សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សង្គម​ស៊ីវិល​អំពាវនាវ​លើក​ចុង​ក្រោយ​សម្រាប់​វិសោធនម្ម​ច្បាប់​ស្ដីពី​សមាគម និងអង្គការ​មិនមែន​រដ្ឋាភិបាល ខណៈ​សកម្មភាព​របស់​ខ្លួន​កំពុង​មាន​ការ​រឹត​ត្បិត

លោក យ៉ង គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្ដិភាព មានប្រសាសន៍ក្នុងកិច្ចប្រជុំពិភាក្សាលើការធ្វើវិសោធនកម្មច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនៅក្រសួងមាផ្ទៃកាលពីថ្ងៃទី៦ ខែកក្កដា។ បញ្ញា ឆព័ណ្ណ

អង្គការ​សង្គម​ស៊ីវិល​បាន​អះ​អាង​ថា​សេរី​ភាព​នៃ​ការ​ជួបជុំ​របស់​ពួកគេ​ត្រូវ​បាន​រឹតត្បិត​ដោយ​អាជ្ញាធរ​មូលដ្ឋាន​ ខណៈ​ការ​ធ្វើ​វិសោធ​នកម្ម​ច្បាប់​ស្ដី​ពី​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ហៅ​កាត់​ថា​ Lango ត្រូវ​ក្រុម​ការងារ​រដ្ឋាភិបាល​លើក​យក​មក​ពិភាក្សា​នៅ​ក្នុង​សប្ដាហ៍​នេះ។

ក្រុម​ការងារ​បច្ចេកទេស​របស់​ក្រ​សួង​មហាផ្ទៃ ដែល​មាន​សមាសភាព​មកពី​ខាង​មន្ត្រី​រដ្ឋាភិបាល និង​ថ្នាក់​ដឹក​នាំ​អង្គការ សង្គម​ស៊ីវិល​តំណាង​ឲ្យ​​៥០០ ស្ថាប័ន បាន​រៀប​ចំ​កិច្ច​ពិភាក្សា​នេះ ​នៅ​ថ្ងៃទី​៦ ខែ​កក្កដា ដើម្បី​លើក​សំណើ​កែសម្រួល​លើ​មាត្រា​ចំនួន​១៤ បន្ទាប់​ពី​មាន​ការ​ជជែក​ពិភាក្សា​គ្នា​ជាង​ប្រាំបី​ខែ​មក​ហើយ។​

ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដ៏​ចម្រូងចម្រាសនេះ​បាន​ចូល​ជា​ធរមាន​កាល​ពីខែ​សីហា ឆ្នាំ​២០១៥ ដោយ​ទទួល​បាន​ការ​អនុម័ត​ទាំងស្រុង​ពី​សមាជិកសភាបក្ស​កាន់​អំណាច ខណៈ​ពេល​នោះ​សមាជិក​សភា​មកពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ​ពហិកា។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​ស្នើ​ឲ្យ​មានការ​ពិនិត្យ​ឡើង​វិញ ឬ​លុប​ចោល​តែ​ម្ដង​នូវ​មាត្រា​ចំនួន​១៤ នៃ​ច្បាប់​នេះ។ មាត្រា​ចំនួន​១៤នេះ​មាន​និយាយ​ដល់​នីតិវិធី​ចុះបញ្ជី​ជាមួយ​ក្រ​សួង​មហាផ្ទៃ នីតិ​វិធី​បង់ពន្ធ និង​នីតិវិធី​បង្កើត​ និង​ចុះ​ឈ្មោះអង្គការ​មិន​មែន​រដ្ឋាភិបាល។ មាត្រា​ដែល​ស្នើ​ឲ្យ​មាន​ធ្វើ​វិសោធកម្ម​នោះ​មាន​ មាត្រា១ មាត្រា៧ មាត្រា៨ មាត្រា៩ មាត្រា១០ មាត្រា១១ មាត្រា​២០ មាត្រា២៤ មាត្រា២៥ មាត្រា២៦ មាត្រា៣០ មាត្រា៣១ មានត្រា៣២ និង​មាត្រា៣៥។​

មន្ត្រី​សម្របសម្រួល​អង្គការ ខុមហ្រ្វែល លោក កន សាវាង្ស មានប្រសាសន៍​ក្នុង​កិច្ច​ប្រ​ជុំនៅ​ក្រ​សួង​មហាផ្ទៃ​ថា​លោក​នៅតែ​មានការ​ព្រួយបារម្ភ​ចំពោះ​ការ​តាម​ដាន និង​ការ​រឹត​ត្បិត​របស់​អាជ្ញាធរ​មូល​ដ្ឋាន​មក​លើ​សកម្មភាព​របស់​អង្គការ​សង្គម​ស៊ីវិល។

​លោក​មាន​ប្រ​សាសន៍​ថា៖ « នៅ​ដើម​ខែ​នេះ​ នៅ​តែ​មាន​បញ្ហាប្រ​ឈម​ទាក់ទង​នឹង​ការងារ​របស់​ពួក​យើង ដូចជា​ការ​រៀប​ចំ​វេទិកា​នៅ​តាម​សហគមន៍​ជាដើម​»។​

​​លោក​បន្តថា​ ដើម្បី​បាន​រៀប​ចំប្រ​ជុំ ឬ​កម្មវិធីផ្សេងៗ​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​តែ​តម្រូវ​ឲ្យ​សុំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​មូល​ដ្ឋាន និង​មាន​ការ​ជួប​ជុំ​ខ្លះ​ក៏​មាន​អាជ្ញារ​តាម​ថតរូប យក​ឈ្មោះ​អ្នក​ចូលរួម ឬ​ក៏​ទាម​ទារ​ឲ្យ​អង្គការ​ផ្ដល់​របាយការណ៍​ទៀត​ផង។​

​លោក សាវាង្ស មានប្រសាសន៍ថា៖«​ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​ស្នើ​ទៅ​កាន់​ក្រ​សួង​មហាផ្ទៃ​ឲ្យ​បញ្ឈប់​សកម្មភាព​នេះ និង​ស្នើ​ឲ្យ​ណែនាំ​ទៅ​ដល់​មន្ត្រី​ថ្នាក់​ក្រោម​(ឲ្យ​ធ្វើ​ដូច​គ្នា​នេះ​ដែរ»។ ​

លោក​ឲ្យ​ដឹង​ដែរ​ថា​កាល​ពី​ខែ​មិថុនា​កន្លង​ទៅ​មានអង្គការសង្គមស៊ីវិល​ប្រហែល​១០០​បាន​រាយការណ៍​មក​ថា​ពួកគេ​ពិបាក​ធ្វើ​ការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ពេល​ចុះ​​បំពេញ​ការងារ។​​​​

លោក សាវាង្ស មានប្រសាសន៍ថា៖ «នៅ​តែ​មានបញ្ហាប្រឈម​ជាមួយ​អាជ្ញាធរ​​ ពេល​ចុះ​បំពេញ​ការ​ងារ​នៅ​ថ្នាក់​​មូល​ដ្ឋាន ដោយ​អាជ្ញាធរ​​បាន​តាម​ដាន និង​ទាមទារ​ឲ្យ​សុំ​ការអនុញ្ញាត​ជា​មុន​(បើ​អង្គការ​ចង់) ដើម្បី​រៀប​ចំវេទិកា»

​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ​ដឹកនាំ​កិច្ចពិភាក្សា​ច្បាប់​ស្តីពី​សមាគម និង​អង្គការមិនមែនរដ្ឋាភិបាល លោក ប៊ុន ហុន មាន​ប្រ​សាសន៍​ក្នុង​កិច្ច​ប្រ​ជុំ​ថា​មិន​មាន​ការ​ចាំបាច់​ដែល​អង្គការ​សង្គម​ស៊ីវិល «ត្រូវសុំការ​អនុញ្ញាត» ដើម្បី​ធ្វើ​សកម្មភាព​ធម្មតា​របស់​ខ្លួន​នោះ​ទេ ប៉ុន្តែ លោក​ថា​អង្គការ​សង្គម​ស៊ីវិល​ត្រូវ​តែ​សហការ​ជាមួយ​អាជ្ញាធរ​មូល​ដ្ឋាន​​ដើម្បី​រក្សា​សណ្ដាប់ធ្នាប់​សាធារណៈ។

លោក​មានប្រសាសន៍ថា៖ «គួរ​តែ​មាន​ការ​ជូនដំណឹង​ (ដល់​អាជ្ញាធរ) ពេល​ខ្លះ​ (​អង្គការ​សង្គម​ស៊ីវិល)​ ធ្វើសកម្មភាព​នៅ​កន្លែងណា​អាច​ថា​មានការ​បង្កចលាចលជាយថាហេតុណាមួយ»

លោក​បន្ថែមថា៖ «យើង​បារម្ភ​ខ្លាំង​ចំពោះ​ស្ថានភាព​​បច្ចុប្បន្ន ពីព្រោះ​ពិភព​លោក​កំពុង​មាន​អំពើ​ភេរវកម្ម​កើត​ឡើង។​ ដូចនេះ​ប្រ​ទេស​របស់​យើង​ក៏​បាន​គិត​ពី​បញ្ហា​នេះ​ទាក់ទង​នឹង​សន្តិសុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ»

ទោះ​យ៉ាង​ណា លោក ស៊ឹង សែនករុណា មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​របស់​សមាគមនអាដហុក​បាន​និយាយ​ថា​ក្រុម​សង្គម​ស៊ីវិល​នៅ​តែ​មាន​ក្ដី​បារម្ភ​ទាក់ទង​នឹង​ការ​រឹត​ត្បិត​សេរីភាព​របស់​អង្គការ​មិនមែន​​រដ្ឋាភិបាល​។ លោក​កត់​សម្គាល់​ថា​ខាង​ទីស្ដីការគណៈ​រដ្ឋមន្ត្រី​ធ្លាប់​បាន​ហៅ​ក្រុម​សង្គម​ស៊ីវិល​ថា​ជា​ក្រុម​ប្រ​ឆាំង ឬ​បាន​និយាយ​ថា​សកម្មភាព​តស៊ូ​មតិ​ផ្នែក​សិទ្ធិមនុស្ស​គឺជា «បដិវត្ត​ន៍ពណ៌»។​

​លោក សែនករុណា មានប្រសាសន៍ថា៖«យើង​បាន​ឃើញ​ការ​ចោទ​ប្រ​កាន់​ដោយ​គ្មាន​មូល​ដ្ឋាន​ពី​រដ្ឋាភិបាល​ និង​សូម្បី​ឥឡូវ​នេះ​ខាង​រដ្ឋាភិបាល​នៅ​តែ​មិន​ទាន់​ដក​ពាក្យ (ចោទប្រកាន់)​វិញ​ទេ ទោះបីជា​ពួក​យើង​បាន​ស្នើ​សុំ​ហើយ​ក៏​ដោយ»

លោក​សែនករុណា បន្ថែម៖«វា​ធ្វើ​ឲ្យ​ពួក​យើង​មានការ​ពិបាក​ក្នុង​ការ​បំពេញការងារ និងធ្វើសកម្មភាព​​ប្រចាំថ្ងៃរបស់យើង​នៅ​ថ្នាក់​មូល​ដ្ឋាន»

នៅ​ក្នុង​កិច្ច​ប្រ​ជុំ លោក​ យ៉ង​ គឹមអេង ​ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ ​និង​សន្ដិភាព បាន​ស្នើ​ឲ្យ​លុប​ចោល​មាត្រា៣២ ដែល​ចែងថា​អង្គការ​ដែល​មិនបានចុះបញ្ជីនឹង​ត្រូវ​ពិន័យ​ប្រាំ​លាន​រៀល​ និង​ធ្វើ​វិសោធន​កម្មមា​ត្រា​៣៥ ដែល​ចែងថា​ក្រសួង​ការបរទេស​អាច​បិទ​អង្គការ​អន្តរជាតិ​ណា​ដែល​ធ្វើ​សកម្មភាព​ «ប៉ះ​ពាល់​ដល់​​សន្តិសុខជាតិ»។

លោក គឹមអេង មានប្រសាសន៍ថា៖ «​យើង​សូមស្នើ​ឲ្យ​លុប​ចោល​កឋា​ខណ្ឌ​ខ្លះ​ក្នុង​មាត្រា​៣៥ ដែល​ចែង​ថា​សមាគម ឬ​អង្គការ​មិនមែន​រដ្ឋា​ភិបាល​(អាច​នឹង​ត្រូវ​បិទ)​ពេល​ធ្វើ​សកម្មភាព​ណាមួយ​អាច​ប៉ះពាល់​ដល់​សន្តិសុខជាតិ និង​សណ្ដាប់​ធ្នាប់​សាធារណៈ»។

បើ​តាម​មាត្រា​៣៥ អង្គការ​អន្តរជាតិ​អាច​នឹង​ត្រូវ​បិទ​បើ​សិន​ជា​មិន​បាន​​ «​អនុវត្តត្រឹម​ត្រូវ​តាម​អនុសារណៈ​យោគ​យល់​ជាមួយ​ក្រ​សួង​ការបរទេស ឬ​ក៏​អង្គការ​ សមាគម​បរទេស​ទាំង​នោះ​ធ្វើ​សកម្ម​ភាព​ប៉ះពាល់​ដល់​សន្តិសុខ ស្ថេរ​ភាព និង​សណ្ដាប់​ធ្នាប់​សាធារណៈ ឬ​បង្ក​គ្រោះថ្នាក់​ដល់​សន្តិ​សុខជាតិ ឯកភាពជាតិ វប្បធម៌ និង​ប្រ​ពៃណី​ទំនៀមទំលាប់​ល្អ​ប្រ​សង្គម​កម្ពុជា»។ ​​

លោក គឹមអេង មានប្រសាសន៍ថា​ការ​សម្រេច​បិទ​នេះ​គួរតែជា​សម្ថកិច្ច​របស់តុលាការ មិនមែន​ក្រសួង​ ជា​អ្នក​សម្រេច​ថា​អង្គការ​ណា​មួយ​បាន​ប្រ​ព្រឹត្ត​ខុស​ច្បាប់​នោះ​ទេ។

លោក​ គឹមអេង មានប្រសាសន៍ថា៖ «[វា]​គួរតែ​ប្ដូរ​ថា​ក្រសួង​មិន​អាច​បិទ​អង្គការ​បរទេស​បានទេ ដរាប​ណា​តុលាការ​មិន​ទាន់​សម្រេច​ថា​សមាគម ឬ​អង្គការ​បាន​ប្រព្រឹត្ត​បទព្រហ្មទណ្ឌ»

លោក​បន្ថែមថា៖ «អង្គការ​ក្រៅ​រដ្ឋាភិបាល​អន្តរជាតិ​ដែល​យើង​ធ្វើ​ការ​ជាមួយ​បាន​និយាយ​ថា​ពួកគេ​មាន​ការ​បារម្ភ​ចំពោះ​ចំណុច​នេះ»។ ​

លោក​បន្តថា ខណៈ​កម្ពុជា​កំពុង​បន្ត​មាន​ទំនាក់ទំនង​ជាមួយ​សហគមន៍​អន្តរជាតិ និង​កសាង​កេរិ៍​ឈ្មោះ​​លើ​ឆាក​អន្តរជាតិ ជា​រឿង​សំខាន់​ណាស់​ដែល​កម្ពុជា​ត្រូវ​កែសម្រួល​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​​រដ្ឋាភិបាល​នេះ​ ដើម្បី​ឲ្យ​ទាំង​អង្គការ​ជាតិ និង​អន្តរ​ជាតិ​ទទួល​យក​បាន។

លោក​មានប្រសាសន៍​ថាការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល នឹង​លើក​ទឹក​ចិត្ត​ដល់​ពល​រដ្ឋ​ក្នុង​ការ​ចូល​រួម​លើក​កម្ពស់​លទ្ធិ​ប្រជា​ធិប​តេយ្យ​។

លោក គឹមអេង បានលើកឡើងថា៖ «ខ្ញុំ​គិតថា​ការ​ផ្ដល់​សេរីភាព​ក្នុង​ការ​ជួបជុំ​គឺ​ជា​រឿង​ចាំបាច់ ហើយ​ខ្ញុំ​សូម​ស្នើ​ឲ្យ​មាន​ការ​ពិចារណា[ធ្វើ​វិសោធនកម្ម]»។ ​

ឆ្លើយ​តប​ចំពោះ​ការ​ស្នើ​ឲ្យ​មាន​ការ​លុប​ចោល​មាត្រា​៣២នេះ រដ្ឋលេខាធិការ​ក្រ​សួង​មហាផ្ទៃ​លោក ប៊ុន ហុន មាន​ប្រសាសន៍​ថា​រដ្ឋធម្មនុញ្ញ បាន​ចែងពី​សិទ្ធិក្នុង​ការ​ជួបជុំ និង​ធានា​សិទ្ធិធ្វើនយោបាយ​របស់​ក្រុម​ទាំងនោះ ប៉ុន្តែ​សិទ្ធិ​ទាំង​នោះ​ត្រូវ​ស្ថិត​នៅ​ក្រោម​ច្បាប់។

លោក ប៊ុន ហុន សង្កត់​ធ្ងន់​ថា​ការ​ប្រើ​ប្រាស់​សិទ្ធិរបស់​មនុស្ស​ម្នាក់​ៗគឺ​មិន​អាច​ទៅ​បំពាន​សិទ្ធិ​របស់​អ្នក​ដទៃ​បានទេ ឬ​ក៏ធ្វើឲ្យ​ប៉ះពាល់​ដល់​សន្ដិសុខ និង​សណ្ដាប់​ធ្នាប់​សាធារណៈ​នោះ​ដែរ។

លោក​មានប្រសាសន៍ថា៖ «​យើង​មិន​អាច​មើល​តែ​មួយ​ជ្រុង​ដោយ​​ច្បាប់​ផ្ដល់​តែ​ប្រយោជន៍​ដល់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទេ ប៉ុន្តែ​ពួក​គេមិន​បាន​គិត​ដល់​ផល​ប្រយោជន៍​របស់​ប្រជាជន​១៦​លាម​នាក់ ឬ​ក៏​ផល​ប្រ​យោជន៍​ជាតិ រួម​ទាំង​សន្តិសុខជាតិ»។

មាត្រា​៣២ ចែងថា​អាជ្ញាធរ​មាន​សមត្ថកិច្ច​ត្រូវ​ចាត់វិធានការ​បញ្ឈប់​ជា​បន្ទាន់​ចំពោះ​សមាគម ឬ​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុង​ស្រុក​ណា​ដែល​ធ្វើ​សកម្មភាព​ដោយ​មិន​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ។ ក្នុង​ករណី​មិន​រាងចាល​សមាគម ឬ​អង្គការមិន​មែន​រដ្ឋាភិបាល​ក្នុង​ស្រុក​នោះ​ត្រូវ​ពិន័យ​ជា​ប្រាក់​ពីប្រាំលាន ទៅ​១០​លាន​រៀល។ ក្នុង​ករណី​បន្ត​ធ្វើសកម្មភាព​ទៀត​​ អាជ្ញាធរ​មាន​សមត្ថកិច្ច​ត្រូវ​ប្ដឹង​​ទៅ​តុលាការ​ដើម្បី​ចាត់​វិធានការ​តាម​​ផ្លូវ​ច្បាប់ ដោយ​ពុំ​ទាន់​គិត​ដល់​ទោស​ព្រហ្មទណ្ឌ​ផ្សេងទៀត។​

​​លោក​ ប៊ុន ហុន មានប្រសាសន៍ថា ​លោក​នឹង​ធ្វើ​របាយកាណ៍​លម្អិត​​ដាក់ជូន​​រាជ​រដ្ឋាភិបាល​ទាក់​ទង​នឹង​ការ​ស្នើ​ធ្វើ​វិសោធន​កម្ម​របស់​សមាគម និង​អង្គការ​នេះ។​​​

លោកបន្ថែមថា៖ «រាជ​រដ្ឋា​ភិបាល​នឹង​ពិចារណា​សម្រេច​ថា​មាត្រា​ណា​ខ្លះ​នឹង​ត្រូវធ្វើ​វិសោធនកម្ម»។  

​កាល​ពី​ខែកញ្ញា ឆ្នាំ២០១៨ សម្ព័ន្ធ​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​ក្នុង​ស្រុក​រួម​ទាំង​អង្គការ​អាដហុក និង​មជ្ឈមណ្ឌលសិទ្ធិមនុស្ស​កម្ពុជា​ផង​បាន​ចេញ​របាយការណ៍​លើកទីពីរ​វិភាគ​ទៅ​លើ​​សេរីភាព​មូល​ដ្ឋាន​នៅ​កម្ពុជា។

បន្ទាប់ពី​ចំណាយ​ពេល​ពីរ​ឆ្នាំ​ក្នុង​ការ​ប្រមូល​អត្ថបទ​ព័ត៌មាន​ចំនួន​៣២១៤ ការ​ស្ទង់​មតិជាសាធារណៈ​មាន​អ្នកចូលរួម​ឆ្លើយ​ជិត២០០០​នាក់ និង​ការ​ស្ទង់មតិ​លើ​អង្គការ​សង្គមស៊ីវិល​ជា​ច្រើន​រយ​ទៀត​ «គម្រោង​ឃ្លាំ​មើល​សេរី​ភាព​មូលដ្ឋាន​នៅ​កម្ពុជា» បាន​រក​ឃើញថា​​មានការ​កើន​ឡើង​នូវការ​រឹត​ត្បិត​សិទ្ធិ​ជាមូល​ដ្ឋាន​៥២ភាគរយ​ចន្លោះ​ពី​ខែ​មេសា ឆ្នាំ២០១៧ ដល់ខែ​មីនា ឆ្នាំ២០១៨ ច្រើន​ជាង​ឆ្នាំ​កន្លងទៅ។

​​របាយការណ៍​នេះ​បន្ថែមថា​សិទ្ធិក្នុង​ការ​ប្រមូល​ផ្ដុំគឺ​ត្រូវ​បាន​ហាមឃាត់​នៅ​ក្នុងឆ្នាំទី​២ នេះ​ដោយ​សារ​ការ​កើត​មាន​​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់ថ្មី ការ​កើន​ឡើង​ការ​តាមដាន ឃ្លាំមើល​សកម្មភាព​របស់​សមាគម និង​ការ​កើន​ឡើង​នូវ​ទណ្ឌកម្មប្រឆាំង​គណបក្ស​យោបាយ និង​អង្គការសង្គម​ស៊ីវិល។​​​​

97 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម