សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ប្រាក់ឈ្នួលអប្បបរមាក្នុងវិស័យកាត់ដេរត្រូវបានដំឡើងពីរដុល្លារសម្រាប់ឆ្នាំ ២០២១

រដ្ឋមន្រ្តីក្រសួងការងារ លោក អ៊ិត សំហេង ផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មាន នៅទីស្តីការក្រសួង កាលពីថ្ងៃទី១០ ខែកញ្ញា បន្ទាប់ពីប្រជុំសម្រេចប្រាក់ឈ្នួលអប្បបរមាសម្រាប់វិស័យកាត់ដេរ ឆ្នាំ២០២១។ បញ្ញា ឆព័ណ្ណ

រដ្ឋាភិបាល​កម្ពុជា​​​សម្រេច​ដំឡើង​ប្រាក់ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​នៅ​ក្នុង​វិស័យ​វាយនភណ្ឌកាត់ដេរ និង​ស្បែកជើង​ចំនួន​ពីរ​ដុល្លារ ដោយឡើង​ដល់ ១៩២​ដុល្លារ​ក្នុង​មួយ​ខែ​សម្រាប់​ឆ្នាំ ២០២១។ សេចក្តី​សម្រេច​នេះ​បាន​ធ្វើ​ឲ្យ​សហជីព​ និង​និយោជក​មិនសូវពេញចិត្តនោះទេ បន្ទាប់​ពី​ភាគី​ទាំងពីរ​មិនបាន​ព្រមព្រៀង​គ្នា​ក្នុង​កិច្ចប្រជុំ​​មួយ ដែល​បាន​បញ្ចប់​កាល​ពី​ថ្ងៃ​ទី១០ ខែ​កញ្ញា​កន្លង​ទៅ​នេះ។

ក្រុមប្រឹក្សា​ជាតិ​​ប្រាក់ឈ្នួល​អប្បបរមា​បាន​អនុម័ត​ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន​ ១៩០​ដុល្លារ​សម្រាប់​ឆ្នាំ​ ២០២១ ដោយ​មិន​​បាន​ដំឡើងលើស​​ឆ្នាំ ២០២០​នោះ​ទេ បន្ទាប់​ពី​មាន​ការ​ចរចា​មួយ​ ដែល​ក្នុង​នោះ​សហជីព​បាន​ទាមទារ​ឲ្យ​មាន​ការ​ដំឡើង​​ប្រាក់​ឈ្នួល​អប្បបរមា​ជិត​ ១២​ដុល្លារ ហើយ​និយោជក​ស្នើ​សុំ​ឲ្យ​មាន​ការ​កាត់បន្ថយ​ចំនួន ១៧​ដុល្លារ។ ក្រោយ​មក​ រដ្ឋាភិបាល​​បាន​សម្រេច​ថា ​ដំឡើង​ប្រាក់ឈ្នួល​អប្បបរមា​ចំនួន ២​ដុល្លារ ដែល​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី០១ ខែ​មករា ឆ្នាំ​ក្រោយ។

ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​នេះ​គឺ​ជា ការ​ដំឡើង​ដ៏​ទាប​បំផុត​មួយ ចាប់​តាំង​ពី​ប្រាក់ឈ្នួលអប្បបមា​​មិន​មាន​ការ​ផ្លាស់ប្តូរ​រវាង​ឆ្នាំ ២០១០ និង​ឆ្នាំ ២០១៣។ នៅ​ក្នុង​ការ​ចរចា​កាល​ពី​ឆ្នាំ​មុន ក្រុមប្រឹក្សា​ជាតិ​ប្រាក់ឈ្នួល​អប្បបរមា​បាន​ព្រមព្រៀង​លើ​ការ​ដំឡើង​ចំនួន ៨​ដុល្លារ។ ​

កិច្ចពិភាក្សា​​ចម្រុះ​ត្រី​ភាគី​ត្រូវ​បាន​ធ្វើ​ឡើង​កាល​ថ្ងៃ​ទី០៣ និង​ថ្ងៃ​ទី០៩ ខែ​កញ្ញា​ រវាង​​សមាជិក​ក្រុមប្រឹក្សា​ប្រាក់ឈ្នួល​អប្បបរមា ដែល​មាន​តំណាង​ចំនួន ១៧​នាក់ មក​ពី​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ហៅ​កាត់​ថា GMAC ក្រុម​សហជីព និង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ។

រដ្ឋមន្រ្តី​ក្រសួង​ការងារ​ លោក អ៊ិត សំហេង​ បាន​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ថា កិច្ចពិភក្សា​ចម្រុះ​​ត្រី​ភាគី​​ចេញ​លទ្ធផល​ព្រមព្រៀង​ជា​​ឯកច្ឆន្ទ​ចំពោះ​ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន ១៩០​ដុល្លារ​សម្រាប់​ឆ្នាំ ២០២១ ដោយ​គិត​បញ្ចូល​ពី​សម្ពាធ​​សេដ្ឋកិច្ច​ បង្ក​ឡើង​ដោយ​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ នៅ​លើ​សាកលលោក​​មក​លើ​ឧស្សាហកម្ម​កាត់ដេរ ដែល​នាំ​ឲ្យ​មាន​កង្វះខាត​វត្ថុធាតុដើម និង​ការ​បញ្ជា​ទិញ​ធ្លាក់ចុះ​យ៉ាង​គំហុក។​​

លោក​ អ៊ិត សំហេង​ បាន​មាន​ប្រសាសន៍​ថា៖ «ខ្ញុំបានថ្លឹងថ្លែងគម្លាតរវាងភាគីទាំងពីរ ហើយខ្ញុំជ្រើសយកជំហរ​​កណ្តាល ដោយជ្រើសយក​​តួលេខ​​ប្រាក់ឈ្នួលអប្បបរមាចំនួន ១៩០ ដុល្លារដែលតួលេខនេះទទួលបានការព្រមព្រៀង​​ជា​​ឯកច្ឆន្ទ»

លោក​បាន​បន្ថែម​ថា មាន​តួលេខ​ផ្សេង​ទៀត​ផ្តល់​ឲ្យ​ដោយ​នយោជក និង​សហជីព​អំឡុងពេល​កិច្ចពិភាក្សា​នោះ​ ហើយ​បន្ទាប់​ពី​យល់​ព្រម​​ថា ពួកគេ​មិន​អាច​ដោះស្រាយ​លើ​បញ្ហា​កំណត់​ប្រាក់ឈ្នួល​អប្បបរមា​បាន​ទេ សហជីព និង​ភាគីរោងចក្រ​បាន​ព្រមព្រៀង​ទុក​សេចក្តីសម្រេច​នេះ​ឲ្យ​មក​រដ្ឋមន្រ្តី​ក្រសួង​ការងារ។​

លោក អ៊ិត ​សំហេង ​ថ្លែង​ថា បន្ទាប់​មក​ លោក​បាន​​បញ្ជូន​​របាយការណ៍​ពី​សេចក្តីសម្រេច​របស់​លោក​លើ​ប្រាក់ឈ្នួល​អប្បបរមា​ចំនួន​ ១៩០​ដុល្លារ​ទៅ​កាន់​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន។ លោក​នាយករដ្ឋមន្រ្តី​ក៏​បាន​​សម្រេច​បន្ថែម​ពីរដុល្លារ​ពី​លើ​ទៀត ហើយ​ការ​ដំឡើង​នេះ​ត្រូវ​បាន​អនុម័ត​ដោយ​ក្រុមប្រឹក្សា​ជាតិ​​ប្រាក់ឈ្នួល​អប្បបរមា។

លោក​ អ៊ិត សំហេង​ បាន​មានប្រសាសន៍​ថា​៖ «វាពិតជាលំបាកប៉ុន្តែវានៅតែអាចមានភាពវិជ្ជមាន ទោះបីជាមានការដំឡើងតិចតួច» ដោយ​បន្ថែម​ថា ភាគី​ទាំង​បី​បាន​បង្ហាញ​នូវ​ភាព​អត់ធ្មត់ និង​យោគយល់​គ្នា​អំឡុងពេល​​ការ​ចរចា។ លោក​បាន​បន្ត​ថា នា​ពេល​បច្ចុប្បន្ន មាន​រោងចក្រ​ប្រមាណ ១០០​ ទៅ១៥០ បាន​ផ្អាក​ដំណើរផ្នែកខ្លះក្នុង១ថ្ងៃ ដោយ​ធ្វើ​ឲ្យ​កម្មករ​ចំនួន ៤ម៉ឺន​ទៅ ៥​ម៉ឺន​នាក់​​បាត់បង់​ការងារ។​

លោក​ អ៊ិត សំហេង បាន​​ពន្យល់​​ថា៖ «ខ្ញុំសូមបញ្ជាក់ថារោងចក្រផ្អាកដំណើរការមិនមែនមានន័យថា រោងចក្របិទទ្វារនោះទេ ហើយរោងចក្រមួយចំនួនគ្រាន់តែផ្អាកដំណើរការលើផ្នែកផលិតកម្មមួយចំនួនរបស់ខ្លួនតែប៉ុណ្ណោះ»

លោក​បាន​បន្ថែម​ថា ការ​នាំចេញ​ក៏​បាន​ធ្លាក់​ចុះ​ពី ១០​ ទៅ​១៥​ភាគរយ​ផង​ដែរ​ មក​ទល់​ពេល​នេះ​។​

​លោក អ៊ិត សំហេង ​បាន​មាន​ប្រសាសន៍​ថា៖ «ការនាំចេញគឺមិនមានខ្លាំងដូចមុននោះទេ ប៉ុន្តែនេះ​​មិនមែនជាស្ថានភាពអាក្រក់ណាស់ណាទេសម្រាប់​​កម្ពុជា»

នៅ​ពេល​សួរ​​ថាការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ «គ្រប់​មុខ​ទំនិញ​លើកលែង​​សព្វាវុធ» របស់​សហភាព​អឺរ៉ុប​បាន​ជះ​ឥទ្ធិពល​មក​លើ​សេចក្តីសម្រេច​មិន​ដំឡើង​ប្រាក់ឈ្នួល​អប្បបរមា​ឬ​ទេ​ លោករដ្ឋមន្រ្តី​ក្រសួង​ការងារ​លោក អ៊ិត សំហេង បាន​មានប្រសាសន៍​ថា៖ « ប្រព័ន្ធអនុគ្រោះពន្ធ​ EBA មិនមែនជាបញ្ហាចោទនោះទេ ពីព្រោះជំងឺកូវីដ១៩បានបង្ក​​ផលប៉ះពាល់ខ្លាំង [មកលើវិស័យកាត់ដេរ

ប្រាក់​ឈ្នួល​អប្បបរមា​បាន​រ៉ាប់រង​ទៅ​លើ​កម្មករ​ចំនួន ៨​សែន​នាក់​ មក​ពី​រោងចក្រ​ជាង​ ១០០០ នៅ​ក្នុង​វិស័យ​វាយនភណ្ឌ កាត់ដេរ និង​ស្បែកជើង។

ក្រុម​មេដឹកនាំ​សហជីព​បាន​ធ្វើ​កិច្ចប្រជុំ​ផ្ទៃ​ក្នុង​មួយ​ កាល​ពី​ថ្ងៃ​ទី២៨ ខែ​សីហា ដើម្បី​ជ្រើសរើស​ការ​ដំឡើង​ប្រាក់ឈ្នួល​អប្បបរមា​ដែល​ខ្លួន​ចង់​បាន ដោយ​ព្រមព្រៀង​លើ​ការ​ដំឡើង​ចំនួន​១១.៥៩​ ដុល្លារ​អាមេរិក ដោយ​​តួលេខ​នេះ​ស្រដៀង​នឹង​សំណើ​​ដែល​បាន​ធ្វើ​កាល​ពី​ឆ្នាំ​មុនៗ ហើយ​ស្មើ​នឹង​ការ​ដំឡើង​ចំនួន ៦,១ ភាគរយ។ តំណាង​នយោជក​ម្នាក់​បាន​និយាយ​ បន្ទាប់​ពី​កិច្ចប្រជុំ​ត្រី​ភាគី​កាល​ពី​ថ្ងៃ​ទី០៣ ខែ​កញ្ញា​ថា ភាគី​​និយោជក​នឹង​រង់ចាំ​រហូត​ដល់​ថ្ងៃ​ចុងក្រោយ​ដើម្បី​បញ្ចេញ​​នូវ​តួលេខ​ ដែល​ខ្លួន​ស្នើឡើង។

លោក ណាង សុធី អនុប្រធានតំណាងអង្គការវិជ្ជាជីវៈរបស់និយោជក ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​នោះ បាន​និយាយ​ថា ការ​ឈាន​ទៅ​ដល់​ការ​​ព្រមព្រៀង​លើ​ថ្លៃ​ប្រាក់ឈ្នួល​អប្បបរមា​គឺ​ជា​ ​រឿង​លំបាក​មួយ​។ ​​​​​​​​​​​

លោក ណាង សុធី មានប្រសាសន៍​​ថា៖ «​វាជាការលំបាកសម្រាប់នយោជក។ប៉ុន្តែនៅក្នុងស្មារតីភាតរភាព ក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្រ្តី [ហ៊ុន សែន] ​ការបង្ហាញនូវសាមគ្គីភាពទោះបីជាពេលនេះមានវិបត្តិជំងឺកូវីដយ៉ាងណា និយោជក និយោជិត និងរដ្ឋាភិបាលជាចង្កោមតែមួយ»

ទោះ​បី​យ៉ាងណា​ក៏ដោយ លោក​បាន​បន្ថែម​ថា នយោជកនឹង​បន្ត​ប្រឈម​នឹង​ការ​លំបាក​នៅ​ឆ្នាំ ២០២១។

លោក ណាង សុធី បាន​និយាយ​ថា៖ «វាជារឿងលំបាកមួយ​ [ដើម្បីទាក់ទាញវិនិយោគិន] ហើយយើងមិនបានឃើញការវិនិយោគទំហំធំដុំនោះទេដោយសារតែជំងឺកូវីដ១៩»

លោក​ អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា បាន​មានប្រសាសន៍​ថា លោក​ខក​ចិត្ត​​នឹង​ការ​ដំឡើង​ប្រាក់ឈ្នួល​អប្បបរមា​ត្រឹម​តែ ២​ដុល្លារ។

លោក​បាន​មានប្រសាសន៍​ថា៖ «យើងមិនពេញចិត្តនឹងតួលេខ ១៩២ដុល្លារសម្រាប់កម្មករនោះទេ។ តួលេខនេះគឺ​​តិចណាស់ ប៉ុន្តែផ្អែកលើស្ថានភាពដូច​​ពេលនេះ យើងក៏ដឹងថា មានការលំបាក​​ផងដែរសម្រាប់​​ការទាមទាររបស់យើង»

លោក​បាន​បន្ត​​ថា ឆ្នាំ​ ២០២០​នេះ​ពិតជា​ស្ថានភាព​ដ៏​លំបាក​​មួយ​​សម្រាប់​ការ​ចរចា​ពី​ប្រាក់ឈ្នួល​អប្បបរមា ដោយសារ​ការ​គួបផ្សំ​គ្នា​រវាង​វិបត្តិ​ជំងឺ​កូវីដ ១៩ និង​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA។ ការ​កាត់បន្ថយ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ២០​ភាគរយ​នៃ​ការ​នាំ​ចេញ​ផលិតផល​កាត់ដេរ និង​ស្បែកជើង​ពី​កម្ពុជា​ទៅ​កាន់​សហភាព​អឺរ៉ុប ដែល​មាន​តម្លៃ​ជិត ១,២​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ នេះ​បើ​យោង​ទៅ​តាម​គណៈកម្មការ​សហភាព​អឺរ៉ុប។

លោក​ អាត់ ធន់ បាន​មានប្រសាសន៍​ថា៖ «​នៅពេលដែលយើងចាប់ផ្តើមចរចា យើងបានស្នើការដំឡើងចំនួន ១២ដុល្លារ ប៉ុន្តែខាងនយោជកបានស្នើឲ្យ​​កាត់បន្ថយចំនួន ១៧ដុល្លារ»

លោក​អាត ធន់​បាន​បន្ថែម​ថា ក្រសួង​​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​និយាយ​ថា ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA មិន​ទាន់​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​មក​លើ​វិស័យ​កាត់ដេរ​នៅ​ឡើយ​ទេ ហើយ​លោក​​បាន​បន្ត​​ថា នៅ​ក្នុង​កិច្ចប្រជុំ​ ក្រសួង​បាន​ជំរុញ​ឲ្យ​តំណាង​រោងចក្រ​ផលិត​នូវ​ផលិតផល​ណា​ដែល​មិន​រង​ការ​​ប៉ះពាល់​ដោយសារ​ការ​ប្រថាប់​ពន្ធ។

អ្នកស្រី អេង លុយ អាយុ ៤១​ឆ្នាំ នយោជិត និង​មេដឹកនាំ​សហជីព​​មួយ​រូប​នៅ​រោងចក្រ Estext ក្នុង​ក្រុង​ភ្នំពេញ ដែល​បាន​ចូលរួម​នៅ​ក្នុង​ការ​ចរចា​ផង​ដែរ​ បាន​និយាយ​ថា ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន​ពីរដុល្លារ​គឺ «តិចតួចណាស់» ហើយ​ការ​ដំឡើង​នេះ​មិន​អាច​​ជួយ​លើក​កម្ពស់​ជីវភាព​របស់​កម្មករ​នោះ​ទេ។ ជា​ពិសេស​អ្នក​ដែល​រង​ការ​ប៉ះពាល់​ខ្លាំង​ដោយសារ​ការ​បិទ​ ឬ​​ផ្អាក​ដំណើរការ​របស់​រោងចក្រ។

អ្នកស្រី​បាន​និយាយ​ថា៖ «យើងយល់ព្រម​​ជាមួយនឹងប្រាក់ឈ្នួលនាពេលបច្ចុប្បន្ន ពីព្រោះថា ជាសំណាងល្អដែរ ដែល​​ប្រាក់ឈ្នួល​​មិនត្រូវបានកាត់បន្ថយដូចអ្វីដែលនយោជកបានស្នើឡើង»​ ដោយ​បន្ថែម​ថា តំណាង​នយោជក​បាន​ស្នើ​ឲ្យ​មាន​ការ​កាត់បន្ថយ​ប្រាក់​ខែ​កម្មករ​ចំនួន ២០​ភាគរយ។​

អ្នកស្រី​បាន​បន្ត​​ថា៖ «តាមពិតទៅ កម្មករមិនសប្បាយចិត្តនោះទេប៉ុន្តែយើងត្រូវយល់ពីស្ថានភាពនាពេលបច្ចុប្បន្ន»

អ្នកស្រី​បាន​លើកឡើង​ថា ដើម្បី​ឲ្យ​កម្មករ​មាន​ជីវភាព​ប្រសើរ​ជាង​មុន  ប្រាក់ខែ​ពី​២៥០ ទៅ​៣០០​ដុល្លារ​ គឺ​ទើប​ជា​ប្រាក់ខែ​សមរម្យ។

កម្មករ​មួយ​រូប​ទៀត​ឈ្មោះ ឆេង ហេង ធ្វើការនៅរោងចក្រ Top Silver Factory ក្នុង​ខេត្ត​ព្រៃវែង ក៏​យល់ស្រប​នឹង​​ក្តីព្រួយបារម្ភ​របស់​អ្នកស្រី​ អេង លី​ ផង​ដែរ ​ដោយ​លើកឡើង​​ថា ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​នេះ​គឺ​​តិចតួចពេក និង​មិន​អាច​ជួយ​បំពេញ​នូវ​ការ​ចំណាយ​ទូទៅ​​របស់​នាង​បាន​ទេ។​

ឆេង ហេង ​បាន​និយាយ​ថា៖ «ឥឡូវនេះ ម្ហូបអាហារក៏ថ្លៃ ហើយត្រូវបង់ថ្លៃជួលផ្ទះ និងថ្លៃភ្លើងថែមទៀតផង»

លោក ខេន លូ ប្រធាន​សមាគមរោងចក្រ​​កាត់ដេរ​នៅ​កម្ពុជា​ហៅ​កាត់​ថា GMAC បដិសេធ​មិន​ធ្វើ​ការ​អធិប្បាយ​នៅ​ពេល​លោក​ត្រូវ​បាន​សួរ​នៅ​​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បន្ទាប់​ពី​កិច្ចប្រជុំ​​ចប់។ ចំណែក​ លោក​ កាំង ម៉ូនីកា អនុប្រធាន​សមាគមកាត់ដេរ​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា មិន​ទាក់ទង​សុំ​យោបល់​​បាន​នោះ​ទេ៕

90 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម