សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អង្គការសង្គមស៊ីវិលអំពាវនាវឲ្យទម្លាក់ចោលសេចក្តីព្រាងច្បាប់ស្តីពីសណ្តាប់ធ្នាប់សាធារណៈ

ស្រី្តស្លៀកខ្លីបីនាក់ឈរលេងនៅតំបន់មាត់ទន្លេ ក្នុងក្រុងភ្នំពេញ កាលពីថ្ងៃទី១២ ខែសីហា។ Panha Chorpoan

អង្គការ​សង្គមស៊ីវិល​​ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​សីហា បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ទម្លាក់​​ចោល​នូវ​សេចក្តីព្រាង​ច្បាប់​ស្តី​ពី​​សណ្តាប់ធ្នាប់​សាធារណៈ​ ដោយ​លើកឡើង​ថា ច្បាប់​នេះ​នឹង​នាំ​ឲ្យ​មាន​ការ​បង្រ្កាប​លើ​សេរីភាព​ជា​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស ​តាមរយៈ​ការ​ផ្តល់​សិទ្ធិអំណាច​ទូលំទូលាយ​ជាង​មុន​ដល់​រដ្ឋាភិបាល និង​ធ្វើ​ឲ្យ​មាន​ការ​គាបសង្កត់​សិទ្ធិមនុស្ស។

សេចក្តី​ថ្លែងការណ៍​​មួយ​ចុះ​ហត្ថលេខា​ដោយ​ក្រុម​​អង្គការ​សង្គមស៊ីវិល​ក្នុង​ និង​ក្រៅប្រទេស​ សរុប​ចំនួន​ ៦៥ រួម​មាន​អង្គការ​អាដហុក (Adhoc) អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) អង្គការ​លីកាដូ (Licadho) បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ទម្លាក់​​ចោល​នូវ​សេចក្តីព្រាង​ច្បាប់​ខាង​លើ និង​គោរព​តាម​កាតព្វកិច្ច​របស់​ខ្លួន​ទៅ​នឹង​ច្បាប់​ស្តី​ពី​សិទ្ធិ​មនុស្ស​អន្តរជាតិ។

សេចក្តី​ថ្លែងការណ៍​ខាង​លើ​បាន​សរសេរ​ថា៖ «សេចក្តីព្រាងច្បាប់នេះមានបទប្បញ្ញត្តិជាច្រើនដែលមានវិសាលភាពទូលំទូលាយក្នុងការកំណត់បទល្មើសចំពោះសកម្មភាពស្របច្បាប់ប្រចាំថ្ងៃជាច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយដែលនឹងរំលោភលើសិទ្ធិសេរីភាពខាងការបញ្ចេញមតិ ខាងសមាគម ខាងការជួបប្រជុំ និងសិទ្ធិមនុស្សផ្សេងៗទៀត»

សេចក្តីថ្លែងការណ៍​នេះ​បាន​បន្ត​ថា៖ «ប្រសិនបើសេចក្តីព្រាងច្បាប់នេះ​​ត្រូវបានអនុម័ត​  ច្បាប់នេះនឹងក្លាយជាច្បាប់គាបសង្កត់មួយផ្សេងទៀតនៅក្នុងក្របខណ្ឌច្បាប់ដែលប៉ះពាល់សិទ្ធិមនុស្សធ្ងន់ធ្ងរ»

រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​លោក អ៊ុក គឹមលេខ ដែល​​ដឹកនាំ​ការ​រៀបរៀង​សេចក្តីព្រាងច្បាប់ខាង​លើ​ បាន​និយាយ​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​សីហា​កន្លង​ទៅ​ថា ក្រសួង​មហាផ្ទៃ​ស្វាគមន៍​ការ​ផ្តល់​មតិ​យោបល់​ផ្សេងៗ​ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល ប៉ុន្តែ​ការ​រៀបរៀង​ច្បាប់​មិន​អាច​ត្រូវ​ទម្លាក់​​ចោល​បាន​នោះ​ទេ។​​

លោក​បាន​មាន​ប្រសាសន៍​​​ថា៖ «នេះជាសិទ្ធិរបស់ពួកគាត់នៅក្នុងការធ្វើសំណើប៉ុន្តែអាជ្ញាធរថ្នាក់ក្រោមជាតិគាំទ្រការបង្កើតច្បាប់ស្តីពីសណ្តាប់ធ្នាប់សាធារណៈក្នុងគោលបំណង​​គ្រប់គ្រងឲ្យបានត្រឹមត្រូវនូវ​​ប្រពៃណីវប្បធម៌ជាតិ»។ លោក​បាន​បន្ថែម​ថា សេចក្តី​ព្រាង​ច្បាប់​ខាង​លើ​ត្រូវ​បាន​បញ្ជូន​ទៅ​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ​នា​សប្តាហ៍​នេះ ដើម្បី​ពិនិត្យ​និង​កែសម្រួល​បន្ថែម។

​លោក គឹមលេខ បាន​មានប្រសាសន៍​ថា៖ «យើងស្វាគមន៍មតិយោបល់ពីអង្គការសង្គមស៊ីវិល ប៉ុន្តែយើងមិនអាចទម្លាក់ចោលសេចក្តីព្រាងច្បាប់នេះទេ»

លោក​បាន​បន្ត​ថា៖ «សូមជួយប្រាប់ទៅក្រុមអង្គការក្រៅរដ្ឋាភិបាលទាំងនោះ​​ថា វាគ្រាន់តែជាគំនិតតាក់តែងបឋមតែប៉ុណ្ណោះ​​ ហើយមិនមែនជាសេចក្តីព្រាងច្បាប់ពេញលេញនោះទេ» ខណៈ​​លោក​បាន​ចោទសួរ​ថា៖ «តើក្រុមអង្គការសង្គមស៊ីវិលទាំងនោះមានអ្វីមកអះអាង? តើចំណុចណាមួយដែលថា រឹតត្បិតសេរីភាពនោះ

ក្រុម​​អង្គការ​សង្គម​ស៊ីវិល​បាន​លើកឡើង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​មួយ​ថា ជា​រួម ​សេចក្តីព្រាង​ច្បាប់​ស្តី​ពី​សណ្តាប់ធ្នាប់​សាធារណៈ​​ ដែល​មាន​ ៨​ជំពូក និង​ ៤៨​មាត្រា​ រឹតត្បិត​សេរីភាព​ជា​មូលដ្ឋាន​នៅ​កម្ពុជា។

សេចក្តីព្រាង​ច្បាប់​នេះ​មាន​វិសាលភាព​ទូលំទូលាយ ហើយ​ការ​បញ្ចូល​បញ្ញត្តិ​ហាមឃាត់​ ដែល​មាន​ន័យ​ទូលំទូលាយ​លើ​សកម្មភាព​មួយ​ចំនួន​នោះ ស្ទើរ​តែ​ពុំ​អាច​អនុវត្ត​បាន​ជាទូទៅ​ ដែល​ផ្ទុយ​ទៅ​នឹង​គោលការណ៍​នីតិ​រដ្ឋ​ជា​សាកលដែល​មាន​ជា​យូរ​មក​ហើយ។ មាត្រា​ទី​១ នៃ​សេចក្តីព្រាង​ច្បាប់​នេះ​​ចែង​​អំពី​គោលបំណង​ «ធានា​​ដល់​ការ​គ្រប់គ្រង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​មាន​របៀប​រៀបរយ​ សោភ័ណភាព អនាម័យ បរិស្ថាន​ ភាព​ស្ងប់ស្ងាត់ សុវត្ថិភាព​សង្គម ​រក្សា​ប្រពៃណីជាតិ និង​សេចក្តី​ថ្លៃថ្នូរ​របស់​ប្រជា​ពលរដ្ឋ»។

សេចក្តី​ថ្លែងការណ៍​បាន​បន្ត​ថា៖ «វាក្យសព្ទ និងនិយមន័យជាច្រើននៅពុំទាន់ត្រូវបានពន្យល់ឲ្យបានច្បាស់លាស់និងដោយអាស្រ័យថា ដើម្បីតម្លៃសង្គម ដែលអាចបកស្រាយផ្សេងៗគ្នា គ្មានមូលដ្ឋានគតិយុត្តិនិងអាចផ្លាស់ប្តូរជាបន្តបន្ទាប់»។​

សេចក្តី​ថ្លែងការណ៍​បាន​បន្ថែម​ទៀត​ថា​៖ «ជា​ចុងក្រោយ​ សេចក្តីព្រាង​ច្បាប់​​នេះ​មាន​ឥទ្ធិពល​ខ្លាំង​ក្នុង​ការ​រឹតត្បិត​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ទាំង​នៅលើ និង​ក្រៅ​បណ្តាញ​អ៊ីនធឺណិត» ដោយ​ចង្អុល​បង្ហាញ​ពី​បញ្ជី​សកម្មភាព​មួយ​ចំនួន​ដែល​ត្រូវ​បាន​ហាមឃាត់​​នៅ​ក្រោម​មាត្រា​ទី​៣៧​ ដូចជា «ការដាក់​​បង្ហាញ​ ឬ​ចែកចាយនូវ​​សំណេរ ឬ​រូបភាព ឬ​ពាក្យ​សម្តី​មាន​ខ្លឹមសារ​ជេរ​ប្រមាថ​តាម​បណ្តាញ​ព័ត៌មាន​សង្គម» «ការ​បញ្ចេញ​អាកប្បកិរិយា​ច្រងេងច្រង៉ាង» និង​ «​ការ​ចែកចាយ ឬ​ដាក់​បង្ហាញ​​នូវ​សំណេរ សញ្ញា​សម្គាល់ ឬ​រូបភាព ដែល​តំណាង​ឲ្យ​ការ​គំរាមកំហែង»។

ទោសទណ្ឌ​ចំពោះ​ការ​បំពាន​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​សណ្តាប់ធ្នាប់​សាធារណៈ​មាន​រាប់​​ពី​ «ការ​ព្រមាន» និង «ការ​ពិន័យ​ផ្នែក​រដ្ឋបាល» រហូត​ដល់​ «ការ​ដាក់​ពន្ធនាគារ​ពី​មួយ​ថ្ងៃ​ទៅ​ប្រាំ​មួយ​ថ្ងៃ និង​ពិន័យ​ជា​ប្រាក់​រហូត​ដល់​ ៥០​ម៉ឺនរៀល (១២០ដុល្លារ​អាមេរិក)។

លោក អំ សំអាត នាយករង​ទទួល​បន្ទុក​ឃ្លាំមើល និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ ក៏​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ទម្លាក់​ចោល​សេចក្តីព្រាង​ច្បាប់​នេះ​ផង​ដែរ ដោយ​លើកឡើង​ថា សេចក្តីព្រាង​ច្បាប់​នេះ​រឹតត្បិត​​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ ជា​ពិសេស​ស្រ្តី។

លោក​បាន​មានប្រសាសន៍​ថា៖ «វាប៉ះពាល់ទៅដល់សិទ្ធិនៃការជួបប្រជុំនៅទី​​សាធារណៈ ដោយសារតែសេចក្តីព្រាងច្បាប់នេះ​​ផ្តល់សិទ្ធិអំណាចដល់អាជ្ញាធរមូលដ្ឋាន ដូច្នេះនឹងមានការបង្រ្កាប និងការផាក​​ពិន័យ ការដាក់ពិន័យលើអ្នកចូលរួមក្នុងការ​​ប្រមូលផ្តុំគ្នា ដែល​​នេះជាការបំពាន​​​នឹងច្បាប់»។ ​

​លោក​ សំអាត​ បាន​បន្ត​​ថា លោក​អាច​លើកឡើង​​ពី​ដើមចម​​មួយ​ចំនួន ដែល​​នាំ​ឲ្យ​រដ្ឋាភិបាល​សម្រេច​រៀបរៀង​ជា​​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សណ្តាប់ធ្នាប់​សាធារណៈ។

លោក សំអាត​ បាន​មាន​ប្រសាសន៍​ថា៖ «កាលពីពេលមុនៗខ្ញុំបានឃើញថា មានក្រុមយុវជនជិះកង់ [ដើម្បីគាំទ្រការថែរក្សាបរិស្ថាន] ហើយមនុស្សដទៃទៀតដែលបានប្រមូលផ្តុំគ្នាដើម្បីចែករំលែកមតិយោបល់​​របស់ពួកគេលើការគាំពារសិទ្ធិតែងតែរងការហាមឃាត់»

លោកបន្ថែមថា៖ «​មិនមានច្បាប់ណាដែលហាមឃាត់​​សកម្មភាពដូចជា ការជិះកង់នោះទេ។ ដូច្នេះប្រសិនបើសេចក្តីព្រាងច្បាប់ស្តីពី​​សណ្តាប់ធ្នាប់សាធារណៈត្រូវបានអនុម័ត អ៊ីចឹងគេនឹងអាចហាមឃាត់​​សកម្មភាពទាំងនោះដោយផ្អែកទៅលើច្បាប់នេះ»

​លោក​ស្រី ចក់ សុភាព នាយិកា​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) បាន​ឆ្លើយ​តប​​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​សីហា​​កន្លង​ តាម​រយៈ​អ៊ីម៉ែល​ថា សេចក្តីព្រាង​ច្បាប់ស្តី​ពី​សណ្តាប់​ធ្នាប់​សាធារណៈ​​គឺ​ជា ការ​រំលោភយ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​សិទ្ធិមនុស្ស និង​សេរីភាព​ ដូច​ជា​​អ្វី​ដែល​មាន​​ចែង​នៅ​ក្នុង​មាត្រា​ទី ៣៦ ដែល​ហាមឃាត់​ស្រ្តី​ពី​ការ​ស្លៀកពាក់​ «ខ្លី​ខោច​លើ​ខោច​ក្រោម» ឬ «ស្លៀកពាក់​ស្តើង​មើល​ឃើញ​កេរភេទ» ជា​ដើម។

​មាត្រា​ទី ៣៦ ចែង​ថា៖ «ហាម​ស្លៀកពាក់​ ដែល​ប៉ះពាល់​ប្រពៃណីជាតិ និង​សេចក្តីថ្លៃថ្នូរ នៅ​ទីសាធារណៈ​ជា​អាទិ៍៖ ក-បុរស​ស្លៀក​តែ​ខោ​អត់​ពាក់អាវ​នៅ​ទីប្រជុំជន ឬ​ស្លៀក​តែ​ខោ​ទ្រនាប់​បង្ហាញ​ផ្នែក​ខ្លះ​នៃ​កេរភេទ។ ខ-នារី​ស្លៀកពាក់​ខ្លី​ខោច​លើ​ខោច​ក្រោម ឬ​ស្លៀកពាក់​ស្តើង​មើល​ឃើញ​កេរភេទ ឬ​ស្លៀកពាក់​បង្ហាញ​ផ្នែក​ខ្លះ​នៃ​កេរភេទ»។

លោកស្រី​ចក់ សុភាព​បាន​សរសេរ​ថា៖ «ច្បាប់នេះរឹតត្បិតទៅលើឯកជនភាព និងធ្វើឲ្យមាន​​ការបកស្រាយវាក្យសព្ទតាមបែបផែនផ្សេងៗ​​ពីសំណាក់​​មន្រ្តីអនុវត្តច្បាប់ ហើយការណ៍នេះនាំឲ្យមានវិសមភាពក្នុងការអនុវត្តច្បាប់»

លោកស្រី​​បាន​បន្ថែម​ថា៖ «លើសពីនេះទៀត នាពេលថ្មីៗ​​នេះនៅកម្ពុជា យើងបានឃើញមានការតាមដានលើរាងកាយនិងការស្លៀកពាក់របស់ស្រ្តីពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋាភិបាល ការបន្ទាបសិទ្ធិរបស់ស្រ្តីទៅលើឯកជនភាពរាងកាយ និងការបញ្ចេញមតិយោបល់ និងការទម្លាក់កំហុសទៅលើស្រ្តីចំពោះអំពើហិង្សាដែលបាន​​ប្រព្រឹត្តមកលើពួកគេ»។ ​

លោកស្រី​សុភាព​បាន​លើកឡើង​ថា ស្រ្តី​មួយ​ចំនួន​​ធ្លាប់​រង​ការ​ឃុំ​ខ្លួន​រួច​មក​ហើយ​ដោយសារ​​ជម្រើស​នៃ​ការ​ស្លៀកពាក់​របស់​ពួកគេ​នៅ​ឆ្នាំ​នេះ ដោយ​មាន​ស្រ្តី​ម្នាក់​បាន​រង​ទោសទណ្ឌ​ពី​ការ​ចែករំលែក​រូបថត​របស់​ខ្លួន​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ពី​បទ​ «​បង្ក​ឲ្យ​មាន​ការ​ប៉ះពាល់​ទៅ​ដល់​​ប្រពៃណី ជាពិសេស​ទំនៀមទម្លាប់​ស្រ្តី​ភេទ»។ នេះ​បើ​យោង​ទៅ​តាម​សេចក្តីថ្លែងការណ៍​មួយ​​របស់​ប៉ូលិស។​

​ចាប់​តាំង​ពី​សេចក្តី​លម្អិត​ពី​សេចក្តី​ព្រាង​ច្បាប់​រឹតត្បិត​លើ​ការ​ស្លៀកពាក់​ត្រូវ​បាន​បង្ហាញ​រួច​មក​កាល​ពី​ដើម​ខែ​សីហា​នេះ ស្រ្តី​ជា​ពលរដ្ឋ​ខ្មែរ​បាន​ធ្វើ​ការ​តវ៉ា​តាម​បណ្តាញ​​ផ្សព្វផ្សាយ​សង្គម​ តាមរយៈ​ការ​ចែករំលែក​រូបថត​របស់​ពួកគេ ដោយស្លៀកពាក់​ក្នុង​ឈុត​​សម្លៀកបំពាក់​ហែល​ទឹក​ជា​ដើម។

លោក​ស្រី​ចក់ សុភាព​បាន​មានប្រសាសន៍​ថា ក្រៅពី​សេរីភាព​របស់​ស្រ្តី​ ច្បាប់​ស្តីពី​​សណ្តាប់ធ្នាប់​សាធារណៈ​នឹង​ប៉ះពាល់​​សិទ្ធិ​របស់​មនុស្ស​​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​ រួម​មាន​ ​ប្រជាពលរដ្ឋ​ដែល​មាន​ភាព​លំបាក​ផ្នែក​សេដ្ឋកិច្ច​ អ្នក​​ធ្វើការ​នៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ បុគ្គល​ដែល​មាន​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​ និង​បុគ្គល​ដែល​ប្រើប្រាស់​សិទ្ធិមូលដ្ឋាន​របស់​ពួកគេ​ ដើម្បី​បញ្ចេញ​មតិយោបល់ ជា​សមាគម​ និង​ជួប​ប្រជុំ​គ្នា។

លោកស្រី​​សុភាព​បាន​ថ្លែង​ថា៖ «យើងមានការព្រួយបារម្ភយ៉ាងខ្លាំងពាក់ព័ន្ធនឹងកថាខណ្ឌក្នុង​​សេចក្តីព្រាងច្បាប់ដែលរំលោភបំពានការការពារសិទ្ធិមនុស្សដែលត្រូវបានចែងនៅក្នុងច្បាប់ជាតិ និងអន្តរជាតិ ហើយជាលទ្ធផលនៃការរំលោភបំពាននេះរដ្ឋាភិបាលកម្ពុជាត្រូវទម្លាក់ចោលសេចក្តីព្រាងច្បាប់នេះ»

បន្ទាប់​ពី​បាន​ដឹង​ពី​សេចក្តីលម្អិត​នៃ​សេចក្តីព្រាងច្បាប់​ថ្មី​ដែល​អាច​​រឹតត្បិត​សិទ្ធិ​របស់​ស្រ្តី​ យុវត្តី​ សេន លេ អាយុ ២៣​ឆ្នាំ បាន​និយាយ​ថា នាង​មិន​គាំទ្រ​ច្បាប់​ថ្មី​នោះ​ទេ ជា​ពិសេស​មាត្រាពាក់ព័ន្ធ​នឹង​ជម្រើស​សម្លៀកបំពាក់​របស់​ស្រ្តី។ ​​​

កញ្ញា លេ បាន​និយាយ​ថា៖ «ខ្ញុំ​មិន​គាំទ្រ​ច្បាប់​នោះ​ទេ ពីព្រោះ​ថា ច្បាប់​នេះ​រឹតត្បិត​សិទ្ធិ​របស់​ស្រ្តី​ភេទ ដោយ​ធ្វើ​ឲ្យ​ពួកគាត់​មិនមាន​សេរីភាព​នៅ​ក្នុង​ស្លៀកពាក់​តាម​អ្វី​ដែល​ខ្លួន​ចង់​បាន»។

​​​នាង​បាន​​បន្ត​ថា៖ «សម្រាប់ខ្ញុំគេមិនត្រូវប្រើពាក្យថា «ខោចខ្លាំងមើលឃើញខាងក្នុង» នោះទេ ពីព្រោះយើងមិនអាចកំណត់ឲ្យច្បាស់បានថាតើសម្លៀកបំពាក់យើងពាក់នោះខ្លីខ្លាំងយ៉ាងណានេះទេ»

​​​យុវវត្តី​​ម្នាក់​​ទៀត​ដែល​សុំ​ត្រឹម​ឲ្យ​ឈ្មោះ​ថា ដាវី អាយុ ១៩​ឆ្នាំ បាន​និយាយ​ថា វា​ជា​ការ​សំខាន់​សម្រាប់​ស្រ្តី​នៅ​ក្នុង​ការ​ស្លៀកពាក់​តាម​​របៀប​ដែល​តំណាង​ឲ្យ​វប្បធម៌​ខ្មែរ។

ដាវី ​បាន​និយាយ​ថា៖ «ពេលខ្លះ ប្រសិនបើយើងស្លៀកពាក់ស៊ិចស៊ីជ្រុលវាមើលទៅមិនល្អនោះទេ ពីព្រោះយើងជាស្រ្តីខ្មែរ ហើយយើងត្រូវលើកកម្ពស់វប្បធម៌ប្រពៃណីរបស់យើង»

​​​​លោក អ៊ុក គឹមលេខ ដែល​ដឹកនាំ​រៀបរៀង​សេចក្តីព្រាងច្បាប់​ស្តី​ពី​សណ្តាប់ធ្នាប់​សាធារណៈ បាន​សង្កត់ធ្ងន់​ថា មាត្រា​ទី​៣៦ គឺ​សំដៅ​ទៅ​លើ​ការ​ចាត់​វិធានការ​លើ​ការ​ស្លៀកពាក់​របស់​បុរស និងស្រ្តី​នៅ​ទីសាធារណៈ។​​​

លោក គីម លេខ បាន​មានប្រសាសន៍​ថា៖ «ការបង្ហាញកេរភេទដោយផ្នែកគឺសំដៅទៅលើស្រ្តីដែលពាក់អាវឃើញសុដន់ សំពត់ដែលបង្ហាញកេរភេទ»

លោក​បាន​បន្ថែម​ថា បុរស​ដែល​ពាក់​តែ​ខោក្នុង​ ឬ​មិន​ពាក់​អាវ​ នឹង​ប្រឈម​មុខ​​នឹង​ចំណាត់ការ​​ដូច​គ្នា។

លោក​ គឹមលេខ ​​បានបន្ត​ទៀត​​ថា ករណី​លើកលែង​នឹង​មាន​សម្រាប់​វិស័យ​ទេសចរណ៍ សិល្បៈ កីឡា និង​វិស័យ​ដទៃ​ទៀត​ ដែល​ទទួល​បាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច៕

224 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម