សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សហជីព​ពហិកាកិច្ចប្រជុំពិភាក្សាលើ​វិសោធនកម្ម​ច្បាប់ស្ដីពីការងារ​

រដ្ឋមន្ត្រីក្រ​សួងការងារ លោក អ៊ិត សំហេង ធ្វើជា​អធិបតី​ក្នុង​កិច្ច​ប្រជុំ​ពី​សេចក្ដីព្រាង​វិសោធនកម្មច្បាប់ស្ដីពី​ការងារ នៅ​រាជធានីភ្នំពេញ កាលពីថ្ងៃទី​១៥ ខែ​កញ្ញា ។ (បញ្ញា ឆព័ណ្ណ)

សហជីព និង​សហព័ន្ធសហជីព​មួយ​ចំនួនបា​នធ្វើ​ពិហិកាចូល​រួម​កិច្ច​ប្រជុំ​ពិភាក្សាលើ​ការ​ធ្វើវិសោធ​នកម្ម​ច្បាប់​ស្ដីពីការ​ងារ​​ជាមួយ​ភាគីរោងចក្រ និង​តំណាង​រដ្ឋាភិបាល​កាលពីថ្ងៃទី​១៥ ខែ​កញ្ញា ដោយ​ថា​ការ​ធ្វើ​វិសោធនកម្ម​នេះនឹង​ប៉ះពាល់​ដល់​ប្រយោ​ជន៍​កម្មករ​ក្នុង​វិស័យ​កាត់ដេរ និង​ដេរ​ស្បែកជើង។​

លោក ម៉ាន់ សេងហាក់ អនុប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រ​កម្ពុជា បាន​មានប្រសាសន៍​ថា បន្ទាប់ពី​បាន​ប្រជុំ​គ្នា​កាលពី​ថ្ងៃទី​១៤ ខែកញ្ញា សហជីព និង​សហព័ន្ធ​សហជីព​ឯករាជ្យ​សរុប​ចំនួន​ប្រាំ​មួយ​​បាន​សម្រេច​មិន​ចួល​រួ​ម​កិច្ច​ប្រជុំ​ជាមួយ​រដ្ឋមន្ត្រី​ក្រ​សួង​ការងារ និង​តំណាង​របស់​សមាគម​រោងចក្រ​កាត់ដេរនៅកម្ពុជា (GMAC) នោះទេ។ 

​លោក សេងហាក់ មានប្រសាសន៍ថា៖ «យើង​មិន​បាន​ចូល​រួម​កិច្ច​ប្រជុំទេ ​ព្រោះ​ពួក​យើង​មិន​ពេញ​ចិត្ត​នឹង​អ្នក​ទាំង​នោះ​ដែលមិន​គិត​គូរ​​ប្រយោជន៍​របស់​កម្មករ»

​លោក​ឲ្យ​ដឹង​ទៀតថា​សជីពធ្លាប់​​បាន​លើ​បញ្ហា​ទាក់ទង​នឹង​ការ​ពិកែប្រែ​មាត្រា​១៤៤ និង​១៦២ ដែល​អាច​នឹង​កាត់​បន្ថយ​ប្រាក់​ឈ្នួល​​កម្មករធ្វើការវេនយប់ និង​ប្រាក់ឈ្នួល​នៅ​ថ្ងៃ​បុណ្យផ្សេងៗ​។​

​លោក សេងហាក់ បន្ត​ថា៖ «មាត្រា១៤៤​ ទាក់ទង​នឹង​កម្មករ​ធ្វើ​ការ​វេន​យប់ ​ធ្លាប់​បាន​ធ្វើ​វិសោធនកម្មម្ដង​ហើយ​កាលពី​ឆ្នាំ​២០០៧ ដោយ​បន្ថយ​ប្រាក់ឈ្នួលពី​២០០​ភាគរយ មក​ត្រឹម​១៣០​ភាគរយ ហើយ​នៅ​ឆ្នាំ​២០២០​នេះ អ្នក​ទាំងនោះចង់​ធ្វើ​វិសោធនកម្ម​ម្ដងទៀត​ដោយ​កាត់ពី​១៣០​ភាគរយ មក​ត្រឹម​​១០០​ភាគរយ។ ដូចនេះ​វា​នឹង​ធ្វើ​ឲ្យ​បាត់​បង់​ប្រយោជន៍​របស់​កម្មករ»។​

​សម្រាប់​ការ​ធ្វើវិសោធនកម្ម​មាត្រា​១៦២ វិញ លោក ពន្យល់ថា​បើ​ថ្ងៃបុណ្យ​ផ្សេងៗ​ត្រូវ​ចំថ្ងៃអាទិត្យ​ ដែលជា​ថ្ងៃសម្រាក​របស់​កម្មករ​នោះ ខាង​និយោជកមិន​ចាំបាច់​បន្ថែម​ប្រាក់ឈ្នួល​សម្រាប់​​ថ្ងៃ​នោះ​ទេ។ 

​លោក សេងហាក់ បន្ថែថា៖ «ពួក​យើង​ចង់​ឲ្យ​ក្រសួង​ការងារ​ទម្លាក់ចោល​ការធ្វើ​វិសោធនកម្ម​នេះ និង​រក្សាប្រាក់ឈ្នួល​​១៣០​ភាគរយ​សម្រាប់​កម្មករ​ធ្វើការវេន​យប់»។ 

​ក្រុម​សហជីព​ដែល​បាន​ចូល​រួម​ធ្វើ​ពិហិកា​នោះរួម​មាន​ សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ សហភាព​ការងារ​កម្ពុជា​ សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា ​ សហព័ន្ធសហជីពកម្ពុជា សហភាព​ចលនា​កម្មករ​កម្ពុជា និង​សហព័ន្ធ​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​មួយ​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​១៤ ខែ​កញ្ញា ក្រុម​សហជីព​ទាំង​ប្រាំមួយ​បាន​និយាយ​ថា​ខ្លួន​បាន​ចូល​រូម​កិច្ចប្រ​ជុំ​ត្រី​ភាគី​លើសេចក្ដីព្រាង​​វិសោធនកម្មនេះ​ចំនួន​ពី​រ​ដងមក​ហើយ នៅថ្ងៃទី១៦ ខែមករា និង​ថ្ងៃទី​២១ ខែ​កក្កដា ឆ្នាំ២០២០ នេះ ហើយ​ក្នុង​កិច្ច​ប្រជុំទាំងពីរ​លើក​គឺ​បានទាម​ទារ​ឲ្យ​ក្រសួង​ទម្លាក់​​ចោល​ការ​ចង់​ឲ្យមានការកែ​ប្រែមាត្រាទាំងនេះ។​​

ច្បាប់ស្ដី​ពី​​ការងារ​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ១៩៩៧ និង​ ​ទើប​បាន​ធ្វើ​វិសោធនកម្ម​កាលពី​ឆ្នាំ​២០១៨ ថ្មីៗនេះ ទាក់ទង​នឹង​ប្រាក់​សំណង​ពេល​និយោជក​បញ្ឈប់​កម្មករ​​កិច្ចសន្យាការងារ​មានថេរវេលា​​កំណត់។ សម្រាប់​ចុងក្រោយ​នេះ​គឺ ការកែប្រែ​មាត្រា​១៤៤ និង​១៦២ ដែល​បាន​ផ្ដួចផ្ដើម​ឡើង​តាំងពីខែ​មករា។ 

អគ្គលេខាងធិការ​សហព័ន្ធសហជីពកម្ពុជា លោកម៉ៃ សុភ័ក្ត្រា បាន​អំពាវ​នាវ​ឲ្យ​ក្រសួង​ពន្យា​ពេល​កែប្រែ​មាត្រា​ទាំងនេះ ដោយថា​កម្មកជា​ច្រើន​កំពុង​ជួប​ការ​លំបាក​ផ្នែក​ហិរញ្ញ​វត្ថុ​ដោយសារ​​រោង​ចក្រ​ផ្អាក​ការងារ ព្រោះ​បញ្ហា​កូវីដ១៩។​ ​

​លោក​ សុភ័ក្ត្រា មាន​ប្រ​សាសន៍​ថា៖ «​សព្វ​ថ្ងៃនេះ​ យើង​សង្កេត​ឃើញ​ថា​កម្មករ​យើង​បាន​ជួប​បញ្ហា​ធ្ងន់ធ្ងរ​ដូច​ជា​កម្មករ​ត្រូវ​ផ្អាកការងារ រោងចក្រ​បិទទ្វារ និង​បញ្ហា​សងប្រាក់​ទៅ​ធនាគារ ឬគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ជាដើម»។​

​លោក សុភ័ក្ត្រា លើកឡើង​ថា៖ «​កម្មករ​ប្រហែលពី​៨០ ទៅ​៨៥​ភាគ​រយ​ជំពាក់ធនាគារ»។ ដោយលោក​បន្ថែមថា ​ម្ចាស់​រោង​ចក្រ​​មិន​បាន​ទទួល​ខុស​ត្រូវ​លើ​ប្រាក់ចំណូល​របស់​​កម្មករ​ពេល​រោងចក្រ​បិទ​ទ្វារ​បណ្ដោះអាសន្នទេ​។​

បើ​តាម​ខ្លឹមសារ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​រដ្ឋមន្ត្រីក្រ​សួង​ការងារ លោក អ៊ិត សំហេង កាលពី​ថ្ងៃទី​១៥ ខែ​កញ្ញា បាន​លើកឡើងថា​ក្រសួង​បាន​សិក្សាពី​សេចក្ដីព្រាង​វិសោធនកម្ម​នេះថា​តើ​ជាក់ស្តែង​នឹង​ស្ថានភាព​សេដ្ឋកិច្ច និង​សង្គម​កម្រិតណារួច​ហើយ​។​

បើ​តាម​សេចក្ដី​ថ្លែងការណ៍៖ «ការកែសម្រួលអត្រាប្រាក់ឈ្នួលការងារពេលយប់ គឺដើម្បីបង្កើតនិងបង្កើនឱកាសការងារកាន់តែសម្បូរបែបជូនដល់ប្រជាពលរដ្ឋខ្មែរ និងចូលរួមចំណែកអភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា។ ចំណុចនៃវិសោធនកម្មនេះមិនប៉ះពាល់ដល់ផលប្រយោជន៍របស់កម្មករនិយោជិត ដែលកំពុងបម្រើការងារជាការងារពេលយប់ម្តងម្កាល ឬឆ្លាស់វេនគ្នានោះទេដោយហេតុថាចំណុចនេះអនុវត្តចំពោះតែកម្មករនិយោជិតដែលបំពេញការងារពេលយប់ជាប្រចាំតែប៉ុណ្ណោះ»

លោកបាន​ការ​ពារ​ការ​ធ្វើ​វិសោធនកម្ម​​ត្រង់ចំណុច​​លុប​ថ្ងៃឈប់​សង​ពេល​ថ្ងៃបុណ្យ​ចំថ្ងៃអាទិត្យ​ ថា​ការផ្លាស់ប្ដូរនេះ​​នឹង​ជំរុញ​ផលិត​ភាព​ការងារ និង​លើក​កម្ពស់​ការ​ប្រកួត​ប្រជែង​របស់​កម្ពុជា និង​សម្រួលដល់ការធ្វើវិនិយោគ និងការអភិវឌ្ឍប្រទេសជាតិ។​ សេចក្ដី​ថ្លែង​ការណ៍​ដដែល​និយាយ​ទៀតថា​ កម្ពុជា​នៅ​មាន​ម៉ោង​ធ្វើ​ការ​ប្រចាំ​ឆ្នាំ​តិច​ជាង​ប្រទេសនានា​​ក្នុង​តំបន់​នៅ​ឡើយ។​

សេចក្ដី​ថ្លែង​ការណ៍​នោះបានបន្ថែមថា ក្រោយ​កិច្ច​ប្រ​ជុំ​ថ្ងៃទី​១៥ ខែ​កញ្ញា ក្រ​សួង​នឹង​បញ្ជូន​សេចក្ដីព្រាង​ច្បាប់​នេះទៅ​គណៈកម្មការ​​អន្តរ​ក្រ​សួងដើម្បី​សម្រេច និង​បញ្ជូន​ទៅ​កាត់​រដ្ឋសភា​បន្ត​ទៀត។​

អគ្គលេខាធិការសមាគមរោងចក្រ​កាតដេរនៅកម្ពជា លោក ខេន លូ ដែលបាន​ចូលរួម​កិច្ចប្រជុំនេះបាន​មានប្រសាសន៍​ថា ​ការ​ផ្ដល់​យោបល់​ពាក់ព័ន្ធ​នឹង​វិសោធនកម្ម​នេះ​បាន​ធ្វើ​ឡើង​ដោយ​មាន​ការចូល​រួម​ពី​តំណាង​​គ្រប់ភាគី​ពាក់​ព័ន្ធ ក្រោម​អធិបតីភាពរបស់​លោក អ៊ិត សំហេង។​

លោក​ថា សហជីព​ដែល​មិន​ចូល​រួម​កិច្ចប្រជុំ​នេះ បានបោះ​បង់សិទ្ធិរបស់ពួកគេ​ក្នុង​ការ​ផ្ដល់​មតិយោបល់សម្រាប់​សេចក្ដីព្រាង​វិសោធនកម្ម​នេះ។​

លោក ខេន លូ ​មាន​ប្រសាសន៍ថា៖ «កិច្ចប្រជុំ​នេះ​រៀប​ចំឡើង​ដើម្បី​ឲ្យ​មាន​ការ​ផ្ដល់​យោបល់ ហើយ​បើ​អ្នក​ទាំងនោះ​មិន​ប្រើឱកាស​នេះដើម្បី​ផ្ដល់​យោបល់​ទេ បាន​ន័យ​ថា​ពួកគេ​បោះបង់​សិទ្ធិ​ហើយ»។ លោក​បន្ថែមថា មាន​តែ​សហជីព​ពីរ ​បី​ប៉ុណ្ណោះ ដែល​មិន​ចូល​រួម​កិច្ច​ប្រជុំ​នេះ។​

លោក​ឲ្យ​ដឹងទៀតថា GMAC គាំទ្រ​ចំពោះ​ការ​ធ្វើវិសោធនកម្មនេះ ដែល​វា​ជាវិធី​មួយ​ជួយ​អភិវឌ្ឍ​ប្រទេស​កម្ពុជា។​

 លោក ខេន លូ ​មានប្រសាសន៍ថា៖ «​ខាង​និយោជក​យើង​យល់ឃើញ​ថា​ការ​កែប្រែ​​ដែល​ក្រ​សួងបាន​លើក​ឡើង​នេះគឺ​ជា​គំនិត​ល្អ»។​

លោក ខេន លូ បន្តថា ការ​កាត់​ប្រាក់​ឈ្នួលការងារ​វេន​យប់​នេះ​គឺ​មាន​សារៈសំខាន់ណាស់​ ដូច​នេះ​កម្មករ​ធ្វើការ​វេនយប់ណា​គិតថា​គ្រោះ​ថ្នាក់ នឹង​មិន​មាន​សម្ពាធ​បន្ថែម​ក្នុងការ​ធ្វើការ​ងារ​ទាំង​នោះ។​ លោក​ថា អ្នកធ្វើ​ការវេទយប់​ និងវេនថ្ងៃនឹង​ទទួលបាន​ប្រាក់ឈ្នួល​ដូចគ្នា។ ដូចនេះ​និយោជក​អាច​ផ្ដល់​អត្ថ​ប្រយោជន៍​បន្ថែម​ផ្សេងៗតាម​ការ​ចាំបាច់ឲ្យ​​អ្នក​ធ្វើការ​វេន​យប់ បើ​ពួកគេ​ពិបាក​រក​អ្នក​ធ្វើ​ការ​បាន។​​

លោក ខេន លូ បន្ថែមថា៖ «សហជីព និង​កម្មករត្រូវតែ​យល់ពីចំណុច​នេះ​ វាមិនមែន​មានន័យ​ថា​គ្រប់​កម្មរ​ត្រូវ​បាត់បង់​អត្ថប្រយោជន៍​នោះទេ ព្រោះ​បច្ចុប្បន្ន​ប្រាក់ឈ្នួល​១៣០​ភាគរយ​ មិនមាន​កម្មករ​ច្រើន​ប៉ុន្មាន​ចង់ធ្វើការងារវេនយប់ទេ។ ប៉ុន្តែទៅ​ថ្ងៃខាងមុខ​ ពេល​វិសោធនកម្ម​ច្បាប់ត្រូវ​បញ្ចប់​ វាអាច​នឹង​ទាក់​ទាញ​កម្មរវេន​យប់​បាន​កាន់តែ​ច្រើន»។ 

អ្នកនាំពាក្យក្រ​សួង​ការងារ លោក ហេង​ សួរ មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​បាន​ទេនៅថ្ងៃនេះ។​

173 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម