺតយ៉ាវ​មួយម៉ោង ។  ​​

សៀក ហុង និយាយដូច្នេះថា៖ «ខ្ញុំចង់​ឲ្យ​រោងចក្រ​រកដំណោះស្រាយ​មួយចំនួន ដើម្បី​រក្សាគម្លាតចំពោះ​កម្មករ​ដែលធ្វើ​ដំណើរមកធ្វើការ និងចេញ​ពីធ្វើការទៅផ្ទះវិញ។ ពួកគេមិនត្រូវ ​ឈរ​កៀកៗគ្នាពេកទេ នៅ​​កន្លែងធ្វើការ និង​នៅពេល​ចេញពី​រោងចក្រ»។​

សៀក ហុង បាននិយាយបន្តទៀតថា ដោយ​មាន​កម្មករ​ចំនួន​ប្រហែល ៨០០០នាក់ ថៅកែ​រោងច្រក បាន​​ប្ដូរមក​ធ្វើការវាស់កម្ដៅ​កម្មករ​នៅ​ពេល​ដែល​ពួកគេ​ចូល​មក​ដល់​ក្នុង​កន្លែង​ធ្វើការ​គ្រប់គ្នា​វិញ ។ នៅខាងក្នុង​រោងចក្រ អ្វីៗមិនល្អ​ប្រសើរ​ទេ ដោយ​កម្មករ​ប្រជ្រៀត​គ្នា​ និង​ខ្វះ​​ផលិតផល​អនាម័យ​ជាមូលដ្ឋាន ។

សៀក ហុង និយាយ​ដូច្នេះថា៖ «ខ្ញុំ​បាន​និយាយ និង​បាន​ត្អូញត្អែរ​ទៅកាន់​ប្រធានរដ្ឋបាល​រោងចក្រ​ អំពី​ការខ្វះទឹក​ឲ្យ​កម្មករ​លាងសម្អាតដៃ ប៉ុន្តែ រោងចក្រ​មិន​ទាន់​បាន​ដោះស្រាយ​បញ្ហា​នេះ​នៅឡើយទេ ។ ខ្ញុំ​តែងតែ​យក​សាប៊ូផ្ទាល់ខ្លួនពីផ្ទះទៅ និងទុកជាប់ខ្លួន ដូច្នេះ ទោះបី​ខាងរោងចក្រ​មិនមានសាប៊ូ​ឲ្យប្រើ ក៏ខ្ញុំនៅតែអាចលាងដៃ​ដោយខ្លួន​ឯង​បានដែរ ។ ប៉ុន្តែ គ្រាន់តែថា កម្មករជាច្រើននាក់ផ្សេងទៀត មិនបានធ្វើដូចខ្ញុំទេ»

ប៉ុន្តែ សៀក ហុង បាន​និយាយ​ថា នាង​បានចាត់ទុក​ខ្លួនឯង​ថា​ជាមនុស្ស​ម្នាក់​ក្នុងចំណោម​កម្មករ​ដែលមាន​សំណាងជាង ។

កម្មករ​ជាច្រើន​នាក់ផ្សេងទៀត​ត្រូវបាន​ខាងរោងចក្រ​បង្ខំ​ឲ្យដាក់​ច្បាប់​ឈប់សម្រាក​ប្រចាំ​ឆ្នាំ​ពីថ្ងៃទី១២ ដល់ថ្ងៃទី២៧ ខែមេសា បន្ទាប់ពីខាងរោងចក្រ​បានប្រាប់ថា ដោយសារ​ផលប៉ះពាល់​ពីវិបត្តិ​វីរុស​កូរ៉ូណាទៅលើ​សេដ្ឋកិច្ច​ពិភពលោក រោងចក្រ​ពុំមាន​វត្ថុធាតុ​ដើម​គ្រប់គ្រាន់​ដើម្បី​ឲ្យ​កម្មករ​បាន​ធ្វើការគ្រប់គ្នា​ឡើយ ។

សៀក ហុង បាន​និយាយ​បន្តទៀត​ថា ទោះបី​កម្មករ​ខ្លាច​វីរុស​កូរ៉ូណា​ក្ដី ពួកគេ​ខ្លាច​បាត់បង់​ការងារ​ និង​អត់មាន​លុយ​សង​បំណុល​ដែលមានការប្រាក់ខ្ពស់ទៅឲ្យ​ស្ថាប័ន​មីក្រូ​ហិរញ្ញ​វត្ថុ​ ច្រើនជាង ។

សៀក ហុង បាននិយាយ​ដូច្នេះថា៖​«ប្រសិន​បើ​បញ្ហា​នេះ​នៅបន្ត​លើសពីរបីខែ​ទៀត ខ្ញុំ​នឹង​ជួប​ប្រទះ​ការខ្វះខាតហិរញ្ញវត្ថុសម្រាប់ជីវភាពគ្រួសារ ខ្វះលុយ​រ៉ាប់រងការចំណាយនិង​ទិញ​ម្ហូប​អាហារ​មិនខានទេ ។ គ្រួសារខ្ញុំទាំងមូល​ពឹងផ្អែក​លើ​ចំណូល​របស់ខ្ញុំ ហើយ​ខ្ញុំ​ត្រូវ​សង​បំណុល​ ២០០ដុល្លារ​ក្នុង​មួយខែ ជា​រៀងរាល់ខែ ថែមទៀតផង»

អេង លុយ ជាកម្មការិនី​ធ្វើការនៅ​ក្នុង​រោងចក្រ​ Estext ដែលស្ថិតនៅក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានីភ្នំពេញ បាននិយាយថា រោងចក្រ​របស់គាត់​ក៏មិនមានការផ្លាស់ប្ដូរ​អ្វីច្រើនដូចគ្នាដែរ ក្នុងការជួយទប់ស្កាត់​ការឆ្លងវីរុស​កូរ៉ូណា ហើយកម្មករ​ខ្លះ​ត្រូវបានបង្ខំ​ឲ្យ​ឈប់​សម្រាក​មុនកាល​កំណត់​ ដោយសំអាងហេតុផល​សុខភាព​និង​សុវត្ថិភាព ថែមទៀត​ផង ។

អេង លុយ និយាយថា​ កម្មករ​នៅតែ​ជិះឡានទ្រុង​ឈរ​ប្រជ្រៀតគ្នា​យ៉ាងណែន រាល់ព្រឹក​ល្ងាច តម្រង់ជួរ​ស្កែន​មេដៃ​ចូលធ្វើការ និងអង្គុយធ្វើការ​ឃ្លាតគ្នា​ប្រហែល​ ១ម៉ែត្រ នៅ​តាម​កន្លែង​ធ្វើការរបស់​ខ្លួន ។

អេង លុយ និយាយថា៖ «ដោយសារចំណុចទាំងអស់នេះ កម្មករ​យើង​ប្រឈមមុខ​ខ្ពស់​នឹង​ហានិភ័យ​ឆ្លង​វីរុស ជាពិសេស នៅពេលនេះ​តែម្ដង ដែល​កូវីដ១៩​កំពុង​តែ​ឆ្លង​»។ អ្នក​នា​ង​បាន​ពន្យល់​បន្ថែម​ថា ទោះបី​គេ​មាន​ដាក់​ទឹក​អាល់កុល​ឲ្យ​កម្មករ​លាង​សម្អាត​ដៃ​នៅច្រកទ្វារ​ចេញ​ចូល​រោងចក្រ​ក្ដី រូបគាត់​និង​កម្មករ​ដទៃ​ទៀត​នៅតែ​បារម្ភ​ខ្លាច​ឆ្លង​មេរោគដដែល ដោយសារតែ​ក្នុង​មួយថ្ងៃៗ ពួកគេត្រូវបង្ខំចិត្តធ្វើការនៅក្បែរៗគ្នា​។

អេង លុយ និយាយដូច្នេះថា៖ «យើង​បារម្ភអំពី​វីរុស​កូវីដ១៩ ប៉ុន្តែ យើង​គ្មាន​ជម្រើស​ទេ បើ​ចង់​ជៀសវាង យើងមានតែសុំគេ​ឈប់ធ្វើការតែប៉ុណ្ណោះ»

ជាមួយនឹងវិធានការរដ្ឋាភិបាល​ក្នុងការអនុវត្ត​ការដាក់​ឲ្យ​នៅដាច់ដោយឡែកពីគេរយៈពេល ១៤ថ្ងៃ ចំពោះកម្មករណា​ដែល​មិន​ធ្វើការក្នុងអំឡុងពេលបុណ្យ​ចូលឆ្នាំខ្មែរ អេង​ លុយ​ បាន​ពន្យល់ថា ការសម្រេចចិត្ត​មិនធ្វើការនៅពេលនេះ នឹង​ជំរុញ​ឲ្យ​កម្មករ​ភាគច្រើន​បំផុត​ទទួល​រង​ផល​វិបាក​ហិរញ្ញវត្ថុ​ ដែលពួកគេ​នឹង​មិនអាច​ងើបឡើងវិញ​បាន​ឡើយ ។

អេង លុយ និយាយថា ការគំរាមកំហែង​នៃ​ការ​បាត់បង់​ការងារ​បានស្ថិតនៅ​នឹងមុខគាត់ជានិច្ច ខណៈដែល​រោងចក្រ​បាន​បញ្ឈប់​កម្មករ​ជាប់កិច្ចសន្យារយៈពេលខ្លីមួយចំនួនរួចហើយ កាលពីពេលថ្មីៗនេះ ។ ប៉ុន្តែ អ្នកនាង​និយាយថា ទោះបីអ្នក​នាង​សប្បាយចិត្ត​ដែលនៅមាន​ការងារធ្វើនៅឡើយក្ដី ក៏ត្រូវមាន​វិធានការ​បង្ការ​ច្រើន​ថែមទៀតផងដែរ ។

រដ្ឋាភិបាល​បាន​សន្យា​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ ៧០ដុល្លារ​ក្នុង​មួយ​ខែ ដល់​កម្មករ ប្រសិនបើ​ពួកគេ​បាត់បង់ការងារដោយសារវីរុសកូរ៉ូណា គឺ ៤០ដុល្លារ​ពីរដ្ឋាភិបាល និង ៣០ដុល្លារពីរោងចក្រ ប៉ុន្តែ ចំនួននេះ​ គឺ​តិចជាង​ប្រាក់ឈ្នួល​អប្បបរមា​​បច្ចុប្បន្ន ១៩០ដុល្លារ សម្រាប់កម្មករក្នុង​វិស័យ​កាត់ដេរសម្លៀកបំពាក់ ។    

អេង​ លុយ បាន​និយាយ​ថា៖ «ខ្ញុំ​សូមស្នើ​ទៅ​ក្រសួង​ការងារ ឲ្យធ្វើការពិនិត្យ​ឡើងវិញ និងជំរុញ​ឲ្យ​រោងចក្រ​ប្រើប្រាស់​សម្ភារសមស្រប​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូវីដ១៩ នៅក្នុង​រោងចក្រ ។​ ឥឡូវនេះ យើងមិនគិតថា រោងចក្រ​ជា​ទីកន្លែង​ដែល​មាន​សុវត្ថិភាព​នោះ​ទេ»

អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា លោក ខេន លូ បានបដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ ។ ចំណែក​ឯ​អគ្គលេខាធិការរង លោក កាំង ម៉ូនីកា ក៏ពុំអាចទាក់ទង​ដែរ ។

ទោះជាយ៉ាងណា កាលពីថ្ងៃចន្ទ លោករដ្ឋមន្ត្រី​ពាណិជ្ជកម្ម ប៉ាន សូរស័ក្ដិ បាន​ចេញ​លិខិត​ចំហ​មួយទៅកាន់ក្រុមហ៊ុនអន្តរជាតិដែលទិញ​សម្លៀក​បំពាក់​កម្ពុជា ដោយ​ប្រាប់ក្រុមហ៊ុនទាំងនោះ​ថា កិច្ចព្រមព្រៀង​តាមដាន​លក្ខខណ្ឌ​ការងារ​ដែលកំពុង​អនុវត្ត​ រវាងកម្ពុជា និងអង្គការ​ពលកម្ម​អន្តរជាតិ (ILO) គួរតែជាការធានា​កុំ​ឲ្យ​ពួកគេ​មានការបាម្ភ​ចំពោះ​ការ​ទិញ​សម្លៀកបំពាក់​ពីកម្ពុជា ក្នុងអំឡុងពេល​នៃការផ្ទុះការឆ្លងវីរុស​កូរ៉ូណា​នេះ ។ ​

លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្ដី បាន​សរសេរ​នៅក្នុង​លិខិត​ចំហ ថា៖ «យើង​មានមោទនភាព​ចំពោះ​គំនិត​ផ្ដួចផ្ដើម​នេះ ហើយ​យើង​នឹង​បន្ត​ធានា​នូវ​សិទ្ធិ​ការងារ​និង​សង្គម​នៃ​កម្មករ​របស់​យើង​ ខណៈដែល​យើង​កសាង​ខ្សែច្រវាក់​ផ្គត់ផ្គង់មួយ​ប្រកបដោយ​ចីរភាព»

លិខិតដដែលសរសេរថា៖«ខ្ញុំសូមអំពាវនាវ​ដល់ដៃគូរបស់​យើង ក្រុមហ៊ុន​ដែល​ទិញ​ផលិតផល​សម្លៀក​បំពាក់​កាត់ដេរ​ ស្បែកជើង និង​ទំនិញ​ទេសចរណ៍ពីប្រទេស​កម្ពុជា សូម​បន្ត​រក្សា​ការ​ប្ដេជ្ញាចិត្ត​ចំពោះ​កម្ពុជា និង​ជាពិសេស ចំពោះ​កម្មករ​របស់​យើង ។ យើង​សូម​ឲ្យ​ក្រុមហ៊ុនគោរព​តាម​កិច្ច​សន្យា​របស់ខ្លួន និង​កុំ​លុបចោល​ការបញ្ជាទិញដែលបាន​ធ្វើរួចហើយ ព្រមទាំងទំនិញ​ដែល​បាន​ផលិតរួចហើយ ឬ​កំពុងស្ថិតនៅក្នុង​ដំណាក់កាល​ផលិត»

នៅលើ​ទំព័រហ្វេសប៊ុក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​កាលពីថ្ងៃអង្គារនេះ ដល់​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប សូម​ឲ្យ​មាន​ការ​យោគយល់អំពីភាពចាំបាច់​នៃការ​លុបចោល​ថ្ងៃឈប់សម្រាក​បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​វីរុស​កូរ៉ូណា ។

លោកនាយករដ្ឋមន្ត្រីបានសរសេរ​យ៉ាងដូច្នេះថា៖ «សង្ឃឹមថា ប្រជាពលរដ្ឋ​និងកម្មករ​កាត់ដេរ​របស់​យើង​មាន​ការយោគយល់​អំពីការព្រួយបារម្ភ​របស់​ពិភពលោក ព្រមទាំង​ការ​ព្រួយ​បារម្ភ​របស់​ប្រទេសយើង ដែល​បាន​ផ្អាក​នូវ​ថ្ងៃឈប់សម្រាក​សម្រាប់​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​នា​ពេល​ខាង​មុខ និង​ការ​ហាមឃាត់​ប្រជាពលរដ្ឋ​មិន​ឲ្យ​ធ្វើដំណើរ​ជាបណ្ដោះអាសន្ន ឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ដើម្បី​ទប់ស្កាត់​ការឆ្លងរាលដាល​នៃ​ជំងឺកូវីដ១៩»

រាយការណ៍បន្ថែមដោយ យន់ ស៊ីនាត

305 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម