សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

រដ្ឋាភិបាល​ព្រមាន​មេដឹកនាំ​សហជីព​ពីបទ​ញុះញង់​កម្មករ​ក្រុមហ៊ុនស៊ីនទ្រី ឲ្យ​ធ្វើ​កូដកម្ម​​

លោក​ ទូចកុសលប្រធាន​សហព័ន្ធ​សហជីព​កម្មករ​និយោជិត​វិស័យ​ទេសចរណ៍​កម្ពុជា (ស្តាំ) និងអភិបាល​ក្រុង​ភ្នំពេញ ​លោកឃួងស្រេង (កណ្តាល) ជួបប្រជុំជាមួយកម្មករស៊ីនទ្រីកាលពីថ្ងៃទី៧​​ ខែតុលា។ បញ្ញាឆព័ណ្ណ

ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ព្រមាន​មេដឹកនាំ​សហជីព​មួយ​រូប​ពី​ការ​បំពាន​ច្បាប់​ការងារដោយ​បាន​ចោទប្រកាន់​មេដឹកនាំ​សហជីព​រូប​នេះ​ថាបាន​ញុះញង់​កម្មករ​ក្រុមហ៊ុន​ប្រមូល​សំរាម​ស៊ីនទ្រី (Cintri) ឲ្យ​ធ្វើ​កូដកម្មដើម្បី​ដាក់​សម្ពាធ​លើ​និយោជក​ឲ្យ​ធានា​នូវ​ប្រាក់​ឧបត្ថម្ភ​ផ្សេងៗនិង​ប្រាក់​ខែ​ចុងក្រោយប្រសិន​បើ​កម្មករ​ទាំង​នេះ​បាន​បាត់បង់​ការងារ។

នៅ​ក្នុង​លិខិត​មួយ​ចុះ​កាល​ពី​ថ្ងៃ​ទី០៨ ខែ​តុលា ទៅ​កាន់​លោក​ ទូច កុសល ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​និយោជិត​វិស័យ​ទេសចរណ៍​កម្ពុជាក្រសួងការងារ ​បាន​ចោទ​ប្រកាន់​លោក ​ទូច ​កុសល​ ថាបាន​ដឹកនាំ​កម្មករ​ក្រុមហ៊ុន​ស៊ីនទ្រី​ប្រមាណ​ពីរ​ពាន់​នាក់​ឲ្យ​ធ្វើ​កូដកម្មដែល​បាន​ចាប់ផ្តើម​កាល​ពី​ថ្ងៃ​ទី០២ខែ​តុលានិង​បាន​បញ្ជា​ឲ្យ​លោក​បញ្ឈប់​សកម្មភាព​នេះ​ជា​បន្ទាន់។ ​​

លិខិត​ខាង​លើ​បាន​សរសេរ​ថា៖ «លោក ទូច កុសល បានធ្វើសកម្មភាពផ្ទុយពីលក្ខន្តិកៈរបស់សហព័ន្ធដឹកនាំធ្វើកូដកម្មពុំស្របតាមនីតិវិធីច្បាប់និងញុះញង់កម្មករនិយោជិតឲ្យប្រព្រឹត្តកំហុសធ្ងន់»

លិខិត​នេះ​បាន​បន្ត​ថាលោក​ កុសល ​បាន​ដឹកនាំ​ និង​ញុះញង់​កម្មករ​និយោជិត​ឲ្យ​ដាក់​សម្ពាធ​លើ​ភាគី​និយោជក​ ដើម្បី​ទទួល​បាន​នូវ​ការ​ទូទាត់​ប្រាក់​ឈ្នួល​ផ្ទុយ​ពី​​ស្មារតី​ច្បាប់និង​បទប្បញត្តិ​ពាក់ព័ន្ធ​នឹង​វិស័យ​ការងារ។

​លិខិត​ពី​ក្រសួងការងារ​ បានព្រមានលោក កុសល​ ​ថា៖ «ចំពោះមុខករណី​​ពុំមានការកែប្រែឬផ្គើនចំពោះលិខិតព្រមាននេះអង្គការវិជ្ជាជីវៈរបស់លោកអាចនឹងត្រូវប្តឹងដើម្បីរំលាយចោលទទួលនូវវិធានការផ្សេងៗ​​ទៀតតាមការកំណត់ច្បាប់ជាកំហិត»

កម្មករ​ក្រុមហ៊ុន​ស៊ីនទ្រី ​បាន​ចាប់​​ផ្តើម​ធ្វើ​កូដកម្មបន្ទាប់​ពី​ឮ​ដំណឹង​ថាសាលារាជធានី​ភ្នំពេញ​មាន​ផែនការ​បញ្ចប់​កិច្ចសន្យា​ក្រុមហ៊ុន​ស៊ីនទ្រី​នៅ​ថ្ងៃ​ទី១៦ ខែ​តុលា ដោយ​ជំនួស​មក​វិញ​នូវ​ក្រុមហ៊ុន​ប្រមូល​សំរាម​ថ្មី​ចំនួន​បីដែល​ការណ៍​នេះ​អាច​ធ្វើឲ្យ​ពួកគេ​បាត់បង់​ការងារ​នៅ​ក្រុមហ៊ុន​ស៊ីនទ្រី។ ជា​លទ្ធផល​ កម្មករ​បាន​ទាមទារ​ឲ្យ​និយោជក​សន្យា​ថានឹង​ផ្តល់ឲ្យ​នូវ​ប្រាក់​បំណាច់​អតីតភាព​ការងារប្រាក់សំណង​ជំងឺ​ចិត្តប្រាក់​ជំនួស​ការ​ជូន​ដំណឹង​មុនប្រាក់ខែ​ចុងក្រោយនិង​ការ​ឈប់​សម្រាក​ប្រចាំឆ្នាំ​ដែល​នៅ​សេសសល់។ ​

​យោង​ទៅ​តាម​កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ​ទី០៧ ខែ​តុលា មន្រ្តី​សាលារាជធានី​ភ្នំពេញនិង​តំណាង​ក្រុមហ៊ុន​​បាន​និយាយ​ថាការ​ទាមទារ​របស់​កម្មករ​មិនអាច​ត្រូវ​ធានា​បាន​នោះ​ទេពីព្រោះ​ក្រុមហ៊ុន​ស៊ីនទ្រី​កំពុង​​ដំណើរការ​នៅ​ឡើយនិង​បាន​ជំរុញ​ឲ្យ​​កម្មករ​នយោជិត​វិលត្រឡប់​មក​ធ្វើ​ការ​ដូចធម្មតា​វិញ ​ប៉ុន្តែ​ការ​អំពាវនាវ​នេះ​មិន​បាន​ជោគជ័យ​នោះ​ទេ។​

​លោក ​កុសល ​បាន​និយាយ​ថាការចោទប្រកាន់​ពី​សំណាក់​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ គឺ​មិនមាន​មូលដ្ឋាន​សមស្រប​ទេពី​ព្រោះ​លោក​មិន​បាន​ញុះញង់​ឲ្យ​កម្មករ​ក្រុមហ៊ុន​ស៊ីនទ្រី​ឲ្យ​ធ្វើ​កូដកម្ម​នោះ​ទេ។

​លោក​បាន​និយាយ​ថា៖ «ខ្ញុំគិតថាការចោទប្រកាន់មកលើរូបខ្ញុំគឺមិនមានភស្តុតាងច្បាស់លាស់ហើយពួកគាត់ចេះតែទម្លាក់កំហុសមកលើខ្ញុំ។នេះជារឿងអយុត្តិធម៌ហើយខ្ញុំមិនទទួលបានទេ»

លោក ​កុសល ​បាន​និយាយ​ថានៅ​ពេល​ដែលកម្មករ​ប្រមូល​សំរាម​បាន​ចាប់ផ្តើម​ធ្វើ​កូដកម្ម​កាល​ពី​ល្ងាច​ថ្ងៃ​ទី០២​ ខែ​តុលា លោក​​កំពុង​ស្ថិត​នៅ​ខេត្ត​សៀមរាមហើយ​លោក​មិន​បាន​ចូលរួម​នៅ​ក្នុង​ជំនួប​រួម​គ្នា​លើក​ដំបូង​រវាង​កម្មករ​នយោជិតតំណាង​ក្រុមហ៊ុននិង​តំណាង​រដ្ឋាភិបាល​កាល​ពី​ថ្ងៃ​ទី០៣ខែ​តុលា​នោះ​ទេ។

លោក​បាន​កត់សម្គាល់​ថាកម្មករនិង​មេដឹកនាំ​សហជីព​នៅ​ក្រុមហ៊ុន​ស៊ីនទ្រី​បាន​ស្នើ​សុំ​ជំនួយ​ពី​រូប​លោក​បន្ទាប់​មកហើយ​លោក​ទើប​តែ​បាន​ចូល​រួម​ការ​ប្រជុំ​លើក​ទីពីរ​រវាង​ភាគី​ទាំង​បី​ខាង​លើ​កាល​ពី​ថ្ងៃ​ទី០៥ ខែ​តុលា។

លោក ​កុសល​ បាន​បន្ថែម​ថានេះ​ជា​លើកទី​បី​ហើយ​នា​ឆ្នាំ​នេះដែល​លោក​ត្រូវ​បាន​ព្រមាន​ពី​ការ​ធ្វើ​សកម្មភាព​តំណាង​ឲ្យ​​សហជីព​របស់​លោកដោយ​ការ​ព្រមាន​ចំនួន​ពីរ​លើក​​គឺ​ចេញ​មក​ពី​ក្រសួងការងារ​ និងតុលាការ​ខេត្ត​សៀមរាបជុំវិញ​កិច្ចប្រឹងប្រែង​របស់​លោក​ដើម្បី​ជួយ​បុគ្គលិក​សណ្ឋាគារ Le Meridien Angkor Hotel ដែល​បាន​ធ្វើ​កូដកម្ម​ចាប់តាំង​ពី​ខែ​សីហា​មក។ ​​

លោក​បាន​បន្ត​ថាលោក​បាន​ស្នើ​ឲ្យ​មន្រ្តី​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ពិនិត្យ​សេចក្តីលម្អិត​នៃ​ករណី​នេះមុន​ពេល​ចុះ​ជា​លិខិត​ព្រមានដែល​មិនមាន​មូលដ្ឋាន​ច្បាស់លាស់ និង​អាច​បង្ក​ការ​ខូចខាត​ដល់​សាម៉ី​បុគ្គល​ដែល​លិខិត​​នោះ​សំដៅ​មក​លើ។

​លោក ​កុសល​ បាន​និយាយ​ថា៖ «ការចោទប្រកាន់មកលើរូបខ្ញុំគឺមិនត្រឹមត្រូវនោះទេពីព្រោះនៅពេលខ្ញុំទៅចរចាខ្ញុំគ្រាន់តែសម្របសម្រួសរវាងកម្មករក្រុមហ៊ុននិងអាជ្ញាធរពាក់ព័ន្ធតែប៉ុណ្ណោះ។ ខ្ញុំមិនមែនមេដឹកនាំកូដកម្មនោះទេ»

លោក​ កៅ​ សុខវ៉ាត ប្រធាន​សហព័ន្ធ​​សហជីព​កម្មករ​នយោជិត​វិស័យ​ទេសចរណ៍​ប្រចាំ​នៅ​ក្រុមហ៊ុន​ស៊ិនទ្រីបាន​បញ្ជាក់​ថាលោក​បាន​ស្នើ​សុំ​ជំនួយ​ពី​លោក​ ទូច ​កុសល ដើម្បី​ធ្វើការ​ចរចាដោយសារ​លោក​ កុសល​ មាន​ចំណេះដឹង​ផ្នែក​ច្បាប់និង​បាន​បញ្ជាក់​ផង​ដែរ​ថាលោក​កុសល​មិន​បាន​​​ចូលរួម​ក្នុង​ការ​ការចរចា​លើក​ទី​មួយកាល​ពី​ថ្ងៃ​ទី០៣ខែ​តុលា​នោះ​ទេ។

​លោក​បាន​និយាយ​ថា៖ «គាត់មិនមែនជាអ្នកនៅពីក្រោយរឿងនេះទេ។ ខ្ញុំគិតថាគាត់មិនបានធ្វើអ្វីខុសនោះទេ»

លោក​ សុខវ៉ាត ​បាន​បន្ថែម​ថាលោក ​កុសល​ ក៏​បាន​មិន​នៅ​កៀក​នឹង​កម្មករ​ធ្វើ​កូដកម្ម​ផង​ដែរដោយសារ​តែ​ការ​ចោទប្រកាន់​ប្រឆាំង​នឹង​រូប​លោក។

លោក​បាន​និយាយ​ថា៖ «ខ្ញុំសូមស្នើឲ្យក្រសួងការងារពិនិត្យឡើងវិញ [ករណីនេះ] ពីព្រោះ​ ​សហជីព និងសហព័ន្ធមិនមែននៅពីក្រោយរឿងនេះទេ។កម្មករបានធ្វើកូដកម្មដោយខ្លួនឯងផ្ទាល់»

អ៊ុំ វណ្ណនី អាយុ ៣២ឆ្នាំ​ កម្មករ​ក្រុមហ៊ុន​ស៊ីនទ្រីបាន​និយាយ​ថា​ លោក ​កុសល  ឬ​តំណាង​សហជីពមិនពាក់ព័ន្ធនឹងការធ្វើកូដកម្មនោះទេហើយ​ថាកម្មករ​បាន​សម្រេច​ធ្វើ​កូដកម្ម​ដោយ​ខ្លួន​ឯង​ផ្ទាល់។

លោក​បាន​និយាយ​ថា៖ «នេះជាការគំរាមកំហែងមកលើសហជីព និងសហព័ន្ធក៏ដូចជាពួកខ្ញុំផ្ទាល់។វាមិនពាក់ព័ន្ធសហជីព និងសហព័ន្ធនោះទេពីព្រោះយើងចង់ឲ្យខាងក្រុមហ៊ុនបំពេញនូវការទាមទារចំនួនប្រាំចំណុចរបស់យើង»

លោក​ វណ្ណនី​ បាន​បន្ថែ​មថាឥឡូវ​នេះកម្មករ​នៅ​តែ​បន្ត​ធ្វើ​កូដកម្មដរាប​ណា​ក្រុមហ៊ុនឬ​អាជ្ញាធរ​ផ្តល់​ជា​ដំណោះស្រាយ​សមស្រប​មួយ។

យោង​ទៅ​តាម​កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ​ទី០៧ ខែ​តុលា ​រវាង​កម្មករ​ក្រុមហ៊ុន​ស៊ីនទ្រីតំណាង​ផ្នែក​គ្រប់គ្រង​របស់​ក្រុមហ៊ុន​ ​មន្រ្តី​ពី​សាលារាជធានី​ភ្នំពេញមន្រ្តី​ពី​ក្រសួង​ការងារនិង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ក្រសួង​បរិស្ថានក្រុមហ៊ុន​ស៊ិនទ្រី​បាន​និយាយ​ថាខ្លួន​នឹង​គោរព​ទៅ​តាម​ច្បាប់​ការងារដើម្បី​ឆ្លើយ​តប​នឹង​ការ​ទាមទារ​របស់​កម្មករ។ ​

លោក ​អ៊ូ រតនា អគ្គលេខាធិការ​រង​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​​កូដកម្មនិង​បាតុកម្មនៃ​​ក្រសួង​ការងារនិង​បណ្តុះបណ្តាល​វិជ្ជាជីវៈបដិសេធ​មិន​​ធ្វើ​ការ​អធិប្បាយនិង​បាន​បង្វែរ​សំណួរ​មក​កាន់​ប្រធាន​នាយកដ្ឋាន​​ដោះស្រាយ​វិវាទ​នៃ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​លោកជ្រុនថេរ៉ាវង្សដែល​បដិសេធ​មិន​ធ្វើ​ការ​អធិប្បាយ​ដូចគ្នា។ ​

អ្នកនាំពាក្យ​ក្រសួង​ការងារ​លោកហេងសួរបាន​និយាយ​ថាវាមិនចាំបាច់សម្រាប់ធ្វើការបកស្រាយ​លម្អិត​ពី​លិខិត​ខាង​លើនោះទេ។

លោក​បាន​និយាយ​ថា៖ «ខ្ញុំមិនបរិយាយលើលិខិតដែលជាលិខិតទៅបុគ្គលដែលអនុវត្តខុសនោះទេ។ក្នុងលិខិតមានយោងនិងបានផ្តល់ព័ត៌មានគ្រប់គ្រាន់ដល់សាមីខ្លួនដែលធ្វើការក្នុងវិស័យនេះ»

អភិបាល​ក្រុង​ភ្នំពេញ​លោក ឃួង ស្រេង​ បាន​លើកឡើង​​ថាស្រប​ពេល​ដែល​កម្មករ​ក្រុមហ៊ុន​ស៊ីនទ្រី​នៅ​តែ​បន្ត​ធ្វើ​កូដកម្មលោក​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ចុះ​ប្រមូល​សំរាម​របស់​ប្រជាពលរដ្ឋ។

លោក​បាន​បន្ត​ថាលោកមិន​អាច​ធ្វើ​ការ​អធិប្បាយ​លើ​លិខិត​ទៅ​កាន់​លោក ​ទូច កុសល​ បាន​ទេដោយសារ​តែ​លោក​មិនបាន​ឃើញ​លិខិត​នោះ។

​លោក ​​ឃួង ស្រេង​ បាន​និយាយ​ថា៖ ​«ប្រសិនបើក្រសួងការងារចេញអញ្ចឹងគាត់កុំធ្វើឲ្យខុសតាមនឹងទៅ»

ខេមបូចាមិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​ពី​លោក​ ម៉េត មាសភក្តី អ្នកនាំពាក្យ​សាលារាជធានី​ភ្នំពេញ​បាន​ទេ។

លោក​ ឃុន ថារ៉ូ អ្នក​សម្របសម្រួល​កម្មវិធី​នៅ​អង្គការ​គាំពារ​សិទ្ធិ​ការងារសង់ត្រាល់ (CENTRAL)  បាន​និយាយ​ថាការ​ចោទប្រកាន់​ពី​សំណាក់​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​មក​លើ​លោក​ទូចកុសលគឺ​មិនមាន​មូលដ្ឋាន​ច្បាស់លាស់​នោះ​ទេដោយសារ​តែ​តួនាទី​របស់​ លោក​ កុសល ​ជា​មេដឹកនាំ​សហជីព​ដែល​មាន​តួនាទី​​សម្របសម្រួល​កិច្ច​ប្រជុំ​រវាង​កម្មករនិង​ភាគី​ពាក់ព័ន្ធ​ដទៃ​ទៀត។

លោក​ ថារ៉ូ​ បាន​និយាយ​ថា៖ «ជាធម្មតាសេចក្តីសម្រេច[ធ្វើកូដកម្ម]​គឺផ្អែកទៅកម្មករឬតំណាងសហជីព»

លោក​បាន​និយាយ​ថាការ​ចោទប្រកាន់​ពី​ក្រសួង​ការងារ​គឺ​មិនមាន​ភស្តុតាង​គ្រប់គ្រាន់​នោះ​ទេនិង​ថា​ការងារ​របស់​មេដឹកសហព័ន្ធ​គឺ​ត្រូវ​​ឆ្លើយតប​នៅ​ពេល​ត្រូវ​បាន​កោះហៅ​ដោយ​កម្មករ​ធ្វើ​កូដកម្ម។

លោក​បាន​និយាយ​ថា៖ «ខ្ញុំគិតថានេះគឺជារឿងអយុត្តិធម៌មួយចំពោះ​​អង្គការប្រកបដោយវិជ្ជាជីវៈជាតិមួយដែលគ្រាន់តែដើរតួនាទីសម្របសម្រួលនិងដោះស្រាយវិវាទ។គាត់គួរតែត្រូវបានគោរពនិងឲ្យតម្លៃសម្រាប់ការងាររកដំណោះស្រាយ។នៅពេលពួកគាត់ចេញ [លិខិត] ដូចនេះវាជាការគំរាមកំហែងមួយមកលើសហជីព»

164 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម