សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

បុគ្គលិក​នៃ​អតីត​សណ្ឋាគារ​ដែល​ប្រើ​ជា​កន្លែង​ដាក់​ដាច់​ដោយ​ឡែក​សម្រាប់​អ្នក​ជំងឺ​កូវីដ១៩ នាំ​គ្នា​តវ៉ា​ទាមទារ​ប្រាក់ឈ្នួល

អតីត​បុគ្គលិក​សណ្ឋាគារ The Great Duke តវ៉ានៅមុខក្រសួងការងារ ក្នុងទីក្រុងភ្នំពេញ នាថ្ងៃសុក្រ។ រូបភាព៖ បញ្ញា ឆព័ណ្ណ

អតីត​បុគ្គលិក​ប្រមាណ ៥០នាក់​​នៃអតីត​សណ្ឋាគារ អាំងទ័រកុង​ទីណង់តាល់ នៅរាជធានី​ភ្នំពេញ​ ដែល​ត្រូវ​បាន​លក់ និងបន្ទាប់មក បិទទ្វារ កាលពីឆ្នាំមុន ហើយដែលឥឡូវនេះ ត្រូវបានគេ​ទុកប្រើប្រាស់​ជា​សាល​មន្ទីរពេទ្យ​សម្រាប់​អ្នកឆ្លង​វីរុស​កូវីដ១៩ បាននាំគ្នា​តវ៉ា​នៅខាងក្រៅ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ កាលពីថ្ងៃសុក្រ ដើម្បីទាមទារ​ប្រាក់​ឈ្នួល​និង​អត្ថ​ប្រយោជន៍​ដែល​មិន​ទាន់​បាន​ទូទាត់​សង។

សណ្ឋាគារផ្កាយ៥ ត្រូវបានប្ដូរឈ្មោះទៅជា The Great Duke វិញ នៅពេល​ដែល​បិទទ្វារ​កាលពីថ្ងៃទី៣១ ខែធ្នូ ហើយគិតមកត្រឹមពេលបិទទ្វារ សណ្ឋាគារនេះ​បានដំណើរការអស់រយៈពេល ២៣ឆ្នាំ​មកហើយ នៅក្រោម​យីហោ​​ឈ្មោះ អាំងទ័រកុងទីណង់តាល់ ដែល​ជាក្រុមហ៊ុន​ពហុសាសន៍របស់​អង់គ្លេស។ នៅពេលសណ្ឋាគារនេះ​បិទលែង​ដំណើរការ បុគ្គលិកមិនបានទទួល​សំណង​តាមកិច្ចសន្យា​គ្រប់គ្នា​នោះទេ ។

ដោយ​មាន​ការព្រមព្រៀង​ពី​ម្ចាស់ ក្រសួង​សុខាភិបាល​ និង​លោកនាយករដ្ឋមន្ត្រី​​ ហ៊ុន សែន កាលពី​ខែ​មុន បាន​និយាយថា សណ្ឋាគារ​ដែល​គ្មាន​ភ្ញៀវស្នាក់នៅនេះ​នឹងត្រូវទុក​ធ្វើ​ជា​មន្ទីរពេទ្យ​ និង​សាល​ចតាឡីស័ក​សម្រាប់ជនរងគ្រោះ​ដោយសារវីរុស​កូរ៉ូណា ប្រសិន​បើ​មន្ទីរពេទ្យ​ទូទៅ​មាន​អ្នក​ជំងឺ​ចូល​លើស​ចំណុះ ។

ញត្តិដែល​សហព័ន្ធ​សហជីព​កម្មករ​និយោជិត​វិស័យ​ទេសចរណ៍​នៅកម្ពុជា (CTWU) បានដាក់​ជូន​ទៅ​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៅឯ​កន្លែង​តវ៉ា កាលពីថ្ងៃសុក្រ បាន​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ជួយ​ពួកគេ​ដើម្បីទាមទារ​នូវ​អត្ថប្រយោជន៍​ការងារ​ដែល​មិន​ទាន់បានទូទាត់​សម្រាប់​បុគ្គលិក​ចំនួន ១៥២នាក់ ស្របទៅតាម​សេចក្ដីបង្គាប់​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល ចេញថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ​២០២០ ។

ញត្តិ​នោះ​បាន​និយាយថា៖ «អតីត​បុគ្គលិកទាំង​នេះ រួមទាំង​ក្រុម​គ្រួសារ​របស់​ពួកគេ កំពុងជួប​ការលំបាក​ និង​ជំពាក់​បំណុលដោយសារការបាត់បង់​ការងារ» ។

ញត្តិដដែលបាន​បន្តថា៖ «បុគ្គលិក​សណ្ឋាគារ The Great Duke Phnom Penh បាន​សម្រេចចិត្ត​ប្រមូលផ្ដុំ​គ្នា​នៅ​មុខ​ក្រសួង​ការងារ​និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ដើម្បី​អំពាវនាវទៅ​ដល់​រដ្ឋមន្ត្រី​ក្រសួង​ការងារ ​សូម​ជួយ​ដោះស្រាយ​និងជំរុញ​សណ្ឋាគារ​ ជាពិសេស លោកសេដ្ឋី ខូវ សម្បត្តិ ដែលជាម្ចាស់សណ្ឋាគារ ឲ្យ​ទូទាត់សំណង​ដល់​អតីត​បុគ្គលិករបស់​លោក»។

អគ្គលេខាធិការរងនៃ CTWU លោក ដា ចាន់ម៉ុន បាននិយាយថា​ មន្ត្រីក្រសួង​បានផ្ដល់​ការធានា​ដល់​ក្រុមអ្នកតវ៉ា និង​មេដឹកនាំ​សហជីព ថា ពួកគេ​នឹង​បញ្ជូន​បញ្ហា​នេះ​ទៅ​កាន់​រដ្ឋមន្ត្រី ។

លោក ចាន់ម៉ុន និយាយ​ថា៖ «ប្រសិន​បើ​នៅតែគ្មានដំណោះស្រាយពី​រដ្ឋមន្ត្រី​ក្រសួង​ការងារទៀត យើងនឹង​នាំយកញត្តិ​នេះ​ទៅ​ដាក់ជូន​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃទៀត»។

មន្ត្រីសហជីពដដែល និង​ជាបុគ្គលិកបម្រើការងារនៅ​សណ្ឋាគារដែលកំពុងមាន​បញ្ហានេះផង​ដែរ បាន​និយាយថា ភាគច្រើននៃ​អតីត​បុគ្គលិក​មាន​ការចំណាយ​ដែល​ត្រូវ​ដោះស្រាយ ហើយ​ពុំ​បាន​រំពឹងទុកជាមុនទេថា កិច្ចសន្យាការងាររបស់ខ្លួន​នឹងត្រូវបញ្ចប់​មុនកាលកំណត់ ដែលនាំ​ឲ្យ​ពួកគេ​បាត់បង់​ការងារធ្វើ ។ លោក​បាន​និយាយថា អ្វីដែល​ម្ចាស់​សណ្ឋាគារ The Great Duke អាចធ្វើបាន គឺ​ទូទាត់សំណង​ដែលជំពាក់បុគ្គលិកទាំងនេះ ។

លោក ចាន់ម៉ុន និយាយថា៖ «ឥឡូវនេះ យើងអត់មាន​លុយ​សម្រាប់​ការ​ចំណាយ​រស់នៅ​ប្រចាំថ្ងៃទេ ហើយ​យើង​ថែមទាំង​ជំពាក់បំណុល​ធនាគារ​ថែមទៀត។ ដូច្នេះ យើងត្រូវការ​លុយ​ដើម្បី​សងបំណុលធនាគារ ។ ខ្ញុំ​បាន​ខ្ចីលុយ​ជិត ២០០០ដុល្លារ ដើម្បី​ទិញ​ម៉ូតូមួយ​ឲ្យ​កូនស្រី ខណៈ​ដែល​ខ្ញុំ​កំពុងធ្វើការ​នៅ​ក្នុងសណ្ឋាគារនេះ។ ឥឡូវ ធនាគារ​ទារលុយ​រៀងរាល់ខែ»។

លោក ចាន់ម៉ុន បានបន្ថែមថា វាជា​ពេល​វេលា​ដ៏លំបាក​បំផុត ដែលការងារ​ក៏អត់មានធ្វើ ហើយ​លុយ​ក៏អត់មានចាយ ។

លោក​និយាយ​បន្តទៀត​ថា៖ «ទោះបីជំងឺកូវីដ១៩ឆ្លងរាលដាលមែន ប៉ុន្តែ យើង​គិតថា បញ្ហា​ដាច់ពោះ​ វាជារឿង​បន្ទាន់ជាង​កូវីដ១៩ ទៅទៀត»។

លោក និន វណ្ណៈ អគ្គ​លេខា​ធិការ​រង​នៃ​គណៈកម្មាធិការ​ដោះស្រាយ​កូដ​កម្ម​នៅ​ក្រសួង​ការងារ បាននិយាយថា លោកបានទទួល​ញត្តិ​ពី​បុគ្គលិក​សណ្ឋាគារ​ The Great Duke និង​បានបញ្ជូន​ញត្តិ​នេះ​ទៅរដ្ឋមន្ត្រីក្រសួងការងារ​ដើម្បី​សុំ​ការ​សម្រេច​រួចហើយ ។

លោក វណ្ណៈ និយាយ​យ៉ាងដូច្នេះថា៖ «ក្រសួង​នឹងពន្លឿន​ការងារនេះ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ជូន​ពួកគេ​ហើយ។ ដូច្នេះ សូម​បុគ្គលិកទាំងអស់រក្សា​ភាពស្ងប់ស្ងៀមដើម្បីរង់ចាំ​ការដោះស្រាយ​ពីក្រសួង​»។

លោក លី តៃសេង មេធាវី​តំណាងឲ្យ​សណ្ឋាគារ The Great Duke មិនអាចទាក់ទង​ដើម្បី​សុំ​ការអត្ថាធិប្បាយបានឡើយ ៕​

84 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម