សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ពេលវេលា​កាន់​តែ​កៀក​សម្រាប់​ការ​ដាក់​បន្ទុក​ពន្ធ ខណៈ​សហភាព​អឺរ៉ុប​ប្រកាស​ដក​ផ្នែក​ខ្លះ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA

កម្មកររោងចក្រជិះរថយន្តទៅធ្វើការ តាមបណ្តោយផ្លូវជាតិលេខ៣។ រូបភាព បញ្ញា ឆព័ណ្ណ

ក្រុមហ៊ុន​នាំចេញ​ពី​កម្ពុជា​ប្រឈម​មុខ​នឹង​ការ​ដំឡើង​ពន្ធ​នៅ​ខែ​សីហា បន្ទាប់​ពី​សហភាព​អឺរ៉ុប​បាន​ប្រកាស​នូវ​សេចក្តី​សម្រេច​ក្នុង​ការ​ដក​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​​មក​លើ​កម្ពុជា​កាល​ពី​ថ្ងៃ​ពុធ ដោយសារ​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​ «ធ្ងន់ធ្ងរ​និង​ជា​ប្រព័ន្ធ»។

អត្រា​ពន្ធ​ស្តង់ដារ​របស់​សហភាព​អឺរ៉ុប​នឹង​ត្រូវ​យក​មក​អនុវត្ត​លើ​ផលិតផល​សម្លៀកបំពាក់ និង​ស្បែកជើង​មួយ​ចំនួន គ្រប់​ទំនិញ​ប្រើប្រាស់​ពេល​ធ្វើ​ដំណើរ និង​ស្ករស ដែល​មាន​ទំហំ​ប្រមាណ ១,១ ពាន់​លាន​ដុល្លារ។ នេះ​បើ​យោង​ទៅ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ចុះ​កាល​ពី​ថ្ងៃ​ពុធ។

អនុប្រធាន​គណៈកម្មការ​សហភាព​អឺរ៉ុប​លោក Josep Borell បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា៖ «រយៈពេល ទំហំ និង​ផលប៉ះពាល់​នៃ​ការ​រំលោភបំពាន​សិទ្ធិ​ក្នុង​ការ​ធ្វើ​នយោបាយ និង​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​យោបល់ និង​ការ​ប្រមូលផ្តុំ​ បាន​ធ្វើ​ឲ្យ​សហភាពអឺរ៉ុប​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​​ផ្នែកខ្លះ​នោះ​ទេ»។

លោក Borell បាន​បន្ត​ថា៖ «សហភាពអឺរ៉ុបនឹងមិនឈរឱបដៃមើល ខណៈលទ្ធិប្រជាធិបតេយ្យកំពុងថមថយ សិទ្ធិមនុស្សត្រូវបានរឹតត្បិត ហើយសេរីភាពក្នុងការនិយាយតស៊ូមតិត្រូវបានបំបិទនោះទេ។ សេចក្តីសម្រេចនៅថ្ងៃនេះបង្ហាញពីការប្តេជ្ញាដ៏មោះមុតរបស់យើងទៅកាន់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាសិទ្ធិរបស់ពួកគេ និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា។ ដើម្បីឲ្យមានការដាក់បញ្ចូលប្រព័ន្ធអនុគ្រោះពន្ធឡើងវិញ អាជ្ញាធរកម្ពុជាត្រូវចាត់វិធានការចាំបាច់ផ្សេងៗ»។

សហភាព​អឺរ៉ុប​គឺជា ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​កម្ពុជា​នៅ​ក្នុង​ឆ្នាំ​២០១៨ ដោយ​រ៉ាប់រង​ទៅ​លើ​ការ​នាំ​ចេញ​ពី​កម្ពុជា​ប្រមាណ ៤៥ភាគរយ។ ហើយ​ប្រហែល​៩៦​ភាគរយ​នៃ​ការ​នាំចេញ​នេះ​បាន​ចូល​ទៅ​ក្នុង​ទីផ្សារ​អឺរ៉ុប​ ដោយ​មិន​ត្រូវ​បាន​យក​ពន្ធ​នោះ​ទេ ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​សម្រាប់​កម្ពុជា «គ្រប់​មុខ​ទំនិញ​លើកលែង​សព្វាវុធ» ហៅ​កាត់​ថា EBA។

​សហភាព​អឺរ៉ុប​បាន​និយាយ​ថា រដ្ឋាភិបាល​កម្ពុជា​ត្រូវ​រៀបរៀង​​លក្ខខណ្ឌ​ចាំបាច់​សម្រាប់​ការ​ស្តារ​ឡើង​វិញ​នូវ​បរិយាកាស​តស៊ូមតិ​ផ្នែក​នយោបាយ​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​មួយ ដែល​ក្នុង​នោះ​រួមមាន ការ​លុបចេញ ឬ​ការ​កែសម្រួល​ឡើង​វិញ​នូវ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ និង​ច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ហៅ​កាត់​ថា LANGO។

សហភាព​អឺរ៉ុប​បាន​បន្ថែម​ថា ខ្លួន​នឹង​បន្ត​សហការ​ជាមួយ​នឹង​អាជ្ញាធរ​កម្ពុជា​ ដើម្បី​ត្រួតពិនិត្យ​ស្ថានភាព​សិទ្ធិ​ពលកម្ម និង​សិទ្ធ​មនុស្ស។

​តុលាការ​កំពូល​កម្ពុជា​បាន​រំលាយ​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ​បង្អស់​គឺ គណបក្ស​សង្រ្គោះជាតិ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ២០១៧។ ហើយ​នាពេល​បច្ចុប្បន្ន មេដឹកនាំ​គណបក្ស​នេះ គឺ​លោក កឹម សុខា កំពុង​ជាប់សវនាការ​ពី​បទឃុបឃិត​ជាមួយ​នឹង​បរទេស។

លោក ប៉ាវ ស៊ីណា ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា បាន​និយាយ​ថា លោក​សង្ឃឹម​ថា នៅ​មាន​ពេលវេលា​គ្រប់គ្រាន់ ​ដើម្បី​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្លាស់ប្តូរ​ជំហរ​ខ្លួន និង​ធ្វើ​ឲ្យ​សហភាព​អឺរ៉ុប​ផ្លាស់ប្តូរ​សេចក្តី​សម្រេច​របស់​ខ្លួន។

 លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា ក៏​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​សហការ​ជាមួយ​សហភាពអឺរ៉ុប ដើម្បី​បញ្ចៀស​ការ​ដកចេញ​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ផង​ដែរ។

លោក អាត់ ធន់ បាន​មាន​ប្រសាសន៍​ថា៖ «វា​នឹង​ធ្វើឲ្យ​ប៉ះពាល់​ដល់​កម្មករ​រោងចក្រ​ជាច្រើន​នាក់»

ខុន សុផាត អាយុ ៣៥ឆ្នាំ ជា​កម្មករ​​ម្នាក់​នៅ​រោងចក្រ E-Garment ក្នុង​ខេត្ត​កណ្តាល បាន​និយាយ​ថា នាង​មាន​ការ​ព្រួយបារម្ភ​ពី​ការ​បាត់បង់​ការងារ​នៅ​ក្នុង​វិស័យ​កាត់ដេរ។

សុផាត បាន​និយាយ​ថា៖ «វាជា​ពិបាក​សម្រាប់​យើង​ដែល​ជា​កម្មករ។ យើង​រស់នៅ​ដោយ​ពឹង​ផ្អែក​ការងារ​រោងចក្រ»

សុផាត បាន​បន្ថែម​ថា៖ «យើង​នឹង​ប្រឈម​មុខ​អត់​ការងារ​ធ្វើ។ ពួក​គេ​ប្រហែល​ឈប់​វិនិយោគ​នៅ​ប្រទេស​កម្ពុជា។ កម្មករ​រាប់​ម៉ឺន​នាក់ នឹង​បាត់បង់​ការងារ»

​ឈុល ស្រីមុំ អាយុ ៣៨ឆ្នាំ ជា​កម្មករ​រោងចក្រ​ម្នាក់​ទៀត​នៅ​ខេត្ត​កំពង់ស្ពឺ បាន​និយាយ​ថា គ្រួសារ​របស់​នាង និង​កម្មករ​រួម​ការងារ​ជាមួយ​នាង​កំពុង​ជាប់​បំណុល​ច្រើន​ណាស់។

ស្រីមុំ បាន​និយាយ​ថា៖ «ពួកយើង​ភាគច្រើន​ត្រូវ​បង់​ធនាគារ​ចន្លោះពី​១៥០ ទៅ២០០​ដុល្លារ​ក្នុង​មួយ​ខែ នៅក្នុង​គ្រួសារ​របស់​យើង។ ប្រសិន​បើ​យើង​អត់​មាន​ការងារ​ធ្វើ តើ​យើង​សង​យ៉ាង​ម៉េច? តើយើង​រស់នៅ​យ៉ាង​ម៉េច

លោក Phil Robertson  នាយករង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើលសិទ្ធ​មនុស្ស (Human Rights Watch) បាន​និយាយ​ថា សហភាព​អឺរ៉ុប​បាន​បន្ទន់​ជំហរ​របស់​ខ្លួន ដើម្បី​ផ្តល់​ឱកាស​ឲ្យ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បី​លុប​បំបាត់​ការ​រឹតត្បិត​លើ​គណបក្ស​ប្រឆាំង ​សកម្មជន​អង្គការ​ក្រៅ​រដ្ឋាភិបាល សហជីព និង​អ្នក​សារព័ត៌មាន​ឯករាជ្យ។

​លោក Robertson បាន​លើកឡើង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​ពុធ​ថា៖ «ប៉ុន្តែអស់រយៈពេលមួយឆ្នាំមកនេះ គាត់កាន់តែរឹតបន្តឹងបន្ថែមលើយុទ្ធសាស្រ្តគាបសង្កត់របស់គាត់។សហភាពអឺរ៉ុបមិនមានជម្រើសអ្វីក្រៅពីព្យួរប្រព័ន្ធអនុគ្រោះពន្ធនោះទេ ដើម្បីឲ្យស្របជាមួយនឹងច្បាប់ដែលតម្រូវឲ្យប្រទេសទទួលផលពីប្រព័ន្ធអនុគ្រោះពន្ធ EBA គោរពនូវ​​បទដ្ឋានសិទ្ធិមនុស្ស និងសិទ្ធិពលកម្ម»។

Camboja មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​ពី​លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​បាន​ទេ​កាល​ពី​ថ្ងៃ​ពុធ។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​លោក កុយ គួង បានមាន​ប្រសាសន៍ថា សេចក្តី​ថ្លែងការណ៍​​របស់​ក្រសួង​ការបរទេស​កម្ពុជា​លើ​ការ​សម្រេច​របស់​សហភាព​អឺរ៉ុប​នឹង​ត្រូវ​ចុះ​ផ្សាយ​នា​ពេល​ឆាប់ៗ​នេះ។

កាល​ពី​ដើម​សប្តាហ៍​នេះ លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន​ បាន​និយាយ​ថា ការ​បិទ​រោងចក្រ​នៅ​ក្នុង​ពេល​ប៉ុន្មាន​សប្តាហ៍​ខាងមុខ​នេះ​​គឺ​ ដោយសារតែ​វិបត្តិ​វីរុស​កូរ៉ូណា ​បាន​បង្អាក់​សង្វាក់​ផលិតកម្ម​នៅ​តាម​រោងចក្រ​ផ្គត់ផ្គង់​វត្ថុធាតុ​ដើម​នានា​ក្នុង​ប្រទេស​ចិន។

ស្រប​ពេល​ដូចគ្នា​នេះ​ដែរ​ មេដឹកនាំ​បក្ស​ប្រឆាំង​កំពុង​និរទេស​ខ្លួន​លោក សម រង្ស៊ី​ បាន​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោក​ហ៊ុន​ សែន​​ត្រូវតែ​ស្តាប់​តាម​ការ​ទាមទារ​របស់​សហភាព​អឺរ៉ុប ដើម្បី​ការពារ​ការងារ​របស់​កម្មករ។

លោក សម រង្ស៊ី បាន​និយាយ​ថា៖ «ប្រសិន​បើគាត់​ធ្វើ​តាម យើង​នឹង​ទទួល​បាន​សេរីភាព​របស់​យើង ហើយ​ប្រជាជន និង​កម្មករ នឹង​រក្សា​ការងារ​របស់​ពួកគេ»

50 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម