សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

​ខណៈ​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ១៩ កម្មករ​កាត់ដេរ​រាប់ពាន់​នាក់​ធ្វើ​បាតុកម្ម​ទាមទារ​ប្រាក់ឈ្នួល​

ក្រុម​កម្មករ​ប្រមាណ ២០០​នាក់​ហែ​ក្បួន​ទៅ​តុលាការ​ខេត្ត​កណ្តាល ក្នុង​ក្រុង​តាខ្មៅ ថ្ងៃទី១៣ ខែ​កក្កដា ឆ្នាំ២០២០។ រូបភាព បញ្ញា ឆព័ណ្ណ

នៅ​ឆ្នាំ​នេះ កម្មករ​រាប់ពាន់​នាក់​នៅ​រោងចក្រ​សម្លៀក​បំពាក់ និង​ស្បែកជើង​ចំនួន១២ដែល​បិទទ្វារ បាន​ធ្វើការ​តវ៉ា​​ បន្ទាប់​ពី​ម្ចាស់រោងចក្រ​ខកខាន​បង់ថ្លៃ​ប្រាក់ខែ និង​ប្រាក់​ឧបត្ថម្ភ​ផ្សេងៗ ដែល​រោងចក្រ​បាន​ជំពាក់  ខណៈ​​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ ជា​សាកល បាន​បង្ក​ឲ្យ​រោងចក្រ​ចំនួន​រាប់រយ​ផ្អាក​ដំណើរការ។

ក្រុម​តំណាង​សហជីព​និយាយថា​ កម្មករ​មួយ​ចំនួន​មិន​បាន​ទទួល​ប្រាក់​ឈ្នួល និង​សំណង​ផ្សេងៗ​ពី​ម្ចាស់​រោងចក្រ ដែល​បាន​បិទ​រោងចក្រ​ ដោយ​បាន​ប្រាប់​ឲ្យ​ដឹង​មុន​ត្រឹម​តែ​រយៈពេល​ខ្លី​ប៉ុណ្ណោះ ខណៈ​រដ្ឋាភិបាល​​បាន​សេចក្តីប្រកាស​​បង្គាប់​នា​ពេល​ថ្មី​នេះៗ​ ដោយ​លុបចោល​នូវ​តម្រូវការ​ឲ្យ​ម្ចាស់រោងចក្រ​បំពេញ​នូវ​ការ​បង់ថ្លៃ​ប្រាក់​ឧបត្ថម្ភ​មួយ​ចំនួន។ ​

លោក ឃុន ថារ៉ូ ប្រធាន​គ្រប់​គ្រង​កម្ម​វីធី​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិមនុស្ស​ ហៅ​កាត់​ថា សង់ត្រាល់ (CENTRAL) បាន​និយាយ​ថា រោងចក្រ​ចំនួន​ ១២ ដែល​ជួល​កម្មករ​ជិត​ ១ម៉ឺន​៥​ពាន់​នាក់​បាន​បិទទ្វារ។

លោក​ ថារ៉ូ​ បាន​និយាយ​ថា៖ «រោងចក្រចំនួន១២ ក្នុងចំណោមរោងចក្រទាំងនោះត្រូវបានបិទទ្វារហើយរោងចក្រមួយចំនួនបានផ្តល់សំណងឲ្យកម្មករ និងរោងចក្រផ្សេងទៀតមិនបានផ្តល់ឲ្យនោះទេ។ កម្មករមួយចំនួនកំពុងបន្តការតវ៉ា»

​​រោង​ចក្រ​ដែល​បាន​ធ្វើ​បាតុកម្ម​ស្នើ​សុំ​ជំនួយ​ប្រាក់​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​រួម​មាន​រោង​ចក្រ Hana (Cambodia) នៅ​ក្រុង​ភ្នំពេញ រោងចក្រ New Best Global Textile Co., Ltd នៅ​ខេត្ត​កំពង់ស្ពឺ រោងចក្រ Dignity Knitter និងរោងចក្រ Eco Base នៅ​ខេត្ត​កណ្តាល និង​រោងចក្រ Thai Ya Garment ​នៅ​ខេត្ត​កណ្តាល​ដូចគ្នា។

​​ទោះបីយ៉ាងណាក៏ដោយ​ តំណាង​ពី​រោងចក្រ​ Hana1 និង​រោងចក្រ New Best Global Textile និយាយ​ថា រាល់​ប្រាក់​ជំពាក់​ទៅ​កាន់​កម្មករ​ទាំងអស់​ត្រូវ​បាន​ទូទាត់​សព្វគ្រប់​កាល​ពី​ថ្ងៃ​ទី១០ ខែ​កក្កដា ស្រប​ពេល​ដែល​រោងចក្រ​ Thai Ya និយាយ​ថា ខ្លួន​បាន​ដោះស្រាយ​បញ្ហា​ជុំវិញ​ការ​បង់ថ្លៃ​ប្រាក់​ឈ្នូល​កាល​ពី​ថ្ងៃ​ទី១៥ ខែ​កក្កដា។ កម្មករ​នៅ​រោងចក្រ Dignity Knitter និង​រោងចក្រ Eco Base មិន​ទាន់​ទទួល​បាន​ប្រាក់​ឈ្នួល និង​ប្រាក់​ឧបត្ថម្ភ​នៅ​ឡើយ​ទេ។​

​លោក ឃុន ថារ៉ូ បាន​បន្ត​ថា ​ហេតុផល​ចម្បង​មួយ​ដែល​កម្មករ​រោងចក្រ​អាច​នឹង​បាត់​ប្រាក់​ឧបត្ថម្ភ​ គឺ​ដោយសារ​តែ​សេចក្តី​​ប្រកាស​បង្គាប់​ពី​ក្រសួង​ការងារ​ទៅ​កាន់​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ ហៅ​កាត់​ថា GMAC កាល​ពី​ខែ​មិថុនា ដោយ​លើកឡើង​ថា រោងចក្រ​ដែល​ផ្អាក​ដំណើរការ ឬ​បិទ​ទ្វារ​ដោយសារ​វិបត្តិ​ជំងឺ​កូវីដ១៩ មិន​ចាំបាច់​ផ្តល់ប្រាក់ជូន​ដំណឹង​ដល់​កម្មករ​ ឬ​សំណង​ផ្សេងៗ​ទេ ដែល​នេះ​គឺ​ផ្ទុយ​ពី​ច្បាប់​ការងារ។ ​

លោក​ថារ៉ូ​បាន​និយាយ​ថា៖ «ភាពអត់ការងារធ្វើ បាននឹងកំពុងធ្វើឲ្យកម្មករជួបបញ្ហាលំបាកខ្លាំងខាងជីវភាព។ ហើយជាពិសេស កម្មករដែលបាត់បង់ការងារនៅពេលដែលរោងចក្ររបស់ពួកគេបិទទ្វារ ហើយម្ចាស់រោងចក្រមិនបានផ្តល់សំណងតាមច្បាប់ការងារ» ដោយ​បន្ថែម​ថា កម្មកររោងចក្រ​មួយ​ចំនួន​ក៏​កំពុង​ជួប​ប្រទះ​បញ្ហា​ចំណាយ​ប្រចាំ​ថ្ងៃ និង​កំណើន​បំណុល។

ឧទាហរណ៍​មួយក្នុង​ចំណោម​នោះ​គឺ​ ការ​បិទ​ទ្វារ​​ភ្លាមៗ​របស់​​រោងចក្រ Dignity Knitter និង​រោងចក្រ Eco Base នៅ​ខេត្ត​កណ្តាល ​ដែល​កម្មករ​ជាង​ ១០០០​នាក់​កំពុង​​រង់ចាំ​សំណង​ចាប់តាំង​ពី​រោងចក្រ​ទាំង​ពីរ ដែល​មាន​ម្ចាស់​ដូចគ្នា បាន​ផ្អាក​ដំណើរការ​កាល​ពី​ខែ​មីនា។

លោក ភីន សុភា តំណាង​សម្ព័ន្ធសហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា​ ប្រចាំ​នៅ​រោងចក្រ Dignity Knitter បាន​និយាយ​ថា កម្មករ​មិន​ទទួល​បាន​ដំណោះស្រាយ​នោះ​ទេ​ ទោះបី​ជា​មាន​ការ​សន្យា​ពី​សំណាក់​អាជ្ញាធរ​ខេត្ត​ក៏​ដោយ។ កាល​ពី​ថ្ងៃ​ទី១៣ ខែ​កក្កដា កម្មករ​បាន​ដាក់​ញ្ញត្តិ​ ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​លុប​ចោល​ដីការរក្សាការពារ ​ដែល​ការពារ​មិន​ឲ្យ​មាន​ការ​លក់​គ្រឿង​សម្ភារៈ​រោងចក្រ​ដើម្បី​បង់ថ្លៃ​ប្រាក់​​ឈ្នួល​ឲ្យ​កម្មករ។

លោក​ សុភា បាន​បន្ត​ថា កាលពីថ្ងៃ​ទី១៧ ខែ​កក្កដា លោក អ៊ូ រតនា អគ្គលេខាធិការ​រង​នៃ​អគ្គលេខាធិការ​ដ្ឋាន​​គណៈកម្មាការ​​ដោះស្រាយ​បញ្ហា​​កូដកម្ម​​បាតុកម្ម​នៃ​ក្រសួង​ការងារ​បាន​ជូន​ដំណឹង​លោក​ថា តុលាការ​ខេត្ត​បាន​លុបចោល​សេចក្តី​បង្គាប់​​តុលាការ​ បន្ទាប់​ពី​មាន​បាតុកម្ម​កាលពី​ថ្ងៃ​ទី​១៣ ខែកក្កដា​កន្លង​ទៅ​នេះ។ ប៉ុន្តែ​លោក​បាន​លើក​ឡើង​ថា ក្រុមហ៊ុន​ចិន​មួយ​ទៀត​បាន​ដាក់​សំណើ​ទៅ​តុលាការ​នៅ​សប្តាហ៍​នេះ​ដើម្បី​ស្នើ​សុំ​សេចក្តី​បង្គាប់​​ថ្មី ដោយ​អះអាង​ថា ទ្រព្យ​របស់​រោងចក្រ​គួរ​តែ​ត្រូវ​ប្រើ​ដើម្បី​បង់​ថ្លៃ​បំណុល​ម្ចាស់​ជំពាក់​ទៅ​កាន់​ពួកគេ​​វិញ​សិន។ ​

​លោក សុភា បាន​និយាយ​ថា៖ «ករណីរោងចក្រ Dignity Knitter and Eco Base ស្មុគស្មាញណាស់ ហើយយើងរងចាំដំណោះស្រាយយូរមកហើយ។ យើងសូមស្នើរដ្ឋាភិបាល និងសម្តេច ហ៊ុន សែន ជួយអន្តរាគមន៍ដោះស្រាយបញ្ហានេះដល់កម្មករទាំងអស់ ព្រោះយើងកំពុងជួបបញ្ហាលំបាករាល់ថ្ងៃ »

មន្រ្តី​សហជីព​ដទៃ​ទៀត​បាន​និយាយ​ថា ខណៈ​​មាន​ការ​បោះជំហាន​ទៅ​មុខ​នៅ​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ជូន​កម្មករ​ដែល​មិន​ទាន់​ទទួល​បាន​ប្រាក់ឈ្នួល គោលដៅ​ចម្បងគឺ​​គួរ​តែ​ធានា​លើ​ការ​ធ្វើឲ្យប្រសើរ​ឡើងវិញ​នៃ​វិស័យ​កាត់ដេរ​ទាំង​មូល។

លោក សោម អូន ប្រធាន​សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា បាន​និយាយ​ថា តំណាង​សហជីព សមាគម​សម្លៀកបំពាក់​ និង​ស្បែកជើង និង​ក្រុមការងារ​អន្តរ​ក្រសួង​កំពុង​ជួប​ប្រជុំ​គ្នា​ដើម្បី​ស្វែង​រក​ដំណោះស្រាយ​ជូន​បាតុករ​ដែល​បាន​តវ៉ា។

លោក​ សោម អូន បាន​និយាយ​ថា៖ «ឥឡូវនេះ ត្រីភាគីរួមទាំងតំណាងកម្មករ រោងចក្រ និងអន្តរក្រសួង ត្រូវចូលរួមដោះស្រាយបញ្ហានេះ ហើយរកដំណោះស្រាយឲ្យស្មើភាពមួយ» ដោយ​បន្ថែម​ថា នា​ពេល​បច្ចុប្បន្ន មិនមាន​ហេតុផល​គ្រប់គ្រាន់​ដើម្បី​គោរព​តាម​ច្បាប់​ការងារ​ទាំង​ស្រុង​នោះ​ទេ នៅ​ពេល​ដែល​រោងចក្រ​មួយ​ចំនួន​មិន​បាន​ដំណើរ​ការ​ដូច​ធម្មតា។

លោក សោម អូន​ បាន​បន្ថែម​ថា៖ «អ្វីដែលសំខាន់ត្រូវធ្វើយ៉ាងណាឲ្យវិស័យកាត់ដេរដំណើរការធម្មតាម្តងទៀត។ ដូច្នេះវាអាស្រ័យលើ ស្ថានភាពកូវីដ១៩បានធូរស្បើយដែរឬទេ។ ខ្ញុំគិតថាបញ្ហារោងចក្រកាត់ដេរគឺពិបាកជាងវិស័យផ្សេង»

លោក អាត ធន់ ប្រធានសហភាព​ការងារ​កម្ពុជា បាន​និយាយ​ថា បញ្ហា​ភាគច្រើន​រវាង​កម្មករ និង​ម្ចាស់​រោងចក្រ​កើត​ឡើង​នៅ​ពេល​ដែល​ម្ចាស់​រោងចក្រ​បាន​បិទ​អាជីវកម្ម​ ដោយ​មិនបាន​បង់ថ្លៃ​ប្រាក់​ខែ និង​ប្រាក់​ឧបត្ថម្ភ​ផ្សេងៗ។

លោក អាត ធន់​ បាន​មាន​ប្រសាសន៍​ថា៖ «ភាគីរោងចក្រមិនបានទូទាត់ប្រាក់សំណងត្រឹមត្រូវ ហើយកម្មករមួយចំនួនមិនទទួលបានប្រាក់ខែនោះទេ» ដោយ​បន្ថែម​ថា រដ្ឋាភិបាល​គួរ​តែ​ជួយ​រក្សា​ការងារ​នៅ​ក្នុង​វិស័យ​កាត់ដេរ​ ដោយ​ធានា​នូវ​ប្រាក់​ឧបត្ថម្ភ​ជូន​កម្មករ និង​ជួយ​សម្របសម្រួល​ឲ្យ​មាន​ការ​បើក​រោងចក្រ​សារជាថ្មី។

អ្នក​នាំ​ពាក្យ​ក្រសួង​ការងា​រ​ លោក​ ហេង​​ សួរ​ មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ

លោក និន វណ្ណៈ អគ្គលេខាធិការ​រង​នៃ​អគ្គលេខាធិការ​ដ្ឋាន​​គណៈកម្មាការ​សម្រាប់​ដោះស្រាយ​បញ្ហា​​កូដកម្ម​​បាតុកម្ម​នៃ​ក្រសួង​ការងារ​ បានមានប្រសាសន៍ថា លោក​បាន​ធ្វើ​ការ​បកស្រាយ​ទៅ​កាន់​កម្មករ​ដែល​បាន​ដាក់​ញ្ញត្តិ​នៅ​ក្រសួង​ការងារ​ថា អត្រា​អ្នក​បាត់បង់​ការងារ​កំពុង​តែ​កើន​ឡើង​​ដូចគ្នា​នៅ​តាម​ប្រទេស​មួយ​ចំនួន ហើយ​បញ្ហា​នេះ​មិនមែន​មាន​តែ​នៅ​​កម្ពុជា​នោះ​ទេ។

លោក វណ្ណៈ បាន​មានប្រសាសន៍​ថា៖ «ខ្ញុំតែងតែប្រាប់ពួកគាត់ថាក្រសួងការងារមានទីភ្នាក់ងារការងារជាតិ ដូច្នេះប្រសិនបើកម្មករចាប់អារម្មណ៍‍‍ក្នុងការស្វែងរកឱកាសការងារថ្មី ពួកគាត់អាចទៅក្រសួងការងារ ឬទីភ្នាក់ងារនៅក្នុងទីក្រុងភ្នំពេញ ឬតាមខេត្ត»

​លោក​បាន​បន្ថែមថា លោក​មិន​បាន​ចាំ​ពី​ចំនួន​រោងចក្រ​ដែល​បាន​ដាក់​ញ្ញត្តិ​ទៅ​កាន់​ក្រសួង​ការងារ​ដើម្បី​ស្នើសុំ​ឲ្យ​មាន​ដំណោះស្រាយ​ផ្នែក​ប្រាក់​ឈ្នួល​នៅ​ឆ្នាំ​នេះ​នោះ​​ទេ។

លោក​ ខេន លូ អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ ហៅ​កាត់​ថា GMAC បាន​អំពាវនាវ​ឲ្យ​កម្មករ និង​ម្ចាស់​រោងចក្រ​គោរព​តាម​ច្បាប់​ការងារ។

លោក ខេន លូ បាន​និយាយថា៖ «យើងសូមឲ្យកម្មករដែលទាមទារប្រាក់អត្ថប្រយោជន៍ផ្សេងៗ ដោយផ្អែកតាមច្បាប់ការងារ» ដោយ​ឲ្យ​ជា​ឧទាហរណ៍​អំពី​កម្មករ​នៅ​រោងចក្រ​ Hana 1 ដែល​បាន​ស្នើសុំ​សំណង​ក្រៅ​ពី​អ្វី​ដែល​មាន​នៅ​ក្នុង​សេចក្តី​ប្រកាស​របស់​ក្រសួងការងារ​នា​ពេល​ថ្មីៗ​នេះ។

លោក​បាន​បន្ថែម​ថា៖ «យើងក៏បានជំរាបជូនម្ចាស់រោងចក្រទាំងអស់ថា មុនពេលដែលពួកគេបិទរោងចក្រ សូមគោរពតាមនិតិវិធីនៃច្បាប់ ហើយប្រសិនបើយើងអាចផ្តល់ប្រាក់ដល់កម្មករ យើងគួរតែផ្តល់ជូន។ ប៉ុន្តែប្រសិនបើរោងចក្រក្ស័យធន សូមលក់សម្ភារក្នុងរោងចក្រដើម្បីផ្តល់សំណងដល់កម្មករ»

យោង​ទៅ​តាម​សេចក្តី​ថ្លែងការណ៍​របស់​សមាគម GMAC ចាប់តាំង​ពី​មាន​ការ​រាតត្បាត​ជំងឺ​កូវីដ១៩​មក រោងចក្រ​ចំនួន​​ប្រមាណ ៤០០ នៅ​ក្នុង​វិស័យ​សម្លៀកបំពាក់ ស្បែកជើង និង​ទំនិញ​សម្រាប់​ធ្វើ​ដំណើរ ​បាន​ផ្អាក​ដំណើរការ ហើយ​កម្មករ​ជាង ១សែន​៥​ម៉ឺន​នាក់​បាន​បាត់បង់​ការងារ៕

106 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម