សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សហជីព​ស្នើ​ឲ្យ​​ដំឡើង​ប្រាក់ឈ្នួលជិត​១២ដុល្លារបន្ថែម មុនការចរចាប្រាក់ឈ្នួល​គោលអប្បបរមា

កម្មកររោងចក្រទិញអាហារថ្ងៃត្រង់នៅ​កន្លែងលក់បាយ​ជិតរោងចក្រ​របស់ពួកគេកាលពីខែមិថុនា។ (បញ្ញា ឆព័ណ្ណ)

សហជីពបានដាក់​ចំនួនតួលេខជិត​១២​ដុល្លារសម្រាប់ការ​ចរចា​ដំឡើង​ប្រាក់ឈ្នួលគោល​អប្បបរមា​សម្រាប់​កម្មករ​ក្នុង​វិស័យ​កាត់ដេរសម្លៀងបំពាក់ និង​​ស្បែកជើង ដែលក្រុម​ការងារ​ត្រីភាគីមាន​មកពី​តំណាង​រោងចក្រ និង​ក្រសួង​ការងារ​ គ្រោង​នឹង​រៀបចំពិភាក្សាសម្រាប់​​ឆ្នាំ២០២១។​

លោក ប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជា បាន​ឲ្យ​ដឹងថា កិច្ច​ប្រជុំ​​កាលពី​ថ្ងៃទី​២៨ ខែសីហា ដោយ​មាន​តំណាង​សហជីពធំៗជាង​២០​បាន​ចូល​រួម​ គឺ​បាន​សម្រេច​យក​តួលេខ​​១១,៥៩​ដុល្លារ ជាចំនួន​ត្រូវ​ដំឡើង​សម្រាប់​ប្រាក់ឈ្នួលគោល​ឆ្នាំ២០២១។ លោក​ថា​សហជីព​នឹង​ដាក់តួលេខ​នេះទៅ​ក្នុង​កិច្ច​ប្រជុំ​ដែល​មាន​ការចូលរួមពី​សមាគមរោងចក្រ​កាត់ដេរនៅកម្ពុជា និង​ក្រសួង​ការងារ ដែលគ្រោង​ធ្វើនៅថ្ងៃទី៣ ខែកញ្ញា។​

លោក​ ស៊ីណា មានប្រសាសន៍ថា៖ «សហជីពទាំងអស់​បាន​ឯកភាពគ្នា​យក​តួលេខ​នេះ​ទៅ​ពិភាក្សា​ក្នុង​កិច្ច​ប្រជុំ​ត្រីភាគី​នៅថ្ងៃទី៣ ខែកញ្ញា។ យើង​បានយល់ព្រម​យក​តួលេខ​១១,៥៩​ដុល្លារ ដែល​ចំនួន​នេះកើន​៦.១ភាគរយ»

លោក​បន្តថាតួលេខនេះ​សហជីព​បាន​ជ្រើស​រើស​ដោយ​ផ្អែក​លើ​ស្ថានភាព​នៃ​ផល​ប៉ះពាល់ពីជំងឺកូវីដ១៩ និង​ការ​កាត់​ផ្នែក​ខ្លះនៃប្រព័ន្ធ​អនុគ្រោះពន្ធ​អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) របស់សហភាព​អឺរ៉ុប។ លោក​ថា សហជីពសង្ឃឹម​ថា​ភាគីទាំងអស់​នឹង​មិន​យក​រឿងនេះ​ធ្វើជា​លេស​ដើម្បី​ទម្លាក់​​តួលេខ​ប្រាក់ឈ្នួលគោល​អប្បបរមានោះទេ។​

លោក ស៊ីណា ក៏​បាន​អំពាវនាវ​ដល់​សមាគមរោងចក្រកាន់ដេនៅកម្ពុជា​ (GMAC)  និង​ក្រ​សួង​ការងារ​ឲ្យ​ពិចារណា​លើ​ការ​លំបាក​របស់​កម្មករ ពេលរៀបចំដាក់តួលេខ​សម្រាប់​ដំឡើង​ប្រាក់ឈ្នួលគោល​ថ្មីនេះ។​

លោក ស៊ីណា បន្ថែមថា៖ «ខ្ញុំ​សង្ឃឹមថា​ភាគីនិយោជក និង​ក្រ​សួង​ការងារ​នឹង​គិត​គូ​ពី​សំណើរបស់យើង ហើយ​នឹង​ពិចារណា​ដំឡើងប្រាក់ឈ្នួល​គោលអប្បបរមាសមរម្យ​សម្រាប់​កម្មរក្នុង​ឆ្នាំ២០២១ ដើម្បីលើក​កម្ពស់ជីវភាព​រស់​នៅ​របស់ពួកគេ​ឲ្យ​បាន​ប្រសើរឡើង​ ខណៈកម្មករ​កំពុង​ជួប​បញ្ហា​នៅ​ពេល​នេះ»។​ ​

​យោង​តាម​សេចក្ដីថ្លែងការ​ណ៍​របស់ GMAC កាលពីខែ​មិថុនា មានរោងចក្រ​ប្រហែល​៤០០​បាន​ផ្អាកការងារ និង​មាន​កម្មករ​ជាង​១៥ម៉ឺន​នាក់​បាន​បាត់​បង់ការងារ​ដោយ​សារ​តែ​បញ្ហា​វិបត្តិ​កូវីដ​១៩។​

ប្រាក់ឈ្នួលគោល​អប្បបរមា​បាន​គ្រប​ដណ្ដប់​លើ​​កម្មករ​ក្នុង​វិស័យ​វាយនភ័ណ្ឌ កាត់ដេរ និង​ដេរស្បែកជើង​ប្រហែល​ប្រាំបីសែននាក់ នៅ​រោងចក្រ​ជាង​១ ០០០ ហើយ​កាលពីឆ្នាំ២០២០ ប្រាក់ឈ្នួលគោល​អប្បបរមាមានចំនួន​១៩០​ដុល្លារក្នុង​មួយ​ខែ។​ ការ​កំណត់​ប្រាក់ឈ្នួលគោល​អប្បបរមា​ត្រូវ​កំណត់​ដោយ​ឆ្លង​កាត់​កិច្ច​ប្រ​ជុំច្រើនលើក​ច្រើន​សា​ក្នុង​កិច្ច​​ប្រជុំ​ប្រចាំឆ្នាំ​របស់​ត្រីភាគី ដោយ​មាន​ភាគីសហជីព ភាគី​ខាង​រោងចក្រ និង​ខាង​ក្រសួង​ការងារ។ សម្រាប់​​ឆ្នាំនេះ កិច្ច​ប្រជុំ​ គ្រោង​នឹង​ធ្វើ​នៅ​ក្នុង​ខែ​កញ្ញា។​

​បន្ទាប់ពី​កិច្ច​ប្រជុំផ្ទៃក្នុង​ ភាគីនិមួយៗ នឹង​លើកសំណើតួលេខ​​ចុងក្រោយ​របស់​ខ្លួន​មក​ដាក់​ក្នុង​កិច្ច​ប្រជុំ​​ត្រីភាគី ដែល​គ្រោង​ធ្វើនៅថ្ងៃទី​៣ ខៃកញ្ញា។​

លោក ​អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា បានមានប្រសាសន៍ថា​ទោះបីជា​មាន​បញ្ហា​វិបត្តិ​កូវីដ១៩ និង​ការ​ដកផ្នែក​ខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA  បាន​ប៉ះពាល់​គ្រប់ភាគីក៏ពិត​មែន តែ​ការចរចា​​ប្រាក់ឈ្នួលគោល​របស់​កម្មករ​មិនប៉ះពាល់​រហូត​ដល់​ឆ្នាំ២០២១។ លោក​ថា ដូចនេះ​ហើយ​ការកើន​ឡើង​ថ្លៃចំណាយ​សម្រាប់​ការ​រស់​នៅ​របស់​កម្មករ​ត្រូវ​តែ​មានការ​យក​ចិត្ត​ទុក​ដាក់។​

លោក​ អាត់ ធន់ មានប្រសាសន៍ថា៖​ «​សហជីពយើង​ប្រកាន់ជំហរ​ដំឡើង​ប្រាក់ឈ្នួលគោល​អប្បបរមា​ដល់​កម្មករ ពីព្រោះថា​ប្រាក់ឈ្នួលពួកគាត់​នៅទាបនៅឡើយ»

លោក សៀង វិចិត្រ កម្មករនៅរោងចក្រ Southland (Cambodia) Co Ltd បាន​និយាយថា​លោក​សង្ឃឹម​ថាការ​ពិភាក្សា​ពី​រឿង​ប្រាក់ឈ្នួលគោលអប្បបរមា​​នឹងមានលទ្ធផល​ល្អ ដោយ​មានការ​ដំឡើងប្រាក់ខែ​ក្នុង​ចំនួនមួយ​ដ៏សមរម្យ​។ លោក​ក៏​សង្ឃឹមដែរ​ថា​ខាង​ភាគីរោងចក្រ និង​ក្រសួង​ការងារ​នឹង​មិន​យក​បញ្ហា​EBA និង​បញ្ហាកូវីដ១៩ ជាលេស​ក្នុង​ការ​រក្សាទុក​ប្រាក់ឈ្នួល​ឲ្យ​នៅទាប​នោះទេ។​​

លោក វិចិត្រ និយាយថា៖ «សូម្បីឥឡូវនេះ វាពិបាកណាស់​ពីព្រោះលក្ខខណ្ឌការ​ងារ​មួយ​ចំនួន​ខាង​រោងចក្រ​មិន​គោរពនោះទេ បើទោះបីមានចែង​ក្នុង​ច្បាប់​ក៏​ដោយ ដូចជា​​រោងចក្រ​បាន​បញ្ចប់​កិច្ចសន្យាការងារ ឬបញ្ឈប់កម្មករ​ដោយ​គ្មានប្រាក់សំណងជាដើម»

លោក​បន្តថា៖ «​ខ្ញុំគិតថា​បើ​វិនិច្ឆ័យ​តាម​ស្ថានភាពបច្ចុប្បន្ន កិច្ចពិភាក្សា​ប្រាក់ឈ្នួលគោលអប្បបរមា​នឹង​មិនបាន​ផ្លែផ្កា​ដល់កម្មករ​នោះទេ»

លោកឲ្យ​ដឹងទៀតថាប្រាក់ខែ​កម្មករ​ឥឡូវ​មិន​គ្រាន់​នឹង​ការ​ចំណាយ​នោះទេ។ លោក​លើកជា​ឧទាហរណ៍ថា​តម្លៃ​​ម្ហូបអាហារនៅ​ក្បែររោងចក្របាន​ឡើង​ថ្លៃ ដោយ​ត្រូវចំណាយជាង​១៥០០​រៀល​សម្រាប់​បាយ​មួយ​ពេល ដែលពីមុន​លោក​ថា​ចំណាយ​ត្រឹម​១០០០​រៀល​។

លោ វិចិត្របន្ថែមថា៖ «ឥឡូវ​ការចំណាយ​ច្រើន​ជាងមុនលើថ្លៃអាហារប្រចាំថ្ងៃ។ លើសពីនេះទៀត​ អត្ថប្រយោជន៍​របស់​ពួកយើងជា​ច្រើន​ត្រូវ​គេកាត់។ ដូច​នេះ​វា​ធ្វើ​ឲ្យ​ពួកយើង​កាន់តែពិបាក​ថែមទៀត»

អ្នកស្រី​ ហាត់ ណាក់ វ័យ​២៩ឆ្នាំ ជា​កម្មករ​នៅ​រោងចក្រ Can Sport Shoes Company ក្នុង​ខេត្ត​កំពង់​ឆ្នាំងបាន​និយាយថា​​ អ្នក​ស្រីសង្ឃឹមថា​ប្រាក់ខែ​នឹង​ឡើង​បន្ថែម​ទៀត​សម្រាប់​ឆ្នាំ​ក្រោយ ដោយថា​តម្លៃម្ហូបអាហារ​ និងទំនិញឥឡូវបាន​ឡើង​ថ្លៃ​ដែរ និង​ថា​ប្រាក់ខែ​១៩០​ដុល្លារ​មិន​អាច​​គ្រប់​ការ​ចំណាយ​នោះទេ។​

អ្នកស្រីថា៖ «បើ​សិនជា​និយោជក និង​រដ្ឋាភិបាលយល់ព្រម​ដំឡើង​ប្រាក់ខែឲ្យ​ពួកយើង​មែន​គឺ​ជា​រឿង​ល្អ​ណាស់។ សព្វថ្ងៃ​ប្រាក់ខែ​ពួកយើង​មិន​ស៊ីគ្នា​​នឹង​ទំនិញ​លើ​ទីផ្សារ​ទេ ហើយ​វា​កាន់តែ​ពិបាក​ថែមទៀត​បើ​យើង​ត្រូវ​ការ​ប្រាក់​ដើម្បី​សងទៅ​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទៀត​នោះ»

បើ​តាមអ្នក​ស្រី ណាក់ ពេល​នេះ​អ្នក​ស្រី​កាន់តែ​មាន​បញ្ហា​លុយ​កាត់​កាន់តែ​ខ្លាំង​បន្ទាប់ពី​រោងចក្រ​បាន​ផ្អាកការងារសម្រាប់​​ខែ​កក្កដា និង​​សីហា នេះ។

​ចំណែកអគ្គលេខាធិការរង​សមាគរោងចក្រកាត់ដេរនៅ​កម្ពុជា​ GMAC លោក កាំង ម៉ូនីកា មាន​ប្រសាសន៍ថា​ ដូច​ប្រទេស​ជាច្រើនទៀត​លើពិភព​លោក​ដែរ កម្ពុជា​ក៏​កំពុង​រង​ផល​ប៉ះពាល់ពី​វិបតិ​កូវីដ​១៩ ហើយ​ស្ថានភាព​ក​រឹត​តែធ្ងន់ធ្ងរ​ថែមទៀត​ពេល​មានការ​ដក​ផ្នែក​ខ្លះនៃប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ EBA។

លោក​ ម៉ូនីកា មានប្រសាសន៍ថា៖ «ដោយសារ​​វិបត្តិទាំងពីរ​នេះ បរិមាណ​នាំ​ទំនិញ​ចេញ(ផលិត​ផល​វិស័យ​កាត់​ដេរ)​មាន​ការ​ធ្លាក់ចុះច្រើន។ ដូចនេះ​បើសិន​ជា​យើង​វិភាគពី​រឿងនេះ ការ​ដំឡើង​ប្រាក់ឈ្នួលគោលអប្បបរមា និង​ចំនួន​តួលេខ​ត្រូវ​ដំឡើង​បន្ថែមពីខាង​សហជីព​គឺមិន​​​សមហេតុ​ផល​ទេ»។​

លោក បន្ថែមថា លោក​មិន​ដឹងថា​ខាង​ភាគីសហជីព​បាន​តួលេខ​នេះ​ដោយ​ផ្អែក​លើ​កត្តាអ្វី​ខ្លះ​នោះទេ តែ​លោក​ថា​ខាង​សហជីព​គួរ​សិក្សា​វាយ​តម្លៃ​លើកត្តា​សង្គម និង​សេដ្ឋកិច្ច និង​រួម​ទាំង​កត្តា​រួម​ផ្សំ​មួយ​ចំនួន​ទៀត ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត។​

លោក​បន្តថា​ប្រាក់ឈ្នួលគោល​គួរ​តែ​ត្រូវ​កំណត់​ទៅ​តាម​ការស្រាវជ្រាវ​ដែល​ផ្ដល់​ដោយ​វិទ្យាស្ថានជាតិ​ស្ថិតិ ឯការសិក្សា​ផ្សេងៗទៀត​គឺគ្រាន់ជា​ឯកសារ​ក្រៅ​ផ្លូវ​ការ​។

លោក​បន្ថែមថា៖ «សម្រាប់ខាង​យើង ដំបូង​គឺ​ត្រូវ​ផ្អែក​លើ​ស្ថានភាពជាក់ស្ដែង។ យើង​គិតថា​វា​មានការពិបាក​ណាស់​ក្នុងការ​ដំឡើង (ប្រាក់ឈ្នួលគោល) ប៉ុន្តែ​មន្ត្រី​របស់​យើង​នឹង​ចូលរួមកិច្ច​ពិភាក្សា​នេះ»

អ្នកនាំពាក្យ​ក្រសួង​ការងារ​ លោក ហេង សួរ មិនអាចទាក់ទង​សុំការអត្ថាធិប្បាយ​បានទេ​កាលពីថ្ងៃទី៣១ ខែសីហា ប៉ុន្តែ​លោក​ធ្លាប់​មាន​ប្រសាសន៍​តាមប្រព័ន្ធ​តេឡេក្រាម​កាលពី​ខែ​មិថុនា​​ថា​កិច្ចប្រជុំត្រី​ភាគី​នឹង​នៅតែ​ដំណើរការ​ដូច​ធម្មតា​ទៅ​តាម​អ្វីដែលមាន​ចែង​ក្នុង​ច្បាប់។​

លោក​ ហេង សួរ លើកឡើងថា៖ «ច្បាប់តម្រូវឲ្យ​យើង​រៀបចំកិច្ច​ពិភាក្សា ដូច​នេះ​យើង​ត្រូវ​តែ​ជួប​ប្រជុំគ្នា។ ច្បាប់​មិន​បាន​ចែង​ថា​ប្រាក់ឈ្នួល​ត្រូវ​តែឡើង​រាល់​ឆ្នាំ​នោះទេ មិន​ថា​ឡើងឬចុះ អាស្រ័យ​លើ​ការ​ប្រែប្រួល​លក្ខខណ្ឌ​វិនិច្ឆ័យ​ទាំងប្រាំពី​រ​របស់​ប្រាក់​ឈ្នួលគោល»។ មន្ត្រីអគ្គលេខាធិការក្រុមប្រឹក្សាជាតិ​ ​ប្រាក់ឈ្នួលគោលអប្បបរមា​របស់​ក្រ​សួង​ការងារ​ លោក សាន ស្រស់ បាន​ឲ្យ​ដឹងថា​ក្រុម​ការងាររបស់​លោក​បាន​បញ្ចប់​ការស្រាវជ្រាវ​លើ​ស្ថានភាព​រស់​នៅ​របស់​កម្មករ​ហើយកាលពី​ខែ​កក្កដា ប៉ុន្តែ​លោក​បដិសេធបញ្ចេញ​របាយការណ៍​នេះ៕

61 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម