សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

យុវជន ​៦​​នាក់​ត្រូវ​បាន​ឃុំ​ខ្លួន​ក្រោយ​ធ្វើ​បាតុកម្ម​ជុំវិញ​រឿង​បំណុល​មីក្រូហិរញ្ញ​វត្ថុ​

ក្រុម​សកម្មជន​យុវជន​ធ្វើ​បាតុកម្ម​នៅ​មុខ​សាខា​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ ​២​កន្លែង​នៅ​ក្រុង​បាត់ដំបង​កាល​ពី​ថ្ងៃ​សៅរ៍​។ រូបភាព គឹម សេង

ក្រុម​យុវជន​៦​នាក់​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​នគរបាល​ខេត្ត​បាត់​ដំបង​កាល​ពី​សប្តាហ៍​មុន​ បន្ទាប់​ពីពួក​គេ​បាន​ធ្វើ​បាតុកម្ម​នៅ​មុខ​សាខា​គ្រឹះស្ថាន​មីក្រូហិរញ្ញ​វត្ថុ​២​កន្លែង​ ដែល​ពួក​គេ​បាន​ចោទ​ប្រកាន់​ថា​មិន​បាន​យក​ចិត្ត​ទុក​ដា​ក់​ចំពោះ​សំណើ​ពន្យា​ពេល​សង​កម្ចី​មី​ក្រូ​ហិរញ្ញ​វត្ថុ​អំឡុង​ពេល​មា​​ន​វិបត្តិ​កូវីដ​១៩​។

លោក​ ហ៊ុន​ វណ្ណៈ ដែល​ជា​សកម្មជន​ធ្លាប់​ជាប់​ឃុំ​អស់​រយៈ​ពេល​៥​ខែ​ជុំវិញ​ការ​ថត​សកម្មភាព​បូម​ខ្សាច់​​ខុស​ច្បាប់​នៅ​ឆ្នេរ​សមុទ្រ​កម្ពុជា​ឱ្យ​អង្គការ​មាតា​ធម្មជាតិ​ បាន​ប្រាប់​ថា​មនុស្ស​ទាំង​៦​នាក់នោះ​គឺ​ស្ថិត​ក្នង​ចំណោម​យុវជន​ចំនួន​១៦​នាក់​ដែល​ត្រូវ​បាន​បញ្ឈប់​ដោយ​នគរបាល​ បន្ទាប់​ពី​ពួក​គេ​បា​​​ន​ផ្សាយ​ផ្ទាល់​នូវ​សកម្មភាព​បាតុ​កម្ម​របស់​ពួក​គេ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​កាល​ពី​យប់​ថ្ងៃ​សៅរ៍​។

លោក​បាន​និយាយ​ថា​ក្រុម​សកម្ម​ជន​ដែល​មាន​ឈ្មោះ​ថា​ខ្មែរ​ថាវរៈ​ បាន​ធ្វើ​បាតុកម្ម​ដោយ​សន្តិ​វិធី​អំពាវ​ឱ្យ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ និង​ធនាគារ​នៅ​ខេត្តបាត់ដំបង​ ដើម្បីស្នើឲ្យពន្យា​ពេល​​សង​នូវ​​កម្ចី​រហូតដល់​ផល​ប៉ះពាល់​​ដែល​បណ្តាល​មក​ពី​កូវីដ​១៩​ចាប់​ផ្តើម​ថម​ថយ​ទៅ​​វិ​​ញ​។

លោក វណ្ណៈ មាន​ប្រសាសន៍​ថា​៖​«​យើង​ចង់​ឱ្យ​ធនាគារ​ និង​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​អនុវត្ត​នូវ​វិធានការណ៍​របស់​រដ្ឋាភិបាល​ទាក់​ទង​នឹង​ការ​ផ្អាក​ការ​សង​កម្ចី​សម្រាប់​ពល​រដ្ឋ​ក្រីក្រ​ និង​សម្រាប់​កម្មករ​ដែល​បាន​បាត់​បង់​ការងារ​របស់​ពួក​គេ​ ហើយ​មិន​មាន​លទ្ធភាព​សង​បំណុល​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ និង​ធនាគារ​»​។

លោក​បាន​បន្ថែម​ទៀត​ថា​៖«ប៉ូលីស​បា​ន​ចាប់​ពួក​យើង​ នាំ​ខ្លូន​ពួក​យើង​ទៅ​ស្នង​ការ​ខេត្ត​ ហើយ​បាន​សួរ​ចម្លើយ​ពួក​យើង​អស់​ជា​ច្រើន​ម៉ោង​​ ថា​តើ​ហេតុ​អ្វី​បាន​ជា​ពួក​យើង​ធ្វើ​ការ​ផ្សាយ​ផ្ទាល់​វីដេអូ​តាម​ដង​ផ្លូវ​ក្នុង​ក្រុង​បាត់​ដំបង​»។

លោក​ វណ្ណៈ ​បាន​ឱ្យ​ដឹង​ទៀត​ថា​បន្ទាប់​ពី​សាក​សួរ​ចប់​ សមត្ថកិច្ច​បាន​ព្យាយាម​បង្ខំ​ឱ្យ​ពួកគេ​ផ្តិត​មេដៃ​ទៅ​លើ​កិច្ច​សន្យា​មួយ​ថា​នឹង​មិន​ធ្វើ​បាតុកម្ម​បែប​នេះ​ម្តង​ទៀត​ទេ​។ ប៉ុន្តែ​ក្រុម​យុវជន​នៅតែ​ប្រកាន់​ជំហរ​ថា​ពួក​គេ​មិន​បាន​ធ្វើ​អ្វី​ខុស​ ហើយ​ចុង​ក្រោយ​​​សមត្ថកិច្ចក៏​​យល់​ព្រម​ដោះលែ​ង​ពួក​គេ​។

លោក វណ្ណៈ បាន​លើក​ឡើង​បន្ថែម​ថា​៖​ «​ពួកគេ​(សមត្ថកិច្ច)​មាន​ចេតនា​បំភ័យ​ពួក​យើង​ និង​ចង់​ហាម​ឃាត់​ពួក​យើង​មិន​ឱ្យ​ធ្វើ​សកម្មភាព​ទាំង​នេះ​ ដែល​នេះ​ជា​ការ​គំរាម​កំ​ហែង​ និងបំបាក់ស្មារតី​​របស់​ពួក​យើង​»។ លោក​យល់​ថា​បាតុកម្ម​បែប​នេះ​នឹ​​ង​កើត​មាន​​ច្រើន​ទៀត​នៅ​ពេល​អនាគត​ព្រោះបញ្ហា​នេះ​នឹ​ង​កាន់​តែ​អាក្រក់​ថែម​ទៀត​។​

លោក​បាន​និយាយ​ថា​៖ «ប្រសិន​បើ​ស្ថានការណ៍​កូវី​ដ១៩​នៅ​តែ​បន្ត​ក្នុង​ពេល​អនាគត​នោះ​ករណី​បញ្ហា​បំណុល​ធនាគារ​ និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ នឹង​នៅ​តែ​បន្ត​នៅ​ពេល​អនាគត​ ហើយ​ពលរដ្ឋ​នឹង​ទទួល​រង​នូវ​ការ​ឈឺ​ចាប់​ដោយសារ​តែ​សម្ពាធ​ ក៏​ដូច​ជា​មិន​សប្បាយ​ចិត្ត​ផង​ដែរ​។ អ៊ីចឹង​ពួក​គេ​នឹង​រិះគន់​ពី​បញ្ហា​នេះ​កាន់​តែ​ច្រើន​ទៅ​ច្រើន​ទៅ​»​។​

សកម្មជន​វ័យ​៣១​ឆ្នាំ​ម្នាក់​ទៀត​  អេង​ ម៉ាឡៃ​ បាន​និយាយ​ថា​គាត់​បាន​ខ្ចី​លុយ​គេ​ពេល​​ដែល​គាត់​ធ្វើ​ការ​នៅ​កន្លែង​ចុងភៅ​ក្នុង​ភោជនីយ៍ដ្ឋានចិនមួយនៅទីក្រុងភ្នំពេញ ប៉ុន្តែ​បាន​បាត់​បង់ការងារ​បន្ទាប់​ពី​អតិថិជន​មាន​ការ​ធ្លាក់​ចុះ​ព្រោះ​តែ​ខ្លាច​កូវី​ដ​១៩​។

គាត់​បាន​ប្រាប់​ថា​គាត់​ចូល​រួម​ធ្វើ​បាតុកម្ម​ ក៏​ដូចជា​ធ្វើ​កូដកម្ម​​បង្អត់​អាហារ ​ព្រោះ​តែ​គាត់​ខ្លាច​បាត់​បង់​ផ្ទះ​របស់​គាត់​ដោយសារ​តែ​ប្លង់​ផ្ទះ​នោះ​ត្រូវ​បាន​ដាក់​នៅ​ធនាគារ​។

ម៉ាឡៃ ​បាន​និយាយ​ថា​៖​«​ខ្ញុំ​បាន​ខ្ចី​លុយ​២០០០​ដុល្លារ​ពី​ធនាគារ​មួយ​នៅ​ចុង​ឆ្នាំ​២​០១៨​ ហើយ​ខ្ញុំ​ត្រូវ​សង​ត្រលប់​ទៅ​វិញ​ជាង​៧០​ដុល្លា​ក្នុង​មួយ​ខែ​ក្នុង​រយៈពេល​៣ឆ្នាំ​ ប៉ុន្តែ​ពេល​នេះ​ខ្ញុំអត់​មាន​លុយ​សង​ធនាគារ​វិញ​ទេ​ ព្រោះ​ថា​ខ្ញុំ​បាន​បាត់​បង់​ការងារ​ហើយ​។ ខ្ញុំ​ចង់​ឱ្យ​ធនាគា​រ​ពន្យា​ពេល​ឱ្យ​ខ្ញុំ​សង​ប្រាក់កម្ចី​​រយៈពេល​៣ខែ​ ឬ​៦​ខែ​ ទៅ​តាម​ស្ថានការណ៍​ធូរ​ស្រាល​របស់​កូវីដ​១៩​ហ្នឹង​»។

ម៉ាឡៃ​ បាន​បន្ថែម​ថា​៖«​ពេល​នេះ​យើង​ព្រួយ​បារម្ភ​ថា​ធនាគារ​នឹង​រឹប​អូស​ដី ​និង​ផ្ទះរបស់​ពួកយើង​នៅ​ស្រុក​អូរាំង​ឳ​ ខេត្ត​ត្បូង​ឃ្មុំ​ នៅពេលណាមួយ​ ព្រោះ​យើង​មិន​មាន​លុយ​គ្រប់​គ្រាន់​ដើម្បី​សង​ទៅ​ធនាគារ​វិញ​»។

លោក​ ហេង​ សាយ​ហុង​ អ្នក​សម្រប​សម្រួល​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ប្រចាំ​ខេត្ត​បាត់​ដំបង​បាន​ឱ្យ​ដឹង​ថា​លោក​គិត​ថា​យុទ្ធសាស្រ្ត​សមត្ថកិច្ច​មាន​​ភាព​ធ្ងន់ធ្ងរ​លើ​ក្រុម​យុវជន​ដោយ​ថា​រដ្ឋាភិបាល​គួរ​តែ​ស្តាប់​បញ្ហា​ដែ​ល​ក្រុម​យុវជន​ទាំងនោះ​បាន​លើក​ឡើង​។

លោក​ សាយហុង​ បាន​លើក​ឡើង​ថា​៖ «​អាជ្ញាធ​រ​​គួរ​​តែ​​អន្តរាគមន៍ ​និង​​យក​​ចិត្ត​​ទុក​​ដាក់​​លើ​​បញ្ហា​​នេះ​​ ដោយ​​ធ្វើ​ការ​​ជា​​មួយ​​ធនាគារ​​ ​និង​​គ្រឹះស្ថាន​​មីក្រូ​ហិរញ្ញ​វត្ថុ​​ ដើម្បី​​ជួយ​​ពលរដ្ឋ​​ដែល​​មិន​​មាន​​លុយ​​គ្រប់​គ្រាន់​​ក្នុង​​ការ​​សង​​(កម្ចី)​​ ព្រោះ​​ថា​​ពួ​កគេ​​មិន​​មាន​​ចំណូល​​អ្វី​​ទៀ​ត​​ទេ​​»។

លោក​ បន្ថែម​​ថា​​៖ «រដ្ឋាភិបាល​គួរ​តែ​ពង្រឹង​វិធានការណ៍​របស់​ខ្លូន​ ហើយ​បញ្ជាក់​ឱ្យ​ច្បាស់​ជា​មួយ​ធនាគារ​ ​និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​អ្នក​ដែ​លរង​គ្រោះ​ក្នុង​កំឡុង​ពេល​មាន​ជំងឺ​កូវីដ​១៩​​នេះ​»។ ​

រដ្ឋាភិបាល​បាន​អំពាវនាវ​ដល់​គ្រឹះស្ថាន​មីក្រូហិរញ្ញ​វត្ថុ​ និង​ធនាគារ​នានា​ឱ្យ​បន្ធូរ​បន្ថយ​ដល់​អ្ន​​ក​ខ្ចី​ប្រាក់​ដែល​រង​ផល​ប៉ះពាល់​ដោយ​វិបត្តិ​កូវីដ​១៩​ ដោយ​ស្នើ​ឱ្យ​ពិនិត្យ​រៀប​ចំ​ឡើង​វិញ​ ក៏​ដូច​ជាពន្យា​ពេល​សង​ប្រាក់​កម្ចី​ដល់​ពួក​គេ​។ ទោះយ៉ាងណា​ក៏​ដោយ​ពលរដ្ឋ​មួយ​ចំនួន​រួម​ទាំង​អង្គការ​លីកាដូ​ផង​ដែរ​បាន​អំពាវ​នាវ​ជាសាធារណៈ​ឱ្យ​អាជ្ញាធរ​ចាត់​វិធាន​ការ​ដោះស្រាយ​បន្ថែម​ទៀត​ ហើយ​ត្រូវ​តែ​ប្រកាស​ពី​ការ​ពន្យា​ពេល​​សង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ និង​ធនាគារ​រហូត​ដល់ចប់​វិបត្តិ​កូវីដ​១៩​នេះ​។​

លោក សាយ សូនី អនុប្រធាន​ប្រតិបត្តិ​និង​ជា​ប្រធាន​ផ្នែក​ទីផ្សារ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ប្រាសាក់​ដែល​ជា​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​ធំ​ជាងគេ​មួយ​នៅ​កម្ពុជា​មាន​ប្រសាសន៍​ថា​អតិថិជន​ដែល​បាន​ស្នើ​​សុំ​ពន្យា​ពេលសង​ប្រាក់នៅ​ស្ថាប័ន​របស់​លោក​ត្រូវ​បាន​ផ្តល់​ជូន​តាម​ការ​ស្នើ​សុំរបស់​ពួក​គេ​។

លោក​ បាន​និយាយ​ថា​អតិថិជន​ដែល​កំពុង​ធ្វើការ​ក្នុង​វិស័យ​ដែល​រង​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​ដោយ​សារ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ​១៩​ ត្រូវ​បាន​ផ្តល់​អាទិភាព​សម្រាប់​ការ​ស្នើ​សុំ​ការ​ពន្យា​សង​ប្រាក់​។

លោក​ សូនី​ បាន​ប្រាប់​ថា​៖«យើង​បាន​ផ្តល់​អាទិភាព​ដល់​វិស័យ​ចំនួ​ន​៤​រួម​មាន​ទេសចរណ៍​ វាយនភណ្ឌ​ សំណង់​ និង​ដឹក​ជញ្ជូ​ន​ សម្រាប់​ការ​ពន្យា​ពេល​សង​»។​

លោក​បាន​បន្ថែម​ថា​ក្រុម​បាតុករ​គួរ​តែ​ទៅ​​​ជជែក​​ជាមួយ​​បុគ្គលិក​សាខា​គ្រឹះស្ថាន​​មីក្រូហិរញ្ញវត្ថុ​របស់​លោក​ដើម្បី​ស្នើសុំ​​ពន្យា​ពេល​សង​ជា​ជាង​ទៅ​ធ្វើ​បាតុ​កម្ម​។​

លោក​ សូនី​ បាន​លើក​ឡើង​ថា​៖«​ពួក​គាត់​អាច​ទៅ​​ពិភាក្សា​ជា​មួយ​ស្ថាប័ន​យើង​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ ស្វែង​រក​គោល​នយោបាយ​ឈ្នះ-​ឈ្នះ។​ យើង​អរគុណ​ដល់​អតិថិជ​ន​ទាំង​អស់​ដែល​បន្ត​សង​ប្រាក់​មក​ស្ថាប័ន​យើង​វិញ​»​។​

ក្នុង​លិខិ​ត​ដាច់​ដោយ​ឡែក​មួយ​កាល​ពី​ថ្ងៃ​សុក្រ​សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​បាន​អំពាវ​នាវ​ដល់​ម្ចាស់​អាគារ​ទាំងអស់​ដែល​ជួល​ឱ្យ​កម្មករ​បញ្ចុះ​តម្លៃ​ជួល​យ៉ាង​ហោច​ណាស់​៣០​ភាគរយ​រយៈពេល​៦​ខែ ​ដើម្បី​ជួយ​សម្រាល​បន្ទុក​​កម្មករ​ទាំង​ឡាយ​ណា​ដែល​ត្រូវ​បាន​ព្យួរ​ការងារ​ដោយ​សារ​តែ​កូវីដ​១៩​។​

សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​បាន​បញ្ជាក់​ថា​​រោងចក្រ​ចំនួន​១៨០​បាន​ផ្អាក​ផលិតកម្ម​របស់​ខ្លួន​ ហើយ​រោងចក្រ​ចំនួ​ន​៦០​ទៀត​អាច​នឹង​ធ្វើ​ដូច​គ្នា​ដែរ​ក្នុង​ពេល​ឆាប់​ៗ​ ដែល​​បញ្ហានេះ​បាន​ប៉ះពាល់​ដល់​កម្មករ​២០​ម៉ឺន​នាក់​ក្នុង​ចំណោម​កម្មករ​៨០​ម៉ឺន​​នាក់​នៅ​ទូទាំង​ប្រទេស​។ សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​បាន​សរសេរ​ក្នុង​លិខិត​នោះថា​ការ​បញ្ចុះ​​តម្លៃ​ឈ្មួល​ផ្ទះ៣០​ភាគ​រយ​អាច​ជួយ​កម្មករ​ឱ្យ​ចៀស​ផុត​ពី​បំណុល​និង​ការ​លំបាក​ ខណៈ​ដែល​ឧស្សាហកម្ម​នេះ​កំពុង​រង់ចាំ​ការ​ត្រលប់​មក​ភាព​ធម្មតា​វិញ​។

សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖«ការ​បញ្ចុះ​តម្លៃ​នេះ​នឹង​ជួយ​បន្ធូរ​បន្ទុក​ហិរញ្ញវត្ថុ​សម្រាប់​ភាគី​រោង​ចក្រ​ និង​រួម​ចំណែក​ដល់​ការ​ស្តារ​សេដ្ឋកិច្ច​កម្ពុជា​ក៏​ដូច​ជា​គាំ​ទ្រដល់​វិស័យ​នេះ​(កាត់​ដេរ​)»​។ យើ​ង​ទន្ទឹម​រង់​ចាំ​នូវ​ការ​យោគ​យល់​ និង​សហការ​បន្ថែម​ទៀត​ដើម្បីស្តា​រ​ និង​លើក​កម្ពស់​កំណើន​សេដ្ឋ​កិច្ច​ប្រទេស​កម្ពុជា​»​។​

ទោះ​យ៉ាង​ណា​ក៏​ដោយ​អគ្គលេខាធិការ​សមាគម​រោងចក្រកាត់ដេរ​កម្ពុជា​លោក​ ខេន​ លូ​ បាន​និយាយ​ថា​លោក​ក៏​មិន​ប្រាកដ​ពី​ការ​ស្តារ​ឡើង​វិ​ញ​នោះ​ដែរ​។

លោក​ លូ​ មាន​ប្រសាសន៍​ថា​៖ «​យើង​មិន​ដឹង​ថា​តើ​យើង​នឹង​ទទួល​លទ្ធ​ផល​ល្អ​ ឬ​ក៏​អត់​ទេ​!​»

លោក លូ បន្ថែមថា៖ «យើង​មិន​មាន​អ្នក​បញ្ជា​ទិញ​ផលិត​ផល​ទេ​ ព្រោះ​ថា​ទីផ្សារ​សកល​ត្រូវ​បាន​បិ​ទ​។ ប្រសិន​បើ​ស្ថាន​ភាព​នេះ​នៅ​តែ​បន្ត​ រោង​ចក្រ​មួយ​ចំនួន​អាច​នឹង​ត្រូវ​បាន​​បិទ​ទ្វារ​ព្រោះ​ថា​យើង​មិន​ដឹង​ថា​​តើ​យើង​អាច​រ​ក​លុយ​បាន​​មក​ពី​ណា​ដើម្បី​បើក​ប្រាក់​ខែ​ឱ្យ​កម្មករ​ទេ​»​។​

ខណៈ​ពេល​នេះ ​រោង​ចក្រ​មួយ​ចំនួ​ន​ក៏​បាន​អំពាវ​នាវ​ឱ្យ​មាន​ការ​គាំទ្រ​ជា​បន្ទាន់​និង​ដោយ​ផ្ទាល់​ពី​រដ្ឋាភិបាល​ផ​ង​ដែ​រ​​។

លោក​ ប៉ាវ​ ស៊ីណា ​ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ បាន​និយាយ​ថា​កម្មករ​ដែល​រោង​ចក្រ​របស់​ពួក​គេ​ត្រូវ​បាន​ផ្អាក​ផលិតកម្ម​យ៉ាង​ហោច​ណាស់​ក៏​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​៧០​ដុល្លារ​ពីរ​ដ្ឋាភិបាលរ​​ហូត​ដល់​ពួក​គេ​បាន​ការងារ​ធ្វើ​វិញ​ដែរ​។

ប៉ុន្តែ​លោក​បាន​កត់​សម្គាល់​ថា​មាន​​កម្មករ​ជា​ច្រើន​បាន​​បា​ត់​បង់​ការងា​ររបស់​ពួក​គេ​រួច​ទៅ​ហើ​​យ​ព្រោះ​តែ​រោងចក្រ​បាន​បិទ​។

លោក​ ស៊ីណា ​បាន​និយាយ​ថា​៖«កម្មករ​ដែល​កិច្ច​សន្យា​ការងារ​របស់​ពួក​គេ​ត្រូវ​បាន​បញ្ចប់​ដោយ​ភាគី​រោងចក្រ​បាន​ជួប​ការ​លំបាក​ច្រើន​ជាង​កម្មករ​ដែល​ត្រូវ​បាន​ព្យួរ​ការងារ​ ដោយ​សារ​តែ​ពួក​គេ​មិន​ទទួល​បាន​អត្ថ​ប្រយោជ​ន៍​អ្វី​សោះ​ ហើយ​ពេល​នេះ​ពួក​គេ​ក៏​មិន​អាច​រក​ការងារ​ធ្វើបាន​ទៀត​។ ខ្ញុំ​គិត​ថា​រដ្ឋាភិបាល​គួរ​ពិចារណាអំពី​ថវិការ​សម្រាប់​ផ្តល់​ឱ្យ​ដល់​ពលរដ្ឋ​ដែល​ធ្វើ​ការ​ក្នុង​វិស័យ​ដែល​កំពុង​រង​ផល​ប៉ះ​ពាល់​»​៕​

70 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម