សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អតីត​ប្រធាន​គុក​ទួលស្លែង​ស្លាប់​ក្នុង​អាយុ​ ៧៧​ឆ្នាំ

ឌុច​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​អង្គ​ជំនុំ​ជម្រះ​តុលា​ការ​កំពូល​នៃ​សាលា​ក្តី​ខ្មែរ​ក្រហម​ក្នុង​ពេល​បើក​សវនាការ​សាលា​ឧទ្ធរណ៍​កាល​ពី​ថ្ងៃ​ទី​ ២៩​ ខែ​មីនា​ឆ្នាំ​ ២០១១​។​ (អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​​)​

ប្រធាន​ពន្ធនាគារ​ខ្មែរ​ក្រហម​ដែល​មាន​ឈ្មោះ​អសោច​  កាំង​ ហ្គេច​អ៊ាវ​ ហៅ​ឌុច​ បាន​ទទួល​មរណភាព​នៅ​ព្រឹក​ព្រលឹម​​ថ្ងៃទី​២ ​ខែ​កញ្ញា ​ក្នុង​វ័យ​៧៧​ឆ្នាំ​នៅ​មន្ទីរ​ពេទ្យ​មួយ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​។  អតីត​ប្រធាន​គុក​ទួលស្លែង​ដែល​មាន​ទី​តាំង​នៅ​រាជធានី​ភ្នំ​ពេញ​រូបនេះ​ បាន​និង​កំពុង​​អនុវត្តន៍​ទោស​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​នៅ​ពន្ធនាគារ​ខេត្ត​កណ្តាល​ បន្ទាប់​ពី​គាត់​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ទោស​ដោយ​សាលាក្តី​ខ្មែរ​ក្រហម​កាល​ពី​ឆ្នាំ​២០១០​ក្រោម​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ ការ​សម្លាប់​រង្គាល​ និង​ទារុណ​កម្ម​​។

គាត់​ជា​មនុស្ស​ម្នាក់ដំបូងគេ​ក្នុង​ចំណោម​​មេដឹក​នាំ​ខ្មែរ​ក្រហម​ដែល​ត្រូវ​បាននាំមក​ជំនុំ​ជម្រះ​នៅ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​​​(អ វ ត​ ក) ចំពោះ​តួនាទី​របស់​គាត់​នៅ​ក្នុងចលនា​​បដិវត្ត​កុម្មុយ​នីស្ត​​ដែល​នាំ​ឱ្យ​មាន​មនុស្ស​ស្លាប់​យ៉ាង​តិច​ ១,៧​ លាន​នាក់​។

សាលា​ដំបូង​ខេត្ត​កណ្តាល​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​បញ្ជាក់​ពី​ការ​ស្លាប់​របស់​គាត់​​ថា​បណ្តាល​មក​ពី​ជំងឺ​រលាក​សួត​ នៅ​វេលាម៉ោង​​១២​និង៥១នាទី​ព្រឹក នៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​-សូវៀត​ក្នុង​រាជ​ធានី​ភ្នំពេញ​។

សេចក្តី​ថ្លែងការណ៍​បាន​បន្ថែម​ទៀត​ថា​៖ «លទ្ធផល​នៃ​ការ​ធ្វើ​កោសល្យ​វិច័យ​បាន​បង្ហាញ​ថា​ការ​ស្លាប់​នេះ​បណ្តាល​មក​ពី​ជំងឺប្រចាំកាយ (រលាកទងសួត និងជំងឺសួតធ្ងន់ធ្ងរ)​»​ ហើយ​សព​របស់​លោក​ត្រូវ​បាន​ក្រុម​គ្រូ​ពេទ្យ​ មន្ត្រីសុ​​ខាភិបាល​ត្រួត​ពិនិត្យ​ជា​មួយ​មន្រ្តី​ពន្ធនាគារ​​និង​ព្រះរាជ​អាជ្ញា​។

សព​របស់​លោក​ត្រូវ​បាន​យក​ទៅ​បូជា​នៅ​ពេល​រសៀល​ នៅ​ឯ​វត្ត​ចាក់​អង្រែ​ក្រោម​រាជ​ធានី​ភ្នំពេញ​ដោយ​មាន​សមាជិក​គ្រួសា​រ​បួនទៅ​ប្រាំ​នាក់​ចូល​រួម​។

បន្ទាប់​ពី​ខ្មែរ​ក្រហម​ឡើង​កាន់​អំណាច​នៅ​ ខែ​មេសា​ឆ្នាំ​១៩៧៥ ឌុច​ ត្រូវ​បាន​តែង​តាំង​ជា​អនុប្រធាន​គុក​ទួល​ស្លែង​នៅ​ទី​ក្រុង​ភ្នំពេញ​ ជា​កន្លែង​ដែល​​ជន​សង្ស័យ​ប្រឆាំង​នឹង​​របប​ប៉ុល​ពត​ ត្រូវ​បាន​គេ​ធ្វើ​ទារុណ​កម្ម​រហូត​ដល់​ស្លាប់​។  នៅ​ក្រោម​​ការ​បញ្ជា​ពី​ឌុច​ អ្នក​ទោស​ដែល​ត្រូវ​បាន​ដាក់​នៅ​អតី​ត​សាលា​មធ្យម​សិក្សា​នេះ​ ដែល​ក្រោយ​មក​បាន​ប្តូរ​ឈ្មោះទៅជា​​មន្ទីរស​-២១​ ត្រូវ​បាន​បង្ខំ​ឱ្យ​សារភាព​ ចំពោះ​ឧក្រិដ្ឋកម្ម​ដែល​ពួក​គេ​ត្រូវ​បាន​ចោទ​ប្រកាន់​ ដោយ​អ្នក​ចាប់​ខ្លួន​ពួក​គេ​ ហើយចម្លើយសារភាពរបស់ពួកគេត្រូវបាន​កត់ត្រា​ដាក់​ក្នុង​របាយការណ៍​យ៉ាង​វែង​។​​

មនុស្ស​ប្រមាណ​ជា​ជាង​ ១២​​ ០០០ នាក់​ត្រូវ​បាន​គេ​ធ្វើ​ទារុណកម្ម​រហូត​ដល់​ស្លាប់​នៅ​ទីនោះ​ក្នុង​ចន្លោះ​ឆ្នាំ​១៩៧៦​ រហូត​ដល់​ការ​ដួល​រលំ​នៃរបប​ខ្មែរ​ក្រហម​ក្នុង​ឆ្នាំ​១៩៧៩ ​ដោយ​អ្នក​នៅរស់រា​នមា​ន​ជីវិ​ត​ចេញ​ពី​គុកនោះ​មាន​តែ​១២​ នាក់​ប៉ុណ្ណោះ​។  សាក​សព​របស់​ពួក​គេ​ត្រូវ​បាន​យក​ចេញ​ពី​បរិវេណ​មន្ទីរ​ស២​១ ​ហើយ​យក​ទៅ​បោះ​ចោល​នៅ​ទីតាំង​វាល​ពិឃាត​ជើង​ឯក​នៅ​ជាយ​ក្រុង​ភ្នំពេញ​។

លោក​ ឆាំង​ យុ​ ​នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​នៃ​វិទ្យាស្ថានស្រាវ​ជ្រាវ​ខ្មែរ​ក្រហម​ និង​ជា​អ្នក​រស់​រាន​មាន​ជីវិត​ពី​របប​នេះ ​មាន​ប្រសាសន៍​ថា​លោក​មាន​ការ​សោក​ស្តាយ​ដែល​ ឌុច ​មិន​ព្រម​​ទទួល​ខុស​ត្រូវ​នូវ​ទង្វើ​របស់​គាត់​។

លោក​​មាន​ប្រសាស​ន៍​ថា​៖«​អ្វី​ដែល​យើង​បាន​បាត់​បង់​ទៅ​តាម​មរណភាព​របស់​គាត់​គឺ​ថា​ឌុច​មិន​ដែល​មាន​ភាព​ស្មោះត្រង់​ ក្នុង​ការ​ទទួល​ស្គាល់​នូវ​អ្វីដែល​គាត់​បាន​ធ្វើ​នោះ​ទេ​។ គាត់​នៅ​តែ​បដិសេធ​ពី​តួនាទី​របស់​គាត់​ហើយ​និ​យាយ​ថា​វា​ជា​ការ​បញ្ជា​របស់​អង្គការ​»

លោកបានបន្ថែមថាលោកមិន​មាន​ការ​សោក​ស្តាយ​ចំពោះ​ការ​ស្លាប់​របស់​អតីត​មេពន្ធនាគារ​សម័យ​ក្រហម​រូប​នោះ​ទេ​ ពីព្រោះ​មាន​មនុស្ស​ជាង​១ម៉ឺន​នាក់​បាន​ស្លាប់​ក្រោម​បញ្ជា​របស់​លោក​។​

លោក ឆាំង យុ បាន​មាន​ប្រសាសន៍​ថា៖«​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ វា​ជា​ការ​សំខាន់​ណាស់​ដែល​មរណភាព​របស់​គាត់​អាច​ក្រើន​រំឮក​ដល់​ពួក​យើង​ទាំង​អស់​គ្នា​ថា​ ប្រសិន​បើ​នរណា​ម្នាក់​ប្រព្រឹត្តិ​នូវ​បទ​ឧក្រិដ្ឋ​ប្រឆាំង​នឹង​មនុស្ស​ម្នាក់​ទៀត​ យុត្តិធម៌​នឹង​តាម​យើង​រហូត​ដល់​យើង​ស្លាប់​។​ ហើយ​យើង​ក៏​មិន​អាច​គេច​ផុត​ពី​យុត្តិធម៌​បាន​ដែរ​»។​

លោក​បាន​សង្កត់​ធ្ងន់​ថា​ស្រប​តាម​សេចក្តី​សម្រេច​របស់​សាលា​ក្តី​ ឌុច​ គួរ​តែ​បាន​សារភាព​ថា​បាន​ធ្វើ​ខុស​។​

លោក ឆាំង យុ ប​បាន​បន្ថែម​ថា​៖«​គាត់​ជា​មនុស្ស​ម្នាក់​ដែល​មាន​ បង​ប្អូន​ប្រុស​ ស្រី​ និង​មាន​កូនៗ​ដូច​អ្នក​ដទៃ​ដែរ​។ ​ គាត់​មិន​ខុស​ពី​មនុស្ស​ដទៃ​ទៀត​ទេ​ គ្រាន់​តែ​ថា​គាត់​ត្រូវទទួល​យក​ការ​ទទួល​ខុស​ត្រូវ​បន្ថែម​ទៀត​ ក្នុង​នាម​ជា​មេ​ដឹក​នាំ​ម្នាក់​ ហើយ​គាត់​ក៏​មិន​អាច​លុប​ចោល​អតីត​កាល​របស់​គាត់​បាន​ដែរ​ ហើយ​វា​បាន​ក្លាយ​ជា​មេរៀន​សម្រាប់​ក្មេងៗ​ជំនាន់​ក្រោយ​ សិក្សា​រៀន​សូត្រ​»។​

បើ​តាម​ឯកសារ​របស់​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​​លោក​ ហ្គេកអ៊ាវ​ កើត​នៅ​ ថ្ងៃ​ទី​១៧​ ខែ​វិច្ឆិកា​នៅ​ ភូមិ​ពៅវើយ​ ខេត្ត​កំពង់​ធំ​ ។

ឌុច ដែល​ធ្លាប់​ធ្វើ​ការ​ជា​គ្រូ​បង្រៀន​គណិតវិទ្យា​កាល​ពី​ក្មេង​ ក្រោយ​មក​ត្រូវ​បាន​គេ​អូស​ទាញ​ឱ្យ​ចូល​ក្រុម​កុម្មុយនីស្ត​ ដោយ​ចូលរួម​ជាមួយ​ខ្មែរ​ក្រហម​នៅ​ឆ្នាំ​ ១៩៦៧​ និង​បម្រើ​ការ​ចាប់​ពី​ឆ្នាំ​ ១៩៧១​ ដល់​ឆ្នាំ​ ១៩៧៥ ក្នុង​តួនាទី​ជាប្រធាន​ពន្ធនាគារ​ ម-១៣ នៅ​ខេត្ត​កំពង់ស្ពឺ​ ជា​កន្លែង​ដែល​ខ្មែរ​ក្រហម​បាន​សួរ​ចម្លើយ​និង​សម្លាប់​ប្រជាជន​ដែល​ចាប់​បាន​នៅ​ក្នុង​តំបន់​ ដែល​ពួក​គេ​បាន​គ្រប់​គ្រង​នៅ​ពេល​នោះ​។

បន្ទាប់​ពី​ការ​ដួល​រលំ​នៃ​របប​ខ្មែរ​ក្រហម​ ឌុច​នៅ​តែ​បន្ត​ដើរ​តាម​​ក្រុម​ខ្មែរ​ក្រហម​និង​បាន​រស់​នៅ​តាម​បណ្តោយ​ព្រំដែន​ជាមួយ​ប្រទេសថៃ​ក្នុង​ខេត្ត​បាត់ដំបង​អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍​ មុន​ពេល​ត្រឡប់​មក​បង្រៀន​នៅ​ដើម​ទសវត្ស​ឆ្នាំ​ ១៩៩០ ហើយ​ប្តូរ​ទៅ​ជា​គ្រីស្ទសាសនិក​នៅ​ឆ្នាំ​ ១៩៩៥​ ។  ខណៈ​ពេល​ដែល​គាត់​រស់​ក្នុង​ខេត្ត​បាត់​ដំបង​ នៅស្រុក​សំឡូត​ គាត់​ត្រូវ​បាន​អ្នក​កាសែត​រក​ឃើញ​នៅ​ឆ្នាំ​ ១៩៩៩ ហើយ​គាត់​បាន​ផ្តល់​បទ​សម្ភាសន៍​ដល់​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​ Far Eastern Economic Review ដែល​ជា​ហេតុនាំ​ឱ្យ​ឈាន​ដល់​ការ​ចាប់​ខ្លួន​រូប​លោក​នៅ​ឆ្នាំ​នោះ​។

បន្ទាប់ពី​ជាប់​ឃុំ​អស់រយៈពេល​ប្រាំបី​ឆ្នាំ​នៅ​ពន្ធនាគារ​យោធា​ភ្នំពេញ គាត់​ត្រូវ​បាន​ផ្ទេរ​ទៅ​មណ្ឌល​ឃុំ​ឃាំង​នៅ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​​(អ វ ត ក) នៅ​ថ្ងៃទី ៣១ ខែកក្កដា​ ឆ្នាំ២០០៧ ។​

សវនាការ​​របស់ ​ឌុច ​ចាប់​ផ្តើម​នៅ​ឆ្នាំ​២០០៩​។ តុលាការ​បាន​និយាយ​ថា​ គាត់​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​ រួមមាន​ ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ ដោយ​ហេតុផល​នយោបាយ​ ការ​សម្លាប់​ផ្តាច់​ពូជ​ ការ​យក​ធ្វើ​ជា​ទាសករ​ ការ​ដាក់​ឃុំឃាំង​​មនុស្ស​ខុស​ច្បាប់​ និង​ការ​ធ្វើ​ទារុណកម្ម​ រួម​ទាំង​ការ​រំលោភ​បំពាន​ជា​ច្រើន​ទៅ​លើ​អនុសញ្ញា​ទីក្រុង​ហ្សឺណែវ​។​

តាមរយៈ​ការ​ជំនុំ​ជម្រះ​និង​បណ្តឹង​ឧទ្ធរណ៍​របស់​គាត់​នៅ​ចន្លោះ​ឆ្នាំ​ ២០០៩​ និង​ឆ្នាំ​ ២០១២ រួម​ទាំង​នៅ​ក្នុង​ការ​បង្ហាញ​ខ្លួន​ជា​បន្ត​បន្ទាប់​នៅ​ឯ​តុលាការ​ក្នុង​ឆ្នាំ​ ២០១៦ ក្នុង​សំណុំ​រឿង​បង​ធំ​ទី២ លោក នួន ជា និង ប្រមុខ​រដ្ឋ​ ខៀវ សំផន ឌុច ហាក់​ដូច​ជា​មិន​ផ្លាស់​ទស្សនៈ​ចំពោះ​សកម្មភាព​របស់​គាត់​ហើយ​នៅ​តែ​មិន​មាន​អារម្មណ៍​ថា​ធ្វើ​ខុស​  ។  ប្រធាន​ពន្ធនាគារ​រូប​នេះ​ ក៏​តែង​តែ​ស្តី​បន្ទោស​ថ្នាក់​លើ​របស់​គាត់​ដែល​បាន​បញ្ជា​ឱ្យ​ធ្វើ​ទារុណកម្ម​និង​ “វាយកម្ចាត់” អ្នក​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ក្នុង​មន្ទីរ​ឃុំ​ឃាំង​ដែល​លោក​បាន​គ្រប់​គ្រង​។

នៅថ្ងៃទី ២៦ ខែកក្កដាឆ្នាំ ២០១០ តុលាការ​បាន​រ​ក​ឃើញ​ថា​ឌុច​មាន​ពិរុទ្ធភាព​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ​និង​ការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​អនុសញ្ញា​ទី​ក្រុង​ហ្សឺណែវ​ ដោយ​ផ្តន្ទាទោស​គាត់​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ ៣៥​ ឆ្នាំ​។

មេធាវី​ការពារ​ក្តី​បាន​ប្តឹង​ឧទ្ធរណ៍​ ចំពោះ​សាល​ក្រម​នេះ​ដោយ​លើក​ហេតុ​ផល​ថា​ឌុច​មិន​ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​ទទួល​ខុស​ត្រូវ​ធំ​បំផុត​ចំពោះ​ឧក្រិដ្ឋកម្ម​ដែល​បាន​ប្រព្រឹត្ត​ដោយ​ខ្មែរ​ក្រហម​នោះ​ទេ​ ខណៈ​ដែល​ព្រះ​រាជ​អាជ្ញា​បាន​អំពាវ​នាវ​ឱ្យ​ផ្តន្ទាទោស​ខ្លាំង​ក្លា​ជាង​នេះ​។  អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​នៃ​សាលា​ក្តី​ បាន​ចាប់​ផ្តើម​បើក​សវនាការ​ នៅ​ក្នុង​បណ្តឹង​ឧទ្ធរណ៍​កាល​ពី​ ខែ​មីនា​ ឆ្នាំ ២០១១ និង​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ក្នុង​ខែ​កុម្ភៈ​ ឆ្នាំ​បន្ទាប់​។  គាត់​ត្រូវ​បាន​​ផ្ទេរ​ពី​មន្ទីរ​ឃុំ​ឃាំង​របស់​សាលា​ក្តី​ទៅ​ពន្ធនាគារ​ខេត្តកណ្តាល​ដើម្បី​អនុវត្តន៍​ទោស​របស់​គាត់​នៅ​ថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០១៣ ។

លោក គុយ ណូ ប្រធាន​ផ្នែក​ថែ​ទាំ​ពិសេស​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត​បាន​ថ្លែង​ថា​ ឌុច ​ត្រូវ​​បាន​អនុញ្ញាត​ឱ្យ​ចេញ​ពី​កន្លែង​ឃុំ​ឃាំង​​ នៅ ថ្ងៃទី ៣១​ ខែ សីហា ដើម្បី​ព្យាបាល​ជំងឺ​​រលាក​សួត ដែល​មាន​សភាព​ធ្ងន់ធ្ងរ​បណ្តាល​មក​ពី​ជំងឺ​សួត​រ៉ាំរ៉ៃ បង្ក​ឡើង​ពី​ការ​ជក់​បារី​។

មុន​ពេល​បដិសេធ​ផ្តល់​ព័ត៌មាន​លម្អិត​ជាក់​លាក់​អំពី​មូលហេតុ​នៃ​ការ​ស្លាប់​របស់​ឌុច​ លោក គុយ ណូ  បាន​និយាយ​ថា​៖«ជំងឺ​លើស​ឈាម​របស់​គាត់​មិនមែន​ជា​បញ្ហា​ធ្ងន់ធ្ងរ​ទេ​ នៅ​​ពេល​គាត់​បាន​ជួប​ជាមួយ​ខ្ញុំ ប៉ុន្តែ​គាត់​មាន​ប្រព័ន្ធ​ដក​ដង្ហើម​ខ្សោយ​»

ប្រធាន​ពន្ធនាគារ​ខេត្ត​កណ្ដាល​លោក ចាប ស៊ីនាង មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ​។

សេចក្តី​ថ្លែង​ការណ៍​របស់​សាលា​ដំបូង​ខេត្ត​កណ្តាល​បាន​ឱ្យ​ដឹង​ថា​ ឌុច​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដោយ​មាន​បញ្ហា​សួត​ចំនួន​ ៤ ដង​រួច​មក​ហើយ ចាប់​តាំង​ពី​គាត់​ត្រូវ​បាន​បញ្ជូន​ទៅ​ពន្ធនាគារ​ខេត្ត​កណ្តាល​កាល​ពី​ឆ្នាំ ២០១៣​។

សៀវ គីម ដែល​កូន​ស្រីពៅ​របស់​ឌុច​បាន​និយាយ​នៅ​ឯ​វត្ត​ ​បន្ទាប់​ពី​ការ​បូជា​សព​ កាល​ពី​ថ្ងៃ​ទី​ ២ ខែកញ្ញា  នាង​និង​ប្តី​បាន​ធ្វើ​ដំណើរ​ពី​ស្រុក​សំឡូត​ខេត្ត​បាត់ដំបង​ដើម្បី​យក​ធាតុ​ឪពុក​របស់​នាង​។

មុន​ពេល​បដិសេធ​មិន​ធ្វើ​ការ​អត្ថាធិប្បាយ​បន្ថែម​លោកស្រី​បាន​និយាយ​ថា​៖«ខ្ញុំ​បាន​យល់ព្រម​បូជា​សព​នៅ​ទី​នេះ​»។​

កូនៗ​ទាំង​ពីរ​នាក់​របស់​ឌុច​ បាន​យក​ធាតុ​របស់​គាត់​ចេញ​ពី​កន្លែង​បូជា​នៅ​ វត្ត​ចាក់​អង្រែក្រោម​ រាជធានី​ភ្នំពេញ​នៅ​រសៀល​ថ្ងៃ​ទី ២ ខែកញ្ញា​នេះ។ បញ្ញា ឆព័ណ្ណ

ប្តី​របស់​គីម​ដែល​បដិសេធ​មិន​ប្រាប់​ឈ្មោះ​បាន​និយាយ​ថា​ក្រុម​គ្រួសា​រ​បាន​សម្រេច​ចិត្ត​មិន​ធ្វើ​តាម​ប្រពៃណី​ដោយ​បូជា​សព​របស់​គាត់​នៅ​សំឡូត​នោះ​ទេ​ព្រោះ​វា​ពិបាក​ក្នុង​ការ​ដឹក​សាក​សព​។  លោក​បាន​បញ្ជាក់​ថា​ឪពុក​ក្មេក​របស់​ លោក ឌុច​មាន​កូន​ ៤ នាក់​តែ​ម្នាក់​ទៀត​បាន​ស្លាប់​។

ប្តីរបស់គីមបាននិយាយបន្តថា៖«ផ្លូវពិបាកណាស់»។​ ដោយបន្ថែមថា៖«សាច់ញាតិរបស់ខ្ញុំក៏ក្រីក្រទៀត»

លោក ហែម កុសល្យ អនុ​ប្រធាន​ពន្ធនាគារ​ខេត្ត​កណ្តាល​បាន​បញ្ជាក់​ថា​ធាតុ​របស់​ឌុច​ត្រូវ​បាន​ដឹក​ទៅ​ស្រុក​សំឡូត​នៅ​ពេល​រសៀល​។

លោក ហុង គឹមសួន មេធាវី​តំណាង​ជន​រង​គ្រោះ​នៃ​របប​ខ្មែរ​ក្រហម​នៅ​ អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​  បាន​ថ្លែង​ថា​ មរណភាព​របស់​ឌុច​គឺ​ទៅ​ដោយ​ស្រួល​បើ​ប្រៀប​ធៀប​ទៅ​នឹង​អ្នក​ដែល​រង​គ្រោះ​ក្រោម​ការ​ដឹក​នាំ​របស់​គាត់​នៅ​ទួល​ស្លែង​ ។ លោក គឹមសួន បាន​ថ្លែង​ថា៖«ពាក់​ព័ន្ធ​នឹង​ការ​ធ្វើ​ទារុណកម្ម​ជន​រង​គ្រោះ​ដោយ​របប​ខ្មែរ​ក្រហម​ ការ​ស្លាប់​របស់​គាត់​ គឺ​មិន​អាច​ប្រៀប​ធៀប​បាន​ទេ​ ពី​ព្រោះ​ពួក​គេ​នៅ​ក្នុង​គុក​ទួល​ស្លែង​ មុន​ពេល​ពួក​គេ​ស្លាប់​ ពួក​គេ​ត្រូវ​បាន​ដាក់​សម្ពាធ​ និង​ធ្វើ​ទារុណ​កម្ម​ យ៉ាង​ខ្លោច​ផ្សារ​​បំផុត។ បើ​ប្រៀប​ធៀប​ទៅ​ឌុច​មាន​សំណាង​ជាង​ពួក​គេ​»​

373 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម